រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគបញ្ចប់

លួង​អូន​ឱ្យ​យល់​ចិត្ត

….ដាក់​ល្បង​ធំ​ដល់​បន្ទប់​គេក្រោម​ការ​មើល​ថែ​របស់​សៅ​​នីភា​ស្រួលបួល​​ហើយ​ ​ខ្ញុំ​​ឡើង​ទើមៗ​មក​រក​​ស្រីតូច​របស់ខ្ញុំ​ម្តង។ តាំងពី​នាង​វិលមកពី​តួនាទី​ជា​ចំណាប់ខ្លាំង ខ្ញុំ​មិនទាន់​មានពេលសាសង​ឱ្យ​យល់ចិត្ត​ជា​មួយ​នាង​នៅឡើយ​ ពិសេស​ក្រោយ​ពេល​ដែល​នាង​ខូចចិត្ត​ដឹងថា​Jamតាមពិតជាសិទ្ធី ហើយ ខ្ញុំ​នេះ​វិញ​មិនមែន​រាជ​ តែ​ជា​ប៉ូលិស។ ដបទឹកសុទ្ធមួយ​ហោះមកវ៉ឺ គឺដូច​ពេលដំបូង​ដែលខ្ញុំបាន​ឈាន​ដល់​ជាន់ខាងលើនៃគ្រួសារ​នេះ​។

ខ្ញុំ​លូកដៃចាប់ជាប់​ហើយក្រឡេកទៅ ឃើញទាវនីណាលួចញញឹម​មុនពេលនាង​រត់ចូលទៅក្នុង​បន្ទប់​នាង​។

ខ្ញុំ​ញញឹម​ហើយ​​រត់​ទៅ​តាម​...អ្វីក៏ដោយ…..យ៉ាងណាក៏​ដោយ ឱ្យ​តែ​ដួង​ព្រលឹង​យើង​ទំាងពីរ​វេញ ត្របាញ់​រក​ចំណុច​ប្រសប់តែមួយ​ដូចគ្នា…ទោះ​នាង​គប់អ្វីមក ​ក៏ខ្ញុំនៅតែ​អាច​យល់ថា វាជា​ឫទ្ធានុភាព​នៃភាសា​បេះដូង​…

«បើកទ្វារនីណា!»

«ដល់យូរ!» នាង​ឆ្លើយមកវិញ ​ស្តាប់ឮតិចៗព្រោះ​ទ្វារចាក់សោ។

«ចង់ខាត​អស់​ទ្វារមួយទៀតអត់?!»

«កុំខ្លាំង​ពេក! នេះមិនមែន​បុស្តិ៍ប៉ូលិស​ទេ!»

«អ៊ីចឹង​ចេញតាមសម្រួលមកស្រីឆ្នាស!»

«អ្នកណាឆ្នាស?»

ខ្ញុំញញឹម​ផ្អែកខ្នងនឹងទ្វារ​ហើយបិទភ្នែកស្រមៃដល់គ្រារ៉ូមែនទិកនិងស្នាមថើបរបស់នាង​លើថ្ពាល់ខ្ញុំ។

ខ្ញុំក៏មិនដឹងថា​ចូលទៅរកនាង​បានប្រយោជន៍អីនោះដែរ​ សំខាន់នាងក៏​កំពុងឈរ​ផ្អែកនឹងទ្វារនេះ​ហើយ​ញញឹម​មករក​បេះដូងខ្ញុំដូចគ្នា។

ខ្ញុំនិយាយមួយៗពេលដែល​បើកភ្នែក​សម្លឹង​ឃើញស្រមោល​ជើងនាង​ចាំង​មក​នៅលើកម្រាល​ឥដ្ឋ​ភ្លឺ​រលោង។

«អូននីណា​ជាស្រីឆ្នាស​ដែល​មានចិត្តថ្លើម​ល្អ​សប្បុរសជាង​គេលើលោកនេះ! ស្នេហា​និងបំណង​ប្រាថ្នា​របស់ប៉ូលិស​កម្សត់នេះ​​គឺមិនផ្លាស់ប្តូរនោះទេ​ ព្រោះ​ថា​អូនហើយ​និងបង​ដូចជាមនុស្ស​ពីរនាក់​ដែល​ស្ថានសួគ៌​បញ្ជូនមក​ផែនដី​ឱ្យ​មកស្វែងរក​គ្នាដើម្បីមើលថា​តើមនុស្ស​ចិត្តស្មោះ​ដូចបងអាច​បង្រៀន​អូនអោយ​​ឈប់​ឆ្នាស​បានអត់?»

«កំពុងតែង​ប្រលោមលោក​មិនមែន?!» នាង​បង្អាប់​ខ្ញុំ​តែខ្ញុំ​ដឹង​ថា​នាង​និយាយ​ទំាង​ញញឹម​។

តែមិនយូរ​ប៉ុន្មាន​ទ្វារក៏​របើក​មកយឺតៗ….ខ្ញុំបែរទៅយឺតៗដូច​គ្នា​ហើយ​ញញឹម​ស្វាគមន៍​នាង​….

នីណា​ឈ្ងោកមុខ​តែនាង​ញញឹម….

ខ្ញុំដើរ​ចូលទៅជិត​ហើយ​ឱន​សម្លឹង​មុខនាង​។ ច្រមុះ​ខ្ញុំប៉ះខ្យល់​ដង្ហើម​ស្រីតូច​ដែល​ពោរពេញ​ដោយ​កំដៅនៃ​សេចក្តីស្នេហា​ពេញចិត្ត​ពេញថ្លើម​។

«ជូនបង​ដើរលេង​ពេញ​ហុងកុង​បាន​ដែរ​?!»

នាង​ងើប​មុខ​សម្លឹង​ខ្ញុំ​ហើយ​ងាក​មុខ​ចេញ​វិញ​ភ្លាម​ព្រោះ​អៀនប្រៀន​​។

«បង​ឯង​ទៅ​សួរ​បង​រ៉េណា​ទៅ!​»

សួរ​អី​បើ​ល្បង​គេ​កំពុង​​ផ្អែមល្ហែម​និង​អ្នកគ្រូ​ដែរ​ហើយ​មិន​ដឹង​។ ខ្ញុំ​គិត​ហើយ​លូកដៃ​ទៅ​អូស​ដៃ​គេ​ចេញ​មក។ ​នាង​ស្រវា​ទាញ​អាវរងា​វែង​ក្បែរ​ទ្វារ​​ហើយ​រត់​មក​តាម​​ខ្ញុំ​ដែល​ដើរ​វែងៗ​ជាង​នាង​។

….​ទាវ​នីណាជា​របស់​ខ្ញុំ​ចាប់​ពី​ពេលនេះ​តទៅ។

ជីវិត​របស់ខ្ញុំ គឺ​សម្រាប់​ការពារ​ស្រី​តូច​នេះ​​ឱ្យ​នាង​រស់​នៅ​សុខ​ស្រួល​ដូច​បំណង​ប្រាថ្នា​របស់​បង​ប្រុស​គេ​។ ខ្ញុំ​ប្ដេជ្ញា​ក្នុង​ចិត្ត​ខ្លួនឯង….

រាត្រី​នៅ​ហុងកុង ពិត​ជា​ល្អ​ត្រចះ​ជាង​ក្នុង​បទចម្រៀង​របស់​អធិរាជ​សម្លេង​មាស​ស៊ិន​ស៊ី​សាមុត​ទៅទៀត​​….​

ដង​ផ្លូវ​ចង្អៀត​តូចៗ​របស់​កោះ​នេះ​ជាទី​កន្លែង​កម្សាន្ត​ពេល​រាត្រី​ដ៏​ពេញ​និយម​ខ្លាំង​ណាស់​សម្រាប់​គូស្នេហ៍​ទាំងឡាយ​។ ជាមួយ​អាកាសធាតុ​ដែល​ត្រជាក់​ខ្លាំង អាហារ​ប្រភេទ​ក្តៅៗ​ជាគោលដៅ​សម្រាប់​ទេសចរ​ទាំងឡាយ​។

«បង​រាជ​ញ៉ាំ​​មីគាវ​ទេ?!»

