រឿង៖ បើចួបម្តងទៀត

ទីក្រុងភ្នំពេញ ទីក្រុងមមាញឹកពេញទៅដោយចរាចរណ៍ ធ្វើដំណើរនៅលើផ្លូវដងវីថី ភាពអ៊ូអរ សំឡេងឮខ្ញកខ្ញាកចេញពីម៉ាស៊ីនរថយន្ដកង់ម៉ូតូបង្កើតឱ្យមានទស្សនីយភាព  រូបអារម្មណ៍ដ៏គួរឱ្យធុញថប់់ នឿយណាយចិត្តនៃបែបជីវិតរបស់អ្នកក្រុង។

អ៊ីចឹងហើយ នៅទីនេះ គេកម្ររកឃើញមានប្រទះនូវហាងកាហ្វេដែលតូចមួយ ស្ងប់ស្ងាត់ មានខ្យល់អាកាសត្រជាក់បរិសុទ្ធ ធម្មជាតិ និងមានបរិយាកាសសប្បាយ រីករាយ ដូចនៅជនបទ ភាគឦសាន ខេត្តមណ្ឌលគិរីទឹកដីទីកន្លែងកំណើតដែលខ្ញុំធ្លាប់រស់នៅណាស់។

ប៉ុន្តែអាចថា វាជាភ័ព្វសំណាងមួយដែលខ្ញុំរស់នៅក្នុងយុគសម័យអ៊ីនធើណេត សម័យជឿ​នលឿន ព័ត៌មានស្ថិតនៅក្នុងដៃនេះ ខ្ញុំបានប្រទះរកឃើញហាងកាហ្វេតូចមួយ ដែលមានអ្វីដូចលក្ខខណ្ឌខាងលើខ្ញុំចង់បាន មិនតែប៉ុណ្ណោះ ពេលខ្ញុំមកដល់ហាងកាហ្វេនេះដំបូង វាពិតជាហ្វ្រែស(Fresh) មែនទែនពីការរៀបចំ តុបតែងហាងមិនថានៅផ្ទៃលម្អខាងក្នុងនិងខាងក្រៅបរិវេណហាង។ ពេលដើរចូលមកដល់ទីធ្លាហាងនេះ នៅខាងក្រៅមើលមកឃើញដើមឈើ កូនរុក្ខជាតិលូតលាស់ស្លឹកខៀវស្រងាត់ស្អាតដាំពេញទីធ្លា ទាំងតូចទាំងធំមានទាំងផើងផ្កាអ័រគីដេចម្រុះពណ៌ និងក្លិនក្រអូបដែលជះពីផ្កាម្លិះដាក់ដាំក្នុងផើងស្អាតៗរូបតុក្កតា ដាក់យោលព្យួរលម្អពេញនៅតាមបណ្ដោយផ្លូវចូលនិងក្នុងហាង…

មើលទៅក៏ដឹងដែរថាម្ចាស់ហាងមួយនេះ ជាអ្នកចូលចិត្តស្រលាញ់ផ្កា។ ពេលបើកចូលទៅក្នុងហាងមួយនេះទៀត ក៏ឃើញមានទូរ ធ្នើររៀបបញ្ឈរអែបកៀនតាមជញ្ជាំង ដាក់ពេញដោយសៀវភៅតូចធំៗ មានទាំងសៀវភៅខ្មែរ បរទេសដែលមើលយ៉ាងណាក៏ដូចជានៅបណ្ណាល័យតូចមួយនៅតាមសាលា ធ្វើឱ្យទីធ្លាក្នុងផ្ទៃខាងក្នុងហាងចាប់ផ្តើមចង្អៀតទៅហើយ ព្រោះតែចំនួនសៀវភៅដ៏ច្រើនដែលមាននៅក្នុងហាងមួយនេះ…ក្រឡេកមួយភ្លែត ក៏ដឹងទៀតថា សៀវភៅផ្សេងៗមិនថាបែបណា ឱ្យតែម្ចាស់ហាងចូលចិត្តក៏ប្រមូលមកឱ្យភ្ញៀវអានដាក់នៅលើធ្នើរសៀវភៅទីនេះ ។

ផ្ទះបុស្បាកាហ្វេ…ហាងកាហ្វេដែលខ្ញុំមកជាប្រចាំ

ខ្ញុំដើរចូលមក ដើរតម្រង់ទៅកាន់ធ្នើរសៀវភៅមួយ មួយស្របក់ ខ្ញុំក៏ប្រទះរកបានសៀវភៅដែលខ្លួនចង់អាននៅពេលនេះ…សៀវភៅពណ៌លឿន តូចខ្លី ស្រួលកាន់អាន នៅខាងមុខក្របមានអក្សរដិតធំៗច្បាស់ៗដាក់ចំណងជើងថា «ទម្រាំក្លាយជាអ្នកនិពន្ធ» របស់អ្នកនិពន្ធខ្មែរយើងល្បីម្នាក់ អ្នកស្រី ម៉ីសន សុធារី…ខ្ញុំញញិមពេលបានកាន់សៀវភៅមួយនេះ។

មកដល់តុអង្គុយ ខ្ញុំអង្គុយតែម្នាក់ឯង ភាពស្ងប់ស្ងាត់ សំឡេងបន្លឺពីតន្ត្រីចាក់ប្រគុំឮតិចៗ បរិយាកាសមួយនេះ ធ្វើឱ្យខ្ញុំរឹតតែនឹកដល់ស្រុកកំណើតរបស់ខ្លួនរឹតតែខ្លាំងឡើង ១០ឆ្នាំដែលខ្ញុំសម្រេចចិត្ត ចាកចេញពីទីកំណើត ផ្លាស់ទីលំនៅប្រើជីវិតមករស់នៅទីនេះដោយលើកយកហេតុផលព្រោះតែបន្ដការសិក្សា ទោះបីតែហេតុផលមួយនេះ វាគ្រាន់តែជាមួយផ្នែកនៃការពិតនៃហេតុផលចម្បងសំខាន់របស់ខ្ញុំ…ផ្នែកសំខាន់នៃហេតុផលនោះគឺព្រោះតែប្រុសម្នាក់…ម្នាក់ដែលមានឈ្មោះ ឌី។

ខ្ញុំកំពុងតែលង់ក្នុងរឿងអតីតកាលរបស់ខ្លួន ស្រាប់ក៏មានបុរសសង្ហាមុខមាត់ ស្អាតបាតម្នាក់ អាយុប្រហែលម្ភៃឆ្នាំជាងដើរចូលមកសួរដោយសំឡេងរួសរាយថា៖

“សុំទោសបាទដែលឱ្យរង់ចាំយូរ ថ្ងៃនេះភ្ញៀវមកច្រើននាក់ បុកសម្រុកពេលតែមួយបែបនេះ ទើបខកខានមិនអាចបម្រើគ្រប់គ្នាឱ្យរហ័សទាន់ចិត្តបាន” គេនិយាយ សុំទោសយ៉ាងយកចិត្តទុកដាក់។

ខ្ញុំងក់ក្បាលទទួល មុនពេលមើលបុរសដែលជាម្ចាស់ហាងដោយពិចារណា ផ្ទៃមុខសស្អាត កែវភ្នែកមូលធំ មុខមើលទៅស្អាតគ្រប់យ៉ាង មើលយ៉ាងណាក៏បដិសេធមិនបានថា មនុស្សប្រុសម្នាក់នេះគួរឱ្យស្រលាញ់មែនទែន បូករួមជាមួយនឹងរូបរាងដែលមើលទៅសង្ហាបែបមុខមាត់អាស៊ីយើង សមសែនសម…មិនខុសទេ ម្ចាស់ហាងសង្ហាបែបនេះ ក៏ជាហេតុផលមួយ ដែលបណ្ដាលឱ្យនៅទីនេះសម្បូរភ្ញៀវស្រីៗដូចជារូបខ្ញុំ ស្ម័គ្រខ្លួនចូលមកធ្វើជាម៉ូយប្រចាំតែម្ដង។

“ចាស៎បង មិនជាអ្វីទេ! បងវិសាល ខ្ញុំសុំកាហ្វេខ្មៅទៅចុះ!” ខ្ញុំតបចេញមកខ្លីៗទៅកាន់គាត់ អមជាមួយស្នាមញញិម។

“អូខេ ប្អូនវីរីយ៉ា! ចាំបន្ដិច បងនឹងលើកជូន!”

