រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី១៦

នាង​នៅ​ស្ងៀម​ស្ងាត់​រហូតដល់​ឡាន​ឈប់​ទ្រឹង ទើប​ភ្ញាក់ព្រើត​ហើយ​ងើបមុខ​សម្លឹង​គេ​។

គេ​រក្សា​ភ្នែក​សម្លឹង​ទៅ​កន្លែង​ផ្សេង​មិន​មើល​មុខ​នាង គ្មាន​សញ្ញា​ថា​គេ​នឹង​ថមថយ​ឥរិយាបថ​ចំពោះ​នាង​ឡើយ។

ស្រី​តូច​ចង់ពន្យល់​គេ​ថា​មិនមែន​ជា​កំហុស​នាយ​សេង​ទេ ដែល​បញ្ជូន​នាង​ចេញពី​ផ្ទះ​​គឺ​នាង​កុហក​គេ ​តែ​នាង​ហា​និយាយ​មិន​រួច​ព្រោះ​គ្រឺត​ខឹង​នឹង​បុរស​នេះ​។

លុះ​ដល់​គេ​ឈាន​ជើង​ចេញ​ ទើប​នាង​ក្រោក​ចេញ​តាម​ហើយ​ហៅ​គេ​តិចៗ​ពី​ក្រោយ​៖

«រ៉េណា!​»

គេ​មិន​ចង់​ឈប់​ទេ ​តែ​ទីបំផុត​ដើរបាន​តែ​ពីរបីជំហានទៀតគេក៏ឈប់​ស្ងៀម​។ នាង​ដើរទៅ​មុខ​បន្តិច​ទៀត​ហើយ​និយាយ៖

«បងសេងគ្មានខុស​ទេ ​​គឺខ្ញុំប្រើគាត់​ចេញ​មក​គាត់មិនដឹងអីទេ!​»

គេមិនមាត់​ហើយ​បន្តដើរទៅក្នុងផ្ទះ ដោះអាវរងា​បោះទៅលើដេកព្យួរ​ ឱន​ដោះស្បែកជើង​ឃ្លប់​

….នាង​ឆ្លៀត​និយាយ​ទៀត​៖

«ចាត់ទុកថា​ខ្ញុំអង្វរ​បាន​ទេ?!»

គេដើរ​ហួស​រ៉េវទៅ​បន្ទប់បាយ​ហើយបើកទូទឹកកក​​ចាក់ទឹកដាក់កែវ។​ នាង​បន្ត​ចូលទៅក្បែរ​ហើយ​និយាយ៖

«យ៉ាងច្រើនណាស់! ខ្ញុំលែងទៅណាទៀត? ខ្ញុំមិនរត់ទៀត​ទេ​សប្បាយ​ចិត្តឬនៅ? ​លោក​និយាយ​មក​ កុំ​បញ្ជូន​បងប្អូន​ពីរនាក់នោះទៅ​ភ្នំពេញ​វិញ​!​»

គេចោល​ភ្នែក​សម្លឹង​មុខនាង​ហើយ​សើច​របៀបចំអក​៖

«និយាយ​ហើយ​ចាំ​សម្តី​ខ្លួន​ណា​សៅនីភា! ​បើ​មានលើទីពីរ​មួយម៉ាត់​ក៏​មិនបាច់និយាយ​គ្នា​ដែរ​​!​»

នាង​ងក់ក្បាល​​យ៉ាង​រហ័ស​​ព្រោះ​មិន​ចង់ឱ្យ​គេនិយាយ​ដាក់​លក្ខខណ្ឌ​ច្បាស់លាស់​​ជាង​នេះ​​។

«ខ្លួនជាស្រីអី បាន​ជាបាយទឹក​មិនចេះរៀបចំ! យប់​ថ្មើរណេះ​ រកតែផ្លូវចេញក្រៅផ្ទះ​​»

គេ​ថាឱ្យ​នាងហើយ​ទៅ​អង្គុយ​លើកៅអី​ក្បែរតុបាយ​ រង់ចាំ​ហាក់ដូចជានាង​ធ្លាប់​សន្យា​ថា​នឹង​ដណ្តាំ​បាយឱ្យគេ​ដូច្នោះ​ដែរ​។

ស្រីតូចមិនចង់តវ៉ា​ទេ​។ នាង​ដើរ​ទៅបើកទូទឹកកកធំទំាងពីរ​របស់គេ​ហើយ​រៀបចំ​អាហារ។

គេ​តាម​មើល​នាង​ពីក្រោយ​មិនមាត់មិនក ​តែហាក់សប្បាយ​ចិត្ត​ដែល​ឃើញនាង​តត្រុក​ធ្វើតាម​បញ្ជា​គេ​។

ការងាររបស់នីភា​ពេលនេះ​គឺនៅតែ​តាំង​ចិត្ត​បន្ត​រកឱកាស​និង​វិធីចាកចេញ ចំណែក​ឯក​រ៉េណា​គឺ​រក​គ្រប់វិធី​កុំឱ្យ​ចិត្ត​ខ្លួន​​ទន់​ចំពោះ​នាងជា​​ដាច់ខាត។

មិនដល់៥​នាទីទេ ក្លិនសាច់គោ​ជះរំពងចេញពីMicrowave។ នីភា​ដឹងថា​បុរសនេះអាចធ្វើរឿង​ទំាង​នេះ​ដោយ​ខ្លួនគេ ​តែ​គេ​មាន​ចេតនាចង់ធ្វើបាប​ចិត្ត​នាង​។

នាង​លើក​សាច់​និង​បន្លែដែល​រៀបចំ​ក្នុងចាន​ទៅដាក់​ពីមុខ​គេ ឯគេក្រោក​ទៅលើក​ដបស្រានិង កែវពីរមក​។

«យកចាន​មួយ​ទៀតមក!»

គេនិយាយតិចៗ​ហើយភ្នែក​សម្លឹង​ស្រាដែល​គេចាក់ឱ្យ​នាង​។

«ខ្ញុំមិន​ញ៉ាំទេ!»

ស្រីស្ងួន​និយាយ​ដោយមិនមើលមុខ​គេ ហើយ​​បែរខ្នង​​រៀបចំ​សម្អាត​ចង្ក្រាន​។

«ចង់បានស្រាឆ្ងាញ់ ឬចង់​បានស្រាឈឺ​?!»

