រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី១០

«មិនមែន​អាវ​ខ្ញុំ​ទេ​!» នាង​តម្អូញ តែ​ត្រូវ​ខ្ញុំ​សម្លុត​វិញ​តិចៗ៖

«អាវ​យើង​រហែក​បាត់​ហើយ​! ពាក់​អត់? ចង់​ទៅ​វិញ​ទាំង​អ៊ីចឹង​ក៏​ប្រាប់​មក​?!»

ដៃ​នាង​នៅតែ​ឱប​ខ្ញុំ​ជាប់​ដើម្បី​បិទ​បាំង​ភាព​អាក្រាត​របស់​ខ្លួន​ ​តែ​មុន​នឹង​ក្រោយ​នាង​នៅតែ​ទទួល​អាវ​របស់​ខ្ញុំ​មក​ពាក់។

ខ្ញុំ​ជួយ​ទាញ​នាង​ហើយ​រៀបរយ​ឱ្យ​នាង​ផង។

ខ្ញុំ​គិត​ថា​ចេញ​ទៅ​បើកឡាន ​តែ​វា​ហាក់​ដូចជា​យឺត​ពេល ព្រោះ​លាន់​សន្ធឹក​ឡានជា​ច្រើន​មក​ដល់។

ដៃ​នាង​ហាក់​រញីរញ័រ នាង​ប្រហែល​ជា​ដឹង​ថា​ឡាន​បង​នាង ​ហើយ​នាង​​ប្រហែល​ជា​កំពុង​ភិតភ័យ​ខ្មាស​គេ​ផង​​ដែល​ធ្លាក់​ខ្លួន​មក​ពាក់​អាវ​ខ្ញុំ។

ខ្ញុំ​ងាក​ខ្វាច់​ទៅ​ក្រៅ….ប្រាកដ​ហើយ​គឺ​ឯក​រ៉េណា​មក​ដល់….

ខ្ញុំ​លូកដៃ​ទៅ​រក​គន្លឹះ​ទ្វារ ​ឯ​នាង​លូកដៃ​មក​ចាប់​ប្រអប់​ដៃ​ខ្ញុំ​ឃាត់។

ខ្ញុំ​បែរ​មក​រក​ទាវ​នីណា ​​​នាង​សួរ​ខ្ញុំ​ភ្លាម​៖

«គិត​ម៉េច​ទៅ?!»

ខ្ញុំ​ឃើញ​ភាពព្រួយបារម្ភ​ជា​ទម្ងន់​ក្នុង​កែវភ្នែក​នាង ​ហើយ​យល់​ថា​នាង​កំពុង​ខ្មាស​បង​នាង​និង​ពួក​ដំរី​ទឹក​​។ តែ​ខ្ញុំ​ឌឺ​នាង​ជានិច្ច​៖

«គិត​អី?!»

ខ្ញុំ​សម្លឹង​ភ្នែក​ទាំងសង​របស់​នាងដោយ​ស្រទន់​ព្រោះទន់ចិត្ត ហើយ​អាណិត​លាយ​ស្រណោះ​ចំពោះ​ភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​មុននេះ​បន្តិច​​។

ទាវនីណា​និយាយ​ដោយ​អង្វករ​ហើយ​សម្លឹង​ចំ​ភ្នែក​ខ្ញុំ។ នាង​ដូចជា​ខ្មាស់បងប្រុស​នាង​ជាង​សេចក្តី​ភ័យខ្លាច​​ថា​ បង​នាង​នឹង​សម្លាប់​ពួកយើង។

ពេល​ខ្ញុំ​សួរ​ នាង​ឆ្លេ​ឆ្លា​ទឹកមុខ​ហើយ​និយាយ​យ៉ាង​ញាប់៖

«កុំឱ្យ​គាត់ចូលមក​! កុំឱ្យ​គាត់​ឃើញខ្ញុំ​របៀបនេះ​!»

នាង​គឺ​ខ្មាសអៀន​ ហើយ​​នាងនៅតែជាស្រីខ្មែរ​ពិតៗ​ដូចពាក្យនាង​ដែល​មុននេះ​ក្អេងក្អាង​ថានាង​កំពុង​នៅ​ហុងកុង​នោះ​ទេ​។

នាង​ស្លៀកពាក់​រួចហើយ ​ក៏នៅ​តែទទួល​យកស្ថានភាព​របស់ខ្លួនឯង​មិនបាន​។ ខ្ញុំសម្លឹងនាងពីលើ​ដល់​ក្រោម​ទំាង​​បេះដូង​ក្តៅ​គគុក​ ព្រោះ​វា​នៅ​ផ្ទុក​ពេញ​ដោយអំណាច​ស្នេហា។

ខ្ញុំ​ទប់​ទឹកមុខ​កុំឱ្យ​នាង​ដឹង​ថា​ខ្ញុំ​នេះ​អាណិត​នាង​ហើយ​និយាយ​សោះអង្គើយ៖

«មិន​បាច់​ភ័យ​ទេ!»

ពេលនាង​នៅតែ​សម្លឹង​មកខ្ញុំ​ម៉ក់ៗ​ហាក់​នាង​កំពុង​ទទូច​ចំ​មក​ចាំ​ចម្លើយ​ខ្ញុំ​មិច​ភ្នែកម្តង​ទៀត​ស៊ីញ៉ូកុំ​ឱ្យ​នាង​ភ័យ​។

តែ….នាង​នៅតែ​ភ័យ​ដោយ​​រេ​ភ្នែក​ចេញ​ពីខ្ញុំ សម្លឹង​ទៅ​ពី​ក្រោយ​ខ្នង​ខ្ញុំ គឺ​តាម​​កញ្ចក់ឡាន​។

ខ្ញុំ​ងាក​យឺត​សម្លឹង​​ទៅ​ក្រោយ​​ដែរ​ គឺ​ឯក​រ៉េណា​ដើរ​មក​មាំៗ…

ខ្ញុំ​រុញ​ដៃ​បើកទ្វារ​ហើយ​ដើរ​ចេញ​ទៅ។

​ចិត្ត​ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា ​រាងកាយ​ខ្ញុំ​អាច​បិទបាំង​​រូបភាព​នាង​តូច ច្រម៉ក់​ដែល​អង្គុយ​ច្រងក់​នោះ​បាន​ទោះ​បី​ឯក​រ៉េណា​ចេះ​តែ​សម្លឹង​ហួស​ទៅ​កាន់​ក្រោយ​ខ្នង​ខ្ញុំ។

«បង​ឯក!»