“ចាស៎បង”

អង្គុយរង់ចាំពែងកែវកាហ្វេរបស់ខ្លួន ខ្ញុំទាញសៀវភៅនោះយកមកអាន អារម្មណ៍ខ្ញុំលង់ អណ្ដែតអណ្តូងជាថ្មីជាមួយខ្លឹមសារ បើកអានពីមួយទំព័រទៅមួយទំព័រទៀត មិនដាក់ចុះពីដៃ…ពាក្យរៀបរាប់ សំនួនឃ្លាមួយៗច្បាស់ៗក្នុងសៀវភៅនេះបង្កប់ពេញដោយអត្ថន័យ ដូចឃ្លាមួយដែលអ្នកនិពន្ធលើកឡើងមកថា…

…ធ្វើការចិញ្ចឹមក្រពះ ព្រោះជាកាតព្វកិច្ច តែមនុស្សយើងត្រូវរស់ជាមួយក្ដីសង្ឃឹមមួយជានិច្ច ទើបមានអារម្មណ៍ថាខ្លួនឯងកំពុងមានជីវិត…

ក្ដីសង្ឃឹម?  តើខ្ញុំសង្ឃឹមអ្វី? សង្ឃឹមថា ខ្ញុំនឹងចួបគេឬ? សង្ឃឹមថា បើយើងចួបគ្នាជាថ្មីម្ដងទៀត ខ្ញុំនឹងក្លាហានប្រាប់អារម្មណ៍ខ្លួនឯងឱ្យគេដឹងឬ?

ខ្ញុំនឹកភ្នកក្នុងចិត្តនឹកដល់អតីតកាល…

កាលពី១០ឆ្នាំមុន…

មណ្ឌលគិរី

នៅលើផ្ទៃដីជាង ៥ហិកតា មានសំណង់សាលាបឋមសិក្សា អនុវិទ្យាល័យនិង វិទ្យាល័យសិក្សាមួយ ដែលស្ថិតក្នុងតំបន់រាងដាច់ស្រយាល ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី ហើយមានអគារសិក្សាធ្វើពីឈើខ្លះ ពីបេតុងខ្លះ ខណ្ឌជាបន្ទប់ៗសម្រាប់ធ្វើជាថ្នាក់បង្រៀនសិស្ស ឬប្រើប្រាស់ផ្សេងៗ ដូចជាបណ្ណាល័យ ឬសួនកុមារ ឬបន្ទប់ទីចាត់ការ ជាដើម។

ខ្ញុំនៅចងចាំថា រៀងរាល់ម៉ោង៦ព្រឹក ខ្ញុំតែងតែក្រោករូតរះប្រញាប់ទៅរៀន ក្នុងសម្លៀកបំពាក់ជាសិស្ស ជាមួយកុមារជនជាតិដើមភាគតិចជិត១០នាក់ ទៅសាលារៀនជាមួយគ្នា ហើយពួកយើងតែងតែដើរបណ្ដើរ ស្រែកច្រៀងតាមផ្លូវបណ្ដើរ ស្រែកក្ដោកក្ដាំងតាមភាសាវ័យក្មេង ធ្វើដូចជាក្រុមធួរទេសចរតន្ត្រី(Tour music)…

ម្នាក់ៗសប្បាយរីករាយ ទឹកមុខស្រស់ថ្លាជាមួយរឿងមួយនេះ។ អ្នកភូមិក្នុងខ្ញុំ ហៅក្រុមក្មេងខ្ញុំ ថា នាឡិការោទ៍ …ឱ្យតែដល់ពេលពួកខ្ញុំភ្ញាក់ គឺត្រូវតែដាស់អ្នកដទៃទៀតក្រោកតាមព្រោះតែសំឡេងប្រកាសដូចមេក្រូយើងជាមិនខាន…ពេលខ្លះអ៊ំប្រុសមីងចាស់ ឃើញក្រុមយើងហើយ ពួកគាត់ទប់អស់សំណើចមិនបាន ពេលស្ដាប់ឮសំឡេងដ៏សែនពិរោះរបស់ក្រុមតន្ត្រី នាឡិការោទ៍មួយនេះ។

បន្ទប់រៀនរបស់ខ្ញុំនៅពេលនោះ វាធ្វើអំពីឈើប្រក់ស័ង្កសី សណ្ឋានវាមានសភាពរាងចាស់ទ្រុឌទ្រោមខ្លាំងណាស់ ព្រោះមិនដឹងថាអាគារមួយនេះ ធ្វើទុកតាំងពីពេលណា ប៉ុន្តែព្រោះតែតម្រូវការ ខ្វះបន្ទប់រៀន ទើបយើងចាំបាច់ត្រូវការប្រើអគារនេះ…ប៉ុន្តែមិនអីទេ ក្រោមការជំនួយពីរាជរដ្ឋាភិបាល សំណង់គ្រឹះអាគារបេតុងថ្មីកំពុងសាងសង់បណ្ដើរៗក្នុងបរិវេណសាលារៀន យូរមិនឆាប់ ខ្ញុំក៏បានថ្នាក់រៀនថ្មីដូចអ្នកស្រុកដទៃផងដែរ។

 ខ្ញុំក៏នៅចាំបានផងដែរថាមានថ្ងៃមួយ នៅភូមិស្រុកខ្ញុំ មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់បក់មកជាមួយខ្លាំងណាស់ រហូតដល់ខ្ញុំខ្លាច…ខ្លាចថាថ្នាក់រៀនរបស់ខ្ញុំនឹងត្រូវដួលបាក់រលំអស់ ខ្ញុំគេងមិនលក់ ក្នុងចិត្តគិតតែបន់ស្រន់ទេវតាឱ្យជួយថែរក្សាសាលាពួកយើង។ ព្រឹកស្អែកឡើង មិនខុសពីអ្វីដែលបានព្រាងទុក ខ្ញុំមិនអាចទៅរៀននោះទេ សំឡេងស្រែកច្រៀងដែលធ្លាប់លាន់ឮកងរំពងពេញភូមិ សំឡេងអានសៀវភៅអង្គុយពេញបន្ទប់រៀន សំឡេងទាំងអស់នេះ លែងឮនាព្រឹកនេះ ព្រោះពួកយើងមិនអាចអង្គុយរៀនក្រោមដំបូលអគារសាលាប្រក់ស័ង្កសីដែលចាស់ទ្រុឌទ្រោមនោះបានទៀតទេ ដោយសារមានទឹកលិចជាច្រើនកន្លែង ដំបូលធ្លុះឆ្លាយ ប្រហោងច្រើន មានបំណែកឈើដំបូលខ្លះធ្លាក់បាក់បែកចុះមកដី និងផ្លូវទៅសាលាខូចខាត ពេញដោយភក់ជ្រាំខ្លាំង ជង្ហុកធំៗដូចអំបែងពុម្ពនំគ្រោះ ពិបាកធ្វើដំណើរជាខ្លាំង។ ខ្ញុំអង្គុយក្រៀមក្រំពេញមួយថ្ងៃ ក្រោយពីបានឮដឹងដំណឹងមួយហ្នឹង។

មួយសប្ដាហ៍ក្រោយមក ថ្នាក់រៀនរបស់ខ្ញុំ ក៏ចាប់ផ្ដើមដំណើរការសារជាថ្មីម្ដងទៀត ខ្ញុំនិងមិត្តៗរបស់ខ្លួនក៏នាំគ្នាចូលរៀនក្នុងថ្នាក់យ៉ាងត្រេកអរ អមជាមួយសេចក្ដីរីករាយមួយនេះ លោកគ្រូប្រចាំថ្នាក់របស់ខ្ញុំ ក៏ណែនាំវត្តមានសិស្សថ្មីដែលទើបតែផ្ទេរមកផ្លាស់ចូលមករៀនជាមួយពួកយើង…

គេឈ្មោះ អុន រ៉ាឌី មកពីទីក្រុងភ្នំពេញ ហើយហេតុផលដែលគេត្រូវមករៀននៅទីនេះនោះ ព្រោះប៉ារបស់គេត្រូវមកគ្រប់គ្រងការងារគម្រោង បំពេញភារកិច្ចនៅទីនេះមួយរយៈ ហើយគេក៏មានបញ្ហាផ្ទាល់ខ្លួនជាមួយមិត្តភក្ដិនៅសាលាចាស់។

“សួស្ដី ឌី រីករាយដែលបានស្គាល់! ខ្ញុំឈ្មោះ វីរីយ៉ា ប្រធានថ្នាក់ និងជាអ្នកស្រុកកំណើតរស់នៅទីនេះ…ស្វាគមន៍មកកាន់ភូមិដ៏តូចរបស់យើង”

ខ្ញុំនិយាយស្វាគមន៍ទៅកាន់គេយ៉ាងរាក់ទាក់ ប៉ុន្ដែគេគ្រាន់តែសម្លឹងមើលមកកាន់ខ្ញុំដោយក្រសែភ្នែកត្រជាក់ ហើយទម្លាក់ខ្លួនចុះនៅកន្លែងអង្គុយរបស់គេដែលស្ថិតនៅពីខាងក្រោយខ្ញុំ ក្រាបដេកនៅលើតុ មិនខ្វល់ពីអ្នកគ្រប់គ្នានៅទីនេះបន្ដិចសោះ…

“ឌី! នេះម៉ោងរៀនណា៎?” ខ្ញុំប្រញាប់ស្រែកដាក់ទៅកាន់គេ តែគេស្រាប់តែទាញយកកាសត្រចៀកធំមួយពីសម្ពាយកាបូបរបស់ខ្លួន រួចយកមកក្ដោបពាក់ត្រចៀករបស់ខ្លួនធ្វើព្រងើយ…

“​លោក​ អុន រ៉ាឌី!!!” ខ្ញុំស្ទើរតែស្រែកបំពងផ្អើលសិស្សក្នុងថ្នាក់ ប៉ុន្ដែមើលគេវិញ នៅតែមិនកម្រើក គិតតែជ្រប់មុខនិងតុ…កាន់តែខឹងតែម្ដង ខ្ញុំស្រវាយកសៀវភៅពុម្ពដ៏ក្រាស់មួយនោះ ប្រើឱ្យមានប្រយោជន៍ ស្រាប់តែឮ…

ហ៊មៗហឹម…សំឡេងលោកគ្រូបន្ទុកថ្នាក់ ជាសញ្ញាឱ្យខ្ញុំឈប់បន្ដសកម្មភាពរបស់ខ្លួន…គាត់ដឹងថាខ្ញុំបម្រុងនឹងធ្វើអ្វីដាក់អ្នកនៅខាងក្រោយខ្លួន!

