ឯករ៉េណាទាញដៃនាងទាំងសងមកដាក់លើចង្កេះគេ ហើយនិយាយឌឺដង៖
«គ្រាន់តែឱបវិញម៉េច?!»
នាងនិយាយដោយជ្រួញចិញ្ចើម៖
«សួរខ្លួនលោកទៅ សម្តីសម្តៅគ្រោតគ្រាតគំរាមកំហែងសមនឹងឱ្យស្រីៗចង់ឱបដែរ?!»
«អាណាវិញ ដែលវាសមជាង?!»
«កុំដាវ៉ារាលដាលអីដល់អ្នកដទៃ!»
«កាន់ជើងម៉េះ?!បើថាវាគ្រាន់ណាស់ម៉េចមិនឱ្យវាអើតក្បាលមកយកយើងចេញឱ្យបានទៅ?»
«ខ្ញុំឈប់និយាយហើយ!»
នាងបញ្ចប់សម្ដីដោយអាក់អន់ចិត្តចំពោះការគំហកកំហែងតែដៃនាងជាប់លើចង្កេះគេនៅឡើយព្រោះបាតដៃគេបង្គ្របពីលើនោះ។
សំឡេងឯករ៉េណាលាន់មកបន្ថែម ៖
«កុំឱ្យដឹងមឹះៗកេះឆ្នាំបាយធ្លុះ! កុំឱ្យដឹងធ្វើស្លូតងំៗហើយលេងល្បិចណា៎! ឱ្យតែដឹង! លើកនេះគ្មានព្រះណាមកជួយបានទេ មួយម៉ាត់ហើយក៏មិនបាច់និយាយគ្នាដែរ!»
នាងចង់សួរគេថាក្រែងត្រូវទៅក្រៅមែនទេ ប៉ុន្តែងើបមុខមករកគេកាលណាក៏ប៉ះកែវភ្នែកស្រទន់របស់គេ។
បុរសនេះសម្ដីមិនដូចចិត្ត ភ្នែកមិនដូចដៃ។ ចរិតច្រងេងច្រងាងតែពេលខ្លះក៏យល់ថាគេស្រលាញ់នាង។
ស្នេហាដំបូងផុសមកពញ្ញាក់ក្នុងអារម្មណ៍។
នាងចង់ដឹងថា នាងជឿពាក្យនាយសិទ្ធីនោះត្រូវឬខុស? តើគេពិតជាមានចេតនាបង្ខាំងនាង ដកយកសិទ្ធិសេរីភាពរបស់នាង?
នាងនិយាយទៅរកកែវភ្នែក៖
«លោកចេញទៅក្រៅលួចលាក់ចួបស្រីរាល់យប់!!»
នាងនិយាយខ្លីតែមានន័យប្រចែប្រចណ្ឌ ធ្វើឱ្យគេផ្ដោតសម្លឹងមកកែវភ្នែកនាងម្ខាងហើយម្ខាងទៀតមិនឆ្អែតឆ្អន់។
សម្ដីគេលាន់មកខ្សោយៗ៖
«ទាក់ទងអីនឹងយើង?»
«បើអ៊ីចឹងខ្ញុំក្រៅរកប្រុសបណ្ដើរគ្នាលេង ក៏គ្មានអីទាក់ទងនឹងលោកដែរឯករ៉េណា?!»
«សាកមើលទៅបើចង់ដឹងថា ម៉េចទៅឈឺខ្លួនដេកពេទ្យនោះ!»
«ការបង្ខំរបស់លោក វាគ្មានប្រសិទ្ធភាពទេឯករ៉េណា ពាក្យគំរាមអស់នេះក៏ដូចគ្នា!»
នាងនិយាយទាំងមិនដកភ្នែកចេញពីគេ តែចិត្តនាងឈឺហើយនឹកដល់កាលពីយប់ដែលគេស្រវឹងហើយធ្វើបាបនាង។
នាងតូចចិត្តហើយបបូរមាត់នាងក្ដាប់ចូលគ្នាបញ្ជាក់ប្រាប់គេថានាងអន់ចិត្តជាខ្លាំង។
ឯករ៉េណាក៏ស្រពោនទឹកមុខពេលដឹងថាខ្លួនកំពុងធ្វើឱ្យនាងមិនសប្បាយចិត្ត តែគេក៏មិនបានបន្ទន់សម្ដីអ្វីដែរ ព្រោះជ្រុលជាមនុស្សបែបនេះទៅហើយ គេនិយាយចាក់បណ្ដោយ៖
«មនុស្សប្រុសចេញទៅក្រៅមិនមែនសុទ្ធតែទៅរកស្រីនោះទេ! ហើយមនុស្សស្រីនៅតែផ្ទះក៏មិនមែនប្រាកដថាស្មោះតែប្រុសម្នាក់នោះដែរ!»
«អ៊ីចឹងយប់នេះលោកមិនបាច់ទៅទេ!»