ខ្ញុំ​ហៅ​គេ​ដោយ​គួរសម​តែ​គេ​មិន​ចាប់អារម្មណ៍​នឹង​ខ្ញុំ​ទេ ព្រោះ​ចិត្ត​គេ​គឺ​អន្ទះសា​រឿង​ទាវ​នីណា។

គេ​ដើរ​ផុត​ពី​ខ្ញុំ​ហើយ ដូច្នេះខ្ញុំមាន​តែថយក្រោយទៀត​ដើម្បីរារាំ​ងផ្លូវ​គេ​។

ឯករ៉េណា​ឈប់​ជើង​ហើយ​សម្លឹង​ខ្ញុំពីលើ​ដល់​ក្រោម ទឹកមុខ​គេ​គឺសង្ស័យ ​ហើយ​ភ្នែកគេរេមក​ឈប់ត្រង់​កំភួន​ដៃខ្ញុំដែល​នៅហូរឈាម​​រិចៗ​ច្រើនកន្លែង​ដោយ​ត្រូវ​នឹង​ក្រចក​ស្រីឆ្នាស។

គេ​រិះគិត​ជាមួយគ្រាប់ភ្នែក​បែប​យល់ការណ៍​ ​ហើយ​លូកដៃរុញ​ខ្ញុំទៅ​ម្ខាង​ប្រុង​​ចូល​ទៅ​ក្បែរឡាន ប៉ុន្តែ​ខ្ញុំ ប្រទាញ​ដៃ​គេ​មក​វិញ​​។

ដោយ​មុននេះ​ទប់កំហឹង​គ្រប់គ្រាន់​ហើយ ឯករ៉េណា​ងើបមុខមក​សម្លក់​ខ្ញុំ ហើយ​សម្លឹងមក​សរសៃ​សក់​ប្អូនស្រី​គេ​ដែល​វែងអន្លាយ​នៅ​ជាប់​លើ​បបូរ​មាត់​ខ្ញុំ ហើយ​ប៉ើង​ទៅមក​តាម​កម្លាំង​ខ្យល់បក់​។ គេ​ខាំមាត់​និយាយ​ញ៉ុលៗ៖

«អ្ហែង​ជឿថា​អញឱ្យអ្ហែង​មួយ​គ្រាប់សំណួរ​ដេកចោល​ឆ្អឹង​នៅហ្នឹងអត់អារាជ?»

ខ្ញុំមិនឆ្លើយតប​នឹងសំណួរ​ទោសៈ​របស់គេ​ទេ​ ប៉ុន្តែ​ខ្ញុំនិយាយប្រាប់ខ្សឹបៗ៖

«នីណាមិនចង់ឱ្យបងឯងទៅឃើញគេទេ!»

ឯករ៉េណា​ទប់ជើង ​ប្រហែលគេ​គិតថា​ប្អូនស្រីគេដេក​គ្មានអាវ​ឬយ៉ាងណា ​បានជា​ភ្នែកគេ​កាន់តែ​ក្រហមដូច​ងងើកភ្លើង​ ហើយ​សម្លក់ខ្ញុំព្រឹមៗ។

ខ្ញុំនិយាយបន្ថឺ​ម​៖

«គេ​គ្មានអីទំាងអស់​!​ យើងទៅដល់ផ្ទះ​ពូផៃ​ចំពេល​មានគេ​សម្លាប់​គាត់​ បានជា​នីណាំភ័យ​ស្រែករក​បងឯក​!»

នៅតែ​មិនអាច​បន្លប់ចិត្ត​គេបាន​ទេ គេស្រែកគំហកដាក់ខ្ញុំ៖

«ចុះ​អ្ហែង​ធ្វើ​ស្អី​វា?!»

«គ្មាន​អី​ទេ! បន្លែង​គ្នា​!»

«បន្លែង​គ្នា​ធុន​ស្អី​អ្ហែង?!»

គេ​សម្លឹងមកដៃជើងខ្ញុំ​និងខោអាវខ្ញុំដែលទក់ទី​។

ខ្ញុំឆ្លើយតប​ភា្លមៗព្រោះ​ពួកដីរីទឹកនាំគ្នាដើរមក​ព្រោះតែពួកវាឮបង​ធំស្រែក៖

«នីណា​អុកឡុក​បើកឡាន​ក្រឡុក​ខ្ញុំពេលដៃខ្ញុំជាប់ចំណង ខ្ញុំគ្រឺតពេកបាន​ជា…….បងឯក​កុំឱ្យ​ពួកវា​ចូលមក ពួកអាដំរីទឹក​ណា ព្រោះ​នីណា​កំពុង​ពាក់អាវ​ខ្ញុំ!»

ឯករ៉េណា​នៅតែ​ខឹង ព្រោះកណ្តាប់​ដៃ​នៅតែក្តាប់​ តែខ្ញុំខំ​ពន្យល់​ទៅកាន់ទឹកមុខ​ទោសៈ​របស់គេ៖

«ខ្ញុំស្រលាញ់វា​ណាស់ ទាវនីណា បងឯងដឹងហើយ​!​ មុនក្រោយ​គង់តែ…..!»

គេស្រែកកាត់ខ្ញុំ៖

«ឡើង​បើក​​ឡាន​ទៅ!»

គេ​ហាក់​មិន​ចង់​ឱ្យ​ពួក​កូន​ចៅ​ឃើញ​ប្អូន​គេ​អ៊ីចឹង​ដែរ​ បាន​ជា​គេ​ដើរ​ទៅ​រក​ឡាន​ខ្ញុំ​ហើយ​ចូល​អង្គុយ​ផ្លុក​​ទុក​ឱ្យ​ខ្ញុំ​​ជា​អ្នក​បើកបរ​ម្ដង។

សម្លឹង​តាម​កញ្ចក់ ខ្ញុំ​ឃើញ​ទាវ​នីណា​នៅ​ធ្វើ​មុខ​អេះ​ម៉េះ​ដែល​បងប្រុស​នាង​ចូល​មក​អង្គុយ​ដែរ​តែ​មិន​ងាក​ទៅ​មើល​នាង​សូម្បីតែ​បន្តិច​។

ខ្ញុំ​មិច​ភ្នែក​ស៊ីញ៉ូ​នាង​សា​ជា​ថ្មី នាង​ងាក​មុខ​ចេញ​ទាំង​សម្លក់ ខ្ញុំ​ប៉ុន្តែ​​ហាក់​ស្វែង​យល់​ថា មាន​អត្ថន័យ​ស្នេហា​​នៅក្នុង​ការ​សម្លក់​នោះ​។ នាង​តូច​ជាប់ចិត្ត​និង​ការ​ថើបរបស់ខ្ញុំ​? ឬ​មួយ​នាងអៀន​ខ្ញុំ​ចាប់​តាំង​ពី​មានរឿង​ជាមួយគ្នា​? ​បើ​មិនមែន​បងនាងមកដល់ នាង​ប្រាកដ​ជា​ចប់​របស់ខ្ញុំ​បាត់​ទៅហើយ​។ តែ​យ៉ាង​ហោច​​ណាស់​ក៏​ខ្ញុំ​អាច​ដឹងបាន​ត្រឹម​ថ្ងៃនេះ​ដែរ​ថា ស្រីហក់លោត​ម្នាក់នេះ​មិនដែលមាន​ប្រុសៗ​ប៉ះ​ខ្លួនទេ​ពីមុនមក​។

«នាំគ្នា​ទៅ​ផ្ទះ​ពូ​ផៃធ្វើអី​នីណា?!

