រឿង៖ ផ្សងស្នេហ៍ក្បែរដែនសីមា (ភាគបញ្ចប់)

ស្អែកឡើង…

ស្នូរជួងបន្លឺហៅក្រុមឧទ្យានុរក្សទាំងអស់ឱ្យប្រញាប់ចេញមកជុំគ្នានៅក្នុងបន្ទប់ប្រជុំ ក្រោយពីអាហារពេលល្ងាចរួចរាល់។

សុនេត្រអង្គុយនៅកៅអីខាងដើមតុជិតអរុណនិយាយ ក្រោយពេលឃើញសមាជិកក្រុមទាំងអស់មកដល់៖

“ជុំគ្នាហើយមែនទេ? មុននេះបន្តិចខ្ញុំបានទទួលព័ត៌មានថា ក្រុមដែលចេញកាប់ឈើថ្ងៃមុននោះនឹងចាប់ផ្ដើមធ្វើសកម្មភាពម្ដងទៀតនៅយប់នេះ!”

“ច្បាស់ទេសុនេត្រដែលថាដំណឹងនេះជាការពិត?” បុរសឧទ្យានុរក្សម្នាក់ដែលមានវ័យចំណាស់ជាងគេសួរដោយទឹកមុខធុញទ្រាន់។

“ឬមួយពូស៊ីណាគិតថាខ្ញុំនិយាយកុហក?”

“យើងគ្មានន័យបែបហ្នឹងទេ! តែមិនដែលឃើញឯងទទួលព័ត៌មានម្ដងណា ហើយធ្វើការបានសម្រេចសោះ … បើថាមិនកើតទេឱ្យអ្នកដទៃដែលមានសមត្ថភាពគេធ្វើម្ដងទៅ!”​

សុនេត្រសើចមួយឃឹកហួសចិត្ត ធ្វើឱ្យបុរសដែលមានវ័យចាស់ជាងងាកទៅសម្លឹង៖

“ដូចពូថាមែន! ប្រហែលជាមកពីខ្ញុំគ្មានសមត្ថភាពហើយ… តែពូកុំភ័យ! ម្ដងនេះខ្ញុំធានាថាកិច្ចការរបស់យើងពិតជាបានជោគជ័យ ព្រោះការចេញប្រតិបត្តិការម្ដងនេះ គឺលោកបង អរុណ ជាអ្នកដឹកនាំ!”

គ្រប់គ្នាងាកទៅមើលអរុណដែលអង្គុយស្ងប់ស្ងៀមយូរហើយ។

“ឱ្យប្រាកដទៅថាធ្វើការលើកនេះបានសម្រេច… បើសិនជាបរាជ័យម្ដងទៀត ខ្ញុំនឹងសើចឱ្យជ្រុះធ្មេញតែម្ដង ហើយពេលនោះឯងក៏គួរតែដឹងពីសមត្ថភាពរបស់ខ្លួនឯងហើយ ហ៊ឹសៗ!!”

ពូស៊ីណាសើចគ្រហ៊ឹមក្នុងបំពង់ក ធ្វើឱ្យអរុណដែលស្ងាត់មាត់សំងំចាំស្ដាប់យូរហើយនោះ បញ្ចេញយោបល់ដើម្បីសម្រួលស្ថានការណ៍កុំឱ្យតានតឹងពេក។

“ក្នុងនាមជាមន្ត្រីឧទ្យានុរក្ស ទាំងអស់គ្នាត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងបុព្វហេតុកិច្ចគាំពារ​បរិស្ថាន និងការអភិរក្សធនធានធម្មជាតិ! ការងារនេះមិនងាយស្រួលទេ តែវាក៏មិនពិបាករហូតដល់ថ្នាក់ធ្វើអ្វីមិនកើតនោះដែរឱ្យតែ ពួកយើងត្រូវមានសាមគ្គីគ្នា និងមានភាពស្មោះត្រង់ទៅវិញទៅមក!”

អរុណរេភ្នែកមើលទៅគ្រប់គ្នាដែលអង្គុយផ្ទៀងចាំស្ដាប់ រួចបន្ត៖

“ខ្ញុំដឹងថាបរាជ័យប៉ុន្មានដងមកនេះ ធ្វើឱ្យគ្រប់គ្នាបាក់ស្បាត និងមានអារម្មណ៍មិនល្អ… តែពេលនេះមិនមែនជាពេលដែលយើងត្រូវមើលបំណាំគ្នាទេ! វាគឺជាពេលដែលយើងត្រូវប្រកៀកស្មាគ្នាកំចាត់សត្រូវដែលនៅនឹងមុខយើងជាមុនសិន!”

ពូស៊ីណាហាក់ដូចជាដឹងថាខ្លួននិយាយរាងជ្រុលមាត់បន្តិច ទើបទម្លាក់ចោលទឹកមុខក្រអឺតមុននេះ ហើយបន្ទន់សម្ដីសួរអរុណ៖

“ចុះយប់នេះយើងគិតមានផែនការយ៉ាងម៉េចវិញ?”

អង្គប្រជុំទាំងមូលស្ងប់ស្ងាត់ម្ដងទៀត ទុកពេលឱ្យអរុណរៀបរាប់ពីផែនការដែលត្រូវធ្វើបន្ត។ ភ្លាមៗនោះសុនេត្រស្រាប់តែធ្វើមុខជូរហួញ ហើយយកដៃទាំងពីរទៅក្ដោបក្បាល។

“សុនេត្រ! ឯងកើតអី?” អរុណសួរដោយបារម្ភ។

“សុខៗក្បាលរបស់ខ្ញុំស្រាប់តែឈឺ! តែមិនអីទេ…លេបថ្នាំរួចប្រាកដជាលែងអីហើយ!”

“មើលទៅមុខរបស់ឯងឡើងស្លាំងអស់ហើយ… បើថាមិនកើតទេក៏សម្រាកទៅ ប្រតិបត្តិការលើកនេះទុកឱ្យពួកយើងធ្វើបានហើយ!” ពូស៊ីណានិយាយរបៀបលេងផងមែនផង ធ្វើឱ្យគ្រប់គ្នាបែរមកមើលគាត់។

ដោយមិនចង់ឱ្យគ្រប់គ្នាមើលមកគាត់ជាតួអាក្រក់ពេក ទើបគាត់ពោលបន្ត៖

“ព្រោះយើងខ្លាចថាឯងឈឺកាន់តែខ្លាំងពេលទៅដល់ក្នុងព្រៃ នោះវានឹងរឹតតែពិបាក ហើយនាំទុក្ខដល់ទាំងអស់គ្នានោះអី! តែបើឯងមានះចង់ទៅយើងក៏គ្មានយោបល់អ្វីដែរ ព្រោះយ៉ាងណាក៏យើងមិនមែនជាអ្នកដឹកនាំប្រតិបត្តិការលើកនេះស្រាប់ហើយ!”

អរុណងក់ក្បាលយល់ស្រប៖

“មែនហើយសុនេត្រ! នៅទីនេះហោចណាស់ក៏មានម៉ាល័យជួយមើលដែរ!”

សុនេត្រមើលមុខអរុណ ហើយដកដង្ហើមធំ៖

“ទទួលបញ្ជា!”

ទោះចង់ឬមិនចង់ដើម្បីកុំឱ្យខូចការធំ សុនេត្រមានតែទ្រាំទទួលបញ្ជារបស់អរុណ។ ប្រតិបត្តិការម្ដងនេះសំខាន់ខ្លាំងណាស់ ហើយអាចជាប្រតិបត្តិការធំបំផុតមិនធ្លាប់មានពីមុនមក ក្នុងការជួយសង្គ្រោះធនធានធម្មជាតិផង និងដើម្បីបោសសម្អាតសម្បុករបស់ពួកនាយទុនទុច្ចរិតផង ដូច្នេះនាយមិនអាចធ្វើឱ្យផែនការត្រូវរលាយខូចដោយសារខ្លួនទេ។

“ក្នុងនាមខ្ញុំជាអ្នកដឹកនាំប្រតិបត្តិការលើកនេះ ខ្ញុំសូមបញ្ជាអ្នកទាំងអស់គ្នា… យើងនឹងបំបែកក្រុមរបស់យើងជាពីរក្រុម… ពូស៊ីណា! ខ្ញុំដឹងថាពូមានសមត្ថភាពនិងភាពកា្លហាន ពូត្រូវដឹកនាំគ្នាយើងដប់នាក់ចេញទៅមុន ដើម្បីសម្រុកចូលចាប់ពួកជនល្មើសដោយផ្ទាល់!”

ពូស៊ីណាភ្ញាក់ផ្អើលបន្តិចព្រោះមិនស្មានថាអរុណឱ្យគាត់ធ្វើជាអ្នកនាំមុខក្នុងក្រុម តែក៏មិនភ្លេចពាក្យគំនាប់៖

“បាទទាន!”

អរុណបន្ត៖

“ចំណែកខ្ញុំនឹងនាំគ្នាយើងដែលនៅសល់ ពួនចាំនៅជុំវិញទីតាំងកាប់ឈើ ដើម្បីជួយជាកម្លាំងដល់ពូស៊ីណា និងស្ទាក់ចាប់ពួកជនល្មើសក្នុងពេលដែលពួកវាបែកហ្វូង!”

“បាទទាន!” សហការីទាំងអស់ស្រែកគំនាប់ទទួលបញ្ជា។

ពេលនោះស្រាប់តែពូស៊ីណាលើកដៃឡើងសុំបញ្ចេញយោបល់៖

“ខ្ញុំមានយោបល់! តាមសមត្ថភាពរបស់ខ្ញុំ គឺមិនត្រូវការគ្នាច្រើននោះទេ នាំតែទើសដៃទើសជើង… ខ្ញុំសុំតែអាបារាំងម្នាក់ដៃគូរបស់ខ្ញុំ ទុកគ្រាន់ជួយសម្រួលសរសៃឱ្យពេលខ្ញុំធ្វើការរួចរាល់ ប៉ុណ្ណឹងបានហើយ!”

ពូស៊ីណានិយាយទាំងអំនួត ថែមទាំងយកដៃទៅទះស្មាឧទ្យានុរក្សម្នាក់ទៀតមានវ័យស្របាលខ្លួន ដែលគាត់បានឧទ្ទេសនាមថាមានឈ្មោះ បារាំង អម្បាញ់មិញ។

អរុណហាក់មិនសូវប្រាកដក្នុងចិត្ត ព្រោះនាយពុំទាន់ស្គាល់មនុស្សនៅទីនោះអស់នៅឡើយទើបងាកទៅមើលសុនេត្រទំនងជាសុំយោបល់។ សុនេត្រក៏ងក់ក្បាលតិចៗតបមកមេបញ្ជាការវិញ។

“បាន!” អរុណតប “សម្រេចតាមហ្នឹងចុះ! ទោះបីជាការចុះបង្ក្រាបបទល្មើសលើកនេះវាសំខាន់ តែត្រូវចាំថាសុវត្ថិភាពរបស់អ្នកទាំងអស់គ្នាគឺសំខាន់ជាង… កុំភ្លេចថាអ្នកទាំងអស់គ្នាមានគ្រួសារដែលនៅចាំមើលផ្លូវនៅផ្ទះ! ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ ត្រូវប្រយ័ត្នប្រយែងខ្លួនឯងឱ្យបានខ្ពស់បំផុត!”

“បាទទាន!”

“បើអ៊ីចឹងអ្នកទាំងអស់គ្នាទៅរៀបចំខ្លួនចុះ យើងមានពេល១០នាទីមុនពេលចេញដំណើរ!”

អង្គប្រជុំបានបញ្ចប់ ពូស៊ីណា​ងាកទៅវាយចិញ្ចើមដាក់សុនេត្រ រួចកៀកកពូបារាំងចេញទៅក្រៅ។ ចំណែកអរុណនិងអ្នកឯទៀតក៏បំបែកគ្នាទៅរៀបចំប្រដាប់ប្រដាត្រៀមរៀងខ្លួន។

“អាបារាំងអើយ! អញទៅនោមបន្តិចអ្ហា៎ ជិតបែកផ្លោកហើយអាអ្ហើយ!”

“អើ!ទៅចុះ… អញទៅយកកាំភ្លើងចាំមុន!”

——-

“ថៅកែៗ!”