ចិត្តនាងបន់ឱ្យគេចេញទៅ តែធ្វើជានិយាយបែបនេះតាមពិតគឺដាស់តឿនគេថាត្រូវដល់ពេលចេញទៅហើយ។
គេងើបមុខមើលម៉ោងហើយងាកមកសួរនាង៖
«ចង់យ៉ាងម៉េច?!»
«បើលោកទៅត្រូវជូនខ្ញុំទៅដែរ!»
«ទៅធ្វើអី? សុទ្ធតែប្រុសៗគេទៅនិយាយការរកស៊ី មានអីសប្បាយ!!»
«មានលោកនៅជាមួយតើខ្ញុំខ្លាចអីទៅ?!»
គេមិចភ្នែកហាក់រំភើបចិត្តភ្លេចគិតពីគំនិតខឹងនាងទាំងប៉ុន្មាន។ ចម្លើយលាន់មកខុសពីការព្រមាន៖
«បាន! រៀបចំខ្លួនទៅ!»
គេលែងដៃពីចង្កេះហើយដើរចេញពីទីនេះ។ តែគេក៏នឹកឃើញហើយងាកមកផ្តាំនាង៖
«ខាងក្រៅ មេឃរងាណាស់! កុំភ្លេចយកអាវវែងទៅ!»
គេចាកចេញ ឯនាងចូលមកក្នុងបន្ទប់ទឹកជាមួយLaptopនាង។ នាងChat ទៅរកអ្នកដែលត្រៀមនឹងជួយនាង។
«ខ្ញុំចេញទៅក្រៅជាមួយគេឥឡូវនេះ! ខ្ញុំភ័យតិចតួចដែរ មិនដឹងថាគេនាំទៅណាទេ! តែមើលទៅគេប្រហែលមិនដល់ថ្នាក់ធ្វើបាបខ្ញុំនៅក្រៅផ្ទះឡើយ! មិនដឹងដែរ គេម្តងអ៊ីចេះម្តងអ៊ីចុះ!»
នាងបិទកុំព្យូទ័រហើយរៀបចំខ្លួនយ៉ាងរហ័សតែមិនខ្ចីតុបតែងអ្វីឡើយព្រោះអារម្មណ៍បារម្ភតែនឹងរឿងរត់គេច។
នាងមិនគិតថាពេលនេះអាចធ្វើអ្វីបាននោះទេ ប៉ុន្តែថ្ងៃនោះនឹងមកដល់ក្នុងពេលឆាប់ៗនឹងមកដល់ ព្រោះមិត្តនាងសន្យាថាប្តីគេកំពុងគិតរឿងនេះយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន។
ប្តីរបស់អ្នកគ្រូនោះជាជនជាតិចិន គាត់មករស់នៅហុងកុងតាំងពីក្មេងគឺនៅដីកោះនេះ១៧ឆ្នំាមកហើយ។ បុរសនោះស្គាល់គេច្រើនហើយស្គាល់ភូមិសាស្ត្រនិងវិធីសាស្ត្រច្រើនណាស់ធ្វើឱ្យសៅនីភាមានសង្ឃឹមខ្ពស់ថាអាចជួយនាងចាកចេញពីឯករ៉េណាវិលទៅកម្ពុជាវិញឆាប់។
នាងចុះមកដល់ក្រោមហើយឃើញគេចុះមកដំណាលគ្នា។
គេងើបមុខសម្លឹងនាងមិនចេញស្ដីអ្វីទេដើរមុនសំដៅទៅរកឡានដែលឈប់ចាំ គេឱ្យសញ្ញាទៅសូហ្វ័រឱ្យចុះហើយខ្លួនគេឡើងបើកឡានខ្លួនឯងទេម្ដង។
«គេមិនទៅធ្វើការរបស់គេ បានជាមកធ្វើសូហ្វ័រហើយចេញក្រៅតែពីរនាក់យើង?»
នារីគិតដោយឈរក្បែរឡាន។
គេរវៃកញ្ចក់មកឌឺនាង៖
«ម៉េចហើយ? ម៉ោងទើប១យប់ហ្នឹង ងងុយហើយហ្អី!»
នាងប្រែទឹកមុខធ្វើជារីករាយហើយដើរទៅរកទ្វារឡានម្ខាងទៀតដែលមានអង្គរក្សម្នាក់បើកជូនរួចជាស្រេច។
ទ្វារបិទវិញសឹងថាមិនចង់ទាន់ ឯករ៉េណា ចេញឡានរ៉ាវដូចកំពុងបោលប្រដេញគ្នា។
នាងភ័យតែមិនហ៊ានឃាត់គេទេ លុះដល់គេបន្ថែមល្បឿនលឿនទៅៗនាងក៏ងាកមកមើលមុខគេឃើញគេញញឹមស្រស់ ។
«យើងទៅណា!»
«ទៅរកកន្លែងថើបគ្នា!»
