ស្នាដៃល្អៗដែលត្រៀមខ្លួនមកអង្រួនអារម្មណ៍អ្នកអានក្នុងកម្មវិធី MST Writer រដូវកាលទី២

រយៈពេល៦ខែកន្លងទៅ ដែលកម្មវិធីយើងបានទទួលស្គាល់ពីសំណាក់អ្នកអានជាច្រើន និងការចូលរួមយ៉ាងផុសផុលរបស់អ្នកនិពន្ធវ័យក្មេងប្រកបដោយទេពកោសល្យផ្សេងៗប្លែកៗពីគ្នា កម្មវិធី MST Writer រដូវកាលទី១ ក្រោមប្រធានបទ «អ្នកនិពន្ធក្រៅសាលា» បានបញ្ចប់ទៅប្រកបដោយជោគជ័យ ព្រមទាំងបានផ្តល់ជូននូវរង្វាន់លើកទឹកចិត្តជារៀងរាល់ខែ បើទោះបីបានបិទបញ្ចប់រដូវកាលទីមួយយ៉ាងណាទៅហើយក្តី។

ដោយឡែក នាខែឧសភាខាងមុខនេះ បន្ទាប់ពីព្រឹត្តិការណ៍ចូលឆ្នាំប្រពៃណីជាតិខ្មែរទើបតែកន្លងទៅថ្មីៗដោយភាពសោមនស្សរីករាយ កម្មវិធី MST Writer បានចាប់ផ្តើមជាថ្មីម្តងទៀតហើយ នូវរដូវកាលទី២ ក្រោមប្រធានបទ «អ្នកនិពន្ធជុំវិញបឹងទន្លេសាប»។

ប្រធានបទថ្មីស្រឡាងនេះ នៅតែបើកទទួលស្វាគមន៍យុវនិពន្ធ ឬអ្នកដែលមានឧបនិស្ស័យ ចង់ចាប់ផ្តើមក្តីស្រមៃរបស់ខ្លួនឱ្យក្លាយជាការពិតលើវិស័យមួយនេះ ជាពិសេសអ្នកដែលស្ថិតនៅតំបន់ជុំវិញបឹងទន្លេសាប អាចចែករំលែកឱ្យយើងទាំងអស់គ្នាបានដឹងពីសម្រស់ធម្មជាតិដ៏ល្អឯកនៃមាតុភូមិរបស់យើង។

ក្រោយពីការប្រកាសជាផ្លូវការស្ដីពីរដូវកាលទី២ កាលពីដើមខែមីនាកន្លងមក ក្រុមការងារបានទទួលនូវស្នាដៃដែលនឹងចូលខ្លួនមកបំពេញអារម្មណ៍ប្រិយមិត្តអ្នកអាន ដែលជាការចូលរួមពីសំណាក់អ្នកនិពន្ធឆ្នើមៗរបស់យើង ដែលបានចូលរួមរួចមកហើយកាលពីរដូវកាលទី១។

ស្នាដៃថ្មីៗ អមដោយបរិយាកាសប្លែកសម្រាប់អ្នកអាន នឹងចេញផ្សាយជាផ្លូវការ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ ឆាប់​ៗនេះ។ ដូចនេះយើងនឹងចួបជាមួយចំណាប់អារម្មណ៍របស់អ្នកនិពន្ធ MST Writer ជាមុនសិន៖

រឿង អនុស្សាវរីយ៍លើផ្ទៃជលសា ពីអ្នកនិពន្ធ រ៉ាហ្ស៊ី

សួស្ដីមិត្តអ្នកអាននៅទីនេះ!

ខ្ញុំរ៉ាហ្ស៊ី ជាអ្នកនិពន្ធមួយរូបក្នុងរដូវកាលទី១ ដែលបានចេញផ្សាយសាច់រឿងចំនួន៥រួចមកហើយ មានដូចជា ប្រសិនក្លាយជាប្ដីគេ មនុស្សសំខាន់  មនុស្សក្នុងចិត្ត ទូរសព្ទចាស់ និងសន្យា១០០ឆ្នាំ ក្នុងគេហទំព័ររបស់អ្នកគ្រូ ម៉ីសន សុធារី។  ក្នុងរឿងទាំងអស់នោះ រឿងទូរសព្ទចាស់ មានសន្ទុះអ្នកអានច្រើនជាងគេ រហូតដល់បានជាប់ក្នុងចំណាត់ថ្នាក់លេខទី១១ ក្នុងតារាងខែវិច្ឆិកា​។