សំឡេងខ្សឹបៗដាក់អាយកូម បន្លឺចេញពីជ្រុងងងឹតមួយនៃបន្ទប់។

“ទទួលបាន! មានការអ្វី?” សំឡេងមនុស្សប្រុសចេញពីខ្សែម្ខាងទៀតឆ្លើយតប។

“ថ្ងៃនេះក្រុមរបស់លោកមានចេញប្រតិបត្តិការមែនដែរទេ?”

“ត្រូវហើយ! ម៉េចក៏ឯងដឹង?”

“មិនដឹងអានេត្របានដំណឹងពីណា ថាយប់នេះក្រុមរបស់ថៅកែដេតចុះកាប់ឈើ… មុនទើបតែប្រជុំរួច អ៊ីចឹងមិនយូរទេប្រហែលជាចុះទៅដល់ទីតាំងហើយ!”

“ចង្រៃយក៍! ប្រហែលជាមានជនបង្កប់នៅក្នុងនេះហើយ… ចាំយើងរកមើលថាតើអាណាមួយថ្លើមធំហ៊ានក្បត់នឹងយើង… វាប្រហែលជាលែងចង់រស់ហើយ!”

“បាទលោក! អ៊ីចឹងថ្ងៃនេះលោកឱ្យក្រុមសំងំលាក់ខ្លួនសិនទៅ រឿងខាងណេះទុកឱ្យខ្ញុំជាអ្នកចាត់ការ…!”

“យើងចេះដោះស្រាយហើយ… ចំណែកប្រាក់រង្វាន់ចាំយកពេលក្រោយចុះ!”

“បាទ! អរគុណហើយថៅកែ… សូមជម្រាបលា!”

ទឺត!

សំឡេងអាយកូមត្រូវបានកាត់ផ្ដាច់ រូបរាងរបស់ជនលាក់មុខដើរចេញពីជ្រុងងងឹត មកជាមួយនឹងស្នាមញញិមដែលពោរពេញទៅដោយពុតត្បុត។

——-

ស្បៃអ​ន្ធការចាប់ផ្ដើមមានជ័យជំនះលើព្រះអរុណម្ដងទៀត ចំណែកឯសត្វរត្តិចរចាប់ផ្ដើមចេញពីទ្រនំដើម្បីរកស៊ីតាមទម្លាប់។ នាយស៊ីណានិងនាយបារាំង ចាប់ចេញដំណើរទៅកាន់ទីកន្លែងដែលអរុណបានបញ្ជា ដោយមានពន្លឺពិលភ្លឹបភ្លែតដែលពាក់នៅលើក្បាលជួយបង្ហាញផ្លូវ។ លុះដើរអស់មួយសន្ទុះធំ ពូស៊ីណាចុចបិទភ្លើង ចំណែកនាយបារាំងក៏យកដៃទៅដោះពិលដែលនៅលើក្បាលយកមកកាន់ម្ដងដើម្បីងាយស្រួលបញ្ជាបិទបើក។

ពូស៊ីណាខ្សឹបទៅកាន់ភឿន៖

“ថ្មើរនេះហើយ ម៉េចក៏ស្ងាត់ម្ល៉េះវ៉ី មិនទាន់ឃើញពួកវាធ្វើសកម្មភាពទៀត?”

“សង្ស័យតែពួកវាខ្លាចអំណាចអ្ហែងហើយមើលទៅ បានជាវាមិនហ៊ានធ្វើសកម្មភាព!” បារាំងតបបញ្ជោរ។

“ហាហា… ឯងនិយាយលើកជើងអញពេកហើយ តែអញចូលចិត្តសម្ដីនេះ! ចាំដល់ពេលអញឡើងធ្វើជាប្រធានក្រុមទីនេះពេលណា អញនឹងឱ្យឯងធ្វើជាដៃស្ដាំរបស់អញ!”

“មានបានកុំភ្លេចអញវើយ! តែថានេះដូចជាស្ងាត់ចម្លែកមែន… តិចពួកយើងមកខុសកន្លែងទេដឹងអ្ហា៎?” នាយបារាំងសួរម្ដង។

“មិនខុសទេ! ត្រូវកន្លែងល្អណាស់ តែថាយប់នេះពួកវាមិនចេញធ្វើការទេ!”

“ម៉េចក៏ឯងដឹង?”

ពូស៊ីណាមិនតប គ្រាន់ញញិមលាក់គំនួចជំនួសចម្លើយ។ នាយបារាំងងាកបែរមកមើលពូស៊ីណា ស្រាប់តែ…

ផូស!

កំណាត់ឈើមួយដើមបញ្ជាដោយដៃពូស៊ីណា ហើរមកប៉ះចំកញ្ចឹងកនាយបារាំង ធ្វើឱ្យគេដេកសន្លប់ស្ដូកនៅនឹងកន្លែង។

——-

នៅក្នុងបន្ទប់ប្រជុំនៃកន្លែងរបស់ថៅកែដេត…

បុរសដែលមានវ័យជ្រេ មុខជ្រួញបន្តិចទៅហើយ ដើរចុះឡើងនៅពីមុខមនុស្សមួយក្រុមមានគ្នាប្រហែលជាជាងម្ភៃនាក់។ ចិញ្ចើមរបស់គាត់ចងសឹងតែតែដល់គ្នា ធ្វើឱ្យអ្នកដែលអង្គុយចាំស្ដាប់កោតខ្លាចពុំមាននរណាហ៊ានកម្រើកមាត់មួយម៉ាត់។

នាយដេតសម្លឹងមើលទៅកូនចៅរបស់ខ្លួនម្ដងម្នាក់ៗឆ្លាស់គ្នា រួចស្រែកសង្ខើញឡើង៖

“យើងសួរពួកឯង… រាល់ថ្ងៃនេះពួកឯងមានលុយចាយមានបាយស៊ីដោយសារនរណា?”

“ដោយសារថៅកែ!” កូនចៅទាំងអស់ស្រែកឡើងព្រមគ្នា។

“ចុះពេលពួកឯងមានទុក្ខធុរៈ លេងល្បែងស៊ីសងអស់ទ្រព្យសម្បត្តិ ជាប់គុកច្រវាក់ ប្រពន្ធកូន ម៉ែឪឈឺជា បាននរណាជាអ្នកជួយពួកឯង?”

“គឺថៅកែ!”

“អើ! ដឹងអ៊ីចឹងល្អហើយ! រាល់ថ្ងៃនេះពួកយើងគឺជិះទូកជាមួយគ្នា បើអញលិចពួកឯងក៏លិច បើអញអណ្ដែត ពួកឯងក៏រស់នៅបានសុខសប្បាយ មានលុយចាយពេញដៃ!”

“…” កូនចៅទាំងអស់នៅបន្តស្ងាត់ជ្រាប ពុំមាននរណាហ៊ានបញ្ចេញយោបល់អ្វីទាំងអស់។

“តែថ្ងៃនេះអញបានទទួលដំណឹងថានៅក្នុងក្រុមរបស់យើងនេះ មានជនបង្កប់របស់ពួកអាឧទ្យានុរក្សអស់នោះ ពួកឯងថាទៅមើល តើអញត្រូវធ្វើដូចម្ដេចចំពោះវានោះ?”

សំឡេងជជែកគ្នាអ៊ូអរនៅក្នុងក្រុមចាប់ផ្ដើមរំពងឡើង សមាជិកក្រុមងាកសម្លឹងមើលគ្នាទៅវិញទៅមក ខ្សឹបខ្សៀវដោយការសង្ស័យ។ រំពេចនោះស្រាប់តែមានបុរសម្នាក់ស្លៀកខោខូវប៊យ និងអាវស្បែកពណ៌ខ្មៅដែលយើងធ្លាប់បានឃើញម្ដងរួចមកហើយ ដើររលះរលាំងចូលមករាយការណ៍។

“យ៉ាងម៉េចហើយឆៃ?” នាយដេតសួរទៅកាន់ជំនិតរបស់ខ្លួន។

“ពួកអាឧទ្យានុរក្សនោះវានាំគ្នាមកឡោមព័ទ្ធកន្លែងយើងជុំវិញអស់ហើយ! វាមានគ្នាប្រហែលជាដប់នាក់ ហើយមានកាំភ្លើងគ្រប់ដៃចៅហ្វាយ!”

បានឮពីស្ថានការណ៍មិនស្រួល កូនចៅនាយដេតទាំងអស់ស្រាប់តែឆោឡោជ្រួលច្របល់។

ថៅកែដេតប្រញាប់ស្រែកបញ្ជា៖

“ពួកឯងទាំងអស់គ្នាឆាប់ទៅយកអាវុធការពារខ្លួន! ថ្ងៃនេះយើងនឹងប្រយុទ្ធជាមួយពួកវាដោយផ្ទាល់… បើពួកវាមិនស្លាប់ មានតែយើងស្លាប់!”

សហការីរបស់នាយដេតទាំងអស់ ស្ទុះក្រោកទៅយកកាំភ្លើងដែលលាក់ទុកក្នុងហិបតាមបញ្ជារបស់ចៅហ្វាយ រួចហើយមកប្រមូលផ្ដុំជុំគ្នាវិញនៅកណ្ដាលបន្ទប់ភ្លាមៗ។

“អ្នកនៅខាងក្នុងចាំស្ដាប់! នៅពេលនេះ ពួកយើងបានឡោមព័ទ្ធទីកន្លែងរបស់ពួកឯងអស់ហើយ… ឆាប់ចេញមកប្រគល់ខ្លួនឱ្យពួកយើងតាមសម្រួល ច្បាប់នឹងសម្រាលទោសឱ្យពួកឯង!” សំឡេងរបស់អរុណចេញពីឧគ្ឃោសនាសព្ទប្រកាសប្រាប់ដល់ក្រុមជនល្មើស។

នាយដេតមុខឡើងក្រហមដោយភ្លើងទោសៈដុតរោល ដៃក្ដាប់កាំភ្លើងខ្លីមួយដើមជាប់ លើកឡើងលើ មាត់ញ័រតតាត់ខំប្រឹងនិយាយជាមួយកូនចៅ៖

“ពួកឯងស្ដាប់ឱ្យច្បាស់… នរណាអាចសម្លាប់អាមេគេនោះបាន យើងនឹងមានរង្វាន់លើកទឹកចិត្តឱ្យវ៉ី!”

ពួកកូនចៅនាយដេតឮតែមានប្រាក់រង្វាន់ថែម ហាក់ដូចបានទឹកអម្រឹតមកពីឋានសួគ៌ ដៃចាប់កាន់កាំភ្លើងដោយស្វាហាប់ប្រុងប្រៀបចេញទៅប្រយុទ្ធជាមួយក្រុមឧទ្យានុរក្ស។

ផូង! ផូង! …

គ្រាន់តែក្រុមកូនចៅនាយដេតចេញពីក្នុងបន្ទប់ភ្លាម ស្នូរកាំភ្លើងក៏លាន់ឡើងដូចលាជផ្ទុះ។ គ្រាប់កាំភ្លើងហើរបាចសាចទៅមករវាងក្រុមកូនចៅថៅកែដេត និងក្រុមរបស់អរុណ។

ឮ“អូយ!”

កូនចៅនាយដេតម្នាក់ស្រែកថ្ងូរឡើង ដោយសារគ្រាប់សំណហើរពីចុងកាណុងរបស់អរុណមកបៀមជាប់នឹងដើមទ្រូងរបស់ខ្លួន។ អរុណទុកឱ្យសមាជិកក្រុមបាញ់ការពារនៅខាងក្រៅ ចំណែកឯខ្លួនចូលទៅឆែកឆេរក្នុងបន្ទប់ព្រោះគេពុំទាន់ឃើញមេខ្លោងជនល្មើសចេញមុខមក។

ខ្វាក!!!

នាយឧទ្យានុរក្ស ដើរពិនិត្យជុំវិញយ៉ាងប្រុងប្រយ័ត្ន ស្រាប់តែទៅទាក់ជើងនឹងកម្រាលព្រំដែលក្រាលនៅលើក្ដារ។ រំពេចនោះពិតានខាងលើរបើកឡើង ធ្លាក់ទ្រុងដែកមួយមកគ្របពីលើ។ ទោះបីអរុណរហ័សយ៉ាងណា ក៏មិនអាចរមៀលខ្លួនគេចផុតពីសំណាញ់ដែកនេះបានដែរ ព្រោះពុំនឹកស្មានថាថៅកែដេតពិតជាត្រៀមខ្លួនបានល្អយ៉ាងនេះ។

សំឡេងទះដៃបន្លឺឡើង ទន្ទឹមគ្នាវត្តមាននាយដេតចេញពីទ្វារបន្ទប់សម្ងាត់មកប្រាកដនៅពីមុខនាយ។ អរុណស្ទុះស្ទាងើបអង្គុយចំកោងប្រាណ ទាញកាំភ្លើងកំញើញទៅកាន់គូសត្រូវ តែគួឱ្យស្ដាយបែរជាមិនអាចធ្វើអីបាន ព្រោះពេលនោះកាំភ្លើងមួយដើមទៀតដែលគ្រប់គ្រងដោយនាយឆៃ បាននឹងកំពុងភ្ជង់ក្បាលអ្នកពីក្រោយដូចគ្នា។

“ឆាប់ដាក់កាំភ្លើងចុះភ្លាម!”