នាង​ឈប់ដៃ​ទំាង​មានសន្ទិះក្នុងចិត្ត​។

សម្តីបែប​បង្ខំ​និង​ផ្ដាច់​ការរ​បស់គេ​ពិតជា​គួរឱ្យ​​ចង់​តវ៉ា ​តែ​នាង​សង្កត់​ចិត្ត​មិន​ឆ្លើយ​ព្រោះ​គ្មាន​អ្វីនឹង​តស៊ូជាមួយគេ​។

នាង​បែរក្រោយយឺតៗ​ឃើញគេ​ចាប់រំលែក​អាហារឱ្យ​នាង​រួចជាស្រេច ​ថែម​ទំាងមាន​ស្រា​មួយកែវ​ជិត​ពេញ​ក្បែរ​ចាន​ផង​។

«បើ​យើង​ផឹក​ស្រា​នេះអស់ យើង​ចូលពេទ្យ​មិន​ខាន​ទេ!»

នាង​គិត​ដោយ​សៅហ្មង​ហើយ ប៉ុន្តែ​ភ្នែក​គេ​សម្លឹង​មក​នាង​ចង់​បង្ហាញ​ថា​ បើ​នាង​មិន​ដើរ​មក​គេ​ក្រោក​ទៅ​ទាញ​នាង​មិនខាន​។

មេឃ​ត្រជាក់​យ៉ាង​នេះ ​គេ​អាង​ស្រា​អស់​នេះ​មែន​ដែរ​ទេ។ ​នឹង​ដើរ​តួប្រមឹក​ហើយ​ឡើង​ទៅ​បង្ខំ​នាង​ទៀត​?

នាង​ដើរ​មក​ក្បែរ​តុ​ ទាញ​កៅអី​អង្គុយ​ពី​មុខ​កែវភ្នែក​មោទនភាព​របស់​គេ​។

នាង​មិន​ចង់​និយាយ​រក​គេ​ទេ ប៉ុន្តែ​នាង​មិន​អាច​​ខាន​បាន បាន​ជា​ត្រូវ​និយាយ​មុន៖

«ខ្ញុំ​មិន​ចេះ​ញ៉ាំស្រា​ទេ!​»

«ចាំ​បាច់​អី​ចេះ​គ្រាន់​តែ​លើក​ដាក់​មាត់​ទៅ!​»

នាង​​មិន​ឆ្លើយ​ធ្វើមុខ​ក្រញូវ​​ហើយ​ហាន់​សាច់​មក​បញ្ចុក​ខ្លួនឯង។​ ទោះ​យ៉ាងណា​ក៏​ត្រូវ​ញុំា​អ្វីឱ្យ​មាន​កម្លាំង​និង​មាន​ប្រាជ្ញាទប់ទល់​ជាមួយ​មនុស្ស​ចរិត​ប្រែប្រួល​នេះឱ្យ​ខាង​តែ​បាន​។ នេះ​ជា​អ្វី​ដែល​សៅ​នីភា​គិត​។

នាង​ញុំា​សាច់​​ទាំង​មិន​ដឹង​រសជាតិ ​ព្រោះ​ភ្នែក​គេ​សម្លឹង​មក​នាង​ជាប់​មិន​ដាក់ ​ហើយ​គេ​មិន​ទាន់​ញ៉ាំ​​ចំណែក​របស់​គេ​នៅឡើយ​។

«សូម្បីតែពេល​បាយ​ទឹក​ក៏​នឹក​វា​ដែរ?!»

គេ​និយាយ​ដោយ​សៅហ្មង​ ឯ​នាង​ដឹង​ថា​ គេ​នៅ​តែ​រំឭក​ពី​រឿង​នាយ​សិទ្ធី​ព្រោះ​គេ​​ទើប​តែឱ្យ​កូន​ចៅ​​ទៅ​វាយដំ​​ឱ្យ​របួស​រួច​។

នាង​មិន​និយាយ​ស្ដី​ទុកឱ្យ​គេ​ថា​ម៉េច​ក៏​​ថាទៅ​ ស្រាប់តែ​គេ​លើក​កែវ​ស្រា​មក​ហុច​ជល់។ នាង​ងើប​មុខ​សម្លឹង​​។ ទឹកមុខ​គេ ប្រាកដ​ណាស់​ថា​នាង​គេច​ពី​ផឹក​ស្រា​នេះ​មិន​រួច​ឡើយ​។

ស្រី​ស្អាត​ខំ​​ទ្រាំ​ប៉ុណ្ណា​ក៏​នៅ​តែ​ទ្រាំ​មិនបាន​ នាង​និយាយ​ដោយ​ក្រញូវ៖

«ខ្ញុំ​អត់​ចេះ​ញ៉ាំ​ស្រា​ទេ ស្ដាប់​បាន​ទេ​ឯក​រ៉េណា?!»

«ផឹក​ស្រា​នេះ​ទៅ​​វា​មិន​សូវ​ឈឺ​ខ្លួន​ទេ​!​»

គេ​និយាយ​​ស្រួល​ណាស់ ​តែ​នាង​មាន​អារម្មណ៍​ឈឺចាប់។

នាង​នឹក​ដល់​ភាពព្រៃផ្សៃ​របស់​គេ​ហើយ ​ដឹង​ថា​គេ​ប្រុងប្រព្រឹត្តវា​ទៀត​បើ​តាម​ន័យ​របស់​គេ​នេះ។

នាង​ងាក​មុខ​ចេញ​ហើយ​ទម្លាក់​សម​ស្លាបព្រា​ចុះ។

សំឡេង​គេ​រអ៊ូ​មក​ក្បែរ​ត្រចៀក​នាង៖

«បើ​តាំង​ខ្លួនជា​ស្រី​អ្នកលេង ​កុំ​បាច់​មក​ធ្វើ​ឫក​ជា​មនុស្ស​ត្រឹមត្រូវ​!​»

នាង​មិនមាត់​មិនក​ លើកស្រា​មក​ក្រេបក្អឹក ​មួយ​ដង្ហើម​ដាច់ប៉ិត​អស់ ទោះបីវា​ល្វីង​ជូរចត់​ប៉ុន្តែវានៅតែ​ល្វីង​ចាញ់​សម្ដី​ប្រុស​ម្នាក់​ដែល​អង្គុយ​សម្លឹង​នាង​មិន​ព្រិច​នេះ។

ស្មានថា​រួចខ្លួន ​គេ​លូក​ដៃ​ចាក់​ស្រា​មក​ទៀត​ គឺក្បែរ​ពេញ​មាត់​កែវ​ដូច​លើក​មុន​ដែរ​។

នីភា​សើច​ស្ងួត​ដោយ​មក​សម្លឹង​មុខគេ​ជំនួស​កែវស្រា​….នាង​តូច​លើក​ផឹក​បន្ថែម។​

ក្បាល​នាង​វិលខ្ញាល់ ​ភ្នែក​នាង​ក្រហម​ តែ​នាង​យល់ថា​នាង​នៅ​ដឹង​អ្វីៗ​ច្បាស់​នាង​មិន​ស្រវឹងទេ។