“រ៉ាវីយ៉ា បានហើយប្អូន! ដល់ម៉ោងចូលរៀនហើយ គេជាសិស្សមកថ្មី ប្រហែលមិនទាន់ទម្លាប់របៀបរបបនៅទីនេះនៅឡើយ…តោះៗ!​ យើងមកបន្ដមេរៀនរបស់យើងទៀត”

សង្គ្រាមរវាងខ្ញុំ និងឌី ក៏ត្រូវផ្អាកបណ្ដោះអាសន្ននៅពេលនេះ ប៉ុន្ដែក្នុងចិត្តខ្ញុំនៅតែគុំនិងសរសេរក្នុងបញ្ជីស្បែកឆ្កែរបស់ខ្លួនរួចជាស្រេច…ឌី លោកមិនរួចខ្លួនពីខ្ញុំទេ ចាំទុក!

តាំងពីថ្ងៃនោះមក ខ្ញុំនិងរ៉ាឌីតែងតែមានរឿងរ៉ាវឈ្លោះរករឿងជាមួយគ្នាជានិច្ច …ទេបើនិយាយឱ្យត្រូវតាមការពិតនោះ គឺមានតែខ្ញុំម្នាក់ប៉ុណ្ណោះ តាំងខ្លួនធ្វើជាមនុស្សរំខានដល់រូបគេ…តាំងធ្វើជារុយ រអ៊ូក្បែរត្រចៀក រំខានសរសៃប្រសាទដល់អ្នកម្ខាងទៀត ប្រែក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន។ ពេលខ្លះក៏មិនយល់ពីខ្លួនឯងដែរ តើខ្ញុំគុំចិត្តស្អប់ខឹងគេអីដល់ម្លឹង ទើបត្រូវធ្វើបែបនេះ ចង់ទទួលបានពាក្យសុំទោសរបស់គេនោះ…ប៉ុន្តែពេលខ្លះ ខ្ញុំក៏មិនអាចឆ្លើយប្រាប់ផ្ដល់ចម្លើយដល់ខ្លួនឯងបាន ហេតុផលអ្វីពិតប្រាកដទើបធ្វើឱ្យខ្ញុំចង់នៅក្បែរអ្នកម្ខាងទៀតនោះ? ខ្ញុំជាមនុស្សស្រលាញ់ការសិក្សា គេម្នាក់នោះវិញ សូម្បីសៀវភៅគេមិនខ្ចីនឹងចង់កាន់ប៉ះ គេពូកែគ្រប់យ៉ាងក្រៅពីរឿងការរៀនសូត្រ ប៉ុន្ដែហេតុអ្វីខ្ញុំនៅតែតាមលួចសម្លឹងតាមដានមើលគ្រប់សកម្មភាពរបស់គេ ក្លាយជាជនstalkerនោះ…ខ្ញុំនេះកើតអីឱ្យប្រាកដហ្នុង?

រសៀលថ្ងៃនេះក៏ដូចគ្នា ខ្ញុំដើរក្រឡឹងៗក្បែរដើមជ្រៃចាស់មួយដើមបែកមែកសន្ធឹងសន្ធែង ក្លាយជាម្លប់ដ៏ត្រជាក់នៅក្នុងសាលារបស់យើង នៅទីនោះមានគេដាក់កន្ត្រកបាល់បោះមួយ ទុកឱ្យក្មេងៗលេងបោះលេងកម្សាន្ដ ប៉ុន្ដែអ្នកនៅទីនេះ មិនសូវមាននរណាគេចាប់អារម្មណ៍និងប្រភេទកីឡាបាល់បោះបែបនេះទេ មានតែគេម្នាក់…រ៉ាឌី ដែលខ្ញុំលួចតាមដានដឹងមកថា គេចូលចិត្តមកពួនលួចសំងំដេកសម្រាកលម្ហែនៅទីនេះ។ អូហ៍! ទីនេះក៏មានផ្ទះសត្វប្រក់ឈើស័ង្កសីតូចមួយសង់ធ្វើ​ឱ្យឆ្មាសម្បុរបី(ធាត់) មួយក្បាល រស់នៅ…វាមានឈ្មោះថា ឡាក់គី!

ខ្ញុំមិនដឹងថា វាមានតាំងពីអង្កាល់ណាទេ ប៉ុន្ដែ៩៩លើ១០០ ខ្ញុំគិតថា គេជាអ្នកធ្វើឱ្យវា!

“ម៉ែវ! ម៉ែវ!” សំឡេងយំខ្យូតរបស់អាឡាក់គី យំក្បែរជើងរបស់ខ្ញុំ ពេលវាដឹងថា មនុស្សស្រីចិត្តល្អ ម្នាក់នេះមកលួចមើលម្ចាស់ប្រុស ពាំនាំជាមួយរបស់ដែលវាចូលចិត្តមកជាមួយ…ការពិត ព្រោះតែគេ ខ្ញុំឧស្សាហ៍ក្លែងធ្វើជាមកដាក់ចំណីអាឡាក់គី ជារៀងរាល់ថ្ងៃ រហូតវាចំណាំមុខដឹងក្លិនទៅហើយ

“ឡាក់គី ច្រមុះឯងនេះអីក៏ប៉ិនយ៉ាងនេះ! នែក! ថ្ងៃនេះមានចំណីឆ្ងាញ់មកជាមួយ ត្រីអណ្ដែងឆ្អើរ ម៉ែខ្ញុំទើបតែធ្វើរួច នេះខ្ញុំខំលួចពីគាត់ដើម្បីឱ្យឯងស៊ី…នេះប្រាប់ឱ្យដឹង ខ្ញុំសាមីខ្លួនមិនហ៊ានដាច់ចិត្តទុកស៊ីខ្លួនឯងទេ យកទុកឱ្យឯងស៊ី…អ៊ីចឹងឯងត្រូវតែធ្វើល្អដាក់ខ្ញុំណ៎ា​ កុំមកក្រញាំខ្ញុំទៀត..ឮអត់?”

“ម៉ែវ! ម៉ែវ!”

“ហក៎នេះ…ស៊ីទៅអ៊ីចឹង!”​

ដៃខ្ញុំបេះសាច់ត្រីឆ្អើរឱ្យឆ្មាស៊ីបណ្ដើរ តែក្រសែភ្នែកវិញកំពុងដៀងទៅកាន់ មនុស្សប្រុសម្នាក់នោះដែលកំពុងដេកនៅក្រោមដើមជ្រៃនៅក្រោយសាលា ដាក់សម្ពាយកាបូបខ្លួនធ្វើជាខ្នើយ យកសៀវភៅគ្របមុខ ក្បែរគេគឺមានបាល់បោះ ដែលគេតែងតែយកវាទៅតាមខ្លួនដូចរបស់មានតម្លៃខ្លាំង…

ហ៊ឹម…ប្រហែលគេចូលចិត្តបាល់បោះខ្លាំងហើយមើលទៅ!

“ឡាក់គី ឯងស៊ីរួចហើយ ឯងកុំខ្ជិលពេក! ខ្លួនធំហើយត្រូវចេះចូលរៀនសូត្រ ធ្វើជាសត្វល្អ! ដឹងទេ កុំធ្វើដូចជាមនុស្សកម្ជិលម្ដុំនេះ…មើលចុះម្ង៉ៃៗគិតតែដេក មិនឃើញធ្វើអីឱ្យមានប្រយោជន៍ដល់គេឯងសោះ មានតែធ្វើឱ្យអ្នកដទៃពិបាកចិត្តនិងគេទៅវិញ! តែនេះមើលទៅឯង មិនខុសពីគេសោះ…មូលធំដូចបាល់ ខ្ជិលខ្លាំងគិតតែពីស៊ី ឡើងរាលមូលដូចកូនជ្រូក លែងឃើញរាងដូចជាឆ្មាត្រង់ណាបន្ដិចសោះ…ឡាក់គី ប្រយ័ត្នណ៎ា ប្រយ័ត្នគេច្រឡំឯងជាបាល់ ចាប់ដាក់កន្ត្រកជាមិនខានហាហា…”

“ម៉ែវៗ ម៉ែវ”

ខ្ញុំបីឡាក់គី មកប្រលែងលេង និយាយឮៗ គិតឬថាខ្ញុំមិនដឹងថាគេម្នាក់នោះ ក្លែងធ្វើជាដេកហ្នឹង…៥វិនាទី ច្បាស់ជាមានប្រសិទ្ធិភាព!