នាយឆៃសម្លុតខ្លាំងៗ អរុណដាច់ខាតត្រូវតែធ្វើតាមការគំរាម មុនពេលដែលគ្រាប់កាំភ្លើងអាចហើរចេញមកទម្លុះលលាដ៏ក្បាលរបស់គេ។

គម្រោងការណ៍ចាប់មេបញ្ជាការរបស់ក្រុមឧទ្យានុរក្សបានសម្រេច ធ្វើឱ្យថៅកែដេតអង្គុយលើកជើងគងអន្ទាក់ខ្លា ដៃកាន់អង្អែលចុងកាណុងកាំងភ្លើង មាត់ញញិមឌឺផ្គើនឱ្យអរុណ។

——-

យប់កាន់តែជ្រៅ មេឃកាន់តែងងឹត សោតឯគ្រោះថ្នាក់ដែលអាចកើតមានក៏កាន់តែស្មានលែងត្រូវ។ ប៉ូលិសមួយក្រុមទៀតកំពុងធ្វើដំណើរតាមរថយន្ត ដែលមានសុនេត្រជាអ្នកបរយានដោយផ្ទាល់។ កែវភ្នែកដ៏មុតស្រួចរបស់នាយក្រឡេកមើលលេខនាឡិកាស្វ័យប្រវត្តិដែលបង្ហាញយ៉ាងច្បាស់នៅក្នុងរថយន្ត តែក្នុងចិត្តនាយកំពុងគិតពីមេបញ្ជាការនិងសហការី​ ដែលបានដឹកនាំប្រតិបត្តិការទៅមុន។

តាមពិតក្រុមរបស់សុនេត្រមិនបានទៅតាមពូស៊ីណាទេ ហើយសុនេត្រក៏ពុំបានឈឺថ្កាត់អ្វីនោះដែរ… គ្រប់យ៉ាងគឺគ្រាន់តែជាល្បិចបញ្ឆោតពស់ដែលសំងំក្នុងគុម្ពស្មៅ ឱ្យអើតក្បាលចេញក្រៅតែប៉ុណ្ណោះ។

“លោកនាយប្រយ័ត្ន!”

កូនក្រុមម្នាក់ស្រែកស្លន់ប្រាប់ទៅសុនេត្រ ពេលគេឃើញមានស្រមោលមនុស្សម្នាក់ឈរនៅចំពីមុខឡាន។

ង៉ឺត…!!!

សំឡេងជាន់ហ្វ្រាំងរថយន្តបានបន្លឺបង្អូសយ៉ាងវែង។ ខ្វះតែមួយចំអាមទៀត តួយាននឹងទៅបុកជនដែលនៅឈរខាងក្រៅ។ សុនេត្រប្រញាប់ដោះខ្សែក្រវាត់រថយន្តហើយរត់ចេញទៅសួរនាំ ព្រោះនាយគ្មានពេលច្រើនទេ។

“អ្នកនាងមិនអីទេមែនទេ? ម៉េចបានជាយប់ថ្មើរនេះហើយបែរជាមកនៅកណ្ដាលព្រៃទៅវិញ?”

“ខ្ញុំស្មានដឹងថាយប់នេះលោកចេញប្រតិបត្តិការចាប់ពួកជនល្មើសទាំងនោះ!”

“ម៉េចក៏នាងដឹង? នាងជានរណា?” សុនេត្ររាងភាំងបន្តិចដែរ ព្រោះគិតថាផែនការដែលខ្លួនបានរៀបចំឡើងមកជាមួយអរុណ គឺស្ងាត់កំបាំងណាស់ មិនអាចមានអ្នកក្រៅដទៃណាដឹងឮទេ ជាពិសេសមនុស្សស្រីប្លែកមុខដូចជាខត្តិយានេះទៀត។

មេក្រុមសម្លឹងមើលទៅក្នុងឡាន ដោយក្ដីសង្ស័យ ស្រាប់តែខត្តិយាចាប់អង្រួនដៃនាយសុំអង្វរ៖

“ឱ្យខ្ញុំសុំទៅជាមួយផង!”

សុនេត្រស្រែកកាត់ឡើងភ្លាមដោយមិនចាំគិតវែងឆ្ងាយ៖

“មិនបាន!”

“ហេតុអ្វី?” ខត្តិយាសួរទៅបកទៅវិញ។

“ព្រោះ…វាគ្រោះថ្នាក់ខ្លាំងណាស់! ខ្ញុំមិនអា​ចឱ្យអ្នកនាងយកជីវិតទៅផ្សងជាមួយពួកយើងបានទេ!” អស់ពីឆ្ងល់ នាយទៅជាស្ទាក់ស្ទើរក្នុងការអនុញ្ញាតឱ្យនាងទៅជាមួយ ព្រោះការងារលើកនេះគ្រោះថ្នាក់ពេកហើយ នាយមិនអាចធានាសូម្បីតែសុវត្ថិភាពផ្ទាល់ខ្លួន។

“ខ្ញុំដឹង… តែខ្ញុំត្រូវតែទៅ ព្រោះលោកអរុណកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់”

“ម៉េចក៏នាងដឹងថាអរុណកំពុងចួបគ្រោះថ្នាក់?” នេះជាសំណួរដែលសុនេត្រប្រុងសួរទៅខត្តិយា តែមិនទាន់បានហាមាត់ផងសំឡេងអាយកូមដែលនៅជាប់ហោប៉ៅអាវរបស់សុនេត្របន្លឺឡើងកាត់ចង្វាក់៖

“ឆ្មាខ្មៅៗ! ពួកយើងត្រូវការជំនួយជាបន្ទាន់… ពួកវាមានគ្នាច្រើនលើសពីការស្មានរបស់យើង ឥឡូវនេះយើងជិតទប់ទល់លែងជាប់ហើយ!”

“ទទួលបាន! ក្រុមយើងជិតទៅដល់ឥឡូវហើយ!” សុនេត្រប្រញាប់តបទៅកាន់ក្រុមរបស់អរុណ ដែលកំពុងត្រូវការជំនួយទៅជួយ។

នាយប្រុងតែនឹងរត់ឡើងឡានវិញ នឹកថាមិនរវល់ជាមួយមនុស្សស្រីប្លែកមុខម្នាក់នេះទេ ប៉ុន្តែនាយត្រូវអាក់ជើងព្រោះសម្ដីរបស់នាង៖

“ខ្ញុំស្គាល់ផ្លូវកាត់អាចទៅដល់ទីនោះលឿន!”

សុនេត្រងាកមកសម្លឹងមុខនាងម្ដងទៀតដោយខួរក្បាលពេញទៅដោយក្ដីសង្ស័យ ប៉ុន្តែសុវត្ថិភាពលោកបងអរុណ និងក្រុមការងារផ្សេងទៀតជាអាទិភាពធ្វើឱ្យគេងក់ក្បាលយល់ព្រម។

“ខ្ញុំអាចឱ្យនាងទៅបាន តែនាងត្រូវនៅចាំពួកយើងក្នុងឡាន! មិនអាចចេញទៅពាក់ព័ន្ធជាមួយពួកជនល្មើសទាំងនោះជាដាច់ខាត យល់ទេ?”

“ចាស!”

——-

“ម៉េចមិនខ្លាំងទៀតទៅលោកមេក្រុមឧទ្យានុរក្ស? មើលទៅប្រតិបត្តិការរបស់លោកថ្ងៃនេះប្រហែលជាត្រូវបរាជ័យទៀតហើយ ហាហា!” ថៅកែដេតនិយាយដោយទឹកសំឡេងធ្ងន់ៗ ច្បាស់ៗ មួយៗ។

អរុណខាំធ្មេញគ្រឺតៗ ព្រោះពេលនេះដៃទាំងពីររបស់នាយបានជាប់ចំណងទៅហើយ។ តែដោយសារមាត់នៅសេរី នាយចង់បញ្ចេញពាក្យសម្ដីខ្លះៗ ក្រែងលោបន្តិចទៀតនាយលែងមានឱកាសបាននិយាយ។

“ឯងកុំទាន់សប្បាយអរពេក! មនុស្សអាក្រក់ទុរយសដូចជាឯង ទោះបីជាយើងចាប់ឯងមិនបាន ក៏គង់មានគេមកចាប់ឯងបានដែរ!”

“ហាហា! នេះបានចំជាសម្ដីក្មេងមិនទាន់បាត់ធុំក្លិនទឹកដោះមែន! ចាប់ស្អី? អ្ហ៎ះចាប់ស្អី? យើងខ្លាចតែពួកវាមិនទាន់រៀបគម្រោងចាប់យើងផង លុយរបស់យើងចាប់ចិត្តលោភលន់របស់វាបានមុនបាត់ទៅហើយ!”

“មិនមែនគ្រប់គ្នាសុទ្ធតែមានចិត្តលោភលន់ដូចជាឯងទេ! មិនយូរមិនឆាប់ច្បាប់ក្រោមមេឃនឹងចាប់មនុស្សថោកទាបដូចជាពួកឯងយកទៅកាត់ទោសជាមិនខាន!”

នាយដេតស្ដោះទឹកមាត់ទៅលើដី ក្បែរជើងអរុណ៖

“ធ្វើយ! កុំយកច្បាប់ស្អីនោះមកនិយាយជាមួយយើង វាគ្មានប្រយោជន៍ទេ! ស្មានតែមនុស្សឆ្លាតដូចអញអង្គុយនៅស្ងៀមឱ្យពួកមនុស្សភ្លើដូចជាឯងចាប់បានងាយៗអ៊ីចឹងអ្ហែ? យើងផ្ទាត់លុយតែប៉ុន្មានសន្លឹក រឿងរ៉ាវក៏វាស្ងាត់ទៅហើយ!… លុយណា៎លុយ! ឯងស្គាល់ទេ?”

ជ្រុលកើតជាឈ្លើយសឹកទៅហើយ បើមិនស្លាប់ពេលនេះក៏គង់តែស្លាប់ពេលក្រោយ នាយឧទ្យានុរក្សនៅតែប្រកាន់គោលជំហររបស់ខ្លួន៖

“ហ៊ឹស! កោតតែឯងថាឯងជាមនុស្សឆ្លាតប៉ុណ្ណេះដែរ តែនិយាយចុះនិយាយឡើងគ្រាន់តែជាមនុស្សដែលធ្វើការដើម្បីតែលុយ… ឯងឱ្យក្រដាសមកបញ្ជាក្បាលឯងបាន! ហើយក្រដាសដែលឯងរកបាននេះទៀតសោតនោះ គឺបានមកពីការបំផ្លាញធនធានធម្មជាតិទៅវិញ! នេះមែនទេជាទង្វើដែលមនុស្សឆ្លាតគេធ្វើនោះ?”

“ត្រូវហើយ… យើងឆ្លាត!​ ឈើទាំងនេះយើងមិនចាំបាច់ដាំ ហើយក៏មិនចាំបាច់ស្រោចទឹក ចំណែកសត្វព្រៃទាំងនោះវិញ យើងមិនចាំបាច់នឿយហត់ចិញ្ចឹមឱ្យចំណីវាស៊ីផងផង! សួរថាមានការងារអ្វីដែលស្រួលជាងនេះទៀតនោះ?”

អរុណសើចឃឹក ចំអកឱ្យនាយដេត មុននឹងបញ្ចេញវាចា៖

“មនុស្សដែលមើលមិនឃើញគុណតម្លៃនៃធម្មជាតិដូចជាពួកឯងនេះអស់កែហើយ… មើលទៅមានតែក្ដីស្លាប់ប៉ុណ្ណោះដែលអាចធ្វើឱ្យឯងស្រក់ទឹកភ្នែកបាន!”

