រឿង៖ Public Wi-Fi

សម័យនេះទៅហើយ អ្នកណាម្នាក់អាចរស់នៅដោយខ្វះអ៉ីនធឺណិតប្រើបានទៀតនោះ?
ខ្ញុំនិយាយរអ៊ូ លួចក្ដៅចិត្តតែម្នាក់ឯង ប៉ុន្ដែបែរជាស្រែកខ្លាំងៗឱ្យអ្នកខាងមុខខ្ញុំបានឮផងដែរ។ ខ្ញុំមិនយល់ទេ ហេតុអ្វីគ្រួសារខ្ញុំប្រកាន់ច្រើនម្ល៉េះលើការកំណត់ការប្រើប្រាស់ទូរសព្ទ ការលេងអ៉ីនធឺណិតរបស់កូនខ្លួនឯងបែបនេះ…មើលចុះគ្រាន់តែខែនេះ ខ្ញុំរៀនមិនបានទទួលលទ្ធផលល្អដូចអ្វីគាត់ចង់បាន ម៉ាក់ប៉ាខ្ញុំស្រាប់តែបិទការប្រើប្រាស់អ៉ីនធឺណិតនៅក្នុងផ្ទះ ដោយផ្ដល់ហេតុផលថាគ្រួសារយើងត្រូវការកាត់បន្ថយចំណាយដែលមិនចាំបាច់។ ឮហេតុផលគាត់ហើយ ខ្ញុំស្រាប់តែឧទានតវ៉ាភ្លាម…

« ម៉ាក់ប៉ា! ធ្វើបែបនេះម៉េចនឹងបាន? កាត់បន្ថយចំណាយអ្វីដទៃទៀតបាន តែមិនអាចកាត់បន្ថយរឿងអ៉ីនធឺណិតមួយនេះបានទេ! វាចាំបាច់សម្រាប់ជីវិតខ្ញុំណាស់! បើគ្មានអ៉ីនធឺណិតប្រើ ធ្វើម៉េចខ្ញុំអាចរៀន ឬធ្វើការស្រាវជ្រាវបានទៅ…ខ្ញុំមិនព្រមទេ! »

ខ្ញុំនិយាយដោយលើកសម្អាងលើការសិក្សារបស់ខ្លួនធ្វើជាលេសដើម្បីឱ្យគាត់ប្ដូរចិត្ត ប៉ុន្ដែខ្ញុំដឹងខ្លួនឯងថាភាគច្រើនខ្ញុំចំណាយលើការប្រើប្រាស់អ៉ីនធឺណិតនោះ មិនមែនមកពីការសិក្សារបស់ខ្លួនឯងទេ តែជាការកម្សាន្តផ្ទាល់ខ្លួនឯងច្រើនជាង រហូតដល់ថ្នាក់ថា ខ្ញុំញៀននឹងវា…ដកខ្លួនលែងបានដូចជាគេញៀនកាហ្វេដែរ។

និយាយបែបណាឱ្យសមទៅ…មួយថ្ងៃៗ ខ្ញុំតែងតែអង្គុយនៅមុខអេក្រង់កុំព្យូទ័រខ្លួនឯង លេងហ្គេមអនឡាញ ឆាតសាសងគ្នាជាមួយមិត្តភក្ដិក្នុងពិភពVirtual មួយនេះ លែងចង់ដើរចេញទៅណាហើយ…

ពេលខ្លះមួយថ្ងៃពេញនៅក្នុងបន្ទប់ខ្លួនឯងក៏មាន ព្រោះតែញៀននឹងការលេងហ្គេមPubG នោះឯង…តែរាល់ខ្ញុំតែប្រាប់លើកហេតុផលថា ខ្ញុំរវល់រៀនអនឡាញ ឬជាប់ការស្រាវជ្រាវធ្វើការងាររបស់លោកគ្រូអ្នកគ្រូដាក់ឱ្យ។ តែពេលចេញលទ្ធផលការសិក្សាប្រចាំខែរបស់ខ្ញុំមក វាផ្ទុយនឹងអ្វីដែលខ្ញុំប្រាប់គាត់ រហូតដល់គ្រូខ្ញុំចាប់ផ្ដើមសួរមកកាន់ម៉ាក់ប៉ាខ្ញុំពីរឿងធ្លាក់ការសិក្សាមួយនេះ…

« កូនឯងព្រមឬមិនព្រម ក៏លែងសំខាន់ទៀតដែរ! រឿងនេះប៉ានិងម៉ាក់កូន បានសម្រេចចិត្តរួចហើយ! ប៉ាដាច់ខាត​លែងឱ្យកូន​ឯង​ញៀន​នឹង​វាទៀតហើយ! មើល៍ចុះ ឯងមានមើលឃើញសភាពខ្លួនឯងពេលនេះ វាប្រែប្រួលខុសប្លែកដល់កម្រិតណានោះ? ពីមុនកូនមិនហ៊ានតវ៉ាប្រកែកនឹងពួកយើងទេ ហើយការសិក្សាវិញក៏បានល្អដែរគឺជាប់ចំណាត់ថ្នាក់ក្នុងតារាងកិត្តិយសជារៀងរាល់ខែ តែនេះលទ្ធផលខែហ្នឹង…កូនគាង ពីលេខ៣ មកលេខ ២០ក្នុងថ្នាក់រៀនសរុបចំនួន ៣០នាក់! កូនរៀនចុះខ្សោយបែបនេះបានដោយរបៀបណា? »

ឮពាក្យសួររបស់ប៉ាខ្ញុំហើយ ខ្ញុំក៏គាំងអណ្ដាតប្រកែកតបទៅកាន់គាត់វិញមិនបានដូចគ្នា ព្រោះវាមែន…ខ្ញុំមិនគិតថាចំណាត់ថ្នាក់ខ្ញុំសម្រាប់ខែវា វាអន់ខ្លាំងបែបហ្នឹងសោះ..ស៊យមែន ចាក់ចម្លើយខុស!

« កូនគាង កូនស្ដាប់ប៉ាសិនទៅ! កូនបើរៀនបានចំណាត់ថ្នាក់ល្អវិញ ចាំម៉ាក់ជួយបញ្ចុះបញ្ចូលគាត់ឱ្យ…កូនធ្វើតាមពាក្យសម្ដីរបស់គាត់សិនទៅ! កូនឆ្នាំនេះកូនត្រូវប្រលងមធ្យមសិក្សាទុតិយភូមិទៀត បើកូននៅតែធ្វើបែបនេះ គឺវាមិនល្អនោះទេ។ »

ម៉ាក់ខ្ញុំនៅក្បែរនោះ ក៏ជួយនិយាយលួងលោមខ្ញុំបន្ថែមទៀត។ ខ្ញុំដឹងថាពាក្យសម្ដីរបស់គាត់និយាយទាំងនោះពិតជាមិនខុសទេ តែនេះមនុស្សជំទង់ឈាមរាវដូចខ្ញុំ ទោះបីដឹងថាខ្លួននេះកំពុងប្រព្រឹត្តខុសហើយ ក៏ពិបាកនឹងទទួលកំហុសខ្លួនឯងដែរ…នៅតែចចេសចង់ឱ្យគាត់ព្រមតាមពាក្យរបស់ខ្លួន។

