ម៉ាយ៉ាឃើញពួកយើងយកចិត្តទុកដាក់ក៏ខ្សឹបប្រាប់ទៀតថា៖
«ខ្ញុំចង់សរសេរសៀវភៅមួយ ជុំវិញវិមានពីវ!»
មិនចម្លែកទេ ដែលនារីថៃបានស្រាវជ្រាវរឿងនេះរហូតមក ព្រោះសាស្ត្រាចារ្យម្នាក់ដែលទៅដល់មុន បានស្លាប់ដោយសរសេរមិនចប់ ឯព័ត៌មានផ្សាយអំពីគាត់មុនស្លាប់ក៏មានអាការៈចម្លែកៗ ដូច្នេះ ប្រសិនបើលើកនេះ នាងម៉ាយ៉ាមកដល់វិមានពីវហើយសរសេរសៀវភៅបានពិតមែន នាងនឹងអាចលក់ដាច់ឬល្បីឈ្មោះមែន។
«បើជាប្រផ្នូលមិនល្អទេ កុំធ្វើអីការងារហ្នឹង!»
ជូរីសម្តែងការបារម្ភហើយពោលឃាត់។ ពួកយើងជាអាស៊ាន មានមូលដ្ឋានជំនឿច្រើន តែសភាពជូរីនេះជាមនុស្សមានភាពស៊ីវិល័យ មិនសមណាគិតដូចខ្ញុំដែរ។
«មនុស្សម្នាក់ស្លាប់ព្រោះការងារនេះ ម៉ាយ៉ាកុំចង់ធ្វើវាអី!»
ជូរីបន្ថែម ធ្វើឱ្យម៉ាយ៉ាធ្វើមុខក្រៀម នាងងក់ក្បាល៖
«ម្តាយខ្ញុំនិយាយដូច្នេះដែរ!»
«ចុះម៉ាយ៉ាធ្វើទេ!»
ខ្ញុំភ្លាត់មាត់សួរទៅតាមការចង់ដឹង ទោះយល់ថាអន្ទះអន្ទែងពេកក្តី។ ម៉ាយ៉ានៅស្ងៀមគិតបន្តិចទើបនិយាយ៖
«ប្អូនប្រុសខ្ញុំត្រូវទៅរៀននៅមហាវិទ្យាល័យបាងកក ហើយខ្ញុំត្រូវការលុយខ្លះ! មានថៅកែបោះពុម្ពម្នាក់សន្យាឱ្យលុយខ្ញុំច្រើនសម្រាប់ ការពិតនៅវិមានពីវ!»
«វ៉ាវ! ការពិតនៅវិមានពីវ! ចំណងជើងល្អ!»
លោកលីនិងជំនួយការគាត់ឈ្មោះវឺន បានមកចាំពួកយើងជាស្រេចនៅព្រលាន Xi’an Xianyang International Airport។ ពួកគេទាំងពីរមានរូបរាងដូចក្នុងរូបថតដែលខ្ញុំបានឃើញកាលអ៊ីម៉ែលនិងតេឡេក្រាមទាក់ទងគ្នា។ លោកលី រាងខ្ពស់ មុខក្រញូវមិនសើច អ្នកនាងវឺន ញញឹមញញែមនិងពាក់វ៉ែនតា មានរាងតូចទ្រនាប់។
ពេលនាងរាប់ចំនួនពួកយើង ខ្ញុំបានលបលួចគិតពីសុបិនដែលឃើញមាត់នាងហូរឈាម។
«ពីនេះទៅវិមានពីវ យើងត្រូវការប្រហែលជាពីរម៉ោងជាងទៀត!»
លោកលីប្រកាសធ្វើឱ្យយើងងាកមើលមុខគ្នា។ ពីព្រលានតម្រង់ទៅទីនោះមុន បានន័យថា សណ្ឋាគារពួកយើងអាចនឹងឆ្ងាយខ្លាំងបានជាត្រូវចូលវិមានពីវឱ្យហើយ។
ឡាន១២កៅអីមួយមកដល់។
ខ្ញុំឱបដៃរង់ចាំដល់វេនខ្លួនបញ្ជូនវ៉ាលិសទៅដាក់ខាងក្រោយ តែចិត្តចង់តែកញ្ជ្រោលស្រែកឡើងថា ហេតុអ្វីឡាននេះនិងឡាននៅក្នុងសុបិនដូចគ្នា?
