កសាងរចនាសម្ព័នរឿង សម្រាប់ប្រលោមលោករន្ធត់ភ័យខ្លាច

ភាពភ័យរន្ធត់ក្នុងកុនឬ​ប្រលោមលោកក្តី បានប្រែក្លាយពីសកម្មភាព ​ឬព្រឹត្តិការណ៍គួរឱ្យខ្លាច ទៅជា រំភើប និងថែមការ​ចងចាំស្ទើរតែដើរបបួលគេឱ្យទិញមកអានតាមយើង ឬបបួលទៅទស្សនា​ដែរ ឬចង់តែនិទានបន្លាចបន្តទៅអ្នកផ្សេង។ ទាំងនេះ​ជាជោគជ័យនៃការសរសេរសាច់រឿងបែបរន្ធត់ព្រឺព្រួច។

១ ប្រធាន​បទធំ(បញ្ហា)

ចំណុច​បង្កើតភាពរន្ធត់ សង្ស័យ​ឱ្យដល់ផ្ទៃសាច់រឿងយើងទាំងមូលជាអ្វី? ផ្ទះគេបោះបង់ចោលមួយ? បិសាច? អារក្ស? មនុស្សវិកល? មនុស្សកំណាំច?។ល។ ទាំងអស់នេះជាដើមចមនៃការ​កាសាង​ស្ថានភាពទាក់ទាញអ្នកស្នេហារឿងប្រភេទភ័យរន្ធត់ ឱ្យព្រមជឿ ព្រមភ័យព្រមចូលរួមដែរទេ? ប្រធានបទនេះ​ ដើរតួនាទីតាំងពីធាតុដំបូង​នៃការសរសេររឿងគឺ​ចំណងជើងអ្វី Tagline បែបណា ដែលអាចញាំងឱ្យអ្នកចង់អាន​​រឿង​ប្រភេទនេះមាន​អារម្មណ៍ថា​គួរ​ឲ្យ​ខ្លាច? ឧទាហរណ៍ ខ្ញុំដាក់ក្នុងនិទានកថា ពេជ្រ ប​ណ្ឌិតថា តើ​អ្នក​ជឿ​លើ​រឿង​អបិយ​ជំនឿ មន្តអាគម ​ខ្មោចព្រាយ​បិសាច​ដែរ​ឬ​ទេ? បើ​ជឿ តើ​ជឿ​កម្រិត​ណា​ដែរ? ចុះ​អ្នក​ធ្លាប់​ដឹងឮ​អ្វី​ខ្លះ​ទាក់ទង​នឹង​រឿង​អស់​នេះ?

២ តួអង្គ

ការបង្កើត​តួអង្គឯកឬតួសំខាន់ ​អាចម្នាក់ឬពីរ ឬច្រើនគ្នាក៏បាន។ ក្នុងរឿងបែបនេះ តួរបស់យើង​មិនចាំបាច់ត្រូវឈ្នះគ្រប់ពេលទេ ចំណុចដែលមិនប្រែប្រួលនោះគឺពួកគេ​ត្រូវ​តែប្រឈមមុខនឹងបញ្ហា​ដោយ​ការបានត្រៀម ឬ​មិនស្គាល់ច្បាស់បញ្ហា និងពន្យារពេល​ទទួលជ័យ​ជ័យជំនះ ឬចាញ់តែម្តងនៅចុងបញ្ចប់។ ជារឿងផ្សេងមួយផ្ទុយស្រលះ​ពីប្រលោមលោកមនោសញ្ចេតនា ក្នុងការ​បង្កើតតួអង្គសម្រាប់សាច់រឿងប្រភេទភ័យរន្ធត់ព្រោះថា រឿង​ភ័យ​រន្ធត់ដែល​​ល្អមើលមួយ ​គឺ​ជា​រឿង​ដែល​ជំរុញ​ដោយ​តួអង្គដែល​គេ​ប្រឌិតសោះ តែ​ធ្វើឱ្យយើង​ផ្អើលបាន។ អ្នកនិពន្ធណាដែល​ថ្នឹកជំនាញ​ត្រូវមានចិត្ត​សាស្ត្រ​​យល់​ដឹង​ពី​មនុស្ស​ម្នាក់​នោះ (ដែលយើងចង់សរសេរ ឧទាហរណ៍ អាដូច មានក្រយ៉ៅខ្មោចលង ។ល។) បន្ទាប់​មក​ចាប់​ផ្ដើមរចនាកាយវិកា​​សម្តីសម្តៅរបស់អាដូច សូមអានក្នុងរឿងអាគមបរព្រៃ ​រូចដើរជាមួយគេ​ទៅតស៊ូនឹងប្រធានបទកំណាចក្នុងរឿង។ អ្នកនិពន្ធ​ត្រូវដឹងថា តើតួនឹងធ្វើអ្វីមុនអ្វីក្រោយ​ក្នុងស្ថានភាពនេះ? ​ដោះស្រាយ​ដោយ​របៀប​ណាឬរត់ប្រាស់? តើមនុស្ស​ធម្មតា​រត់ចោលគ្នា​ឬនៅភ្ជាប់ជាមួយគ្នា? ប្រសិនបើយើង​អាចនៅជាមួយ​នឹងដូច​ពិតៗនោះ អ្នកអាន​ឬទស្សនិកជនរបស់យើង​នឹង​ស្លុងចូលដែរ។

៣ បង្កើតឆាកសង្ស័យ

ខ្ញុំជាអ្នកនិពន្ធរឿងប្រភេទនេះមកច្រើនមានពិសោធថា បង្កើតទិដ្ឋភាពវង្វេងឬឯកោឱ្យតួអង្គយើង អាចជាគន្លឹះល្អក្នុងរឿងប្រលោមលោក​ប្រភេទភ័យរន្ធត់នេះ។ សម្រាប់ការសរសេររឿងភ័យរន្ធត់ឆាកសង្ស័យ​ត្រូវមានមកជានិច្ច បន្តបន្ទាប់​និងធំឡើងៗ រហូតដល់ឆាកធំចុងក្រោយ។ ដែលសំខាន់ជាងគេ​គឺ​ឆាកសង្ស័យដំបូង​ត្រូវតែនាំមុខតាំងពីទំព័រទីមួយ​ព្រោះអ្នកអាន​មិនរង់ចាំយូរពេកទេ គេនឹងបោះបង់ចោលជំនក់ចិត្ត។ ការ​ប្រើអារម្មណ៍ពង្វក់អ្នកអាន​ថា សេចក្តីវិនាសដែលជិតមកដល់ ឬសេចក្តីសង្ឃឹម​ជិត​ដោះស្រាយបាន សុទ្ធតែញុះញង់ឱ្យគេនៅអានដល់ទីបញ្ចប់បាន។​ ដូចជាឃ្លាមួយនេះ «រូបថតនេះថតពីអង្កាល់មក? ហេតុអីបានជាមានគ្នាពីរនាក់ ហើយមុខដូចអូនបេះបិទ?» សំណួរនេះ​តួអង្គសួរទេ​តែប្រពន្ធគាត់មិនទាន់ឆ្លើយផង អ្នកអាន​ចង់ដឹងចម្លើយជាងប្តីទៅទៀត។ សូមអាន​ក្នុងប្រលោមលោក​ក្នុងរឿង​ សីម៉ាអំបោះលឿង។

៤ ទិដ្ឋភាពទូទៅក្នុងរឿង(Tone)

ជាទូទៅយើងចៀសមិនផុតពីការប្រើភាពងងឹតឬ ស្រអាប់ ឬភ្លៀង ដែលមនុស្សពិបាកមើលគ្នាឃើញ​សម្រាប់ជាToneសំខាន់បម្រើឱ្យជាប្រធានបទ ឬធាតុនៅពេលសរសេររឿងប្រភេទភ័យរន្ធត់។ ការធ្វើឱ្យ​អ្នកណា​ម្នាក់ ឬក្រុមនោះជាប់គាំង នៅកន្លែងដាច់ស្រយាល ឬជាប់នៅខាងក្នុងអគារ ចេញមិនបាន ឬបាត់បង់មធ្យោបាយទំនាក់ទំនង។ល។ ឧទាហរណ៍ ចម្ងាយប្រមាណជាមិនដល់ដប់ម៉ែត្រពីក្រោយបង្អួចនេះ ខ្ញុំដូចជាឃើញអ្វីម្យ៉ាង! អណ្ដូងដ៏ចាស់មួយនៅទីនោះ ដូចជាប្រផ្នូលអ្វី? គេមិនដែលទុកអណ្ដូងទឹកលិចផ្ទះទេ ទម្លាប់នៅស្រុកខ្ញុំ តាំងពីដើមរៀងមក។ សូមអាន រឿង​អណ្តូងខាងលិច។ ការពញ្ញាក់ឱ្យភ័យខ្លាច ចាប់ផ្តើមពីចំណុចតូចៗ ហើយដំណើរការឡើងដ្យាក្រាមជាលំដាប់ ។ មុនសរសេររឿងបែបនេះ យើង​ជាអ្នកនិពន្ធ​គួរចេះកត់សម្គាល់នូវអ្វីៗ ដែលតូចតាចសោះតែអាច​ធ្វើឱ្យមនុស្សភ័យខ្លាចដូចជា ពន្លឺភ្លើងលោត  កម្ពស់ ឬភាពងងឹត  ឬសំឡេងមិនសមហេតុផល (ដូចជាការភ័យខ្លាចឆ្មាលោត។ល។)