ដល់វេន​គេ​លើក​ក្រេប​ស្រា​របស់​គេ​វិញ​ម្តង​។

កែងដៃ​នាង​ដែល​ច្រត់លើតុ​ ចាប់ផ្ដើមទន់ល្មើយ ​ឯ​​ភ្នែក​នាង​ក៏​ទប់​ត្របក​លែង​រួច​។

នាង​របូត​ដៃ​ហើយ​ទ្រោប​ក្បាល​ទៅលើ​តុ ​​តែ​នាង​ប្រឹង​​ទប់​ខ្លួន​ដោយ​ការ​ផ្កាប់មុខ។

សុរា​នេះ​ខ្លាំង​ពេក​ហើយ​គឺ​ខ្លាំង​ស្មើ​នឹង​ចិត្ត​អ្នក​ដែល​ចង់​ធ្វើ​បាប​នាង ​ចំណែក​នាង​កាន់​តែ​រឹង​ជាង​ជាតិ​ស្រវឹង​ដែល​នៅ​ក្នុង​ខ្លួន​នោះ​​ទៅទៀត​។

នាង​និយាយ​ឡូឡា​តែ​ជា​ភាសា​ចិន​កន្តាំង​៖

«ខ្ញុំ​ស្អប់​អ្នក​ឯង!​»

ឯករ៉េណា​ក្រពាត់​ដៃ​មើល​មុខ​នាង។​ គេ​សើច​ខឹកៗ​ដែល​នាង​ស្រវឹង​លឿន​យ៉ាងនេះ​​ហើយ​ទន់​យ៉ាង​នេះ​។

គេ​លូក​យក​សាច់​មក​ទំពា​លេង​ហើយ​និយាយ​ឌឺ​នាង​ភាសា​ខ្មែរ​​៖

«ឡើង​ទៅ​លើ​រួច​អត់? បើ​ឡើង​មិន​រួច​ជួយ​មិន​បាន​ទេ​អ្នកគ្រូ​ចិន! យប់​នេះ​នៅ​ដេក​នេះ​ហើយ! ហើយ​បើ​ពួក​អាដំរីទឹក ​វា​ទ្រាំ​មិនបាន ​វានាំគ្នា​ចូលមក​ឆាឆៅ​មិនដឹងទេ​កុំ​បន្ទោស​​ថាមិនបានប្រាប់​!»

នីភា​ក្រហម​មុខ​ដោយ​អំណាច​ជាតិ​អាល់កុល​។ ទម្រង់​មុខ​តូច​ច្រឡឹង​របស់​នាង​ពេញ​ដោយ​សម្រស់​​ហើយ​ស៊ិចស៊ី​ជាមួយ​បបូរមាត់​ដែល​កាល​ពី​យប់​ទី​មួយ​ជាន់​ដី​ហុងកុង ​នាង​ត្រូវ​គេ​ថើប​ជញ្ជក់​។​

នាង​និយាយ​តបត​មិន​ចង់​ចេញ ​ព្រោះ​ក្ដៅ​រោល​រាល​ពេញ​ខ្លួន តែ​នាង​មិន​ចង់ឱ្យ​បុរស​នេះ​បាន​ចិត្ត​ពេក​ឡើយ​។ ស្រីតូច​ឆ្លើយ​តប​អន្លាយ​ៗ៖

«មានអី?! មានប៉ុន្មាន​នាក់ឱ្យ​ចូល មក​ទាំងអស់​មក​ឯក​រ៉េណា មនុស្ស​ចង្រៃ​! កុំឱ្យ​ខ្ញុំ​ឃើញ​មុខ​លោក​ឯង​ទៅ​បានហើយ! ព្រះ​អើយ!»

នាង​ប្រឹង​ជេរ​គេ​ខ្លាំង​ៗ​តែ​មិន​សូវ​ចេញ​សំឡេង​ទេ​ព្រោះ​នាង​ស្រវឹងជោក​។

ឯក​រ៉េណា​រេ​ភ្នែក​សម្លឹង​នាង​ទាំង​ក្ដៅ​គគុក​ក្នុងចិត្ត​។

គេ​បន្ត​ស្រា​និង​អាហារ​របស់​ខ្លួន​រហូត​ដល់​ចប់ ​ចំណែក​មាណវី​ដេក​សន្លប់​ឈឹង​លើ​តុ​នៅ​ពីមុខគេ​។

គេ​ក្រោក​ចោល​នាង​​ឡើង​ទៅ​ជាន់​លើ។

គេ​បន្ត​ការងារ​របស់​គេ​ជាមួយ​កុំព្យូទ័រ​នៅ​តុ​ធ្វើការ ហើយ​ទូរសព្ទ​ទៅភ្ញៀវ​របស់​គេ​រហូត​អស់​កម្លាំង​ទើប​នឹកឃើញ​ទៅ​ដេកត្រាំ​ទឹក​ក្តៅ​ម្នាក់ឯង។

ក្នុង​ស្ថានភាព​ឯកោ​គេ​កម្រើក​តណ្ហា​ហើយ​នឹក​ដល់​នាង​។

គេ​ចង់ប្រាប់​ខ្លួនឯងឱ្យ​ឈប់ប៉ះពាល់​នាង ហើយ​គេ​ចង់​ស្អប់​នាង តែ​គេ​នឹក​ឃើញ​ដល់​ការ​រួម​សង្វាស​ដ៏​ស្អិត​ល្មួត​ទំាងពីរ​លើក​ជាមួយ​នាង​ដែល​មាន​រសជាតិ​ម្តង​​​ស្រស់បំព្រង​ ​ម្តង​​ហិង្សា​។​ ទោះ​យ៉ាងណា ​គិត​ទៅ​គិតមក​គេ​មិនអាច​ភ្លេចពេលចន្លោះ​​រាងកាយ​តូច​ស្រលូន​និង​សូរសំឡេង​យំ​អណ្តឺត​អណ្តក​ស៊ិចស៊ីរបស់នាង​ និង​​ទឹកមុខ​ម្តង​រឹងរូស​ម្តង​ស្លូតបូត​នោះ​ឡើយ​។

បងធំ​ដែល​មាន​ទុក្ខ​សេ្នហា​ប៉ិនមេឃា ក្រោកពីអាងទឹក​ទាញ​អាវរាត្រីវែង​អន្លាយរបស់គេមកគ្របកាយ​ចង​ខ្សែឱ្យតែ​បានរួចៗ ​ហើយ​ដើរចុះមករកផ្ទះ​បាយ​។