បង​នាង​សួរ​សម្លុត​ នាង​កាន់តែ​មិន​ដឹង​ធ្វើ ម៉េច​ក៏​រកលេស​និយាយ​កុហក៖

«មានឯណា…..គឺ….គេ​ម្នាក់​នេះ​ទេ​នាំ​ខ្ញុំទៅ!»

ខ្ញុំមិនដែល​ស្គាល់​ហុងកុងទេ ​ក៏មិនដែល​ស្គាល់​ពូផៃណាដែរ ឯករ៉េណា​ដឹងហើយ​បានជា​ពេលគេ​សម្លឹង​មកខ្ញុំ ខ្ញុំគ្រញែងសា្ម​មិននិយាយស្តី​ ទុកឱ្យគេពិចារណាខ្លួនឯង​ចុះ ហើយ​គេ​ក៏​ដឹង​ដែរ​ថា​ប្អូនស្រី​គេ​ខូច​កម្រិត​ណា? ​នាង​ចង់​បញ្ចូន​ខ្ញុំ​ឱ្យ​ចេញពី​ហុងកុង​ព្រោះ​ចង់​គេច​មិន​រៀបការ​នឹង​ខ្ញុំ។

ឯក​រ៉េណាដក​ដង្ហើមឃូរ​លែង​មាត់ក ខ្ញុំ​និយាយ​បន្ថែម​ឱ្យ​គេ​យល់​សាច់​រឿង​ដើម្បី​ត្រៀម​ខ្លួន​មុន៖

«ពេល​បី​នាក់​ខ្ញុំ​ទៅ​ដល់ តា​ចិន​នោះ​ត្រូវ​គេ​សម្លាប់​ទុក​លើ​មែក​ឈើ​បាត់​ទៅ​ហើយ​!»

ឯករ៉េណា​បើកភ្នែក​មូល​ក្លុំ។

«មាន​អាណា​ឃើញ​ពួក​អ្ហែង​អត់​?!»

«មាន​! គឺ​ពួក​ឃាតករសម្លាប់​តា​ចិន​នោះ! ពួក​វា​នៅ​ទីនោះ​នៅឡើយ​!»

«ហើយ​ម៉េច​បាន​វា​ឱ្យ​ពួក​ឯង​រួច​ខ្លួន!»

«វា​ប្រហែល​ជា​ខ្លាច​បង​ឯង!»

ឯក​រ៉េណា​មិន​មាត់​មិន​ក​នៅ​ត្រិះរិះ​ពិចារណា​។

មួយ​សន្ទុះ​ក្រោយ​មុន​​ពេល​ឡាន​បរ​ចូល​ផ្ទះ គេ​និយាយ​រឿង​ថ្មី៖

«ត្រៀម​ខ្លួន​ទៅ​! ឈប់​ដើរ​ទាត់​ខ្យល់​! មាន​កន្លែង​ធ្វើការ​សម្រាប់​ឯង​ហើយ​!»

លង់​ស្នេហ៍​ស្រី​ឆ្នាស​​មុន​បញ្ចប់​​បេសកកម្ម

​…..ពេញ​មួយ​ល្ងាច​នេះ​ ខ្ញុំនឹក​ដល់​ដើម​ទ្រូង​ស្រី​ឆ្នាស​ដែល​បាន​បបោសអង្អែល​ពេញ​ដៃ​ហើយ​នឹកដល់​ទឹកភ្នែក​នាង​។

ស្រី​តូច​នេះ​ពិត​ជា​មាន​សង្សារ?

​      ខ្ញុំ​នឹក​ដល់​រូបថត​នៅ​អេក្រង់​នាង​ដែល​ខ្ញុំ​បាន​ឃើញ​ដោយ​ចៃដន្យ​គឺ​ស្រដៀងគ្នា​នឹង​សុភាពបុរស​សិទ្ធី​ខ្លាំង​ណាស់?

ខ្ញុំ​នៅ​មិន​សុខ​ទេ​ខ្ញុំ​ឈែត​ទៅ​អ្នក​ដែល​ជួល​ខ្ញុំ​មក ….

«ឯក​រ៉េណា​ប្រាប់​ថា​ជិត​នាំ​ខ្ញុំ​ទៅ​ក្រុមហ៊ុន​គេ​ហើយ​!»

«ល្អ​ខ្លាំង​ណាស់! ពេល​គេ​ទុកចិត្ត​ ឯង​អាច​នឹង​លួច​បណ្ដាំ​មរតក​នោះ​មក​បាន​ហើយ​!»

​«​ឯង​ឱ្យ​ខ្ញុំមក​ស៊ើប​រក​សង្សារ​ឯង​សៅ​នីភា​ឬ​មក​រក​បណ្ដាំ​មរតក​​នោះ​?​»

«ឯង​ដឹង​ហើយ​តើ! បើ​ខ្ញុំ​បាន​របស់​នោះ​ ​ទើប​អា​ច​ដកហូត​​យកទ្រព្យសម្បត្តិ​ទាំងអស់​របស់​ប៉ា​ខ្ញុំ​មកវិញ​បាន!​ ហើយ​ពេល​ឯករ៉េណា​អស់​អ្វីៗ វា​នឹង​គ្មានអំណាចអី​បង្ខំ​នីភា​បាន​ទៀតទេ!»

ប៉ុន្តែប្រសិនបើប្រុសម្នាក់​ក្នុង​អេក្រង់របស់​ទាវ​នីណា​ដែលខ្ញុំឃើញ​នោះជា​នាយ​សិទ្ធី​ម្នាក់នេះ ​ខ្ញុំដឹង​ថា​អ្វីៗ​មិនងាយ​ស្រួល​ដូចដែល​ខ្ញុំ​ធ្លាប់​គិតនោះទេ​។

នាយនេះ​កើត​អីបានជា​ប្រើខ្ញុំចូល​មក​ទីនេះ​ប្រាប់​ថា​ ឯករ៉េណា​បង្ខំ​សៅនីភា​​​តែ​មើល​ទៅ​គេ​ទាំងពីរ​ស្រលាញ់​គ្នា​សឹង​អី?

​ចុះ​គេ​ប្រើ​ខ្ញុំ​មក​ទីនេះ​ហើយ​ ចំា​បាច់​អី​ទៅ​ធ្វើជា​សង្សារ​​នីណា​មួយ​ជាន់​ទៀត​?