ពេលឡើងឡានខ្ញុំព្យាយាមមិនអង្គុយក្បែរម៉ាយ៉ាទេ តែនាងឡើងមកទាល់តែបាន មិនដឹងធ្វើម៉េច បន្ទាប់មកខ្ញុំក៏ហៅជូរីតែម្តង មិនចង់ឱ្យវីណាជនជាតិសិង្ហបុរីមកអង្គុយទេ កុំឱ្យគ្រប់យ៉ាងដូចក្នុងយល់សប្តិពេក។
«ញ៉ាំស្ករមួយទៅ!»
ចាលើមហុចបន្ទះស្ករបៀមមួយមកខាងមុខនេះ បង្ហាញថាពួកគេពិតជាមកនៅពីក្រោយពួកយើងមែន។ ពេលឡើងមកមិនបានឃើញសោះហ្នឹង។
ខ្ញុំមិនបានទទួលស្ករតែងាកទៅឃើញជីងកំពុងពាក់កាស ញាក់ចិញ្ចើមញញឹមដាក់ខ្ញុំ។ មនុស្សជីងនេះរីករាយណាស់។ ភ្លាមនោះងាកមកប្រទះអេហ្គូសម្លឹងខ្ញុំយ៉ាងចម្លែក។ គេនេះឡើងមកតាមក្រោយ ហើយនៅរង់ចាំឱ្យចាលើមលើកសាក់កាដូចេញនឹងអាលគេមកអង្គុយ។
ចាំបាច់អីមើលខ្ញុំចម្លែកៗ?
ខ្ញុំងាកមុខចេញវិញធ្វើស្មើ។ មិនមែនស្អប់ចរិតម្នាក់នេះទេ តែខ្ញុំនឹកឃើញរឿងក្នុងយល់សប្តិ។
«ខ្ញុំមានលក់ស៊ីម! អ្នកណាចង់បានប្រាប់ខ្ញុំ!»
ជំនួយការវឺនម្នាក់នោះប្រកាសញែកៗពីក្រោមដៃមក ព្រោះទំនងគាត់ឃើញមានប្រុសស្អាតច្រើន។
«ខ្ញុំយក!»
គ្រប់គ្នាងាកមកសម្លឹងខ្ញុំហើយ ពេលនេះទើបខ្ញុំដឹងថា ខ្ញុំប្រញាប់ពេកស្រែកឮពេកបានជា….។
ហ៊ឹម! នេះឯង ឥទ្ធិពលនៃសុបិនមិនល្អ។
អូម៉ា ជនជាតិប្រុយណេញញឹមសុភាពពីក្រោយជំនួយការវឺន ហើយនិយាយប្តូរបរិយាកាសឱ្យខ្ញុំ៖
«ស៊ីមចិនមែនទេ ខ្ញុំយកមួយដែរ!»
ជំនួយការវឺនញញឹម រួចងាកញែកផ្លូវឱ្យអូម៉ាឡើងអង្គុយក្បែរតៃកុងខាងមុខ។ ប្រុសស្អាតនេះក៏លបមកមើលខ្ញុំមួយខ្វាច់ ខ្ញុំញញឹមដាក់គេ។ តាំងពីនៅហាណូយមកដល់ស្រុកចិននេះ មិនដែលបាននិយាយគ្នាជាមួយគេមួយម៉ាត់ តែអាកប្បកិរិយាគេ សុភាពណាស់ គេជាឥស្លាមសាសនិកដ៏សង្ហានិងសុភាព។ ដោយសារនេះជាបុណ្យរ៉ាម៉ាដាន គេមិនបានញ៉ាំអីមួយក្អឹកទេតាំងពីឃើញគ្នាទល់ឥឡូវ តែគេនៅតែរក្សាអារម្មណ៍ល្អនិងញញឹមជានិច្ច។
«ខ្ញុំយកស៊ីមមួយ!»
