រឿង ឯណាស្នាមញញឹម (អានហ្វ្រី)

លាក់ខ្លួននៅក្នុងទូ ដើម្បីគេចចេញពីសំឡេងរំខាន ពីការឈ្លោះប្រកែកគ្នារវាងឪពុកម្តាយរបស់នាង ជាទម្លាប់មួយ​ផាណាធ្វើមកតាំងពីអាយុបាន៥ឆ្នាំ។

ធំឡើងបន្តិច លាក់ខ្លួនក្នុងបន្ទប់អីវ៉ាន់ចាស់ៗ ដោយមាន​ចំរើនដែលជាមិត្តជិតខាងជួយកំដរកុំឱ្យខ្លាច។

មិនយូរប៉ុន្មាន ប៉ា​របស់​ផាណា ​បាន​ចាក​ចេញ​ពីផ្ទះ ដោយមិនវិលមកវិញ ។ ពេលនេះជិតម្ភៃឆ្នាំកន្លងទៅ ស្នាមញញឹម និងមុខមាត់របស់គាត់ត្រូវបានផាណាបំភ្លេច​ស្រពិចស្រពិលទៅតាមពេលវេលា។

ចាំបានត្រឹមថា យប់ដែលគាត់បានចាកចេញ ​ម្តាយនាង​បែរខ្នង ឱនដេរ ញាប់ៗ ។ គាត់មិនបានយំទេរហូតដល់ប៉ាផាណាទៅបាត់យូរណាស់ ទើបគាត់ផ្តើមជូតទឹកភ្នែក។

នោះក៏ជាយប់ដែលម៉ាក់នាងបានផ្លាស់ប្តូរ។ គាត់លែង​ជា​ម្ដាយ​ដែលទន់ភ្លន់ ​មាន​ក្ដី​ស្រឡាញ់ផ្អែមល្ហែម​ដាក់កូន​​ដូចមុនទៀតហើយ។

​គ្មាន​រឿងនិទាន គ្មាន​ទឹកមុខស្លូត គាត់បែរជា​មិន​សប្បាយ​ចិត្ត តោះតើយ និងកាច ឆេវឆាវ។ ទោះយ៉ាងណា ក៏ផាណាអរគុណ​ដែលម៉ាក់កាចតែ​បានបន្ត​នៅផ្ទះនេះជាមួយកូន ​បន្ទាប់​ពី​គាត់​បាន​សម្រេច​ចិត្តប្រកែកនឹងប៉ាថា ​មិនទៅរកស៊ីឆ្ងាយចោលកូនទេ។

នេះជារឿងចាស់មួយនៅខេត្តកំពត នាឃុំក្រីក្រមួយជើងភ្នំកំចាយ។

ខែមេសា ឆ្នាំ២០២២

ប៉ា?

បុរស​ម្នាក់​នៅ​ចំពោះ​មុខ​ផាណាពេលនេះ មិន​អាច​ក្លាយ​ជា​ឪពុកដែលព្រាត់យ៉ាងយូរ​របស់នាង​​បាន​ទេ ទោះ​បី​ជា​មានពន្លឺ​ភ្នែក​ពណ៌ខ្មៅ​ដែលនាង​បានចងចាំ។

“ស្រីណា!” សំឡេង​គាត់​ឮ​ខ្សោយជាង​សូរប៉ាខ្ញុំហៅ​ពីតូច។ ​អនុស្សាវរីយ៍រត់លេង​ឆ្ងាយៗ​របស់​នាងហើយគាត់ប្រកូកហៅមកធ្វើការផ្ទះ ឬហូបបាយ។ ផានុន ងាកមករកនាង​ ទាំងភ្នែករលីងរលោង ។ គេជាប្អូនប្រុសតែមួយគត់របស់ផាណា ពេលនេះអាយុ១៩ឆ្នាំហើយ។