នាង​និយាយ​ដោយ​ញញឹម​មើល​មុខខ្ញុំបន្តិច ​ស្រាប់តែ​នាង​អាក់ទៅ​វិញ​ព្រោះ​ខ្ញុំមិនមែន​«រាជ»​។ ខ្ញុំ​សម្លឹង​នាង​ដោយ​ខ្សែ​ភ្នែក​ស្រទន់ ឯ​នាង​សម្លក់​វិញ​បង្កប់​ដោយ​សេចក្ដីស្នេហា​។

វិថី​អាហារ​ពេល​យប់​នានា​នៅ​ក្រុង​នេះ​មិន​ខុស​គ្នា​ប៉ុន្មាន​នឹង ​Pub street នៅ​ក្រុង​សៀមរាប​ទេ​គឺ​ចរាចរណ៍​ត្រូវ​បាន​បិទ​ហើយ​ភ្ញៀវ​ទេសចរ​ដើរ​យ៉ាង​កកកុញ។ ខុសគ្នា​បន្តិច ត្រង់​ថា​ទីនេះ​មិនមែន​មាន​តែ​ភោជនីយដ្ឋាន​ឡើយ​គឺ​មាន​លក់​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ប្រភេទ​ទៀត​។ តូប​លក់​របស់​របរ​រាប់​រយ​អម​ដោយ​ពន្លឺ​ភ្លើង​ចម្រុះ​ពណ៌​គួរ​ឱ្យ​ប្លែកភ្នែក។ ​មក​ហុងកុង​យូរហើយ​ខ្ញុំ​មិន​ដែល​ទទួល​អារម្មណ៍​ថា​មាន​សេរីភាព​សប្បាយចិត្ត​ដូច​ពេលនេះ​ទេ។ សំខាន់​ខ្ញុំ​មិន​ចាំបាច់​ដើរ​តួ​ជា​ជនបង្កប់។

ខ្ញុំ​ចាប់​ដៃ​នាង​ឱ្យ​មក​កាន់​តែ​កៀក​ហើយ​ឱប​ចង្កេះ​នាង​ដូច​គូស្នេហ៍​ចិន​ផ្សេងៗ​​ដែល​ធ្វើ​ដូច្នេះ​នៅ​ជុំវិញ​ពួក​យើង​។

ប៉ុន្តែ​យើង​រក្សា​ការ​និយាយ​គ្នា​ជា​ភាសា​ខ្មែរ​។

ខ្ញុំ​ខ្សឹប​ទៅ​នាង​៖

«តោះ​ទៅញុំា​គាវ!​»​

នៅ​ជុំវិញ​ពួកយើង​ មិនមាន​អ្នកណា​គិត​ថា​យើង​ពីរនាក់​មក​ពី​កម្ពុជា​ទេ​ព្រោះ​ភាសា​ចិន​នាង​និង​ខ្ញុំ​មិន​ចាញ់​ឈ្នះ​គ្មាន​ប៉ុន្មាន​ឡើយ​។

ចប់​ការ​កម្សាន្ត​នៅ​តំបន់​មនុស្ស​ច្រើន នាង​នាំ​ខ្ញុំ​បន្ត​មក​ទី​កន្លែង​រ៉ូមែនទិក​ស្ងាត់ៗ​​មាត់​សមុទ្រ​ដែល​រងា​ដល់​ឆ្អឹង​អាង​តែ​ថា​បេះដូង​កំពុង​កក់ក្ដៅ​។

ខ្ញុំ​និយាយ​ទៅ​កាន់​នាង៖

«បង​ត្រូវ​ទៅ​ស្រុក​ខ្មែរ​វិញ!»

នាង​ហាក់​ស្រពោន តែ​នាង​មិន​មាត់​មិន​។ ខ្ញុំ​ឱប​នាង​ពី​ក្រោយ​ហើយ​ថើបសក់នាង​តែ​ត្រូវ​នាង​រើចេញ​។ ខ្ញុំ​រឹត​តែ​មានៈ​ឱប​ហើយ​សម្លុត​នាង​៖

«មិន​ខ្លាច​បែក​គ្នា​ម៉ា​អាយ៉ូស​ខាន​បាន​ឱប​គ្នា​ទេ​ហ្អី​?!»

នាង​នៅ​ស្ងៀម​ហើយ​និយាយ​ដូច​កើតទុក្ខ​ខ្លាំង​​៖

«បើ​ចិត្ត​មនុស្ស​ចង់​បែក​ធ្វើ​ម៉េច​គង់​តែ​បែក​ដដែល​ហ្នឹង​!»

«ដែល​សំខាន់​បង​គ្មាន​ថ្ងៃ​ចង់​បែក​នីណា​ឡើយ​!»

នាង​សប្បាយ​ចិត្ត​ដក​ដង្ហើម​រំភើប​ញាប់​ជាង​មុន។ ខ្ញុំ​និយាយ​បន្ត៖

«បង​នឹង​នាំ​ចាស់ទុំ​បង​មក​លេង​កោះ​នេះ ​មក​ស្តី​​កូន​ប្រសា​! ក៏​ប៉ុន្តែ​…!»

«តែ​អី​ទៅ?!»

«ហាម​ចូល​បារ​ ហាម​ដើរ​លេង​យប់!»

«ល្ងង់​ណាស់! នៅ​ហុងកុង​គ្មាន​ពីណា​ទៅ​ស្រែ​ដើរ​លេង​ថ្ងៃ​ទេ​! ពេល​ថ្ងៃ​គេ​ធ្វើ​ការងារ​!»

នាង​ថា​ឱ្យ​ខ្ញុំច្រែតៗ​តែ​ខ្ញុំ​យល់​ពី​បេះ​ដូង​នាង​។

ខ្ញុំ​សម្លុត​វិញ៖

«ហើយ​ដឹង​ថា​​ពេល​ដើរ​លេង​ចូល​ក្លឹប​ហ្នឹង​ប្រុសៗ​វា​មើល​សឹង​បាក់​ ទៅ​កើត​រក​ស្រមៃ​ពេញ​បន្ទប់​ទឹក​អត់​?!»

«អ្នក​ណា? ប្រុស​មួយ​ណា?! ម្នាក់​ដែល​ក្រឡុក​ស្រា​មុខ​ឌឺ​ហ្នឹង​ហ្មែន!»

នាង​ឌឺដង​ឱ្យ​ខ្ញុំ​ហើយ​ងើយ​មុខ​នាង​​មក​កៀក​បង្កើយ​។

ខ្ញុំ​មើល​ភ្នែក​ថ្លាយង់​របស់​ទាវ​នីណា​ក៏​នឹក​ដល់​រាត្រី​ដំបូង​ដែល​ខ្ញុំ​ឱប​នាង​នៅ​កណ្ដាល​បារ​ហើយ​នាង​ប្រុង​លើក​កែង​ស្បែក​ជើង​ស្រួច​មក​ជាន់​ខ្ញុំ។

ស្រី​នេះ គួរ​ឱ្យ​ស្រលាញ់​ពេក​ហើយ​…

ខ្ញុំឈាន​ចូលកៀកទៀត….សឹងថាស្មា​របស់គេប៉ះ​ទ្រូង​ខ្ញុំ ហើយខ្ញុំប្រើភ្នែក​ទំាងសង​មើល​គេ​យ៉ាង​ស្រើបស្រាល។

ខ្ញុំ​មើល​ទៅ…..​​ប្រឆាំង​នឹង​បេះដូង ធ្វើតាម​សម្បជញ្ញៈ រក្សាភាព​ជាស្រីក្រមុំឱ្យគេ​បាន​ដល់​ថ្ងៃរៀបការ​ដែរទេ?