គេនេះយ៉ាប់ណាស់ ដែលនិយាយស្ដីចោលដឹងទំាងដង តែទោះយ៉ាងណា បបូរមាត់គេនិងសម្តីគេធ្វើឱ្យនាងខ្វល់ខ្វាយព្រោះចិត្តស្នេហាដែលធ្លាប់មានពីមុនមករកកលតែនឹងកម្រើកមកវិញជារឿយៗ។
នាងសួរខ្លួនឯងស្ងាត់ៗក្នុងចិត្ត៖
«សៅនីភាអើយ បើឯងបកទៅភ្នំពេញវិញ ឯងលែងបានឃើញគេទៀតហើយ! តើឯងនឹកគេដែរឬយ៉ាងណាប្រុសហិង្សានេះ!»
គេងាកមកខ្វាច់ប៉ះចំកែវភ្នែកស្រទន់ដែលស្រីស្អាតសម្លឹងគេស្ងប់ស្ងាត់។
សភាពស្លូតបូតរបស់សៅនីភាកាលពីអតីតកាលលេចឡើងមកវិញ គ្របបាត់ភាពជាស្រីមុខរឹងដែលគេទើបតែបានដាក់ឈ្មោះថ្មីៗឱ្យនាង។
គេភាំងតិចតួចនឹងសម្រស់ធម្មជាតិ ហើយនិងកែវភ្នែកស្មោះត្រង់ដែលនាងសម្លឹងមក។
ឯករ៉េណាឈប់ញញឹមហើយធ្វើមុខស្មើសម្លឹងនាងតបវិញ។
ស្រីស្ងួនព្រិចភ្នែកសួរគេ៖
«ក្រែងលោកត្រូវទៅចួបគេ?»
«Cancel ចោលអស់ហើយ!»
«ហេតុអី!»
«អូក្រែងព្រះនាងម្ចាស់ចង់ដើរលេងហ្អី?!»
«លោកកុំធ្វើពុតមើលតែលោកហ្នឹងល្អហ្នឹងខ្ញុំណាស់អ៊ីចឹង!»
នាងរអ៊ូហើយងាកមុខចេញតាំងក្រញូវគេក៏រអ៊ូក្រញូវដូចគ្នា៖
«ចិត្តល្អរន្ទះបាញ់!»
គេឈប់ឡានង៉ក់ពីក្រោយបារមួយដែលជះរស្មីភ្លើងពណ៌ចិញ្ចាច ទោះបីជាទីនេះស្ងាត់ជ្រងំ ប៉ុន្តែនីភាលឺស្នូរភ្លេងនិងសំណើចលាន់មកពីក្នុង។
នាងឈានជើងចុះហើយគេដើរមកក្រៀកចង្កេះនាងចូល។
ផ្សែងបារីនិងក្លិនជាច្រើនបញ្ចូលគ្នា បុកមកប៉ះប្រុសស្រីទាំងទ្វេគ្រាន់តែគេរុញទ្វារហើយនាំនាងដើរទៅក្នុង។
សូរសព្ទតន្ត្រីលាន់រំពងហើយជនជាតិចិននិយាយគ្នាហ៊ោកញ្ជៀវឮៗ ប្រណាំងស្នូរតន្ត្រី។
គ្រប់គ្នាឃើញឯករ៉េណាគ្រាន់តែនិយាយ Hiហើយគេចចេញអស់។
«ម្នាក់នេះមិនដឹងដើរវាយតប់អ្នកណាខ្លះទេ បានជាមិនមានគេមករាក់ទាក់ជល់កែវសូម្បីម្នាក់!»
នាងគិតមិនទាន់បានពីរដង្ហើមស្រួលបួលផង ស្រាប់តែឮសំឡេងគេខ្សឹប៖
«បងមិនដែលមកកន្លែងនេះទេ!»
ខ្មោចអីចូលគេបានជាគេនិយាយពីរោះដាក់នាងហើយហៅខ្លួនឯង«បង»ទៀត?
នាងតបសួរទាំងញញឹមតែមិនងាកមុខរកគេទេព្រោះនាងក្នុងរង្វង់ដៃគេស្រេចទៅហើយ៖
«ចុះម៏ធ្វើអីអ៊ីចឹង?!»
«កន្លែងនេះស្រួលឱបថើបគ្នាឈ្មោះវាគឺបារថើប!»
«គេចេះអានអក្សរហើយ!»
«អូ! ភ្លេចថា កូនគេចេះចិន!»
«ចុះលោកមិនចេះចិនមកនៅស្រុកចិនម៉េចទៅ?!»
«អង់គ្លេសជាភាសាទីមួយនៅទីនេះ! តែអ្នកបោសបង្គន់ ក៏ចេះអង់គ្លេសដែរសាកមើលទៅ!»