“ធុញ សំឡេងរំខានទៀតហើយ!”

សំឡេងបាល់បោះបានលោតរមៀលពីរបីដងនៅលើដី ហើយរមៀលចេញមកក្បែរខ្ញុំ រង្វង់មុខដែលបង្ហាញពីភាពធុញទ្រាន់ ក្រោកងាកមកសម្លឹងមើលខ្ញុំវិញភ្លាម…

“នាងមកទីនេះទៀតហើយឬ?”

“មិនបានឬ? ទីនេះជាទីសាធារណៈ រឿងអីខ្ញុំមកនៅទីនេះមិនបាននោះ?”

“សរសៃប្រសាទ!”

គេនិយាយខ្លីៗ ហើយក៏ទម្រេតខ្លួន ទាញសៀវភៅយកមកគ្របមុខ បម្រុងគិតដេកបន្ដទៀត តែខ្ញុំមិនព្រមឱ្យវាចប់ងាយៗបែបនេះទេ…

“នែ! នរណាគេសរសៃប្រសាទ! ខ្ញុំស្ដាប់ឮពេញត្រចៀកណា ចេញមាត់លោក កុំប្រាប់ថាមិនបាននិយាយ”

“គឺនាង!”

នេះ…នេះខុសពីរឿងដែលខ្ញុំបានអានដែលតួឯកប្រុសបដិសេធមិនទទួលពាក្យគំរោះគំរើយមួយនេះ ហើយគេទាំងពីរនៅជជែករុញច្រានគ្នាចុះឡើងរហូតដល់បង្កើតចំណងចិត្តដោយមិនដឹងខ្លួន… តែគេបែរទទួលស្គាល់ ឆ្លើយត្រង់ៗដាក់ខ្ញុំបែបនេះទេ…នេះខ្ញុំគួរឆ្លើយតបទៅគេវិញម៉េចទៅ?

ខ្ញុំស្រឡាំងកាំងពេលឮគេនិយាយដាក់ខ្ញុំបែបនេះ ព្រោះក្នុងខួរក្បាលខ្ញុំគិតរកចម្លើយ ឃ្លាសន្ទនាជាច្រើនដែលធ្លាប់បានអានក្នុងរឿងសៀវភៅប្រលោមលោក…ណ្ហើយ! ជីវិតពិតមិនដូចក្នុងរឿងសរសេរឡើយ។

“ខ្ញុំសសៃប្រសាទមែនហើយ…”

…ហេតុអ្វីខ្ញុំបែរជាចាប់អារម្មណ៍ដក់ចិត្តស្រលាញ់មនុស្សធុនដូចជាគេនោះ!

ឃ្លាចុងក្រោយខ្ញុំមិនបាននិយាយទេ បានត្រឹមតែលួចជេរក្នុងចិត្ត…ខ្ញុំជាមនុស្សស្រីល្ងង់ទេ?

“នាងមិនចូលរៀនទេ សិស្សពូកែ?”

“…” គួរឆ្លើយប្រាប់យ៉ាងម៉េចវិញ? ខ្ញុំមិនចូលរៀនព្រោះតែគេ…

“វាមិនសូវល្អមើលទេ ដែលសិស្សពូកែ ដូចជានាង មកគេចម៉ោង នៅក្បែរមនុស្សដូចជាខ្ញុំនោះ…គេនឹងចោទថា ខ្ញុំជាដើមហេតុធ្វើឱ្យមនុស្សល្អដូចជានាងខូច”

“រ៉ាឌី ខ្ញុំឈ្មោះ រ៉ាវីយ៉ា…ហេតុអ្វីឯងមិនព្រមហៅឈ្មោះខ្ញុំ បែរជាហៅខ្ញុំថាជាសិស្សពូកែ! នេះមិនមែនត្រឹមតែមួយថ្ងៃពីរឯណា ដែលឯងមកនៅរៀនទីនេះ…ជាង៣ខែហើយណ៎ា!”

“ព្រោះខ្ញុំមិនចាំឈ្មោះនាង!”

“អ្ហាស៎? មិនចាំឈ្មោះខ្ញុំ!”

“ខ្ញុំ ជាប្រភេទមនុស្សដែលមិនចូលចិត្តចាំឈ្មោះអ្នកដទៃ…វាមិនសំខាន់”

ឮពាក្យថា មិនសំខាន់ចេញពីមាត់របស់គេភ្លាម…ខ្ញុំមានអារម្មណ៍ក្រៀមក្រំអួលដើមក កែវភ្នែកក្រហមកញ្ជ្រោលចង់ចេញទឹកភ្នែក តែខ្ញុំខំប្រឹងទ្រាំទប់វា មិនសូវធ្វើមនុស្សស្រីទន់ខ្សោយនៅពីមុខមនុស្សប្រុសជាដាច់ខាត…ខ្ញុំខ្លាច ខ្លាចខ្លួនឯងលែងជាខ្លួនឯង លែងជាមនុស្សស្រីរឹងមាំដែលគ្រប់គ្នាបានស្គាល់ទៀត!

អារម្មណ៍ច្របូកច្របល់មួយនេះ ធ្វើឱ្យខ្ញុំចង់រត់ចាកចេញពីទីនេះ ខ្ញុំចង់គេចបំភ្លេចពីគេ ឈប់នៅទ្រាំរងទុក្ខស្នេហាលួចលាក់ពីគេអ្នកម្ខាងទៀត…

ជំហានជើងដែលបម្រុងនឹងបោះជំហានចេញ ត្រូវទច់ឈប់ង៉ក់ភា្លមៗ ពេលម្រាមដៃដ៏រឹងមាំរបស់គេ ចាប់ខ្ញុំជាប់…

“ចង់ទៅណា៎?”

“លែងខ្ញុំ…ឯងចាប់ខ្ញុំឃាត់ធ្វើអី! គ្រាន់នេះ ខ្ញុំមិនមែនជាមនុស្សសំខាន់របស់ឯង ឯណា! ខ្ញុំមិនចង់នៅត្រង់នេះទៀតទេ…ដឹងទេ រ៉ាឌី ខ្ញុំ…ខ្ញុំគិតថា…”

ខ្ញុំនិយាយមិនទាន់ចប់ឃ្លាប្រយោគផង គេកន្ត្រាក់ខ្ញុំទៅឱបយ៉ាងណែនក្នុងផែនទ្រូងដ៏កក់ក្ដៅរបស់អ្នកម្ខាងទៀត ខ្ញុំបើកភ្នែកធំៗភ្ញាក់ មិនយល់ពីទង្វើដែលគេធ្វើឡើងបែបនេះ…ខួរក្បាលកំពុងរង្វេងពេញជាមួយនិងសញ្ញាសួរ…

“កុំចាកចេញ ទុកខ្ញុំចោលម្នាក់ឯងបានទេ?”

“ឌី នេះ…”

“ខ្ញុំសូមទោស ខ្ញុំមិនចង់ឱ្យនាងខូចចិត្តព្រោះតែខ្ញុំនោះទេ? ប៉ុន្ដែខ្ញុំវាគឺជាមនុស្សបែបនេះ”

“អ្ហាហ៍?”

នេះ…គេក៏មានចិត្តស្រលាញ់សម្រាប់ខ្ញុំដែរមែនទេ? ឬខ្ញុំមិនមែនជាអ្នកស្រលាញ់គេតែម្ខាង គេក៏ស្រលាញ់ខ្ញុំដែរ? អ៎្ហ…ព្រះអើយ ពិតមែនឬ?

“តាមពិតទៅ ខ្ញុំដឹងថានាងជាមនុស្សល្អ មិនមែន​ជាមនុស្សដែលមានគំនិតអាក្រក់ ប្រកែប្រកាន់គុំគួនគេច្រើន ហើយមាន​តែ​ការ​ចែក​រំលែក​បទពិសោធន៍​រៀន ជួយដល់គេដទៃទៀត សិស្សបាតតារាងដូចខ្ញុំ ស្គាល់នាងគឺសំណាងណាស់ហើយ…”

…​ប៉ុន្មានពាក្យ​នោះ​ គេកំពុងនិយាយពីអ្វី មិនដូចពាក្យសារភាពស្នេហ៍ក្នុងរឿងសោះ! ចម្លែកណាស់!

“ដូច្នេះ តើនាងនឹងអាចយល់ព្រមជាមួយខ្ញុំទេ បើខ្ញុំសុំនាងធ្វើជា…”

“ខ្ញុំយល់ព្រម!” ខ្ញុំឆ្លើយទាំងទឹកមុខក្រហមអៀនប្រៀន កាត់គេភ្លាមៗ មិនទាំងស្ដាប់គេនិយាយចប់ចុងឃ្លាប្រយោគមានអត្ថន័យបែបណាផង ព្រោះខ្ញុំច្បាស់ក្នុងចិត្តថា ពាក្យចុងក្រោយនោះគឺ…សង្សារ។

“អ្ហាហ៍? នាងយល់ព្រម!” គេស្រឡាំងកាំង ពេលឃើញកាយវិការរហ័សប្រែប្រួល៣៦០ដឺក្រេរបស់ខ្ញុំបែបនេះ ខ្ញុំទើបតែក្រឡេកមើលមុខគេដែរ ខ្ញុំឃើញអាការៈគេភ័យមុខសស្លេក…ខុសពីអ្វីដែលខ្ញុំរំពឹងទុក ថាគេមុខក្រហមអៀនដូចខ្ញុំដែរ? នេះប្រហែលជាគេ ភ័យខ្លាចនិងចម្លើយសារភាពចេញពីមាត់របស់ខ្ញុំទេដឹង?