កាលប៉ាទៅ ផានុននៅក្នុងអង្រឹងនៅឡើយ។ តែច្រើនឆ្នាំមកនេះ ផានុនតែងតែ​ទុករូបប៉ា និងយកមកមើលជារឿយៗ។ ប៉ាបានវិលមកវិញក្រោយពេលដែលនាងនិងប្អូនគ្មានឪពុក​ធ្លាប់ទៅហើយ។ ជាមួយនឹងសម្លៀកបំពាក់ដ៏ពភ្លក់ គាត់ធ្វើឱ្យពួកនាងច្រឡំបល់ចិត្ត​។

«ផានុន? តើផានុនពិតមែនទេ?» គាត់សួរ។

ផាណាស្ទះបំពង់ក ​គ្មាន​ពាក្យ​អ្វីនឹង​​និយាយ​ទៅ​កាន់​បុរស​ស្រវឹង​ម្នាក់​ដែល​ពាក់​មុខ​ជាឪពុក​ខ្លួនទេ។ អាស្រស់ជាមិត្តក្នុងសង្កាត់នេះ នាង​ធំឡើងស្មើគ្នា ធ្លាប់ឮគេនិយាយពីប៉ាដ៏ហិង្សារបស់ផាណា ថ្ងៃនេះបានចួបផ្ទាល់ ។ ស្រស់បាន​ដាក់ដៃលើស្មារបស់មិត្ត​នាង ក្នុងគោលបំណងចង់សម្រាលការភាំងស្លុត។

ផាណាតាំងចិត្ត​ធ្វើមាំ។ នាង​បោះជំហានឆ្ពោះទៅរកបុរសចម្លែក ធ្វើឱ្យស្នាមញញឹមចាស់លេចឡើងមក។ ទោះស្នាមញញឹមរបស់គាត់មិនស្អាតដូចដែលនាង​ចងចាំកាលពីអតីត តែ…..អាចធ្វើឱ្យជើងនាងទន់និងឈប់ដើរកណ្តាលទី។ ភ្នែកផាណាព្រិលហើយ។

«ប៉ារកកូនយូរហើយ!»

គាត់ដើរមក​ដាក់ដៃរបស់គាត់នៅលើថ្ងាសនាង​។

«ម៉ាក់ស្លាប់ហើយ!» ផាណានិយាយដោយស្ងៀមស្ងាត់ សម្លឹងមើលស្មារបស់គាត់ជាជាងមើលភ្នែកល្អក់កកររបស់គាត់។

«ហើយម៉េចចាំគាត់ស្លាប់បានមក?»

ផានុនស្រែកផងយំផង។ ឪពុក​​ងាក​មក​មើលកូនប្រុសពៅ​គាត់ ហើយស្ងាត់​មួយ​សន្ទុះ។

«គ្មានអ្នកណាត្រូវការឱ្យមនុស្ស​ដែលទៅចោលផ្ទះ វិលមកផ្ទះវិញទេ។»

ថាហើយផានុនជូតទឹកភ្នែក​ដើរបកទៅអង្គុយ​លើតុទឹកអំពៅមុខផ្ទះស្រស់។ ឪពុកស្ទាក់ស្ទើរសម្លឹង​ជុំវិញគាត់បន្តិច ខណៈអ៊ំមួយឈ្មោះឈិនជិះកង់កាត់។

អ៊ំឈិននេះជាគ្រូបង្រៀននៅសាលាទួល ឆ្ងាយប្រហែលជា១គីឡូពីភូមិនេះ ។ គាត់បកកង់មកវិញព្រោះឃើញពុកផាណា។

«សុផល?»

គាត់ហៅឈ្មោះពុកនាង ជាឈ្មោះដែលម្តាយនាង​កាលនៅរស់តែងត្រូវបានគេសួរថា «ឯណាផល?» ចូលឆ្នាំនេះមកផ្ទះទេ?

​«បងឈិន!»

ផាណាអាចធំក្លិនស្រា​នៅតាម​ដង្ហើម​របស់​គាត់។

នាង​​ឆ្លៀត​ឱកាស​ឱ្យគាត់និយាយជាមួយអ្នកជិតខាង ​ដើម្បីបាន​ចាក​ចេញ​ពី​ឪពុក​នាង។ ងាកមក ផាណាឃើញផានុនឈរក្បែរស្រស់ ហើយពួកគេសម្លឹងមក។

ផាណា​ឈានមក​ឈរ​ក្បែរស្រស់ដកលុយខ្លះហុចទៅនាង​រួចខ្សឹប៖

«អ្ហែងឱ្យលុយគាត់ ហើយប្រាប់ថា ខ្ញុំមិននៅទីនេះយូរទេ!»