ខ្ញុំមិនចុះចាញ់ មិនស្ដាប់សម្ដីរបស់គាត់ មានតែដំឡើងសំឡេងខ្លាំងជាងមុន…

« លោកប៉ា! អ្នកម៉ាក់ ផ្ដាច់ការ! គ្រួសារនេះគ្មានអ្នកណាម្នាក់ស្រលាញ់ខ្ញុំទេ! មើលតែអាសិទ្ធ កូនពូសឿនរស់នៅក្បែរនេះទៅ…ម៉ាក់ប៉ារបស់គេស្រលាញ់កូនគេយ៉ាងណាខ្លះ? សុំអីគេបានហ្នឹង ហើយមើលវាចុះ រៀនមិនដែលចូលសាលា មិនធ្លាប់ស្គាល់តារាងកិត្តិយសម្ដងផង តែម៉ាក់ប៉ាវានៅតែស្រលាញ់វា ផ្គាប់ផ្គន់ចិត្តវាមិនឱ្យក្នក់…ប៉ាម៉ាក់ អយុត្ដិធម៌! »

ឮពាក្យខ្ញុំនិយាយបែបនេះ ម៉ាក់ខ្ញុំនៅក្បែរស្រងាកចិត្តមួយទំហឹង។ គាត់ប្រហែលជាខូចចិត្តខ្លាំង រហូតដល់ជំងឺបេះដូងគាត់រើឡើងវិញ ទន់ជង្គង់ដួល។ សំណាងប៉ាខ្ញុំនៅក្បែរនោះ គាត់ប្រញាប់គ្រាហ៍ម៉ាក់ខ្ញុំឡើង ហើយហុចថ្នាំប្រចាំខ្លួនឱ្យគាត់លេប។ ប៉ាសម្លក់ខ្ញុំដោយក្រសែភ្នែកកាច មុខគាត់ប្រែជាក្រហមខ្លាំង ប្រហែលនេះខឹងនឹងខ្ញុំខ្លាំងណាស់ហើយ…គាត់លើកដៃយារឡើងលើបម្រុងនឹងវាយខ្ញុំ តែស្រាប់តែម៉ាក់ខ្ញុំលើកដៃហាមគាត់ និយាយសុំអង្វរកគាត់ដោយទឹកភ្នែក…

« បងផុន សុំទៅចុះ! កុំវាយកូនប្រុសយើង…អូនអង្វរ! »
ឮពាក្យម៉ាក់ខ្ញុំសុំបែបនេះ ប៉ាខ្ញុំក៏ទម្លាក់ដៃចុះ ហើយស្រែកខ្លាំងៗមកកាន់ខ្ញុំថា៖

« ឆាប់ចេញពីមុខអញភ្លាមទៅ…អញមិនចង់ឃើញមុខរបស់ឯងនៅពេលនេះទេ! »

ខ្ញុំភាំងឈរស្រឡាំងកាំងពេលឮពាក្យអសុរោះ ក្រសែភ្នែកដ៏សោះកក្រោះរបស់គាត់បែបនេះ…ខ្ញុំទទួលស្គាល់សម្ដីអម្បាញ់មិញ ខ្ញុំនិយាយវាធ្ងន់មែន ប៉ុន្ដែខ្ញុំមិនគិតថាធ្វើឱ្យពួកគាត់ខូចចិត្តមានប្រតិកម្មខ្លាំងបែបនេះទេ! តើនេះខ្ញុំពិតជាខុសធ្ងន់ឬ?

មែន…ក្នុងគ្រួសារនេះ ម៉ាក់ប៉ាខ្ញុំស្រលាញ់ខ្ញុំណាស់ ព្រោះខ្ញុំជាកូនប្រុសតែម្នាក់របស់ពួកគាត់។ ខ្ញុំតែងតែទទួលបានក្ដីស្រលាញ់ និងការយកចិត្តយកថ្លើមពីពួកគាត់។ រាល់អ្វីដែលខ្ញុំចង់បាន ទោះបីពួកគាត់មានឬមិនមាន ពួកគាត់តែងតែបំពេញបំណងមកឱ្យខ្ញុំ តែនេះគ្រាន់តែខ្ញុំរៀនធ្លាក់លេខ ពួកគាត់ហេតុអ្វីបានជាខឹងខ្ញុំខ្លាំងបែបនេះ? ឬខ្ញុំនេះលែងជាកូនប្រុសសំណព្វចិត្តរបស់គាត់ហើយ?
ម៉ាក់ខ្ញុំឃើញសភាពខ្ញុំបែបនេះ គាត់ប្រញាប់និយាយឱ្យសញ្ញាមកកាន់ខ្ញុំទាំងគាត់កំពុងត្រូវប៉ាខ្ញុំគ្រាហ៍ឈរនៅឡើយ…

« កូនគាង កូនចេញទៅខាងក្រៅលេងសិនទៅ! ចាំល្ងាចបន្ដិចចាំមកផ្ទះ! កុំប្រកាន់សម្ដីប៉ាកូនអី…គាត់បាត់ខឹងគឺលែងអីហើយ! »