គេនាំនាងទៅអង្គុយនៅសាឡុងមួយកាច់ជ្រុងគ្មានភ្លើងបំភ្លឺទេគឺងងឹតស្លុបពឹងពន្លឺ ជះមកពីកន្លែងរាំតិចៗបំផុត។
អ្នករត់តុមកសួរនាំ គេឱ្យគេយកស្រាមកឱ្យ។
អ្នករត់តុចេញទៅមិនទាន់ផុតស្រួលបួល គេលាដៃឱបនាងឃ្វំាងហើយសម្លឹងមុខនាងមិនដាក់ភ្នែក។
បើថ្ងៃដែលគេចេញពីភ្នំពេញមកជាមួយនាងហើយមិនបានទទួលសារដុតរបស់នាយសិទ្ធីស្នេហាពួកគេប្រហែលជាផ្អែមល្ហែមយូរមកហើយ ប៉ុន្តែទោះយ៉ាងណាយប់នេះចេញមកដើរលេងជាមួយគ្នាជាលើកដំបូង គេពិតជាចង់ភ្លេចចោលរឿងសៅហ្មងផងទំាងឡាយ ហើយពេលនាងងាកមក រកសួរនាំគេបបូរមាត់គេក៏ស្ទាក់មកបង្ខាំងការនិយាយរបស់នាង។
គេថើបនាងទាំងមិនទាន់បានផ្ដើមលួងលោមអ្វីបន្តិចហាក់បីដូចជាពេលជិះឡានមកជាមួយគ្នាអំបាញ់មិញគឺគេអត់ទ្រាំជាខ្លាំងមកហើយ។
អាវក្រៅនាងនៅមិនទាន់ដោះចេញផង គេឱបបណ្ដើរលូកដៃស្រាយឱ្យនាងបណ្ដើរសល់តែរ៉ូបទន់ល្មើយ ហើយរលោងគួរឱ្យចង់អង្អែលថ្នាក់ថ្នម។
បបូរមាត់របស់គេស្ថិតនៅនែបនិត្យនឹងអណ្ដាតរបស់នាងហើយនាងក៏បណ្ដោយព្រោះដឹងថាមិន អាចធ្វើអ្វីបាន ចំណែករីឯម្រាមដៃរបស់គេរត់រសិប ចុះឡើងពេញលើខ្នងនាង។ រាងកាយគេពេលនេះប្រៀបដូចជាទេវបុត្រទន់ភ្លន់ខុសគ្នាខ្លាំងណាស់ពីភាពជាមច្ចុរាជកាលពីយប់មកដល់ហុងកុងដំបូង។
រហូតដល់អ្នករត់តុមកដល់ទើបគេបន្ធូរដៃចេញ វិញហើយងើបមុខចេញពីស្រីតូច។
គេក្រោកចេញទៅទុកនាងឱ្យនៅអង្គុយម្នាក់ឯង តែឆ្លៀតផ្ដាំនាង៖
«កុំដើរទៅណាផ្ដេសផ្ដាស! អង្គុយហ្នឹងហើយគ្មានអ្នកណាហ៊ានឆាឆៅទេ!»
គេដើរទៅបន្ទប់ទឹករំងាប់កំសួលស្នេហាដែលពុះកញ្ជ្រោលអំបាញ់មិញមកវាក់អើស្រីសិចស៊ីស្រវឹងទន់ម្នាក់ឈរក្បែរទ្វារ។ ឯករ៉េណាមានសៅនីភាមកដែរ គេមិនចង់ដៀងភ្នែកទៅ មើលស្រីណាទៀតទេប៉ុន្តែស្រីស្អាតនោះហាក់ដូចកំពុងញញឹមមករកគេ។
គេងាកទៅខ្វាច់ ក្រហមមុខងាំងព្រោះនាងស្លៀកប៉ិតសឹងថាអ្វីៗនៅកណ្ដាលវាលទាំងអស់ហើយដែលសំខាន់នោះ គឺនាងមិនត្រឹមតែញញឹមទេ ប៉ុន្តែដើរសំដៅមកតែម្ដង….
ស្រីចិនហុងកុងខ្ចីល្វក់សដូចសម្លី ប៉ះដៃនាងទន់ដូចល្វាចេកមករេប៉ះលើខ្លួនប្រុសខ្មែរដែលកំពុងក្តៅបេះដូង រោលរាលធ្វើឱ្យនៅឈរធ្មាំងមើលសកម្មភាពនាង។
នាងស្អាតណាស់ហើយក្មេង ល្ហក់ទំនងជាកូនស្រីអ្នកមានដែលលួចដើរលេងចេញមកផឹកស្រាហើយមិនសូវប៉ិនក៏ស្រវឹងទន់។
ឯករ៉េណាឃើញនាងនឹកឃើញដល់ស្រីស្អាតរបស់ខ្លួន គេប្រលេះដៃនារីចិនចេញពីទ្រូងប្រុងចូលបន្ទប់ទឹកឱ្យឆាប់នឹងអាលបានចេញទៅចួបនីភា ដឹងអីស្រីនោះឱនមកតោងស្អិតដូចតុកកែបេះមិនចេញ….តណ្ហានៅមិនទាន់បានរំលត់មកប៉ះចំណីដល់មាត់ទៀត?….នាងតូចនោះរុញអ្នកលេងខ្មែរចូលប្រលោះមូយក្បែរបន្ទប់ទឹកដែលងងឹត ហើយនាងចាប់ផ្ដើមបំពេញចិត្តគេដែលកំពុងក្តៅរោលរាល….
