រឿង៖ ១៥ឆ្នាំមុន

«នំប៉ាវអត់មីងពូ…! នំប៉ាវក្តៅៗ មួយពីរពាន់ប្រាំ…!»

ម៉ោង៦កន្លះព្រឹក សំឡេងអំពាវនាវរបស់ក្មេងប្រុសកាត់ចំណោមមនុស្សមមាញឹកប្រជៀតទិញបាយម្ហូបស្រស់ស្រូបមុនកណ្តឹងអាគារលាន់ឡើង។

គេឈរមុខរោងចក្រកាត់ដេរសម្លៀកបំពាក់មួយនៅជាយក្រុង ហើយតួនាទីជាអ្នកលក់នំប៉ាវស្រែកកងរំពង បង្ហើរក្លិនឈ្ងុយឈ្ងប់ពីម៉ាំងសុងក្តៅហុយនៅពីមុខ។

ហុងលី រាប់លុយអាប់ទាំងញញិមពព្រាយ ហើយក៏ជាមន្តស្នេហ៍ដែលគេពូកែទាក់ទាញភ្ញៀវ ធ្វើឱ្យលក់អស់សឹងរាល់ថ្ងៃ អ្នកណាក៏សរសើរពីក្តីក្លាហាន និងភាពប៉ិនប្រសព្វនៃក្មេងតូចម្នាក់នេះ។

ម៉ោង៦:៥០នាទីហើយ មនុស្សកាន់តែស្បើយឡើងពីបរិវេណដ៏ធំទូលាយមួយនេះ ម្លោះហើយ ទើបវត្តមានក្មេងស្រីក្នុងសម្លៀកបំពាក់សិស្សសាលាដែលឈរក្បែរកង់មិនឆ្ងាយប៉ុន្មានធ្វើឱ្យហុងលីអាចមើលឃើញនាងច្បាស់។

គេនៅស្ងៀមសម្លឹងមុខនាងព្រោះហួសចិត្ត ម្តេចក៏មករកគេដល់កន្លែងនេះបាន?

គេញញឹមឌឺហើយធ្វើមិនខ្វល់ពីនាងក៏នឹកគិតថា មនុស្សមានអ្វីគ្រប់យ៉ាងដូចគេ មានអីទៅពិបាកបើគ្រាន់តែចង់តាមដានពីជីវិតក្មេងប្រុសក្រីក្រ ចង់ដឹងកន្លែងស្នាក់ កន្លែងនៅ?

វត្តមានគេគឺមកសើចចំអក ហើយដូចហុងលីក៏មិនត្រូវការអ្នកណាមកឃើញគេលក់ដូរ ហើយធ្វើមុខកម្សត់ដូចអាណិត គ្រាន់តែគេមិនអាចឃាត់នាងតូចឱ្យមកម្តុំនេះបានប៉ុណ្ណោះ ព្រោះជាទីសាធារណៈ។

គេអត់សួរនាំ អត់ស្វាគមន៍ គឺនាងតូចបានត្រៀមចិត្តរួចស្រេចហើយមុនសម្រេចចិត្តមករកគេ។ តែអ្វីដែលនាងភ្ញាក់ផ្អើល ព្រោះបើមិនឃើញផ្ទាល់ភ្នែកពិតមិនជឿសម្តីមិត្តរួមថ្នាក់ម្នាក់ដែលនិយាយពីទុក្ខលំបាកហុងលី ថាគេជាកូនកំព្រា ជួយម្តាយលក់នំប៉ាវមុខរោងចក្រ ហើយជាសិស្សថ្មីម្នាក់ដែលនាងមិនចូលចិត្ត ប៉ងធ្វើបាបមិនចង់ឱ្យគេបានប្រលងនោះដែរ។

មេសាបណ្តើរកង់ទៅក្បែរបើទោះគេនោះតោះតើយ។ នាងដាក់ជន្ទល់កង់ ហើយក៏ពោលឡើង៖

«រោងចក្រគេចូលធ្វើការអស់ហើយម៉ោង៧ ម៉េចក៏ឯងនៅមិនទៅសាលាទៀត?»

ពោលផង ក៏ឆ្លៀងរពឹសដៃជួយរៀបចំអីវ៉ាន់ របស់របរលក់ដូរឱ្យក្មេងតូចផង ទោះដឹងហើយថាគេមិនចូលចិត្ត។

ហុងលីទាញគម្របឆ្នាំងចំហុយនំប៉ាវពីដៃនាងទាំងមិនតបស្តី។ ត្រឹមប៉ុណ្ណេះល្មមនាងដឹងថា គេមិនចង់ឆ្លើយ មិនបាច់ឆ្លើយ ហើយក៏មិនចង់ឱ្យអ្នកណាមកផ្គាប់បញ្ជា ចេះដឹងពីជីវិតឯកជនរបស់គេដែរ។