អេហ្គូនិយាយ ខ្ញុំទម្លាក់ទឹកមុខ។ មិនមែនដោយសារតែសុបិនឱ្យប្រផ្នូលមកថាគេនេះជាអាធិរាជចិនទេ តែខ្ញុំមានអារម្មណ៍ចម្លែកជាមួយគេ។
«អូម៉ានៅមុខ ខ្ញុំទៅបានម្នាក់ទៀតទេ?» ជននេះសួរទៅនិស្សិតប្រុយណេ។
«ទៅឱ្យស្រឡះទៅ!» ខ្ញុំគិត។
«មកបាន!» អូម៉ានិយាយទាំងងាកមកញញឹម។ ខ្ញុំធ្វើមិនដឹងបែរមុខចេញមិនចង់ឱ្យភ្នែកប៉ះគ្នាជាមួយដំណើរបុរសសិង្ហបុរីទេ។
ពីរម៉ោងនៅលើឡាននេះ យើងម្នាក់ៗទទួលបានអាហារមួយប្រអប់ មាននំប៉ាវនិងកាហ្វេកញ្ចប់។ ម្នាក់ៗស្ងាត់មាត់ ដោយសារហត់នឹងការធ្វើដំណើរ។
លោកលីមិនបានជិះជាមួយយើងទេ គាត់ទៅមុនជាមួយកូនឡានរបស់គាត់ ដែលរំលែកវ៉ាលិសពួកយើងទៅខ្លះ។ អ្នកស្រីជាជំនួយការរបស់គាត់បានប្រាប់ពួកយើងថា លោកលី នឹងទាក់ទងមន្ត្រីនៅសារៈមន្ទីរវិមានពីវជាមុនបើកផ្លូវសម្រាប់ពួកយើង។
«វិមានពីវនេះ មិនងាយទទួលអ្នកណាមកសិក្សាទេ! លើកលែងតែមានការអន្តរាគមពីភាពចាំបាច់នៃសាកលវិទ្យាល័យសិល្បៈរដ្ឋ!»
ស្ត្រីជាជំនួយការខំឧទ្ទេសនាមឱ្យពួកយើងទាំង៨នាក់ដឹងថា ខ្លួនជានិស្សិតសំណាងនិងសំខាន់ដែលបានជាប់ឱកាសមកទស្សនកិច្ចសិក្សាទីនេះ។
នាងបន្ថែមទៀតថា៖
«៥នាទីទៀតយើងដល់វិមានពីវហើយ!»
គ្រប់គ្នាក្រោកមកអង្គុយត្រង់វិញ។
អាកាសនៅខាងក្រៅស្រាប់តែត្រជាក់ជាងដែលបានគ្រោងទុក។ ម្នាក់ៗពាក់អាវក្រៅនិងរុំកកន្សែងដំណាលៗគ្នា។ វិមានមន្ត្រីពីវ មានទីតាំងព័ទ្ធជុំវិញដោយព្រៃឫស្សីនិងបឹងមួយគូអមសងខាង ដែលស្ងប់ស្ងាត់ក្រោមស្រទាប់ព្រិលស្រអាប់ត្រជាក់។
សារៈមន្ទីរអតីតជាវិមានមន្ត្រីកំផែងទី៥ អណ្តែតស្រគត់ស្រគំក្រោមផ្ទៃមេឃថ្ងៃត្រង់ដែលឈានដល់រសៀលដោយស្រទោស្រទុំ។
នេះទំនងជាលំនៅដ្ឋាននៃមន្ត្រីជំនាន់មហាអធិរាជទីមួយដែលសេសសល់ក្រោយពីរសហវត្សរ៍ និងរក្សាបានដោយប្រុងប្រយ័ត្នបានជាគេកម្រទទួលភ្ញៀវ។
«តើរដ្ឋាភិបាលចិនចង់ឱ្យពួកយើងនិយាយអ្វីទៅកាន់ពិភពលោកអំពីវិមាននេះ?»
