សម្តេច​តេ​ជោ ហ៊ុន សែន គាំទ្រគោលបំណង និងទិសដៅទៅអនាគតរបស់សមាគមអ្នកនិពន្ធខ្មែរ

សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ជ័យ ចាប និងប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរ ចំនួន១០រូប ចូលជួបសំដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ។

ក្នុងឱកាសចូលជួបសម្តែងការគួរសមនេះ ឯកឧត្តម ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានជម្រាបជូន សម្តេចតេជោ ពីសកម្មភាពការងាររបស់សមាគមអ្នកនិពន្ធខ្មែរ នាពេលកន្លងមក និងគោលបំណងនៃរៀបចំការ ប្រឡងស្នាដៃតែងនិពន្ធប្រចាំឆ្នាំ របស់សមាគមក្រោមប្រធានបទ “ពានរង្វាន់ ៧មករា សន្តិភាព” ដែលគ្រោងធ្វើឡើង នាពេលខាងមុខ។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកនិពន្ធខ្មែរ ក៏បានលើកឡើងពីគោលបំណងនៃការរៀបចំឱ្យមាន ការជួបជុំនៃអ្នកនិពន្ធ របស់បណ្តាប្រទេសតាមដងទន្លេមេគង្គ ដើម្បីធ្វើការពិភាក្សាលើការងារសិក្សាស្រាវជ្រាវ និងទិសដៅទៅថ្ងៃអនាគត លើស្នាដៃតែងនិពន្ធផងដែរ។

ជុំវិញគោលបំណង និងទិសដៅទៅអនាគតរបស់សមាគមអ្នកនិពន្ធខ្មែរនេះ សម្តេចតេជោ ក៏បានបង្ហាញពីការគាំទ្រ របស់សម្តេច បានវាយតម្លៃខ្ពស់ចំពោះស្នាដៃរបស់អ្នកនិពន្ធខ្មែរផងដែរ។

ទន្ទឹមនេះ សម្តេចតេជោក៏បានស្នើដល់សមាគមអ្នកនិពន្ធខ្មែរ ឱ្យមានការបណ្តុះបណ្តាល និងធ្វើការស្រាវជ្រាវ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យស្នាដៃរបស់អ្នកនិពន្ធ កាន់តែទទួលបាននូវភាពល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះ។
បន្ថែមពីនេះ គឺស្នើឱ្យសមាគមអ្នកនិពន្ធខ្មែរ ចូលរួមពិនិត្យលើការតែងនិពន្ធរឿងអប់រំខ្លីៗ ដែលផ្សព្វផ្សាយ ក្នុងបណ្តាញសង្គមផង ព្រោះផ្នែកខ្លះនៃការផ្សព្វផ្សាយទាំងនោះ គឺខុសពីសច្ចៈភាពរបស់សង្គម ខុសការពិត ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម។

សម្តេចតេជោ សង្កត់ធ្ងន់ថា បើសរសេរពីប្រវត្តិសាស្រ្ត អ្នកនិពន្ធត្រូវយល់ឱ្យច្បាស់ពីប្រវត្តិសាស្រ្ត និងត្រូវស្រាវជ្រាវឱ្យបានច្បាស់ កុំយកគំនិតផ្ទាល់ខ្លួនទៅបញ្ចេញ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*