ប៉ាខ្ញុំឮម៉ាក់និយាយបែបនេះ គាត់ធ្វើដូចជាមិនឮ ហើយធ្វើដូចខ្ញុំគ្មានវត្តមាននៅទីនេះបន្ដទៀត។ គាត់គ្រាហ៍ម៉ាក់ខ្ញុំទៅសម្រាកនៅបន្ទប់របស់គាត់បាត់ទៅ ទុកឱ្យខ្ញុំនៅទីនេះតែម្នាក់ឯង ឈរសញ្ជឹងនូវអ្វីដែលខ្លួនបានធ្វើ…រឿងអាក្រក់ដែលកើតឡើងអម្បាញ់មិញ។
…ចុងក្រោយខ្ញុំពិតជាមិនដឹងត្រូវធ្វើយ៉ាងណា? មួយណាខ្ញុំត្រូវជ្រើសរើស ឬត្រូវបោះបង់ចោល បំភ្លេចវានោះ? អ្វីគ្រប់យ៉ាងវាកើតតាមឆន្ទៈរបស់ខ្ញុំ ប៉ុន្ដែព្រោះតែឆន្ទៈមួយនេះ ធ្វើខ្ញុំបាត់បង់គ្រប់យ៉ាងនានាទីចុងក្រោយ! ខ្ញុំខ្លាចស្លាប់ ប៉ុន្ដែអ្វីដែលខ្ញុំខ្លាចជាងសេចក្ដីស្លាប់ទៀតនោះសោតគឺការរស់នៅតែម្នាក់ឯងក្រោយពីកំហុសដែលខ្លួនបានប្រព្រឹត្តដោយអចេតនាមួយនោះ…ខ្ញុំត្រូវបាត់បង់អ្នកដែលនៅក្បែរខ្ញុំទាំងអស់ ព្រោះតែខ្ញុំចង់ធ្វើជាវីរបុរស។
រឿងវាចាប់ផ្ដើមនៅពេលក្រោយនៃការឈ្លោះគ្នារវាងខ្ញុំនិងអ្នកផ្ទះខ្ញុំមួយនោះ…
សួនច្បារសាធារណៈ XX
មុននឹងខ្ញុំនិទានរឿងប្រាប់ទៅកាន់អ្នកទាំងអស់គ្នាបន្ដទៀត ខ្ញុំសូមណែនាំខ្លួនឯងទៅកាន់គ្រប់គ្នាឱ្យស្គាល់សិន។ ខ្ញុំឈ្មោះ វ៉ា សុគាង មានអាយុបច្ចុប្បន្ន ១៨ឆ្នាំ ហើយកំពុងជាសិស្សរៀនថ្នាក់ទី១២ នៃសាលាឯកជនមួយនៅទីក្រុងXX។ (សុំលាក់ឈ្មោះសាលាបន្ដិចហើយព្រោះវាអាចនឹងមានបញ្ហា តែវាក៏មិនសំខាន់នៅក្នុងរឿងដែលខ្ញុំកំពុងនិយាយដែរ មែនទេ?)។
គ្រួសាររបស់ខ្ញុំមានគ្នា តែបីនាក់គឺ ម៉ាក់ ប៉ា និងខ្ញុំ។ ពួកយើងគឺបានទិញផ្ទះក្នុងបុរីមួយនៅខាងរាងឆ្ងាយពីទីក្រុង ប៉ុន្ដែនៅទីនោះគឺមានហេដ្ឋារចនាសម្ព័ន្ធល្អ មានទឺកមានភ្លើង មានផ្សារ និងមនុស្សម្នារស់នៅច្រើននៅទីនោះដែរ។ អ្វីដែលពិសេសគឺក្នុងបុរីដែលខ្ញុំកំពុងស្នាក់នៅនោះ គឺមានសង់សួនច្បារសាធារណៈ ដែលអនុញ្ញាតឱ្យប្រជាជននៅក្បែរនោះ ឬអ្នកស្នាក់នៅក្នុងបុរី រីករាយលម្ហែអារម្មណ៍ជាមួយវាបាន។
ខ្ញុំក៏ម្នាក់នៅក្នុងហ្នឹងដែរ ឧស្សាហ៍មកលេងនៅទីនេះណាស់ ដូច្នេះហើយ នៅពេលដែលខ្ញុំឈ្លោះគ្នាជាមួយម៉ាក់ប៉ា ខ្ញុំក៏ទៅសួនច្បារសាធារណៈ XX ហើយខ្ញុំបានយកកុំព្យូទ័រយួរដៃដែលជារបស់សំណព្វចិត្ត ខ្វះមិនបានស្ពាយមកជាមួយផងដែរ។
ពេលមកដល់ទីនេះ ខ្ញុំរកទីកន្លែងអង្គុយដែលស្ងាត់ ហើយប្រើពេលវេលាខ្លួនឯងលម្ហែអារម្មណ៍ជាមួយហ្គេមដែលមាននៅក្នុងកុំព្យូទ័រមួយនេះ…តែហ្គេមដែលខ្ញុំលេងគឺជាប្រភេទហ្គេមធម្មតា (Offline mode)។

” ហ៊ឹម…បើទីនេះមានហ្វ្រីវ៉ាយហ្វាយ មានអ៉ីនធឺណិតលេង មិនដឹងថាវាល្អយ៉ាងណានោះទេ? “
ខ្ញុំដកដង្ហើមធំ និយាយតែម្នាក់ឯង ហើយបន្ដការលេង Plants VS Zombie របស់ខ្លួនឯងបន្ដទៀត។ លេងប្រហែលជាង១ម៉ោង ស្រាប់​តែ​រាងស្រពន់ខ្លួនឯង ក៏ក្រោកឡើងសម្រួលឥរិយាបថ ពត់ដៃពត់ជើង ក្រឡេកមើលអ្នកជុំវិញ។ ខ្ញុំពេលនេះទើបតែចាប់អារម្មណ៍ឃើញថា ម្នាក់ៗហាក់បីវក់នឹងទូរសព្ទរបស់ខ្លួនឯងខ្លាំង ឱនមុខជាប់នឹងវា មិនសូវខ្វល់រឿងមនុស្សជុំវិញខ្លួនទេ…

មើលតែអ៊ំប្រុសម្នាក់នោះចុះ អាយុជាងហាហុកសិបឆ្នាំទៅហើយ នៅតែចុចទូរសព្ទ អូសចុះឡើងមើលទីកតុក មិនសូវខ្វល់ពីចៅស្រីតូចរបស់គាត់ ដែលកំពុងយំព្រោះតែរត់ដួលអម្បាញ់មិញ…ម្នាក់ៗធ្វើដូចជាមិនឮ មិនខ្វល់អ្វីសោះ! ហ៊ឹម…គិតទៅសម័យនេះ គ្រប់គ្នាពិតជាញៀននឹងទូរសព្ទខ្លួនឯងបែបនេះដល់ថ្នាក់ហ្នឹងផង! តែនិយាយអី ខ្ញុំក៏ជាមនុស្សម្នាក់ក្នុងចំណោមគេទាំងនោះដែរ។

” អាគាងអើយ ឯងមានសិទ្ធិអីរិះគន់ថាឱ្យគេ បើខ្លួនឯងហ្នឹងសន្ដានតែមួយហ្នឹង… “
មែនហើយ! ខ្ញុំថាឱ្យគេដូចថាឱ្យខ្លួនឯងដែរ! មើល៍ចុះខ្លួនឯងពេលនេះ អង្គុយនៅទីនេះក៏មិនមែនព្រោះតែមកពីការញៀនលេង​អ៉ីនធឺណិត​របស់ខ្លួនឯងទេឬ? ហ៊ឹម…គិតដល់ត្រឹមនេះ ខ្ញុំមានតែដកដង្ហើមធំ ឈប់គិតពីរឿងនេះបន្ដ! ប៉ុន្ដែស្រាប់តែខ្ញុំចម្លែកក្នុងចិត្ត…

” យី! ម៉េចក៏ម្នាក់ៗនៅទីនេះ ដូចជាវក់នឹងទូរសព្ទដៃខ្លួនឯងប្រើយ៉ាងហ្នឹង? ឬមួយនៅទីនេះមានហ្វ្រីអ៉ីនធឺណិតលេង? “
ខ្ញុំសួរខ្លួនឯងឆ្ងល់សារជាថ្មី។ យល់បែបនេះ ខ្ញុំក៏បានពិនិត្យមើលថាកុំព្យូទ័ររបស់ខ្ញុំអាចចាប់វ៉ាយហ្វាយឬអាចដំណើរការអ៉ីនធើណិតបានឬអត់? ខ្ញុំរហ័សបើកឧបករណ៍អនុញ្ញាតឱ្យកុំព្យូទ័រមួយនេះ អាចចាប់ wi-fi។ តែសញ្ញាwi-fi របស់ខ្ញុំនៅតែជារូបសញ្ញាផែនដីដដែល…សញ្ញាដែលបង្ហាញថា វាគ្មានអ៉ីនធឺណិត ឬអ៉ីនធឺណិតមិនអាចដំណើរការបានក្នុងកុំព្យូទ័រមួយនេះ!

