ប្រលោមលោកមនោសញ្ចេតនាទាំង ៦ របស់អ្នកនិពន្ធ ម៉ីសន សុធារី ធ្លាប់ធ្វើឲ្យអ្នកអានកក់ក្ដៅបេះដូង

បើ​និយាយ​ពី​ការ​និទាន​ដ៏​រស់រវើក​និង​ជក់ចិត្ត អ្នកអាន​ច្បាស់​ជា​នឹកភ្នក​ដល់​ប្រលោមលោក​ដែល​រមែង​អាន​ជារឿយៗ ហើយ​បើ​រំឭក​ដល់​ប្រលោមលោក​មនោសញ្ចេតនា ប្រាកដ​ណាស់​មិត្ត​អ្នក​អាន​ជា​ច្រើន​មិនអាច​រំលង​បាន​ឡើយ នូវ​ភាគនិទាន​ដ៏​លន្លង់លន្លោច​របស់​អ្នក​និពន្ធ ម៉ីសន សុធារី ដែល​បាន​ខាប​យក​ដួងចិត្ត​មិត្ត​អ្នក​អាន​ជា​ច្រើន ឲ្យ​ស្រមើស្រមៃ​ដល់​តួអង្គប្រុស​ដ៏​ស្រស់​សង្ហា។

ទន្ទឹមគ្នានេះដែរ​​ ប្រលោមលោកមនោសញ្ចេតនារបស់អ្នកនិពន្ធរូបនេះ ធ្លាប់ត្រូវអ្នកអាន​សរសើរ​មិន​ដាច់​ពីមាត់ក្នុង​ចំណោម​យុវវ័យ​ដែល​ជា​ស្រលាញ់​ចូលចិត្តការអាន​ ខណៈ​ប្រលោមលោក​ផ្សេងទៀត​ អ្នក​គាំទ្រ​ទទូច​ឲ្យ​បោះពុម្ភ​ជា​សៀវភៅឆាប់ៗ។

នេះគឺជា​ប្រលោមលោក​មនោសញ្ចេតនា ៦ ចំណងជើង ធ្លាប់​បាន​អង្រួន​ដួងចិត្ត និងកក់ក្ដៅដល់បេះដូងអ្នកអាន​​កន្លងមក​ ពិសេស​ក្រុមយុវវ័យឲ្យលន្លង់លន្លោចទៅតាមសាច់រឿង។

១ ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់

ភាគនិនាន​ដ៏ល្អឯកពីអ្នកនិពន្ធ ម៉ីសន សុធារី​ ធ្លាប់កក្រើក​លើ​វេបសាយ​ឌីជីថល​សប្បាយ​កាល​ពី​ប៉ុន្មានឆ្នាំមុន។ ត្បិត​ថារឿងនេះ​មាន​វ័យ​ចំណាស់​ និង​បាន​បោះពុម្ព​ជា​សៀវភៅ​ក្ដី។ ប៉ុន្តែមកទល់ពេលនេះ “​ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ”​ នៅតែជា​ប្រលោមលោកល្អឯក បំភ្លេចមិនបាន​ពី​សំណាក់​អ្នកគាំទ្រជាច្រើន។

២ ស្រទន់មន្តស្នេហ៍

ភាគនិទាន​ស្នេហា​ដ៏​ស្រទន់ ទទួល​បាន​ការ​គាំទ្រយ៉ាង​ភ្ល្លូកទឹកភ្លូកដី​កាលពីឆ្នាំ២០១៧​​ លើ​វេបសាយសប្បាយ និង ធ្លាប់​​សម្រាយ​ជា​ភាពយន្ត​ល្អឯក​លើ​កញ្ចក់​ទូរទស្សន៍​CNT កាល​ពីឆ្នាំ២០១៨ ហើយ​ថែមទាំងមានអ្នក​ទស្សនា​ជា​ច្រើន​ថែមទៀត។ ទោះ​យ៉ាងណា នៅឆ្នាំ២០២៣ ស្រទន់មន្តស្នេហ៍ បានសម្រេចចេញជាសៀវភៅក្រោមការស្នើសុំពីអ្នគគាំទ្រ​ប្រលោមលោកលោមចិត្តមួយនេះ។