…នៅឯណេះនីភាអង្គុយចំាំតែឯង….
សំឡេងមួយស្រែកហៅនាងតិចៗ៖
«ភា! ភា!»
នាងស្ទុះហើបគូទពីកៅអីព្រោះមិត្តនាងដែលបង្រៀនជាមួយគ្នានោះបានមកដល់ពីមុខនាងជាមួយនឹងប្ដីរបស់គេ។
ពួកគេស្លើតស្លក់តែនាងភ័យជាងពួកគេទៅទៀតព្រោះនាងយល់ថាឯករ៉េណានឹងវិលមកវិញឥឡូវមិនខាន។
«តោះទៅយើង!»
អ្នកគ្រូនោះតឿននីភាឱ្យចាកចេញជាមួយគេ។
នីភាសម្លឹងគេនិងប្តីរបស់គេដោយភិតភ័យងឿងឆ្ងល់លាយឡំគ្នា។
«ហេតុ…អី? ឯករ៉េណាគេទៅបន្ទប់ទឹក គេមកទាន់ឃើញអ្នកទំាងពីរឥឡូវហើយ!»
«គេមិនទាន់ចេញមកបានទេ! យើងមានស្រីម្នាក់កំពុងកាក់គេជាប់នៅទីនោះ! តោះលឿនឡើង!»
អ្នកគ្រូនោះខំមកជួយអូសដៃនីភាចេញទៅដោយមានប្តីនាងតាមរំពៃឆ្វេងស្តាំ ការពារពីក្រោយ។
គេទំាងបីរត់មកដល់រថយន្តមួយចត់ក្រោមម្លប់មែកឈើធំត្រឈឹងត្រឈៃ។
ឡានរឺយែរថយក្រោយ….នីភាដឹងថាពួកគេបាននាំនាងចេញពីជិវិតល្បងធំឯករ៉េណាដោយជោគជ័យហើយនៅពេលនេះ។
នាងរែភ្នេកទៅរកឡានគេដែលមុននេះ បានជូននាងមកតាមចិត្តដែលនាងចងហើយបង្គាប់គេ។
….ក្លិនស្នេហ៍របស់គេនៅសល់លើបបូរមាត់នាងនៅឡើយហើយរូបរាងស្នាមញញឹមព្រមទំាងរង្វង់ដៃគេដែលឱបត្រកងនាង គឺបានផ្តិតជាប់ក្នុងប្រអប់បេះដូងស្រីតូច។
«លាហើយ! ឯករ៉េណា!»
នាងនិយាយទំាងទឹកភ្នែកធ្លាក់ស្រក់ជាសម្ងាត់ក្នុងបេះដូង។
សៅនីភាឈ្ងោកមុខលែងសម្លឹងរថយន្តគេ ហើយនាងយល់ថាតទៅ នាងនឹងត្រូវរស់បំភ្លេចគេអនុស្សាវរីយ៍ទំាងប៉ុន្មានដែលមានមកជាមួយគ្នា។
«មានយកប៉ាស្ព័រមកទេភា?!»
អ្នកគ្រូដែលមកជួយ បានងាកមកសួរ។
នីភាងក់ក្បាលទំាងដៃនាងរាវដាក់ពីលើលិខិតឆ្លងដែនដែលនាងបានយកមកទុកក្នុងហោប៉ៅអាវធំតំាំងពីម្សិលមិញ។
សំឡេងស្ត្រីនោះនិយាយទៅកាន់ប្តីរបស់គាត់៖
«ឯករ៉េណាមកតាមយើងទាន់ដែរ?!»
ប្តីនោះជាជនជាតិចិន គេលបលួចមើលមុខនីភាតាមកញ្ចក់ឃើញនាងស្លេកងាំងភិតភ័យលាយស្រពោន ក៏និយាយ៖
«ប្រហែលមិនងាយទេ! ស្រីដែលយើងចួបនោះ ចំណាប់ណាស់ ប្រុសណាបានចួបសុទ្ធតែទៅណាមិនរួចទាំងអស់»
«លោកជួលមនុស្សស្រីឱ្យទាក់ទងគេ?!» នីភាភ្លាត់មាត់សួរ។
តែប្តីនោះមិនឆ្លើយទុកឱ្យប្រពន្ធឆ្លើយជំនួស៖
«ជាមួយឯករ៉េណាប្រហែលនាះជាវិធីតែមួយគត់ហើយមើលទៅ!»
នីភានៅស្ងៀមដោយសារនាងក៏មិនប្រាកដដែរថា តើឯករ៉េណាទៅបន្ទប់ទឹកហើយជាប់ក្រោមដៃស្រីជំនាញដែលប្តីប្រពន្ធនេះអះអាងមែនដែរឬយ៉ាងណា….