វីណាពោលសួរឡើងទៅកាន់អ្នកស្រីវឺន ធ្វើឱ្យពួកយើងងាកចូលមកក្នុងឡានវិញរង់ចាំចម្លើយ។ ជំនួយការម្នាក់នេះគ្រហែមបន្តិចសម្លឹងមកពួកខ្ញុំម្តងម្នាក់រួចឆ្លើយ៖
«និស្សិតអាស៊ានទាំង៨ ជាមនុស្សមានស្នាដៃស្រាវជ្រាវល្អៗគួរឱ្យគោរពសរសើរ! មេប្រយោគរបស់យើងខ្ញុំ បានឃើញស្នាដៃពួកអ្នក បានជាទទួលពួកអ្នកមកកាន់ទីនេះឱ្យចងក្រងប្រភេទឯកសារត្រឹមត្រូវ ផ្សាយចេញសម្រាប់បុព្វបុរសយើង កម្ចាត់រាល់ការមួលបង្កាច់ប្រាស់ចាកការពិតផ្សេងៗ»
«តែ…អ្នកសារព័ត៌មានចិនមានច្រើននិងសែនពូកែមែនទេ?» ចាលើមចោទសួរឡើង។
«ចាស៎ពិត តែយើងក៏ត្រូវការស្នាដៃអ្នកនិពន្ធបរទេសជាង សម្រាប់មកនិយាយបរិយាយអំពីវប្បធម៌យើងខ្ញុំ!» ស្ត្រីនោះតបតមកមានហេតុផលរបស់គាត់។
ដោយមិនមានសំណួរបន្ត និងដោយរថយន្តកំពុងបង្វិលជុំក្នុងល្បឿនយឺតៗរកចំណត អ្នកស្រីវឺនរៀបរាប់បន្តថា៖
«វិមានលោកម្ចាស់ពីវ ត្រូវបានទុកថា ជាតំបន់បេតិកភណ្ឌជាតិរបស់ប្រទេសចិន និងកំពុងសុំចូលជាផ្នែកមួយនៃតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ! សូមមើលពីខាងនេះ បន្ទាប់ពីជួសជុលដាក់ថ្នាំការពារនិងបន្ថែមគ្រឿងទ្រទ្រង់ ទីនេះត្រូវបានប្តូរឈ្មោះកាលពីឆ្នាំ២០០១ថា ជាសារៈមន្ទីរកំផែងទី៥។»
ចាលីមសួរទៀត៖
«មានសាស្ត្រាចារ្យថៃម្នាក់ ឈ្មោះK.Sakhon ធ្លាប់មកស្រាវជ្រាវសរសេរសៀវភៅនៅទីនេះ អ្នកស្រីវឺនបានចួបគាត់ទេ?»
ខ្ញុំលបមើល ឃើញគាត់ថ្លោះទឹកមុខ។ ចម្លើយមួយអាថ៌កំបាំងគឺ អ្នកស្រីនេះដឹងរឿងជនជាតិថៃដែលស្លាប់មុនសរសេរសៀវភៅចប់។ តែគាត់មិនសារភាពការពិតទេ គាត់ឆ្លើយឡើង៖
«មានមនុស្សមកគួរសមដែរ ជនជាតិថៃក៏មកច្រើន ចាំខ្ញុំរកនឹកបន្តិចសិន!»
ខ្ញុំមិនយល់ទេ មានរឿងអ្វីបានជាគាត់ចាំបាច់កុហកចាលើម។
ជនជាតិថៃប្រុសនៅពីក្រោយខ្នងខ្ញុំក៏និយាយប្រាប់ទៀត៖
«ទៅដល់ផ្ទះបានបីថ្ងៃគាត់គាំងបេះដូងស្លាប់! ពេលនោះ ឮថា គាត់ព្យាយាមសរសេរសៀវភៅមួយមានឈ្មោះថា មន្ត្រីកំផែងទី៥!»
«អូ ចូលរួមសោកស្តាយផង! អឹះ ពួកយើង ដល់កន្លែងឈប់ហើយ!»
អ្នកស្រីវឺនបង្វែរការតាមដានពីខ្ញុំ។
«គ្រប់គ្នាទុកវ៉ាលិសនៅណេះបាន យកតែរបស់ស្រាលៗបានហើយ ព្រោះទីនេះធំ យើងត្រូវដើរឆ្ងាយដែរ!»