Really? អាគាងឯងនេះស្រមៃពេកហើយទេដឹង? ឯងមកទីនេះញឹកញាប់ច្រើនប៉ុនណា ឯងក៏ដឹងថាទីនេះ មិនមានហ្វ្រីវ៉ាយហ្វាយនោះទេ! ហើយវាពិតជាមិនសមហេតុផលសោះ ដែលឯងនេះមានគំនិតគិតបែបនេះទៅវិញ…សួរខ្លួនឯងទៅចុះ វាទំនងដែរឬថាមាននរណាម្នាក់ចិត្តទូលាយដល់ថ្នាក់នឹងចែកចាយ wi-fi នៅកន្លែងសាធារណៈឱ្យប្រើហ្វ្រីបែបនេះឬ?

ហើយបើគេដាក់ឱ្យប្រើមែន ឯងនេះមិនគិតថាគេដាក់ក្នុងបំណងអ្វីទេឬ? ឯងមិនដឹងថាបច្ចេកវិទ្យាបច្ចុប្បន្នទំនើប គ្រោះថ្នាក់ពីការវាយប្រហារលើបណ្ដាញអ៉ីនធឺណិតវាច្រើនខ្លាំងប៉ុនណា សូម្បីតែខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា(Anti Cyber Crime Department) ក៏បានផ្សព្វផ្សាយពីសេចក្ដីណែនាំក្នុងការរក្សាសុវត្ថិភាពលើអ៉ីនធឺណិតលើឧបករណ៍ប្រើប្រាស់ប្រចាំខ្លួន ហើយក្នុងចំណុចមួយនោះគឺការប្រើប្រាស់ភ្ជាប់អ៉ីនធឺណិតដោយមិនដឹងប្រភពច្បាស់លាស់។

ខ្ញុំលួចជេរខ្លួនឯងយ៉ាងវែងលើភាពល្ងង់ ស្រមៃខ្លួនឯងខ្ពស់ដល់ម្ល៉ឹងពេក! តែនិយាយមែន បើពេលនេះគឺមានអ៉ីនធឺណិតលេង នរណាមួយដែលមិនចង់ប្រើហ្វ្រីនោះ ព្រោះអាងគិតថាក្នុងទូរសព្ទឬកុំព្យូទ័រយើងប្រើប្រាស់រាល់ថ្ងៃហ្នឹង គ្មានរបស់អ្វីសំខាន់ឱ្យគេចង់បានផងហ្នឹង។ ដូចរឿងខ្ញុំជាដើម ខ្ញុំមិនដឹងថាបើគេហេគចូលមកឧបករណ៍ខ្ញុំនោះ គេចង់បានអ្វីទៅ…
គ្មានអ្វីសំខាន់ផងក្រៅពីរូបថត ឬវីដេអូរឿងដែលខ្ញុំដោនឡូតទុកមើលរាប់សិបជីហ្កាបៃ។ បែបហ្នឹងទើបមិនសូវខ្វល់ពីរឿងមេរោគ ឬគេហេគហ្នឹង ឱ្យតែមានអ៉ីនធឺណិតប្រើ បើកចូលក្នុងហ្វេសប៊ុកបាន ឆាតលេងជាមួយមិត្តភក្ដិ គឺវាអូខេហើយ!

” ហ៊ឹម…អាគាង គួរតែសួរគេទេ? “
ខ្ញុំនៅតែមិនអស់ចិត្តពីរឿងនេះដដែល។ ខ្ញុំពិនិត្យមើលសញ្ញា Wi-Fiរបស់ខ្លួនម្ដងទៀត ភ័យខ្លាចថាពេលខ្លះ កុំព្យូទ័រមួយនេះធ្វើស៊ីដែរ វាមិនអាចចាប់បានសញ្ញាអ៉ីនធឺណិតបាន។ លើកនេះ ខ្ញុំសាកបើក-បិទ សញ្ញា Wi-Fi ដើម្បីធ្វើការស្វែងរកបណ្តាញWi-Fi ណាមួយដែលខ្ញុំអាចចាប់បានឬមានកម្លាំងសញ្ញា Wi-Fi ល្អ។ មួយសន្ទុះវាបង្ហាញពេញលើអេក្រង់កុំព្យូទ័រខ្ញុំ…មែនហើយវាច្រើន ព្រោះនៅទីនេះពេញទៅដោយហាងកាហ្វេ និងតៀមអាហារដទៃជុំវិញទៀតផងដែរ។

” Huh?មិនពិតទេដឹង? “
ខ្ញុំចងចិញ្ចើម តែចិត្តខ្ញុំក៏រាងរំភើបបន្ដិចដែរ ពេលខ្ញុំឃើញថាក្នុងចំណោមឈ្មោះបណ្ដាញ Wi-Fi ទាំងនោះ គឺមានមួយបណ្ដាញ គឺជាហ្វ្រីវ៉ាយហ្វាយ ឬPublic Wi-Fi ដែលយើងអាចប្រើប្រាស់បានដោយមិនចាំបាច់ប្រើពាក្យសម្ងាត់!

” គួរភ្ជាប់វា ឬមិនភ្ជាប់ទេ? “
ខ្ញុំសួរខ្លួនឯងម្ដងទៀត ប៉ុន្ដែគ្មានអីយូរ ខ្ញុំប្រញាប់ចុចចូលទៅភ្ជាប់វាភ្លាមទៅបណ្ដាញ Wi-Fi នោះ។ ហើយវាក៏ភ្ជាប់មែន…សញ្ញា Wi-Fi ដែលធ្លាប់ជារូបផែនដី ប្រែលជារូបរលកសំឡេងវិញបញ្ជាក់ថាកុំព្យូទ័រមួយនេះអាចដំណើរការអ៉ីនធឺណិតបាន! ឃើញបែបនេះ ខ្ញុំស្រែកហ៊ោភ្លាម…

” YEAH ប៉ុណ្ណឹងគឺលែងអផ្សុកហើយអញ! “
ខ្ញុំមិនបង្អង់ចាប់ផ្ដើមបើកBrowser តេស្ដលើល្បឿនអ៉ីនធឺណិតរបស់វ៉ាយហ្វ្រីសាធារណៈមួយនេះចង់ដឹងថាវាមានកម្រិតល្បឿនយឺតឬលឿងយ៉ាងដូចម្ដេច! បើកBrowserចូលភ្លាម ខ្ញុំក៏វាយពាក្យគេហទំព័រប្រចាំត្រកូលគឺគ្មានអ្វីក្រៅពីយូធូបនោះទេ!