“បើនាងយល់ព្រមបែបនេះ តើយើងគួរតែចាប់ផ្ដើមរៀននៅថ្ងៃណាដែរ? ហើយម៉ោងប៉ុន្មានវិញ?”

“រៀន? ម៉ោងប៉ុន្មាន?”

“អ្ហាហ៍? នេះគឺនាងបានយល់ព្រមធ្វើជាគ្រូបង្រៀនក្រៅម៉ោងរបស់ខ្ញុំអី?”

“គ្រូបង្រៀន? មិនមែនជា…សង្សារទេ?”

“សង្សារ? ខ្ញុំឯណាសុំនាងធ្វើជាសង្សារហ្នុង! នាងច្រឡំទេដឹង?”

“សម្ដីដែលលោកពោលអម្បាញ់មិញហ្នឹង គឺ…គឺមានន័យថា ខ្ញុំនឹងធ្វើគ្រូបង្រៀនក្រៅម៉ោងហ្នឹងមែនទេ?”

“បាទ ត្រូវហើយ ខ្ញុំចង់ឱ្យនាងបង្រៀនដល់ខ្ញុំបន្ថែម!”

“ហេតុអ្វី សុខៗលោកមកទាញខ្ញុំឱប”

“អូហ៍ គឺព្រោះតែខ្ញុំឃើញពស់ធ្លាក់ពីលើមែកឈើចុះ ចំពីលើនាង…”

“ចុះពាក្យដែលពោលថា កុំចាកចេញ ទុកខ្ញុំចោលម្នាក់ឯងបានទេ? មានន័យបែបណាវិញ?”

“នោះ…នោះក៏ព្រោះតែខ្ញុំ…ខ្ញុំក៏ខ្លាចពស់ដែរ!”

“អ្ហាហ៍? អ៊ីចឹងលោកមិនបានស្រលាញ់ខ្ញុំទេ?”

“នេះ…នេះនាងគិតបានយ៉ាងម៉េចថាខ្ញុំស្រលាញ់នាងនោះ? សូមទោសផងដែលធ្វើឱ្យនាងយល់ច្រឡំ…”

ពិតណាស់ នាងយ៉ា…គេមិនទាំងចាំឈ្មោះរបស់នាងផង ជ្រុងមួយណាដែលនាងគិតថា គេមានចិត្តចាប់អារម្មណ៍ឯងនោះ…ការភាន់ច្រឡំមួយនេះ ខ្ញុំពិតជាអៀនខ្មាសអ្នកម្ខាងទៀតណាស់ បើអាចធ្វើទៅបាន ខ្ញុំស្ទើរតែហែកព្រះធរណី ពួនលាក់កប់នៅក្នុងបាតដីមិនឃើញមុខគេទៀត!

“បានហើយអ៊ីចឹង លោកនៅឱបខ្ញុំដល់អង្កាល់ទៀត ឆាប់ព្រលែងខ្ញុំទៅ!”

“ទេ នាងទេដែលឱបខ្ញុំនោះ! ដៃខ្ញុំព្រលែងនាងយូរហើយតើ!”

…ទៀតហើយខ្ញុំ! នេះខ្ញុំបានសាងរឿងអាម៉ាស់ដាក់ខ្លួនឯងប៉ុនណាទៀត បង្ហាញប្រាប់ដល់គេនោះ!

“ចាស៎…ខ្ញុំជាអ្នកខុស!” ខ្ញុំដកដង្ហើមធំ ពោលដោយក្រៀមក្រំ មិនហ៊ានមើលមុខគេចំ

“សម្រេចមក នាងយល់ព្រមជាមួយសំណើរខ្ញុំទេ រឿងបង្រៀននោះ?”

“ខ្ញុំយល់ព្រម ប៉ុន្ដែតើខ្ញុំអាចសុំសួរឯង១សំនួរបានទេ?”

“សួរមក!”

“ហេតុអ្វីបានជាសុខៗចង់នឹកមកសុំខ្ញុំបង្រៀនបន្ថែមនោះ…ខ្ញុំគិតថា សូមទោសណា៎ លោកមិនមែនជាមនុស្សស្រលាញ់រឿងរៀនសោះ!”

“ខ្ញុំមានហេតុផលផ្ទាល់ខ្លួនរបស់ខ្ញុំ សំខាន់ខ្ញុំត្រូវប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះឱ្យបាន…ខ្ញុំមិនចង់ចាំដល់ឆ្នាំក្រោយនោះទេ! ចុះនាង ហេតុអ្វីបានជាខំប្រឹងប្រែងរៀនសូត្រខ្លាំងបែបនេះ?”

“ព្រោះខ្ញុំចង់បានអាហាររូបករណ៍បន្ដការសិក្សានៅទីក្រុង…”

“នាងមិនចង់រស់នៅទីនេះទេ?”

“មិនមែនបែបហ្នឹងឡើយ ខ្ញុំស្រលាញ់ចូលចិត្តស្រុកកំណើតខ្ញុំណាស់ អ៊ីចឹងហើយខ្ញុំចង់ឱ្យស្រុកកំណើតខ្ញុំ អ្នកភូមិខ្ញុំ គាត់រស់នៅមានជីវភាពធូធារដូចគេអ្នកភូមិដទៃ…លោកដឹងទេ ខ្ញុំត្រូវមានប្អូនស្រី ប៉ុន្ដែខ្ញុំចាំបានថា ព្រោះតែម៉ែខ្ញុំប្រឹងធ្វើការងារ រកចំណូល ភ្លាត់មានបញ្ហាដួលអំឡុងពេលមានផ្ទៃពោះ អកុសលនោះ នៅទីនេះមិនមានមន្ទីរពេទ្យ យើងត្រូវធ្វើដំណើរឆ្ងាយឡើងមកទីក្រុងដើម្បីពិនិត្យព្យាបាល ទើបធ្វើឱ្យខ្ញុំបាត់បង់ប្អូនស្រី…”

ខ្ញុំសម្រួលអារម្មណ៍ខូចចិត្តរបស់ខ្លួនឯងបន្ដិច រួចពោលរៀបរាប់បន្ដប្រាប់ដល់ជនចំណូលថ្មីដូចគេបន្ថែមទៀត៖

“ឯងមានបានចាប់អារម្មណ៍ទេ នៅទីនេះភាគច្រើន សម្បូរទៅដោយអ៊ំពូមីងចាស់ៗ មិនសូវមានបុរសស្ដ្រីពេញកម្លាំងរស់នៅទីនេះទេ ព្រោះតែពួកគាត់ធ្វើការចំណាកស្រុក រកការងារនៅបណ្ដាខេត្តដទៃទៀត ហើយពិតណាស់គាត់កម្រនិងត្រលប់មករស់នៅទីនេះវិញណាស់…តើនរណាមួយចង់បែកព្រាត់ពីគ្រួសារ រស់នៅឆ្ងាយពីគ្នានោះ ប៉ុន្ដែព្រោះតែក្រពះ លុយទើបយើងត្រូវបង្ខំចិត្ត! ខ្ញុំធ្លាប់មានក្ដីស្រមៃមួយ ចង់អភិវឌ្ឍទីនេះឱ្យក្លាយជាតំបន់ទេសចរណ៍ មានចំណូលប្រចាំខែអាចផ្គត់ផ្គង់ខ្លួនឯងបានដោយមិនចាំបាច់ត្រូវរកការងារនៅឆ្ងាយពីផ្ទះទៀត ដោយគ្រួសារនីមួយៗអាចរស់នៅដោយប្រកបមុខរបរពីវិស័យទេសចរណ៍នេះបាន…លោកឃើញទេ នៅទីនេះគឺមានទឹក ដីព្រៃឈើធម្មជាតិ ខ្យល់ក៏បរិសុទ្ធ ប្រជាជនរស់នៅទីនេះ ក៏សុទ្ធតែជាមនុស្សល្អមានទឹកចិត្ត អ្វីដែលយើងខ្វះគឺធនធានមនុស្ស! ខ្ញុំរៀនពូកែ ខ្ញុំបានសញ្ញាប័ត្រ ខ្ញុំនឹងយកចំណេះដែលខ្លួនមានមកប្រើឱ្យមានប្រយោជន៍នៅទីនេះ…លោកគិតថា វាល្អទេ?”