គាត់បើកទ្វារហើយចុះមុនគេ។ ខ្ញុំលើកទឹកអកផ្សើមបំពង់កបន្តិច ចុះតាមគេតាមឯងដោយយកកាបូបស្ពាយទៅ។
ក្លោងទ្វារធំខាងមុខនៃអតីតវិមានពីវ ធំនិងខ្ពស់ មានតែមួយបន្ទះខាងមុខប៉ុណ្ណោះ សងខាងចោមដោយផ្ទៃបឹងរាបស្មើនិងស្រអាប់ត្រជាក់។
លោកលីនៅរង់ចាំជាស្រេចដោយមានសន្តិសុខមួយក្រុមក្បែរនោះឈរនិយាយជាមួយគាត់។
«យើងត្រូវឆ្លងកាត់ការឆែកជាមុនទើបចូលបាន!»
លោកលីប្រកាស។
គ្នាយើងទាំង៨នាក់ដូចជាទម្លាប់អស់ទៅហើយនឹងការឆែកឆេរអស់ទាំងនេះ ដូច្នេះក៏ឆ្ពោះទៅកន្លែងឆែកដែលមានម៉ាស៊ីនរាវដោយដៃ និងមានអ្នកឆែកស្រីប្រុសពីរនាក់។
«តោះ យើងមានពេលពីរម៉ោង ហើយចាកចេញមុនថ្ងៃលិច!» លោកលីប្រាប់ក្រោយពេលយើងទាំងប្រាំបីបានឆ្លងកាត់ការឆែកពិនិត្យ។
កូនកាំបិតរបស់អ្នកណាមិនដឹងទេត្រូវបានគេដកហូតបោះចូលកញ្ច្រែងមួយនៅក្បែរតុឆែកឆេរ ថែមទាំងមានឃើញដែកភ្លើងមួយផង។ អ្នកណាយកមក? យកមកការពារខ្លួន បើគ្មានអ្នកជក់បារីផង?
ខ្ញុំមិនមានពេលគិតទេ ព្រោះគេចាប់ផ្តើមដើរទៅក្នុងកំផែងហើយ ក្រោមការនាំមុខដោយលោកលី ចំណែកអ្នកស្រីវឺនដើរលាយឡំជាមួយយើង ហើយសន្តិសុខពីរនាក់នៅជាមួយលោកលី ២នាក់ទៀតដើរតាមមកពីក្រោយក្រុមយើង។
ពួកគេប្រដាប់អាវុធ។ វត្តមានពួកគេនិងភាសានិយាយស្តីកំបុតកំបុយរបស់លោកលី មិនបានជួយសាងអារម្មណ៍ល្អមកឱ្យពួកយើងទេ ខ្ញុំយល់ថា បើពួកយើងទាំង៨មិនមានចិត្តចង់សរសេរសៀវភៅ ក៏គ្មានអ្នកណា ព្រមមកកន្លែងស្ងាត់នេះ ជាមួយខ្មាន់កាំភ្លើងហែហមដែរ។
គោលដៅពេលនេះ ពួកយើងចាប់ផ្តើមដើរពីភាគខាងត្បូងទៅរកភាគខាងជើង សំដៅវិមានខាងក្នុងដែលឈរនៅលើអ័ក្សកណ្តាលរវាងសាលធំបី មួយកណ្តាលខ្ពស់ជាងគេនិងមានកំពូលកណ្តាលត្រដែតត្រដឹម។
ពីច្រកចូលធំឆ្ពោះទៅទីនោះ ខ្ញុំគិតថាមិនក្រោម១៥០ទៅ២០០ម៉ែត្រទេ។
បឹងអមសងខាងដំណើរពួកយើង។
ដ្បិតតែទិដ្ឋភាពល្អ និងធម្មជាតិស្រស់ដូចមានការថែទាំប្រចាំ តែយើងមិនមានអ្នកណាហ៊ានឈប់ថតទេ។ លោកលីនិងសន្តិសុខដើរលឿនស្លេវនិងត្រង់ផ្លូវណាស់ ប្រៀបបីដូចជាធ្លាប់ហាត់ទ័ព។
លុះចូលមកកាន់តែកៀក យើងឃើញវិមានកណ្តាលមានខ្លោងទ្វារ៣ ដាល់ស្លាកថា សាលជំនុំការ។
