វ៉ាស!
ជូរីស្រែកហើយរត់មកក្រោយខ្នងម៉ាយ៉ា។
«កណ្ដុរ!» លោកលីចង្អុលហើយសើច។
សត្វកកេរដែលបង្កើតភាពភ័យរន្ធត់មិនសមហេតុផលឱ្យក្រមុំឡាវ មានទំហំធំតែរត់លឿន។ ប្រសិនបើវាស្ថិតនៅខាងក្នុងកន្លែងងងឹតវិញ គ្មានអ្វីអស់សំណើចទេ ព្រោះខ្ញុំក៏នឹងភ្លាត់មាត់ស្រែកដោយភ័យខ្លាចជាងជូរីផង។
ដែលគួរឱ្យចាប់អារម្មណ៍ គឺនៅពេលងាកទៅ ខ្ញុំប្រទះឃើញចាលើមបែកញើស។
ធាតុអាកាសមិនក្តៅសូម្បីតែបន្តិច។
គេបែកញើសនិងតាមសម្លឹងកណ្តុរតូចៗពីរបីរត់តាមមេវា។
«ចាលើមខ្លាចកណ្តុរដែរដឹង?»
ខ្ញុំថាឱ្យពីក្រោយខ្នង គេហាក់បីដូចជាភ្ញាក់ងាកមកតិចៗ តែមិនមើលខ្ញុំចំទេ។
គេនៅដំអក់ឱ្យអ្នកដទៃដើរទៅផុត ខ្ញុំដើរជិតដល់គេទើបគេងាកសួរតិចៗឡើងថា៖
«វីរីយ៉ាដែលដឹងរឿងទណ្ឌកម្មកណ្ដុររបស់ស្តេចឈីងទេ?»
ស្នាមញញឹមខ្ញុំស្ងប់ហើយរលប់បន្តិចម្តងៗ។ ទារុណកម្មរបស់ពួកស្តេចអស់នោះ អសិរ្ពិសបំផុតលើលោកនេះ តើខ្ញុំរីករាយម្តេចបាន?
ទោះណាជាបេះដូងមួយនេះ រំភើបពេលបាននិយាយជាមួយចាលើម តែពិតណាស់ រឿងកណ្តុរខ្ញុំធ្លាប់ដឹង។ អ្នកទោសត្រូវគេចងទុកឱ្យកណ្តុរឆីដល់ស្លាប់។ មានទិន្នន័យដែលគួរឱ្យខ្លាចជាងនេះទៀតផង។
«ធ្លាប់ឮ! គេនិយាយថា ពួកវាំង ចាប់អ្នកទោសឱ្យធ្វើជាចំណីកណ្តុរសត្វកណ្ដុរ!»
មុខគេស្លេកងាំង គឺឃុនចាលើមនេះឯង។ ធម្មតាខ្ញុំយល់ថា ស្ត្រីយើងមានការភ័យខ្លាចខ្លាំងជាង តែបើសម្តីខ្ញុំប៉ណ្ណឹងវាធ្វើឱ្យបុរសក៏ភ័យខ្លាច ខ្ញុំរាងឆ្ងល់បន្តិច។
ផាច់!
អូម៉ាវាយស្មាគេឱ្យដើរបន្ត មិនសមចាលើមភ្ញាក់របូតគម្របកាមេរ៉ាទេ។
ដោយបង្ហាញថា ទីនេះផ្តល់មកពួកយើងនូវសម្ពាធច្រើនឡើងៗ ខ្ញុំសម្រេចចិត្តថា ប្រយ័ត្នរាល់ការនិយាយសម្តីបន្តិច។
នៅចុងស្ពានមានទ្វារមួយទៀត។
ទ្វារឈើតែមិនមែនបុរាណទេ។
វាលាត រលោងនឹងធ្វើសម័យកាលណាក៏បាន ភ្ជាប់ដោយច្រវាក់ធំពីរសងខាងនិងមេសោចិនពណ៌សំរឹទ្ធិ។
លោកលីមានកូនសោ។ ក្រោកក្រាកៗគាត់ចាក់រួចក៏រុញទ្វារចំហ។
មិនងងឹតឬមានក្លិនដូចយើងគិតទេ។ ខ្ញុំមិនចង់ចូលឡើយពីដំបូង តែឃើញខាងក្នុងមានតុវែងនិងកៅអី។ មានកំសៀវអគ្គិសនីនិងពែងថ្មរៀបចំលើតុស្រេច។
«អញ្ជើញ! ខ្ញុំឆុងតែ!»