ស្ត្រីនោះនិយាយបន្ត៖
«យន្តហោះទៅភ្នំពេញវិញអត់មានពេលនេះទេ តែស្អីក៏យើងមិនហ៊ានទិញដែរពេលនេះខ្លាចគេទៅរកឯងដល់វាលយន្តហោះ! យកល្អលាក់ខ្លួនបួនដប់ថ្ងៃសិនបង្វែងដានគេ!»
នីភាងក់ក្បាល។ ទឹកមុខឯករ៉េណាដែលសម្លឹងនាងដោយកំហឹងដោយស្នេហាដោយស្រទន់និងអ្វីៗគ្រប់យ៉ាងរបស់គេបង្ហាញនៅចំពោះកែវភ្នែកនាងដូចកំពុងនៅក្បែរគ្នាបង្កើយ។
«គេងទៅ កន្លែងយើងទៅ នៅឆ្ងាយទៀត!»
នារីជាមិត្តនិយាយប្រាប់ព្រោះយល់ចិត្តនាងដែលនៅក្រៀមក្រំស្រលាញ់និងមិនងាយដាច់អាល័យពីគេ។
នីភាហើយធ្វើជាធ្មេចភ្នែក ប៉ុន្តែដោយពិបាកចិត្តពេកនាងក៏លង់លក់មែនទែន។
សូរចាប់ហ្វ្រាំងឡានបានធ្វើឱ្យនាងដឹងខ្លួនមកវិញ។
មេឃនៅងងឹតនៅឡើយ តែឡាននាងបែរជាឈប់។
ដោយសើងម៉ើងនីភាខំប្រមូលអារម្មណ៍មកវិញរកមើលក្រែងឃើញផ្ទះណាមួយ ដែលជាទីសំចតរបស់ខ្លួន ?
អត់ទេ….នាងមិនឃើញអ្វីក្រៅពីព្រិលពណ៌ប្រផេះ ជាការបង្ហាញថាតំបន់នេះត្រជាក់ជាងនៅតំបន់របស់ឯករ៉េណាទៅទៀត។
«ឱ!ព្រះអើយ!»
ស្ត្រីនោះលាន់មាត់ធ្វើឱ្យនីភាបុកពោះ។
ស្នូរបិទទ្វារឡានគ្រាំៗ ដែលមិនមែនជាឡាននាងកំពុងជិះធ្វើឱ្យស្រីតូចស្ទុះងើបពីការគេងទ្រេតមកអង្គុយត្រង់ខ្លួនហើយសម្លឹងទៅក្រៅ។
រថយន្តពីរបីគ្រឿងនៅព័ទ្ធជុំវិញពួកនាង ចំណែកនៅចំពីមុខគឺរថយន្តខ្មៅស្រិលមួយដែលមុននេះនាងមើលមិនឃើញព្រោះទើបងើបពីងងុយ។
តើគេប្រដេញគ្នាមកតំាងពីអង្កាល់…នាងមិនខ្វល់ទេ…ដែលត្រូវខ្វល់គឹមិនទាន់ទៅដល់គោលដៅផងប្តីប្រពន្ធនេះត្រូវឯករ៉េណាតាមមកទាន់កណ្តាលផ្លួវទៅហើយ…..
នីភារបូតដៃដែលខំក្តោបចូលគ្នាផ្តល់កម្ដៅចិត្ត ហើយភាពភិតភ័យរន្ធត់ដ៏ធំមិនធ្លាប់មានមួយបានសម្រុកមកធាក់រាងកាយនាងឱ្យទន់ល្មើយអស់កម្លាំងធេងតំាងពីក្បាលដល់ចុងជើង។
ឯករ៉េណាទៅណមិនឆ្ងាយពីជីវិតនាងពិតមែនហើយ…
….គេចុះពីលើឡានទំាងមុខក្រញូវៗហើយពួកដំរីទឹកបីបួននាក់តាមមកពីក្រោយ….មួយជំហានមួយជំហានដែលគេ ឈានមក បេះដូងនីភាសឹងថាគាំងលែងដកដង្ហើមរួច ព្រោះនាងយល់ថា មិនត្រឹមតែគ្មានជីវិតរស់ ក៏ថែមទំាងនាំគ្រោះឱ្យដល់ប្តីប្រពន្ធសប្បុរសនេះទៅទៀត។
….ខួរក្បាលស្រីតូចវិលខ្ញាល់រកមធ្យោបាយ….ទោះបីជានៅសល់តែប៉ុន្មានដង្ហើមទៀតក៏សៅនីភាយល់ថាខ្លួនឯងត្រូវតែធ្វើអ្វីម្យ៉ាង។
ប្តីប្រពន្ធនោះនៅទ្រឹងក្នុងភាពភ័យខ្លាចដូចគ្នា ដូច្នេះហើយសៅនីភាជាអ្នកធ្វើសកម្មភាព..។
នាងរុញទ្វារដើរចុះទៅ ហើយសំដៅរកបុរសម្នាក់នោះ។
ដែលសំខាន់គឺគេមិនមើលមុខនាងហើយដើរហួសពីនាងទៅទៀតធ្វើឱ្យស្រីតូចភាន់ភាំង….