«ខ្ញុំបានឃើញទីនេះមុនពេលយើងមកដល់» ខ្ញុំងាកប្រាប់ម៉ាយ៉ា។
«ត្រូវហើយ តាមទស្សនាវដ្តីអនឡាញ!!! ស្មាន search តែម្នាក់ឯង?» ជីងនៅក្បែរទៀត? ហើយនិយាយឌឺខ្ញុំទៀត។
លោកលីងាកមកបញ្ឈប់ការលេងសើចរវាងពួកយើង៖
«ទាំងអស់គ្នា! នេះពីដើមហៅថា សាលស័នឆេងដែលប្រវត្តិសរសេរថា សម្រាប់មន្ត្រីពីវ អង្គុយជំនុំធ្វើកិច្ចការរដ្ឋ! ជាធម្មតាគាត់អង្គុយធ្វើការ និងបើកសវនាការជាមួយកូនទ័ពនៅទីនេះ។ បន្ទប់ខាងលិច ជា ការិយាល័យ លេខាធិការដ្ឋាន គឺពួកមេទ័ពតាមមុខងារ ចែកគ្នាធ្វើការ! ដោយសារគាត់ជាមន្ត្រីព្រំដែនថ្នាក់ទីបី ផ្ទះនិងអង្គភាពត្រូវបានអនុញ្ញាតឱ្យមានទីតាំងបរិវេណតែមួយ! ពីតំបន់នេះទៅកាន់ព្រំដែន ត្រូវចំណាយពេលច្រើន! ឯខាងឆ្វេងដៃនេះ ហៅថាវិមានតូច ជាកន្លែងគ្រួសាររស់នៅឯកជន។»
ដ្បិតថាត្រូវបានឱ្យឈ្មោះជាវិមានតូច តែសម្លឹងទៅខ្ញុំនៅតែសង្កេតឃើញប្រណីតភាពដ៏ស្កឹមស្កៃនិងស្តុកស្តម្ភ។
បណ្តាសសរទាំងអស់ ធំគ្រាក់និងរលោង។ ក្បាច់នីមួយៗជាពពួកបក្សាសួគ៌និងស្តេចម្រឹគ។ អក្សរចិនខ្ញុំលាយឡំនៅក្នុងចម្លាក់ ខ្ញុំមិនចេះ មើលមិនដាច់ តែខ្ញុំគិតថា គេឆ្លាក់បានយ៉ាងវិចិត្រ។
ឆឹប!
ម៉ាយ៉ាថតក្បាច់ឆ្លាក់និងតួអក្សរបុរាណទាំងនោះដោយយកចិត្តទុកដាក់ណាស់។ ជនជាតិថៃទាំងពីរពិតជាប្រាកដប្រជាក្នុងការចងក្រងសៀវភៅពីវិមាននេះ បានជាខ្ញុំឃើញចាលីមសសៀរទៅជជែកជាមួយលោកលីស្ងាត់ៗមិនងាយចប់ទេ។
«វីណា ខ្ញុំចង់ឡើងទៅកំពូលនោះ!»
អេហ្គូខ្សឹបជាមួយអ្នកសិង្ហបុរីគ្នាគេ តែខ្ញុំលបដៀងទៅលើកំពូលប្រសាទដូចជាប៉មចំកណ្តាលដែលសមតែគេប្រើឈរយាមកាម។
ទីនោះនៅពីលើសាលការងារខាងមុខ ចំណែកពួកយើងកំពុងឆ្ពោះមកវិមានតូចដែលជាសាលស្នាក់នៃគ្រួសារពីវ។
វីណាប្រាប់ទៅគូកនរបស់នាង៖
«មិនដឹងដែរថាគេឱ្យយើងឡើង! ចាំមើលលោកលីសិន!»
យើងត្រូវបាននាំផ្លូវចូលទៅក្នុងសាលគ្រួសារពីវតាមក្លោងទ្វារឈើមួយដែលចំហមិនបិទទេ។
ពួកសន្តិសុខចិនដែលមានឱបកាំភ្លើងបានមករាយគ្នាមាត់ទ្វារដោយមិនចូលទៅជាមួយយើងឡើយ។
«មើលចុះ!»