ចុចអាន​រឿង យប់ទី៣១

៥ ប្រើ​អារម្មណ៍សរសេរពន្លើស

អារម្មណ៍ ​«​ហួស​ពី​ការដែលមនុស្ស​ធម្មតាអាច​គ្រប់​គ្រង​»បាននឹង​បន្ថែមជម្រៅទីទ័លគំនិតក្នុងសាចរឿង​បែប​រន្ធត់។ អ្នកនិពន្ធ​កំពុងដើរតួដូចជាមនុស្សមាន​បញ្ហា​ផ្លូវចិត្ត  ដូចជាឃើញឬបានឮអ្វីៗ សម្គាល់អ្វីៗបែកចេញពីការពិត។ ក្នុងដំណើររឿង ​អ្នកនិពន្ធ​ត្រូវចូលជាមួយ​តួអង្គ ទៅតស៊ូជាមួយបញ្ហា​ធំឡើងៗ និង មិនអាចភ្ជាប់ទំនាក់ទំនងស្វែងរកជំនួយពីអ្នកដទៃបាន។ ឧទាហរណ៍ រត់កណ្តាលផ្សារ​ក៏គ្មានអ្នកណា​ឃើញ​ខ្មោចប្រដេញយើង​គ្មានអ្នកណាព្រមជួយហើយគេគិតថាយើងឆ្កួត។ ការតស៊ូកាន់តែមានលក្ខណៈផ្ទាល់ខ្លួន អាថ៌កំបាំង ជាអារម្មណ៍មួយដែលអ្នកងប់ងល់នឹង​រឿងរន្ធត់​រមែងតែងត្រូវការ​ ។ អារម្មណ៍ពន្លើសបង្កើត​ឱ្យមាន​ការភ័យខ្លាចដ៏ធំឡើងៗ មិនអាចចេះតែប្រឌិតទេ គួរចេញជំនឿណាមួយ ដែលគេធ្លាប់ជឿក្នុងសហគន៍អ្នកអាន​។ ឧទាហរណ៍ថា មនុស្ស​ស្លាប់ហើយ ៧ថ្ងៃនឹងវិលមករកគ្រួសារវិញ។ល។ ដូច្នេះ សូមស្រមៃគិតអំពីសេណារីយ៉ូមួយ ដែលយើងប្រឌិត​ចេញពីជំនឿដែលមាន​ពីមុនមកទើបគេឆាប់ជឿ និងព្រមភ័យខ្លាចជាមួយយើង។ ទាំងនេះ ត្រូវការឱ្យអ្នកសរសេរស្តាប់ចាស់ទុំច្រើន អានតែសៀវភៅអ្នកដទៃមិនគ្រប់គ្រាន់ទេ ឯកសារមនុស្ស​រស់ជាឯកសារសំខាន់។ នៅពេល​ស្តាប់ចាស់ៗនិទាន តើអ្នកនិពន្ធឆ្លាចទេ កំពុង​តែនឹងឆ្លងកាត់អារម្មណ៍បែបណា?អារម្មណ៍នោះនឹងបន្តទៅដល់អ្នកអាន​ប្រសិនយើងចេះច្នៃវា។

អានបន្តក្នុងអត្ថបទ គន្លឹះសរសេរឆាក​ភ័យរន្ធត់លើសពីការភ័យខ្លាចធម្មតា