សម្រាប់រដូវកាលទី១ ដែលជាប្រធានបទសេរី មិនកំណត់អ្វីប៉ុន្មាននោះ ខ្ញុំគិតថា វាពិតជាឱកាសដ៏ល្អសម្រាប់អ្នកសរសេរថ្មីថ្មោង ឬអ្នកដែលទើបតែចាប់ផ្តើម ចង់សាកល្បងបង្ហាញស្នាដៃខ្លួនទៅកាន់អ្នកដទៃ និងរៀនសូត្របន្ថែមពីអ្វីដែលខ្លួនចូលចិត្ត សាច់រឿងឬប្រភេទដែលខ្លួនចង់សរសេរនិងរង់ចាំសង្កេត មើលសន្ទុះពីអ្នកអានទូទៅ ថាគាត់ចូលចិត្តសាច់រឿងអ្វី ឬសរសេររបៀបណា ទើបធ្វើឱ្យអ្នកអាន គាត់អានហើយ នៅអានទៀត។ ជាក់ស្តែង រដូវកាលទី១ សាច់រឿងប្រភេទរន្ធត់ ជាប្រភេទសាច់រឿង ដែលអ្នកអានទូទៅ គាត់និយម។ នេះក៏ជាហេតុផលមួយដែរ ខ្ញុំបានដាក់ស្នាដៃជាច្រើន ចូលរួមក្នុងរដូវកាលទី១។

ប៉ុន្តែសម្រាប់រដូវកាលទី២ ដែលមានប្រធានបទកំណត់លើ  «អ្នកនិពន្ធជុំវិញបឹងទន្លេសាប»  ខ្ញុំគិតថា វាប្រៀបបានជាការបោះជំហានជើងមួយទៅមុខទៀតសម្រាប់អ្នកស្រឡាញ់និងចង់ធ្វើជាអ្នកនិពន្ធអាជីពម្នាក់។ ពិតណាស់ ប្រធានបទមួយនេះ វាក៏ជាប្រធានបទមួយដ៏ល្អ ដែលជម្រុញឱ្យយើងធ្វើការសិក្សា ស្រាវជ្រាវ និងផ្សព្វផ្សាយពីទំនៀមទម្លាប់ ការរស់នៅ វប្បធម៌ខ្មែរ អ្នកស្រុកតំបន់នោះ តាមរយៈការស្រមើស្រមៃ បង្កើតជាសាច់រឿង បង្ហាញពីរឿងរ៉ាវដែលអាចកើតមានជុំវិញបឹងទន្លេសាបដ៏ធំ មានតែមួយគត់ក្នុងប្រទេសកម្ពុជា។

ក្នុងរដូវកាលទី២នេះ ខ្ញុំមានរឿង «អនុស្សាវរីយ៍លើផ្ទៃជលសា» បានដាក់ចូលរួមក្នុងកម្មវិធីលើកនេះដែរ។ រឿងនេះចង់និយាយ ពីរឿងកូនស្រីម្នាក់ដែលធ្វើចំណាកស្រុក រស់នៅតែម្នាក់ឯងនៅប្រទេសបារាំង រហូតមានថ្ងៃមួយគាត់ត្រលប់មកស្រុកខ្មែរវិញ ជាមួយសង្សារប្រុសខ្លួន   កាន់កោដិធាតុមួយចាន សម្លឹងមើលផ្ទៃជលសាដ៏ធំល្វឹងល្វើយ សណ្ដូកកាត់ដោយភ្នំកង្រី និយាយនឹកដល់រឿងអនុស្សាវរីយ៍ ជីវិតកម្សត់របស់ខ្លួនប្រាប់ទៅកាន់សង្សារនាង។

សម្រាប់អ្នកដែលចង់ចូលរួមក្នុងរដូវកាលទី២នេះ ប្រសិនជាអ្នករស់នៅទីនោះ តំបន់ជាប់ខេត្តបឹងទន្លេសាបរួចហើយ គួរតែចូលរួមដាក់ស្នាដៃ សាច់រឿងរបស់ខ្លួនមក ព្រោះនេះវាជាឱកាសមួយដែលយើងអាចផ្សព្វផ្សាយពីគំនិតរបស់ខ្លួន និងពីសាច់រឿង តថភាពដែលតំបន់ដែលអ្នករស់នៅ ប្រាប់ទៅកាន់អ្នកដទៃទៀត។ យើងសរសេររឿង ពិតណាស់យើងចង់ឱ្យមានអ្នកដទៃអានរឿងរបស់យើង អ៊ីចឹងហើយ កុំខ្លាច កុំខ្មាស កុំកំណាញ់ សរសេររួចហើយ កុំទុកមើលអានតែម្នាក់ឯងនោះ! 