ម៉ាយ៉ាកេះចាលើម។
នៅខាងស្តាំដៃមានកា្តរខៀនធំមួយបិទទៅដោយសន្លឹកប្រាក់(លុយ)។ ពេលចូលមកជិត ជាប្រាក់គ្រប់ជនជាតិដែលគេបានបិទចំណាំពេលបានមកដល់ទីនេះ។
«អ្នកទាំងអស់អាចដាក់លុយលើនេះមួយសន្លឹកបាន! មួយប្រទេសមួយសន្លឹកបានហើយ!»
លោកលីប្រកាស។
ចាលើមនិងម៉ាយ៉ាប្រហែលជារកឃើញលុយថៃ ហើយពួកគេកំពុងពិនិត្យវាយ៉ាងយកចិត្តទុកដាក់។ ខ្ញុំងាកទៅឃើញវីណានិងអេហ្គូរាវរកលុយគេដែរ។
«ជារបស់គាត់ គាត់បានសរសេរទុក!»
ម៉ាយ៉ាខ្សឹបៗទេ តែខ្ញុំស្តាប់ឮហើយងាកទៅឃើញ ជូរីជនជាតិឡាវសរសៀរទៅដែរព្រោះនាងស្តាប់ថៃបាន បានជានាងនិយាយសួរឡើង៖
«ឃុនសាខនមែនទេ? គាត់សរសេរអីទុកលើលុយ?»
សាស្ត្រាចារ្យកំលោះដែលសរសេរសៀវភៅមិនចប់ម្នាក់នោះ មិនត្រឹមតែបិទសន្លឹកលុយបាតនៅទីនេះ ថែមទាំងបានសរសេរអ្វីមួយទុក?
«វិមានត្បូងដ៏អាថ៌កំបាំង!»
ជូរីអានខ្សឹបៗជាភាសាអង់គ្លេស។
«មានន័យថាម៉េច? គាត់ចង់ប្រាប់យើងថាម៉េច?»
ម៉ាយ៉ាងាកសួរចាលើម។
ចាលើមខ្សឹបវិញថា៖
«ជនជាតិចិន មិនព្រមនិយាយអ្វីទាក់ទងនិងលោកគ្រូសាខនសោះ តែខ្ញុំដឹងថាពួកគេស្គាល់គាត់។»
ខ្ញុំឮហើយ លបងាកសន្សឹមៗទៅពិនិត្យ Mr.លី។ គាត់កំពុងតែស្តាប់អូម៉ាសួរសំនួរ។ នៅលើដៃអូម៉ា មានកាមេរ៉ាធំនិងលេនវែង។ ជាម៉ាស៊ីនដ៏ថ្លៃហើយមានសមត្ថភាពខ្ពស់ក្នុងការឆ្មក់ប្រមាញ់ថត។
ខ្ញុំទាញលុយក្រដាស៥០០រៀលមក ត្រៀមថាសរសេរនិងរកកន្លែងបិទ។ អ្វីមួយចាប់ភ្នែកខ្ញុំ។
«leave this place!»
ជាអក្សរអង់គ្លេស។ ខ្ញុំងាកទៅពិនិត្យ វាជាសំណេរតូចល្អិតនៅលើលុយរូប៊ីនៃឥណ្ឌូនេស៊ី។
លើកនេះនិស្សិតអាស៊ានមិនបានមកគ្រប់១០ប្រទេស ដោយមិនមានវត្តមានម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី បានន័យថា មុនៗធ្លាប់មានគេមក បានជាមានសំណល់លុយនៅកន្លែងនេះ?
នារីម្នាក់ជាមួយអាវផាយវែងអូសដី បង្ហាញខ្លួនក្នុងសួនក្បែរបឹងឈូក។ ក្រឡេកទៅភ្លាម ខ្ញុំមានអារម្មណ៍ថាញាក់ភ្នែក ព្រោះលើបឹងឈូកគ្មានកញ្ចុះនិងគ្មានអ្នកណាទេ។
ប្រហែលជាខ្ញុំស្រមៃ ព្រោះតែមុននេះបានសុបិនដក់អារម្មណ៍រឿងអ្នកនាងពីវកាន។



1 Comment
ល្អមើលណាស់
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