៣ កិច្ចសន្យាស្នេហាយើង

ប្រលោមលោកមនោសញ្ចេតនា ​ “កិច្ចសន្យាស្នេហាយើង” ដែលធ្លាប់ចេញផ្សាយកាលពីឆ្នាំ ២០១៣ ពេលនេះហ្វេនៗរិតតែសប្បាយចិត្តខ្លាំងជាងមុន​ បន្ទាប់​ពីបានដឹងថា រឿង​ស្នេហា​កក់ក្ដៅ​រវាងកូនប្រុសទោល​នៃត្រកូល​អ្នកនយោបាយ​និងគ្រូបង្វឹក​បង្ហាញ​ម៉ូដ បាន​លេច​ចេញ​ជា​សៀវភៅ​ហើយកាលពីពេលថ្មីៗនេះ។

៤ ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ

គូស្នេហ៍កញ្ញាសន្យានិងទេវបុត្រ Lorenzo បន្សល់​ស្លាកស្នាម​ស្ថិតស្ថេរ​ក្នុង​បេះដូង​នៅឡើយ។ ទោះស្នេហ៍ឆ្ងាយហួសជើងមេឃ ជា​ប្រលោមលោក​ស្នេហា​របស់​តួឯកស្រី​ដែល​មាន​ភក្ដីភាព ​ត្បិត​ថា Lorenzo បាន​បាត់បង់​ការ​ចងចាំ​ក្ដី ប៉ុន្តែភក្ដីភាពរបស់សន្យា នៅតែចងចាំ នៅតែរលឹកពីស្នេហាដែលនាងមានចំពោះភាគីម្ខាងទៀតដដែល។

៥ បេះដូងមេគង្គ

រឿងស្នេហាពីកម្លោះឌូបៃនិងប្អូនថ្លៃស្រីមកខេត្តស្ទឹងត្រែង បានអង្រួនដួងចិត្តមិត្តអ្នកអានដែលបានអានប្រលោមលោកមួយនេះ សុទ្ធតែសរសើរដូចៗគ្នា។ ជាមួយគ្នានោះដែរ សូម្បីតែតារាប្រុស​បឺរី​ក៏ទាក់ចិត្ត​ចង់ក្លាយជាតួឯកប្រុសក្នុងរឿង “បេះដូង​មេគង្គ” ស្របពេលដែលកាលណោះលោកបានលើកសរសើរថា​ ​ជាសៀវភៅដែលអាន​ស្លុងអារម្មណ៍ខ្លាំងបំផុត។

៦​ ស្រលាញ់បងជ្រៅជាងសមុទ្រ

ប្រលោមលោកភាគបន្តពី បេះដូងមេគង្គ បានបន្ត​ប្រទាក់ប្រទង​គ្នា​ធ្វើឲ្យអ្នកអាន​រិតតែចង់ដឹង​ខ្លាំងពី​ប្រវត្តិ​ពិត​របស់បុត្រា​ច្បង​សេដ្ឋី​ដែនកោះ​ក្នុងរឿង ​ស្រលាញ់បងជ្រៅជាងសមុទ្រ។ ភាគនិនានដ៏វិសេស​មួយនេះ ក៏ត្រូវអ្នកគាំទ្រទទូច​ឲ្យមានភាគ​បន្ត បន្ទាប់ពី​ស្នេហាកម្លោះកូនច្បងនិងប្អូនប្រុសម្ចាស់កោះជាប់ជំពាក់ចិត្តលើមនុស្សស្រីតែមួយ៕

កញ្ញា គ្រាប់ជី

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*