លីលើកឆ្នាំងក្តៅដាក់លើរទេះ។ ទឹកមុខគេនៅតែស្មើធេងព្រោះទើសទាល់វត្តមានមិត្តរួមថ្នាក់ដែលមិនសូវជិតស្និទ្ធ ហើយបានមកស៊ើបដឹងរឿងគ្រួសារ រឿងមុខរបរផ្ទាល់ខ្លួនដើម្បីយកទៅទូពិតគ្រូបន្ទុក។

លីគិតថាការមករកដល់កន្លែងរបស់កូនស្រីអ្នកមានម្នាក់នេះគ្រាន់តែចង់ឱ្យគេត្រូវពិន័យ ឬដកឈ្មោះចេញពីការប្រលង ចំពោះអវត្តមានម៉ោងគណិតរបស់គេជាច្រើនថ្ងៃ។ នាងច្រណែនលីដែលបានពិន្ទុច្រើនជាងនាងរហូតមក។

«ទៅវិញទៅ! » ដេញហើយគេអូសរទេះចេញមិនខ្វល់។

តូចខ្លាចគេទៅចោល ហើយខកការស្គាល់ផ្ទះ ស្គាល់ពីប្រវត្តិគ្រួសារគេ ខានឱកាសបានដឹងរឿងក្រោយខ្នងជាច្រើនដែលសិស្សពូកែម្នាក់នេះកំពុងចួបប្រទះហើយធ្វើឱ្យអវត្តមានដល់លោកគ្រូនាយកផ្ញើលិខិតមក ក៏ប្រញាប់ទាញកង់ជិះពីក្រោយខ្នងគេទាំងប្រកែក៖

«អើ…ទៅសាលាជាមួយគ្នាទៅ»

លីបញ្ឈប់រទេះធ្វើឱ្យនាងត្រូវបង្ខំដៃចាប់ហ្រ្វាំងទាន់ហន់។

ភ្នែកគេងាកមកសម្លឹងតូចយ៉ាងមុត ក៏ធ្វើឱ្យកែវល្អ មេសា ប្រញាប់គេចចេញពីខ្សែចរន្តកោងកាចដែលគេបង្ហាញក្នុងន័យព្រមានតិចៗ ព្រោះលីច្បាស់ណាស់ថា នាងតាមទៅ គឺចង់ស្គាល់ផ្ទះ ចង់ដឹងកាន់តែច្បាស់ពីជីវិត ជីវភាពគ្រួសារគេ ហើយម្ចាស់ខ្លួនក៏ដឹងមុនទើបខំគេចមុខមិនព្រមប្រឈមជាមួយលី។

គេអត់មាត់អ្វី តែទឹកមុខគេច្បាស់ហើយថាមិនចូលចិត្តឱ្យអ្នកណាមកចេះដឹង មករាក់ទាក់ចង់ស្គាល់ ត្រឹមនាងហ៊ានដើរចូលមកកន្លែងគេលក់ដូរទាំងគ្មានការនុញ្ញាត គេទ្រាំណាស់ទៅហើយ នៅមកចង់តាមទៅផ្ទះគេ ទាំងដែលខ្លួនឯងពីដើមជាមនុស្សមិនចូលចិត្តគេ បង្កាច់បង្ខូច និយាយដើមគេ។

តែមេសាបែរប្រញាប់និយាយឡើងដើម្បីដោះសា៖

«គឺ…ខ្ញុំមិនបានមកស៊ើបដំណឹងយកទៅចែកចាយអីទេ តែ…ពិតជាលោកគ្រូគណិត ពឹងឱ្យខ្ញុំមកសួរមែន ហេតុអីបានជាឯងបាត់មុខមិនទៅរៀន?»

«ច្បាប់ ខ្ញុំបានផ្ញើតាម​ កុសលម្សិលមិញហើយ ខ្ញុំមានហេតុផលច្បាស់លាស់ជម្រាបលោកគ្រូ ក៏មិនបាច់ប្រើកូនអ្នកមានឱ្យមកតាមស៊ើប លះបង់មិនទៅរៀ​នព្រោះចង់ដឹងរឿងខ្ញុំដែរអី?»

គេថាចំពេកធ្វើឱ្យនាងខឹង តែមិនខឹងដូចសម្តីគេដែលមួយម៉ាត់ណាក៏មិនព្រមចោលពាក្យ«កូនអ្នកមាន» ពេលនាងស្តាប់ទៅទើសត្រចៀក ហើយគិតថាគេជាមនុស្សបែកចែក អ្នកក្រដែលឬកពារ រើសអើង ទាំងដែលនាងខំដាក់ខ្លួនមកតាមសួរនាំប៉ុណ្ណឹងហើយ។

«ស្មានថាខ្ញុំចង់មករកឯងណាស់? ខ្ញុំជាប្រធានថ្នាក់ បើគ្រូមិនពឹងមកទេ ខ្ញុំក៏មិនខ្ចីមករវល់ជាមួយឯងដែរ គ្មានឯង ខ្ញុំមិនកាន់តែស្រួលយកលំដាប់តារាងហើយទេ?»

