ខ្ញុំហួសចិត្តនិយាយវិញផូង៖
«សៅនីភា ស្រលាញ់បងឯង បងឯងត្រូវរស់នៅ មើលថែនាងខ្លួនឯងទៅ ខ្ញុំមើលតែទាវនីណាម្នាក់ទេ!ក្រោកឡើងឯករ៉េណា! កុំដេកសំងំសុខនៅទីនេះ!»
ខ្ញុំដាក់ចិត្តថាដើរចេញមករ៉េវចោលឯករ៉េណាព្រោះថាពួកចិនដែលមកដល់ក្រោយនឹងថែមកម្លាំងជួយលើកឡានចេញសង្គ្រោះគេបានមិនខាន ស្រីឆ្នាសស៊ិចស៊ីនោះវិញទេដែលមិនដឹងយ៉ាងណាទៅហើយ។
ខ្ញុំដើរចេញមួយជំហានៗខាំធ្មេញគគ្រឺតដែលចាញ់បោកនាយនោះ ហើយគិតថាប្រសិនសូម្បីប្អូនស្រីខ្លួនក៏ធ្វើបាបលេងល្បិចចុះឡើង មនុស្សនេះពិតជាអស់កែដូចសៅនីភាថាមែន។
សំឡេងឯករ៉េណាលាន់មកពីក្រោយខ្នងខ្ញុំ៖
«ពួកអ្ហែងទៅជាមួយវាទៅយកនីណាមកវិញ!»
ពួកនោះទំនងទីទើរបានជាឯករ៉េណាគំហកម្តងទៀត៖
«លឿនឡើង!»
ខ្ញុំឈានដល់ឡានហើយ មិនរវល់ច្រើនទេ។ ខ្ញុំរវៃចង្កូតឡានជារង្វង់មូលហើយរឺយែរថយលាន់រហែកមេឃទើបបោះពួយចេញ ដេញទៅតាមពីក្រោយឡាននាយសិទ្ធី។
តាមកញ្ចក់ឡាន ខ្ញុំឃើញពួកដំរីទឹកបានតាមមកមែន។
ខ្ញុំនិយាយខ្សឹបៗប្រាប់ខ្លួនឯង៖
«ល្បងឯងមិនស្លាប់ទេឯករ៉េណា!»
មិនទាន់អីផងខ្ញុំឃើញគូទឡានរបស់សិទ្ធីនៅមិនដល់៣០ម៉ែត្រពីមុខ។ មិនដឹងជាអម្បាញ់មិញនេះ គេនៅដំអក់ចាំមើលចង់ដឹងពួកខ្ញុំស្លាប់ឬរស់ ឬមួយក៏ពួកគេមានចេតនា ចង់ឱ្យខ្ញុំឃើញឡាននិងដេញតាមទៅកន្លែងគ្រោះថ្នាក់ទេ។
ទោះយ៉ាងណាក៏ដោយខ្ញុំគ្មានជម្រើសឯណាផ្សេងឡើយ។
ខ្ញុំប្រដេញទៅតាមរហូត តែល្បឿនឡានខ្ញុំមិនអាចយកឈ្នះពួកចិនដែលបើកជូននាយសិទ្ធីសោះ។ ចុងក្រោយឡានគេបានបាត់ស្រមោល ប៉ុន្តៃពួកវាបានបន្សល់ទូរសព្ទដៃមួយនៅលើទ្រូងផ្លូវ។
ខ្ញុំឈប់ឡានហើយចុះរើសមើល សិទ្ធីសរសេរសារមកកាន់ទូរសព្ទនេះជាភាសាខ្មែរ
«អម្បាញ់មិញបើឯងសម្លាប់ឯករ៉េណាក្នុងឡានក្រឡាប់នោះក៏គ្មានអ្នកណាដឹងដែរអាប៉ូលិស! អ្ហែងសង្ឃឹមបានចួបទាវនីណាទៅ!»
ខ្ញុំក្តៅចិត្តណាស់ តែខ្ញុំលែងតាមហើយ។
ខ្ញុំក្រោកឈរសន្សឹមៗបែរទៅរកឡានពួកដំរីទឹកដែលទើបនឹងមកដល់ ឈប់ក្បែរៗនេះ។ ពេលពួកគេដើរតម្រង់មក ខ្ញុំស្រែកសួរ៖
«ហេ៎ ពួកអ្នកលេងចិន ទៅណាអស់ហើយ!»
«គ្នាពូផៃ?!» គេសួរបញ្ជាក់ខ្ញុំវិញ ខ្ញុំក៏ងក់ក្បាល។
អង្គរក្សម្នាក់ដដែលតបមកទៀត៖
«កំពុងនៅកន្លែងល្បងក្រឡាប់ឡាន!»
ខ្ញុំដើរមួយៗទៅរកជំនិះវិញហើយស៊ីញ៉ូពួកគេឱ្យឈប់តាមអាសុភាពបុរសចោលម្សៀតនោះ។
«បកក្រោយ!»