ដើម្បី​ឱ្យ​បាន​ច្បាស់​ ខ្ញុំ​ត្រូវ​ការ​ដឹង​ថា​ប្រុស​ដែល​​ខ្ញុំ​ឃើញ​​នៅ​លើ​អេក្រង់​ទូរសព្ទ​នោះជា​គេ​ពិត​ឬ​មិន​ពិត​ ឬ​គ្រាន់​តែ​ជា​មនុស្ស​ស្រដៀង​គ្នា?

ខ្ញុំ​បញ្ចប់​ការ​ឈែត​៖

«បាន! សង្ឃឹម​ខ្ញុំ​អាច​រក​ឃើញ​របស់​នោះ​លឿន!»

ខ្ញុំ​បិទ​ការសន្ទនា​ហើយ​ចេញ​ពី​បន្ទប់​។

គោលដៅ​ខ្ញុំគឺ​ទៅ​រក​ទាវ​នីណា​ ហើយ​ខ្ញុំ​ឮ​សំឡេង​នាង​ជជែក​ជាមួយ​អ្នកបម្រើ​នៅ​ជាន់​ខាង​ក្រោម​។ នាង​អត់​បាយ​ពេញ​មួយ​ថ្ងៃ​ គឺ​គេច​ពីមុខ​ខ្ញុំ​ ប្រហែល​ពេលនេះចុះ​ទៅ​រក​អី​ញ៉ាំ​ក៏​​មិន​ដឹង​។

ខ្ញុំ​ចុះ​ទៅដល់​លើកដៃ​​ស៊ីញ៉ូ​ពួក​អ្នកបម្រើ​ចេញទៅ​អស់​ សល់​តែ​ទាវ​នីណា​ឈរ​ចិត​ផ្លែ​ឈើ​ម្នាក់​ឯង​បែរ​មុខ​ទៅ​រក​បង្អួច។

នាង​បង្អង់​ដៃ​ពេល​ឃើញ​រូប​ខ្ញុំ​តាម​កញ្ចក់​។

ខ្ញុំ​ឌឺ​នាង​បន្ទាន់៖

«ចិត​ផ្លែឈើ​ផ្ទាល់​ដៃ​ ធ្វើ​ឱ្យ​ប្ដី​ហូប​ហ្មែន​?»

នាង​មិន​ឆ្លើយ​គិត​ពី​ឈ្ងោក​មុខ​បង្ហើយ​ការងារ​….ខ្ញុំ​ដើរ​ចូល​ទៅ ….ស្រាប់​តែ​នាង​និយាយ​រ៉ាវ​៖

«កាំបិត​មុត​ណាស់​ណា៎!»

ខ្ញុំ​ញញឹម​ពេល​នាង​​សម្លឹង​មក​ខ្ញុំ​តាម​​កញ្ចក់ ៖

«ហើយ​ចង់​ចាក់​ត្រង់​ណា​អ្ហះ?!»

នាង​បែរ​មក​វិញ​ពន្លែង​អ្វីៗ​ចោល​ទាំងអស់ ​ហើយ​ទ្រគោះ​ដាក់​ខ្ញុំ៖

«លែង​ចង់​ញ៉ាំហើយ ឃើញ​មុខ​មនុស្ស​ក៏​ឆ្អែត!»

នាង​រក​ដើរ​ទៅ​រក ទ្វារ​ដូច្នេះ​ខ្ញុំ​ស្ទុះ​ទៅ​បិទ​វិញ​គ្រឹប​។​

ឯករ៉េណា​មិននៅផ្ទះទេ ​គេ​នាំ​ស្រី​បណ្តូលចិត្ត​ចេញ​ទៅ​ដើរ​លេង​តាំង​ពីល្ងាច​។​ នាងតូច​នេះ​បើឆ្លាត​គួរតែ​ដឹងដែរ​ថា ​ទោះប​ងប្រុស​គេ​នៅ​ក៏​គេ មិន​ត្រូវ​សម្តី​ធំ​មកកាន់​ខ្ញុំដែរ​។

«ឆាប់​ឆ្អែត​ម៉េះ​អ្ហះ? មិនទាន់​បាន​អី​ផង?!»

នាង​បូញ​មាត់​សម្លក់ខ្ញុំ​ហាក់ចង់ប្រាប់​ថា​នាង​គ្មាន​ស្រណោះ​រឿងកាល​ពី​​ក្នុងឡាន​នោះទេ​។ ទាវនីណា​​ធ្វើអ៊ីចឹង ​ខ្ញុំរឹតតែឆេវ កើត​ចិត្ត​មានៈ ចង់រំឭក​ឱ្យនាង​នឹកឃើញមក​វិញ​។

«ឈប់​មក​រញ៉េរញ៉ៃ​ក្បែរខ្ញុំ​ទៅ​ឮអត់? ផ្លូវដើរ​​មាន​ច្រើនណាស់ ​ផ្ទះ​ក៏​ធំ ដើរវាងៗ​គ្នា​ទៅឮ​ដែរអត់?!»

«អត់​ចង់!! ចង់មក​ចងកម្មពៀរវេរា ​ចង់​ថើបគ្នា​ឱ្យ​សប្បាយៗ ដូចកាល​ពី​ព្រឹក ម៉េច​វិញ?!»

«មនុស្ស​មាត់​ចង្រៃ ខ្ជិល​និយាយជា​មួយ​ណាស់!»

នាង​រក​ដើរគេច​ចេញ ស្រាប់តែ​​ទូរសព្ទ​នាង​រោទ៍។ គឺ​វា​នៅក្បែរ​ទូទឹកកក កៀក​នឹង​ខ្ញុំជាងនាង​​។

ខ្ញុំ​ងាក​ទៅ​មើល​។

រូប​ប្រុស​ម្នាក់​នោះ​លោត​ឡើង​មក​ទៀត​ហើយ​។

ចិត្ត​ខ្ញុំ​រំជើបរំជួល​ រួច​ក៏​​ហើយ​លូកដៃ​ទៅ​លើក​យក​មក​មើល​។

ខ្ញុំថ្លោះ​ទឹក​មុខ….នាង​យល់ថា​ខ្ញុំ​ខឹង​ដែល​នាង​មាន​ប្រុស​ផ្សេង​ តែ​មិនមែន​អ៊ីចឹង​ឯណា ​​តែ​ខ្ញុំ​យល់ថា​នាយ​សិទ្ធី​កំពុង​លេង​ល្បែង ​អ្វី​ម្យ៉ាង​ជា​លក្ខណៈ​បិទ​ពួន​គួរ​ឱ្យ​គិត​ដែរ​​។

«I love you, I miss you »

គេ​សរសេរ​សារ​របៀប​នេះ​មក?