នាងថាតាមចិត្តខឹងមួយខ្យល់ ហើយក៏ជិះកង់ចេញទៅបាត់។

គេមិនសូម្បីសម្លឹងដំណើរចាកចេញរបស់តូចនារី ព្រោះមិនចាប់អារម្មណ៍ ហើយក៏មិនព្រមយល់ចិត្តនាងដែលខំតាមសួរនាំ យកអាសារ គេអត់ចូលចិត្តអ្នកមកអាណិត យកចិត្តទុកដាក់ បែបនេះទើបគេគ្មានមិត្ត ហើយស្និទ្ធតែកុសលម្នាក់។

ហុងលីរស់នៅជាមួយម្តាយនិងប្អូនៗតាំងពីអាយុ៨ឆ្នាំ មិនមែនគេគ្មានឪពុក គ្រាន់តែគ្រួសារមានបញ្ហាត្រូវលែងលះគ្នា។ គេស្រលាញ់ម្តាយ ហើយព្រមតស៊ូទោះបីទីលំនៅគ្មានភាពច្បាស់លាស់ ហើយក៏ត្រូវជួយម្តាយលក់នំប៉ាវតាមមុខរោងចក្រព្រឹកព្រលឹម ដើម្បីរកប្រាក់ទប់ទល់ការចំណាយលើថ្លៃឈ្នួលផ្ទះ ម្ហូបអាហារ និងចំណាយលើការរៀន។

ប៉ុន្មានថ្ងៃនេះ ហុងលីមិនបានទៅសាលា ព្រោះម្តាយកំពុងតែឈឺសម្រាកនៅក្នុងបន្ទប់។

ជាផ្ទះជួលតូចល្មម មានត្រឹមប្រាំបន្ទប់ដែលមិនឆ្ងាយប៉ុន្មានពីរោងចក្រ។ តែជាតំបន់ស្រុកឆ្ងាយពីក្រុង ជុំវិញដាំដើមល្ហុងខ្វងដើម្បីធ្វើរបងបិទព័ទ្ធសម្រាប់ជម្រកផ្ទះ ដែលមានសមាជិក៥គ្រួសាររស់នៅ។

ម៉ោងជាង៨ហើយ ក្មេងស្រករគេពេលនេះ គួរបានអង្គុយក្នុងថ្នាក់ ស្តាប់គ្រូពន្យល់មេរៀន លេងសប្បាយនិងមិត្តភក្តិ តែក្មេងកំលោះតូចវ័យ១៥ឆ្នាំនេះ កំពុងតែរូតរះលាងសម្អាតឆ្នាំងចំហុយនំប៉ាវ ហើយក៏ប្រញាប់ដាំទឹកក្តៅ ដាក់ដណ្តាំបបរទុកឱ្យម្តាយហូបមុនបានពិសារថ្នាំ។

ហុងលីសន្សឹមៗទៅរកម្តាយដែលសំងំគេងព្រោះអាការ​ៈអស់កម្លាំង មុខស្លេកស្លាំងដូចមនុស្សគ្មានឈាម។ ក្មេងប្រុសលើកដៃស្ទាបថ្ងាស ហើយក៏សួរតិចៗស្របពេលដែលគាត់សន្សឹមត្របកភ្នែកបើកសម្លឹងមករកកូនប្រុស៖

«ម៉ាក់! ទៅពេទ្យទេ?»

«លី…!»

ដង្ហើមម្តាយខ្លីណាស់ ព្រោះគាត់កំពុងត្រដរទ្រាំទ្រកម្លាំងដើម្បីចង់និយាយជាមួយកូន។ គាត់ពោលបានតែមួយម៉ាត់នេះហើយក៏ខំប្រឹងក្រោកពេលដែលមានកូនប្រុសជួយគ្រាឡើង។

«ខ្ញុំជិះរឺម៉កដឹកម៉ាក់ទៅពេទ្យ!»

គាត់លើកដៃរាជំនួសពាក្យឆ្លើយ។ ហុងលីដែលមិនចង់ឱ្យមនុស្សគ្រប់គ្នាមើលមកពួកគេគួរឱ្យកម្សត់ទុរគតពេក ដែលគេត្រូវអូសម្តាយនឹងរទេះដើម្បីដាក់ទៅមន្ទីពេទ្យ ទើបស្នើចង់ជិះរឺម៉កម្តាយលក់កាហ្វេនៅមុខរោងចក្រជាមួយគេរាល់ដង ដើម្បីនាំម្តាយទៅព្យាបាល តែច្បាស់ណាស់ ក្មេងប្រុសអាយុទើបតែ១៥ឆ្នាំ ម្តាយមិនចង់ឱ្យគេមានគ្រោះថ្នាក់ព្រោះការបើកបរដែលច្បាប់មិនអនុញ្ញាតឡើយ។

ម្យ៉ាងវាជារទេះអូសកាហ្វេលក់ មិនមែនម៉ូតូធម្មតាអាចជិះសមនឹងអាយុគេទេ។

«ម៉ាក់លេបថ្នាំអត់បាត់ទេ ទៅពេទ្យទៅម៉ាក់!»