នាង​នៅតែ​ដេក​ទ្រោប​ម្នាក់​ឯង​លើតុ​គ្មាន​​ខ្វល់អ្វី​នឹង​អាកាសធាតុរងា​ក៏មិនខ្វល់​នឹង​អ្វីគ្រប់យ៉ាង។ទោះ​យ៉ាងណា​ឯករ៉េណា​ច្បាស់ក្នុង​ចិត្ត​ថា​សា្រពីរកែវ​នេះ​មិនអាចឱ្យ​សៅនីភា​ស្លាប់​បាន​ទេ។

គេ​ធ្វើមុខ​ស្មើដើរ​ទៅក្បែរ​នាង​ហើយ​ដៃ​ម្ខាង​លើក​ទ្រ​ចង្កានាង​ឡើង។

បបូរមាត់​នាង​ស្លេក​តែ​មិនបាន​ប្រែទៅជាខៀវឡើយ​ ចំណែកមុខនាង​ក៏ក្រហម​ងងើល​ដូច​ភ្លើង​​មានន័យ​ថា​ជាតិអាល់កុល​មិនខ្លាំង​ជាងសុខភាពនាង​ប៉ុន្មានទេ​។

«ស្រី​មុខ​រឹង!​»

គេរអ៊ូ​មា្នក់ឯង​ទំាងក្តៅចិត្ត​ហើយឱន​មកលើក​បីនាង​ឡើងទៅជាន់​ខាងលើ។

ស្រីតូច​ទន់ល្ងៀក​ក្នុងដៃបុរសដែល​នាងស្រលាញ់ តែ​នាង​មិនបាន​ដឹងអ្វី​ឡើយ​ក្រៅពី​ប្រជុំចិញ្ចើម​ពិបាកទ្រាំ​នឹង​ជាតិ​អាល់កុលដ៏​ឆាបឆេះ​ក្នុង​រាងកាយ​។

«ប៉ាម៉ាក់​អើយ​ជួយ​កូនផង!​»

ឯករ៉េណា​នៅស្ងៀមមិ​នរវល់​ ព្រោះគេ​ដឹង​ថា​ស្រា​កំពុងធ្វើទុក្ខ​នាងឱ្យ​ពិបាកទ្រាំ​តែប៉ុណ្ណោះ​។

ស្រី​នេះ​មិន​ដែល​ផឹក​ស្រា​ ប៉ុន្តែ​ហេតុ​តែ​ចង់​ឈ្នះ​ចិត្ត​គេ​នាង​លើក​ដាច់​ប៉ិតៗ​អស់​ពីកែវ​ពេញ​នៅ​នឹង​មុខ​គេ​នាង​ពិត​ជា​កំពូល​ស្រី​ក្បាល​រឹង​ព្រហើន​​បំផុត​ក្នុង​ចំណោម​ស្រី​ដែល​ឯករ៉េណា​ស្គាល់​​។

គេ​ទម្លាក់​នាង​ផូង​ទៅ​លើ​ពូក​ទាំង​ក្តៅ​ចិត្ត​ ហើយ​បែរខ្នង​ដើរ​ចេញ​មិន​ចង់​រវល់ ​ស្រាប់តែ​នាង​លូក​ដៃ​មក​ចាប់​កដៃ​គេ​ជាប់។

ម្រាម​ដៃ​នាង​តូច​ៗ​ហើយ​ទន់​ល្មើយ​​តែ​ក្តៅ​គគុក​​ដូច​ភ្លើង​។

គេ​ទប់ចិត្ត​ងាក​មក​រក​នាង​ពេល​ដែល​ភ្នែក​គេ​ប្រែ​ជា​ស្រទន់​សម្លឹង​មុខនាង​។

សៅ​នីភា​​បិទ​ភ្នែក​ជិត តែ​នាង​​ហា​មាត់​និយាយ​ម្ដង​ភាសា​ចិន​ម្ដង​ភាសា​ខ្មែរ និយាយ​មិន​ដឹង​ទិស​តំបន់ ចុងក្រោយ​នាង​និយាយ​រវើរវាយ​​….គេ​ធ្វើ​បាប​ខ្ញុំ គេ​មិន​បាន​ស្រលាញ់​ខ្ញុំ…គេ​បោកប្រាស់….ក្តៅ ខ្លាំង​ណាស់ ជួយ​ផង​….។

លិខិត​តូចរបស់​នាង​លៀន​ចេញមក បុរសនេះ​លូកដៃ​ទៅ​ទាញមកអាន​។

ទឹកមុខ​គេ​ប្រែប្រួល ហើយ​គេ​អង្គុយ​មកក្បែរស្រីតូច​ដែលស្រវឹង​ពិបាកទ្រាំ​ហើយរេចុះឡើង​។

ឯក​រ៉េណាលូក​ដៃ​ទៅ​ស្ទាប​ថ្ងាស​នាង ហើយ​ប្រលេះ​ដៃ​នាង​ចេញ​។ គេ​ដើរ​ទៅ​បន្ទប់​ទឹក​និង​វិលមកវិញ​ជាមួយ​កន្សែង​ជ្រលក់​ទឹក​ហើយ​ជូត​ស្អំឱ្យ​នាង​។

បុរស​នេះ​ជូត​​បញ្ចុះ​កម្ដៅឱ្យ​នាង​តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង​ដោយ​​ដោះ​សំលៀកបំពាក់​ក្រាស់​ៗ​​ប្រុងរត់គេច​របស់​​នាង​ចេញ​ទាំង​ស្រុង ​ក៏​គេ​គ្មាន​កម្រើក​កាម​តណ្ហា​​ដូច​កាលពី​នៅ​ក្នុង​បន្ទប់​ទឹក​ឡើយ​។ ចិត្ត​គេ​ខ្ទេចខ្ទី​ជាមួយ​និង​ស្នាម​ជាំ​ច្រើន​កន្លែង​លើ​រាងកាយ​នាង ដែល​ត្រូវ​នាង​សង្កត់សង្កិន ញក់ញី​កាល​ពី​យប់​ក្រោម​ដៃ​គេ។

​«​បង​ស្រលាញ់​យើង ហើយ​បង​និង​គ្មាន​ថ្ងៃ​ធ្វើបាប​យើង​ទេ នីភា!» សម្តី​ខ្លួនឯង​រំឭក​ត្រលប់​មកវិញ​ក្នុង​គំនិត​គេ ​ហើយគេ​ក៏នឹកដល់សំណួរ​របស់នាង​កាលពីរាត្រី​ដំបូងរបស់ពួកគេនៅភ្នំពេញ ​«អ៊ីចឹង​ពេលនេះ​ប្រុសនោះឈប់ស្រលាញ់ស្រីនោះហើយ​ បានជាគេធ្វើបាបនាង?!» «អាប្រុស​នោះងាប់បាត់​ហើយ!កុំនឹកវាទៀត!» «អ៊ីចឹង!ទុកឱ្យសៅនីភា​ស្លាប់ទៅតាមគេដែរ​ចុះ!»….