គេ​ញ៉ែ​នាង​? ទាវ​នីណា​​យក​គេ​នេះ​ជាសង្សារ​? នាង​មិន​អាសូរ​ចិត្ត​បងប្រុស​នាង​ទេ? ហើយ​ចំណែក​នាយ​សិទ្ធី​វិញ​ ​​គេ​បញ្ចូន​ខ្ញុំ​ស៊ើបការណ៍​ប្រថុយ​​ជីវិតមក​នៅក្បែរ​​ឯករ៉េណា​ម៉េចគេមិន​ប្រាប់​​ខ្ញុំ​ផង​ថា​គេ​កំពុង​ទាក់​ទង​ប្អូនស្រី​ឯករ៉េណា?

ខ្ញុំ​ងើប​មុខ​សម្លឹង​នាង​​ហើយ​ធ្វើមុខមាំ​​ ឯនាង​ភ័យ​ឆ្លេឆ្លា​។ ​ខ្ញុំ​ចុច​សារ​ទំាង​អស់​មើល ពិត​ណាស់​គេបាន​ឆ្លើយឆ្លង​គ្នារបៀប​ជាសង្សារ​។

ខ្ញុំ​ដឹង​ថា​នាយ​សិទ្ធី​នេះ​មានរឿង​ជាច្រើន​លាក់បាំង​នឹង​ខ្ញុំ​……ខ្ញុំ​ខាំមាត់​គិត​ជាមួយ​រឿង​ជា​ច្រើន​អន្លើ​ដែល​ចាក់ស្រេះ​ចូល​គ្នា …..នាង​ហាក់​ភ័យ​ពេល​ខ្ញុំ​ងើប​មុខ​សម្លក់​ទៅ ….នាង​ប្រហែល​មិន​ដឹង​ថា​ខ្ញុំ​គិត​ពី​រឿង​ជ្រៅៗ​ទេ​នាង​ស្មាន​ថា​ខ្ញុំ​កំពុង​ប្រចណ្ឌ​។

តើ​សុភាព​បុរស​សិទ្ធី​កំពុង​លេង​ល្បែង​អ្វី?

…..តែ​មិន​អី​ទេ ត្រឹម​តែ​​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ខ្ញុំ​នឹង​អាច​​ដឹង​អស់​រវាង​ការពិត​និង​រឿង​ក្លែង​បន្លំ​។

តែ​មុន​ពេល​ខ្ញុំ​ឡើង ទៅ​ចាត់ការ​ស៊ើប​រឿង​នេះ​ឱ្យ​ល្អិតល្អន់ ​ខ្ញុំ​ត្រូវ​ប្រដៅ​ស្រី​ចិត្ត​ពីរ​នេះ​សិន​ដែរ។

នាង​លប​មើល​មុខ​ខ្ញុំ​ហើយ​ងាក​ទៅវិញ​បាត់​​ហាក់​ភ័យ​ផង​ពិបាកចិត្ត​ផង​ ខ្ញុំ​ក្តាប់​មាត់​បោក​ទូរសព្ទ​នាង​មួយ​ទំហឹង​ទៅលើឥដ្ឋ​ឱ្យ​ខ្ចាយ​ទៅជា​ច្រើន​បំណែក​។

អ្នកដទៃ​អាចគិត​ថាខ្ញុំប្រចណ្ឌ​នាង​ តែ​ខ្ញុំយល់ថា​ខ្ញុំកំពុង​គិត​កាត់ផ្តាច់ការ​ទាក់ទងរបស់នាង​និង​សុភាព​បុរស​នោះ​ឱ្យ​បាន​មួយរយៈ​ទម្រាំ​ខ្ញុំ​ដឹង​ការ​ពិត​ឱ្យ​អស់​។

ស្រីតូច​ទាវនីណា​​លើកដៃ​ខ្ទប់ត្រចៀក​​ហើយ​សសៀរ​រត់​ចេញទៅ​ តែខ្ញុំស្រែក​សន្ធាប់ពី​ក្រោយ ៖

«បើចង់ឱ្យ​រឿង​កាន់តែធំ ប្រឹងទាក់ទង​ទៅរកវា​នោះ​ទៀត​ទៅ​! គង់តែដឹងគ្នាទេ​»

នាង​រត់ចេញ ខ្ញុំ​សញ្ជឹង​បន្តិចក៏រត់​តាម​ពីក្រោយ​។

ប្រសិន​នាង​ខល​ទៅប្រាប់​សង្សារ​នាង​ថា​ខ្ញុំ​ឃើញ​ការសន្ទនា​របស់​ពួកគេ​ហើយ​បោក​ទូរសព្ទ ចោល មិន​ខូចការ​ទៅ​ហើយ​ទេ?

ឃើញ​ខ្ញុំ​តាម​នាង​កាន់​តែ​រត់​លឿន​ទៅលើ តែ​រត់​ឯណា​ឈ្នះខ្ញុំ ខ្ញុំ​ក៏ដេញ​ទាន់ នាង​ក៏ឈប់នៅ​ក្រៅ​បន្ទប់​ហើយ​បែរ​ក្រោយ​ក្រាក​ព្រោះ​មិនចង់​ចូល​ទៅក្នុង​បន្ទប់​តែ​ពីរនាក់​ខ្ញុំ។

«ចង់​ធ្វើអី​ទៀត​ហើយ​?!»

នាង​សួរ​ហាក់​ខឹង​តែ​មិន​ហ៊ាន​ជាមួយខ្ញុំ​ប៉ុន្មានទេ​ ខ្ញុំដឹង​។

ខ្ញុំ​បាន​ចិត្ត​​និយាយ​សម្លុត​​ធ្វើ​ដូច​មែនទែន​៖

«ចង់ប្រដៅ​អា​ពួក​លួច​ស៊ីក្រៅ?!»

«ស៊ី​ក្រៅ​អី?!»

«មាន​ប្តី​ស្អែក​ខានស្អែក​ហើយ​ឆ្លៀត​ណាត់​ប្រុស​ទៀត?!»

«ណាត់​ស្អី​? ​គាត់​មិន​នៅ​ហុងកុង​ទេ ​កុំ​ចេះ​តែ​ស្មាន!»

ឮ​នាង​ហៅ​នាយ​សិទ្ធិ​ពីរោះ​ពេក ខ្ញុំ​ហាក់​ដូច​ចេះ​ច្រណែន​ម៉េច​មិន​ដឹង ខ្ញុំ​ញាក់​ចិញ្ចើម​សង្កត់​ពាក្យ​រាល​ដាល​វែងឆ្ងាយ​៖

«ហើយ​រក​ប្រុស​អី​បាន​ឆ្ងាយ​ម៉េះ?!»