គាត់កាន់កំសៀវអគ្គិសនីទៅកាន់ស៊ីងរ៉ូប៊ីណេដូចធ្លាប់មកទីនេះស្ទាត់។ ពិតណាស់! បើពុំដូច្នេះម្តេចគាត់មានកូនសោ?
អូម៉ាទាញកៅអីឱ្យខ្ញុំ។ គេនេះពិតជាសុភាពនិងស្ងប់ស្ងាត់។ ខ្ញុំអង្គុយទល់មុខជូរីនិងម៉ាយ៉ា។ គាប់ចួនខ្ញុំឃើញ ជូរីធ្វើមុខជូដាក់ចាលើមដែលនៅអង្គុយខាងស្តាំខ្ញុំ។ ទឹកមុខជូលីដូចចង់ប្រាប់ថា នាងហត់ខ្លាំង។
ស្នូរដាំទឹកក្តៅលាន់មកកំដរបរិយាកាស។
ម៉ាយ៉ាចុចថតឃ្លឹប ខ្ញុំងាកតាមគោលដៅកាណុង បែរក្រោយក៏ចាប់អារម្មណ៍ឃើញរូបគំនូរមួយផ្ទាំង បិទជាប់ជញ្ជាំងនៅពីក្រោយខ្នងខ្ញុំ។ នេះជាផ្ទាំងធំគួរសម ដោយមានរូបនារីបុរាណចិនម្នាក់។ នាងពិតជាមានរូបសម្រស់ដ៏ទន់ភ្លន់គួរឱ្យគយគន់ និងរូបរាងធំច្បាស់ នៅស្ទើរតែពេញផ្ទៃនៃផ្ទាំងនោះទាំងស្រុង គួរឱ្យស្តាយត្រង់នាងឈរបែរខ្នង។ នារីក្នុងរូបគំនូរ មានសក់ក្រងខ្មៅ និងធ្លាក់វែងរហូតដល់ កែងជើង។
ដៃឆ្វេងរបស់នាងកាន់ចង្កៀងគោមមួយ ចំណែកឯដៃស្ដាំកាន់ឆ័ត្រ។ បើទោះណាជារូបំនូរនេះ មិនបានបង្ហាញពីទិដ្ឋភាពនៅអមនាងច្បាស់លាស់ ព្រោះគ្រាន់ជាគំនូរគូរដោយជក់ ប៉ុន្តែសកម្មភាពពិតរបស់នារីបានធ្វើឱ្យខ្ញុំយល់ថា រូបនេះត្រូវបានផ្ដិតឡើងនៅពេលយប់។ វាគួរតែជាស្នាដៃនៃគំនូរវិចិត្រកម្មដ៏ប៉ិនប្រសប់ ដែលអាចធ្វើឱ្យ យើងទទួលបានអារម្មណ៍បានច្រើនយ៉ាងពីសកម្មភាពនាងនៅក្នុងផ្ទាំងគំនូរ គឺទីមួយដូចជានាងកំពុងស្វែងរកអ្នកណាម្នាក់ ទីពីរ នាងអាចកំពុងតែមានការងឿងឆ្ងល់ឬភ័យខ្លាចចំពោះអ្វីមួយ ហើយទីបី នាងហាក់ដូចជាកំពុងសង្ស័យ និងរុករកអ្វីមួយដែលនៅពីមុខរបស់នាង។
ទម្លាក់ភ្នែកមកចុងគែមខាងក្រោមនិងស្ដាំដៃរបស់គំនូរនេះ ខ្ញុំឃើញមានអក្សរសិល្ប៍ចិន៣តួ។
«បីតួនេះមានន័យ ថាម៉េច?»