«អូន​ដឹងទេ​ អា​ប៉ូលិស​​បាក់​ស្លាប​នេះ វាជិត​ដាច់ដង្ហើម​នឹងអត់ធ្មត់​ហើយ ទាវនីណា​!​»

ខ្ញុំ​​បន្ទន់​ក្បាល​ដូចប្រុង​ថើប​គេ តែខ្ញុំមិនធ្វើទេ​។

​      ម្រាមខ្ញុំទំាង១០​បាន​​រលាយ​ស្រាក​ចូល​ទៅ​ក្នុង​ម្រាមដៃ​របស់​គេ​ ហើយ​សរសៃសក់​ទន់​ដូចសូត្រ​របស់​គេ​ហើរមក​​ប្រលែង​បបូរ​មាត់​​របស់​ខ្ញុំ។

គេ​មើល​មក​ខ្ញុំអៀន​ផង តែខំធ្វើជា​ក្លាហាន​ផង គេ​ដូចជា​យល់​ថា​ស្អែក​យើង​បែក​គ្នា​ហើយ បានជា​គេ​ខំ​មើល​មកខ្ញុំតបវិញ។ ចំណែក​ភាគី​ខ្ញុំ ​មើល​ពីក្រៅ​ទៅ​ដូចជា​​ខ្ញុំនេះ​​មិន​ខ្លាច​អ្វី​ទាំងអស់​ នោះ​ជា​ការ​មិន​ពិត​ទេ។ ​អ្វី​ដែល​ខ្ញុំ​ខ្លាច​ គឺ​ខ្លាច​លែង​មានឱកាស​នៅ​ក្បែរ​គេ​សប្បាយចិត្ត​របៀប​នេះ​ទៀត។ ខ្ញុំ​ចំណាយ​ពេល​នៅ​ជា​មួយគេ​យ៉ាង​សន្សំសំចៃ​ហើយពិនិត្យ​គេ​សព្វជើង​ដៃពីលើ​ដល់ក្រោម។

គេ​ដកដង្ហើម​ញាប់​ហើយ​និយាយ​៖

​«​ថើប​ខ្ញុំម្តង​ទៀត​មក!»

ខ្ញុំសមថា​ស្រលាំងកាំង ប៉ុន្តែ​ខ្ញុំរឹងមាំ​ណាស់​មិនស្លុតទេ​។ ខ្ញុំយល់ចិត្តគេ​ដឹងថា​គេស្រលាញ់ខ្ញុំ​ធំជាង​ផ្ទៃ​សមុទ្រ​នេះ ​ហើយខ្ញុំវិញគឺស្រលាញ់គេ​ជាង​អ្វីដែលគេគិត។

«អត់ទេ!» ខ្ញុំខ្សឹបដាក់​រោមភ្នែក​ងរ​ខ្ទែត​របស់​គេ។

នាង​ហាក់​ស្រពោន​ហើយ​ឆ្ងល់​សម្លឹង​ខ្ញុំ​ដូច​ខ្សែ​ភ្លើង​ឆក់។

«ថើបបង!»

ខ្ញុំនិយាយទៀត ហើយនាង​នៅធ្វើម៉ក់ៗខ្ញុំ​តឿនបន្ត៖

«អូនឯងហ្នឹង​ហើយ! ថើបបង!»

ខ្ញុំ​បញ្ជា​នាង​ទំាងបេះ​ដូង​លោត​ដូចកំពុងធ្វើ​សឹក​សង្គ្រាម។ នាង​ញញឹមគ្រវីក្បាល​តែ​ខ្ញុំឱន​ទៅ​ហើយ​ រេមុខខ្ញុំទៅតាមនាង ទាល់តែនាង​គេចមិនបាន​។

នាង​សម្លឹង​បបូរមាត់​ខ្ញុំហើយ​រលាស់ដៃចេញ​ពី​បាតដៃខ្ញុំទំាងសង។

ទាវនីណា​ដាក់ដៃ​របស់នាង​មកព័ទ្ធ​ជុំវិញ​កញ្ចឹងកខ្ញុំ។ ខ្ញុំ​ក៏ទាញចង្កេះ​នាង​ឱ្យ​មកអឹប​នឹង​ខ្លួនខ្ញុំ ហើយ​ជួយលើកនាង​ឡើង​ព្រោះនាង​ទាប​។ 

      មាត់ខ្ញុំ​បើក​ទៅរកបបូរមាត់របស់គេ…ទាវនីណា….ស្រីចម្កួត​យកនេះ…..គេពិត​ជា​ថើបខ្ញុំមែន​។​ ខ្ញុំនៅទទួលរងសកម្មភាព​របស់គេ​ទំាង​បេះដូងហោះទៅក្នុងទឹក ហើយ​បិទភ្នែកដូចជា​លើលោកនេះ​មានតែខ្ញុំ​ហើយនិងគេ។

      គេថើបខ្ញុំ​ម្តងជាពីរដង រហូតដល់ខ្ញុំ​មាន​រសជាតិមួយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំដឹងថា ខ្ញុំនឹងមិន​គ្រប់គ្រាន់​ឡើយ គឺ​មិន​ឆ្អែតឆ្អន់​ជារៀងដរាប។

គេកាន់តែថើប​ខ្ញុំ​កាន់តែ​មិនចង់​លែងគេ។

កំដៅ​ស្នេហា​បាន​រត់រសឹប​ចេញ​ទៅគ្រប់​ទីកន្លែង​រហូត​ដល់​ខ្ញុំ​ឈប់​ខ្វល់​ពី​អ្វី​ទាំង​អស់​ឆ្លើយតប​ទៅ​នាង​វិញ​យ៉ាង​ក្លៀវក្លា​អន្ទះអន្ទែង។

ក្នុង​ពេលនោះ​ខ្ញុំ គិតតែ​ម្នាក់ឯង​ក្នុង​បេះដូង៖

«នីណា! ម្សិលមិញ ពេលដែល​វា​ចាប់អូនទៅបាត់! បងភ័យណាស់​បងខ្លាចមែនទែន! ​​បងគិតថា​បងមុខ​តែឆ្កួត ​បើបងលែងបានឃើញអូនទៀត! ពេលនេះ​ អូន​នៅទីនេះ​គឺនៅក្រោមទ្រូងបង! បងមិនឱ្យ​អូន​បែក​ទៅណាទៀតទេ​! ទាវនីណា!»

គេ​ដកខ្លួន​ចេញ​ហើយ​ឈ្មុស​ក្បាល​គេ​សំងំអៀន​ខ្មាស​ក្រោម​ទ្រូង​ខ្ញុំ បាំង​មុខគេជាមួយអាវរងា​ដ៏ក្រាស់របស់ខ្ញុំ។

ខ្ញុំអង្អែល​សក់គេ​ហើយនិយាយ៖

«បង​នៅ​រតនគិរីស្គាល់គ្រួសារ​បងរ៉េន​តាំងពីតូច។ បងរ៉េន​ធ្លាប់​និយាយ​រឿង​ឯករ៉េណាបងរបស់អូន​ហើយ​ពេល​មួយសិទ្ធី​បានមករកបង រាប់អានបង​!​ គេធ្វើ​ជា​មនុស្ស​កម្សត់​គួរ​ឱ្យអាណិត​បាត់​មិត្តស្រី​ដែលគេស្រលាញ់បំផុត ហើយ​មើលទៅគេជាមនុស្សទន់ខ្សោយ​ដែល​ត្រូវ​អ្នកផង​ធ្វើបាប​​រស់ក្នុង​សភាពអស់​សង្ឃឹម​។​ បងសម្រេចចិត្ត​​ថាជួយរក​យុត្តិធម៌​ឱ្យគេ​! បង​យល់ថា​បង​ឆ្លាត​ណាស់​តែបងក៏​ជាអ្នកចាញ់បោក​គេ​ថែម​ម្នាក់ទៀត!»