នាង​ហើប​មាត់​ចង់​តប​​វិញ​ព្រោះ​តែ​ខ្ញុំ​និយាយ​ឈ្លើយ​ ប៉ុន្តែ​នាង​​ឃើញ​ផ្ទះ​ស្ងាត់​អ្នកបម្រើ​ គ្មានអ្នកណា​មក​រវល់​ជួយ​ផង នាង​ក៏​សង្កត់ចិត្ត​នៅ​ស្ងៀម​វិញ​ហើយ​​ក្រពាត់ដៃ​បែរ​ខ្នង​។

ស្រមោល​មួយ​នៅ​បង្អួច​បោល​ឆ្វាច​​ប៉ះ​ចុង​កន្ទុយ​ភ្នែក​ខ្ញុំ​ធ្វើឱ្យ​ខ្ញុំ​ងាក​ភ្លែត​ទៅ​ចំ​នឹង​រស្មី​ចាំង​ព្រាក​ពី​កាណុង​ដែក​ថែប​។

គោលដៅ​នៃ​ចុង​កាំភ្លើង​មិនមែន​ខ្ញុំ​ទេ​គឺ​ទាវ​នីណា​។

ខ្ញុំ​ក្រឡាស់​ខ្លួន​ទៅ​ទាញ​នាង​ផ្ដួល​ហើយ​រមៀល​ទាំង​ពីរ​នាក់​តាម​ជណ្ដើរ​ពីលើ​ចុះ​មក​ក្រោម ​ដែល​មុន​នេះ​យើង​ទើប​តែ​​បាន​រត់​ដេញ​គ្នា។

សំណុំគ្រាប់​សំណ​បាចសាច​មក​ប្រាវ​រង្គើ​ផ្ទះ។

តើ​វា​ជា​អ្នកណា​បាន​ជា​លឹប​ល​ចូល​មក​ទីនេះ​បាន​ស្ងាត់​ មិនឱ្យ​មាន​អ្នកការពារ​ណា​ម្នាក់​ដឹង​ទាន់?ប្រាកដ​ជា​ពួកជនពាល​ដែល​ថ្នឹក​ខាង​ផ្លោះ​បង្អួច​ជាង​ខ្ញុំ​ទៅទៀត​​?

វា​ប្រើ​កាំភ្លើង​វែង គ្រាប់​ក៏​ច្រើន។ ខ្ញុំនាំ​នាង​ពួនបានយូរ​ប៉ុណ្ណេះ​ហើយ​អ្វីៗ​​ក្នុង​ផ្ទះ​ក៏​​ត្រូវ​បាញ់រះ​ខ្ទេច​ខ្ជី​ដែរ​ ​ពួក​ដំរីទឹក​ទើប​តែ​រត់​មក​ដល់។

ឆាក​ប្រយុទ្ធ​ចាប់ផ្ដើម​ឡើង​ ហើយ​នាង​នៅ​ជ្រក​ក្រោក​ទ្រូង​ខ្ញុំ​នៅ​ឡើយ​។

​ដៃ​នាង​ត្រជាក់​ដូច​ទឹក​កក​​ថ្ពក់​ម្រាម​ដៃ​ខ្ញុំ​ជាប់ មុន​ពេល​ខ្ញុំដឹង​ថា​ខ្នង​ចាប់ស្ពឹក ​ហើយ​លូក​ដៃ​ទៅ​រក​គោលដៅ​មើល​ដឹង​ថា​ឈាម​ក្រហម​ច្រាល​កំពុង​ហូរ​មក​ដាន​ពាស​ពេញ​​កម្រាលឥដ្ឋ​ដែល​ខ្ញុំពួន​ក្បែរ​នាង​​។

ខ្ញុំ​ត្រូវ​គ្រាប់?

ញើស​ខ្ញុំ​ស្រក់​ជោក​ពេល​ឈាម​កាន់​តែ​ហូរខ្សោះ​។

អ្នកប្រយុទ្ធ​មិនទាន់​ដឹង​ចាញ់​ឈ្នះ​​បញ្ចប់​ទៅ​នៅ​ឡើយ ​ឯ​នាង​ចាប់​ផ្ដើម​ងាក​មក​មើល​ខ្ញុំ​ពេល​ដែល​ម្រាម​ខ្ញុំ​លែង​ថ្ពក់​ម្រាម​នាង​បាន ​ហើយ​វា​របូត​ធ្លាក់។

នាង​ស្រែក​ភ្លាត់​សំឡេង​៖

«​បង​រាជ!?»

ខ្ញុំឃើញ​ត្រឹម​តែ​បបូរមាត់​ញ័រ​ៗ​របស់​នាង​ហើយ​ក៏​បិទភ្នែក​ឱ្យ​ស្រួល​​ខ្លួន​ជាង​នេះ​បន្តិច ​ព្រោះ​ខ្ញុំបើកភ្នែក​លែង​បាន​ទៅហើយ​​…..

….ទម្រាំដឹងខ្លួន​ ខ្ញុំនៅក្នុងមន្ទីរពេទ្យ​….

ខ្ញុំ​បើកភ្នែក​មក​មើល​ឃើញ​មុនគេ​គឺ​ខ្នង​របស់​​ឯក​រ៉េណា​…..

«ដឹង​ខ្លួន​ហើយ​?»

ខ្ញុំ​ច្រត់​ដៃ​ក្រោក​ ឈឺ​ភ្លាត់​មាត់​ស្រែក​អូយ​ ប៉ុន្តែ​នៅតែ​ប្រឹង​​ជា​លើក​ទី​ពីរ​រហូត​ដល់​អង្គុយ​បាន​។ ​ឯក​រ៉េណា​មិនបាន​ខ្វល់​មក​គ្រា​​ខ្ញុំ​ទេ​គេ​និយាយ​ដោយ​ឈរ​នៅ​ទីនោះ​សម្លឹង​មក​​ខ្ញុំ៖

«ម៉េច​ហើយ​ឈឺខ្លាំង​ទេ?!»

ខ្ញុំ​មិនឆ្លើយ​ទេ ​តែ​រេភ្នែក​រក​មើល​ក្រែង​ឃើញ​ប្អូន​ដ៏ស៊ិចស៊ី​របស់​គេ​នៅទីនេះ​​។ មិនដឹងយ៉ាងម៉េច​ទេ​ក្រោក​មក​ភ្លាម​ខ្ញុំក៏​នឹក​គេ​ដំបូង​បំផុត​ហើយ​។

យល់ចិត្ត​មនុស្ស​ប្រុស​ដូច​គ្នា បង​ប្រុស​គេ​ប្រាប់​មក​ខ្ញុំ៖

«នីណា​វា​ចុះ​ទៅទិញ​អីវ៉ាន់ ​មក​វិញ​ឥឡូវ​ហើយ​!»

ខ្ញុំ​រេ​ភ្នែក​ទៅ​សម្លឹង​ជុំវិញ​ខ្លួន​ហើយ​សួរ​តប៖

«ពួកនោះ​ជា​អ្នកណា​​! វាតាមបាញ់នីណាធ្វើស្អី?!»