ស្រស់ឈ្ងោក​សម្លឹងលុយ​រួចងាកមកមើលផានុន។ នាង​ទាញដៃផាណារួចខ្សឹប៖

«កុំធ្វើចឹងអ្ហ៎ា ហៅគាត់ហូបបាយសិនទៅ ចាំមើលសិនគាត់ម៉េចហើយច្រើនឆ្នាំនេះ!»

 រូបភាពឪពុកផាណា​ដែលកំពុងញ៉ាំបាយ និងបោកចានចោលព្រោះខឹងសម្លមិនត្រូវចិត្ត កើតឡើងញាប់ណាស់ មុនពេលគាត់សម្រេចចិត្ត​ចេញពីផ្ទះទៅធ្វើការនៅភ្នំពេញជាមួយបងស្រីគាត់។ ផានុនមិនបានឃើញរឿងនេះ តែផាណាចាំបានវាជារឿង​សេសសល់ដែលនាង​នៅឱបជាប់ដោយមិនអាចញញឹមតាំងពីកាលនៅជាកូនស្រីតូចរបស់គាត់។

«មើលខ្ញុំទៅផាណា ប៉ាក៏ស្លាប់ចោល ម៉ាក់ក៏ស្លាប់ ឯងគ្រាន់មានឪនៅមួយ!»

នេះពិតជាឆ្គងណាស់បើប្រាប់ថាផាណានៅនឹករលឹក​ បុរស​ម្នាក់​នេះ ទោះគាត់​គឺ​ជា​ឪពុក​របស់​នាង​តែ ជា​បុរស​ដែល​ទុកឱ្យ​ម្តាយនាង​ និង​ប្អូននាង ខ្លួននាង​នៅកំព្រា។

​ហើយ ច្រើនឆ្នាំ​ដែលក្លិនស្រា និងអំពើហិង្សាបាន​ឃ្លាតបាត់ឆ្ងាយ ឥឡូវ គាត់មកបង្ហាញខ្លួនវិញ នៅទីនេះនៅពីមុខនាង​នឹង​ប្អូន…ស្រវឹង ហើយ នាង​មិនដឹងថាត្រូវគិតយ៉ាងណាទេ។

ផានុនទាញបងស្រីទៅឆ្ងាយពីគេឯងរួចខ្សឹប។

«គាត់ប្រហែលជាឮរឿងយើងលក់ផ្ទះ!»

«កុំសង្ឃឹម! គ្មានចំណែកគាត់ទេ!» ផាណាគ្រហឹមដោយភ្នែកក្រហម។

គ្មានអ្នកណាដឹងទេ​ថាការធំឡើងមកជាមួយឪពុកដែលមានជាតិអាល់កុលក្នុងខ្លួនជំនួសព្រហ្មវិហាធម៌ និងទទួលខុសត្រូវងារជាឪពុក  គឺជាអារម្មណ៍ខកចិត្តនិងតូចចិត្ត​យ៉ាងណាក្នុងនាមជាកូនស្រីច្បង។

ការខកចិត្តដែលគាត់បំផ្លាញម្តាយនាង គាត់ចាកចេញ និងឥឡូវវិលមកវិញពេលនាង​ជិតរៀបការ ហើយគ្រួសារខាងប្រុសមិនដែលដឹងថា នាង​នៅសល់ប៉ាទេ។

ទោះបីផាណា ខឹង និងអន់ចិត្តចំពោះគាត់ គាត់នៅតែជាមនុស្សដែលនាង​ធ្លាប់ស្រឡាញ់។

គាត់ចោលការនិយាយជាមួយគ្រូឈិន​ហើយដើរមករកពួកគេ។

«ផាណប៉ាឈឺ ប៉ាអត់ធ្វើការបានទេ ប៉ា….»