គេដល់ថ្នាក់មិនខ្វល់…..សូម្បីតែនាងសុខចិត្តដើរមកទទួលទោសទៅហើយតើគេចង់បានអ្វីទៀត?
នាងនៅទ្រឹង ចំហមាត់ ហើយប្រញាប់ងាកក្រោយរត់ទៅតាមគេឱ្យបានមុនពេលគេទៅដល់ប្តីប្រពន្ធ នោះ។
នាងមិនដឹងធ្វើម៉េចមានតែឱបគេពីក្រោយដើម្បីបញ្ឈប់ដំណើរគេ….
….មិនមែននាងធ្ងន់ដល់គេបោះជំហានទៅមុខទៀតមិនរួចទេ តែឯករ៉េណាប្រហែលចាំចង់ស្តាប់ពាក្យនាងម្តងទៀត….វាជាឱកាសចុងក្រោយមុនពេលដែលគេផ្តល់មេរៀនឱ្យនាងចងចាំមួយជីវិត….
«បើមានលើកក្រោយ! មួយម៉ាត់ក៏មិនបាច់និយាយគ្នាដែរ!» សម្តីគេដែលព្រមាននាងថ្មីៗនេះរំឭកមកវិញក្នុងខួរក្បាលឆ្លេឆ្លារបស់ស្រីតូច។
ដៃនាងដែលឱបទ្រូងគេបានដឹងស្រេចហើយថាកំហឹងកំពុងតែធ្វើឱ្យបេះដូងគេលោតរំជួល។ គេប្រហែលខឹងប្តីប្រពន្ធនោះតិចតួចទេតែគេខឹងនាងខ្លំាង ដូច្នេះហើយបើចង់ឱ្យនាងឈឺហើយរាង មានតែប្រដៅប្តីប្រពន្ធនោះនៅនឹងមុខនាង។
នីភាយល់ចិត្តគេគ្រប់យ៉ាងតែនាងអន់ត្រង់ថានាងល្ងង់ដែលជឿថាស្រីចិនពូកែសិចនោះអាចពង្វក់ឯករ៉េណាឱ្យចោលនាងនៅកណ្តាលបារម្នាក់ឯងបាន។
ឃើញនាងឱបគេជាប់តែរកពាក្យនិយាយមកកាន់គេមិនរួច ម្រាមដៃគេលូកមកប្រលេះដៃនាងទាំងទ្វេចេញពីទ្រូង។
គឺគេធ្វើមួយទំហឹងកូនប្រុសតែម្តង។
នាងនៅប្រតោងហើយតក់ស្លុត….
«រ៉េណា សុំទោស!» នាងនិយាយដោយទ្រហោយំព្រោះភ័យពេក។
គេមិនឆ្លើយសូម្បីមួយម៉ាត់ដូច្នេះវាដូចណាស់ទៅនឹងការព្រមានរបស់គេ ដែលថាអ្វីក៏មិនបាច់និយាយដែរ បើនាងក្បត់សម្តីខ្លួនឯងដែលសន្យាថាលែងទៅណាទៀត។
ក្នុងពេលដៃនាងឱបគេលែងជាប់ស្រីតូចបង្វែរខ្លួនរត់ទៅចំពីមុខគេហើយឱបរារាំងគេម្តងទៀត។
«ឯករ៉េណា! កុំធ្វើអីពួកគេខ្ញុំអង្វរលោក!»
ដែលកាន់តែពិបាកគឺគេមិននិយាយរកនាង ហើយក៏មិនមើលមុខ។
គេប្រលេះដៃនាងចេញសាជាថ្មី ហើយរុញនាងទៅឱ្យពួកដំរីទឹក។ ពួកនោះចាប់នាងជាប់ ទុកឱ្យឯករ៉េណាដើរទៅបើកទ្វារឡានទាញបុរសជាប្តីនោះចេញមក។
សំឡេងគេស្រែកខ្លាំងៗលុបពីលើភាពងងឹតសូន្យសុងដោយស្បៃរាត្រី៖
«អ្ហែងខ្លាំងម៉េះអាខ្លាំង?!»