ខ្ញុំងាកមកខ្សឹបសួរទៅកាន់អូម៉ា រួចរេសម្លឹងម៉ាយ៉ា។ ម្នាក់ៗគ្រវីក្បាលញញឹមសម្លឹងគ្នាទៅវិញទៅមក ព្រោះថា អ្នកចេះចិនពិតប្រាកដមិននៅ ទាំងអេហ្គូ វីណា និងជីង។
«កុលស្ត្រីពីវកាន!» សំឡេងរបស់លោកលីឆ្លើយតបទៅនឹងសំណួររបស់ខ្ញុំ។
ឮហើយធ្វើឱ្យខ្ញុំងាកទៅមើលគាត់។
នៅលើដៃគាត់ មានថាសឈើស្តើងដែលពោរពេញទៅដោយពែងតែក្តៅហុយ ធ្វើឱ្យពួកយើងនឹកឃើញភ្លាមថា មានក្លិនឈ្ងុយស្លឹកតែកំពុងជះមក។
ពែងទាំងប៉ុន្មានបញ្ចេញផ្សែងក្តៅៗមកប្រជែងប្រណាំងទៅនឹងអាកាសធាតុដែលចាប់ផ្តើមត្រជាក់ឡើងៗ។
«យើងនៅទីនេះដល់ពេលណា?» ចាលើមសួរលោកលី ដោយមានអាការៈមិនសុខក្នុងខ្លួន ដូចជាគេមិនខ្វល់រឿងអ្នកនាងពីវកានអ្វីទាំងអស់។
ខណៈពេលនោះ លោកលីគាត់ដាក់ពែងតែមួយៗពីមុខភ្ញៀវម្នាក់ៗ។
ខ្ញុំសម្លឹងតែថ្លាឆ្វង់ពណ៌លឿងខ្ចី និងមានអារម្មណ៍ថាចង់ញ៉ាំ ដែលមុននេះបន្តិចមិនចង់បាន មិនចង់ឃ្លានពីអ្វីទាំងអស់ ជាពិសេសមិនចង់ប៉ះពាល់ទេ របស់របរពីក្នុងវិមានពីវ។
«នេះជាបន្ទប់កសាងថ្មីសម្រាប់ទទួលភ្ញៀវទេសចរមែនទេ?»
ខ្ញុំសួរឡើងខណៈដែលអូម៉ាបានទទួលយកពែងតែរបស់គេឡើងមក ហើយចាប់ផ្ដើមផ្លុំ។ ចាលើម ងើបមុខសម្លឹងជូរី។ អ្នកទាំងពីរច្បាស់ជាមានរឿងសម្ងាត់ ទើបខ្ញុំតែងតែវាក់នឹងការសម្លឹងគ្នាទៅវិញទៅមករវាងពួកគេ។ ចួនកាលចាលើមនិងជូរីបានធ្វើឱ្យខ្ញុំនឹកឆ្ងល់ ចង់ដឹងទំនាក់ទំនងពួកគេ ក៏អាចប្រហែលជាខ្ញុំចាប់អារម្មណ៍ទៅលើចាលើម ហើយមានចិត្តប្រចណ្ឌជូរី?
ខ្ញុំចាប់ផ្ដើមជួយខ្លួនឯងកាត់ផ្ដាច់ចោលពីការគិតដ៏អត់បានការ និងអារម្មណ៍ដូចកូនក្មេងនេះ ហើយផ្តោតសម្លឹងទៅលោកលី។ គាត់ទាញកៅអីអង្គុយចំកណ្តាល សភាពដូចជា គាត់នេះជាមេគ្រួសារ។
ដោយភ្នែកសម្លឹងចាលើមជាប់ ដៃលោកលីគាត់ចាប់ផ្ដើមកាន់យកពែងបម្រុងតែនឹងលើកមកក្រេប។
«បន្ទប់នេះថ្មីមែន! ធ្វើឡើងជាងដប់ឆ្នាំហើយ! ភ្ញៀវទេសចរសំខាន់ៗបានយើងអញ្ជើញចូលមកហូបតែនៅកន្លែងនេះ! ដូច្នេះបានជាគេហៅកន្លែងនេះតគ្នាមកថា បន្ទប់ហូបតែ!»
ខ្ញុំព្រមានឡើងភ្លាមដោយចិត្តភ័យខ្លាច៖
«លោកលីមិនខ្លាចរលាកទេ?»
គាត់បានដាក់មាត់ប្របេះទៅនឹងពែងទៅហើយ ក៏ត្រូវអាក់ខានងាកមកសម្លឹងខ្ញុំវិញហើយញញឹម។
«ជនជាតិចិនចូលចិត្តរបស់ក្តៅ»
ខ្ញុំអស់សំណើច តបទៀត៖
«ពួកយើង អាស៊ីអាគ្នេយ៍ក៏ចេះញ៉ាំរបស់ក្ដៅដែរ ប៉ុន្តែត្រូវការផ្លុំសិន!»