«ផ្ទះនោះលក់សងលុយមើលម៉ែ មិនសល់អីច្រើនទេ!» ផានុននិយាយកាត់។

ស្មានមិនខុសទេ ភាពចលាចលបានក្លាយជារឿងថ្មីសម្រាប់ផាណាហើយ។ អារម្មណ៍ឆ្កួត ច្របូកច្របល់ និងក្រៀមក្រំ បានលេចឡើង តែនាងប្តេជ្ញាចិត្តមិនឱ្យរឿងមួយនេះមកបំផ្លាញជីវិតនាងទេ។

ទាំងមានអារម្មណ៍ថាអស់សង្ឃឹម ព្រោះតែពេញមួយជីវិតមកហើយនាងស្រមៃចង់បានគ្រួសារកក់ក្តៅមួយ ដូចដែលមនុស្ស​គ្រប់គ្នាចង់មាន ពោលគឺគ្រួសារជុំគ្នា​ប្រកបដោយក្តីស្រឡាញ់ ក៏ពេលនេះនាងមិនចង់បានប៉ាមកវិញទេ។

«ខ្ញុំមានលុយប៉ុណ្ណឹង ប៉ាយកទៅ!»

នាងឆក់ពីស្រស់ហុចទៅគាត់។ គាត់សម្លឹងមិនទទួល​នាង​រុញចូលហោប៉ៅគាត់និងបែរខ្នង​ដើរចេញ។

ផានុន​មិនមើលមុខបុរសដែលគេបាននឹកយូរណាស់មកហើយទេ។ គេធ្លាប់ទុករូបថតគាត់ ព្រោះមិត្តនៅសាលា​តែងតែ​ដៀលប៊ូលីថាអាកូនអត់ឪ តែពេលគាត់វិលមកវិញ គេដល់ពេលលែងត្រូវការប៉ាហើយ។

ចាប់ពីពេលនោះមក អ្នកទាំងពីរមិនដែលឃើញគាត់មកកំពតទៀតទេ។

ដល់ថ្ងៃរៀបការ ផាណានិងផានុនបានបារម្ភថាគាត់នឹងមកបង្ហាញខ្លួនអុកឡុកទាមទារលុយ​តែក៏មិនឃើញ។

មួយឆ្នាំក្រោយមក  ខែមេសាឆ្នាំ២០២៣។

អ៊ំឈិនបានមកដល់ផ្ទះថ្មីរបស់ផាណាដែលទិញរម្លស់ជាមួយប្តី។

«បងផលស្លាប់ហើយ! សពគាត់នៅវត្ត រង្ស៊ីអូរដា »

ធម្មតាទេ​ដែលនាងមិនចង់ដឹងឮតែនេះជារឿងដែលនាងត្រូវដឹង។

ផានុនមិននៅទេ គេជាប់ឡើងទៅរៀននៅភ្នំពេញ។ ផាណា​មានផ្ទៃពោះ៧ខែហើយ នាង​ច្បាស់ណាស់ថាមិនទៅ​បុណ្យសព បានជាមិនសួរថា គេធ្វើបុណ្យគាត់នៅឯណា។

នាង​ឈ្ងោកមុខគេចពីអ៊ំឈិនហើយ​រាវរកកាបូប៖

«ខ្ញុំចូលបុណ្យគាត់ខ្លះអ៊ំតែខ្ញុំមិនបានទៅទេ!»

អ៊ំឈិនសម្លឹងលុយ​ហើយនៅទីទើរ។

«ប្តីខ្ញុំ គាត់មិនដឹងរឿងខ្ញុំនៅប៉ាទេ ខ្ញុំខ្ជិលរញ៉េរញ៉ៃ!»

