អបអរសាទរ MST Writer ដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែកុម្ភៈ

សម្រាប់ខែនៃក្តីស្រឡាញ់នេះ ជាខែទី២ហើយដែលកម្មវិធី MST Writer នៅតែបន្តផ្តល់ជូនការលើកទឹកចិត្តដល់ម្ចាស់ស្នាដៃដែលទាក់ទាញនូវចំនួនអ្នកចូលអានស្នាដៃរបស់ខ្លួនបានឥតឈប់ឈរ។ ក្រឡេកមកមើលកំពូលមាតិកាកំពូលទាំង១០វិញ ជារៀងរាល់ខែចរន្តនៃអ្នកចូលអានមានការប្រទាញប្រទង់ប្រកៀកប្រកិតគ្នាជាខ្លាំង តែទោះជាយ៉ាងណាក៏ដោយ នៅតែមានស្នាដៃរបស់អ្នកនិពន្ធយើងដែលបានស្ថិតក្នុងកំពូលមាតិកាទាំង១៥ប្រចាំខែ។

១. អ្នកនិពន្ធឆោម សុពៅ និងអ្នកនិពន្ធស៊ុយ លីនប៉ាវ ម្ចាស់រឿង«បឹងអតីត»

«ជម្រាបសួរប្រិយមិត្តអ្នកអាន! ខ្ញុំបាទជាអ្នកនិពន្ធសៀវភៅ “បឹងអតីត” ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលប្រិយមិត្តពេញចិត្តនិងចូលចិត្តអានរឿងរបស់ខ្ញុំ ទើបធ្វើឱ្យរឿងនេះទទួលបាន Top 11 ដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែកុម្ភៈ។ ថ្វីដ្បិតតែប្រលោមលោកនៅខ្មែរមួយចំណងជើងនេះធ្លាប់បានចេញផ្សាយជាសៀវភៅរួចម្ដងហើយដោយ«តម្រា» ប៉ុន្តែនៅពេលដាក់ផ្សាយនៅលើវេបសាយផ្លូវការ meysansotheary.com នៅតែទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តអ្នកអាន។ ខ្ញុំបាទឆោម សុពៅ មានតែពាក្យថាអរគុណនិងរំភើបឥតឧបមាដែលប្រិយមិត្តពេញចិត្តនិងចូលចិត្តការនិពន្ធរបស់ខ្ញុំ រួមជាមួយនិងលីនប៉ាវ។» ឆោម សុពៅ

«ជម្រាបសួរមិត្តអ្នកអានជាទីស្រឡាញ់! “បឹងអតីត” ជាប្រលោមលោកទី១របស់ខ្ញុំ ដែលត្រូវបានបោះពុម្ពផ្សាយ និងត្រូវបានចេញផ្សាយនៅលើគេហទំព័រ meysansotheary.com នាឆ្នាំ២០២២នេះថែមទៀត។ ខ្ញុំពិតជាមានអារម្មណ៍មិនខុសគ្នាពីសហនិពន្ធរបស់ខ្ញុំ(ពូ)ប៉ុន្មានឡើយ សូមអរគុណសម្រាប់ការគាំទ្រនាពេលកន្លងមកនេះ ហើយសង្ឃឹមថាស្នាដៃមួយនេះនឹងអាចបម្រើចំណីអារម្មណ៍របស់អ្នកអានទាំងអស់គ្នា។ ការគាំទ្ររបស់អ្នកទាំងអស់គ្នា ពិតជាកម្លាំងចិត្តដ៏ធំធេងសម្រាប់រូបខ្ញុំ» ស៊ុយ លីនប៉ាវ

២. អ្នកនិពន្ធម៉ក់ ខេមរិន្រ្ទ ម្ចាស់រឿង«៤៨ម៉ោងបំបែកក្ដីឃាតកម្ម»

សួស្ដីមិត្តអ្នកអានទាំងអស់គ្នា! ខ្ញុំបាទឈ្មោះ ម៉ក់ ខេមរិន្ទ្រ នាមប៉ាកកា ជលធី! ខ្ញុំពិតជាមានសេចក្តីរំភើបរីករាយណាស់ដែលស្នាដៃរឿងរបស់ខ្ញុំ «៤៨ម៉ោង បំបែកក្ដីឃាតកម្ម» បានឈរឈ្មោះនៅក្នុង Top 15 លើវេបសាយ meysansotheary.com ប្រចាំខែកុម្ភៈ។ ថ្វីបើខ្ញុំបានប្រឹងប្រែង និងសរសេរឡើងដោយក្ដីស្រឡាញ់ តែដោយសារវាជាសាច់រឿងបែបស៊ើបអង្កេតលើកទីមួយដែលខ្ញុំរៀនសរសេរ ហើយរយៈពេលក្នុងការស្រាវជ្រាវនិងសរសេរមានកំណត់ ខ្ញុំដឹងថាវាប្រាកដជាមានកន្លែងខ្វះចន្លោះដែលមិត្តអ្នកអានអាចរកឃើញក្នុងពេលអាន។ ដូច្នេះខ្ញុំពិតជារីករាយក្នុងការទទួលយកមតិកែលម្អ និងសុំឱ្យមានការណែនាំផ្សេងៗបន្ថែមពីអ្នកនិពន្ធរៀមច្បង ដើម្បីអាចឱ្យខ្ញុំបានរៀនសូត្របន្ថែម និងធ្វើឱ្យស្នាដៃក្រោយៗកាន់តែល្អប្រសើរ។ សូមអរគុណ!

គួរបញ្ជាក់ផងដែរថា កម្មវិធី MST Writer រដូវកាលទី២ នឹងចាប់ផ្តើមនាខែឧសភា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ«អ្នកនិពន្ធជុំវិញបឹងទន្លសាប» សម្រាប់អ្នកដែលស្រឡាញ់វិស័យតែងនិពន្ធ អាចចាប់ផ្តើមរៀបចំស្នាដៃពីពេលនេះ ដើម្បីចូលរួមជាមួយយើងខ្ញុំនាខែឧសភាខាងមុខនេះ។

ព័ត៌មានលម្អិត ចុចអានលើតំណ

ចុចអាន MST Writerដែលមានអ្នកចូលអានច្រើនជាងគេប្រចាំខែមករា