ព្រោះតែបានហូបថ្នាំតាំងពីព្រឹក សម្រាកជាងមួយម៉ោង នឹងក្រោយពីហូបទឹកផ្សើមបំពង់ក ម៉ាក់ហុងលីក៏អាចហើបមាត់និយាយទៅរកកូនប្រុស។

«ថ្ងៃនេះ…ឯងខានរៀនទៀតហើយ!»

វាមិនមែនជាចម្លើយ តែជាសំណួរដែលកូនប្រុសគិតថាមិនគួរឆ្លើយ ហើយមិនដឹងថាឆ្លើយយ៉ាងណា។

ប៉ុន្មានថ្ងៃដែលម្តាយធ្លាក់ខ្លួនឈឺ ហុងលីតែងរកលេសមិនចង់ទៅរៀន ព្រោះគេមិនទុកចិត្តឱ្យម្តាយនៅសំងំឈឺក្នុងបន្ទប់ម្នាក់ឯងគ្មានអ្នកថែទាំ។

ក្មេងតូចគេចសំណួរម្តាយក៏ដើរទៅបិទហ្គាសដាំទឹកដែលហុយទ្រលោម។

ក៏នៅអាចឮសំឡេងរអ៊ូ ស្អកៗ ខ្សោយៗពីក្រោយខ្នង៖

«ម៉ាក់មិនធ្ងន់ធ្ងរទេ…អាកាសធាតុដូរ…ម្តងក្តៅ ហើយ ក៏ត្រជាក់ ម៉ាក់ ហត់ ទើបមិនស្រួលខ្លួន តែ…ឯងជិតប្រលងហើយ អត់ទៅ ប្រយ័ត្នគ្រូលុបឈ្មោះ…»

«បើគ្រូលុបឈ្មោះ ខ្ញុំឈប់ទៅសាលាដើរលក់នំបន្ថែមទៅល្អទេម៉ាក់?»

វាគ្រាន់តែជាការគិត ព្រោះហុងលីមិនហ៊ានហើបនិយាយពាក្យឈប់រៀនឱ្យម្តាយស្តាប់ឮ។ តែគេពិតជាមិនអាចទ្រាំឃើញសភាពហត់នឿយ លំបាករបស់ស្រ្តីមេម៉ាយម្នាក់នេះ ដែលទ្រាំជិះម៉ូតូកណ្តាលថ្ងៃក្តៅលក់ភេសជ្ជះតាមបណ្តារោងចក្រ សាលារៀន ដើម្បីតែចិញ្ចឹម ចង់ឱ្យគេរៀនសូត្របានខ្ពង់ខ្ពស់។

តែគេពិតជាមិនដាច់ចិត្តប្រាប់ពីគោលបំណងខ្លួនឯង ព្រោះហាក់មិនគប្បីទៅនឹងការលះបង់ដ៏ធំធេងរបស់ម្តាយ ម្យ៉ាង បើគេប្រើលេសរៀនមិនពូកែ មិនចង់រៀន មិនចូលចិត្តរៀន ទៅមិនរួច អ្នកណាមិនដឹងថាគេជាសិស្សពូកែ ក្បែរចង្រ្កានជើងឆ្នាំងដែលគេអង្គុយរុញភ្លើង តែងមានសៀវភៅនៅក្បែរ។ គេឆ្លៀតអានគ្រប់ពេល ហើយជាសិស្សឧស្សាហ៍។

«ហុងលី!»

ឮម្តាយហៅជាថ្មី ក្មេងកំលោះក៏រហ័សក្រោកទៅក្បែរ។

«ម៉ាក់…សម្រេចចិត្តហើយ…!»

គេស្ងៀមទ្រឹងសម្លឹងម្តាយ បន្ទាប់មកភាពក្រៀមក្រំកាន់តែគ្របដណ្តប់ពេញទម្រង់មុខដែលកំពុងពេញដោយទុក្ខសោកមួយនេះ។ គេដឹងមុនពីអ្វីដែលម្តាយចង់ប្រាប់ ហើយពាក្យថា«សម្រេចចិត្ត» ធ្វើឱ្យគេខ្លាចនឹងស្តាប់។

ហុងលីក្រោកដើរសំដៅតុសៀវភៅតូចមួយក្បែរកាច់ជ្រុងជញ្ជាំងដើម្បីរៀបចំកាតាប យ៉ាងប្រញាប់ ប្រញាល់ ក៏អាចឱ្យម្តាយដឹងពីបំណងគេ។

«ហុងលី! ម៉ាក់សូមទោស!»