«ចុះបង​ដែលខ្វល់​ពីទាវនីណាទេ? បងដែល​គិតពីស្រីម្នាក់នេះដែរ ​ថាកាលដែល​បង​មក​ក្លែង ហើយ​បើ​គេលង់​ស្រលាញ់បង​តើឈឺចាប់​យ៉ាងណា?!»

ខ្ញុំសម្លឹង​មុខគេ​ដែលងើបមុខមក​។

ពិតមែនហើយ​ខ្ញុំមិនដែលគិតថាស្រលាញ់​ប្អូនស្រី​នៃល្បង​ធំ​ធ្ងន់ធ្ងរថ្នាក់​នេះទេ។

«បង​ចាញ់​សង្គ្រាម​ហើយ​ទាវនីណា! ឯករ៉េណា​បងប្រុស​អូនឯង ​គេនឹង​ទៅសោយសុខ​នៅចម្ការគេ​ស្រុកខ្មែរ​ គេ​ប្រើ​ឱ្យ​បងនៅទីនេះ​ចិញ្ចឹម​ប្អូន​គេ​មួយ​ជីវិត​ហើយ​ធ្វើការ​ជំនួសគេ​!»

«ចុះ​បង​ឯង​ព្រម​ដែរ​អត់!»

ខ្ញុំ​គ្រញែង​ស្មា​ជំនួស​ចម្លើយ​។

ទី​សំចត​រតនគិរី​

….ពីរ​ខែ​ក្រោយ​មក ដៃ​ឯករ៉េណា​បាន​គ្រាន់​បើ​ឡើងវិញ តែ​មង្គលការ​គាត់​និង​សៅ​នីភា​មិនទាន់​អាច​កើត​មាន​បាន​ទេ​ព្រោះតែ​តំណម​បី​ឆ្នាំ​នោះ​ពុំ​ទាន់​ឆ្លង​ផុត ប៉ុន្តែ​ពួកគេ​បាន​ភ្ជាប់​ពាក្យ​តាម​ប្រពៃណី​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​មង្គល​ការរបស់​ពួកខ្ញុំ។

គឺ​ខ្ញុំ​និង​ស្រី​ស៊ិចស៊ី​បាក់ធ្មុង ទាវនីណា…..។

…យើង​បាន​ជ្រើសរើស​យកទឹកដី​កំណើត​ខ្ញុំ​រតនគិរី ជា​ទី​សម្រាប់​ដំណើរ​ក្រេប​ចន្ទ​​ទឹកឃ្មុំ​ហើយ​ក៏​ប្រហែលជា ឯករ៉េណា​គេ​ចង់​ចួប​បងរ៉េន​ផង​។

….រសៀល​ហើយ….មេឃា​ក្រហម​ពណ៌មាស​​គ្របដណ្ដប់​ទូទាំង​ខេត្ត​ត្បូង​ថ្មនេះ ក៏ជា​ពេល​ដែល​ខ្ញុំ​និង​ទាវ​នីណា​​មិន​ចង់​ចេញ​ទៅណា គឺ​អង្គុយ​សាសង​មិនចេះ​អស់​មិនចេះ​ហើយ​នៅ​​ក្បែរៗ​តង់​ ចំណែក​បង​ៗ​យើង​ទាំងពីរ​បណ្ដើរ​គ្នា​ចូល​ទៅមាត់​​ព្រៃ…..

————-

នៅ​មាត់​ជ្រោះ​ដ៏​ស្រស់​បំព្រង….សៅ​នីភា​ឈរ​តោង​ដៃឯក​រ៉េណា ស្ដាប់​ពាក្យ​ប្រុសស្នេហ៍​នាង​និយាយ….

«បង​រ៉េន! ខ្ញុំ​មក​មើល​បង​​ហើយ​នាំ​ស្រី​ដែល​ខ្ញុំ​ស្រលាញ់​បំផុតក្នុងជាតិ​នេះមក​ឱ្យ​បងស្គាល់ គេ​នេះ ហើយ​នីភា! គេ​ជា​ប្អូនថ្លៃ​របស់បង​! សូមបង​និង​អារាជនៅស្ថាន​លើ​សោយសុខ ហើយ​កុំ​នឹក​ខ្ញុំ​អី​»

ស្រីស្អាត​ញញឹម​ពេលដែល​ឃើញ​គេនិយាយ​ចប់ហើយ​ដៀងភ្នែក​មក​។

ទិដ្ឋភាព​ខ្ពង់រាប​និងជម្រាលស្មៅ​ពណ៌មាស​​ក្រោ​ម​ពន្លឺ​ចុងក្រោយនៃ​ព្រះទនិករថ្ងៃ​នេះ​​នៅតែ​​ឆ្អិនឆ្អៅ​មិន​ស្មើ​ស្នាមញញឹម​របស់​ស្រីតូចភា​​។

«ត​ទៅ ដៃបង​មិនអាច​ធ្វើអ្វី​ធ្ងន់បាន មិនឱ្យ​ទៅរករឿងវាយដំ​ច្រំធាក់​តស៊ូជា​មួយ​អ្នកណា​ទៀតទេ​!»

នាង​និយាយ​​ដោយ​សម្លឹង​ភ្នែក​គេ​ទំាង​សងខាង តែ​នាង​នាង​ច្បាស់​ក្នុងចិត្ត​ហើយ​ថា គេ​នឹង​ចុះ​ចត​ត្រឹមនេះ​ គឺនៅលើ​ដែនដី​ស្នេហ៍​ជាមួយនាង។ ឯករ៉េណា​​មិន​​ផ្សងព្រេង​ក្នុង​សមុទ្រ​កាប់​ចាក់​ទៀត​ឡើយ​។

«បង​ចង់​នៅទីនេះ​ឱ្យ​បាន​យូរ!»

«ស្រេច​ចិត្ត​!»

«បានន័យ​ថា​ម៉េច​!»

«បង​ទៅណាអូន​ក៏​ទៅហ្នុង!​»

«ស្លូតបូតម៉េះ​?!»

«អាណិតមនុស្សពិកា​រ!​»

«អ្នកណាពិការវ៉ី?​!»

«មនុស្សលលាម​ខ្លះ!​»

«បើមិន​លាលាម​ស្មាន​ថាចាប់ស្រី​មានល្បិចបាន?!»

«គេគ្មានទេ​! កលក្បិចស្អីទៅ?»

«ល្បិច​ទាក់ចិត្ត​មនុស្សប្រុស ​យកគេមកនៅជាមួយ​ខ្លួន​អស់មួយជីវិត​!​»

នាង​ញញឹម​លែងដៃ​គេ​​ចោល ​តែ​គេចាប់ដៃបានហើយ​ទាញ​ប្រាណ​តូច​របស់​នាង​បង្វិលមកវិញ​។

ដោយ​សារ​តែ​នៅ​ពេល​នេះ ការ​សង្ស័យគ្នា​​លែងមាន ការយល់ចិត្តគឺ​មានជម្រៅជ្រៅទៅហើយ ​ស្នេហា​ចំពោះ​គ្នាមាន​ទំហំ​ធំ អត្តចរិត​​ពួក​គេ​ម្នាក់បានកែ​ពីកាចទៅស្លូត ហើយ​ម្នាក់ទៀតពី​ទន់ជ្រាយ​ទៅ​នឹង​នរ។

«អូនចូលចិត្ត​ទីនេះ!»