«កូនចៅ​ពូផៃ​! ទូរសព្ទ​គាត់​និយាយជា​មួយនីណា​ក្រោយ​គេ ពួក​​វា​វាយ​ស្មាន​ថា​នី​ណា​សម្លាប់​គាត់​!»

«ស្រី​ចំកួត​នេះ​ទៅ​សម្លាប់អ្នកណាកើត​?​»

ខ្ញុំរអ៊ូ តែឯករ៉េណា​ឌឺ​ខ្ញុំវិញ​ភ្លែត​ដែរ​​៖

«វា​ប្រហែល​អាច​សម្លាប់​អា​ខ្មែរ​ស្មោះ​ស្នេហ៍​ម្នាក់​ដែល​កំពុង​ដេក​នេះ​បាន!»

គេនិយាយ​ក្នុង​ន័យ​ថា​ខ្ញុំ​ស្រលាញ់​ប្អូន​ពៅ​គេ​ ​មិន​គិត​ជីវិត​ខ្លួន​ហើយ​រង​គ្រាប់​ជំនួស​នាង​?

ល្អ​ហើយដែល​បាន​គេ​គិត​អ៊ីចឹង ​តែ​តាមពិត​ពេលនោះ​ខ្ញុំ​គ្រាន់​តែ​គិត​ថា​ចង់​ជួយ​នាង​មិនមែន​រង​គ្រាប់​ឱ្យ​នាង​ទេ។

​និយាយ​ទៅ​និយាយ​មក វាក៏​​ល្អ​ហើយ​ដែល​​ឯក​រ៉េណា​គិត​អ៊ីចឹង​។

ខ្ញុំ​ញញឹម​ស្រប​ពេល​ដែល​ ទ្វារ​រុញ​ចូល​មក​…..គឺ​ស្រី​ដែល​ខ្ញុំនឹក​។

នាង​មិនសូវ​មើល​ទៅ​ឆ្នាស់ទេ​ព្រោះ​ស្លៀកពាក់​សុភាព​ហើយ​កំពុង​ចោល​ភ្នែក​មើល​មក​ខ្ញុំ​ដូច​ជា​អាណិត​។

ខ្ញុំ​ឈឺ​ស្លេក​ហើយ​នៅ​តែ​ខំ​ឌឺ​នាង​តាម​កែវភ្នែក​ដែល​បាញ់​ទៅ​​។

ខ្ញុំ​ធ្វើ​ដូចជា​ស្រលាញ់​នាង ​ហើយ​ចង់​ឈ្លោះ​គ្នា​​​បន្ត​។

គាប់​ចួន​គិលានុបដ្ឋាយិកា​លើក​អាហារ​ចូល​មក​ដល់។

«ដល​ម៉ោង​អ្នក​ជំងឺ​ហូប​បបរ​ហើយ​សុំ​ចេញ​ទៅ​ក្រៅ​សិន​!»

ឯក​រ៉េណា​ដើរ​ចេញ​ទៅ​ក្រៅ​ ឯ​នីណា​គេ​ហាក់​ដូចជា​រារែក​ដែល​ទើប​តែ​ឡើង​មក​ឃើញ​ខ្ញុំ​ភ្ញាក់​ហើយ​ស្រាប់​តែ​ត្រូវ​ចេញ​ទៅ​វិញ​ភ្លាម​។

​      ខ្ញុំ​ហា​មាត់​​ទាន់​ពេល​នីណា​មិនទាន់​ទៅ​ ​​៖

«គ្រូពេទ្យតូច​ទុក​ហ្នឹង​ហើយ​! បបរ​នេះ​ខ្ញុំ​មាន​គេ​ផ្សេង​ជួយ​បញ្ចុក​ហើយ​!»

ឯករ៉េណា​ដែល​ដើរ​ដល់​ទ្វារ​គេ​ងាក​មក​មើល​ពីរនាក់​ខ្ញុំ​បន្តិច ​ហើយ​ក៏ធ្វើ​ឫក​ពាអត់ខ្ចី​ខ្វល់​ហើយ​ចាកចេញ​។

​ខ្ញុំ​នឹក​ឃើញ​ដល់​រឿង​និទាន​ដែល​គេ​តំណាល​ប្រាប់​ខ្ញុំពី​ស្នេហា​គេ​នឹង​សៅ​នីភា​។

ល្អ​ដែរ​​បើ​ពេលនេះ​​នាង​ច្រម៉ក់​ព្រម​នៅជាមួយខ្ញុំ ខ្ញុំ​ប្រហែលឱកាស​​អាច​​ដឹង​ភាគបន្ត​នៃស្នេហា​របស់​បងធំ​គេគឺមាន​ច្រើន​​។

គិលានុបដ្ឋាយិកា​សម្លឹង​មុខ​នីណា​ឃើញ​នាង​​ធ្វើ​រារែក​មិន​ចង់​ចេញ​ចោល​ខ្ញុំ គេ​យល់ចិត្ត​គិត​ថា​ពួក​យើងជា​គូស្នេហ៍ ​ក៏​ហុច​ថាស​នោះ​ទៅ​ឱ្យ​ស្រី​ច្រម៉ក់​របស់ខ្ញុំ​ហើយ​ផ្តាំ​៖

«នេះ​ថ្នាំ​! បបរ​ហើយ​ពេលណា​ឱ្យ​អ្នកជំងឺ​លេប​ឱ្យ​គ្រប់​ចំនួន​ផង​!»

ទាវនីណា​ងក់ក្បាល​​ឆ្លើយ​យល់ព្រម​ជា​ភាសាចិន​ហើយនៅដំអក់រង់ចាំ​ទាល់តែ​គេ​ចេញ​អស់លែង​មានអ្នកណា​នៅរំខាន​ទៀត​ ទើប​នាង​ដើរយឺតៗ​មក​ទំាង​សម្លក់​ខ្ញុំ។

«សុទ្ធតែ​គ្រូពេទ្យតូច? ចេះ​ចិនច្រើន​ណាស់​ហ្ន៎ ចេះ​និយាយផ្អែមដូច​នំគ្រាប់ឈូក!»

ខ្ញុំញញឹម​សម្លឹង​ដៃ​តូចស្រឡូន​ដែលទ្រថាស​អាហារ​ ហើយតបទៅកាន់គេ៖

«ហើយមិនមែន​មើលទៅ​គេនោះតូច​ច្រប៉ិច​មែនអត់? ​ច្រណែន​គេ​ធ្វើអី?!»

«ខ្ពើមណាស់!»

«ខ្ពើមភាសាចិននិយាយថាម៉េច​??»

នាង​មិនឆ្លើយបែរជា​ហុច​ថាស​មកពីមុខ​ខ្ញុំ​ បន្លប់ខ្ញុំ៖

«ញ៉ាំអត់? ចង់​រស់អត់ ចង់លេប​ថ្នាំ​អត់?!»