«ជំនាញខុសគ្នា!» គាត់តប រួចក៏ឱនក្រេបភ្លឹបបង្អួតយើងជាមួយពែងទឹកក្ដៅដែលនៅហុយនៅឡើយនោះមិនខ្ចីផ្លុំសូម្បីមួយខ្យល់ណា។
ខ្ញុំចំហមាត់ងាកទៅអូម៉ា គេមិចភ្នែកដាក់ខ្ញុំហើយក៏ចាប់ផ្ដើមផ្លុំតែរបស់គេ។ ម៉ាយ៉ាវិញមិនដកអារម្មណ៍ចេញពីគំនូរទេ នាងដាក់កាមេរ៉ាចុះដោយប្រយ័ត្នប្រយែង ហើយមិនរវល់ជាមួយពែងតែឡើយ។
ភ្នែកនាងនៅតែផ្តោតមកលើរូបរាងកុលស្ត្រីពីវកាននៅពីក្រោយខ្នងខ្ញុំ។
«អ្នកណាដែលគូររូបនេះ?» ម៉ាយ៉ាដាក់សំណួររបស់នាងត្រូវចិត្តខ្ញុំណាស់ ធ្វើឱ្យខ្ញុំនេះក៏ងាកក្រោយម្តងទៀត សម្លឹងផ្ទាំងគំនូរសាជាថ្មី រួចត្រឡប់មកវិញមើលលោកលី។
ភ្នែកលោកលីក៏សម្លឹងទៅគំនូរដូចគ្នា តែខ្ញុំរកឃើញអ្វីម្យ៉ាងក្នុងកែវភ្នែកគាត់ជាសម្ងាត់ដូចជា មោទកភាព សោកស្ដាយ ស្រលាញ់ពេញចិត្តនិងឱ្យតម្លៃជាខ្លាំង ទាំងអស់នេះលាយឡំគ្នា។
«មានអ្នកតែងកំណាព្យខុសៗគ្នាអំពីគំនូរមួយនេះ!» គាត់មិនឆ្លើយនឹងសំណួរបែរជាប្រាប់ព័ត៌មាន។
«ហេតុអី?!» ខ្ញុំសួរ។
គាត់វាចាដោយមិនដកភ្នែកពីគំនូរទេ៖
«អ្នកខ្លះថា អ្នកនាងពីវកានកំពុងតែណាត់ជួបជាមួយនឹងស្តេចឈីង អ្នកខ្លះថានាងកំពុងតែរកផ្លូវរត់គេចចាកចេញពីវិមានពីវ ហើយអ្នកខ្លះទៀតនិយាយថានាងកំពុងតែស្វែងរកអាថ៌កំបាំងនៃការបាត់ខ្លួនរបស់មនុស្សនៅក្នុងគ្រួសារនាងទាំងអស់!»
«ប៉ុន្តែមួយណាពិតទៅ?» នេះជាសំណួររបស់ជូរី ប៉ុន្តែភ្នែកជូរីនៅសម្លឹងចាលើម ធ្វើឱ្យខ្ញុំត្រូវងាកមកបុរសនៅខាងស្ដាំដៃខ្ញុំជនជាតិថៃម្នាក់នោះ ចង់ដឹងថាហេតុអ្វីគេស្ងាត់មិនមាត់មិនក តែមានកិរិយាប្លែកៗជាមួយជូរី។
ដៃចាលើមទាំងដប់គឺកាន់លើពែងទាំងអស់ តើគេមិនចេះក្ដៅទេឬអី?