ខ្ញុំមកដល់កន្លែងដើមវិញ…ឯករ៉េណាបើកភ្នែកព្រឹមៗសម្លឹងមកខ្ញុំនៅពេលដែលគេត្រូវបានពួកចិន និងកូនចៅគេជួយលើកឡើងឡានដឹកទៅពេទ្យ។
គេកម្រើកមិនរួចទេ ដៃគេប្រាកដជាខ្ទេចឆ្អឹងហើយ បើគេអាចទ្រាំមិនសន្លប់បានរហូតដល់ពេលនេះ ឃើញថាគេពិតជាគ្រាន់បើមែនទែន។
បបូរមាត់គេស្លេកខ្មៅ ចំណែកសៅនីភាមិនស្រែកយំទេ តែទឹកភ្នែកនាងហូរ។
ស្រីនេះនិងល្បងធំសមគ្នាពេកហើយ។
ពួកគេចិត្តរឹងមិនចាញ់គ្នាទេ។
ពេលដែលឯករ៉េណាត្រូវសែងកាត់មុខខ្ញុំ គេខំសម្លឹងខ្ញុំ និយាយមិនរួចទេគេហាក់ខ្សោយណាស់។ មុនពេលគេបិទភ្នែកសន្លប់ខ្ញុំលូកដៃទៅប៉ះគេ ហើយនិយាយតិចៗ៖
«ខ្ញុំនឹងនាំទាវនីណាទៅផ្ទះ!»
ឯករ៉េណាបិទភ្នែកយឺតៗ……ខ្ញុំងាកទៅនិយាយជាមួយម្ចាស់ចិត្តគេវិញម្តង៖
«អ្នកបង! ខ្ញុំត្រូវការជជែកជាមួយអ្នកបង!»
សៅនីភាសម្លឹងខ្ញុំហើយងាកទៅតាមសម្លឹងឯករ៉េណា។ ខ្ញុំនិយាយបន្ថែម៖
«រឿងទាវនីណា!»
នាងងើបមុខមើលខ្ញុំផាំងហើយទើបងក់ក្បាលយឺតៗ។នីភានៅឈរសម្លឹងពួកអង្គរក្សលើកប្រុសស្នេហ៍នាងដាក់ឡានទៅ នាងងាកមកតឿនខ្ញុំ៖
«និយាយមក!»
ខ្ញុំមិនឆ្លើយ បែរជាងាកទៅរកក្រុមអ្នកលេងចិនដែលចោមរោមមើលយើង។ ខ្ញុំនិយាយកន្តាំងទៅរកចិនម្នាក់ដែលទំនងជាមេគេ៖
«ហ៊ា! យើងបីនាក់និយាយគ្នាបន្តិច!»
ចិននោះពិនិត្យខ្ញុំពីលើដល់ក្រោម ខ្ញុំក៏បន្ថែម៖
«នេះប្រពន្ធបងរ៉េណា ហើយខ្ញុំ គូដណ្ដឹងនីណា ប្អូនស្រីគាត់!»
ចិននោះគិតបន្តិចក៏ងក់ក្បាល។
ខ្ញុំនាំមុខ ដើរទៅរកក្បាលឡានដើម្បីជជែកគ្នា។
យើងមានពេលមិនច្រើនទេព្រោះកូនចៅនៅឯឡានល្បងធំឯករ៉េណាកំពុងដំអក់ចាំម្ចាស់ស្រីគេឡើងទៅនឹងអាលចេញដំណើរទំាងអស់គ្នា។
ខ្ញុំនិយាយខ្លីៗជាមួយភាសាចិនរបស់ខ្ញុំ៖
«ល្បង! ខ្ញុំដឹងថាល្បងជាក្រុមខ្លាំងនៅហុងកុង! ល្បងប្រាកដជាស្គាល់ពួកឡានមុខអម្បាញ់មិញ! ខ្ញុំត្រូវការដឹងថាពួកនោះជាអ្នកណា កន្លែងពួកវានៅឯណា?»
ចិននោះក្រពាត់ដៃសើចហើយនិយាយឌឺខ្ញុំ៖
«ឯងស្មានថាអញភ្លើ?»
ខ្ញុំនិយាយផូងពេលនីភាកំពុងពិចារណា៖
«លោកបងមិនល្ងង់ទេ! ប៉ុន្តែលោកបងត្រូវតែធ្វើ!»
«ហេតុអី?!»
«ទាវនីណាមិនបានសម្លាប់ពូផៃ ពួកយើងទៅដល់ គឺគាត់មានរឿងរួចទៅហើយ! ថាមិនបានពួកនោះចង់ទម្លាក់កំហុសឱ្យនីណាក៏សម្លាប់គាត់ ពួកនោះអាចជាអ្នកនៅពីក្រោយរឿងនេះ!»
អ្នកលេងថ្លោះទឹកមុខ ពិចារណាចុះឡើង។
នីភានិយាយវិញម្តង៖
«ហើយ….បើប្អូនខ្ញុំ….ទាវនីណាស្លាប់បាត់…..អ្នកណាជួយហ៊ាឯងឱ្យរកឃើញការពិត!»
ចិននោះងាកទៅរកគ្នីគ្នាដែលឈរចំហមាត់មើលមកពីចម្ងាយ។ គេគិតចុះឡើងៗ ទើបងើបមុខមើលខ្ញុំ។
«ខ្ញុំនាំឯងទៅ! តែឯងក៏ត្រូវចំណាយខ្លះដែរ!»
សម្តីគេ គឺដឹងនិងស្គាល់ថាពួកដែលសិទ្ធីជួលនោះ ជាអ្នកណាហើយពេលនេះកំពុងនៅឯណា។
«ហ៊ាឯងត្រូវការប៉ុន្មាន!»