ថៅកែក្បាលពោះកំប៉ោង យកដៃទៅច្របាច់មាត់អរុណញីខ្លាំងៗ ទាល់តែញ័រទាំងដៃខ្លួនឯង។ ឈាមក្រហមស្រស់ហូរចេញតាមអញ្ជាញធ្មេញរបស់អរុណដោយសារកម្លាំងដៃសង្កត់របស់បុរសចំណាស់។

“ហ៊ឹស! ឯងមិនចាំបាច់និយាយច្រើនទេ យកល្អទុកទឹកមាត់របស់ឯងទៅតវ៉ាក្ដីនៅឋាននរកទៅ!”

“ឯងហ្នឹងហើយដែលត្រូវទៅតវ៉ានៅក្នុងតុលាការមុននោះ!” សំឡេងគ្រលរលាន់ចេញពីមាត់ទ្វារ ធ្វើឱ្យគ្រប់គ្នាបង្វែរចំណាប់អារម្មណ៍ទៅមើល។

នាយឆៃដែលឈរនៅជ្រុងបន្ទប់ស្ងាត់មាត់មួយរយៈមុននេះ លើកដៃដែលកាន់កាំភ្លើងផ្គងសំដៅទៅសុនេត្រដោយប្រុងប្រយ័ត្ន។ អរុណហាក់មានកម្លាំងព្រឺសឡើងវិញក្រោយពេលឃើញសហការីមកដល់ តែមាត់របស់នាយមិនអាចហានិយាយបាន។

នាយដេតលែងដៃពីមាត់អរុណ ហើយបែរទៅសើចដាក់សុនេត្រ ហាក់បីដូចជាកំពុងសប្បាយចិត្តនឹងឆាកល្ខោនមួយនេះពន់ពេក។

“អូ៎! មកដល់ហើយអ្ហេ៎ លោកឧទ្យានុរក្ស វណ្ណ សុនេត្រ? រីករាយណាស់ដែលបានចួប!” ថៅកែនិយាយម៉ាត់ៗ ធ្ងន់ៗ តែធ្មេញដែលនៅក្នុងមាត់ខាំគ្នាសឹងប្រេះ។

“កុំនិយាយអត់ប្រយោជន៍! ឆាប់ទម្លាក់អាវុធចុះទៅ ពួកយើងឡោមព័ទ្ធកន្លែងឯងអស់ហើយ ចំណែកកូនចៅរបស់ឯងក៏យើងបង្ក្រាបបានអស់ដែរ ពេលនេះទោះបីឯងមានស្លាបក៏ហើរមិនរួចដែរ!”

“អ៊ីចឹងអ្ហេ៎? យើងពិតជាខ្លាចណាស់ ហាហា!” នាយដេតខាំធ្មេញនិយាយ។

សុនេត្រប្រុងប្រៀបដៃដែលកាន់កំភ្លើង ដើម្បីកំញើញគូសត្រូវ តែថៅកែម្នាក់នេះមិនត្រឹមតែមិនខ្លាច ថែមទាំងហ៊ានញញិមចំអកមកវិញ។ ដេតនិយាយបន្ត៖

“មើលទៅឯងរំភើបនឹងជ័យជំនះពីខាងក្រៅពេក រហូតដល់ភ្លេចហើយថាមានកូនស្ទាំងមួយក្បាលកំពុងនៅក្នុងដៃយើង!”

នាយដេតធ្វើសញ្ញាឱ្យនាយឆៃនាំអរុណមកជិតខ្លួន។

“ចាត់ការពួកវាទៅសុនេត្រ! មិនចាំបាច់ខ្វល់ពីខ្ញុំទេ!” អរុណបញ្ជាក់ប្រាប់សុនេត្រ។

“កុំធ្វើអីផ្ដេសផ្ដាស បើឯងចង់ចាប់ មកចាប់យើងជំនួសទៅ កុំប៉ះពាល់គាត់!” សុនេត្រតវ៉ា។

នាយដេតជញ្ជក់មាត់ ហើយឧទាន៖

“ជុកៗៗ! បារម្ភសុខទុក្ខគ្នាណាស់ហ្ន៎? មើលទៅយើងប្រហែលជាត្រូវពិបាកធ្វើការសម្រេចចិត្តបន្តិចហើយ!”

“ឯងត្រូវការអី?” សុនេត្រសួរទៅកាន់ជនដែលជាបច្ចាមិត្ត។

“ដាក់អាវុធចុះ! យើងត្រូវការសុវត្ថិភាព និងសេរីភាពរបស់យើងមកវិញ… បើឯងធ្វើបាន យើងចាត់ទុកថាមិនដែលស្គាល់គ្នាទៅចុះ! តែបើធ្វើមិនបានទេ… ត្រៀមរៀបចំបុណ្យសពឱ្យលោកបងឯងឱ្យហើយទៅវ៉ី!”

សុនេត្រក្រឡេកទៅមើលអរុណ ដែលគ្រវីក្បាលតិចៗ រួចត្រលប់មកសម្លក់នាយដេតវិញ។

“បាន! សង្ឃឹមថាឯងមិនក្បត់សម្ដីទេណា៎!”

“កូនប្រុសនិយាយម៉ាត់ណាម៉ាត់ហ្នឹង!” នាយដេតពោលអះអាង។

សុនេត្រ ហៅអាយកូមផ្ដល់ដំណឹងដល់កូនចៅដែលនៅខាងក្រៅ ដើម្បីបើកផ្លូវឱ្យនាយដេត និងនាយឆៃចេញទៅ។ អរុណមិនសង្ស័យច្រើនចំពោះការសម្រេចចិត្តរបស់សុនេត្រ ព្រោះអ្នកឃើញសុនេត្រយកដៃគោះលើភ្លៅខ្លួនឯង ដែលជាសញ្ញាឱ្យអ្នកព្រមចេញទៅមុន ហើយគេនឹងចេញទៅជួយតាមក្រោយ។

ពេលចេញមកដល់មាត់ទ្វារ នាយដេតរេចុងកាំភ្លើងម្ដងទៅឆ្វេង ម្ដងទៅស្ដាំ លើក្រុមឧទ្យានុរក្សដែលនាំគ្នាតម្រង់កាណុងមករកខ្លួនដូចគ្នា។ បើកុំតែមានអរុណនៅក្នុងដៃនាយឆៃ ម៉្លេះសមអ្នកទាំងពីរគ្មានថ្ងៃដើរចេញមកបានដោយស្រួលបែបនេះទេ។

“បើកផ្លូវឱ្យពួកគេទៅៗ!” សុនេត្របញ្ជាទៅកូនចៅ កុំឱ្យពួកគេធ្វើអ្វីផ្ដេសផ្ដាស។

ចេញមកដល់កន្លែងចតឡាន ថៅកែបញ្ជានាយឆៃឱ្យឡើងកាន់ចង្កូត ទុកឱ្យខ្លួនជាអ្នកភ្ជង់អរុណវិញម្ដង។ ទីបំផុតអ្នកទាំងបីបានចេញផុតពីសម្បុកចោរដោយសុវត្ថិភាព។ គ្រាន់តែចេញមកដល់បានឆ្ងាយបន្តិចពីក្រុមរបស់សុនេត្រ អរុណចាប់ផ្ដើមគិតរកល្បិចតវ៉ាជាមួយនាយដេត។

“ក្រែងឯងថាត្រូវការសុវត្ថិភាព និងសេរីភាពនោះអី? ឥឡូវនេះពួកឯងផុតគ្រោះថ្នាក់ហើយ ល្មមអាចដោះលែងយើងបានហើយ!”

ភ្នែកសម្លឹងមើលទៅផ្លូវខាងមុខ តែមាត់របស់ថៅកែស្រែកសំឡុត៖

“បិទមាត់! ស្មានតែយើងល្ងង់លែងឯងដោយងាយៗអ្ហី?”

“ឯងចង់មានន័យថាម៉េច?”

បុរសកន្ធាត់ងាកមកប្រឈមមុខនឹងអរុណវិញ៖

“មានន័យយ៉ាងម៉េចក៏ស្រេចតែឯងកាត់ន័យយល់ខ្លួនឯងទៅ! ហ៊ឹសៗ…” នាយដេតសើចគ្រហឹមក្នុងបំពង់ក។

ង៉ឺត!!!

សំឡេងហ្វ្រាំងឡានឮរំពងព្រៃស្ងាត់ ធ្វើឱ្យអ្នកដែលជិះនៅបាំងក្រោយទ្រេតទ្រោត ទប់ជំហរពុំជាប់ដួលច្រងាប់ច្រងិល។

នាយដេតស្រែកសួរ៖

“ហើយវាយ៉ាងម៉េចឯងអាឆៃ?”

“គឺ… គឺ… មានសត្វរត់មកពាំងពីមុខឡាន ចៅហ្វាយ!”

“សត្វអីឯង?”

“គឺសត្វខ្លាធំ ចៅហ្វាយ!”

ថៅកែដេតកំពុងយកដៃមករៀបរយខោអាវ តែស្រាប់តែគាំងពេលឮចម្លើយពីឆៃ។

“ថាម៉េច? ខ្លាធំ?” ទាំងនាយដេត និងអរុណភ្ញាក់ផ្អើលដោយសារតែវត្តមានសត្វដែលកម្រនេះ។

អ្នកទាំងពីរខំអើតកទៅមុខ ដើម្បីមើលឱ្យច្បាស់ប្រាកដថានាយឆៃមិនបានស្រវាំងភ្នែកទេ។

ពិតជាសត្វខ្លាពិតមែន! ជាសត្វខ្លាធំញីមួយក្បាល ទាំងសាច់ទាំងឈាម។

ថៅកែដេតយកដៃមកទះផ្លូវឮសូរតែ ផាច់ៗ! ព្រោះក្ដីអំណរ៖

“នេះបានចំជាលាភក្នុងសំណាងមែន! តែប៉ុណ្ណេះមិនចាំបាច់ខ្លាចអត់មានលុយចាយទេអ្ហ៎ា! … ហើយឯងចាំអីទៀតម៉េចមិនឆាប់បើកបំបុកវាឱ្យស្លាប់ទៅ នឹងអាលលើកដាក់ឡាន!”

អរុណស្ទើរតែមិនជឿនឹងត្រចៀក ថាមនុស្សដូចជានាយដេតនិងនាយឆៃសាហាវព្រៃផ្សៃ ឃោរឃៅ និងលោភលន់ដល់ថ្នាក់នេះ សូម្បីតែឥឡូវពួកគេកំពុងរត់គេចពីការតាមចាប់ខ្លួនក៏ដោយ។

តែអ្វីដែលនាយកំពុងតែងឿងឆ្ងល់មួយទៀតនោះគឺ ហេតុអ្វីបានជាខ្លាមួយក្បាលនេះស្រាប់តែលេចមុខចេញមកនៅពេលនេះ ព្រោះជាធម្មតាកាលណាឃើញមានពួកមនុស្ស សភាវគតិរបស់វាគឺភ័យខ្លាច ហើយច្បាស់ជារត់គេចចេញ តែសត្វខ្លាធំដែលនៅចំពោះមុខនេះ បែរជានៅដើរក្រវែលចុះឡើងនៅពីមុខរថយន្ត ដូចជាចង់ឃាត់ដំណើររបស់ពួកគេទៅវិញ។

មិនចង់ឱ្យមានគ្រោះថ្នាក់ដល់សត្វកម្រនេះ អរុណសាកល្បងដាស់តឿនពួកគេ៖

“ពួកឯងយករួចខ្លួនស្ទើរតែមិនចង់រួចផង នៅចង់សាងបាបកម្មទៀតអ្ហេ៎?”