គេ​មិនដែល​គិត​ថា​គេ​ដាច់ចិត្ត​ធ្វើ​បែប​នេះ​លើនាងឡើយ ពេលនេះគេយល់ហើយ​ថា​ការច្រណែន​ប្រចណ្ឌសាហាវ​ជាង​អ្វី​ដែល​មនុស្ស​គិត។

គេ​មាន​ជំនឿ​ថា​នាង​មិនបាន​ស្រលាញ់​គេ​ហើយ នាង​ចូលចិត្ត​តែ​ពួក​សុភាព​បុរស។ ​​SMSមួយអាច​ធ្វើឱ្យ​គេ​ឆេចឆាវ​ព្រោះ​តែ​គេ​យល់ថា​ ខ្លួនឯងជាមនុស្សមិន​ល្អ ​ហើយមិនទុកចិត្ត​ស្នេហា​មួយនេះ ​បាន​ជា​នាយ​សិទ្ធី​ងាយ​នឹង​ជ្រៀត​ជ្រែក​បាន។

មាន​តែខ្យល់រាត្រីហុងកុង​ទេ​ដែលដឹងថាប្រុសម្នាក់នេះ​ គេបានចំណាយពេលយ៉ាងយូរ ដើម្បី​ស្អំ​ថ្នម​មុខរបួសទំាងឡាយលើប្រាណស្រីស្អាត។

គេចខ្លួន​

….នីភា​ដឹងខ្លួន​ឡើង….ទំាងក្បាលឈឺខ្ទោក ហើយ​ឃើញគេនៅគេង​កៀកនឹងនាង​។

នៅ​ខាងក្រៅវាំងនន​សស្តើង ពន្លឺ​ថ្ងៃ​ភ្លឺ​ក្រឡែត វាក៏​ជាព្រឹក​ដែលអាកាសធាតុមានលក្ខណៈល្អបំផុត​សម្រប់ការ​មក​ដល់​ហុងកុង។

ដែល​សំខាន់​មិនមែន​តែ​រឿង​នាង​ត្រូវ​របូត​ខោអាវ​អស់​ទេ តែ​នាង​គេងឱប​គេទៅទៀត ​មិនមែន​គេឱប​នាង​នោះ​ឡើយ។

ស្រី​ស្អាត​ដកដៃចេញពី​ទ្រូងគេ​មកវិញយឺតៗហើយ​បើកភ្នែកធំៗ។

នាង​ចាំថា ​នាង​លេបស្រា​ឈឺចាប់ពីរកែវនោះហើយ ក៏ទន់ខ្លួន សល់ពីនោះ​អ្វីៗនាងមិនដឹងទេ។សូម្បី​តែ​យលសប្តិ​បន្តិចក៏អត់ តើគេ​នេះបានធ្វើអ្វីនាង​ខ្លះ?

ស្រី​ស្អាត​បែរខ្នង​តិចៗ​ហើយ​ត្រៀម​ថា​នឹង​ក្រោកចេញពីគេ….ទើប​បានប៉ុន្មាន​ដង្ហើម​​គេឱបនាង​វិញ​ជាប់​ពី​ក្រោយខ្នង​…សំឡេង​គេ​លាន់​មកង៉ុលៗ៖

«គេង​តិច​ទៀតទៅ!»

នាង​បើកភ្នែកធំៗ​តែ​សំងំ​ឈឹង​ក្នុង​ដៃគេ។ នាង​ខំ​ពិចារណា​មើល​ថា​តើ​មាន​កន្លែង​ណា​ខ្លះ​នៃ​រាងកាយ​ដែល​ឈឺចាប់ ​តើគេមានបាន​ប្រើ​ហិង្សា​មកលើនាង ​ខឹង​នាង​ដែល​ប្រុង​រត់​នោះ​ដែរ​ទេ? គ្មាន​ឃើញ​អ្វីគួរឱ្យ​កត់សម្គាល់​ របូស​នាងក៏​​ហាក់​គ្មាន​អ្វី​ឈឺចាប់​ដូច​កាល​ពីមិ្សល​សោះ។

នាង​សម្ងំ​បន្តិច​គេ​ក៏​មិន​មាត់​មិនក នាង​និយាយឡើងខ្សឹបៗ៖

«ទៅបន្ទប់ទឹក!»

គេមិនលែង​ដៃពីនាង តែ​នាង​ច្រានចេញ​យឺតៗ​ហើយ​រុំភួយ​ក្រោកដើរ​ទៅ។

ត្រូវ​ស្រា​ពីរកែវ​ស​ន្លប់​ទៅហើយ ហេតុអ្វី​ទឹកមុខនាង​មើលទៅស្រស់ថ្លា ហើយ​រាងកាយនាង​ដែលមាន​ស្នាម​ជាំ​ហាក់រលាយ​បាត់​អស់​ច្រើនសន្ធឹក​?

ស្រី​ស្អាត​ងូតទឹក​រៀបចំ​ខ្លួន​ទម្រាំ​​តែ​រួច​ ចេញមកក្រៅ​ក៏​មិនឃើញគេ​ដូចគ្នា​។

នាង​លប​មើលទៅជាន់ខាងក្រោម​តាម​បង្អួច​ឃើញគេ​រត់​ហាត់ប្រាណម្នាក់ឯង។ ក្នុង​ចំណោមពួក​អង្គរក្ស​ដែល​ឈរ​ក្បែរៗ​គេ​មាន​នាយសេង​ម្នាក់នោះដែរ បានន័យ​ថាឯករ៉េណា​មិនបាន​ធ្វើអី​បុរសនោះ​ឡើយ។

នាង​រលះរលាំង​រត់ចូលមក ក្នុងហើយ​ពិនិត្យពិច័យ​គ្រប់ទីកន្លែង​។​ មនុស្ស​នេះ​ម្តងខ្មោច​ចេញ​ម្តង​ខ្មោច​ចូល ​មិនដឹង​នៅថ្ងៃនេះ​មាន​អ្វី​កើត​ឡើង​ទៀត​នោះ​ឡើយ​បន្ទាប់​ពី​ស្រា​ស្លាប់​រស់​ពីរកែវ​នោះ​មក។

នាង​នៅតែ​គ្មាន​តម្រុយ​ថា​ទីណា​ជា​កន្លែង​ដែល​គេ​ទុក​ឯកសារ​សំខាន់ៗ​របស់​គេទេ ដើម្បី​នឹង​រក​ឃើញ​ប៉ាស្ព័រ​របស់​នាង​។

អស់​មធ្យោបាយ​​នីភា​ចុះក្រោម​ធ្វើ​អាហារ​។

ម៉ោង​១១ព្រឹក​ទៅ​ហើយ​វា​មិនមែន​អាហារ​ពេល​ព្រឹក​ទៀតទេ​ តែ​ជា​អាហារ​ថ្ងៃត្រង់។

«អត់​ឆ្ងាញ់​មែនទេ? ព្រោះ​អស់ប្រេងហើយ អត់​មាន​គ្រឿង​ច្រើន​មុខ​ទៀត!»