“វ៉ាវ…ខ្ញុំមិនគិតថានាងមានទស្សនៈគំនិតវែងឆ្ងាយជួយជាតិ ជួយអ្នកដទៃច្រើនខ្លាំងបែបនេះសោះ! ខ្ញុំជូនពរនាងឱ្យបានសម្រេចដូចបំណងណ៎ា”

“អរគុណហើយ…ខ្ញុំប្រាប់ឯងពីក្ដីសុបិនអនាគតរបស់ខ្ញុំហើយ ចុះរ៉ាឌី សុបិនរបស់ឯងជាអ្វីទៅ?”

“សុបិនរបស់ខ្ញុំ…ខ្ញុំមិនប្រាកដទេ! តែអ្វីដែលខ្ញុំអាចប្រាប់នាងបាន អ្វីដែលខ្ញុំចង់បានត្រូវការពេលនេះ គឺភាពស្ងប់ស្ងាត់ ដូចពេលនេះអ៊ីចឹង! ខ្ញុំចូលចិត្តបរិយាកាសពេលនៅទីនេះ”

ឮគេនិយាយបែបនេះ ខ្ញុំសប្បាយចិត្តដោយមិនដឹងខ្លួន ប្រហែលរឿងដែលខ្ញុំយល់ច្រឡំមួយនោះវាមិនអាក្រក់ណាស់ណាទេ…វាជារឿងអាម៉ាស់ ប៉ុន្ដែខ្ញុំបានស្គាល់គេ បាននិយាយជាមួយគេបានច្រើនជាងអ្វីដែលធ្លាប់គិត! រឿងខ្លះវាមិនអាក្រក់ទាំងស្រុងទេ គឺផ្អែកលើផ្នែកមួយណាដែលយើងសម្លឹងមើលវា!

ខ្ញុំបន្ធូរអារម្មណ៍ខ្លួនឯង ហើយក៏ទម្រេតខ្លួនដេក សម្លឹងទៅមើលផ្ទៃមេឃខៀវស្រងាត់ ក្រោមម្លប់ដើមជ្រៃ ក្បែរកាយក្រាស់របស់ខ្លួន…ឡាក់គីសណ្ដូកខ្លួនដេកនៅកណ្ដាលរវាងយើង!

“ម៉ែវ!!!ម៉ែវ”

ពេលវេលារំកិលទៅមុខលឿនណាស់ ថ្ងៃប្រលងបញ្ជប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក៏បានកន្លងហួស រង់ចាំតែចាំស្ដាប់លទ្ធផលតែប៉ុណ្ណោះ។ ខ្ញុំក៏ដូចគ្នា សង្ឃឹមថាគ្រប់យ៉ាងវានឹងល្អដូចការរំពឹង ខ្ញុំអាចទទួលបានឱកាសបន្ដការសិក្សាបរិញ្ញាបត្រស្ថាបត្យកម្មនិងនគរូបនីយកម្មសិក្សានៅសាកលវិទ្យាល័យមួយនៅឯទីក្រុងភ្នំពេញ។

នៅក្រោមម្លប់ដើមជ្រៃ ទីធ្លាដែលខ្ញុំនិងគេណាត់ចួប….

“ឌី យ៉ាងម៉េចហើយរឿងប្រលងនោះ សង្ឃឹមទេ?”

“អ៊ឹម មិនអីទេ ប្រហែលជាជាប់ គ្រាន់តែមិនបាននិទ្ទេសល្អដូច រីយ៉ា” គេនិយាយដោយប្រើទឹកមុខហាក់ដូចជានិយាយលេង ប៉ុន្តែគាត់មើលទៅពិតជាស្មោះត្រង់និងពាក្យដែលគាត់កំពុងនិយាយមែន

អូហ៍? ភ្លេចប្រាប់រវាងសម្ព័ន្ធរបស់ខ្ញុំនិងគេ គឺមានភាពល្អច្រើន…គ្រាន់តែគេនៅចាត់ទុកខ្ញុំត្រឹមតែជាមិត្តភក្ដិល្អ រីឯខ្ញុំនៅតែលួចក្រាស់ស្រលាញ់គេម្នាក់ឯង មិនហ៊ានប្រាប់ទៅកាន់គេរហូតហ្នឹង!

“ឌី ខ្ញុំមិនដឹងយ៉ាងម៉េចដែរហ្នឹង ឌីក៏ដឹងខ្ញុំ​រៀនភាសាបរទេស​មិន​បាន​ល្អទេ…​គ្មាន​អ្វី​ត្រូវ​និយាយ​ទេ វិញ្ញាសារអង់គ្លេសហ្នឹង ខ្ញុំគូសចម្លើយព្រាវស្មាន ពឹងលើសំណាងទាំងអស់ហ្នុង” ខ្ញុំ​និយាយ​ ហើយ​ឌីឮហើយក៏​សើច​ជាមួយ​ខ្ញុំដែរ…ព្រោះគេដឹងថា ខ្ញុំខ្សោយភាសាបរទេសនេះយ៉ាងណា…គេនៅចាំបានថា គេធ្លាប់និយាយលេងជាមួយខ្ញុំពីរឿងនេះ!

“រីយ៉ា នាងនៅចាំពាក្យដែលខ្ញុំធ្លាប់សួរនាងនោះទេ?”

“ខ្ញុំ…ខ្ញុំ? មិនយល់ពីឯង…និយាយទេ” ខ្ញុំស្ទាក់ស្ទើរមួយសន្ទុះ ប៉ុន្តែនៅតែបដិសេធធ្វើជាមិនដឹងថា គេកំពុងរំឮកពីរឿងអ្វី?

“I Love U”  

ទៀតហើយ ពាក្យហ្នឹងតែម្ដង…ខ្ញុំនៅចាំបានថា កាលដំបូងដែលខ្ញុំបានឮពាក្យនេះ ខ្ញុំសូន្យតែម្ដងបើរំឮកពីភាសាបរទេស អង់គ្លេសបារាំងនោះ តែអាឃ្លាមួយនេះ ដែលគេពោលមកហ្នឹង វាធ្វើឱ្យចិត្តខ្ញុំច្របូកច្របល់…វាមានសូសៀងស្រដៀងៗម៉េចមិនដឹង។ ខ្ញុំដេកមិនលក់ជាច្រើនយប់ ព្រោះរវល់ត្រិះរិះរក នឹកចម្លើយអត្ថន័យវា…ច្បាស់ណាស់ វាស្រដៀងប្រហែលៗពេក…អាយលើបយូ…អាយ..ខ្ញុំ…លើប…ស្រលាញ់!!! ខ្ញុំស្រលាញ់…

ហ្អាស់??? អួយ៍? អៀនណាស់!

ប៉ុន្ដែខ្ញុំមិនរំភើបជាមួយវាទេ ព្រោះគិតថា វាគ្រាន់តែជាការលេងសើចរបស់គេ…គេមិនប្រាកដក្នុងការប្រើពាក្យនេះជាមួយខ្ញុំទេ…គេចាត់ទុកខ្ញុំត្រឹមតែជាមិត្តម្នាក់ប៉ុណ្ណោះ!

“ពិតឬ? I love you, you don’t know?” គេនិយាយរួច ស្ទុះសំណើចយ៉ាងខ្លាំង

ឃើញទេ? គេលេងសើចជាមួយខ្ញុំទៀតហើយ…ប៉ុន្ដែហេតុអ្វីខ្ញុំមិនខឹងនិងគេសោះ ខ្ញុំឃើញស្នាមញញិមគេ ប្រៀបដូចជាក្ដីសុខរបស់ខ្ញុំដែរ…ស្រលាញ់គេតែម្ខាង អារម្មណ៍បែបនេះឬ?

“​ហេ្អស៍ ខ្ញុំដឹងខ្លួនឯងថា ខ្ញុំរស់នៅក្នុងស្រុកស្រែជនបទ មិនមែនរស់នៅទីក្រុងដូច ឌី ឯង! ឆឺស…និយាយភាសាជនជាតិដាក់ទៅវិញឥឡូវហើយ មិនចង់អួតទេ ឌីចេះភាសាអាគាំង ខ្ញុំនេះក៏ចេះភាសាសាសន៍យើងមិនតិច៣ដែរ…ព្នង កួយ ចាម មួយស្មើឬ?” ខ្ញុំក្លែងធ្វើពិតជាខឹងនិងគេ តែប្រាប់តាមត្រង់ឱ្យតែនឹកដល់វា​ មុខខ្ញុំក្រហមអៀនពេញផ្ទៃមុខតែម្ដង!

«​វីរីយ៉ា នេះខឹងនិងខ្ញុំដល់ថ្នាក់មុខឡើងក្រហមដូចប៉េងបោះទុំបែបនេះផងឬ? សូមទោសណា៎…ខ្ញុំមិនគិតថា រឿងមួយនេះ ពិតជាធ្វើឱ្យនាងខឹងនិងខ្ញុំពិតមែន!»