“ស្ងាត់ទៅ! ពេលនេះមិនមែនជាពេលដែលឯងមានសិទ្ធិតវ៉ាទេ បើនៅហ៊ាននិយាយច្រើនទៀតប្រយ័ត្នយើងបោះចេញទៅក្រៅឱ្យខ្លាស៊ី!” នាយដេតសង្កៀតធ្មេញសម្លុតដាក់ក្បែរត្រចៀកទៅវិញ ទាំងដៃកាន់កាំភ្លើងភ្ជង់ក្បាល។

សំឡេងម៉ាស៊ីនឡានរោទិ៍ឡើងរន្ថាន់ ទន្ទឹមគ្នានឹងសត្វខ្លាដែលនៅខាងមុខបើកភ្នែកធំៗសម្លឹងមើលមកក្នុងឡាន។ នាយឆៃជាន់ហ្គារឡានឱ្យទៅមុខយ៉ាងគំហុកបំណងបុកខ្លាធំនោះឱ្យងាប់ តែត្រចៀកវាងវៃ និងដំណើរដ៏រហ័សរហួនរបស់សត្វព្រៃមួយនេះធ្វើឱ្យវាលោតគេចទៅចំហៀងផុត។

នាយឆៃបួងចង្កូតឡានមួយទំហឹង បំបែរមុខត្រលប់មករកខ្លានោះវិញ។ ដោយសារសេចក្ដីលោភលន់ពេក ពេលនេះនាយឆៃនិងនាយដេត បែរជាកំពុងលេងល្បែងភ្នាល់ជីវិតជាមួយស្ដេចសត្វចតុប្បាទ ភ្លេចគិតថាខ្លួនកំពុងតែរត់គេចពីសំណាញ់ច្បាប់។

ឡានបត់ចុះឡើងពីរ-បីត្រលប់ ដូចជួយអង្រួនខ្សែចំណងដៃរបស់អរុណឱ្យធូរឡើង។ ដោយអាងថាអរុណជាប់ចំណង នាយដេតដែលត្រូវលោភៈបាំងមុខ ខ្វល់តែពីរឿងសត្វខ្លា ពុំបានដឹងថាអរុណកំពុងព្យាយាមរំដោះខ្លួនឡើយ។

រំពេចនោះនៅតាមផ្លូវដែលឡាននាយឆៃទើបតែចេញមកមុននេះ ស្រាប់តែមានពន្លឺភ្លើងលេចឡើងបន្តិចម្ដងៗ… គឺសុនេត្រ ដែលកំពុងបើកឡានមកតាមក្រោយ ព្រោះនាយបារម្ភពីសុវត្ថិភាពរបស់អរុណ។

គ្រាន់តែឃើញទិដ្ឋភាពនៅនឹងមុខភ្លាម នាយទៅជាស្រឡាំងកាំង ភាន់ភាំង ដ្បិតមិនចង់ជឿនឹងភ្នែកថាបែរជាបានឃើញសត្វខ្លាធំដែលគេខានប្រទះវត្តមានជាយូរមកហើយ កំពុងរត់ទៅមកប្រលែងជាមួយភ្លើងឡានរបស់ថៅកែដេត។ សុនេត្រពន្លត់ម៉ាស៊ីនឡានពីចម្ងាយ ហើយចុះរត់ទៅពួននឹងគម្ពោតព្រៃដែលនៅមិនឆ្ងាយប៉ុន្មានពីឡានរបស់នាយឆៃ។

នាយឆៃកំពុងបង្វិលចង្កូតឡានបែរមុខទៅរកសត្វខ្លាធំម្ដងទៀត សតិរបស់សុនេត្រស្រាប់តែនឹកទៅដល់រឿងមិនល្អដែលអាចកើតមានឡើង។

ង៉ូងៗៗ!!!!

ផូងៗ!!

សត្វខ្លាដែលរត់ចុះឡើងនៅមុខឡានមុននេះឈរស្ងៀម ព្រោះផ្អើលនឹងសំឡេងគ្រាប់កាំភ្លើងពីរគ្រាប់ដែលបាញ់ចេញពីចុងកាណុងកាំភ្លើងរបស់សុនេត្រ។ គ្រាប់សំណហោះទៅទម្លុះកង់រថយន្តរបស់នាយឆៃដែលកំពុងមានចលនាទៅមុខប៊ិះតែបុកត្រូវខ្លាទៅហើយនោះ ឱ្យរេចង្កូតទៅបុកចំគល់ត្រាចមួយដើមធំ បណ្ដាលឱ្យរលត់ម៉ាស៊ីនស្ងាត់ឈឹង។

សត្វខ្លាបែរមុខមកឃើញសុនេត្រដែលកំពុងកាន់កាំភ្លើងដើរចូលទៅពីចម្ងាយ ក៏រត់គេចខ្លួនចូលទៅក្នុងព្រៃវិញបាត់ ទុកឱ្យនាយនៅចាត់ការរឿងដែលនៅសល់។ អ្នកកំលោះចង់ទៅតាមមើលសត្វខ្លាណាស់ តែនាយបារម្ភពីអរុណដែលកំពុងជាប់ចំណងនៅក្នុងឡានជាង ទើបនាយសុខចិត្តដើរទៅរកឡានយឺតៗដោយប្រុងប្រយ័ត្ន។ ជនអាវខ្មៅបើកទ្វារឡានចេញមកទាំងដំណើរទ្រេតទ្រោត ដៃកាន់កាំភ្លើងគ្រវាសម្ដងទៅឆ្វេងម្ដងទៅស្ដាំដើម្បីការពារខ្លួន ដ្បិតមុននេះគេមិនដឹងថាគ្រាប់កាំភ្លើងបាញ់ចេញពីទិសដៅខាងណានោះទេ។

ដោយមុននេះីការពារខ្លួនព្រោះមុននេះគេមិនដឹងថាតើនរណាជាអ្នកធ្វើឱ្យកង់ឡានរបស់ខ្លួនបែកនោះទេ។រវល់តែគិតរឿងស្រាយចំណង ទើបអរុណពុំបានទប់ខ្លួន ធ្វើឱ្យក្បាលទៅបុកនឹងឡានស្ទើរបាត់បង់ស្មារតី។ ថៅកែប្រើដៃឆ្វេងទាញកអាវអរុណ ហើយដៃខាងស្ដាំភ្ជង់ក្បាលដើម្បីបង្ខំគេឱ្យចេញមក។ អ្នកដែលជាកូនចៅដើរនាំមុខអ្នកទាំងពីរបម្រុងនឹងចាកចេញទៅ ស្រាប់តែបញ្ឈប់ជំហានភ្លាមៗដោយសារឃើញសុនេត្រនៅនឹងមុខ។

ថៅកែដេតមិនបង្អង់ ក៏លើកដៃកាន់កាំភ្លើងតម្រង់ទៅសុនេត្រវិញ។ សុនេត្រពោលទាំងកំហឹងពុះពោរនៅក្នុងខ្លួន តែត្រូវសង្កត់អារម្មណ៍កុំឱ្យឆេវឆាវក្រែងខូចការណ៍៖

“ដំបូងយើងថាផ្ដល់ឱកាសឱ្យពួកឯងកែខ្លួន តែមិននឹកស្មានថាឯងមិនត្រឹមតែមិនភ្ញាក់រឭកទេ ថែមទាំងចង់សម្លាប់សត្វព្រៃបន្ថែមទៀត ទាំងដែលដឹងខ្លួនហើយថាសូម្បីតែថ្ងៃស្អែកឯងមិនដឹងមានជីវិតរស់នៅឃើញពន្លឺថ្ងៃឬអត់ផង!”

“ហើយដែលឯងធ្វើគ្រប់យ៉ាងនេះ ស្មានតែឯងដឹងថាឯងអាចរស់នៅដល់ថ្ងៃស្អែកអ្ហះ?” នាយដេតសួរបកមកវិញ។

“ថៅកែទៅមុនទៅ ទុកឱ្យខ្ញុំជាអ្នកចាត់ការនៅទីនេះ!” នាយឆៃតឿនចៅហ្វាយឱ្យឆាប់ចាកចេញមុន ដោយគេអាងថាមានអរុណនៅក្នុងដៃ។

“បាន! ឯងត្រូវប្រយ័ត្នខ្លួនណា៎!”

នាយឆៃមិនងាកមើលទេ តែងក់ក្បាលតិចៗតបទៅចៅហ្វាយវិញ។ សុនេត្រមិនអាចធ្វើអ្វីបានដោយសារពេលនេះអរុណនៅក្នុងដៃសត្រូវនៅឡើយ ទើបបានត្រឹមតែមើលនាយដេតឈានជើងចេញទៅ។

អរុណហាក់ដូចជាភ្ញាក់ស្មារតីឡើងវិញ ក៏ព្រលែងខ្សែដែលនាយធ្វើពុតជានៅចងជាប់នឹងដៃចេញ រួចរលាស់ខ្លួនមកក្រោយទាត់ដៃនាយឆៃដែលកាន់កាំភ្លើងឡើងទៅលើ ធ្វើឱ្យម្រាមដៃរបស់ឆៃកេះកៃ «ផូង!» ចំមែករុក្ខាខាងលើក្បាល។

នាយដេតដែលមិនទាន់ទាំងដើរបានប្រាំពីរជំហានស្រួលបួលផងនោះ ក៏ស្រាប់តែបែរខ្លួនមកវិញលើកកាំភ្លើងបម្រុងបាញ់អរុណដែលកំពុងរលាស់ខ្លួនចេញពីកណ្ដាប់ដៃនាយឆៃ សុនេត្រឃើញដូច្នោះប្រញាប់តម្រង់កាំភ្លើងទៅរកនាយដេតត្រលប់វិញ។

ផូង! … ស្នូរគ្រាប់កាំភ្លើងទីពីរបាញ់ចេញពីដៃសុនេត្រ ហោះទៅបុកពោះរបស់ថៅកែកន្ធាត់ ធ្វើឱ្យកាំភ្លើងដែលបម្រុងបាញ់ទៅអរុណត្រូវធ្លាក់ចុះទៅលើដី ស្របគ្នាជាមួយនឹងរាងកាយម្ចាស់របស់វាកំពុងទន់ជង្គង់ស៊្រឹបទៅលើដី។

“ថៅកែ!”

នាយឆៃភាំងស្មារតី ភ្លាត់មាត់ហៅចៅហ្វាយនាយដែលដេកដួលព្រោះស្នាដៃរបស់សុនេត្រមុននេះ ធ្វើឱ្យអរុណបានឱកាសវាយបកទៅវិញ។

អរុណខ្ចប់កណ្ដាប់ដៃដ៏មាំរបស់ខ្លួនដាល់ទៅចំថ្ពាល់ខាងឆ្វេងរបស់នាយឆៃ ធ្វើឱ្យគេទ្រេតទៅចំហៀងបន្តិច។ សុនេត្រចូលលើកជើងវាត់កន្ទុយនាគទៅលើនាយឆៃបន្តទៀត តែមិនត្រូវព្រោះនាយឆៃថយក្រោយយ៉ាងរហ័ស ធ្វើឱ្យមួយជើងដែលសុនេត្របង្ហើរទៅមុននេះប៉ះខ្យល់ ហើយបណ្ដាលឱ្យនាយភ្លាត់ជំហរប៊ិះដួលអុកគូទទៅលើដី។

នាយឆៃទាត់សុនេត្រសងមួយជើង ហើយលើកកាំភ្លើងមកប្រុងបាញ់ផ្ដាច់ជីវិតដើម្បីសងសឹកឱ្យមេរបស់ខ្លួន តែអរុណរហ័សដែរ ទើបនាយហក់ទៅធាក់នាយឆៃដួលផ្កាប់មុខទៅនឹងដីបានមុន។ សុនេត្របោះកាំភ្លើងដែលនៅនឹងដៃខ្លួនមកឱ្យអរុណ អរុណទទួលបានក៏បញ្ជាអាវុធដែករបស់ខ្លួនឱ្យខ្ជាក់សំណអគ្គីចេញមកក្រៅ ហោះទៅទម្លុះខ្នងទុច្ចរិតជនធ្លុះដល់ទ្រូង។

ផូងៗ!

“អូយ!”

នាយឆៃយកដៃមកខ្ទប់ត្រង់មុខរបួសដែលកំពុងបាញ់ឈាមច្រោកចេញមកក្រៅ។ រាងកាយដ៏រឹងមាំរបស់នាយអង្គរក្សបម្រើឧត្តមគតិមនុស្សអាក្រក់ ចុងក្រោយក៏ត្រូវដួលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។

អរុណប្រញាប់រត់ទៅមើលសុនេត្រ។

“ឯងយ៉ាងម៉េចហើយ? មិនអីទេមែនទេ?”

“ប៊ិះៗទៅហើយ សំណាងលោកបងមកជួយទាន់! អរគុណលោកបងណាស់!”

“គុណស្រ័យអី! ឱ្យតែឯងសុខសប្បាយទៅយើងសប្បាយចិត្តណាស់ហើយ មិនអ៊ីចឹងយើងមិនដឹងទៅរកនាយសុនេត្រនៅឯណាមកសងម៉ាល័យវិញទេ!”