នីភានិយាយផូងទំនងជានាងមកនៅទីនេះយូរ នាងដឹងហើយថាមនុស្សហុងកុងបើគ្មានលុយមិនបាច់និយាយគ្នាទេ។
រាជស្គាល់មុខមាត់ពិតសិទ្ធី?
ផ្លូវ Sai Yeung ជាតំបន់ដ៏មមាញឹកផ្នែកសេដ្ឋកិច្ចមួយរបស់ហុងកុង ដែលខ្ញុំធ្លាប់ផឹកជាមួយឯករ៉េណាម្តង តែមិនដឹងថានាយសិទ្ធីបានទាក់ទងជាមួយពួកអ្នកលេងនៅតំបន់នេះហើយលាក់ខ្លួននៅទីនេះទេ។
មិនដល់៣០នាទីក្រោយមក ពួកយើងបានមកដល់សណ្ឋាគារតូចមួយលើផ្លូវដ៏អ៊ូអរនេះ។
បងធំកូនចៅជំនិតពូផៃ នាំខ្ញុំចូលទៅជាមួយអង្គរក្ស៦នាក់។
ពួកចិនៗនេះប្រហែលជាបានទាក់ទងគ្នារួចហើយបានជាទៅដល់ភ្លាម ខ្ញុំត្រូវបានគេឱ្យឡើងទៅជាន់ខាងលើភ្លែត។
ប៉ុន្តែ គឺឡើងទៅតែម្នាក់ឯង។
កាលពីមុនខ្ញុំប្រថុយមកទីនេះព្រោះអាងថាឯករ៉េណា ទោះកាចសាហាវយ៉ាងណាក៏ជាខ្មែរ តែពេលនេះខ្ញុំមកប៉ះចិនហុងកុងពិតៗ។
ចិត្តខ្ញុំរាងសកញ៉កខ្លះដែរ ដែលត្រូវគេឱ្យឡើងទៅម្នាក់ឯងតែពីរនាក់អ្នកជូនផ្លូវដែលមិនធ្លាប់បានឃើញគ្នាពីមុនមកសោះ។
បើខ្ញុំគ្មានស្នេហាពិតជាមួយស្រីឆ្នាសនោះ បើមិនអាល័យស្នាមថើបរបស់ទាវនីណាខ្ញុំប្រហែលអាចនឹងបកក្រោយ។
ចិត្តខ្ញុំនេះអន្ទះសាចង់ឃើញនាងណាស់ ដូច្នេះខ្ញុំឈានឡើងជណ្តើរមួយកាំហើយមួយកាំទៀតបានរហូតដល់មុខបន្ទប់។
អ្នកនាំផ្លូវនោះគោះទ្វារពីរប៉ូក សំឡេងចិនធំគ្រលរឆ្លើយមកពីខាងក្នុង៖
«ឱ្យវាចូលមក!»
ទ្វារបន្ទប់នៅទីនេះរុញរូទៅម្ខាងដូចបន្ទប់ជប៉ុនដែរ។ នៅខាងក្នុងខ្ញុំឃើញមនុស្សប្រុសបួននាក់កំពុងអង្គុយលេងបៀរ។ ម្នាក់ក្នុងចំណោមនោះមើលមកខ្ញុំហើយភ្ញាក់ផ្អើលជាងគេ គឺសុភាពបុរសដែលបោកខ្ញុំឱ្យមកហុងកុងខ្ចីដៃខ្ញុំប្រើ។
នាយសិទ្ធីស្លេកមុខនៅក្រោមការសម្លក់របស់ខ្ញុំ។ គេប្រហែលជាស្មានមិនដល់ទេ ថាក្នុងពេលប៉ុណ្ណឹងខ្ញុំអាចរកកន្លែងគេឃើញ។
គេងាកទំាងឆ្ងល់ទៅរកចិនបីនាក់ទៀត ហើយពេលនេះខ្ញុំក៏ដឹងច្បាស់ថា បងប្អូនឯករ៉េណាគ្មានអ្នកណាម្នាក់ដែលមិននិយាយចិនផុយនោះទេ។
សិទ្ធីភ្លាត់សួរព្រោះហួសចិត្ត៖
«មានន័យថាម៉េច?»
ចិនៗពីរនាក់ ក្រោកដើរមកឈរអមពីក្រោយមេរបស់គេដែលសើចក្អាកក្អាយ។
«គេឱ្យលុយខ្ញុំ! ខ្ញុំត្រូវតែយក!»
សិទ្ធីស្លេកមុខសម្លឹងខ្ញុំ។
គេទំនងជាកំពុងរិះរកវិធីឱ្យខ្ញុំបោះបង់ឯករ៉េណាហើយងាកមកឈរខាងគេ ជួយជ្រោងគេទៀត។
ចិននោះស៊ីញ៉ូដៃឱ្យកូនចៅចាកចេញ ហើយគេនិយាយផ្តាំខ្ញុំមុនពេលចេញទៅ៖
«លុយអាប្អូនឯង ឱ្យមកសម្រាប់ការជាមួយជួបគេនេះ រឿងសល់ពីនេះយើងមិនដឹងមិនឮទេ!»
ចិនចាកចេញទៅអស់ហើយទាញទ្វារបិទឱ្យវិញទៀត។ គឺទុកឱ្យខ្ញុំនៅឈរសម្លឹងនាយសិទ្ធីដែលដូរអាកប្បកិរិយាធ្វើជាគងអន្ទាក់ខ្លាមិនខ្វល់នឹងខ្ញុំដែលខឹង។
គេនិយាយខ្មែរម្តង៖
«ឯងមិនហ៊ានសម្លាប់ខ្ញុំទេ!»