នាង​និយាយ​​ពេល​គេ​ញុំា​មិនសូវចូល​ព្រោះ​រវល់ចុច​កុំព្យូទ័រ​ធ្វើ​ការងារ​។ គេតបវិញធ្វើហី៖

«ម៉េច​មិនឱ្យពួកនោះ​ជូនទៅទិញ! អស់អីទិញមក! ហើយ​ធ្វើឱ្យឆ្ងាញ់ៗផង​!»

គេ​ចង់ថា​នាង​មិនចេះ​ការងារផ្ទះ ​​តែ​នាងមិនខ្វល់ទេ មានតែ​ត្រេកអរ​ហើយ​យល់ថា​ថា​គ្រាន់​តែ​នាង​សន្យា​កាល​ពីល្ងាច​គេក៏​ទុក​ចិត្តឱ្យ​នាង​​ចេញ​ទៅ​ក្រៅ?

«ឱ្យ​ខ្ញុំ​ទៅ​ក្រៅ​ហ្មែន?!»

នាង​សួរ​បញ្ជាក់។ គេ​ឆ្លើយ​ដោយ​រវល់​តែ​ជាមួយ​កុំព្យូទ័រ​របស់​គេ៖

«មាន​អ្នកណា​ឃាត់​​ក្រែងថា​ត្រូវ​ទៅ​ទិញ​របស់​ស្រីៗ»

នីភា​ដៀង​ភ្នែក​សម្លឹង​គេ​ហើយ​នាង​យល់ថា​ឱកាស​ចាកចេញ​ពី​គេ​គឺចូល​មក​ដល់​ហើយ​។​

«ចាស៎!»

គេ​ចេញ​ទៅ​ក្រៅ​បាត់​ប្រហែល​ជា​ទៅ​កាន់​ក្រុមហ៊ុន​របស់​គេ​ឯ​នាង​ចាប់ផ្ដើម​រុករើ​ពេញផ្ទះ​​ហើយ​ទីបំផុត​នាង​រក​ឃើញ​លិខិត ឆ្លង​ដែន​នោះ​នៅ​តុ​ធ្វើការ​របស់​គេ​។

នាង​រៀបចំ​ខ្លួន​ហើយ​ចាកចេញ….

អង្គរក្ស២នាក់​បើក​ឡាន​ជូន​នាង​ទៅ​​តាម​ពាក្យ​ផ្តាំ​របស់​គេ ប៉ុន្តែ​តាម​ឃ្លាំ​​នាង​មិនឱ្យ​បាត់​សូម្បី​មួយ​ដង្ហើម​គឺ​យួរ​កន្ត្រកឱ្យ​នាង​តែ​ម្ដង​។

នីភា​ដឹង​ថា​ការ​រត់​គេច​មិន​អាច​​តក់​ក្រហល់​ទេ….ទាល់​តែ​មាន​ផែនការ​ច្បាស់លាស់….

នាង​ទិញ​សម្ភារៈ​ជាច្រើន​ហើយ​វិល​ត្រលប់​មកវិញ…។

យប់​នោះ គេ​មិន​ងាយ​វិល​មក​ផ្ទះ​វិញ​សោះ។​ អ្វី​ដែល​នាង​ខ្លាច​បំផុត​​គឺ​ខ្លាច​គេ​នោះ​មក​វិញ​ស្រវឹង​ហើយ​បង្ក​រឿង​។

នាង​ទុក​ប៉ាស្ព័រ​នៅ​កន្លែង​ដើម ធ្វើ​ដូច​មិន​ដឹង​អ្វី​ហើយ​បើក​ហ្វេស​ប៊ុក។ ​នាង​ឃើញ​អ្នក​ស្គាល់​គ្នា​ម្នាក់​ធ្លាប់​បង្រៀន​ជាមួយគ្នាកាលនៅភ្នំពេញ​ពេលនេះ​គាត់​រៀបការប្តី​​ជា​ចិន​ហុងកុង​ហើយ​រើ​មក​នៅ​តំបន់​​Tai Mo Shan ជាយ​ហុងកុង។ ​​នាង​នឹកឃើញ​ភ្លាម​នូវ​ក្ដី​សង្ឃឹម​ថ្មី។

នាង​ចាប់ផ្ដើម​ឈែត​សុំ​ជំនួយ។ នាង​ឈែត​យូរ​ណាស់ គឺ​ឈែត​ជា​ភាសា​ចិន​យ៉ាង​កក់​ក្ដៅ។

​ទម្រាំ​លាន់​សូរ​ស៊ីផ្លេ​ឡាន​គេ​ទើប​នាង​ឈប់។ នាង​ល្មម​ដល់​ពេល​បិទ​កុំព្យូទ័រ​បានហើយ​ព្រោះថា​ផែនការ​បាន​ព្រមព្រៀង​ហើយ​រៀបចំ​រួច​ស្រេចបាច់​។

ឯករ៉េណា​ហត់នឿយ​ជាខ្លាំង​។​

គេវិល​មកវិញ​ដោយ​នាំ​មក​ជាមួយនូវ​ទឹកមុខ​មិនរីករាយ ប៉ុន្តែ​ចិត្ត​គេ​ហាក់​ធូរ​ស្រាល​ពេល​ឃើញ​នាង​តូច​នៅ​ក្បែរ​ទ្វារ​ហើយ​ទទួល​យក​អាវរងា​ដែល​គេ​ដោះ​មក​នោះ​ទៅ​ព្យួរ​ទុកឱ្យ​។