អ្នកទាំងពីរសើចដាក់គ្នា។

នឹកស្មានថាគ្រោះថ្នាក់ត្រូវបានកម្ចាត់ ទើបអរុណងាកទៅមើលទិសដៅដែលសត្វខ្លារត់ទៅមុននេះ។ នរៈនឹកអរគុណដល់អ្នកមានគុណ ហើយចង់ទៅតាមដានសត្វនេះម្ដងទៀត។ ភ្លាមនោះនាយស្រាប់តែឮសុនេត្រស្រែកភ្លាត់សំឡេង៖

“លោកបងប្រយ័ត្ន!”

អរុណបែរក្រោយវឹប គ្រលៀសភ្នែកទៅឃើញនាយដេតដែលត្រូវគ្រាប់កាំភ្លើងហើររសាត់ត្រូវចំពោះមុននេះ ស្រាប់តែងើបកាន់កាំភ្លើងតម្រង់មករកខ្លួនបាត់ទៅហើយ។

ផូងៗ!

គ្រាប់កាំភ្លើងរបស់នាយដេតមុននេះហើរយ៉ាងលឿនមករកអរុណ ទាំងដែលនាយពុំបានត្រៀមខ្លួន។ អរុណគិតធ្វើអ្វីមិនទាន់ បានត្រឹមតែឈរធ្មឹងចាំទទួលគ្រាប់សំណ។

រំពេចនោះស្រាប់តែលេចសត្វខ្លាដែលបាត់ខ្លួនទៅក្នុងព្រៃមុននេះ ស្ទុះលោតចេញមកពាំងគ្រាប់កាំភ្លើងដែលហើរមក កាត់ចំពីមុខអរុណ។ សត្វខ្លាកម្សត់ត្រូវមួយគ្រាប់ចំកណ្ដាលក្បាល ដេកប្រកាច់ស្លរឈាមនៅនឹងកន្លែងក្រោមក្រសែភ្នែកតក់ស្លុតពីនាយឧទ្យានុរក្ស។

សុនេត្រមិនបង្អង់យូរ ប្រញាប់ឱនទៅរើសអាវុធពីដៃនាយឆៃ យកមកបាញ់មួយគ្រាប់ហើយមួយគ្រាប់ទៀតបន្តគ្នាសំដៅទៅរកចុងដណ្ដើមនាយទុនចិត្តបាប លុះត្រាតែអស់គ្រាប់ពីកាំភ្លើង។

ថៅកែដេតដួលគ្រឹបទាំងភ្នែកនៅបើកក្រឡោត ហាក់ដូចជាពុំនឹកស្មានថាវាសនារបស់ខ្លួនចុងក្រោយត្រូវមកស្លាប់ពេលនេះ ម៉ោងនេះ ដោយសារស្នាដៃរបស់នាយឧទ្យានុរក្សវ័យក្មេងដែលនាយតែងតែមើលស្រាលសោះ។

អរុណស្ទុះទៅជិតសត្វខ្លាដើម្បីពិនិត្យមើលអាការ តែគួរឱ្យស្ដាយសត្វដែលមានគុណជួយគេម្ដងជាពីរដងនេះ បានផុតដង្ហើមបាត់ទៅហើយ។ ទឹកភ្នែកសើមៗជាប់នឹងរង្វង់ភ្នែកទាំងគូដែលស្ទើរបិទស្ទើរបើក ប្រហែលជាបណ្ដាលមកពីការឈឺចាប់ដោយសារគ្រាប់កាំភ្លើង ឬក៏មកពីនៅអាឡោះអាល័យចំពោះការលាចាកលោកទៅដោយពុំបានត្រៀមខ្លួនរបស់វា។

“គេទៅបាត់ហើយ…! ”

អរុណលើកសត្វខ្លាត្រកងដោយដៃទាំងទ្វេ ហើយនិយាយតិចៗប្រាប់ទៅសុនេត្រហាក់បីដូចជាខ្លាចរំខានដំណេករបស់ខ្លាធំមួយក្បាលនេះ។ នាយឧទ្យានុរក្សហាក់មានស្មារីនៅភាំងៗចំពោះព្រឹត្តិការណ៍ដែលកើតឡើងមុននេះ។ មិនដល់មួយប៉ព្រិចភ្នែកផង ប្រសិនបើខ្លាមួយក្បាលនេះមិនលោតចូលមកវិញ ម៉្លេះអ្នកដែលត្រូវស្លាប់គឺជារូបនាយ។

គេក៏បន្តតម្អូញប្រាប់សុនេត្រដែលឈរស្ងៀមស្ងាត់នៅពីក្រោយខ្នងគេ៖

“ដូចអ្វីដែលយើងបានគិតមែន! រយៈពេលកន្លងមកសត្វខ្លាធំគឺនៅមានជីវិតក្នុងព្រៃនេះ តែឥឡូវ…” គេអួលដើមក “ឥឡូវនេះបែរជាត្រូវមកស្លាប់ក្នុងដៃមនុស្សទុរយស… ស្លាប់ព្រោះតែជួយរងគ្រាប់ជំនួសខ្ញុំ… វាធ្វើឱ្យខ្ញុំឈឺចាប់ជាងត្រូវគ្រាប់សំណដោយខ្លួនឯងទៅទៀត!”

អរុណនិយាយអ្វីតទៅទៀតលែងចេញ ព្រោះគ្រប់ពាក្យពេចន៍ទាំងអស់នៅទើត្រឹមបំពង់ក។ សុនេត្រដើរចូលមកជិត ហើយយកដៃទៅទះស្មាអរុណថ្នមៗ៖

“គេទៅបានសុខហើយ! ប្រហែលនេះជាអ្វីដែលគេយល់ថា ជារឿងដែលត្រូវតែធ្វើដើម្បីជួយដល់សត្វព្រៃដែលនៅមានជីវិតដទៃទៀត!”

អរុណយកដៃទៅបិទភ្នែកខ្លាញី ហើយអង្អែលរោមដ៏ទន់ល្មើយថ្នមៗដូចម្ដាយកំពុងលួងលោមកូនឱ្យដេក។ នាយស្រាប់តែប្រទះឃើញថា នៅលើជើងខាងក្រោយរបស់វាមានចងកូនកន្សែងដៃពណ៌ស ប៉ាក់រូបព្រះអាទិត្យពណ៌លឿងតូចមួយ ដែលមានប្រឡាក់ស្នាមឈាម។ កន្សែងដៃមួយនេះ គេស្គាល់យ៉ាងច្បាស់ និងធ្លាប់ជាម្ចាស់កម្មសិទ្ធិរបស់វាទៀតផង។

អ្នកស្រាប់តែនឹកឃើញរឿងមួយ ហើយក៏ស្រែកឡើងយ៉ាងរន្ធត់៖

“ខត្តិយា! … អូយ!”

អរុណយកដៃទៅក្ដោបពោះដែលមានឈាមស្រក់ចុះមក។ មុននេះនាយពុំបានចាប់អារម្មណ៍ ព្រោះរវល់តែភ្លាំងភ្លឹកពីរឿងសត្វខ្លា។ អារម្មណ៍ឈឺចុកពឺតកើតឡើងរហូតស្ទើរទ្រាំមិនបាន  ទឹកភ្នែកដែលស្លាក់ក៏ធ្លាយចុះមក។ នរៈខំប្រឹងធ្មេចដើម្បីកាត់ផ្ដាច់គន្លងទឹកភ្នែក កម្លាំងក្នុងខ្លួនក៏ចាប់ថយចុះបន្តិចម្ដងៗ រហូតដល់នាយឧទ្យានុរក្សទន់ខ្លួនដេកសន្លប់ទៅលើខ្លាដ៏កម្សត់។

“លោកបងៗ!”

——-

ព្រះទិនករមិនដែលបំភ្លេចលោកាដ៏ធំធេង តែងតែយាងមកបំភ្លឺធម្មជាតិយ៉ាងទៀងទាត់។ ទឹកសន្សើមដែលដក់ជាប់ចុងឈើពេលព្រឹកព្រលឹមធ្លាក់ចុះមកតក់ៗ លាយនឹងខ្យល់ជំនោរចុងរដូវរងាបក់មកប៉ប្រះកាយា ធ្វើឱ្យរងាព្រឺស្បែក។

អរុណអង្គុយលើរទេះរុញ ដោយទឹកមុខស្រងូតស្រងាត់ និងមានរុំបង់សនៅជុំវិញពោះផង។ កែវភ្នែករបស់នាយឡើងក្រហម លាក់បង្កប់នូវក្ដីទុក្ខសោក និងទឹកភ្នែករាប់រយតំណក់មិនឱ្យបញ្ចេញមកក្រៅ។

នៅពីមុខនាយ គឺជាគំនរឈើដែលគរកម្ពស់ប្រមាណមួយម៉ែត្រពីដី ទ្រទម្ងន់សាកសពសត្វខ្លាធំមួយក្បាល។ នៅក្រោយខ្នងរបស់អ្នក មានក្រុមឧទ្យានុរក្សផ្សេងទៀត ព្រមទាំងម៉ាល័យនិងសំណាង ដែលត្រូវជាកូនរបស់នាងជាមួយនឹងសុនេត្រផង។ ក្នុងដៃគ្រប់គ្នាមានកាន់ផ្កាព្រៃស្រស់ចម្រុះពណ៌ ឈរគោរពវិញ្ញាណក្ខ័ន្ធសត្វខ្លាញីនេះទាំងទឹកមុខស្រពាប់ស្រពោន។

ពេលវេលាមកដល់ សុនេត្រដើរកាន់គប់ភ្លើងចូលមកប្រគល់ឱ្យអរុណ។ ដៃម្ខាងរបស់មេបញ្ជាការប្រឹងទប់រទេះក្រោកឈរ ទទួលគប់ភ្លើងពីសុនេត្រ ហើយរង់ចាំឱ្យអ្នកគ្រប់គ្នាយកផ្កាទៅដាក់នៅជុំវិញសពជាការលាគ្នាលើកចុងក្រោយ រួចទើបនាយដើរចូលទៅរកពំនូកឈើដែលគេសន្មតយកធ្វើជាមេរុ។

“សូមទៅឱ្យបានសុខ… លាហើយ!” ថារួចគេក៏រុញគប់ភ្លើងចូលទៅ។

ព្រះអគ្គីចាប់ផ្ដើមឆាបឆេះសន្ធោសន្ធៅឡើង លេបត្របាក់ឈើស្ងួត និងរូបកាយស្ដេចសត្វចតុប្បាទដែលដេកស្ងៀមឥតកម្រើកបន្តិចម្ដងៗ។ ផ្សែងខ្មៅគួចវិលឡើងទៅលើមេឃ នាំទាំងចិត្តវិបយោគរបស់ក្រុមឧទ្យានុរក្សឱ្យក្ដុកក្ដួលខ្លោចផ្សា ព្រោះការបាត់បង់ព្រលឹងពូជអ្នកចម្បាំងក្នុងព្រៃ។ សុនេត្រត្រលប់មកឈរក្បែរម៉ាល័យនិងកូន កាន់ដៃលួងលោមអ្នកទាំងពីរដែលកំពុងតែឈរយំខ្សឹកខ្សួល។

លុះបានបន្តិច យើងក៏ឃើញពូស៊ីណាដើរចូលមកគំនាប់៖

“សូមរាយការណ៍ទាន!”

អរុណថយក្រោយបន្តិច តែភ្នែកនៅតែសម្លឹងមើលទៅកន្លែងបូជា ហើយសួរទៅពូស៊ីណា៖

“មានបានទទួលដំណឹងអ្វីដែរទេពូ?”

“បាទទាន! សំណាងហើយដែលលោកនាយបានដាក់ការសង្ស័យ ហើយឱ្យខ្ញុំតាមដានលើសកម្មភាព និងស្ថានភាពសេដ្ឋកិច្ចរបស់ក្រុមឧទ្យានុរក្សទាំងអស់! ក្នុងនោះមានតែអាបារាំងម្នាក់ប៉ុណ្ណោះដែលជាប់សង្ស័យ ទើបខ្ញុំប្រើល្បិចបោកវាឱ្យបញ្ចេញកន្ទុយមក! វាបានសារភាពថា វាធ្លាប់បានលួចរាយការណ៍ទៅនាយដេតតាំងពីយូរមកហើយ រាល់ពេលយើងចេញធ្វើប្រតិបត្តិការ! ប៉ុន្តែ…”

បុរសដែលមានវ័យចំណាស់ជាងនាយបន្តិចនេះបង្អង់បន្តិចហាក់ដូចជាមានរឿងស្ទាក់ស្ទើរមិនដឹងគួរនិយាយឬអត់។ អរុណសួរតឿន៖

“ប៉ុន្តែយ៉ាងម៉េចពូ?”