សៅនីភាបើកភ្នែកធំៗ….នាងតក់ស្លុតមិនមែនដោយសារមិនដែលឃើញគេស្រែកខឹងខ្លាំងថ្នាក់នេះនោះទេ តែនាងភាំងព្រោះគេនិយាយចិនកន្តាំងច្បាស់ដូចភាសាខ្មែរ។
ដេកឱបគេ ស្រលាញ់គេយូរហើយ នេះជាថ្ងៃដំបូងដែលនាងឮគេនិយាយចិន ហើយដឹងថាគេចេះចិន។
….ព្រោះតែដូច្នេះហើយបានជាពេលគេទន់ក្រោមដៃស្រីសិចស៊ីក្បែរបន្ទប់ទឹក នាងនោះនិយាយចិនឌឺគេថា «ក្រែងគេអួតថាបងឯងខ្លាំងហ្អី?» ធ្វើឱ្យឯករ៉េណភ្ញាក់ចេញពីរងើកតណ្ហា។
គេដឹងខ្លួនភ្លាមថាកំពុងធ្លាក់អន្ទាក់ហើយគេរត់មករកស្រីតូចម្ចាស់ចិត្ត។
ស្រីដែលគេស្រលាញ់ ធ្វើមឹះៗសន្យានឹងគេថាមិនទៅណាទៀត ទីបំផុតបានចាកចេញចោលគេនៅក្រោមល្បិចដ៏ថោកទាបអស់នេះមិនឱ្យទ្រូងនាយផ្ទុះដូចកំអែលភ្នំភ្លើងម៉េចនឹងបាន។
សៅនីភាឈរឆ្កុបនឹកដល់សម្តីនាងទំាងប៉ុន្មានដែលនិយាយភាសាចិនពីដើមដល់ចប់គេនេះចេះស្តាប់ទំាងអស់គ្រាន់តែគេមិននិយាយហើយមិនប្រាប់នាងថាគេចេះភាសានេះ។
នាងភ្ញាក់ដូចគេកន្ត្រាក់ត្រឹមពេលដែលឃើញគេក្របួចកអាវ ទាញបុរសជាប្តីចេញមក ហើយភរិយាដែលជាអ្នកគ្រូចេញមកតាមទំាងយំយែក។
នីភារលាស់ខ្លួនចេញពីដៃពួកអង្គរក្ស។
ទោះរលាស់មិនបានសម្រេចតែនាងកញ្ជ្រោលជាខ្លាំង មិនដឹងនាងភ័យខ្លាចរ៉េណាប្រព្រឹត្តខុសឬភ័យអាណិតប្តីប្រពន្ធនោះជាងទេ។
«ឯករ៉េណា! ខ្ញុំឱ្យលោកឈប់ភ្លាម ហើយលែងគេ!»
នាងស្រែកជាភាសាចិនគឺស្រែកដោយភ្លាត់សំឡេង។
គេមិនចោលដៃដែលក្របួចបុរសនោះ តែគេបែរមុខមកមើលនាង។ ឯករ៉េណាមិននិយាយទេព្រោះបបូរមាត់គេដែលញញឹមឈឺចាប់មករកនាង ដូចចង់ប្រាប់នាងថា គេកំពុងត្រៀមឱ្យនាងមើលមេរៀនដែលគេនឹងប្រដៅនាង។
សៅនីភា ប្រាកដជាយល់អ្វីដែលគេកំពុងគិតជាងអ្នកណាៗទំាងអស់។
នាងខំាដៃអង្គរក្សរហូតដល់ពួកនោះទ្រំាមិនបានក៏របូតដៃចោលនាងអស់។
ស្រីតូចដើរទ្រេតទ្រោតមួយៗមករកឯករ៉េណា ដៃនាងលើកអ្វីម្យ៉ាងពីក្នុងហោប៉ៅមក លើកឡើងបង្ហាញដាក់ស្មើនឹងគ្រាប់ភ្នែករបស់គេ ហើយដៃនាងម្ខាងទៀតហែកវាទម្លាក់ទៅលើដីម្តងមួយសន្លឹក…
ឯករ៉េណាសម្លឹងសម្លឹងសន្លឹកក្រដាសទំាងនោះដែលហើររោយតាមខ្យល់។ គេមិនអាចធ្វើហីនិងកែវភ្នែករលោងខ្មៅរបស់ស្រីស្អាត ហូរទឹកភ្នែកមកយឺតៗនោះឡើយ….
«បើលោកមិនលែងពួកគេ….ខ្ញុំនឹងស្លាប់នៅទីនេះ គឺខ្ញុំនឹងខ្ទេចខ្ទីទៅសូន្យពីលោកនេះ ដូចប៉ាស្ព័ររបស់ខ្ញុំនេះដែរ!»
ឯករ៉េណាស្មានថាខ្លួនឯងកាចសាហាវ តែគេទើបតែដឹងថាស្រីតូចសំឡេងឆ្មាៗនេះរឹតតែកាចសាហាវជាងគេទៅទៀត។
បើនាងហែកបំផ្លាញបានសូម្បីតែប៉ាស្ព័រខ្លួនឯងផ្ទាល់ដែលជាវត្ថុសង្ឃឹមចុងក្រោយសម្រាប់ការចាកចេញពីដែនកោះនេះដោយគ្រាន់តែដើម្បីការពារប្តីប្រពន្ធពីរនាក់ ឯករ៉េណាជឿណាស់ថានាងនឹងអាចសូម្បីតែបញ្ចប់ជីវិតខ្លួនឯងដូចគ្នា គឺដូចដែលសម្តីនាងបាននិយាយ ដើម្បីតែយកឈ្នះភាពឃោរឃៅរបស់ឯករ៉េណា។



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