ខ្ញុំស្អប់ភាពថោកទាបក្នុងគំនិតរបស់គេនិងចរិតចង់ឈ្នះពីក្រោយខ្នង តែកំសាកមិនហ៊ានប្រឈមមុខរបស់គេ។
ប្រៀបជាមួយឯករ៉េណា គេមិនសមថា ជាបងប្អូនមានឈាមជ័រជាមួយគ្នាសោះ។
«មិនសម្លាប់តែក៏មិនមែនមកពីមិនហ៊ានដែរ! ព្រោះឯងគង់តែស្លាប់!!! រឿងអីខ្ញុំទៅជាប់គុកដោយសារមនុស្សដូចឯង?»
គេភ័យណាស់តែគេរក្សាទឹកមុខបាន ដូចកាលដែលគេធ្វើគួរឱ្យអាណិតកាលនៅភ្នំពេញ។
នៅទីនេះចិនៗត្រូវការតែលុយប៉ុណ្ណោះ បើគ្រួសារឯករ៉េណាថែមតែបន្តិច ម្នាក់នេះគ្មានថ្ងៃមានឆ្អឹងវិលទៅស្រុកខ្មែរវិញឡើយ។ ខ្ញុំនិយាយខ្លី៖
«នីណានៅឯណា!»
សិទ្ធីញញឹមធ្វើទឹកមុខសុភាពភ្នែកមមី៖
«ឯងពិតជាលង់ស្រលាញ់វាមែនទែនដូចស្មានទុកមែន!»
ខ្ញុំគំហក៖
«អញសួរថានីណានៅឯណា?!»
សិទ្ធីថ្លោះទឹកមុខដែលឃើញខ្ញុំស្អប់គេថ្នាក់នេះ។
គេប្តូរចរិតនិយាយតបតដោយកំហឹងមកវិញ៖
«ប្រយ័ត្នសម្តី ប្រយ័ត្នឥរិយាបថឯង អាផ្កាយមួយទូកំពុក! ធ្វើអ្វីឱ្យចេះប្រើខួរ កុំប្រើកំហឹងដូចអាបងថ្លៃរបស់ឯងមិនអ៊ីចឹង ឯងអាចខានឃើញទាវនីណារហូតក៏ថាបាន!»
ខ្ញុំឱនទៅរហ័សជាងដែលនាយសិទ្ធីគិត ហើយទាញកអាវគេនេះមកអស់មួយមួយកំហឹង ចិត្តសឹងបាក់ក្បាលអាមនុស្សពុតត្បុតចេញពីក។
ខ្ញុំសម្លុតវា៖
«ឯងយកល្អរកវិធីចេញពីកោះនេះឱ្យបានមុនឯករ៉េណាវះកាត់រួចទៅ មិនដូច្នោះខ្ញុំមិនអាចជួយជីវិតមនុស្សតិរច្ឆានដូចឯងបានទេ! ប្អូនស្រីឯងក៏ឯងធ្វើបាប!»
វាសម្លុតខ្ញុំវិញ៖
«អ៊ីចឹងមិនឆាប់ទៅៗ? ទឹកសមុទ្រប្រហែលឡើងហួសពីកញ្ចឹងកស្រីនោះហើយដឹង? ហាសហា!»
សិទ្ធីសើចចំអកកែវភ្នែកក្រហមរងាលរបស់ខ្ញុំ គេនេះពិតជាចង្រៃណាស់ គេមិនដឹងពីទំហំនៃការចុកចាប់របស់ខ្ញុំ ក៏ប្រហែលមកតែពីមនុស្សធុនគេនេះមិនដែលមានស្នេហាឬមានមនោសញ្ចេតនាអ្វីនឹងអ្នកណា?
«អ៊ីចឹងបានអ្ហែងសម្លាប់តាំងពីឪពុកខ្លួនឯង?!»
ខ្ញុំគិតហើយ ទៅគង់តែទៅ តែខ្ញុំត្រូវដាល់វាលេងដែរ។
ដៃខ្ញុំខាងឆ្វេងច្បាមកអាវសិទ្ធីបន្ថែមដល់ដកដង្ហើមមិនចង់បាន គឺខ្ញុំច្បាមយកតែមែនទែន។ ដៃលើកដៃគេទំាងពីរមកប្រតាយចេញយ៉ាងណាក៏មិនរបូត។
ដៃខ្ញុំម្ខាងទៀតបួងដាល់ផូង តម្រង់មុខងងើលគ្មានមនុស្សធម៌របស់គេ។
គេលើកដៃរងផាំង តែខ្ញុំនៅតែអាចធ្វើឱ្យប្អូនក្រៅខោរបស់ឯករ៉េណាបែកឈាមមាត់កក្លាក់។
ខ្ញុំខាំមាត់និយាយ៖
«ប្រាប់កន្លែងមកភ្លាម!»