«បង​ចូលចិត្ត​ទីណា​ដែល​អូន​ឈរ!»

«និយាយ​ដូច​រឿងកុនល្ខោន!»

«ឈប់និយាយ​ក៏បាន​!»

ដៃ​គេ​ប្រលែង​លើ​ចង្កេះនាង ភាព​តានតឹង​ទំាងឡាយ​​បាន​រលាយ​បាត់​ទៅ​ហើយ​ការ​ថើប​គ្នា​នឹង​ចាប់ផ្តើម​ នាង​ដឹង​និង​យល់ចិត្ត​គេ។

«កណ្តាល​វាល​ណា៎ឯករ៉េណា​!»

បបូរមាត់​គេ​ឱនមក​ជាមួយ​ស្នាមញញឹមតិចៗ ក៏​មាន​សេចក្តី​ថា​នាង​កុំចង់ប្រកែក​ជាមួយគេ​។

«ហើយ​កណ្តាលវាល វាយ៉ាងម៉េច?!»

«ខ្លួន​មិនចេះ​ខ្មាស អ្នក​ដទៃ​គេ​ខ្មាស!»

​      គេ​​បាន​​ចាប់​ដៃ​របស់​នាង​ហើយ​ឱប​ចង្កេះ​ផង នាង​គេចខ្លះ​ៗ តែ​នៅ​ទីបំផុត​នៅតែ​​ញញឹម​ដោយ​ការ​​ជួប​ភ្នែក​គ្នា​ដែល​ប្រទាក់​ដល់​ជម្រៅ​បេះដូង​​ពិបាក​ដក​ចេញ​វិញ។

គេ​ឱន​មក​ថើប​នាង​​យឺត​ៗ…តែ​គេ​ផ្អាក​ទៅវិញ​ហើយក្រហម​ភ្នែក​បន្ទាប់​ពី​ស្នូរ​អ្វីមួយ​គួរ​ឱ្យ​ភ័យ​ខ្លាច​។

នីភាបើកភ្នែក​គ្រលួង។

នាង​ឱនសម្លឹង​ខ្នង​គេ ហើយ​បណ្ដូល​ផ្លែ​ស្នាមួយ​បាន​បុក​ទម្លុះ​ជាប់​ឆ្កឹង​នៅ​ទីនោះ។

ឯក​រ៉េណា​ត្រូវ​អ្នកណា​មិន​ដឹង​លួច​បាញ់​ប្រហារ​គេ ឬមួយ​ស្នា​របស់​ពួក​ព្រានព្រៃ​ភ្លាត់​មក​ផ្តាច់​​សញ្ចេតនាពួកគេ​?

គេ​ស្រុញ​ខ្លួន​ចុះ​ទប់​ជំហរ​មិនបាន​ព្រោះ​តែ​ការឈឺចាប់​។ ស្រីតូច​សៅ​នីភាខ្ទប់​មាត់​ស្រែក​មិន​ចេញ សម្លឹង​ទៅ​ប្រុស​ស្នេហ៍​ដោយ​ក្ដី​តក់​ស្លុត​ហួស​ប្រមាណ។

ពីក្រោយខ្នង​គេ អ្នក​ណាម្នាក់​បង្ហាញខ្លួន​ ហើយ​សើច​រលាក់​ដោយ​ពិសពុល​ឆ្លើយតប​មក​កាន់​កែវភ្នែក​ទុក្ខព្រួយ​​របស់​នាង​។

«សិទ្ធី?!ឯង​សម្លាប់​គាត់?»

នាង​ភ្លាត់មាត់​ទំាង​ទន់​អណ្ដាត​និយាយ​មិន​ចង់​ចេញ​។

ឯករ៉េណា​​បែរ​ក្រោយយឺតៗ​សម្លឹង​បុរស​ចិត្ត​ខ្មៅ​។

នាយ​សិទ្ធី​គ្រវែង​ស្នាចុះ​ទៅ​ក្នុង​ជ្រោះហើយ​ដើរមួយៗ​សំដៅមក​ធ្វើអោយនីភា​ភ័យភិត​​ស្ទុះ​ទៅ​ពាំង​។

«អា​មនុស្ស​ចង្រៃ! ជួយផង​ៗៗៗ!»

សិទ្ធីញញឹម​ដាក់​នាង​ហើយ​អង្គុយចុះ​យឺតៗ សម្លឹង​ឯក​រ៉េណា​៖

«ជុំវិញ​នេះ​គ្មាន​មនុស្ស​ទេ! ឯងស្លាប់នៅទីនេះហើយ​! ប្រាប់​មក! ឯងចង់ឱ្យស្រីនេះទៅជាមួយ​ឬមួយ​ទុក​ជីវិត​វា​ស៊ីញ៉េឱ្យកេរមកយើង!»

ឯករ៉េណា​ប្រឹង​ក្រោកឈរ​ទ្រេតទ្រោត ​នីភា​ក៏ខំ​ងាក​ស្ទុះមកគ្រា​គេឡើង​។ នាយ​សិទ្ធី​ក្រោក​យឺតៗ​មកជាមួយដែរ ហើយភាព​​រីករាយ​បង្ហាញចេញ​តាមកែវភ្នែក​​ខ្មៅក្រឹប​របស់គេ​។

ឯករ៉េណានិយាយ​មួយៗ លះបង់​ការ​ឈឺអួល​របស់ខ្លួន៖

«ឯង….មិនមែន​ប្អូនអញទេ!»

សិទ្ធី​ញញឹម៖

«អ្ហែង​ឆ្លាត! តែទម្រាំដឹង វាហួសពេលហើយ!»

នីភា​គ្រវីក្បាល នាង​និយាយអង្វរ៖

«សិទ្ធី! គិតដល់ប៉ាបង​ បងត្រូវជួយគាត់! ឆាប់ឡើង ​បងត្រូវជូនគាត់ទៅពេទ្យ​!»

សិទ្ធី​ងាកមកគំហក​ដាក់​នាង៖

«បិទ​មាត់​! តាកញ្ចាស់​ហ្នឹងហ្អីជាប៉ាយើង​? តានោះចាស់ពេក​បានជា​វង្វេង​មកហៅយើងថាកូន​! តាមពិត ម៉ាក់យើងមិនមែន​មាន​តែ​តាហ្នឹងម្នាក់​ជាប្តីឯណា​! ម៉ាក់យើងទៅល្ងង់​អី​ចាំ​តាប៉ិ​នោះ? យើង​ជា​អ្នកទារ​បំណុល​ពី​គ្រួសារ​ឯង!»

ឯក​រ៉េណា​និយាយ​មួយៗ​​កណ្ដាល​ភាព​មិងមាំង​របស់​នីភា៖

«ឯង​ត្រូវការ​អី? បើ​ឯង​មិនមែន​ប្អូនប្រុសអញ​ ​ឯង​មក​រញ៉េរញ៉ៃ​នឹង​គ្រួសារ​នេះ តើ​ឯង​ចង់​បាន​អី?!»