…ទេ! ខ្ញុំមិនមែនខឹងនិង ឌី ឯងឯណា ខ្ញុំអៀនឌីឯងសោះហ្នឹង! ប្រុសឆ្កួត ស្រីណាមិនអៀនទៅ បើត្រូវក្រាស់ លេងសើចមកសារភាពប្រាប់ថាស្រលាញ់បែបនេះដែរ ហុហុ…ទោះបីជាដឹងថាជារឿងកុហកលេងសើច ក៏វាមានក្ដីសុខម្យ៉ាងដែរ

ខ្ញុំគិតក្នុងចិត្តមិនហ៊ានឆ្លើយប្រាប់ត្រង់ៗទៅគេនោះទេ..រវាងខ្ញុំនិងគេបែបនេះ ក៏ល្អម្យ៉ាងដែរ។ ឃើញខ្ញុំស្ងៀមបែបនេះ អ្នកម្ខាងទៀតក៏ប្រញាប់ឧទានបន្ដបន្ថែម

“​វីរីយ៉ា ការពិតឃ្លាមួយហ្នឹងមិនសំខាន់ទេ នាងមិនចាំបាច់រៀនក៏បានដែរ ពាក្យហ្នុង ព្រោះឃ្លាមួយនេះ នាងមិនចាំបាច់យកទៅប្រើនៅឯណាឬជាមួយអ្នកផ្សេងទៀតឡើយ! ប្រើបានតែជាមួយខ្ញុំម្នាក់ប៉ុណ្ណោះ តែបើចង់ដឹងពីអត្ថន័យរបស់វានោះ…ខ្ញុំអាចបង្រៀនភាសាអង់គ្លេសបន្ថែមជាពិសេសដល់នាងបាន ចង់រៀនជាមួយខ្ញុំទេ?”

“​អ្ហូហ៍ ថីឃ្លាហ្នឹងពិសេសដល់ថ្នាក់ហ្នឹង? តែនេះវាល្អដល់ម្ល៉ឹងឬ ដែលឌី គិតចង់មកបង្រៀនខ្ញុំហ្នឹង…ទេ ខ្ញុំមិនចាប់អារម្មណ៍ភាសាសាសន៍គេដទៃទេ…រស់លើដែនដីខ្មែរ ចេះតែភាសាជាតិយើងគឺ ខ្ញុំរស់នៅបានសុខស្រណុកស្រួលហើយ មិនបាច់អីទៅត្រូវចំណាយពេលវេលាទៅរៀនភាសាអាគាំងហ្នឹងឡើយ!”

ឮខ្ញុំឆ្លើយខឹងប្រាប់គេបែបនេះ ឌីស្រាប់តែដើរមកជិតខ្ញុំរួចទាញខ្ញុំទៅក្បែរគេ លួចខ្សឹបក្បែរគុម្ពត្រចៀកតិចៗ…

គ្រាន់តែឮពាក្យនោះរួច បេះដូងខ្ញុំលោតញ័រស្ទើរតែលោតចេញមកខាងក្រៅ សំឡេងទូងស្គរក្ដាំងក្ដុងពីចង្វាក់ សំឡេងបេះដូងខ្លួនឯង ព្រោះតែសូរស័ព្ទរណ្ដំជាមួយសំឡេងរបស់គេក្រអួនអម្បាញ់មិញ លាន់ឮសូរពេញត្រចៀក រំញោចដល់ខួរក្បាលព្រោះតែសំនួនឃ្លាដែលគេប្រាប់ខ្ញុំថា…

ខ្ញុំគិតថា ខ្ញុំស្រលាញ់នាង។

 ខ្ញុំ​​ងើប​ក្បាល សម្លឹងទៅរកអ្នកម្ខាងទៀត ប៉ុន្ដែស្រាប់តែមិនឃើញស្រមោលរបស់រ៉ាឌី មិនដឹងគេបាត់ទៅណា…នេះខ្ញុំស្រឡាំងកាំងឈរនៅទីនេះយូរដល់ម្ល៉ឹងឬ? ហើយចុះគេម៉េចបានជាបាត់ស្រមោលរហ័សលឿនដូចនិនចារបែបនេះ…ឬក៏លើកនេះ ខ្ញុំខ្លួនឯងយល់ស្ដាប់ច្រឡំជាថ្មីទៀតហើយ? ខ្ញុំវង្វេងអស់ហើយ ឌី ឯងទៅណា ប្រញាប់មកស្រាយចម្ងល់បញ្ហាបេះដូងមួយនេះឱ្យខ្ញុំផង?

មិនបង្អង់យូរ ខ្ញុំក៏ប្រញាប់ប្រញាល់ដើរទៅរកមើលស្រមោលម្ចាស់ចំណង ស្រាប់តែខ្ញុំប្រទះឃើញគេនៅមុខផ្ទះដែលគេនៅ ដែលពេលនោះមានរថយន្ដមួយចតនៅមុខរួចជាស្រេចជាមួយនិងវ៉ាលីតូចធំ កញ្ចប់អីវ៉ាន់ជាច្រើនប្រមូលរៀបចំដាក់នៅក្រោយកាប៊ីនគូទខាងក្រោយឡាន…

“ឌី ឯង….” ខ្ញុំនិយាយអួលដើមក

“ហេតុអ្វីឯង​នៅ​ទីនេះ!”  

ខ្ញុំ​រត់​ទៅ​រក​គាត់​ទាំង​ភ្ញាក់​ផ្អើល ចាប់​ជាយអាវរបស់គេ កន្ត្រាក់ៗ ហាក់មិនចង់ឱ្យគេទៅណា…អ្នកផ្សេងនៅទីនេះ គេសម្លឹងមើលមកកាន់ខ្ញុំទាំងចម្លែកចិត្ត

“រីយ៉ា ខ្ញុំត្រូវត្រលប់ទៅវិញហើយ…សូមទោស”

“ហេតុអ្វី ឯងមិនប្រាប់ខ្ញុំសោះអ៊ីចឹង? ចួបខ្ញុំអម្បាញ់មិញ ហេតុអ្វីឯងមិនពោលពាក្យលា មិនប្រាប់អ្វីសោះបែបនេះ…ឬមួយឯងមិនគិតពីខ្ញុំបន្ដិចសោះឬ?”

“រីយ៉ា សូមទោស…ខ្ញុំមិនចង់ឃើញទឹកភ្នែកនាងហូរស្រក់ចុះមកទេ…ខ្ញុំចង់ឱ្យនាងញញិមជានិច្ច! មុនពេលខ្ញុំចាកចេញ ខ្ញុំចង់ឃើញស្នាមញញិមរបស់រីយ៉ា…តើខ្ញុំប៉ុណ្ណឹងបានទេ?”

គេចង់ឃើញស្នាមញញិមរបស់ខ្ញុំ? ចុះពាក្យដែលគេថា​គេស្រលាញ់ខ្ញុំ វាសាងឡើងព្រោះតែចង់បានស្នាមញញិមមួយនេះទេឬ? វាជាការកុហក…

“ឌី ឯងនឹងត្រលប់មកទីនេះវិញទេ?”

“…” គេនៅស្ងៀម មិនតបនិងខ្ញុំ ប៉ុន្ដែទឹកមុខរបស់គេ កែវភ្នែកដែលគេសម្លឹងមើលខ្ញុំ ចម្លើយគេឱ្យរួចជាស្រេចហើយ…គេនឹងមិនមកទីនេះទៀតឡើយ!

“ឌី ខ្ញុំនឹងទៅរកឯង​! តើឯងនឹងរង់ចាំខ្ញុំទេ?”

“ខ្ញុំនឹងរង់ចាំនាង…ចួបគ្នាម្ដងទៀតណា រីយ៉ា”

គេនិយាយរួច គេក៏ឡើងឡានបាត់ទៅ…ខ្ញុំឈរមើលរថយន្ដរបស់គេបរចេញទៅដោយទឹកមុខក្រៀមក្រំបំផុត…

ទឺតៗទឺត! សំឡេងសារទូរសព្ទណូគាក្បាលត្រីអណ្ដែងក្នុងហោរប៉ៅខ្ញុំបន្លឺសូរឡើង…ខ្ញុំទាញវាយកមកមើល រួចអានសារ…

សារខ្លីៗ តែធ្វើឱ្យខ្ញុំញញិមបានដោយមិនដឹងខ្លួន

To Variya, I love you. I said from my heart. Rady

បច្ចុប្បន្ន

“ប្អូនរីយ៉ា នេះអង្គុយលន្លង់លន្លោចទៀតហើយឬ? ឃើញបែបនេះ នឹកឃើញរឿងសរសេរថ្មីហើយឬនៅ បងនេះទន្ទឹងរង់ចាំស្នាដៃថ្មីរបស់ប្អូនស្រីណា…គាំទ្រពេញទំហឹងតែម្ដង!”

“អរគុណបងហើយ ឮបងនិយាយបែបនេះ ខ្ញុំមានកម្លាំងប្រឹប…បងវិសាល លែងរវល់ហើយមែនទេ?”

“បាទ ភ្ញៀវរាងល្វើយវិញហើយក្នុងហាង! បងមិនរំខានប្អូន ធ្វើការងារទេឬ?”

“ចាស៎ បងមិនរំខានទេ! ខ្ញុំគ្រាន់តែនឹកឃើញរឿងចាស់ៗរបស់ខ្លួនឯងកាលពីក្មេងៗ ហើយអានសៀវភៅតូចមួយនេះហ្នឹង តែតិចទៀតគឺចប់ហើយ!”