សិទ្ធីលែងហ៊ានទទឹង គេនិយាយដោយឈឺចាប់ព្រោះកណ្ដាប់ដៃទីពីរកំពុងបួងភ្ជង់គេ៖
«Lamma»
ពេលខ្ញុំស្រមៃឃើញស្រីតូចរបស់ខ្ញុំនៅឯកោះអ្នកនេសាទនោះ គេនេះឆ្លៀតលើកដៃជូតឈាមចេញយឺតៗ ហើយពេលក្រឡេកឃើញខ្ញុំនៅខឹង គេលើកដៃរងការពារមុខមាត់វិញបន្ទាន់។
ដូច្នេះខ្ញុំពួយថែមមួយជង្គង់ ចំកណ្ដាលពោះគេញ៉ាច់ដួល ផ្ងារក្រោយចង្អល់ស្រែកលែងចេញ។
ខ្ញុំបោះសម្ដីអមជាមួយការអង្គ្រឺតធ្មេញ ៖
«នេះ អញដាក់ឯងជំនួសប្អូនស្រីឯង! បើឯងមិនមែនមានឈាមខ្មែរដូចអញ អញបោះឯពីលើផ្ទះចុះទៅក្រោមតាមបង្អួចហើយ អាចោលម្សៀត!»
ខ្ញុំខឹងពេញបន្ទុកហើយចាកចេញ មិនរវល់ថាវានេះដាច់ខ្យល់ស្លាប់ឬម៉េចទេ។
ខ្ញុំនិងដំរីទឹកឡើងអូប័រ ដែលយឺតសែនយឺត ក្រោមទំហឹងចិត្តរបស់ពួកខ្ញុំ៧នាក់។
ទាវនីណា អាចជួបនាយរាជក្លែងក្លាយទៀតទេ?
ហុងកុងមិនធំប៉ុន្មានទេ ប៉ុន្តែរកស្រីតូចម្នាក់នៅក្នុងកោះនេសាទដែលមានផ្ទះរាប់ពាន់ពិតជាមិនមែនជារឿងងាយស្រួលឡើយ។
កងអង្គរក្សចែកផ្លូវគ្នា ខ្លះរុករកតាមឆ្នេរខ្លះ យករូបថតនាងក្នុងទូរសព្ទបង្ហាញទៅប្រជានេសាទ។
ប៉ុន្តែប្រហែលចិត្តស្មោះរបស់ខ្ញុំធ្វើឱ្យទេវតាយល់លោកជួយ បានជាអ្នកនេសាទមា្នក់ចេញមកពីក្នុងចំណោមមហាជនហើយ ពិនិត្យពិច័យខ្ញុំពីលើដល់ក្រោមទម្រាំព្រមនាំខ្ញុំទៅ។
«បើខ្ញុំជួយនាងមិនទាន់ នាងស្លាប់បាត់ហើយ»
គាត់និយាយហើយហៅពួកយើងទៅតាមគាត់។
គាត់ជាអ្នកនេសាទក្រីក្រដែលគេចមិនហ៊ានទៅរកស៊ីកន្លែងអ៊ូអរ ក៏ទៅកាន់ឆ្នេរស្ងាត់ៗឆ្ងាយពីគេ។ គាត់បានឃើញនាងត្រូវគេចងក្រោមស្ពាន រង់ចាំឱ្យទឹកសមុទ្រ ជោរមកនឹងអាលសម្លាប់នាង។
ទាវនីណាអាយុមិនអស់ប្រហែលមកពីនាងមិនទាន់បានសារភាពថានាងស្រលាញ់ខ្ញុំហើយមើលទៅ។
ខ្ញុំគិតហើយនឹកនាងស្ទើររលួយបេះដូង។
ប្រហែលមុននេះគាត់ឃើញពួកខ្ញុំស្មានថាជាក្រុមជនពាលដែលតាមសម្លាប់ផ្តាច់ជីវិតនាងបានជាមិនព្រមនិយាយ លុះឃើញខ្ញុំអាណោចអាធ័មទឹកមុខ ទើបគាត់យល់ពីសេចក្ដីស្នេហារបស់ខ្ញុំចំពោះ នាង…..។
ខ្ញុំទៅដល់ផ្ទះដ៏កំព្រួករបស់អ្នកនេសាទសប្បុរស។ ភរិយាគាត់កំពុងតែស្អំទឹកក្តៅឱ្យនីណាដែលដេកស្ងៀមលើគ្រែដែកចាស់មួយ។
«បើខ្ញុំទៅដល់ផ្ទះ ខ្ញុំនឹងយកមីងនិងប្តីទៅនៅផ្ទះខ្ញុំ! ខ្ញុំនឹងជូនប្រាក់ខែរស់នៅស្រួលមិនចាំបាច់នេសាទទៀតនោះទេ!»
ស្រីតូចខែងរ៉ែងទើប រួចពីសេចក្តីស្លាប់ក៏មកបង្អួតទ្រព្យសម្បត្តិភ្លាម។
រីឯខ្ញុំនេះវិញ ឮតែសំឡេងនាងប៉ុណ្ណឹង ក៏កម្រើកបេះដូងអស់ទៅហើយ។ ខ្ញុំអើតមុខសម្លឹងនាងពីក្រៅផ្ទះព្រោះផ្ទះនេះពិបាកចូលពេកដោយសារប្រក់តង់ហើយវៀចផង។
«ឈប់អួតក្អេងក្អាងថាខ្លួនឯងជាអ្នកមានទៀតទៅ!»
