៥សំណួរជាមួយម្ចាស់រឿង«ម៉ែយាយ»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរ! សួស្ដី! ខ្ញុំឈ្មោះសុំ សុធារ៉ាមានអាយុ20ឆ្នាំ។ បច្ចុប្បន្ននេះ ខ្ញុំគឺជាគរុនិស្សិតមួយរូបនៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង ហើយខ្ញុំរស់នៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបងផ្ទាល់តែម្ដង។ សម្រាប់វិស័យនិពន្ធ ខ្ញុំមាននាមប៉ាកកាថា “ទឹកភ្នែកសម្ងាត់” ហើយខ្ញុំគឺជាម្ចាស់ស្នាដៃរឿង “ម៉ែយាយ” ដែលចេញផ្សាយនៅលើ MST Writer កាលពីពេលថ្មីៗនេះ។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលខ្ញុំសម្រេចចិត្តយករឿងរបស់ខ្ញុំនេះមកដាក់ផ្សាយនៅក្នុង MST Writer ព្រោះនេះគឺជាសាច់រឿងទី2របស់ខ្ញុំបន្ទាប់ពីរឿង “កេសាចងពៀរ”។ ម្យ៉ាងវិញទៀតគឺដើម្បីចែករំលែកនូវសារអប់រំដែលខ្ញុំបានបង្កប់នៅក្នុងដំណើររឿង ក៏ដូចជាក្នុងចេតនាទទួលបានមកវិញនូវបទពិសោធថ្មីៗ ការរិះគន់ក្នុងន័យស្ថាបនាពីមិត្តអ្នកអានក្នុងគោលបំណងដើម្បីដុសខាត់វិជ្ជានិពន្ធរបស់ខ្ញុំឱ្យមានភាពប្រសើរឡើងឈានឆ្ពោះទៅចាប់យកអាជីពជាអ្នកនិពន្ធមួយរូបប្រកបដោយចំណេះដឹងនិងសីលធម៌វិជ្ជាជីវ:។

     បើនិយាយពីសាច់រឿងរបស់ខ្ញុំគឺរឿង “ម៉ែយាយ” នេះគឺបរិយាយអំពីជីវិតរបស់លោកយាយមេម៉ាយចំណាស់ម្នាក់រស់នៅជាមួយនឹងកូនប្រុសពៅពិការក្នុងជីវភាពមិនសូវជាធូរធារតែសុខចិត្តយកចៅប្រុសពីរនាក់របស់គាត់យកមកចិញ្ចឹមបន្ថែមទៀតដើម្បីឱ្យកូនប្រុសបង្កើតនិងកូនប្រសាស្រីរបស់គាត់ងាយស្រួលរកសីុនៅឯទីក្រុង។ ជាអកុសល ចៅប្រុសទាំងពីររបស់គាត់ជាក្មេងដែលមិនលុះក្នុងគន្លងធម៌ ចូលចិត្តបង្ករឿងធ្វើឱ្យគាត់ឈឺក្បាលមិនចេះចប់មិនចេះហើយ។ ចំណែកឯកូនប្រសាស្រីរបស់គាត់វិញតែងតែឈ្លោះប្រកែកជាមួយប្ដីហើយរករឿងបំបាក់មុខគាត់ជារឿយៗដែលធ្វើឱ្យបញ្ហាទាំងនោះរួមផ្សំគ្នាក្លាយទៅជាម្ជុលចាក់ដើមទ្រូងរបស់លោកយាយបង្កើតជាក្ដីទុក្ខសោកដ៏សម្ងាត់ដែលពិបាកនឹងពាល់ត្រូវ។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំណុចដែលខ្ញុំស្រឡាញ់បំផុតក្នុងសាច់រឿងមួយនេះគឺត្រង់ចំណុចភ្ញាក់រឭករបស់កូនចៅលោកយាយចំណាស់។ ត្រង់ចំណុចនេះគឺជាសារអប់រំស្នូលនៅក្នុងសាច់រឿង ដែលគូសបញ្ជាក់ថា លោកយាយមានព្រហ្មវិហារធម៌ដ៏បរិសុទ្ធចំពោះកូនចៅ ចង់ឱ្យតែកូនចៅរស់នៅប្រកបដោយសេចក្ដីសុខ បើទោះបីជាគាត់ត្រូវពលីអ្វីៗគ្រប់យ៉ាងដើម្បីកូនចៅរហូតដល់សាច់ស្រស់ឈាមស្រស់របស់គាត់ក៏ដោយ។ ដូច្នេះហើយក្នុងនាមជាកូនចៅ គប្បីយល់ឱ្យបានច្បាស់ពីទឹកចិត្តពោរពេញដោយករុណាធម៌របស់គាត់ ហើយត្រូវមានកតញ្ញូកតវេទីតាធម៌ចំពោះគាត់វិញពោលគឺត្រូវធ្វើបុណ្យទាន់ខែភ្លឺ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បំណងរបស់ខ្ញុំក្នុងការដាក់ផ្សាយរឿងមួយនេះគឺដើម្បីលាតត្រដាងនូវផ្នែកមួយនៃជីវិតពិតរបស់លោកយាយចំណាស់ម្នាក់ឱ្យមិត្តអ្នកអានបានដឹង។ កម្រងអនុស្សាវរីយ៍ជាមួយលោកយាយនឹងលេចចេញមកក្នុងចរន្តខួរក្បាលរបស់មិត្តអ្នកអាន ហើយនឹងរំឭកឱ្យមិត្តអ្នកអានដឹងថាលោកយាយពិតជាមានគុណូបការ:មិនអាចកាត់ថ្លៃបានចំពោះឪពុកម្ដាយមិត្តអ្នកអានហើយនិងអ្នកអានផ្ទាល់តែម្ដង។ ពេលវេលាពិតជាមិនរង់ចាំនរណាឡើយ។ មិត្តអ្នកអានអាចជាមនុស្សដ៏មានសំណាងម្នាក់ដែលមានវត្តមានលោកយាយនៅជិត ហេតុនេះហើយមិត្តអ្នកអានគប្បីក្ដោបក្ដាប់ឱកាសដ៏កម្រនេះពោលគឺត្រូវដឹងគុណនិងតបគុណចំពោះលោកយាយវិញចៀសវាងមានវិប្បដិសារ:នៅពេលក្រោយ។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ចំណាប់អារម្មណ៍ខ្ញុំចំពោះមិត្តអ្នកអាន គឺខ្ញុំរំពឹងយ៉ាងមុតមាំថា នៅពេលមិត្តអ្នកអានបានអានសាច់រឿង “ម៉ែយាយ” នេះ មិត្តអ្នកអាននឹងនឹកឃើញនូវអនុស្សាវរីយ៍កាលពីកុមារភាពជាច្រើនដែលពាក់ព័ន្ធជាមួយនឹងលោកយាយ។ មិត្តអ្នកអានច្បាស់ជាយល់បានយ៉ាងច្បាស់ពីទឹកចិត្តមេត្តាករុណារបស់លោកយាយចំពោះមិត្តអ្នកអាន។ នៅចុងបញ្ចប់នៃសាច់រឿង ខ្ញុំបានបញ្ចូលនូវកំណាព្យមួយដែលបរិយាយពីព្រះគុណរបស់ម៉ែដើម្បីបន្ថែមទម្ងន់ទៅលើសាច់រឿង និងដើម្បីធ្វើឱ្យមិត្តអ្នកអានយល់កាន់តែច្បាស់ពីគុណរបស់ម៉ែ។ ពេលវេលាតែងតែទំពារសីុនូវអាយុជីវិតរបស់សត្វលោក។ យ៉ាងណាមិញវ័យរបស់លោកយាយកាន់តែចាស់ហើយ ភ្នែកក៏មិនសូវភ្លឺ ត្រចៀកក៏ស្ដាប់មិនសូវឮ ដៃជើងក៏មិនរហ័សរហួនដូចមុន ខួរក្បាលក៏ហាក់ដូចជាគាំងជាប់មិនខុសអីពីរទេះចាស់នោះឡើយ។ ដូច្នេះហើយយើងត្រូវមានកត្តញ្ញូកតវេទីចំពោះលោកព្រោះកត្តញ្ញូកតវេទីតាធម៌ជាធម៌របស់បណ្ឌិតសប្បុរសជាមង្គលដ៏ឧត្តមជាស្ពាននាំយើងទៅរកភាពសុខសាន្តក្នុងជីវិត។

ចុចអានរឿងម៉ែយាយ