“វាថាគ្រប់យ៉ាងវាធ្វើដោយបង្ខំចិត្តទេ… កាលដំបូងនោះប្រពន្ធវាសម្រាលកូន ហើយពុំមានលទ្ធភាពរកប្រាក់មកដោះស្រាយថ្លៃចាយវាយ ទើបវាដាច់ចិត្តទៅសុំលុយពីកូនចៅនាយដេតដែលវាស្គាល់ ជាថ្នូរនឹងការផ្ដល់ដំណឹងសម្ងាត់ដល់ពួកកាប់ឈើ… ក្រោយមកតម្រូវការក្នុងគ្រួសារចេះតែច្រើន វាក៏សម្រេចចិត្តបន្តដើរផ្លូវនេះដើម្បីជួយសម្រាលបន្ទុកប្រពន្ធកូន! ឥឡូវនេះយើងបានធ្វើកំណត់ហេតុ និងបញ្ជូនខ្លួនវា ព្រមទាំងកូនចៅនាយដេតទាំងអស់ដែលយើងចាប់បានទៅតុលាការ ដើម្បីដោះស្រាយបន្តហើយ! ចំណែកប្រពន្ធកូនអាបារាំងនៅឯស្រុកផ្សេងនោះក៏យើងបានទាក់ទងផ្ដល់ដំណឹងរួចហើយដែរ!”

“អរគុណពូ! ចុះសុនេត្រ? “ អរុណងក់ក្បាលតិចៗ ហើយងាកទៅរកសុនេត្រម្ដង “មានបានទទួលព័ត៌មានពីកន្លែងនាយដេតទេ?”

“នៅទីនោះយើងរកឃើញកំណាត់ឈើជាច្រើនប្រភេទ ហិបដាក់ស្បែកសត្វ និងហិបដាក់ភ្លុកដំរីជាច្រើននៅក្នុងបន្ទប់ក្រោមដី ទំនងជាបម្រុងនាំចេញទៅក្រៅប្រទេស… ក្រៅពីនេះយើងរកឃើញអន្ទាក់ និងកាំភ្លើងកែច្នៃជាងមួយរយគ្រឿង ព្រមទាំងម៉ាស៊ីនអារឈើធុនធំចំនួនដប់គ្រឿងផងដែរ! ចំណែកឯមនុស្សស្រីម្នាក់នោះ…”

សុនេត្ររារែកបន្តិច ធ្វើឱ្យអរុណបិទភ្នែកផ្ទៀងត្រចៀកចាំស្ដាប់ស្ទើរស្ទះដង្ហើម។

“មនុស្សស្រីដែលលោកនាយឱ្យរកនោះ ពួកយើងរកមិនឃើញទេ… នៅជុំវិញតំបន់នោះជាងមួយគីឡូម៉ែត្រពួកយើងបានចែកកម្លាំងឆែកឆេរដែរ តែពុំមានប្រទះមនុស្ស សាកសព ឬអ្វីដែលគួរឱ្យសង្ស័យឡើយ!”

អរុណដកដង្ហើមធំ។

សុនេត្រដើរចូលមករកនាយ ហើយហុចរបស់ម៉្យាងដែលអរុណនៅចាំបានថានាយធ្លាប់បានឃើញមុនពេលដែលនាយសន្លប់ក្រោយត្រូវរបួស។

“កូនកន្សែងដៃនេះខ្ញុំបានរក្សាទុក ឥឡូវសងលោកបងវិញ!”

មាណពឈោងដៃទទួលយកទ្រព្យសម្បត្តិលួងចិត្តចុងក្រោយមកកាន់ទុកក្នុងដៃ។ អស់កិច្ចការហើយ អ្នករាល់គ្នាក៏ចាកចេញទៅ នៅតែអរុណដែលសុំពេលនៅស្ងប់ស្ងាត់ម្នាក់ឯងមួយស្របក់សិន។ នាយនឹករឭកដល់រឿងរ៉ាវដែលកើតឡើងបន្តបន្ទាប់គ្នាយ៉ាងឆាប់រហ័សតាំងពីពេលដែលនាយមកដល់ទីនេះ រហូតដល់យប់ចេញប្រតិបត្តិការ។

“កន្សែងនេះហើយដែលខ្ញុំធ្លាប់រុំមុខរបួសឱ្យនាងកាលពីប៉ុន្មានថ្ងៃមុន… តែហេតុអ្វីបែរជាពេលនេះវានៅនឹងជើងសត្វខ្លានេះទៅវិញ? សុនេត្រប្រាប់ថាមានមនុស្សស្រីម្នាក់ដឹងថាខ្ញុំកំពុងចួបគ្រោះថ្នាក់ រួចសុំឡើងឡានមកជាមួយ បន្ទាប់មកស្រាប់តែបាត់ខ្លួន! តែក្រៅពីម៉ាល័យនិងខត្តិយា ខ្ញុំគ្មានស្គាល់មនុស្សស្រីណាផ្សេងទេនៅទីនេះ…​ នាងច្បាស់ជាខត្តិយា! ប៉ុន្តែនាងបាត់ទៅណា? ឬមួយក៏នាងចួបគ្រោះថ្នាក់?”

អរុណគិតក្នុងចិត្តតែឯង សួរសំណួរជាច្រើនចេញមកទាំងដែលដឹងថាពុំអាចមាននរណាឆ្លើយបានក្រៅតែពីនារីម្នាក់ដែលនាយនឹកដល់។

រំលងមួយខែក្រោយ មុខរបួសរបស់អរុណបានធូរច្រើនស្ទើរតែជាសះស្បើយអស់ទៅហើយ។ ល្ងាចត្រជាក់បន្តិច នាយជិះកាណូតទៅឈប់នៅកណ្ដាលទន្លេ។ អរុណលើកយកកូនកន្សែងដៃប្រឡាក់ឈាមមកស្រាយចេញ ហើយយកកម្ទេចផេះធាតុរបស់សត្វខ្លា បាចរោយទៅកណ្ដាលទឹកទន្លេស្រែពកទាំងមុខស្រពាប់ស្រពោន។ លុះរួចរាល់ ទើបនាយចេញកាណូតទៅត្រើយម្ខាងទៀត។

អនុស្សាវរីយ៍កាលពីជាងមួយខែមុន រត់រសឹបបន្តគ្នាចូលមកបញ្ចាំងក្នុងខួរក្បាលរបស់នាយ។ ទីកន្លែងនេះហើយដែលនាយបានឮសូរសម្រែកសត្វខ្លាជាលើកដំបូង… ទីកន្លែងនេះហើយដែលនាយបានចួបខត្តិយា នារីដែលនាយដាក់ចិត្តស្រឡាញ់ទាំងមិនដឹងខ្លួន។

ផ្ទៃមុខដែលធ្លាប់មានទៅដោយស្នាមញញិមរបស់អរុណពេលនេះប្រែទៅជាស្លេកស្លាំង តែពុំបានបិទបាំងភាពស្រស់សង្ហារបស់នាយនោះទេ។ ក្នុងដៃកំលោះកាន់រូបថតពីរសន្លឹក ដែលបានផ្ដិតចេញពីកាមេរ៉ាស្វ័យប្រវត្តិនាយប់ដែលនាយត្រូវរបួស។ មួយសន្លឹកជារូបសត្វខ្លាធំ ហើយមួយទៀតជារូបមនុស្សស្រីស្លៀកសំពត់បត់វែងត្រឹមស្មងជើង។ ច្បាស់ណាស់ស្រ្តីម្នាក់នេះ គឺជានារីដែលនាយកំពុងនឹកទាំងសាច់ទាំងឈាម។

“ខត្តិយា! នាងជានរណា? ពេលនេះនាងនៅទីណឹងនាងម្ដងទៀតផង ដើម្បីឱ្ម្បីឱ្យខ្ញុំបានសារភាពភាពពីទំហំចិត្តខ្លាំងណាស់ ខត្តិយា់ខ្លួនវានាំមកវិញបាន។ា? ចួបសុខឬទុក្ខ? ឬមានអ្វីកើតឡើងចំពោះនាង? ខ្ញុំពិតជានឹកនាងខ្លាំងណាស់ តើនាងមាននឹកគិតមកដល់ខ្ញុំដែរទេ? តើសត្វខ្លាធំនេះមានអ្វីពាក់ព័ន្ធជាមួយនាង? ខ្ញុំពិតជាមានសំណួរច្រើនណាស់ដែលចង់សួរនាង!”

គេនិយាយរអ៊ូៗម្នាក់ឯងបន្ត៖

“នាងដឹងទេ? ពេលនេះក្រុមទុច្ចរិតដែលកាប់បំផ្លាញព្រៃឈើនិងដាក់អន្ទាក់សម្លាប់សត្វព្រៃទាំងនោះ ត្រូវបានក្រុមឧទ្យានុរក្សយើងចាត់ការរួចអស់ហើយ! ទាំងអស់នេះក៏មានគុណសម្បត្តិរបស់នាងដែរណា៎! បើកុំតែថ្ងៃនោះនាងស្ម័គ្រចិត្តនាំខ្ញុំទៅរកឃើញកន្លែងលាក់ខ្លួនរបស់ពួកវា ម៉្លេះសមមិនដឹងថាមានព្រៃឈើប៉ុន្មានដើម និងសត្វព្រៃប៉ុន្មានក្បាលទៀតដែលត្រូវបំផ្លាញក្រោមដៃវានោះទេ!…”

នរៈបិទភ្នែកថ្នមៗ ដកដង្ហើមចូលយ៉ាងវែង ហើយងើយមុខទៅកាន់ទិសដែលព្រះអាទិត្យរៀបលិច។ នាយតាំងអធិដ្ឋានក្នុងចិត្ត៖

“ខត្តិយា! ខ្ញុំមានរឿងជាច្រើនដែលចង់ដឹងអំពីនាង! ខ្ញុំមានរឿងក្នុងចិត្តជាច្រើនដែលចង់ចែករំលែកជាមួយនាង! ឱ!ព្រៃភ្នំដ៏ស័ក្តិសិទ្ធិ…  គឺបើសិនជាលោកនេះមានអព្ភូតហេតុពិតមែន សូមឱ្យខ្ញុំបានចួបនឹងនាងនៅទីនេះម្ដងទៀតផង!”

“ខត្តិយា… បងនឹកអូន!” ទីបំផុតពាក្យសម្ដីដែលលាក់ក្នុងចិត្តនាយមកជាយូរ ក៏ស្រាប់តែធ្លោយចេញពីបបូរមាត់ដ៏ស្រស់សង្ហារបស់គេ។

ព្រះអាទិត្យបន្ថយរស្មីបន្តិចម្ដងៗ ចោលពន្លឺពណ៌ក្រហមទុំមកលើភក្ត្រអរុណ ហាក់ដូចកំពុងជួយកំលោះកម្សត់ដង្ហោយហៅម្ចាស់គ្រងបេះដូងឱ្យត្រលប់មកវិញ ។

“ខ្ញុំក៏នឹកលោកដូចគ្នា … លោកឧទ្យានុរក្ស!”

អរុណភាំងធ្មឹងសឹងលែងដកដង្ហើម ទម្រាំតែនាយអាចបើកភ្នែកឡើង ស្ទុះបែរក្រោយទៅរកប្រភពសំឡេង៖

“ខត្តិយា!” នរៈហៅឈ្មោះនាងដោយក្ដីភ្ញាក់ផ្អើល “ពិតជានាងមែន! នេះបងមិនបានយល់សប្តិទេ!”

អរុណត្រេកអរស្ទើរហោះ។ នាយទាញខត្តិយាមកឱបយ៉ាងណែន ហាក់ថាខ្លាចនាងនឹងត្រូវចាកចេញទៅណាចោលនាយទៀត។ ខត្តិយាលើកដៃមកឱបប្រាណនាយដែលពេញទៅដោយសាច់ដុំធំៗ។ បានបន្តិចនាយបន្ធូរដៃរបស់ខ្លួនវិញ ដើម្បីឱ្យអ្នកអាចមើលមុខនាងបានកាន់តែច្បាស់។

នរៈសម្លឹងមើលភ្នែកខត្តិយាយ៉ាងមុត ដូចជាកំពុងរាវរកចម្លើយនៃសំណួរជាច្រើនដែលកប់ទុកក្នុងចិត្តនាយ។ ខត្តិយាមិនល្ងង់ទេ នាងយល់គ្រប់យ៉ាងថាពេលនេះអរុណគិតអ្វី ទើបនាងនិយាយទៅកាន់ប្រុសកំពូលស្នេហ៍៖

“បងប្រហែលជាកំពុងឆ្ងល់ហើយមែនទេ ថាមានរឿងអ្វីកើតឡើងកន្លងមកនេះ? ហើយមួយរយៈនេះបាត់ខ្ញុំទៅណា?”

