ម្ចាស់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២២ នៅតែបន្តរួមចំណែកលើកស្ទួយតម្លៃអក្សរសិល្ប៍ខ្មែរ តាមរយៈការតែងនិពន្ធ

លោក ហ៊ុយ សារ៉ាត់ ត្រូវបានគេស្គាល់ថា ជាម្ចាស់ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២២ និងជាសមាជិក ក្រុមឥន្ទ្រីយ៍ MST ដែលធ្លាប់ទទួលបានឱកាសបណ្តុះបណ្តាលវគ្គខ្លី ពីអ្នកនិពន្ធ មុីសន សុធារី អំឡុងឆ្នាំ២០២១។ គោលដៅធំបំផុតរបស់លោក ក្នុងវិស័យតែងនិពន្ធនេះ មិនមែនតែជាការស្រលាញ់ និងបង្ហាញសមត្ថភាពប៉ុណ្ណោះទេ គឺលោកមានបំណងចង់រួមចំណែកលើកស្ទួយតម្លៃអក្សរសិល្ប៍ខ្មែរ ឱ្យកាន់តែទូលំទូលាយ តាមរយៈការតែងនិពន្ធ។

លោក កុក រស់ និង លោក ហ៊ុយ សារ៉ាត់
អ្នកនិពន្ធ មុីសន សុធារី និង លោក ហ៊ុយ សារ៉ាត់

សូមជម្រាបថា ស្នាដៃដែលអ្នកនិពន្ធរូបនេះតាក់តែងឡើង ច្រើនតែបញ្ជ្រាបនូវខ្លឹមសារដ៏មានសារសំខាន់ ទាក់ទងនឹងចំណោទបញ្ហាជីវិត ក៏ដូចជាសង្គម ជាក់ស្តែងរឿងដែលជាប់ជយលាភីពានរង្វាន់ព្រះនាងឥន្ទ្រទេវី “បណ្តឹងសហគមន៍” រឿងដែលមានការគាំទ្រច្រើននៅវេបសាយ meysansotheary.com “ព្រហ្មចារី” ជាដើម។ ក្រៅពីរឿងដែលឆ្លុះបញ្ចាំងពីសង្គម លោកក៏នៅមានស្នាដៃរឿងដទៃផ្សេងទៀត ដែលជាការកំដរ អារម្មណ៍អ្នកអាន ពិសេសអ្នកគាំទ្ររបស់លោកផងដែរ។

តាមរយៈការដាក់ផ្សាយស្នាដៃនិពន្ធនៅលើប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com អ្នកនិពន្ធរូបនេះ បញ្ជាក់ថា លោកមានបំណងចង់ប្រើការតែងនិពន្ធ ក្នុងន័យជាការបញ្ជ្រាបនូវបទពិសោធន៍ជីវិត និងចំណេះដឹង ដល់អ្នកអាន ពិសេសយុវវ័យដែលជាសិស្សានុសិស្ស ក្នុងកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ។

ចំពោះការចាប់អាជីពជាអ្នកនិពន្ធ ម្ចាស់ពានរង្វាន់ឥន្ទ្រទេវីឆ្នាំ២០២២ រូបនេះ បានគូសបញ្ជាក់ថា វិស័យតែងនិពន្ធ ការសរសេរប្រលោមលោក ឬជាអត្ថបទភាពយន្តក្តី មិនមែនជាការងាយស្រួយនោះទេ ទន្ទឹមនឹងទេពកោសល្យពីធម្មជាតិ ក៏ទាមទារឱ្យមានការព្យាយាមផងដែរ ទើបអាចចាប់យកក្តីស្រមៃនេះបាន។

ជាមួយគ្នានេះ ដើម្បីជាសារទៅកាន់អ្នកដែលមានបំណងចង់ក្លាយជាអ្នកនិពន្ធ លោក ហ៊ុយ សារ៉ាត់ ណែនាំថាវិស័យតែងនិពន្ធ ពិតជាទាមទារឱ្យមានសេចក្តីព្យាយាមខ្លាំង ដើម្បីទទួលបានជោគជ័យ។ លោកសង្កត់ធ្ងន់ថា អ្វីដែលលោកសំដៅដល់ គឺសេចក្តីព្យាយាមដ៏យូរអង្វែង មិនមែនព្យាយាមត្រឹមមួយរយៈដូចភ្លើងចំប៉ើង ដែលឆាបឆេះមួយវឹប ហើយក៏រលត់នោះទេ បើចង់ជោគជ័យលើវិស័យតែងនិពន្ធ គឺត្រូវធ្វើឱ្យដល់ទីបំផុត។

កម្មវិធីជំនួបអ្នកនិពន្ធ

មុនឈានមកដល់ចំណុចជោគជ័យ ក្លាយជាម្ចាស់ពានរង្វាន់ឥន្ទ្រទេវី នៅឆ្នាំ២០២២ លោកក៏ធ្លាប់ឆ្លងកាត់បរាជ័យម្តងរួចមកហើយដែរ ប៉ុន្តែលោកមិនបានបោះបង់ដោយងាយឡើយ លោកបានបន្តអភិវឌ្ឍនខ្លួនយ៉ាងឆាប់រហ័ស ដោយរៀនសូត្របន្ថែមពីអ្នកនិពន្ធអាជីព ក៏ដូចជាសិក្សាស្នាដៃរៀមច្បង រហូតសម្រេចបំណងប្រាថ្នាខ្លួនឯង។ លោកបន្ថែមថា ការអត់ធ្មត់ និងព្យាយាម នាំឱ្យភាពជោគជ័យរបស់យើង កាន់តែមានតម្លៃ។

ទន្ទឹមនេះ លោកក៏សូមថ្លែងអំណរគុណដល់អ្នកដែលគាំទ្រលោក រយៈពេលប្រមាណ ២ឆ្នាំមកនេះ ហើយលោកសន្យាថា នឹងខិតខំរួមចំណែកលើកស្ទួយវិស័យតែងនិពន្ធបន្តទៀត៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*