“អូហ៍? «ទម្រាំក្លាយជាអ្នកនិពន្ធ» សៀវភៅមួយនេះល្អណាស់ ជាពិសេសសម្រាប់ប្អូនជាអ្នកនិពន្ធស្រាប់តែម្ដង! និយាយដោយត្រង់ បងក៏ស្រលាញ់ខាងតែងនិពន្ធដែរ ប៉ុន្ដែគ្រាន់តែចំណង់ចំណូលចិត្ត និងទេពកោសល្យសរសេរ វាដាច់ឆ្ងាយគ្នាខ្លាំងពេក ទើបចុងក្រោយបានត្រឹមតែធ្វើជាអ្នកអានវិញ រួចបងបើកហាងកាហ្វេតូចមួយសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅខ្លួនឯង។”​

“មានអីបង ខ្ញុំគិតថាល្អតើ! បើខ្ញុំចាស់ទៅ ខ្ញុំក៏ចង់មានជីវិត រស់នៅបែបនេះដូចបងដែរ…”

“អ្ហៈ…នេះលួចជេរបង ថាបងចាស់ឬ?”

“ហិហិ បងវិសាលនេះ ឯណាចាស់ទៅ មើលតែភ្ញៀវចូលហាងបង សុទ្ធតែក្មេងស្រីយុវវ័យជំទង់ ដឹងហើយថាបងនៅក្មេងហើយសង្ហាខ្លាំងប៉ុនណានោះ!”

“អូហ៍…និយាយបែបហ្នឹងអី ថ្លៃកាហ្វេមួយពែងនេះបងហ្វ្រីជូនតែម្ដង!”

“អរគុណ​ បងវិសាល ទាំងសង្ហាទាំងចិត្តល្អ”          

“បានហើយៗ កុំសម្ដីផ្អែមពេក! លើកទីមួយហើយដែលបងចួបអ្នកនិពន្ធសម្ដីផ្អែមដូចជាប្អូនហ្នឹង…បងធ្លាប់គិតថាអ្នកប្រលូកក្នុងវិស័យតែងនិពន្ធមួយនេះ ច្រើនតែជាមនុស្សរស់នៅសំងំក្នុងបន្ទប់តែឯងតើ”

“ហិហិ…បងនេះ ខ្ញុំសម្ដីផ្អែមតែជាមួយអ្នកដែលខ្ញុំរាប់អានតែប៉ុណ្ណោះទេតើ មិនមែនគ្រប់គ្នាឯណា!”

“អ៊ីចឹងបងជាអ្នកពិសេសសម្រាប់ប្អូនរីយ៉ា?”

“ពិតណាស់ បងវិសាល ជាម្ចាស់ហាងកាហ្វេសំណព្វចិត្តរបស់ខ្ញុំ”

“ឋានៈបងបានត្រឹមតែប៉ុណ្ណឹងទេឬ? នេះសង្ស័យបេះដូងមានតែឌីរ៉ា តួអង្គប្រុសរឿងរបស់រីយ៉ាហើយមើលទៅ?”

“…” ខ្ញុំនៅស្ងៀម ស្ដាប់គាត់និយាយបន្ដ

“តែនេះបងពិតជាចង់អានរឿងថ្មីរបស់ប្អូនណាស់ បងបានអានរួចហើយ​ ល្អអាន ប៉ុន្ដែសាច់រឿងបញ្ចប់របស់អូនសរសេរចុងក្រោយគឺវាចប់បែបsuspend ខ្លាំងពេកហើយ… ឌីរ៉ា ខាងតួឯកប្រុស ធ្វើដំណើរចាកចេញទៅបាត់ បន្សល់ត្រឹមតែសារ សារភាព«បងស្រលាញ់អូន»ប្រាប់ទៅ ទេវី តួអង្គស្រី បន្សល់ទុកត្រឹមតែ បែបនេះឬ? នេះប្រាប់តាមត្រង់ រីយ៉ា បងអានភាគចុងក្រោយនោះរួចហើយ ចង់តែណាត់អ្នកនិពន្ធមកផឹកទឹកតែនិយាយមើលមុខគ្នាដោះស្រាយតែម្ដង ហើយនេះបើអ្នកអានដទៃទៀត បើដឹងថារឿងដែលគេខំតាមដានជក់ខ្លាំង ចុងក្រោយបែរបញ្ចប់បែបនេះនោះ គេមិនស្ទះទ្រូងស្លាប់ជាមិនខានឬ?

“បង នោះខ្ញុំសរសេរបែបស៊េរី មិនទាន់ចប់ទាំងស្រុងឯណាបង…”

“តែយ៉ាងណាអូន ក៏ជួយសរសេរបន្ថែមប៉ុន្មានភាគទៀតល្អទេ? ទោះបីមិនសរសេរឱ្យចួប ក៏អាចជួយបន្ថែមពីសាច់រឿងក្រោយពីគេទាំងពីរបែកគ្នាបានទេ? ឬក៏អាចប្រាប់ពីមូលហេតុ ហេតុអី្វបានជា ឌីរ៉ា ត្រូវចាកចេញពីទីនោះ បែកពីទេវី ភ្លាមៗបែបនេះអ៊ីចឹង? វាបន្សល់ភាពសង្ស័យ ចំណុចបញ្ហាច្រើនពេកហើយ…បងសុំសួរទៅចុះ ចុងក្រោយគេចួបគ្នាទេ?

“បងចង់ដឹងពិតមែនឬ?”

“ប្រាកដណាស់ បងចង់ដឹង!”

“បើអ៊ីចឹងខ្ញុំប្រាប់…ចុងក្រោយ គេទាំងពីរនោះ…ខ្ញុំក៏មិនដឹងដែរ”

“រីយ៉ា ប្អូនឯងនេះលេងសើចនិងបងណាស់! បានហើយ ឈប់រំខានប្អូនទៀតហើយ បងទៅមើលភ្ញៀវដទៃរបស់បងទៀតសិនហើយ…កុំភ្លេចណា រឿងភាគក្រោយ ត្រូវតែឱ្យបងអានមុនគេ! ចង់ដឹងណាស់រវាងឌីរ៉ា និងទេវី ចុងក្រោយគេនឹងក្លាយជាបែបណា?”

“ចាស៎ បង”

 រ៉ាឌី ឬឌីរ៉ា តួអង្គប្រុសសំខាន់របស់ខ្ញុំ ពេលនេះតើគេនៅឯណា? ពេលខ្លះ ខ្ញុំមិនដឹងថាសាច់រឿងរបស់យើងគួរបញ្ចប់វាបែបណាទេ? ខ្ញុំប្រៀបដូចជាផ្កាឈូករ័ត្ន ដែលតែងតែព្យាយាមងើយទៅរកព្រះអាទិត្យរង់ចាំក្រោមពន្លឺរបស់ព្រះអាទិត្យ តែព្រះអាទិញវិញ រក្សាខ្លួនរះបណ្ដែតនៅលើអាកាស ដែលគ្មានថ្ងៃនិងបន្ទាបកាយមកនៅក្បែរដើមផ្កាឈូកមួយនេះឡើយ។

ខ្ញុំដឹងរយៈពេល១០ឆ្នាំ វាយូរច្រើនពេកដែលខ្ញុំគ្មានបានទទួលដំណឹងអ្វីពីគេសោះ សៀវភៅរឿងនិពន្ធដែលខ្ញុំបានតាក់តែងសរសេរពីរឿងរបស់យើងទាំងពីរ អាចមានឱកាសបានស្ថិតនៅក្នុងដៃគេបានអានឬអត់ ក៏ខ្ញុំមិនដឹង…

មនុស្សប្រុសប៉ុន្មាននាក់ កាន់អានសៀវភៅប្រលោមលោកនោះ? មាននរណាដឹង អាចប្រាប់ខ្ញុំបានទេ?

សម្រាប់ខ្ញុំរឿងរបស់យើងទាំងពីរ គេជាអនុស្សាវរីយ៍ដ៏ល្អមួយ ជាផ្នែកសុភមង្គលមួយនៃជីវិតខ្ញុំ ទោះបីវាលាយឡំជាមួយទឹកភ្នែក ភាពទន់ជ្រាយ និងអស់សង្ឃឹម តែខ្ញុំមិនសោកស្ដាយ និងបោះបង់វាទេ… មិនខុសពីការតែងនិពន្ធ ទោះបីខ្ញុំមិនអាចរកចំណូលចិញ្ចឹមក្រពះពីវាបាន ប៉ុន្ដែនិពន្ធដើម្បីបង្កើនក្ដីស្រលាញ់ ខ្ញុំនឹងតស៊ូចុងក្រោយជាមួយវា ដរាបណាខ្ញុំដឹងថា មានគេត្រូវការអានសាច់រឿងរបស់ខ្ញុំ

…ចុងក្រោយ តើ រវាងខ្ញុំនិងគេ នឹងអាចចួបគ្នាជាថ្មីម្ដងទៀតឬអត់ នរណាអាចប្រាប់បាននោះ?

ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*