នីភា​និយាយ​បន្ត​វិញ៖

«សិទ្ធី ពួកយើង​បាន​លើកលែង​ឱ្យ​​បងឯង​បាន​សុខ​ច្រើន​ដង​ហើយ ​គេ​មិន​ដេញដោល​រករឿង​ដែល​បងឯង​សម្លាប់​ប៉ា​ហើយ​ធ្វើឱ្យ​ឯករ៉េណា​របួស​ដៃទៀត? នៅមិនទា​ន់អស់ចិត្ត​?!»

សិទ្ធី​សើច​សឹក៖

«ព្រោះ​វាក៏​សម្លាប់ប៉ា​របស់យើង​!»

ឯករ៉េណាជ្រួញចិញ្ចើម​។

សិទ្ធី​​សម្លឹង​​ភ្នែក​គេ​មុតៗ​ដល់​ឆ្អឹង៖

«ប៉ា​យើង​ជា​អ្នកការពារ​ឱ្យ​ថៅកែ​ដែល​តាម​សម្លាប់​ពួក​ឯង​​! អារ៉េន​វា​ចេញ​មុខ​មកជួយ​ ហើយ​ប៉ា​យើង​ក៏​ត្រូវ​បាញ់​ស្លាប់! យើង​ឱ្យ​ពួកឯង​បានសុខ ទុក​ថា​គ្មាន​អី​កើត​ឡើង​ដែរ​ទេ?»

ពេល​ដែល​​ជនកំណាចកំពុង​រំជួល​អារម្មណ៍​នឹងទោសៈ​ឆ្កួតលីលា ​គេមិនដឹងទេ​ថា​រាងកាយ​គេត្រូវ​បាន​ឯករ៉េណា​បោល​បុកពេញមួយ​ទំហឹង​រំកិល​​ឆ្ពោះ​ទៅកាន់មាត់​ជ្រោះ​។

«អញ្ចឹង​អ្ហែងចុះទៅ​កំដរ​ឪពុក​ជនពាល​របស់អ្ហែងទៅ​អាចោលម្សៀត​!»

នាយ​សិទ្ធី​​លូកដៃ​មក​ច្បាម​តតាំង​ជាមួយ​បងធំ​ឯករ៉េណាំ។

ប្រហែលជា​មកពី​ដៃ​ស្តាំ​បងធំ​នេះ​ខ្សោយ​ហើយ​ខ្នង​គេកំពុង​របួស​អួល​ផង​ទើប​កម្លាំង​គេ​ត្រូវនាយសិទ្ធី​មាក់​ងាយ​។

ធម្មជាតិ​ស្ងាត់ស្ងប់ ​ហាក់ជួយចូលរួម​​តក់ស្លុត​ជាមួយ​ស្រី​ស្អាត​ដែល​ព្យាយាម​រារាំង​រវាង​បុរស​គេ​​ទំាង​​ពីរ​។

លោហិត​ឯករ៉េណា​ស្រក់​មួយ​តំណក់​ហើយ​មួយតំណក់​ទៀត​​ តែ​រាងកាយ​គេនៅតែ​ជាប់​ម៉ឺងទោះ​សិទ្ធី​ខំ​ប្រតាយ​ចេញយ៉ាងណាក៏មិនរបូត។

គេ​ញញឹម​តិចៗ​កំដរ​ភាព​តក់ស្លុត​ដែល​នាយ​នោះ​ត្រូវរុញរហូត​ជើងម្ខាង​របស់​គេឈាន​ផុតមាត់​ជ្រោះ​ទៅហើយ​។ ឯករ៉េណាខាំមាត់និយាយ៖

«មានតែ​ប្អូនថ្លៃ​អញម្នាក់គត់​​ដែលស៊ូមួយទល់​នឹង​មួយជាមួយអញបាន​ អា​សំគមបាញ់លលក!»

នីភា​ស្រែក​ឃាត់​៖

«អត់ទេ! រ៉េណា​!!»

នាង​ខ្លាច​គេ​សម្លាប់​មនុស្សទើប​បាន​ស្រែក​ភា្លត់​សំឡេង​។

គេ​ក្រឡាស់ដៃ​​មួល​បំបាក់​ដៃរបស់​​សុភាពបុរស​នោះ​ទៅ​ក្រោយ​លាន់​ប្រស់​​ ធ្វើឱ្យ​គេ​ស្រែក​ដោយ​ឈឺចាប់​រំពង​។​

គេស្តាយក្រោយ​ដែល​ស្មាន​ថា​ស្នា​របស់គេ​ដែល​លួចបាញ់យ៉ាងកំសាកនោះ​អាច​ធ្វើឱ្យ​ឯករ៉េណា​ក្លាយ​ទៅ​ជា​កូនមាន់បាន។

បងធំ​ច្រាន​​គេទៅដួល​ដេក​លើដី​ឱ្យ​រំពើត​ខ្លួន​ស្រែករមួល​នឹងដៃម្ខាង​ដែលភ្លាត់​។

ឯករ៉េណា​និយាយផ្តាំ​មុន​ពេល​ឈាន​ចេញ៖

«ស្លាប់ឬរស់​តាមកម្ម​​របស់​ឯង​ចុះ​អា​ចង្រៃ! វិធី​មួល​បំបាក់​ឆ្អឹង​សត្រូវ​ធុន​ឯង​នេះ​ ជាមេរៀន​ដែល​បងរ៉េន​បង្រៀន​អញ​ស្ទាត់​បំផុត​ គេទុក្ខ​វា​សម្រាប់​ប្រើ​ទៅលើ​សត្វព្រៃ​ប៉ុណ្ណោះ​! ប៉ុន្តែ​ឯង​និង​សត្វព្រៃ​តើ​វា​មាន​អី​ខុស​គ្នា​ទៅ?!»

រាជនិង​នីណា​រត់មក​ពីចម្ងាយ។

ឯករ៉េណា​ងាកមក​រក​ស្រីស្នេហ៍​ដែល​ឈរភ័យ​រន្ធត់ ​ហើយ​នាង​​ងាក​មក​ជួយ​គ្រាហ៍គេ​។

អ្នក​ទំាងពីរ​ឱប​គ្នា​​ដើរ​ត្រដាបត្រដួស​ឆ្ពោះ​ទៅរកប្អូន​យ៉ាង​លំបាក ប៉ុន្តែ​នីណា​បែរ​ជាឈប់ឆ្ងក់​ហើយ​ស្រែក​ភ្លាត់​សំឡេង​៖

«អត់ទេ​ណា៎!»

ប្រហែលជាដង្គត់​ឈើអាចជា​ឫស្សី​ដំបង ឬ​អាចជា​អ្វី​ដែល​វែង​ហើយ​ធ្ងន់​កំពុង​វាត់​មកសំដៅ​ក្បាល​នាយ​ នេះ​បើ​តាម​​កម្លាំង​ខ្យល់​ដែល​ឯករ៉េណា​ទទួលបានន​ដោយ​ត្រចៀក​។

គេលើកដៃស្តាំ​ដែល​រងរបួស​ទៅ​ទទួល​យក​ហើយ​ចាប់បាន​ដោយ​ត្រង់ភ្លឹង​និង​ជាប់ម៉ឺង​ក្នុង​ប្រអប់​ដៃ។ វា​មិនខុសគ្នា​នឹង​សមត្ថភាព​នាយរាជ​ក្លែងក្លាយ​​ដែល​លូក​ទៅចាប់ដប​ទឹកសុទ្ធ​បាន​ល្អ​ឥត​ខ្ចោះ​របស់​ស្រីស៊ិច​ស៊ីគប់មកពីជាន់ខាងលើនោះ​ឡើយ​។

ដោយមិនងាកក្រោយ​គេ​បន្ថែម​កម្លាំង​​រុញ​បកទៅវិញ​ធ្វើឱ្យ​អ្នកដែល​លបវាយ​ពី​ក្រោយ​នោះ​ ខ្ទាត​ហួសផុត​មាត់ជ្រោះ ហើយរេ​ជើង​​ធា្លក់​ទៅ​ក្រោម។