អរុណញញិមព្រោះឮនាងប្ដូរការប្រើពាក្យ «លោក» មកជា «បង»។ នាយឆ្ងល់ពិតមែន តែគេមិនសួរម្ដងទៀតទេ ព្រោះដឹងថានាងមុខតែនឹងនិយាយរឿងរ៉ាវគ្រប់យ៉ាងប្រាប់គេ។

ខត្តិយាព្រលែងដៃដែលឱបចង្កេះអរុណ តែបែរជាត្រូវប្រុសស្នេហ៍ស្រវាយកមកដាក់នៅកន្លែងដើមវិញ។ នាងអៀនម្ដងទៀតហើយ… គេដឹង! ព្រោះនាងលែងហ៊ានប្រឈមមុខជាមួយគេ។ កាលលើកមុននាងអៀនដោយសារតែនរៈស្រវាឱបនាងកុំឱ្យដួល តែនោះជារឿងចៃដន់ ចំណែកម្ដងនេះនាងអៀនព្រោះតែក្ដីស្នេហ៍ដែលបុរសបានបង្ហាញប្រាប់នាងដោយការតាំងចិត្ត។

មាណវីផ្អែកក្បាលលើដើមទ្រូងហាប់ណែនរបស់បុរស ហើយចាប់ផ្ដើមរ៉ាយរ៉ាប់រឿងរ៉ាវទាំងអស់របស់ខ្លួន៖

“តាមពិតទៅខ្លាធំដែលបងឃើញនោះគឺជាសត្វខ្លាដែលម្ដាយរបស់ខ្ញុំ បានជួយកាលពីដប់បួនឆ្នាំមុន! ក្រោយពេលដែលម៉ែស្លាប់ទៅ សត្វខ្លាញីមួយក្បាលនេះក៏បានត្រលប់មកវិញ ឃើញខ្ញុំនៅយំឱបសពម្ដាយ ទើបវាយកក្បាលមកត្រដុសខ្លួនខ្ញុំដើម្បីលួងលោម! តាំងពីពេលនោះមក ខ្ញុំនិងគេក៏បានរស់នៅជាមួយគ្នា ជួយមើលថែរក្សាគ្នាទៅវិញទៅមក ដោយខ្ញុំដាក់ឈ្មោះឱ្យសត្វខ្លានោះថា «ចំប៉ា»… ក្រោយមកមានថ្ងៃមួយខ្ញុំនិងចំប៉ាចេញមករកអាហារក្នុងព្រៃ ស្រាប់តែមិនប្រយ័ត្នក៏ទៅជាន់ប៉ះអន្ទាក់ទាំងពីរនាក់… ខ្ញុំខ្លាចមានគេមកឃើញ ទើបក៏ខំប្រឹងដោះអន្ទាក់ឱ្យនាងមុន… គ្រាន់តែដោះរួចភ្លាម ខ្ញុំឮសូរសន្ធឹកជើងដើរចូលមក ទើបដេញចំប៉ាឱ្យរត់ទៅពួនសិនព្រោះខ្ញុំគិតថាខ្ញុំអាចយករួចខ្លួនបាន មិននឹកស្មានសោះថាមនុស្សដែលដើរចូលមកនោះគឺជាបង!”

“អ៊ីចឹងបានន័យថាសំឡេងដែលបងបានឮនៅថ្ងៃនោះគឺជាការពិតមែនទេ?”

ស្រីតូចងក់ក្បាល៖

“​ចាស! ក្រោយមកខ្ញុំក៏បានយកកន្សែងដែលលោករុំជើងឱ្យខ្ញុំទៅរុំឱ្យចំប៉ាបន្តទៀត ព្រោះតែរបួសគេធំជាងខ្ញុំ!”

អរុណនៅស្ងៀមចាំស្ដាប់ការរៀបរាប់បន្តរបស់ស្រី។ មាណវីងើបមុខរបស់នាងដែលនៅកម្ពស់ត្រឹមដើមទ្រូងអរុណមកប្រឈមជាមួយគេ មុននឹងវាចាបន្ត៖

“នៅយប់ដែលក្រុមរបស់បងចេញប្រតិបត្តិការ ខ្ញុំមានប្រផ្នូលមិនល្អសោះ ដូច្នេះហើយទើបខ្ញុំលួចចេញពីផ្ទះពេលចំប៉ាកំពុងដេក… តែពេលដែលមិត្តរបស់បងនាំគ្នាចូលទៅកន្លែងនាយដេតនោះ ចំប៉ាស្រាប់តែលេចមុខមកដល់! ខ្ញុំមិនដឹងត្រូវធ្វើយ៉ាងណា ទើបនាំចំប៉ាចូលទៅក្នុងព្រៃវិញ! ចំប៉ាប្រហែលដឹងថាខ្ញុំបារម្ភពីសុវត្ថិភាពរបស់បង ទើបពេលដែលទៅដល់ព្រៃស្ងាត់ វាស្រាប់តែខាំទាញវល្លិមករុំខ្លួនខ្ញុំជាប់ ហើយគេរត់ត្រលប់មកវិញ!”

“អ៊ីចឹងទេតើបានជាបងឃើញរូបថតដែលនៅក្នុងកាមេរ៉ាស្វ័យប្រវត្តិមានរូបអូនដើរចេញ ហើយបែរជាថតជាប់រូបរបស់ចំប៉ាដើរចូលមក!”

អរុណថាហើយ ព្រមទាំងដករូបពីក្នុងហោប៉ៅមកបង្ហាញនារី។ ខត្តិយាអង្អែលរូបថតសត្វខ្លាដែលជាមិត្តតាំងពីកុមារភាពទាំងក្រៀមក្រំ។ នាងបន្តទាំងខ្សឹកខ្សួល៖

“ទម្រាំតែព្រឹកឡើងទើបវល្លិទាំងនោះស្វិតក្រៀម របូតចំណង ទើបខ្ញុំអាចស្រាយចេញបាន! ខ្ញុំប្រឹងដើរទៅរកគេនៅកន្លែងនាយដេត ស្រាប់តែបានឮដោយចៃដន់ពីក្រុមឧទ្យានុរក្សដែលនៅទីនោះនិយាយគ្នាថាចំប៉ាស្លាប់បាត់ហើយព្រោះតែរងគ្រាប់ជំនួសបង… ភ្លាមៗខ្ញុំទទួលយករឿងនេះមិនបាន ទើបសំងំនៅតែក្នុងផ្ទះកាន់ទុក្ខឱ្យនាង មិននឹកស្មានថាចេញមកថ្ងៃនេះស្រាប់តែបានចួបនឹងបងសោះ!”

“បងសុំទោស! ព្រោះតែបងទើបបានជា..” ពាក្យសុំទោសអរុណ ធ្វើឱ្យខត្តិយាគ្រវីក្បាលតិចៗ។

“មិនមែនជាកំហុសរបស់បងទេ! ខ្ញុំជឿថាបើអាចថយពេលវេលាវិញបាន ចំប៉ាក៏នៅតែរើសយកជីវិតមួយ ប្ដូរជាមួយនឹងជីវិតសត្វព្រៃ និងធនធានធម្មជាតិឯទៀតដែលក្រុមរបស់បងខិតខំការពារដែរ!”

ខត្តិយាងើបមកមើលមុខរបស់អរុណ រួចបន្ត៖

“ខ្ញុំពិតជាស្ងប់ស្ងែងណាស់ចំពោះវីរភាពរបស់បងព្រមទាំងសហការី ក្នុងកិច្ចការពារព្រៃឈើ និងសត្វព្រៃដែលជាសម្បត្តិធនធានធម្មជាតិ… ហើយទាំងនេះក៏ជាអ្វីដែលខ្ញុំនិងនាងចំប៉ាបានប្ដេជ្ញានឹងជួយក្នុងពេលដែលពួកយើងនៅមានជីវិតដូចគ្នា!”

“ចុះហេតុអ្វីកាលនោះពេលបងសួរ ម៉េចក៏អូនកុហកថាមិនដែលបានឃើញសត្វខ្លា?”

“បើខ្ញុំប្រាប់បងថាធ្លាប់ឃើញ តើបងនឹងឈប់សួរខ្ញុំទេ?”

អរុណភាំងនឹងសំណួរបកត្រលប់របស់នាងភ្លាម។ គេនៅស្ងៀមបន្តិចគិតឡើងវិញ។

“ច្បាស់ណាស់ថាមិនអាចទេ! ក្រុមរបស់បងប្រាកដជានឹងធ្វើការសាកសួរដេញដោលតទៀតជាមិនខាន…”

តូចតន់បង្អង់បន្តិច តែមិនចង់ឱ្យគេយល់ច្រឡំពីគំនិតរបស់នាង ទើបស្រស់ស្រីត្រូវចាំបាច់បញ្ចប់ប្រយោគរបស់ខ្លួន៖

“ខ្ញុំដឹងថាពួកបងគ្មានបំណងអាក្រក់នោះទេ! តែខ្ញុំគ្រាន់តែចង់ឱ្យនាងបានរស់នៅក្នុងជីវិតតាមបែបធម្មជាតិរបស់នាងតែប៉ុណ្ណោះ!”

អរុណទាញខត្តិយាមកឱបយ៉ាងតឹងដៃ  ព្រោះក្នាញ់នឹងស្រីតូចច្រមិចម្នាក់នេះ។ នាងហាក់ដូចជានៅក្នុងខ្លួនរបស់គេអ៊ីចឹង! អ្វីដែលអ្នកគិត មិនអាចលាក់កំបាំងពីនាងបានឡើយ។

នរៈស្រាប់តែនឹកឃើញថាគេនៅជំពាក់សន្យាមួយជាមួយខត្តិយា នាយរម្លឹកស្រស់ស្រី៖

“មែនហើយ! បងនៅជំពាក់សន្យាមួយជាមួយអូន!”

ខតិ្តយាដែលស្ថិតក្នុងដៃប្រុសស្នេហ៍ សម្លឹងមើលមុខគេដោយកែវភ្នែកស្រទន់ដូចថ្ងៃដែលរៀបលិច៖

“ថែរក្សាជីវិតរបស់បងនិងជីវិតនៅក្នុងព្រៃនេះឱ្យបានល្អរហូតទៅ… បងអាចធ្វើបានទេ?”

អរុណងក់ក្បាលពេញចិត្តជាមួយនឹងសំណូមពររបស់កែវបណ្ដូលចិត្ត។ អ្នកឱនខ្សឹបដាក់ត្រចៀកស្រី៖

“បងសន្យាជាមួយអូនក្នុងនាមកូនប្រុស! ជីវិតបង ជីវិតអូន និងជីវិតក្នុងព្រៃមួយនេះបងការពាររហូតដល់ថ្ងៃអវសាន! បងស្រឡាញ់អូន!”

ថាហើយអ្នកកំលោះឱនមុខចុះទៅថើបថ្ងាសរបស់នារីដែលខ្លួនស្រឡាញ់។ ខត្តិយាបិទភ្នែករង់ចាំទទួលស្នាមថើបដែលនាងរក្សាទុកមកជាយូរសម្រាប់មនុស្សដែលនាងស្រឡាញ់។

“អូនក៏ស្រឡាញ់បងដែរ!”

គូស្នេហ៍ទាំងទ្វេសែនកក់ក្ដៅពេញក្នុងដួងចិត្ត ដ្បិតបេះដូងរងគ្រោះត្រូវបានទទួលការព្យាបាលយ៉ាងស័ក្តិសម។ ព្រះអាទិត្យអាចនឹងលិចបាត់នៅថ្ងៃនេះ ប៉ុន្តែថ្ងៃស្អែកក៏នឹងរះឡើងវិញជាប្រាកដ នាំយកពន្លឺរស្មីនៃក្ដីសង្ឃឹមមកបំភ្លឺភពផែនដែនសីមាឱ្យបន្តបេសកកម្មជួយការពារធនធានធម្មជាតិបន្តទៀត៕

ចប់!

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*