នាង​ដើរ​ទៅកាន់ផ្ទះ​បាយ​រៀបចំអាហារ​ច្រើនមុខឱ្យគេ ធ្វើឱ្យគេ​តាម​សម្លឹង​ដោយ​សង្ស័យ។

​រ៉េណា​មិនទៅតាមនាង ​គេ​បែរជាឈាន​ឡើងជាន់ខាងលើ​សំដៅបន្ទប់ទឹក។

ទីនោះ​មាន​ទឹកក្តៅ​លាយរួច​ជាស្រេច​ក្នុងអាង​​ត្រាំ ដែល​គេអាច​ធ្មេច​​ភ្នែក​រំសាយ​​ភាព​តឹងតែង​បាន​យ៉ាងរហ័ស​។

អ្នកប្រុស​ធ្មេចភ្នែក​សម្រាក​បន្តិច​ក៏​បើក​មក​វិញ ព្រោះនឹក​ឃើញ​រឿង​អ្វី​មួយ។

ស្រីនេះ​មិននៅ ប្តូរមកជា​រីករាយ ​តើព្រឹកមិញ​នាង​ចេញទៅក្រៅបាន​សប្បាយចិត្ត​ព្រោះចួបជាមួយ​អ្នកណា​ ឬមួយ​នាង​បានCallទៅ​ភ្នំពេញ​​?

គេ​រិះ​គិត​មិនបាន​ប៉ុន្មាន​ដង្ហើម​ផង ​ក្រោក​វឹង​ទាញ​សំលៀកបំពាក់​ហើយ​ដើរ​ចុះ​ទៅ​ក្រោម​។

នាង​នៅ​រង់ចំាំ​គេ ដោយ​ទឹកមុខ​ស្លូតបូត​ក្បែរ​តុបាយ​។

នៅទីនោះ​ក្រៅពីម្ហូប​ក៏មាន​រៀបចំ​ចាន​ពីរ​ឈុត​ហើយ​ជាស្រេច។

គេ​នឹក​ដល់​ការ​សន្លប់​របស់​នាង​ពី​យប់​មិ្សល​ហើយ​ក៏​លួច​ញញឹម​។

ភ្នែក​បុរស​សម្លឹង​ទៅ​ប្រអប់​ដៃ​នាង​តូច​ស្តើង​កំពុង​​ដួស​បាយមកផ្គាប់ចិត្ត​គេ​។

គេមិនងើប​ទៅយកស្រាមក​ទេ​ព្រោះចង់ឱ្យនាង​ស្វាង​ជាមួយគេ​ក្នុងយប់នេះ​​មិនមែន​ដេកឱប​មនុស្សស្រវឹងឡើយ​ស្រាប់តែ​នាង​សួរ៖

«លោក​យក​ស្រា​ទេ!»

ឯករ៉េណា​​សម្លឹង​ភ្នែក​នាង។ ​ទឹកមុខ​គេ​មិន​ញញឹម​ក៏​មិនស្រពោន ​គេសម្លឹង​​ដូចចង់​ឌឺ​នាង​​ហើយ​ដូចជា​កំពុង​គិតអ្វីមួយ​​ដែល​​លើស​ពី​ការ​ស្មាន​របស់​នាង​។

នាង​នៅ​ស្ងៀម​ទីទើរ​ពេល​គេ​មិនឆ្លើយ​។ ឃើញ​ដូច្នោះ​គេ​និយាយប្រាវ៖

«ចូលចិត្ត​សន្លប់​អ្ហេស?​»

នាង​នៅ​ស្ងៀម​ទម្លាក់​ទឹក​មុខ​គេ​ក៏​និយាយ​បន្ត៖

«បើ​ចូលចិត្ត​ ខាង​ណេះ​មិនឱ្យ​សន្លប់!»

នាង​ដឹង​ថា​គេ​តែងតែ​មាន​​ពាក្យសម្តី​និយាយ​មក​នាង​ប្រកប​ដោយ​ទំនាស់​១០០ជំពូកតែ​នាង​មិន​រវល់​ខឹង​ទេ​ព្រោះ​នាង​មិនយូរមិនឆាប់​នឹង​បាន​ចាក​ចេញ​ពី​ចង្កូម​គេ​។

ស្រីតូច​ដាក់​ដប​ស្រា​ទុក​វិញ​ហើយ​ដើរ​មក​អង្គុយ​ទល់​មុខ​គេ​ហើយចាប់ម្ហូប​ដាក់ឱ្យគេ សំឡេង​ឯករ៉េណា​លាន់​មក​បន្ត៖

«មាន​ការងារធ្វើ​ជាមួយគ្នា​​កុំ​ចង់​ផឹកស្រា​គេចវេះ!​»

នាង​មិនមាត់​ក៏​មិនសម្លឹងគេ​ហើយ​ចាប់​លើក​ស្លាបព្រា​ទីមួយ​មក​ដាក់​ក្បែរ​មាត់​។ ចិត្ត​នាង​​ក្តុក​ក្តាក់​នឹកឃើញ​ខ្លាច​តែ​ឈឺ​ខ្លួន​ដោយសារ​គេ។

ឃើញ​រាងកាយ​ទន់ភ្លន់​របស់​នាង​នៅក្បែរ​ខ្លួន គួរឱ្យកក់ក្តៅ​ ដូច្នេះឯករ៉េណា​នឹកដល់នាយ​សិទ្ធី​។​

ចុះ​បើ​ចិត្ត​នាង​ពិត​ជា​គិត​ពី​សុភាពបុរស​នោះ​ហើយឱ្យ​តម្លៃ​គេ​នោះ​ល្អជាងខ្លួន​ ចុះ​បើថ្ងៃណាមួយ​គេ​លែង​មាន​នាង​នៅអង្គុយក្បែរៗ​ដូច្នេះ​ហើយនាង​ទៅ​នៅ​ក្នុង​ដៃ​សុភាព​បុរស​ក្លែងក្លាយ​នោះ​?

គេ​និយាយ​រអ៊ូ​ទំាង​មិន​ដឹង​ខ្លួន៖

«បើ​មាន​ឱកាស​ប្រាប់​អា​ចោលម្សៀត​នោះ! បើ​ឯករ៉េណា​មិនឱ្យ​វា​ ទោះ​ត្រូវ​បោះចោល​ទៅឱ្យ​ឆ្កែ​ចចក​ហែក​ក៏​កុំ​សង្ឃឹម​ថា វា​បាន​ប៉ះពាល់!»