” Wow មិនអន់ទេ កម្រិតល្បឿនអ៉ីនធឺណិតមួយនេះ គឺលឿនគួរសម! ស្ដាប់ចម្រៀងកម្រិតវីដេអូ 4Kហើយ គឺគ្មានរត់ទាក់អីបន្ដិច! ហិហិ…សប្បាយដៃហើយអញ!”
ខ្ញុំញញិមនៅមុខអេក្រង់កុំព្យូទ័រ ត្រូវចិត្តពេញថ្លើមបែបនេះ ពេលដឹងថាវ៉ាយហ្វាយដែលខ្ញុំកំពុងប្រើនេះវាល្អបែបនេះ…ហ្វ្រី លឿននិងមិនកំណត់ម៉ោងទៀត! រកឯណាបានទៀត។ បែបនេះក៏ល្អដែរ ទោះបីគ្មានអ៉ីនធឺណិត ខ្ញុំក៏អាចមកលួចសំងំប្រើនៅទីនេះតែម្ដងក៏បានដែរ…មិនឆ្ងាយពីផ្ទះ ហើយក៏មិនសូវខ្វល់ពីប៉ាម៉ាក់ខ្ញុំផង! ខ្ញុំកំពុងសប្បាយជាមួយនឹងការលេងអ៉ីនធឺណិតរបស់ខ្លួន ស្រាប់តែមានផ្ទាំងសារមួយលោតគាំងចំកណ្ដាលអេក្រង់កុំព្យូទ័ររបស់ខ្ញុំ…

«Do you want to sneak peek in the future? Yes/No?»

សារខ្លីៗមួយដែលសរសេរក្នុងអត្ថន័យសួរខ្ញុំថា តើខ្ញុំចង់ឃើញអនាគតខាងមុខទេ? សុខៗស្រាប់តែបង្ហាញនៅលើអេក្រង់កុំព្យូទ័រខ្ញុំ…វាពិតជាចម្លែកណាស់ ព្រោះនេះជាលើកទី១ហើយដែលកុំព្យូទ័រខ្ញុំ វាលោតផ្ទាំងសារកណ្ដាលអេក្រង់បែបនេះ!
ខ្ញុំលើកដៃអេះក្បាលខ្លួនឯង ឆ្ងល់តែម្នាក់ឯងថានេះមកពីមូលហេតុអ្វី?
មែនហើយ…វាអាចជាមេរោគពីអ៉ីនធើណែត ឬក៏ជាការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ(Malvertising)ទេដឹង?

” ឃើញទេ ប្រាប់ហើយអាវ៉ាយហ្វាយសាធារណៈ (Public WiFi) គឺវាគ្រោះថ្នាក់ណាស់! មើល៍ចុះ ភ្ជាប់លេងមិនទាន់បានប៉ុន្មានផង សង្ស័យកុំព្យូទ័រមួយនេះ វាឆ្លងមេរោគបាត់…ហ៊ឹម ស៊យមែនអញ! “
ខ្ញុំក្ដៅចិត្តឆេវ! ដៃទាញម៉ៅ បម្រុងបដិសេធផ្ទាំងសារមួយនេះ ប៉ុន្តែស្រាប់តែខ្ញុំកើតគំនិតឆ្កួតមួយ…
ខ្ញុំចង់ដឹង! រោគសង្ស័យ រោគជឿថា វាអាចជាការពិតដូចរឿងភាពយន្ដ រឿងប្រលោមលោកនិទានចិនឆ្លងភព(Wuxia) កំពុងកើតឡើងនៅក្នុងខ្លួនខ្ញុំ…

” សាកមើលសិនក៏បាន…វាមិនអីទេមែនទេ? យ៉ាងច្រើនឈូសវីនដូថ្មីតែប៉ុណ្ណោះ! “
ខ្ញុំក៏ចុចប៉ុតុង Yes យល់ព្រមនូវសំណួរនោះ…គ្រាន់តែចុចភ្លាម អេក្រង់កុំព្យូទ័រខ្ញុំងងឹតឆឹង!!!

ចង្រៃយ៍!!!
ខ្ញុំលើកម្រាមដៃកណ្ដាលបង្ហាញនៅមុខអេក្រង់ ហើយបម្រុងនឹងបិទគម្របម៉ូនីទ័រដោយបង្ខំ ប៉ុន្តែភ្លាមនោះពន្លឺភ្លឺចេញពីអេក្រង់បង្ហាញឡើង…

រូបភាពដែលខ្ញុំចង់ឃើញ ចង់ដឹង វាកំពុងបញ្ជាំងឱ្យខ្ញុំមើល តែខ្ញុំលែងចង់ឃើញរូបភាពនោះទៀតទេ…ព្រោះវា…វាជារូបភាពគ្រោះថ្នាក់ចរាចរណ៍មួយដ៏ឃោរឃៅដែលកើតឡើងនៅតាមបណ្ដោយផ្លូវដែលខ្ញុំតែងតែជិះកាត់រាល់ថ្ងៃ…អ្វីដែលសំខាន់នោះជនរងគ្រោះជាមនុស្សដែលខ្ញុំស្គាល់…អាសិទ្ធ កូនពូសឿន អ្នកជិតខាងខ្ញុំ!

ខ្ញុំតក់ស្លុតនឹងរូបភាពដែលបានឃើញអម្បាញ់មិញ រូបភាពក្មេងប្រុសជំទង់ អាយុស្របាលខ្ញុំ ដែលកំពុងជិះម៉ូតូជាមួយក្រុមមិត្តភក្ដិរបស់វាយ៉ាងស្ទាវ បង្ហោះម៉ូតូបើកយ៉ាងលឿនជ្រែពេញផ្លូវ ហើយសុខៗស្រាប់តែមានឡានកង់១០ ជិះបត់ចូលមកភ្លាមៗ ធ្វើឱ្យពួកវាទប់ដៃចង្កូតមិនទាន់ ក៏អូសខ្លួនចូលក្រោមកង់ឡាន…

ប្រាវវវ…សំឡេងបុកប៉ះទង្គិចខ្នល់កៅស៊ូ បែកផ្កាភ្លើងភ្លឺចាច!!!
ប្រឺតតត…សំឡេងហ្វ្រាំងឡានព្យាយាមចាប់បញ្ឈប់!!!
មិនបានប៉ុន្មាននាទីផង ផ្លូវកៅស៊ូដែលធ្លាប់តែរលោងសិ្រលប្រែពេញដោយអំបែងទង្គិចបែកបាក់ពីបំណែកយានជំនិះលើដងផ្លូវ ឈាមចាប់ផ្ដើមហូរស្រោច អូសលេចជាស្នាមកង់ឡាន បំណែកដាច់សាច់មនុស្សជាដុំៗ បែកខ្ចាយរាយប៉ាយពេញផ្លូវ…

សាកសពសិស្សពាក់អាវសបីនាក់ ដេកស្លាប់យ៉ាងអណោចអាធមលើផ្លូវខ្ទាតចេញឆ្ងាយពីគ្នា…អាសិទ្ធ អ្នកដែលខ្ញុំស្គាល់ វាដេកស្លាប់ទាំងខ្ទេចលលាដ៍ក្បាលមួយចំហៀង ខួរពណ៌សលាយឈាមខ្ចាយក្បែរនោះ។ រាងកាយវាកំពុងដេកកល់នៅក្រោមកង់ឡាន…ឃើញហើយគួរឱ្យខ្លាច! រឿងដែលមិនគួរឱ្យចង់ជឿទៀតនោះ បន្ទាប់ពីឃើញរូបភាពនោះ ផ្ទាំងអក្សរលោតធំៗដូចជាព័ត៌មានកាសែតបានបង្ហាញលើកញ្ចក់អេក្រង់កុំព្យូទ័រ សរសេរអក្សរដិតធំៗច្បាស់ៗដោយប្រើទឹកថ្នាំក្រហមដូចឈាមថា៖