ខ្ញុំលើកដៃស្តាំ​ដែល​នៅជាប់ស្បៃរុំព័ទ្ធ​ដល់ខ្នងមកបង្ហាញនាង​ហើយ​និយាយ​ដោយ​សម្លឹង​គល់ក​ស្រី​តូច​និង​អាវចំហគល់​សុដន់​របស់នាង​។

«ចង់រស់​ណាស់ បញ្ចុក​តិច​មក​អូន!»

នាង​នៅរក្សា​មុខខឹង​សម្លក់តែ​មិនសម្លក់ខ្ញុំ​នាង​សម្លក់គ្រែ។

ចិត្តនាង​ទន់ តែខំធ្វើរឹង ​ព្រោះនាង​យល់ថា​ខ្ញុំរង​គ្រាប់​ឱ្យ​នាង​​ដោយចេតនា​ នាង​ដើរមក​​មួយៗ​ហើយ​អង្គុយ​ក្បែរ​ខ្ញុំ។

នាង​ចាប់ផ្ដើម​បញ្ចុក​អាហារ​ឱ្យ​ខ្ញុំ​ហើយ​អង្គុយ​ទល់​មុខ​គ្នា​ដូច​មិន​ដែល​មាន​រឿង​ឈ្លោះ​ពី​មុន​មក​ទាល់តែ​សោះ។​

ខ្ញុំ​បាន​គយគន់​រូបសម្បត្តិ​របស់​នាង​ពេញ​ភ្នែក​ទំាង​សង​។

«បង​ចង់​ឱ្យ​រវាង​យើង​ដូច​អ្នកបង​និង​បង​ឯក!»

ខ្ញុំ​និយាយ​ដោយ​ទឹកមុខ​ព្រឹមៗ​បង្ហាញ​ថា​ស្រលាញ់​នាង​ណាស់។​

នាង​មិន​មើល​មុខ ​ខ្ញុំ​ក៏​មិនមាន​សញ្ញាអ្វី​ជំទាស់ដែរ ​តែនាង​ហាក់​មាន​ទុក្ខព្រួយ។ ទាវនីណា​ប្រហែល​មិនចាប់​អារម្មណ៍​​ទេ​ថា​ នេះ​គ្រាន់តែ​ជាវិធីដែល​ខ្ញុំចង់ដឹង​រឿង​ភាគបន្ត​នៃ​ស្នេហា​​របស់​ឯករ៉េណា​តែ​ប៉ុណ្ណោះ?

ខ្ញុំនិយាយ​បន្ថែម​៖

«មិនដែល​ស្គាល់​គ្នា​សោះចួប​មុខ​ភ្លាម​ទុក​គ្នា​ដូចជាសត្រូវអ្ហះ​?»

នាង​ងើបមុខសម្លឹងខ្ញុំហើយងាកមុខចេញ​លូក​ទៅ​យក​ក្រដាស់​មកហុច​ឱ្យ​ខ្ញុំជូតមាត់។ ខ្ញុំ​មិន​ទទួល នាង​ជ្រួញ​ចិញ្ចើម​ខឹង​តែ​មិន​បង្អង់​ទេ នាង​ជូត​សម្អាត​ឱ្យ​ខ្ញុំ​តែម្តង​។

ពេល​នាង​​លើកកែវ​ទឹក​និង​ថ្នាំ​ឱ្យ​​ខ្ញុំប្រើដៃម្ខាង​ដែល​នៅសល់ចាប់​កដៃនាងជាប់​ហើយ​សម្លុត​តិចៗ៖

«បើ​ថា​ចិត្ត​ទន់​ទេ​ ចាំ​បាច់​អី​ធ្វើ​សម្ដី​រឹង​អ្ហះ​ទាវ នីណា​?»

នាង​លា​បាត​ដៃ​ក្រហម​រលោង​មក​ជា​មួយ​ថ្នាំ​ពីរ​គ្រាប់​ដៃ​ម្ខាង​កាន់​កែវ​ទឹក​ហើយ​ជ្រប់​មុខស្រពោន​។ នាង​មិន​និយាយ​គឺ​ខុស​ពី​ទាវ​នីណា​ដែល​ខ្ញុំ​ស្គាល់។

ខ្ញុំ​ធ្វើ​ជា​កញ្ឆក់​ថ្នាំ​លេប​ក្អឹក​បាត់។

«ហើយ​មិន​លេប​ទឹក​ទេ??!»

នាង​និយាយ​ដោយ​ភ័យ​បើក​ភ្នែក​គ្រលួង​។ ផ្ទៃមុខ​តូច​ច្រឡឹង​​តែ​ស​ស្អាត​​ផូរផង់​។

«ងាប់​ក៏​ងាប់​ទៅ!»

ខ្ញុំ​រអ៊ូ​ផ្គើន តែ​នាង​និយាយ​មក​ទៀត​ផូង៖

«ប្រុស​មាយា​!»

«គឺ​មក​ពី​វា​គ្មាន​ស្រី​ស្រលាញ់!»

«ត្រូវហើយ គ្មាន​ស្រី​ណា​គេ​ស្រលាញ់​ទេ ប្រុស​អ្នក​លេង​នោះ!»

​និយាយ​អ៊ីចឹង​ក៏​ដោយ​នាង​ដាក់​កែវ​ថ្នាំ​មក​ក្នុង​បាត​ដៃ​ខ្ញុំ​ យក​ដៃ​នាង​មក​រុំ​បាត​ដៃ​ខ្ញុំ​ជុំវិញ​កែវ​ហើយ​រុញ​ឱ្យ​ខ្ញុំ​ផឹក​ទឹក ​ខ្ញុំ​មិន​ផឹក ​បែរ​ជា​យកដៃ​ម្ខាង​ដែល​នៅសល់​ពី​រុំ​បង់​​ជាប់​ខ្នង​តែក​តោក​នោះ​ទៅ​ឱប​ចង្កេះ​ទាញ​នាង​មក​កៀក​ខ្លួន​។

ថ្ពាល់​នាង​ប៊ិះ​នឹង​ប៉ះ​​ដល់​ច្រមុះ​ខ្ញុំ​មួយ​សារ​ៗ​ទៅ​ហើយ​ ទាវ​នី​ណា​ខំ​ប្រឹង​រើ​វិញ​ ឯ​ខ្ញុំ​ស្រែក​យ៉ូយ​ព្រោះ​ឈឺ​មុខរបួស​ ដូច្នេះ​នាង​ក៏​បង្អង់។

ស្រី​នេះ​មុខ​ក្រហម​ព្រោះ​ថ្ពាល់​នាង​នៅនឹង​ច្រមុះ​ខ្ញុំ នាង​ឈប់​រើ​ហើយ​ធ្មេច​ភ្នែក​​ទ្រាំ​ឱ្យ​ខ្ញុំ​ថើប​។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*