ស្រី​តូច​មិន​យល់​ច្បាស់លាស់​ពី​ន័យ​ពិត​នៃ​ប្រយោគ​ហិង្សា​​ពោរពេញ​ដោយ​ការ​ប្រចណ្ឌ​របស់​គេទេ​នាង​គិត​ពី​លេប​បាយ​ទាំង​តឹង​ទ្រូង​ ហើយ​មិន​តបត។

ឯករ៉េណា​ឃើញ​នាង​រឹង​រូស ​គេ​កាន់តែ​ក្តៅក្រហាយ ​លេប​បាយ​បង្ខំ​បានពីរបីស្លាបព្រា​ក្រោក​ចោលតុ​ដើរ​ចេញទៅ​រ៉ុយ​។

ធីតា​លេប​ទឹក​ដើម្បី​បញ្ចប់​ពេល​បាយ​ល្ងាច​ដ៏​អួលអាក់​នេះ​​។​

នាង​រៀបចំ​សព្វ​បែប​យ៉ាងឱ្យ​​ដូច​ប្រក្រតី​ហើយ​ដើរ​ឡើង​ទៅ​លើ​បន្ទប់​។

គេ​នៅ​ជាន់​ទី​មួយ​កំ​ពុង​និយាយ​ទូរសព្ទ​។ សម្ដី​ដែល​នាង​ស្ដាប់ឮ​គឺ​គេ​និយាយ​ជា​ភាសា​អង់គ្លេស ថា គេ​នឹង​ចេញ​ទៅ​បន្តិច​ទៀត​នេះ​ហើយ។​​

នាង​បន្ត​ចូល​​បន្ទប់​គេង​ទាំង​អំណរ​បន់ឱ្យ​តែ​ភ្ញៀវ​ទាំង​ឡាយ​របស់​គេ បញ្ច្រក​គេឱ្យ​ទៅក្រៅ​ ​កាន់តែ​យូរ​កាន់​តែ​ល្អ​។

ប៉ុន្តែ​មិនទាន់​អីផង​ទ្វារបន្ទប់​នាង​របើក ​ហើយគេ​ដើរ​ចូលមក​សម្លឹង​នាង​ដែល​កំពុង​​រៀបចំ​បត់​លើក​ខោអាវ​ពី​វ៉ាលិស​ស​ដាក់​ចូល​ក្នុង​ទូ​សម្លៀកបំពាក់។

សភាព​នាង​ដូច​ប្រាប់​គេ​​ថា​ នាង​ព្រម​រស់​នៅ​ទីនេះ​ទាំង​ចិត្ត​ទាំង​កាយ​លែង​គិត​ចង់​ទៅណា​ចោល​គេ​ទៀត​ហើយ​?

ឯក​រ៉េណា​ប្រហែល​ជា​មិនមែន​ល្ងង់​ពេក​ឯណា​។

បើ​នាង​ប្រុងរៀប​ចំខោអាវ​ទំាង​នេះ​ចូល​ទូ​មែន​ នាង​មានពេលពេញ​មួយ​ថ្ងៃ​មកហើយ​ ម៉េចក៏ចាំពេល​គេ​មក​ផ្ទះ​ដល់យប់ជ្រៅ​ទើប​​ធ្វើ​វា?

«ថ្មើរ​ហ្នឹង​ម៉ោង​បត់​ខោ​អាវ?!»

គេ​សួរ​គម្រោះ​គម្រើយ​ព្រោះ​ម៉ោង​១២អធ្រាត្រ​ទៅហើយ​។

ស្រីស្អាត​ប្រមូល​ទុក​ទៅម្ខាង ​ហើយ​ក្រោក​ឡើង​មក​បែរ​ខ្នង​​ដាក់​គេ​បិទទ្វារ​​ទូ។ គឺ​នាង​ធ្វើ​តាម​សម្ដី​គេ​ដោយ​មិនប្រកែក​តវ៉ា​។

មិន​ទាន់​បែរ​មក​វិញផង​ដៃ​គេ​ស្រាក់​ចង្កេះ​នាង​ហើយ​ពុក​មាត់​តិចៗ​របស់​គេ​​ត្រដុស​មក​លើ​ស្មា​នាង​។

នាង​នៅ​ស្ងៀម​តែ​បេះដូង​លោត​ញាប់​ជាងមុន។ ​ទោះយ៉ាងណា​គេ​ជាប្រុស​ដែល​នាង​ស្រលាញ់ គ្រាន់តែ​ថា​គេ​មាន​រោគចិត្ត​ផ្លាស់ប្តូរ​មិនទៀត​ ​ហើយ​គេ​គ្រោតគ្រាត​ដែល​នាង​មិនអាច​​សង្ឃឹម​ផ្ញើរវាសនា​បាន​។

គេ​ប្រាកដជា​​ទុកនាង​ជា​វត្ថុ​ប្រលែងលេង?

នាង​តូចចិត្ត ហើយសញ្ញាចំណង់តណ្ហា​របស់គេ​បង្ហាញចេញ​ជាមួយ​ដង្ហើម​ដ៏​ញាប់​របស់​គេ​ដែល​បញ្ចេញ​មក​លើ​គល់ក​និង​ខ្នង​នាង​។

គេ​មិន​ចាំបាច់​រក​ការ​យល់​ព្រម​ពីនាង​ទេ។ នីភា​មិន​ប្រឆាំង​ព្រោះ​​យល់ថា​អ្វីៗ​ដ៏​ទុក្ខសោក​នេះ​នឹង​បញ្ចប់​ទៅ​នៅ​ពេល​ដ៏​ខ្លី​គឺ​ពេលដែល​នាង​លែង​នៅទីនេះ​។

ស្ងៀមស្ងាត់​នៅក្នុងដៃគេ​ ជា​អ្វី​មួយ​មិនប្រក្រតី​សម្រាប់ឯករ៉េណា​ទៅហើយ​គ្រាន់​តែ​គេ​ធ្វើ​មិនដឹង​ហើយ​ទាញ​នាងឱ្យ​បែរ​មក….

នីភា​ឈ្ងោកមុខ ​តែ​គេ​ចង់ឱ្យនាង​មើលមុខ​គេ​….

«នៅជាមួយប្រុសៗ​ធ្វើមុខ​ដូច​មានពីណា​ស្លាប់?»

នាង​ងើប​មើលមុខគេ​ព្រោះ​មិនចង់ឱ្យ​រឿងរ៉ាវ​វែងឆ្ងាយ ស្រីតូចឃើញ​ភ្នែកគេ​ស្រទន់​សម្លឹង​មក​នាង​ហាក់ដូចជា​គេ​ស្រេកឃ្លាន​ចង់​លេបនាង ឥឡូវនេះ។ នាង​តប​ខ្សឹបៗ៖

«កុំរករឿងខ្ញុំពេក! មនុស្ស​ដូច​ខ្ញុំ​ធ្វើអ្វីក៏​គេ​​ទើស ​ធ្វើអ្វី​ក៏​ខុស​ដែរ​!»

1 Comment

  • Chanlika Posted September 20, 2023 8:54 pm

    សុំភាគតមកបង

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*