«សិស្សសាលា ៣នាក់ចួបគ្រោះថ្នាក់ចរាចរណ៍ ពេលជិះម៉ូតូត្រលប់មកពីសាលា បណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដងនៅនឹងកន្លែងកើតហេតុ នៅតាមបណ្ដោយផ្លូវជាតិលេខ៣…។ ហេតុការណ៍នេះបានកើតឡើង នៅវេលម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ នៅលើផ្លូវជាតិលេខ៣…»

រូបភាពបង្ហាញនៅលើអេក្រង់មិនដល់១នាទីទេ ប៉ុន្ដែសម្រាប់ខ្ញុំ វាដូចជារាប់ម៉ោង! ខ្ញុំពិតជាតក់ស្លុត គាំងមិនដឹងថាត្រូវធ្វើយ៉ាងណានោះទេ ព្រោះ…ព្រោះបើវាជាការពិត តើខ្ញុំគួរធ្វើយ៉ាងណា? ខ្ញុំទើបតែភ្ញាក់ដឹងខ្លួនថាថ្ងៃដែលកើតហេតុនោះគឺចំថ្ងៃនេះហើយ និងពេលបច្ចុប្បន្នគឺម៉ោង៥និង៤៥នាទី បើដូច្នេះគឺសល់ពេលតែ១៥នាទីទៀតប៉ុណ្ណោះ រឿងនោះវានឹងកើតឡើង…តើខ្ញុំគួរធ្វើយ៉ាងម៉េចទៅ? ជឿវាឬអត់? ខ្ញុំកំពុងគិតសួរខ្លួនឯងបែបនេះ ស្រាប់តែមានសារថ្មីមួយទៀត បានលោតបង្ហាញនៅលើកញ្ចក់អេក្រង់កុំព្យូទ័ររបស់ខ្ញុំ…

«Do you want to change the future? Yes/No?»

អត្ថន័យសារខ្លីដែលសួរឱ្យខ្ញុំជ្រើសរើសថា តើខ្ញុំចង់ផ្លាស់ប្ដូរអនាគតឬអត់? សំណួរសួរភ្លាមៗបែបនេះ ធ្វើឱ្យខ្ញុំកាន់តែចម្លែកចិត្តឡើង…តើនោះជាការពិតឬ? បើខ្ញុំជ្រើសរើស Yes តើវាពិតជាអាចផ្លាស់ប្ដូរអនាគតបានដែរឬ? ចុះតើនេះខ្ញុំនឹងត្រូវបាត់បង់អ្វីវិញ ប្រសិនជាខ្ញុំកែប្រែអនាគត បង្កើតBranch future ថ្មីមួយទៀតនោះ ព្រោះខ្ញុំជឿថាគ្រប់យ៉ាងវាកើតឡើង មិនអាចចេញមកដោយទទេរបានឡើយ…យើងបានអ្វីមួយ ក៏ត្រូវយករបស់មួយទៅដូរយកវាវិញដែរ! បើបែបនេះ តើខ្ញុំនឹងត្រូវបាត់បង់អ្វី?

ខ្ញុំកំពុងរារែកចិត្ត ខ្ញុំខ្លាចវាណាស់…ខ្លាចជម្រើសដែលខ្ញុំជ្រើសរើសនេះ ធ្វើឱ្យខ្ញុំសោកស្ដាយមួយជីវិត? ចុះបើជាអ្នកវិញ តើនឹងគួរសម្រេចចិត្តជ្រើសរើសយកបែបណា?
ពេលវេលាកាន់តែខើច ៥នាទីកន្លងផុតទៅ…សំណួរនោះនៅតែគាំងនៅកណ្ដាលអេក្រង់កុំព្យូទ័ររបស់ខ្ញុំ រង់ចាំការជ្រើសរើសរបស់ខ្ញុំ។ ចុងក្រោយខ្ញុំដកដង្ហើមធំ ហើយសម្រេចចិត្តជ្រើសរើសយក…YES! ខ្ញុំចង់ក្លាយជាវីរបុរសឬអាគេហៅថា ហេរ៉ូ ហ្នឹងឯង!
បន្ទាប់ពីខ្ញុំជ្រើសរើសវារួច គ្រប់យ៉ាងក៏ប្រែមកជាធម្មតាមកវិញ…កុំព្យូទ័រខ្ញុំក៏ត្រលប់មកជាប្រក្រតី ផ្ទាំងសារសំណួរក៏បាត់ ហាក់បីវាគ្រាន់តែផ្ទាំងផ្សាយពាណិជ្ជកម្មដទៃទៀតដែលចេះតែលោតមានពេលយើងប្រើប្រាស់អ៉ីនធឺណិតបែបហ្នឹង!

” ឬមួយនេះ វាគ្រាន់តែជាការ Prank លេងសើចរបស់នរណាម្នាក់? ទីនេះមានលួចដាក់កាមេរ៉ាបង្កប់ដែរឬទេនេះ? “
ខ្ញុំចាប់ផ្ដើមចម្លែកចិត្តងាកលួចដៀងភ្នែកមើលចុះឡើង ព្យាយាមសង្កេតរកមើលអ្វីប្លែក ចួនណាដូចជាអ្វីដែលខ្ញុំបានគិត…វាគ្រាន់តែShow កម្មវិធីកំប្លែងរបស់នរណាមួយ តែនេះខ្ញុំសម្លឹងមើលដែរ តែមិនឃើញខុសធម្មតាសោះ! មិនអស់ចិត្តខ្ញុំក៏ទាញទូរសព្ទ សាកហៅទូរសព្ទទៅកាន់ សិទ្ធ…វាក៏ជាសិស្សរៀននៅក្នុងថ្នាក់រួមគ្នាជាមួយនឹងខ្ញុំដែរ ហើយដ្បិតតែផ្ទះយើងទាំងពីរនាក់មានផ្ទះនៅជាប់របងគ្នា ប៉ុន្ដែយើងពីរនាក់មិនសូវជិតស្និទ្ធនឹងគ្នាទេ…សម្ព័ន្ធភាពរវាងយើង វាចង់ឆ្ងាយជាងអ្នកដទៃមិនធ្លាប់ស្គាល់ទៅទៀត។
ខ្ញុំក្រឡេកមើលទៅកាន់ម៉ោងនៅលើទូរសព្ទ ពេលនេះគឺ៥និង៥០នាទីល្ងាច សល់តែ១០នាទីទៀត រឿងអាក្រក់មួយនោះ វានឹងកើតឡើង…ខ្ញុំចុចរាវរកលេខវា ហើយលួចបន់ក្នុងចិត្តថា សូមឱ្យវាលើកទូរសព្ទខ្ញុំទៅចុះ! បើវាជឿពាក្យខ្ញុំឬអត់ គឺមានតែវាខ្លួនឯងជាអ្នកជ្រើសរើសទេ…hmm!
តឺតៗតឺត! សំឡេងហៅចូលពីអ្នកម្ខាងទៀត…