នីភា​ភាន់ភាំងខ្ទប់មាត់​​ព្រមពេល​ដែលនីណា​និងស្វាមីរត់មកដល់។

ពួកគេគ្រាហ៍​ឯករ៉េណា​ម្ខាងម្នាក់​ហើយ​ឈរ​សម្លឹងភាព​ត្រដាបត្រដួសរបស់នាយ​សិទ្ធី​ដែល​ព្យាយាម​តោង​ដី​និង​កូន​រុក្ខជាតិ​តូចៗ​រក​មធ្យោបាយ​បន្ត​ជីវិតឡើងមកវិញ​​។

នីណា​​ស្រែក​យំបិទភ្នែក​មិនសម្លឹង​គេនោះទេ ហើយ​​រាជ​ក្លែងក្លាយ​បោះបង់ចោលការសម្លឹង​នាយ​សិទ្ធី​​ហើយ​ងាក​មក​ត្រកង​បងថ្លៃចេញទៅ​។

នីភា​​អស់ពី​ភាំង​នាង​ដើរ​ទៅក្បែរ ហើយ​សម្លឹង​ជីវិត​ក្បែរ​នរក​របស់​បុរស​ចិត្តខ្មៅ។ គេនោះ​សល់​​ដៃ​តែ​មួយ​ចំហៀងដែល​តោង​ត្រដាបត្រដួស ​ហើយ​​ខិតខំ​សម្លឹង​នាង​សុំ​ក្តី​មេត្តា​​។

«នីភា! បងស្រលាញ់អូន ​ជួយបងផង!»

នាង​រំជួលចិត្តមិនដឹងធ្វើយ៉ាងណា​ឡើយ។

ឯករ៉េណា​នៅឈរ​ទ្រឹង​ងាកមករកនាង គេដឹងថា​នាងមិនចង់​ឱ្យគេ​ក្លាយ​ជា​អ្នក​សម្លាប់​មនុស្ស ​​រឹត​តែ​មិន​ចង់​ឃើញ​អ្នកណា​ស្លាប់​នៅ​នឹង​ភ្នែក គឺគេយល់ចិត្តនាង​។

នាង​សម្លឹងតប​មក​​គេ​ដោយ​ទឹកមុខ​​ឆ្លេឆ្លា​។

ដូច្នេះ​គេ​និយាយមក​ពី​ចម្ងាយ​​៖

«បង​មិនបាន​សម្លាប់​វាទេ​! វា​ខ្លួនឯង​ដែល​មក​វាយ​បងហើយ​ខ្ទាត​ទៅ​ធា្លក់ជ្រោះ!»

គេ​សម្លឹង​នាង​​ហើយ​ទើប​​ចាកចេញទៅរកឡាន​ជាមួយ​គ្រាប់​ស្នា​ដោត​ឆ្កឹងពី​ក្រោយខ្នងយ៉ាងកម្សត់​។

នីភាស្រក់ទឹកភ្នែក​អាណិត​បុរសដែល​នាងស្រលាញ់។

សំឡេង​រាជ​ក្លែងក្លាយ​ហៅ​នាង​៖

«អ្នកបង​! ​ចិត្តធម៌យើង​ប្រើ​តែជាមួយមនុស្ស​ប៉ុណ្ណោះ! សូម្បីនីណា​ដែល​មិនដឹងអី​ក៏វាយកទៅ​ចង​បណ្តែត​​ក្រោម​សសរស្ពាន​ឱ្យស្លាប់​បន្តិចម្តងៗ អ្នកបងឈប់ជួយវាទៅ!»

នីភា​ទីទើរ​ងើបមុខសម្លឹង​ទៅ​នីណា​។

​      នាង​តូច​​យំ​សស្រាក់សម្លឹង​មក​មុន​ពេល​ដាច់ចិត្ត​ដើរទៅជួយ​គ្រាហ៍​បងប្រុសនាង​តម្រង់​ទៅរក​ឡាន​។

នីភានាង​ងាក​មក​រក​នាយ​សិទ្ធី​​ហើយ​អ្វីៗទំាង​អស់​ដែល​នាងធ្លាប់​​បាន​ឃើញ​ក៏​លេច​​ឡើង​សាជាថ្មី​ក្នុង​អារម្មណ៍​។

​      នាង​នឹកឃើញ​ពេល​ដែល​គេ​បាន​ដើរ​តួ​ជា​សុភាពបុរស​មក​តាម​ស្រលាញ់​នាង ច្រាន​ទម្លាក់ឪពុក​ឯករ៉េណាចុះ​ពីជណ្តើរ ​ហើយ​គេបាន​លើក​ស្នា​បាញ់​ឯករ៉េណា​​នឹងមុខ​នាង​។

​«លោកទៅចុះ! សិទ្ធី! កុំបន្ត​រឿង​កម្មពៀរ​លើ​ផែនដីនេះទៀត​»

«អត់ទេ​នីភា​កុំទៅចោលបង!»

បានតែ​ប៉ុន្មាន​ម៉ាត់​នេះ​ប៉ុណ្ណោះ ​រាងកាយ​ធ្ងន់​របស់គេ​របូតពី​មាត់ជ្រោះ​ទៅ​កប់ក្នុង​ធម្មជាតិ​ជម្រៅ​រាប់​រយ​ម៉ែត្រ​ចុះក្រោម​​។

ចាប់​ពី​ពេល​នេះ​ទៅ ​លែង​មាន​សុភាពបុរស​សិទ្ធីដែល​ជា​គូដណ្តឹង​នាង ដែល​ជា​មិត្តរបស់​នាយរាជ​ជា​ប្អូនប្រុស​ម្តាយ​ទីទៃ​របស់​ឯក​រ៉េណា​ ឬជា​នាយ​Jamសង្សារ​របស់នីណាទៀតដែរ។

គ្រប់យ៉ាង​ជា​ឆាក​ល្ខោន…..

រាត្រី​ស្នេហ៍​ ចំណង​ដៃ​សម្រាប់​មិត្ត​អ្នកអាន

…..នៅ​យប់​ណា​មួយ ​ដែល​យើង​​មាន​អារម្មណ៍​ថា ​យើង​បាន​សប្បាយ​ចិត្ត​ក្នុង​ការ​វិល​មក​​ផ្ទះ​វិញ​ហាក់​ដូចជា​មាន​អ្នកណា​ម្នាក់កំពុង​ទន្ទឹង​រង់ចាំ​យើង​ជាមួយ​បេះដូង​ផ្អែមល្ហែម ពេលនោះ​ហើយ​ដែល​យើង​ទទួល​ស្គាល់​ថា​យើង​ជា​បុរស​រៀបការ​រួចហើយ​ យើង​មិន​សូវ​មាន​ពេល​យកចិត្ត​ទុកដាក់​សម្លឹង​ស្រី​ស្អាត​ណា​ទៀត​ឡើយ​។

ទាវ​នីណា គេងលក់​ប្រហែល​មកពី​កាលពី​ម្សិលមិញ​ថ្ងៃជា​មង្គលការ​បងប្រុស​គេ។ គេ​ហត់​ពេក​មួយ​រយៈ​នេះ អាចថា​នេះ​ជា​យប់​ដំបូង​ដែល​គេ​បាន​គេង​ពេញលេញ។ ​​ប៉ុន្មាន​​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​យើង​ចេញ​ទៅ​ហុងកុង​វិញ​ អ៊ីចឹង​ហើយ​បានជា ថ្ងៃនេះ​ខ្ញុំ​ទៅ​ក្រៅ​ជប់លៀង​លា​មិត្តភក្តិ​ដែល​ជា​ប៉ូលិស​ដូចគ្នា។

«បង​ឯង​មក​វិញ​ហើយ?!» ​នាង​និយាយ​ង៉ុលៗ​ពី​ក្រោយ​ខ្នង​ខ្ញុំ​ហើយ​គេងលក់​​ទៅ​វិញ​បាត់។ ខ្ញុំ​ខំ​លបៗ​ប៉ុណ្ណឹង​ហើយ​នៅ​តែ​រំខាន​នាង​ឱ្យ​ភ្ញាក់​បាន?