ខ្ញុំនិយាយខ្មែរ ឯនាងវិញអររំភើបស្ទើរគាំងបេះដូង។
នាងស្រក់ទឹកភ្នែកហើយញញឹមស្របគ្នាពេលឃើញមុខខ្ញុំ។
ទោះខ្ទមនេះពិបាកត្បុលចូលយ៉ាងណាខ្ញុំនៅតែត្បុលចូលទៅរកនាងហើយ….ចាំអីទៀត….ខ្ញុំក៏ឱបនាង ព្រោះនាងលារង្វង់ដៃមកមុន….។
ទាវនីណាដើរមិនរួចទេ តែនាងមានខ្ញុំ….ខ្ញុំជាជើងរបស់នាង…ក៏ជាដៃរបស់នាង….ជាអ្វីៗគ្រប់យ៉ាងរបស់នាង…ហើយនាងក៏តោងកខ្ញុំ ជាមួយសំណួរដំបូងគេ៖
«ឯណាបងខ្ញុំ?»
ប្រហែលនេះជាលើកដំបូងក្នុងជីវិតរបស់នាងដែលពេលរួចពីគ្រោះបើកភ្នែកមកមិនឃើញឯករ៉េណា បែរជាប្រុសម្នាក់ផ្សេងមកបីត្រកងនាង។
———————-
ក្នុងពេទ្យ ឯករ៉េណាដេកបិទភ្នែកជិតឈឹងទឹកមុខស្លេកស្លាំង។
ប៉ុន្តែគេមិនមែនសន្លប់ដូចដែលអ្នកផងគិតទេ គ្រាន់តែខ្ញុំរុញទ្វារចូលមកដល់គេបើកភ្នែកខ្វាក….។
ខ្ញុំដើរមួយៗមកឈរពីមុខគ្រែ ហើយសម្លឹងផ្ដោតដៃស្តាំគេដែលរុំជិតដោយបង់ពណ៌ស។
«ឯណានីណា?!»
នេះជាសំណួរទីមួយដែលល្បងធំសួរមកខ្ញុំមុនគេបង្អស់។ ខ្ញុំដឹងថា គេអន្ទះសាពីនាងតូចនោះ ទាំងមិនខ្វល់ពីភាពពិការរបស់ខ្លួន។
«មិញពេទ្យអនុញ្ញាតអោយខ្ញុំយកបងឯងចេញទៅផ្ទះ!»
គេរេភ្នែកមករកដៃដែលកម្រើកមិនបានរបស់គេព្រោះវាបាក់ខ្ទេចទៅហើយ។ ឯករ៉េណា គេក៏ដឹងថារបួសនេះមានរឿងអីដែលត្រូវពេទ្យឱ្យនាំចេញទៅផ្ទះងាយៗ។
ភាពប្រុងប្រយ័ត្ន លេចឡើងក្នុងភ្នែករបស់ឯករ៉េណាហើយគេក្រឡេកមើលជុំវិញខ្លួនទំនងជារកមើលសៅនីភាឬអង្គរក្សរបស់គេ តែគេដឹងហើយថា គ្មាននៅទីនេះទេ។
យ៉ាងឆាប់រហ័ស ខ្ញុំទាញលើកដៃ ឱ្យសញ្ញាអ្នកសែងពីរនាក់លើកស្នែងចូលមក។ ពួកគេបិទម៉ាស់ជិតធ្វើឱ្យឯករ៉េណាកាន់តែសង្ស័យ ប៉ុន្តែយើងគ្មានពេលឯណាក្រៅពីលើកគេដាក់លើស្នែងយ៉ាងរហ័ស ទោះគេស្រែកអូយយ៉ាងឈឺចាប់នឹងមុខរបួសដ៏ដំណំនេះក៏ដោយ។
ក្នុងពេលដែលត្រូវគេសែងចេញទៅ ឯករ៉េណាលូកដៃឆ្វេងដែលនៅសល់មកក្តាប់កដៃខ្ញុំយ៉ាងណែន។ គេអន្ទះសាប្រហែលគិតថាខ្ញុំជាសត្រូវ ជាគ្នារបស់អាចង្រៃសិទ្ធីដេលបោកខ្ញុំនោះហើយឆ្លៀតពេលនេះធ្វើបាបគេ ក៏មិនដឹង។
ខ្ញុំលើកដៃឱ្យសញ្ញាគេអោយនៅស្ងៀម។
គេរេភ្នែកគិតព្រោះគេក៏មិនល្ងង់។
ពួកយើងចុចបិទជណ្តើរយន្តទាន់ មុនពេលដែលមានអ្នកផ្សេងមកដល់ឃើញ។
«យើងនៅទៀតមិនបានទេ! ប៉ូលិសមកហៅបងឯងទៅសួរនាំ ក៏នាំតែពិបាកច្រើន»
ខ្ញុំខ្សឹបដាក់គេ តែគេមិនទុកចិត្តសួរមកវិញ៖
«អ្ហែងល្ងង់ ចូលពេទ្យមួយទាំងមូលគេមិនដឹង?»
«នេះជាពេទ្យឆ្ងាយពីកន្លែងបងឯង!»
«ប្អូនអញនៅឯណា? ហើយនីភានៅឯណា?!»
«សុខសប្បាយទេ!»
«អញត្រូវការឃើញពួកវាសិន បានជឿឯងកើត!»
ខ្ញុំមិនឆ្លើយព្រោះជណ្ដើរបើក។
យើងមិនបានមកដល់ជាន់ខាងក្រោមផុតនៅឡើយ ប្រការនេះធ្វើឱ្យគេនឹកឆ្ងល់ទៀត។
ខ្ញុំនិយាយពន្យល់បន្ថែមមុនចេញពីជណ្ដើរ៖
«ចុះថ្មើរជើងម្តង នៅជាន់នេះមានកាមេរ៉ា!»