«បើម៉ាក់បានធូរហើយ កូនទៅសាលាវិញ!»

ចេតនាគេនិយាយកាត់មិនព្រមឱ្យម្តាយបានបញ្ចប់ប្រយោគ។

គេផ្លាស់សម្លៀកបំពាក់សិស្សសាលា ហើយទាញកាតាបមកស្ពាយ រូតរះដួសបបរដែលក្តៅពុះដាក់ចានឱ្យម្តាយ ដែលសកម្មភាពរហ័សរហួសទាំងក្នុងចិត្តក្តុកក្តួលសោកសៅរបស់គេធ្វើឱ្យអ្នកជាម្តាយស្រក់ទឹកភ្នែកពេលតាមសម្លឹងកូនប្រុស។

ហុងលីលើកថាសបបរទៅក្បែរហើយពោលទាំងមិនហ៊ានសម្លឹងមុខ៖

«ម៉ាក់ឃ្លានពិសារបបរ និងថ្នាំ ហើយសម្រាកចុះម៉ាក់…បើមិនស្រួលខ្លាំង ម៉ាក់តេទៅកុសល រកកូនណាម៉ាក់…!»

ម្តាយមិនតបយ៉ាងណាព្រោះទ្រូងហាក់អួលណែននិយាយមិនចេញ។ កូនប្រុសបង្ខំចិត្តមិននៅមើលថែទាំម្តាយគឺកំពុងចង់បញ្ជាក់ថាគេគ្មានគំនិតមិនទៅសាលា គេចវេសមិនរៀន យកជំងឺម្តាយជាលេសដើម្បីបានលក់នំជួយគ្រួសារទេ។

តែយ៉ាងណាម្តាយមិនចង់អាត្មានិយមបំផ្លាញអនាគតកូនហើយនៅឱបក្រសោបគេ ឱ្យគេលំបាកជាមួយ ទើបពេលហុងលីចេញមិនទាន់ផុត គាត់ព្យាយាមនិយាយឡើង៖

«ម៉ាក់តេប្រាប់ប៉ាកូនរួចហើយ!»

ហុងលីឈប់ស្ងៀមព្រោះខកចិត្ត។ គេទ្រាំធ្វើមុខស្មើទាំងបេះដូងកំពុងបេះស្រាំជាចម្រៀក ហើយតបទៅម្តាយវិញទាំងមិនងាកក្រោយ៖

«កូនមិនប្តូរចិត្តទេម៉ាក់…កូនគ្មានគំនិតឈប់រៀនទេ ហើយក៏មិនទៅនៅជាមួយប៉ាដែរ កូនចង់នៅមើលថែម៉ាក់…!»

គេនិយាយចប់ក៏ទាញទ្វារបន្ទប់បិទ ហើយរត់សំដៅទៅសាលាទាំងសោកសៅ ទុកឱ្យអ្នកជាម្តាយគ្មានពាក្យអ្វីតបស្តីក្រៅពីផ្អែកជញ្ជាំងសំងំយំ។

ម៉ោង៩មកដល់មុខវិជ្ជាថ្មី…

វត្តមានហុងលីធ្វើឱ្យក្មេងស្រីតូចស្តើងថ្លើមធំទៅរកគេដល់កន្លែងលក់ដូរ កាលពីព្រឹកញញិមសប្បាយចិត្ត។

តែនាងបែរមុខចេញធ្វើមិនខ្វល់ ព្រោះមិនចង់ឱ្យគេដឹងចិត្ត។

យ៉ាងណា ស្នាមញញិមនោះលាក់មិនជិតពីបញ្ញាមិត្តសម្លាញ់ដែលនៅក្បែរគ្នាគ្រប់នាទីនោះទេ។ មិត្តនាងទាញដៃខ្សឹបសួរស្របពេលហុងលីដើរចូលអង្គុយនៅតុក្រោយបង្អស់។

«មេសា! ឃើញសត្រូវមករៀន ឯងសប្បាយចិត្តណាស់អី?»

នាងសួរព្រោះមិនដឹងសោះឡើយថាព្រឹកមិញមេសាបានទៅរកគេដល់កន្លែងព្រោះបារម្ភ។ ដ្បិតពីដើមនាងឆ្នាស់ឆ្នើម មិនពេញចិត្តវត្តមានហុងលីដែលបំបាក់នាងពីកំពូលតារាងត្រឹមជាសិស្សមកថ្មីមិនប៉ុន្មានខែ ហើយខឹងស្អប់គេជាក្មេងប្រុសមិនចេះទ្រ មិននិយាយច្រើន មិនលើកតម្កើងនាងដូចជាសិស្សដទៃក្នុងថ្នាក់ តែមិនស្មានហុងលីត្រូវចួបរឿងជីវិតលំបាក ខ្លួនឯងហាក់បានបន្ថែមបន្ទុកលើគេ ទើបតាមដាននិងលួចសួរពីកុសលមិនឈប់ និងបានដឹងខ្លះៗពីគ្រួសារគេ កាន់តែបានឃើញផ្ទាល់ភ្នែកថា ហុងលីឆ្លៀតពេលយ៉ាងណាដើម្បីជួយគ្រួសាររកប្រាក់ ធ្វើឱ្យហង្សសួគ៌ប្រចាំសាលាកើតចិត្តអាណិតទ្វេ។