ខ្ញុំ​មិន​តប​ក៏​ដើរ​ទៅ​អង្គុយ​មើល​នាង​។ មិន​ទាន់​អី​ផង នាង​គេង​ទៅ​វិញ​បាត់​ទៀត​ទៅ​ហើយ។ ប្រហែល​នាង​ចាំ​ខ្ញុំ​ នឹក​ខ្ញុំ​ បានជា​ដឹង​ពេល​ខ្ញុំ​មក​ដល់​សូម្បី​តែ​ខ្ញុំ​មិន​ទាំង​ហ៊ាន​ដក​ដង្ហើម​។ ​ចំណែក​ពេលនេះ​នាង​រហ័ស​គេង​ទៅ​វិញ​ប្រហែល​ជា​មក​ពី​នាង​មិន​អាច​ប្រឆាំង​នឹង​សេចក្ដី​ត្រូវការ​របស់​កម្លាំង​កាយ​បាន​។

ទាវ​នីណា​ពី​ក្រោយភួយ​សូត្រ​មាស​នាង​ស្អាត​ដូច​ទេពធីតា​ក្នុង​រឿង​បុរាណ​។

រោម​ភ្នែក​នាង​ងរ​មិន​សម​ថា​ជា​ស្រី​កូន​កាត់​ចិនហើយ​បបូរមាត់​នាង​គឺក្រហម​ព្រឿង​ៗ​ជានិច្ច។ កាលពី​ដំបូង​ពេល​ចួប​គេ ​ខ្ញុំ​យល់​ថា​នេះ​ជា​ប្រភេទ​បបូរ​មាត់​មនុស្ស​ស្រី​មានៈ ឆ្នាស ​រឹងត្អឹង ​តែ​ពេល​នេះ​​ ខ្ញុំ​យល់​ថា​នេះ​ជា​​ប្រភេទ​មនុស្ស​ស្រី​ដែល​រោលរាល​ដោយ​ស្នេហា​​មិន​អាច​ដក​ចិត្ត​បាន។

ខ្ញុំ​ប្រាស​​ទៅ​ក្បែរ​ភរិយា​តូច​ច្រឡឹង​នេះ​ហើយ​លូកដៃ​ទៅ​ឱប​នាងពី​ក្រៅ​ភួយ។ នាង​ហាក់​ដឹង​ខ្លួន​រើ​តិចៗ​ហើយ​បែរម​ក​ឱប​ខ្ញុំ។ ច្រមុះ​ពួក​យើង​នៅ​ទល់​គ្នា​ជិតបង្កើយ។

…គឺ​ដូច្នេះ​ហើយ…..នៅ​ពេល​យប់​ណា​មួយ​ដែល​យើង​​ភ្ញាក់​ឡើង​ហើយ​ឃើញ​ខ្លួន​ឯង​ដែល​មិនមែន​មាន​​តែ​ម្នាក់​ឯង​គឺ ​មាន​អ្នកណា​ម្នាក់​ដែល​ជិត​ស្និទ្ធ​ដូច​កំពុង​នៅ​ក្បែរ​បានន័យ​ថា​យើង​កំពុង​រស់​នៅ ក្នុង​ជីវិត​ដ៏​​មាន​អត្ថន័យ​ពេញលេញ​។

យើង​មិន​ឯកោ​និង​មាន​ការ​ភ័យ​ខ្លាច ​មិន​ថា​រដូវខ្យល់ ​ភ្លៀង​រាំង ស្ងាត់ ឬ​អ្វី​ទាំង​អស់​​ ព្រោះ​ថា​គេ​ជា​កម្ដៅ​របស់​យើង គេ​ជា​អម្រិត​ធ្វើ​ឱ្យ​យើង​ត្រជាក់ និង​ជា​ផ្នែក​មួយ​​ដ៏​សំខាន់​នៃ​ជីវិត​យើង។

«ស្រលាញ់​បង​ណាស់!»

នាង​និយាយ​តិច​ជា​ភាសាចិន​ ហើយ​គ្រលរៗ​​សម​តែ​​ជា​សំឡេង​ស្រី​មិន​ស្អាត​​សោះ​ គឺ​មិនសមនឹង​មុខមាត់​នាង​ដែល​តូចឆោមនោះឡើយ​។ ខ្ញុំមិនមាត់​អ្វី​​តែមាត់​ខ្ញុំលូកទៅផ្តិត​បបូរមាត់នាង​។

ខ្ញុំ​ថើប​នាង​​យឺតៗ ទោះនាង​មិនត​ តែនាងក៏​មិនគេច​ទៅណា។

កម្ដៅ​ក្លិន​របស់​នាង​ដែលពេញ​ដោយ​ភាព​ស្មោះត្រង់ គ្មាន​លាក់លៀម គឺជា​គុណសម្បត្តិដ៏​ទាក់ទាញ​​ចូល​ទៅ​ក្នុង​សរសៃ​ឈាម​និង​បេះដូងខ្ញុំ​​។ ខ្ញុំលូកដៃទាញ​ភួយចេញ ហើយ​​ផ្ដល់​ឱ្យ​រាងកាយ​របស់​នាង​នូវ​ការថ្នាក់ថ្នម​បបោសអង្អែល​រហូត​​ដល់​នាង​ខិត​ចូល​មក​ក្នុងរង្វង់​​ដៃ​ខ្ញុំ​។

«ប្រពន្ធ​សម្លាញ់!»

ខ្ញុំនិយាយ​ទៅកាន់​គេ​ដែល​ឱនម​កនៅក្នុងទ្រូងខ្ញុំ​ប្រៀបបីដូចពេលមួយ​ដែលខ្ញុំចាប់បង្ខំ​ថើបគេ​ហើយ​គេ​គេច​មុខពី​បងប្រុស​របស់​គេ​។

មនុស្ស​មិន​ងាយ​​យល់​ពី​អំណាច​នៃ​ក្ដី​ស្រលាញ់​នេះ​ទេ ​ប្រសិន​បើ​ពួក​គេ​មិន​ដឹង​ពី​វិធី​ធ្វើឱ្យ​មនុស្ស​ម្នាក់​ទៀត​ដែល​រួម​ជីវិត​ជា​មួយ​យើង​បាន​រស់នៅ​សុខសាន្ត​​ហើយ​យើង​ក៏បាន​ទទួល​ពី​គេ​នូវ​ការ​យកចិត្តទុកដាក់​ហើយ​លះបង់​ដើម្បី​គ្នា​។

នោះ​គឺ​ជា​​ធម្មជាតិ​របស់​មនុស្ស​ដែល​ចុងក្រោយ​បង្អស់​នៃ​បំណង​ប្រាថ្នា​មនុស្ស​ម្នាក់! ​គឺ​​ការ​ខិតខំ​យ៉ាងណា​ឱ្យ​បានរស់នៅក្បែរ​មនុស្សដែល​គេស្រលាញ់​ហើយ​ក៏​ស្រលាញ់គេ។

ចប់​ដោយ​បរិបូរណ៍

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*