« អាឡូ នរណាគេ! »
« ខ្ញុំគាង ហើយនេះសិទ្ធ នៅឯណា? »
« អាគាង? ហើយនេះម៉េចក៏ខលហៅមកអញធ្វើអី? ចម្លែក… »
« Heh? មានឮខ្ញុំសួរទេនៅឯណា? »
« ហើយនេះ អ្ហែងចង់ដឹងធ្វើអី? អញនៅឯណា ទៅទីណា វាជាប់ទាក់ទងអីជាមួយអ្ហែង? ឬមួយនេះប៉ាម៉ាក់អញឱ្យឯងមកតាម​ដាន​អញ​ឬ​? »
« ទេ ខ្ញុំមិនដឹងទេ…សួរនេះព្រោះតែមានរឿងមួយចង់ប្រាប់ឯង… »
« រឿងអី? ឆាប់និយាយមក! អញគ្មានពេលនិយាយជាមួយនឹងឯងយូរទេ! បន្ដិចទៀតក្រុមពួកអញមកដល់ជុំជើងគ្រប់គ្នានោះ ត្រូវបញ្ឆេះម៉ូតូជិះសប្បាយទៀតហើយ…ហិហិ! »

ឮវានិយាយបែបនេះ ខ្ញុំរាងប្រាកដចិត្តថារឿងដែលខ្ញុំបានឃើញនៅក្នុងកញ្ចក់អេក្រង់កុំព្យូទ័រមួយនេះ វាអាចគឺជាការពិតរហូតដល់៧០ភាគរយ…ខ្ញុំប្រញាប់និយាយឃាត់វា៖

« អាសិទ្ធ អ្ហែងល្ងាចហ្នឹង កុំជិះម៉ូតូបានទេ! »
« huh? យ៉ាងម៉េចបានឯង ហាមអញនោះ…អ្ហែងមានសិទ្ធិមកឃាត់មិនឱ្យបើកម៉ូតូជិះនោះ សូម្បីម៉ាក់ប៉ារបស់អញ គាត់មិនហ៊ានផង ចុះទម្រាំជាឯងទៀតនោះ អាគាង! »
« នេះ…នេះ… »
ខ្ញុំគាំង វានិយាយមិនខុសទេ! តើខ្ញុំប្រើសិទ្ធិអីអាចបង្ខំវាបាននោះ? តើខ្ញុំគួរនិយាយការពិតប្រាប់វាដែរឬយ៉ាងណា ពីអ្វីដែលខ្ញុំបានឃើញក្នុងកញ្ចក់អេក្រង់កុំព្យូទ័រ? តើវានឹងព្រមជឿខ្ញុំដែរឬ? ឈឺស…រញ៉េរញ៉ៃ ហេតុអ្វីខ្ញុំមកត្រូវពាក់ព័ទ្ធរឿងទាំងនេះ?

« ម៉េចហើយ ស្ងាត់អ៊ីចឹង? អាគាង បើអ្ហែងខលមកនិយាយរឿងតែប៉ុណ្ណឹងទេ អញបិទទូរសព្ទហើយ! »

« អាសិទ្ធ អញនិយាយប្រាប់ឯងម្ដងទៀត ជឿឬមិនជឿក៏ជារឿងឯង…បើអ្ហែងនៅតែទទូចចង់ជិះម៉ូតូបង្ហោះនៅតាមផ្លូវទៀត អ្ហែងនឹងស្លាប់…ដេកស្លាប់យ៉ាងតៃហោង! »

« អាឆ្កួត! អាគាង នេះអ្ហែងនិយាយដាក់បណ្ដាសាអញអីចឹងផង…ចាំមើលអញចួបអ្ហែងពេលណា ច្បាស់ជាបែកមាត់របស់អញហើយ!»
តឺតៗតឺត!!! សំឡេងបិទទូរសព្ទរបស់អ្នកម្ខាងទៀតទាំងបង្ខំ!

« ហុឺម…អាគាងអើយ អាគាង! នៅមិននៅ យកជ័រព្នៅត្បៀតក្លៀក! »
ខ្ញុំដកដង្ហើមធំ នឹកដល់ការស្រមៃចង់ក្លាយជាវីរបុរស Hero ដូចគេលេងក្នុងរឿងភាពយន្ដ។ តែមើល៍ចុះជីវិតហេរ៉ូ មើលទៅមិនស្រួល មិនស្រណុកចិត្តសោះ…យើងខំប្រឹងជួយគេ តែគេមានគិតដូចយើងឯណា! គេបែរជាយល់ថា យើងជាមនុស្សចិត្តខ្មៅ ដាក់បណ្ដាសា​ឱ្យវាស្លាប់​ទៅវិញ…តែណ្ហើយ អ្វីដែលជួយបានគឺក៏បានធ្វើទៅដែរ! ជីវិតវាក្លាយជាបែបណា គឺអាស្រ័យលើយថាកម្មកំណត់របស់វាទៅចុះ…

អាសិទ្ធអើយ! សង្ឃឹមថាឯងឆ្លងរួចផុតពីគ្រោះកាចមួយនេះទៅចុះ។ ហើយឆ្លងកាត់វារួច សង្ឃឹមថាឯងប្រែក្លាយជាមនុស្សថ្មីម្នាក់ទៀត…ហ៊ម!
ខ្ញុំឧទានតែម្នាក់ឯងរួច ក៏រៀបចំប្រដាប់ប្រដាអីវ៉ាន់របស់ខ្លួនឯងត្រលប់ទៅកាន់ផ្ទះវិញ ទាំងក្នុងចិត្តគិតថានឹងសុំការអភ័យទោសចំពោះអ្នកម៉ាក់លោកប៉ាខ្ញុំ និងព្រមកែប្រែផ្លាស់ប្ដូរទម្លាប់អាក្រក់ញៀនអ៉ីនធឺណិតមួយនេះចោល…ធ្វើជាកូនប្រុសដ៏ល្អរបស់គាត់សារជាថ្មីម្ដងទៀត។

ពេលខ្ញុំជិះត្រលប់មកដល់ផ្ទះវិញ ខ្ញុំរាងចម្លែកចិត្តណាស់ ផ្ទះខ្ញុំងងឹតស្លុប ដូចនៅក្នុងផ្ទះមួយនេះគ្មានអ្នកណាម្នាក់នៅទីនេះអ៊ីចឹង។ ខ្ញុំចាក់សោបើកទ្វាររបងចូលផ្ទះ ហើយក៏ក្រឡេកមើលខាងក្នុងផ្ទះ ប៉ុន្ដែគ្រប់យើងដូចធម្មតា ហាក់បីគ្មានរឿងអ្វីទេ…