នាងតូចខ្សឹបបញ្ញាវិញពេលគ្រូដើរចូលថ្នាក់ហើយអ្នកគ្រប់គ្នាកំពុងក្រោកឈរគោរព៖

«សត្រូវអីឯង? មិត្តរួមថ្នាក់ធម្មតាៗ!»

ធម្មតាមេសាមិនមែនសិស្សគួរឱ្យស្អប់ រើសអើង ធ្វើបាបអ្នកដទៃទេ ទើបសម្តីគេមួួយឃ្លានេះអាចឱ្យបញ្ញាទទួលយកបាន តែអ្វីដែលនាងមិនយល់ មេសាម៉េចក៏ស្រាប់តែប្តូរចិត្តភ្លាម លែងមានផែនការធ្វើបាបហុងលីមិនឱ្យបានពិន្ទុខ្ពស់ទៀត?

ព្រោះតែស្រឡាំងកាំងឆ្ងល់ទើបនាងភ្លេចអង្គុយធ្វើឱ្យគ្រប់គ្នាសម្លឹងមក មានតែហុងលីទេ ដែលមិនចាប់អារម្មណ៍ពីរនាក់គេតាំងពីដើមមក មិនអ៊ីចឹង អ្នកណាក៏គេមិនខ្វល់ជាមួយដែរ ក្រៅពីកុសល។

ភ្នែកតូចស្រីនៅមិនព្រមដកចេញពីគេ ទើបអាចឃើញអ្នកម្ខាងដែលស្រពាប់ស្រពោន សម្លឹងក្រៅបង្អួចមិនព្រមយកចិត្តទុកដាក់គ្រូនិយាយពន្យល់។

មិនដឹងពីរម៉ោងមុនដែលអវត្តមានគេមានរឿងអ្វីកើតឡើង ក្រៅតែពីរវល់លក់នំប៉ាវមុខរោងចក្រនោះទេ ទើបមើលទៅគេគ្មានអារម្មណ៍សោះ?

តូចគិតម្នាក់ឯង តែសួរនាំយ៉ាងម៉េច បើមិនហ៊ានសម្លឹងមុខចំពេលដែលគេគ្រលៀសភ្នែកងាកមកនិយាយរកកុសលម្តងៗ មកតែពីមិនចង់ឱ្យគេកាន់តែខឹងដែលនាងស្រាប់តែមកចេះយកចិត្តទុកដាក់រឿងគេ។

មួយម៉ោងរៀនចប់ទាំងអារម្មណ៍អណ្តែតត្រសែត។

កាយនៅសាលា តែចិត្តវិញ្ញាណ ព្រួយបារម្ភពីម្តាយដែលគ្មានកំលាំងក្នុងបន្ទប់ជួលកម្សត់។ គេចង់គេចទៅផ្ទះ តែខ្លាចចរិតរឹងរុសនេះ អាចឱ្យគេត្រូវបែកទៅរស់នៅជាមួយប៉ានិងប្រពន្ធចុងចោលម្តាយ ដែលឪពុកតែងទាមទាររហូត ចង់បានហុងលីទៅរស់នៅបរទេសដើម្បីរៀនសូត្រ។

គេមិនខុសពីក្មេងទូទៅ ដែលចង់មានអនាគតល្អ ចង់រៀនសូត្រខ្ពង់ខ្ពស់ គ្រាន់តែកាលៈទេសៈរបស់គេមិនសមស្របឱ្យគេទទួលយកការចាកចេញ ជាងភាពកកក់ក្តៅនិងក្តីស្រលាញ់ដែលមិនអាចកាត់ថ្លៃពីម៉ាក់។

អនាគតរបស់គេនិងការមើលថែម្តាយ គេមិនទាក់ទើរ ហើយក៏មិនស្តាយក្រោយឡើយដែលជ្រើសស៊ូរស់នៅលំបាកជាមួយម៉ាក់។

ប៉ាមិនស្រលាញ់គេទេ គឺធ្វើដើម្បីមុខមាត់ ត្រកូលគាត់ បើគិតគូរពីកូនៗមែន គាត់គួរណាជួយជ្រោមជ្រែង ផ្គត់ផ្គង់ ជាជាងដណ្តើមគេពីម្តាយទៅ នេះជាអ្វីដែលហុងលីគិតរហូតមក។