យើងរត់ចុះបានពីរជាន់ទៀត ហើយបែរទៅរករបងខាងក្រោយមន្ទីរពេទ្យដែលមានឡានចតទុករួចស្រេច។
យើងដាក់ឯករ៉េណាទៅនឹងកៅអីខាងមុខ ក្បែរខ្ញុំ ហើយខ្ញុំឡើងទៅកាន់ចង្កូត។ ពីរនាក់ដែលសែងមកនោះចូលខាងក្រោយហើយក៏និយាយចិនដាក់ខ្ញុំ៖
«មើលនុះ!»
គឺឡានប៉ូលិសបោលមកឈប់នៅខាងមុខពេទ្យ។
ឯករ៉េណាទប់ការឈឺចាប់រេភ្នែកសម្លឹងទៅ។ គេពិតជាបានឃើញពួកប៉ូលិសហុងកុង មនុស្សមាឌធំៗ៥នាក់រត់ឡើងទៅជាន់ខាងលើ។
«យើងប៊ិះនឹងយឺត!»
ខ្ញុំនិយាយហើយបញ្ឆេះឡានចេញវឹង។
ឯករ៉េណាសម្លឹងទៅចិនទំាងពីរហើយនិយាយភាសាចិនសួរវិញ៖
«ពួកឯងកូនចៅអ្នកណា!»
«ខ្ញុំនៅជាមួយកូនពូផៃបង!»
ចិននោះឆ្លើយ ឯករ៉េណាក៏ដៀងភ្នែកមើលមកប្អូនថ្លៃត្បាញអាយដូចខ្ញុំ។ ខ្ជិលឱ្យសង្ស័យយូរខ្ញុំនិយាយប្រាប់តែម្តង៖
«ខ្ញុំរកពួកគាត់ឱ្យជួយស៊ើបមើលថា ក្រុមចិនហុងកុងណាខ្លះដែលជួយសិទ្ធីប្អូនប្រុសបង!»
«អញគ្មានប្អូនប្រុសធុនវាទេ!»
ឯករ៉េណានិយាយមួយៗព្រោះនៅអស់កម្លាំងក្រោមជាតិថ្នាំ។
«ចុះពួកអាដំរីទឹក?!»
ខ្ញុំក៏នឹកឃើញផាគេ៖
«ខ្ញុំប្រាប់បងឯងច្រើនដងហើយ ពួកអាអស់ហ្នុង ចិញ្ចឹមបំបង់បាយទំាងអស់!»
ទោះនិយាយដូច្នេះក៏ដោយខ្ញុំយល់ពីការពិតមួយថា តាមពិតពួកដំរីទឹកដែលឯករ៉េណាបានជ្រើសរើសមកនៅជាមួយគឺ ពួកមាឌធំៗ ដែលមើលពីក្រៅទៅកាចសាហាវតែតាមពិតមិនប្រព្រឹត្តិល្មើសនិងសុទ្ធតែជាខ្មែរដែលស្លូតៗផង ដូច្នេះហើយរាល់ពេលគេមានរឿងពួកនេះមិនសូវជួយអ្វីបានទេ។
ខ្ញុំយល់ពីល្បងធំនេះច្បាស់ បានជាខ្ញុំគោរពស្រលាញ់គេពីមួយថ្ងៃទៅមួយថ្ងៃ ទុកគេជាបងប្រុសរបស់ខ្ញុំ។
ខ្ញុំសម្លឹងទៅក្រោយជាប់ មិនឃើញមានអ្នកណាតាមមកម្នាក់ឡើយ។ខ្ញុំ អែបឡានឈប់ក្បែរឡានមួយទៀតដែលចតចាំជាស្រេច ហើយសៅនីភាក្រោកចេញមកធ្វើឱ្យឯករេណាភ្លឹកសម្លឹងនាងនិយាយលែងចេញ។
«លើកគាត់ឡើងឡាននោះទៅ!»
គេហាក់ត្រេកអរទោះកម្រើកខ្លួនមិនរួច ប៉ុន្តែដៃគេដែលត្រូវបានស្រីស្អាតលើកត្រកង ធ្វើឱ្យគេភ្លេចអស់កង្វល់ដែលថាដៃស្តំាំគេប្រហែលគ្មានផ្លូវសង្គ្រោះឱ្យដូចដើមវិញទេនោះ។
ខ្ញុំយល់ថាគេនឹងរស់នៅដោយសប្បាយចិត្តព្រោះស្នេហាគេ គឺលែងមានឧបសគ្គ ហើយនីភារបស់គេបានដឹងមុខមាត់ពិតនាយសិទ្ធីនោះអស់ហើយ រួមទាំងខ្ញុំដែរ។
ខ្ញុំចូលអង្គុយក្បែរតៃកុងម្នាក់ជាពួកដំរីទឹកដែលឯករ៉េណាស្គាល់ និយាយបន្ថែម៖
«កូនចៅពូផៃ អស់ភារកិច្ចហើយ គេទៅវិញហើយ!»
យើងចេញឡានតែបងធំនៅតែតាមសម្លឹងពួកនោះហើយនិយាយ៖
«វាព្រមមកជួយយើង?!»