អ៊ំឈិនងក់ក្បាល គាត់សម្លឹងនាឡិកាលើជញ្ជាំង ម៉ោង១១ជាងហើយ ប្តីនាងជិតមកផ្ទះមែន បើនៅមានតែត្រូវនាងដេញឥឡូវហើយ។

ទោះជាត្រៀមចេញ​ទៅតែគាត់មិនអស់ចិត្ត​ក៏បកមកវិញ។

គាត់និយាយតិចៗខ្សឹបៗខ្លាចមាន​គេឮ៖

«ផាណា អ៊ំចង់ប្រាប់ថា ក្មួយកុំខឹងឪពុក!»

«ខ្ញុំអត់ខឹងគាត់ទេអ៊ំ ចិត្តខ្ញុំសាបឈឹង ពិបាកពន្យល់ណាស់អ៊ំ»

អ៊ំឈិនអេះអុញមិនដឹងថាយ៉ាងណាក៏ចាកចេញ។

ដល់ថ្ងៃនេះជិតចូលឆ្នាំខ្មែរហើយ ប៉ារបស់ផាណាស្លាប់បាន៨ថ្ងៃគត់ អ៊ំឈិនបានផ្ញើសំបុត្រមួយមកតាមស្រស់អ្នកលក់ទឹកអំពៅ។ ក្នុងនោះគាត់សរសេរឡើងវែង៖

«ផាណា និងផានុន! ពេលកូនទាំងពីរអានសំបុត្រនេះ អ៊ំបានចេញពីកំពតហើយ ! ប្រហែល ជាអ៊ំអាចទៅតាមរបៀបផល​ទៅ! អ៊ំចាស់ហើយ មិនអាចលាក់ឯងទៀតទេ កាលពីជិតម្ភៃឆ្នាំមុន កំហុសធំ​ដែលពុកឯងចេញចោលកូនៗ គឺ៥០ ភាគរយជាគំនិតអ៊ំ! កាលនោះអ៊ំយល់ថា កុមារដែលមានអាយុក្រោម 18 ឆ្នាំរស់នៅជាមួយឪពុកម្តាយដែលស្រវឹងខួបនិងហិង្សា មិនងាយមានអនាគតល្អទេ អ៊ំបានជេរស្រីប៉ាឯង។ គាត់និងអ៊ំជាមិត្តសម្លាញ់គាត់សារភាពថាគាត់បានព្យាយាមផ្តាច់និងគ្រប់គ្រងហិង្សាចិត្ត​តែបរាជ័យ ពេលហ្នឹងអ៊ំក៏ប្រាប់គាត់ឱ្យចាកចេញ! ​ ការជួយឱ្យកូនប្រពន្ធ ​មិន​ប្រឈមមុខ​នឹង​ការ​ញៀន​របស់គាត់បានជាគាត់ទៅ!»

ទឹកភ្នែកនាង​ស្រក់ស្ងួតស្ងប់ តែឈឺធ្ងន់ៗក្នុងចិត្ត។

«ការញៀន គឺជាជំងឺ ដែលមិនមែនងាយ ប្រយុទ្ធបន្សាបទេ។ ប៉ាឯងជាមនុស្សខូចចិត្ត គាត់រងឥទ្ធិពលពីសង្គ្រាម បាត់បង់គ្រួសារ សាច់ញាតិ មានជំងឺ និងគ្មានឱកាស​បម្រើការងារសមរម្យនឹងសមត្ថភាពពិតរបស់គាត់បានជាគាត់ធ្លាក់ខ្លួន​​ស្រវឹង! តែគាត់នៅគិតកូនជានិច្ច! រហូតមកគាត់ផ្ញើលុយមកផ្ទះ តែម្តាយឯងខឹងថាគាត់មានប្រពន្ធក្រោយនៅភ្នំពេញក៏មិនព្រមនិយាយរឿងនេះប្រាប់ពួកក្មួយ! នោះជាកំហុសចាស់ៗ តែអ៊ំមិនចង់ឱ្យពួកក្មួយយល់ខុសលើប៉ា! កាលឆ្នាំមុនគាត់មកលេងមិនមែនព្រោះពួកក្មួយលក់ដីទេ ប្រហែលជាមានអារម្មណ៍ថា ជាឆ្នាំចុងក្រោយ ដែលគាត់ចង់មករស់ក្បែរកូនវិញ!»