ជាសារចុងក្រោយ ខ្ញុំពិតជាអរគុណដល់អ្នកគ្រូម៉ីសន សុធារីនិងក្រុមការងាររបស់អ្នកគ្រូ ដែលបានផ្ដួចផ្ដើមបង្កើតកម្មវិធីមួយនេះឡើង និងតែងតែជួយជ្រោមជ្រែង ខិតខំ ខ្នះខ្នែង សម្រួលឱ្យកម្មវិធីមួយនេះឱ្យកាន់តែរលូនទៅមុខជានិច្ច មិនតែប៉ុននោះ តែងតែជួយបង្ហាត់បង្រៀនបន្ថែមពីសិល្ប៍វិធីក្នុងការតាក់តែងនិពន្ធ និងចែករំលែកបទពិសោធដ៏មានតម្លៃរបស់ខ្លួន…សូមអរគុណ

ពីខ្ញុំរ៉ាហ្ស៊ី

រឿង គិតខ្លី ពីអ្នកនិពន្ធ ហ៊ុយ សារ៉ាត់

ជាដំបូង សូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នា! ខ្ញុំឈ្មោះ ហ៊ុយ សារ៉ាត់។ សព្វថ្ងៃរស់នៅស្រុកក្រគរ ខេត្ត ពោធិ៍សាត់។ កាលពីរដូវកាលទីមួយ ក្រោមប្រធានបទ អ្នកនិពន្ធក្រៅសាលា ខ្ញុំបានចូលរួមជាមួយនឹងកម្មវិធី មានចំនួន៣រឿង គឺរឿង ព្រហ្មចារី វគ្គ១ និងវគ្គ២ និងរឿងមួយទៀត ក្នុងក្រុមឥន្ទ្រីយ៍ផងដែរ។ អ្វីដែលខ្ញុំនឹកស្មានមិនដល់នោះគឺ ខ្ញុំទទួលបានអ្នកចូលអានច្រើនរហូតបានជាប់ Top​ 5 ក្នុងតារាងប្រចាំខែ។ វាពិតជាលើសពីអ្វីដែលខ្ញុំរំពឹងទុក។

ចំពោះរដូវកាលទី២នេះវិញ ខ្ញុំយល់ថា ជាប្រធានបទដ៏ល្អមួយ។ ល្អត្រង់ថា អ្នកអាននឹងទទួលបាននូវចំណីអារម្មណ៍ថ្មីពីតថភាពនៅជុំវិញបឹងទន្លេសាប ជាពិសេសគឺរបៀបរបបរស់នៅរបស់ប្រជាជន ដែលជាកត្តាធ្វើអោយអ្នកអានបានស្គាល់ ដឹង តាមរយ:ស្នាដៃរបស់អ្នកនិពន្ធដែលចូលរួមនៅរដូវកាលទី២នេះ។ ចំពោះរឿងខ្ញុំដែលចេញផ្សាយនេះ គឺនិយាយពីទឹកចិត្តគ្រូបង្រៀននៅសាលាបណ្តែតទឹក ដោយភ្ជាប់នូវសាច់រឿងអប់រំជាពិសេស។ កាល:ទេស:ខ្លះបង្ខំឱ្យយើងហ៊ានប្រព្រឹត្តអំពើមួយដែលមិនគប្បី ក្នុងន័យរក្សាថាខ្លួនល្អបរិសុទ្ធ តែពេលខ្លះយើងក៏បានដឹង ហើយព្យាយាមរស់នៅជាមួយវាទាំងឈឺចាប់។ អ្វីដែលខ្ញុំចង់ចែករំលែកក្នុងរដូវកាលទី២នេះគឺ ការប្រើអារម្មណ៍។ សាច់រឿងដែលល្អ លុះត្រាតែអ្នកសរសេរប្រើប្រាស់អារម្មណ៍មួយដែលអាចបញ្ចូលខ្លួនឯងនៅក្នុងសាច់រឿងពេលកំពុងសរសេរ ដើម្បីទាមទារអោយអ្នកអានស្លុងអារម្មណ៍ទៅតាមដែរ។ មួយទៀតគឺឃ្លោងឃ្លាប្រលោមលោកក៏សំខាន់ផងដែរ ។ បើយើងចេះប្រើពាក្យពេចន៍ក្នុងសំណេររបស់យើងបានល្អ នោះយើងក៏ងាយនាំអារម្មណ៍របស់អ្នកអានអោយឆាប់ចូលសាច់រឿងលឿន ហើយពួកគាត់មិនធុញចំពោះការអាននោះទេ។

គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលមិនស្ថិតនៅជុំវិញតំបន់បឹងទន្លេសាប ក៏អាចចូលរួមជាមួយកម្មវិធីយើងផងដែរ ដោយអាចសហនិពន្ធជាមួយអ្នកនិពន្ធដែលនៅបឹងទន្លេសាប ឬម៉្យាងទៀតដោយគ្រាន់តែ តាក់តែងបទនិពន្ធរបស់អ្នកអំពីខេត្តដែលនៅជាប់បឹងទន្លេសាបជាការស្រេច។

គួរបន្ថែមផងដែរថា ក្រៅពីស្នាដៃទាំង២ខាងលើ ក៏នៅមានស្នាដៃជាច្រើនទៀតដែលនឹងចូលរួមក្នុងរដូវកាលទី២នេះផងដែរ។

ចុចអាន លក្ខខណ្ឌសម្រាប់ការចូលរួមជាមួយ MST Writer រដូវកាលទី២