អាចថាគេកំពុងលង់គិតដល់រឿងរ៉ាវស្នេហាពាន់ឆ្នាំនៃវិមាននេះ ឬមួយក៏គេខំធ្វើដំណើរមកក៏ព្រោះបានអានសៀវភៅរបស់ឃុនសាខនដឹងរឿងជ្រៅជាងយើងទៅហើយ បានជាគេនៅស្ងៀមមិនមាត់មិនក ប៉ុន្តែនិយាយឱ្យខ្លីទៅគឺម៉ាយ៉ានិងចាលើម ថែមជូរីម្នាក់ទៀត អាចបានដឹងពីតម្រុយអ្វីមុនហើយចំពោះអត្ថន័យពិតក្នុងគំនូរ។
មិនមានអ្វីដែលត្រូវងឿងឆ្ងល់នោះទេ ពួកគេទំនងជាអាចបន្តសរសេរសៀវភៅរួមគ្នាឬប្រជែងគ្នាដើម្បីលក់ ព្រោះជាសាច់រឿងលក់ដាច់ទូទាំងប្រទេសថៃដែលអ្នកមកសិក្សាមុនបានស្លាប់ចោលការងារកណ្តាលទី។
ខ្ញុំដកដង្ហើមធំបន្ថែមសំណួរផ្ទួនលើជូរី៖
«ប្រាប់បានទេលោកលី ថារឿងមួយណាជារឿងពិត ក្នុងចំណោមកំណាព្យទាំងអស់?»
«ខ្ញុំមិនដឹងទេ! តែ…ផ្ទាល់ខ្លួន ខ្ញុំគិតថា កុហកទាំងបី! សរសេរព្រាវៗតាមអារម្មណ៍!»
លោកលីបានឆ្លើយមកដោយធូរល្ហុយ រួចឱនក្រេបបញ្ចប់ពែងតែរបស់គាត់ ទើបក្រោកលាន់ក្រាក ចោលកៅអីឈើនេះ ដើរសំដៅទៅរកចាក់ទឹកតែសាជាថ្មី។
«លោកពូគិតថា ពួកគេនិយាយបំភ្លៃដើម្បីយកល្បី?» ខ្ញុំតាមសួរតែមិនបានក្រោកតាមគាត់ទេ។
«ត្រូវហើយ! នៅក្នុងសង្គមចិន រឿងអំពីខ្មោចបុរាណ គឺជារឿងដែលធ្វើឱ្យគ្រប់គ្នាចង់ទិញអានជាទីបំផុត»
«ខ្មោចបុរាណ?» ខ្ញុំគិតពីពាក្យបីម៉ាត់នេះ ខណៈម៉ាយ៉ាដៀងភ្នែកសម្លឹងលោកលី។ លោកលីនៅតែឈរបែរខ្នងធ្វើការងារគាត់។
មិនឃើញមានសំឡេងបន្ត ម៉ាយ៉ាសម្លឹងទៅចាលើម រួចបន្តមកជូរី។ បីនាក់នេះ ចាប់ផ្ដើមមើលគ្នាទៅវិញទៅមកយ៉ាងចម្លែក។
ខ្ញុំបានអ្នកណាមើល? ធុញពេក ខ្ញុំងាកទៅអូម៉ា គេញញឹមដាក់ខ្ញុំហើយមិចភ្នែកទៀត។
«មិញ….ខ្ញុំឮអ្នកណានិយាយថាខ្មោច! ពួកយើងឮទេ? អ្ហះ?» ខ្ញុំសួរដាក់អូម៉ា តែសង្ឃឹមថាជនជាតិឡាវនិងថៃក៏ងាកមករួមគ្នាគិតជាមួយយើងវិញ។
អូម៉ាប្រុសស្អាតប្រុយណេ គេញាក់ស្មាបង្ហាញថា គេឮ តែគ្មានយោបល់នោះទេ។ លោកលីបានបកត្រលប់មកវិញជាមួយប៉េងតែក្តៅ។
មាត់គាត់ឆ្លើយនឹងខ្ញុំ៖
«ត្រូវហើយ! ខ្ញុំនិយាយ! គឺខ្មោច! ខ្មោចបុរាណ! អ្នកខ្លះជឿថា កុលស្ត្រីពីវកានបានស្លាប់យ៉ាងវេទនា និងក្លាយទៅជាវិញ្ញាណខ្មោចវិលវល់នៅនៅទីនេះ!»