នាង​ស្រែកយំរោទ៍ហែកក្រដាសចោល។

ការពិតទាំងនេះ ជារឿងខ្លោចផ្សាណាស់ នាង​មិនចង់ឱ្យផានុនបានអានទេ។ ហេតុអ្វីម្តាយនាង​មានៈមិនដែលនិយាយល្អពីប៉ានាង​ខ្លះប្រាប់នាង ធ្វើឱ្យនាងនិងប្អូន និងប៉ា​ដែលត្រូវទទួលស្គាល់គ្នា​វិញ បែរជាអាក់ខាន?

នាងមិនចង់បន្ទោសម្តាយឬអ៊ំឈិន ឬប៉ានាង តែនាងបន្ទោសអ្នកណា?

ប៉ានាងធ្លាប់ញញឹម នាង​នឹកឃើញហើយ!

ពេលមួយគាត់ញញឹម​នៅក្បែររបងសាលា តែនាង​ចាំគាត់មកយូរពេក នាង​ខឹងនិងនាង​ភ្លេច។

ឯណាស្នាមញញឹម​ចាស់មួយនោះប៉ា?

មិនថា តាមរយៈហេតុផលអ្វីទេ ម្តាយឪពុកដែលលែងលះឬបាក់បែក រមែងមិនចង់ឱ្យកូនៗក្រោមអាណាព្យាបាលរបស់ខ្លួនទទួលស្គាល់ភាគីម្ខាងទៀត​ដោយមិននិយាយចំណុចល្អ និងខ្លះថែមបង្កាច់បង្ខូចឱ្យក្មេងស្អប់គ្រួសារមុនរបស់ខ្លួនទៀត។

ការភ័យខ្លាច និងការថប់បារម្ភរបស់អ្នកនៅក្នុងរង្វង់នៃការបាក់បែកគឺខ្លាចកូនៗថ្ងៃក្រោយទៅនៅមាន​មនោសញ្ចេតនា​ជួយទំនុកបម្រុងធ្វើល្អដាក់អតីតស្វាមីឬភរិយា​?

អ្នកដែលចួបប្រទះស្ថានភាពស្រដៀងគ្នានឹងផាណាមាន​ច្រើនណាស់ សូម្បីហៅគាត់មួយម៉ាត់ចុងក្រោយ​ពេលគាត់គេងឈឺ ក៏នាងមិនមានឱកាស​ធ្វើ។

នាង​ឆ្លុះមើលខ្លួនឯងក្នុងកញ្ចក់។

«ខ្ញុំជាកូនអកតញ្ញូឬអ្វី?»

ធម្មតា យើង​​មិន​អាច​ព្យាបាល​ការ​ស្រវឹងរ៉ាំរ៉ៃ​របស់​ឪពុក​​បាន​ទេ ប៉ុន្តែ​ អាច​ជួយ​និង​ណែនាំឬគាំទ្រ​គាត់​ឱ្យ​មាន​ជីវិត​រស់នៅចុងក្រោយ​ដ៏កក់ក្តៅបាន តែនាងមិនបានធ្វើ។ មនុស្សជាច្រើនដែលមាន​បញ្ហា​បែបនេះ និយមលាក់ការពិតពីអ្នកដទៃ បិទបាំងខ្លាចគ្រួសារស្វាមីឬភរិយាខ្លួនដឹងនាំគេមើលស្រាល។

តាមថា បញ្ហាពិតមិនពិបាកដល់ម្លឹងទេ។

មកពីការខ្មាសអៀន កំហឹង ឬការមិនសប្បាយចិត្តនោះធ្វើឱ្យយើងមិនហ៊ានទទួលស្គាល់ថានរណាម្នាក់ដែលពិតជាជិតស្និទ្ធ ថែមទាំងមិនអាចជួយពួកគេដែលកំពុងតស៊ូជាមួយនឹងការផ្តាច់ញៀនស្រាឬកែខ្លួន។

ខ្ញុំទើបតែសរសេរជាលើកដំបូងចូលក្រុមMSTដែននិរតីសូមជួយណែនាំយោបល់ផង៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*