ក្មេងតូចក្រាបក្បាលក្រៀមក្រំម្នាក់ឯង ពេលមិត្តរួមថ្នាក់ចេញទៅក្រៅអស់។

ពេលទទួលអារម្មណ៍ថាមានចំហាយទឹកកកត្រជាក់នៅក្បែរមុខ គេក្រោកសន្សឹមងាកភ្នែកសម្លើឹងអ្នកនៅអង្គុយពីមុខ។

មេសាហុចដបទឹកកកហុយៗកកក្នុងដបទឹកសុទ្ធដូចទើបដកពីទូត្រជាក់ទាំងស្នាមញញិម។

គេក្រាបក្បាលទៅវិញ ហើយទាញកាតាបខិតចេញពីនាងបន្តិចទាំងគ្មានអារម្មណ៍ ជំនួសឱ្យពាក្យដេញចេញដែលគេចង់និយាយដូចកាលពីព្រឹក គ្រាន់តែគេមិនព្រមហើបមាត់។

មនុស្សគេមិនអាចបង្ខំ ទើបតូចមេសាដកដៃចេញ ហើយនៅអេះអុញមិនព្រមចេញ តែចង់សួរនាំគេ ពេលនោះក៏ស្រាប់តែបញ្ញាមកឃើញ នាងភ្ញាក់ផ្អើលជាថ្មី ហើយលបមកទាញមេសាទៅឆ្ងាយពីហុងលីដើម្បីសួរនាំ៖

«អើយមេសា! ឯងយ៉ាងម៉េចហ្នឹង? ទៅធ្វើស្អីគេ?»

«ខ្ញុំគ្រាន់តែចង់សួរគេកើតអីប៉ុណ្ណោះ?»

បញ្ញាជ្រួញចិញ្ចើមសឹងរមួលចូលគ្នា ហើយខ្សឹបបន្ត៖

«មានរឿងអីកើតឡើង? ម៉េចក៏ទៅជាអ៊ីចឹងអស់ទៅ?»

«រឿងវែងឆ្ងាយណាស់បញ្ញា ចាំមានពេលយើងនិយាយប្រាប់ឯងណា!»

មេសាថាចប់ក៏ប្រុងដើរទៅក្បែរហុងលីជាថ្មី យ៉ាងណា នាងចង់ឱ្យគេយល់ពីការបារម្ភមួយនេះដែលចេញពីចិត្តនាង ហើយក្នុងនាមជាមិត្តរួមថ្នាក់ តែពេលនោះ ក៏ឃើញកុសលរត់លឿនស្លេវពីមាត់ទ្វារសំដៅរកហុងលីហើយស្រែកហៅ៖

«អាលី! ម៉ាក់ឯងតេមក!»

គេឮថាម៉ាក់ក៏ស្ទុះក្រោកទទួលទូរសព្ទពីដៃមិត្តមកស្តាប់។ ចិត្តគេភ័យស្លុត ខ្លាចថាម្តាយមានរឿងអី្វមិនល្អកើតឡើង ព្រោះមុនពេលចេញពីផ្ទះគេបានផ្តាំច្បាស់ណាស់ យ៉ាងនេះហើយទើបគ្រាន់តែទទួលបានទូរសព្ទគេគិតដល់រឿងមិនល្អភា្លម។

ហុងលីបែកញើសសស្រាក់ទោះមិនទាន់បានស្តាប់សំឡេងម្តាយនិយាយអ្វីមកមួយម៉ាត់ផង ស្តាប់បណ្តើរ គេងាកទៅសួរកុសលបណ្តើរ៖

«គាត់បាននិយាយអី?»

«គាត់ថារកឯង!»

មិនឮសំឡេងម្ខាងនិយាយ ហុងលីក៏ចាប់ភ័យហើយហៅតិចៗ ធ្វើឱ្យមេសានិងបញ្ញាសម្លឹងមុខគ្នានិងតាមដានពីទឹកមុខព្រួយបារម្ភរបស់គេ។

«ម៉ាក់…ម៉ាក់ឮខ្ញុំទេ?»

សំឡេងខ្សោយៗរបស់ម្តាយក៏ស្រាប់តែតបឆ្លើយ៖

«ម៉ាក់អត់អីទេ ធូរល្មមហើយ! តែកូនឯងសុំច្បាប់គ្រូមួួយម៉ោងបានអត់?»

គេធូរចិត្តមិនចេញ ព្រោះបើគ្មានរឿង ហេតុអីម្តាយត្រូវតែឱ្យគេទៅផ្ទះទាំងមិនទាន់ដល់ម៉ោង?

គេប្រញាប់ឆ្លើយ ហើយរាវរកស្បែកជើងក្រោមតុ៖

«កូនទៅហើយម៉ាក់!»

ហុងលីរហ័សទាញកាតាបនិងសងទូរសព្ទទៅកុសលវិញទាំងផ្តាំផ្ញើ៖

«កុសលសុំច្បាប់ម៉ោងខ្មែរឱ្យខ្ញុំផង!»