ខ្ញុំមិនឆ្លើយទុកឱ្យនីភានិយាយពន្យល់គេ៖
«កូនចៅពូផែ ក៏ជាអ្នកទៅជួយចរចា ទម្រាំយើងរកនីណាឃើញមកវិញ!»
«អស់លុយប៉ុន្មាន?»
គេសួរខ្ញុំរបៀបនេះព្រោះថានៅហុងកុង បើមានលុយចង់ប្រើមនុស្សឱ្យសែងភ្នំចេញ ឱ្យបើកឡានកាត់ក៏បាន។
នេះជាសុភាសិតដែលគេចំណាំតែនិយាយលេងក្នុងចំណោមសាមញ្ញជន។
«រឿងចំណាយចំាគិតក្រោយទៅ!» ខ្ញុំនិយាយកាត់។
គេសើចដោយឈឺចាប់៖
«ស្អីគេ? ចុងបញ្ចប់ អាចោលម្សៀតនោះនៅតែបានទទួលទ្រព្យរបស់អញដដែល?»
«មិនមែនសិទ្ធីទេ គឺខាងចិននោះគេយក! គឺពាលស៊ីពាល»
ឯករ៉េណាក្តាប់មាត់៖
«អើ! ប្រើវាឱ្យបកស្បែកអាចង្រៃនោះ អូសកយកមកឱ្យអញ!»
ខ្ញុំនិយាយប្រាប់វិញ៖«
«ប្អូនល្បងមានល្បិចច្រើនណាស់ ពេលចិនដូរទិសដៅ គេរត់ទៅស្រុកខ្មែរវិញមុនល្បងដឹងខ្លួនទៅទៀត!»
«ឱ្យវាសប្បាយមួយខ្យល់ទៀតសិនចុះ!»
ខ្ញុំញាក់ស្មានិយាយឌឺ៖
«យកល្អល្បងរំងាប់ចិត្តទៅ! អ្នកបងសន្យាថាលើកលែងឱ្យគេនោះហើយគេនោះក៏ស្បថថាលែងចងពៀរនឹងគ្រួសារល្បង!»
គេដៀងភ្នែកមើលមុខស្រីគេស្រលាញ់ហើយនិយាយធ្វើហី៖
«ស្រីៗអស់នេះចិត្តស្រាលទៅជឿវា! ចុះឯងល្ងង់ទៅជឿវាដែរអារាជ?»
ខ្ញុំសើចខឹក….នីាភានៅស្ងៀមព្រោះនាងមិនប្រកាន់សម្តីគេឡើយ។
«ខ្ញុំឈ្មោះ ណារ៉ា! ឈ្មោះយើងសឹងថាគ្រលាស់ផ្ទុយគ្នាតិចតួចប៉ុណ្ណោះ!»
«អញដឹងហើយអាជនបោកប្រាស់! អ្ហែងទៅដោះស្រាយជាមួយនីណាខ្លួនឯងទៅ!»
«ខ្ញុំអត់មានអី ត្រូវដោះស្រាយច្រើនទេ! ខ្ញុំមិនមែនជារាជពិត តែខ្ញុំស្រលាញ់ទាវនីណាមែនពិត!»
«វាឆ្នាស់យ៉ាងនេះថ្ងៃក្រោយឯងធ្វើបាបវា?!»
«អ៊ីចឹងបងឯងឆាប់ជាទៅ នៅតាមកាងប្អូនស្រីល្អផុនបងឯង!»
«អញទៅនៅស្រុកខ្មែរជាមួយនីភា! អញអស់ដៃស្តាំហើយ ទុកទីនេះឱ្យឯងរកស៊ីចិញ្ចឹម អញសោយសុខ!»
គេនិយាយគំរោះគំរើយមែន តែខ្ញុំរំភើបចិត្ត។
ខ្ញុំពិតជាចង់ធ្វើប្អូនថ្លៃគេហើយចង់ការពារគ្រួសារនេះមែន ព្រោះម្ខាងខ្ញុំស្រលាញ់ទាវនីណាក្រអឺតនោះ ម្ខាងខ្ញុំស្រលាញ់ចរិតឯករ៉េណាដែលមិនចេះចុះញ៉ម តែចេះអធ្យាស្រ័យ។ គឺទន់យ៉ាងនេះហើយបានជាគេចាប់មនុស្សល្អដូចសៅនីភាជាប់។
គេជាបងធំក្លែងក្លាយ ដែលមើលទៅកាចតែតាមពិតគេស្លូត។
គេប្រសើរជាងសុភាពបុរសដែលបោក១០០ជំពូក នាយសិទ្ធី ដែលសម្ដីផ្អែមទន់តែចិត្តរឹងគ្មានមនោសញ្ចេតនាសូម្បីតែសាច់ឈាមខ្លួនឯង ព្រោះតែលុយនិងគំនិតចងពៀរច្រណែនគុំកួន។
ហើយចិត្តមួយចំណែកទៀត ខ្ញុំគោរពបងថ្លៃស្រីដែលសម្ដីទន់តែចិត្តរឹងរបស់ខ្ញុំ សៅនីភា។ គេទំាងបីតាមពិតជាតួឯករបស់ខ្ញុំ។
ខ្ញុំជាខ្មាំងដែលមកបង្កប់ខ្លួនហើយទីបំផុត មកចុះចូលនឹងសត្រូវ ស្ម័គ្រជីវិតការពារគេទៀត….ម្យ៉ាងដែរខ្ញុំ…


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