ជូរីទម្លាក់ដៃពីពែងថ្ម ខណៈពេលមាត់ខ្ញុំនិយាយផ្ទួនពីលោកលី «ទីនេះ?»។
ដៃម៉ាយ៉ាលូករាវរកកាន់កាមេរ៉ា ទុកដូចវាជាវត្ថុសំខាន់និងសំណព្វចិត្តមួយ ចំណែកយូរីធ្វើភ្នែកដៀងភ័យភិត អាការៈនាងរេប្រស្រីសម្លឹងមួយជុំខ្លួន ធ្វើមើលតែកំពុងស្ថិតនៅក្នុងកុនកូរ៉េ ដែលតួស្រីនៅឯកោក្នុងអាផាតមិនមួយម្នាក់ឯង កណ្តាលរាត្រីហើយអំពូលភ្លើងលោតភ្លឹបភ្លែត។
ខ្ញុំនេះ ម្យ៉ាងនៅស្ងៀមអត់ធន់រង់ចាំស្ដាប់លោកលីដែលផ្តល់ហេតុផល បែរជាឃើញលោកលីឱ្យសញ្ញាទៅជូរីឱ្យនាងហូបតែ។
នាងក៏ចាប់ផ្ដើមងាកមកសម្លឹងពែងតែខ្លួនឯង ហើយនិយាយរង្វើលៗ
«ខ្ញុំមិនទាន់ស្រេកទេ!»
លោកលីលងក់ក្បាលងាកមកខ្ញុំ ហើយនិយាយ៖
«ភ្លក់វាទៅវីរីយ៉ា!»
របៀបគាត់ហៅឈ្មោះខ្ញុំដូចស្គាល់គ្នាយូរណាស់មកហើយ មិនដូចជនជាតិចិនដែលតែងមានការគួរសមចំពោះភ្ញៀវរបស់គេហៅយើងថា អ្នកនាង អ្នកស្រី ឬកញ្ញាមុនហៅឈ្មោះនោះទេ។
ខ្ញុំគិតថាមិនប្រកាន់គាត់ដែរ តែខ្ញុំពិតជាមានអារម្មណ៍ឆ្ងល់៖
«ខ្ញុំស្រេកណាស់ ប៉ុន្តែក្ដៅពេក!»
«តែក្តៅ គឺជាវប្បធម៌ និងអារ្យធម៌ខាងវិញ្ញាណរបស់ចិន! សិល្បៈហូបតែគឺជាការរួមបញ្ចូលនូវស្មារតី និងថាមពលនៃវិញ្ញាណដែលអាចគ្រប់គ្រងលោកនេះបាន!»
គ្រប់គ្នាចំហមាត់បង្ហាញថា«អត់យល់ទេ!» បែរជាលោកលីព្រងើយនឹងចម្ងល់របស់ពួកយើង មើលទៅគាត់ជក់និយាយបន្ត៖
«ទម្លាប់ហូបតែនេះ បានកើតឡើងនៅក្នុងប្រទេសចិនតាំងពីរាជវង្សថាង ហើយរឹតពេញនិយមរីកដុះដាលមកដល់មហាសុងនិងមីង! ប៉ុន្តែបានធ្លាក់ចុះនៅក្នុងរជ្ជកាលឈីង!»
គាត់ស្រងូតពេលនិយាយចប់។ ឱ! លោកអើយ បុរសចាស់ម្នាក់នេះស្គាល់យូរកាន់តែចម្លែក។
ប្រុងតែនឹងលើកទឹកតែមកសាក ងាកមកមានអារម្មណ៍ថាដៃចាលើមញ័រកន្ត្រាក់។
ខ្ញុំងើយវឹបសម្លឹងឃុនថៃម្នាក់នេះ។
ចាលើមមិនខ្វល់នឹងខ្ញុំទេ គេតក់ស្លុតមើលទៅជូរី ជាហេតុធ្វើឱ្យខ្ញុំងាកទៅភ្លាមដែរ។
ពុទ្ធោ!
ជូរីកំពុងតែគាំង។ ដំណក់ឈាមក្រហមពីរវែងឆ្វាច ស្រក់ចេញតាមភ្នែក របស់ក្រមុំឡាវ។ នាងវាសពែងតែរលំយ៉ាងឈឺចាប់។
លែងរវល់ពីប្រតិកម្មអ្នកណា ខ្ញុំធាក់ថយទាំងខ្លួនឯងនៅអង្គុយលើកៅអីទន់ជើងក្រោកមិនរួច។
«ពួកយើងត្រូវគេបំពុលហើយ!»