កុសលងក់ក្បាលមិនសួរព្រោះដឹងរឿង។ ហុងលីក៏រត់ចាកចេញមិនសូម្បីនិយាយអ្វីមួយម៉ាត់ទៅកាន់ទឹកមុខជ្រួញឆ្ងល់របស់មេសាដែលចង់តែហាមាត់និយាយរកគេ និងឃាត់សួរ។

គេមិនងាកក្រោយ ហើយស្ទុះកាត់វ៉ូងសិស្សជាច្រើនដែលកំពុងសម្លឹងមើលភាពឆ្លេឆ្លារបស់គេ។

បញ្ញានិងមេសាប្រុងដើរមកសួរ តែកុសលដឹងចិត្តក៏ឆ្លើយមុន៖

«ម៉ាក់ហុងលីឈឺនៅផ្ទះ តែមិនដឹងហេតុអីគាត់ថាមានការសំខាន់ត្រូវឱ្យគេទៅប្រញាប់!»

នាងតូចមេសាបើកភ្នែកធំហើយសួរវិញ៖

«តិចគាត់មិនស្រួលទៅកុសល? យើងគួរទៅជួយហុងលីទេ?»

កុសលក្រវីក្បាលឆ្លើយ៖

«មិនបាច់ទេ គេមិនចូលចិត្តឱ្យអ្នកណាទៅផ្ទះគេ សូម្បីខ្ញុំក៏មិនធ្លាប់ស្គាល់ផ្ទះគេនៅម្តុំណាដែរ ដឹងតែថានៅជិតរោងចក្រដែលគេលក់នំ»

«បើយើងសួរគេក្បែរនោះប្រហែលស្គាល់!»

បញ្ញាក៏ឆ្លើយកាត់ការបារម្ភហួសហេតុរបស់មេសា៖

«តែកុសលប្រាប់ហើយ គេមិនចូលចិត្តឱ្យអ្នកណាទៅផ្ទះគេច្បាស់មានមូលហេតុណាមេសា ចាំស្អែកហុងលីមក ឱ្យកុសលសួរនាំគេទៅ!»

មេសាមិនមាត់ក៏យល់ស្របពីអ្វីដែលបញ្ញានិយាយ។ នាងតូចងាកមកកុសលហើយផ្តាំ៖

«កុសល! បើបានដំណឹងអីពីហុងលី ជួយប្រាប់ខ្ញុំផងណា ហើយបើចង់ឱ្យជួយអី ខ្ញុំជួយបាន!»

កុសលងក់ក្បាល ស្របពេលកណ្តឹងសាលាក៏ចាប់ផ្តើមបន្លឺសំឡេង។

សិស្សគ្រប់គ្នារូតរះចូលថ្នាក់ដើម្បីបានរៀនម៉ោងចុងក្រោយមុនពេលចេញទៅផ្ទះ។

តែកន្លងទៅជាងមួយសប្តាហ៍ហើយ ដែលហុងលីអវត្តមាន គ្មានដំណឹង ចាប់តាំងពីថ្ងៃដែលគេរត់ចាកចេញពីក្នុងថ្នាក់មិនសូម្បីប្រាប់អ្នកណាម្នាក់ថាមានរឿងអីក្រោយពីទទួលទូរសព្ទម្តាយ។

គេគ្មានទំនាក់ទំនង មេសា បញ្ញា និងកុសល បានទៅរកឃើញផ្ទះជួលគេហើយ តែមនុស្សបានរើចេញតាមការសាកសួរពីអ្នករស់នៅជិតនោះ សូម្បីកន្លែងលក់នំប៉ាវមុខរោងចក្រ ដែលតែងឮសំឡេងក្មេងប្រុស ដែលមានស្នាមញញិមមិនរីងស្ងួត ក្លិននំស្នូលសាច់ជ្រូកចិញ្ច្រាំដ៏ឈ្ងុយឈ្ងប់ក៏លែងមានដែរ។

គ្រូសម្រេចថាលុបឈ្មោះ យាន ហុងលី ចេញពីបញ្ជី ចេញពីការប្រលង…

រាប់ខែ រាប់ឆ្នាំ ដែលគេបានចាកចេញទាំងគ្មានដំណឹង ទុកត្រឹមចម្ងល់និងការបារម្ភដ៏ធំធេងក្នុងចិត្តក្មេងស្រីតូចម្នាក់ ដែលធ្លាប់ធ្វើរឿងមិនគប្បីជាច្រើនទៅលើគេ នាងគ្រាន់តែចង់ចួបម្តងទៀត ហើយបាននិយាយពាក្យសុំទោស ចេញពីចិត្ត…

កន្លងទៅ១៥ឆ្នាំហើយ នាងនៅតែមកវិទ្យាល័យ ក្រែងអាចចួបគេថ្ងៃណាមួយ…

មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*