នេះជាអ្វីដែលខ្ញុំបានគិត។
មានអារម្មណ៍ភ្លាមថា សរសៃសក់រមាស់ស្កៀបនៅពីក្រោយស្មាខ្ញុំ ហើយមិនមែនជាសរសៃសក់ខ្ញុំឡើយ។ ខ្ញុំភាំង។
ខ្ញុំលែងដឹងថា ម៉ាយ៉ា លោកលី ឬអ្នកណាកំពុងធ្វើអ្វី តែខ្ញុំដឹងថា មនុស្សស្រីនៅក្នុងរូបគំនូរពីក្រោយខ្នងខ្ញុំមានសកម្មភាពរស់រវើក។
សក់នាងប៉ះស្មាខ្ញុំ ពន្លឺចង្កៀងពណ៌សរបស់នាងចាំងជះមកចំហៀងខ្ញុំ…ខ្ញុំស្លុត ហើយជាប់Lock។ ម៉ៃយ៉ាបើកភ្នែកក្រហម ចំហមាត់ស្រែក តែអត់ឮសំឡេងទេ។
លក្ខណៈនាងដូចជាគាំងបេះដូង ហើយលក្ខណៈខ្ញុំគឺមានអារម្មណ៍ថា ម៉ាយ៉ាសម្លឹងគំនូរកុលស្ត្រីមិនដាក់ភ្នែក ឯកុលស្ត្រីនោះកំពុងកម្រើក ប្រសិនបន្តិចទៀតនាងបែរមក ខ្ញុំនឹងត្រូវនាងចាប់ទាញចូលទៅ?
ខ្ញុំបន់ឱ្យអ្នកណាម្នាក់ ពេលនេះ! ឥឡូវនេះ មកកញ្ឆក់នាំខ្ញុំរត់ចេញ។ ប្រុសៗអស់នេះអ្នកណាក៏បាន។ ទាញយកខ្ញុំចេញទៅ….បានត្រឹមគិត។
«ឯងបានក្បត់យើង តែចិត្តយើងទុកឯងថាជាមិត្តសម្លាញ់ បានជាយើងលើកលែងឯងពីទោស១០០០ចម្រៀក ប្រទានស្រាពុលឱ្យឯង នេះជាអ្វីចុងក្រោយមួយនៃមិត្តភាពពួកយើង!»
សំឡេងមនុស្សស្រី? អ្នកណានិយាយ?
មិនមែនសំឡេងពីក្រោយខ្នងខ្ញុំទេ គឺនៅស្តាំដៃខ្ញុំ។ ខ្ញុំងាកទៅទាំងបើកភ្នែកគ្រលួង ឃើញលោកលីញញឹម បានន័យថា គាត់និយាយឃ្លាមុននេះតែជាសំឡេងមនុស្សស្រី?
មិនអស់ចិត្តគាត់និយាយបន្តទៅកាន់ជូរីដែលកំពុងពុលប្រកាច់៖
«តែសាហាយរបស់ឯង….វានឹងស្លាប់ដោយឈឺមួយពាន់កន្លែង!»
ដៃចាលើមញាក់មាត់ គេស្រែកវ៉ាស ហើយកម្រើកកៅអីដួលត្មោលទៅលើឥដ្ឋ។ ខ្ញុំឃើញលោកលីញញឹមសម្លឹងចាលើមយ៉ាងសាហាវ។ ចាលើមវារនឹងដីស្រែករកជំនួយលក្ខណៈជាមនុស្សបាត់បង់ម្ចាស់ការ។
ចំណែកម៉ាយ៉ាផ្តោតនៅតែលើរូបគំនូរ។
ពួកគេឆ្កួតហើយ ពុកម៉ែអើយជួយកូនផង!
ខ្ញុំបែរបន់រកគុណពុកម្តាយជាទម្លាប់តរៀងមក សូម្បីក្នុងយល់សប្តិមិនល្អក៏ខ្ញុំនៅតែបន់។ ពេលនេះខ្ញុំបន់ឱ្យក្រោកឡើងបាន ព្រោះខ្ញុំបាំងតែអូម៉ាមួយទេ គឺដល់ទ្វារចេញ។
ចង្រៃត្រង់ងាកមក ខ្ញុំឃើញអូម៉ាអង្គុយសរសេរNoteហើយញញឹមដូចជាទីនេះគ្មានអ្វីកើតឡើង។
សរសៃសក់លូនលើស្មាខ្ញុំកាន់តែវែងឡើងៗ ខ្ញុំស្រែកដោយបិទភ្នែក…..
«ជួយផង! ជួយ!»



1 Comment
អត់ឃើញភាគបញ្ចប់ចឹងadmin
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