« ប៉ុន្ដែតើនេះម៉ាក់ប៉ាខ្ញុំ គាត់ទៅណាហ្នឹង? ហេតុអ្វីបានជាពួកគាត់ទាំងពីរនាក់ មិននៅផ្ទះបែបនេះ? ឬមួយពួកគាត់មានកម្មវិធីនៅខាងក្រៅ… »
ខ្ញុំសែនឆ្ងល់ អង្គុយគិតតែម្នាក់ឯង ព្រោះធម្មតាថ្មើរនេះគឺផ្ទះខ្ញុំយ៉ាងហោចណាស់ក៏មានអ្នកម៉ាក់គាត់នៅចាំផ្ទះដែរ…ប៉ុន្ដែពេលនេះគឺបាត់ស្រមោលគ្មានអ្នកណានៅម្នាក់។ ខ្ញុំដើរទៅចង្ក្រានបាយ រកអ្វីញុំា ព្រោះមានអារម្មណ៍ថាខ្លួនឯងហាក់បីជាឃ្លានខ្លះដែរ តែពេលទៅដល់នៅក្នុងឆ្នាំងបាយគឺទទេរស្អាត ដល់ទៅបើកទូទឹកកកទៀត ក៏ឃើញម្ហូបនៅក្នុងទូមិនទាន់់បានធ្វើនៅឡើយ…មានតែផ្លែឈើតិចតួចសល់នៅក្នុងនោះប៉ុណ្ណោះ! ខ្ញុំលូកផ្លែប៉ោមមួយចេញពីទូទឹកកក ហើយខាំវាញុំា ឡើងទៅបន្ទប់ខ្លួនឯងខាងលើទាំងក្នុងចិត្តសង្ស័យ…

« នេះពួកគាត់ទៅណាហ្នឹង? »

ខ្ញុំដើរចេញពីបន្ទប់ទឹករបស់ខ្លួនឯងបន្ទាប់ពីបានងូតទឹកជម្រះកាយរួច ដៃទាំងពីរកំពុងឈ្លីសក់ដែលកំពុងសើមជូតនឹងក្រមានៅក្នុងដៃ ដើរតម្រង់ទៅរកទូរសព្ទ រកយកមកចុចអូសមើលក្នុងហ្វេសប៊ុកខ្លះ។ ពេលទៅលូកយកទូរសព្ទនៅក្នុងកាបូបស្ពាយក្រោយរបស់ខ្លួនរួច ទើបដឹងថាទូរសព្ទរបស់ខ្លួនរលត់ថ្ម…ខ្ញុំចងចិញ្ចើម ឆ្ងល់៖

យី! ម៉េចក៏អស់ថ្មរលត់បែបនេះទៅវិញ! ចម្លែកណាស់ កាលពេលខ្ញុំទុកដាក់ចោលគឺថាមពលថ្មនៅរហូតដល់៣០ភាគរយ? ឬនេះទូរសព្ទមួយនេះវាខូចថ្មហើយ តែមិនអាចទេ! ណ្ហើយ…ថ្ងៃនេះខ្ញុំចួបសុទ្ធតែរឿងចម្លែកតែម្ដង!
ខ្ញុំក៏ទាញឆ្នាំងសាក ដោតសាកថ្មវាទុកចោល។ ខ្ញុំក្រឡេកមើលនាឡិការោទ៍នៅលើតុក្បាលដំណេក ស្រាប់តែឃើញថាថ្មើរនេះគឺម៉ោង៧និង០០នាទីល្ងាចហើយ។ ខ្ញុំដើរចុះទៅក្រោម ទៅមើលថាម៉ាក់ប៉ាខ្ញុំត្រលប់មកពីខាងក្រៅហើយឬនៅ?
ស្ងាត់ច្រៀប!!! នៅខាងក្រោមផ្ទះស្ងាត់ច្រៀប មិនទាន់ឃើញមានស្រមោលមនុស្សណាម្នាក់ត្រលប់មកខាងក្រៅវិញសោះ…ខ្ញុំមានអារម្មណ៍កាន់តែមិនល្អឡើង!

” តើនេះមានរឿងអីហ្នឹង? សង្ឃឹមថាមិនដូចទៅអ្វីខ្ញុំបានគិតទៅចុះ… “
ខ្ញុំឡើងទៅលើ ទៅយកទូរសព្ទរបស់ខ្ញុំ ហើយកុម៉្មង់អាហារតាមអេបយកមកញុំានៅល្ងាចនេះ។ ពេលឡើងទៅដល់បន្ទប់ ស្រាប់តែទូរសព្ទខ្ញុំរោទ៍ឡើង…ខ្ញុំក្រឡេកមើលឈ្មោះអ្នកដែលខលចូលមកនោះ ខ្ញុំភ្ញាក់ព្រើត…សិទ្ធ…លេខរបស់អាសិទ្ធ

« អាឡូ… »
ខ្ញុំឡើងទូរសព្ទនិយាយដោយស្ទះស្ទើរ រាងខ្លាចបន្ដិច

« អាគាង អញណា៎! »
វានិយាយស្រែកខ្លាំង តែសំឡេងវាក៏រាងញ័រខ្លាចអ្វីមួយដែរ

« Hm…អាសិទ្ធមែនទេ? »
« អឺគឺជាអញ..នេះ…នេះអញសំណាងមែនណា! អរគុណឯងណាស់ បើមិនមែនព្រោះតែឯងជេរអញទេ អញនេះប្រហែលជាងាប់ដូចអាភក្រ្ត និងអាបុត្រ ជាមិនខាន…អើយ! នឹកឃើញរូបភាពពួកវាដេកងាប់ អញខ្លាចណាស់វ៉ើយ! »

« នេះឯងកំពុងនិយាយអីហ្នឹង? អាសិទ្ធ ខ្ញុំមិនសូវយល់ទេ? »
« Uh? គឺល្ងាចមិញឯងខលទូរសព្ទមកកាន់អញ ថាឱ្យអញកុំជិះម៉ូតូប្រយ័ត្នងាប់លើផ្លូវនោះអី? »
« Umm ហើយយ៉ាងម៉េច? »
« ឆុយ…នេះឯងនិយាយធ្វើដូចធម្មតាម៉េចវ៉ើយ! ព្រោះតែពាក្យហ្នឹងអញខឹង…ខឹងខ្លាំងពេកក៏ទាត់ម៉ូតូខ្លួនឯង ហើយក៏មានអីត្រូវជន្ទល់ម៉ូតូ ហើមថ្លោះជើងហ្នឹងឯង! បែបហ្នឹងក៏អញមិនបានជិះម៉ូតូជាមួយពួកអាភក្រ្តនិងអាបុត្រ…ឯងដឹងទេ? ល្ងាចនេះម៉ោង៦ អញទើបតែដឹងថា ពួកវាពីរនាក់ហ្នឹងជិះម៉ូតូបង្ហោះត្បុលចូលឡានកង់១០…ងាប់យ៉ាងអាណោចអាធមវ៉ើយ…មិត្តភក្ដិក្នុងថ្នាក់យើង គេនាំគ្នាស៊ែរល្បីពេញហ្វេសប៊ុក! ឯងមិនបានមើលទេ? »

« Umm អត់ដឹងផង ព្រោះទូរសព្ទខ្ញុំអស់ថ្ម ទើបតែបញ្ចូលថ្មបានអំបាញ់មិញហ្នឹងឯង…ហើយឯងក៏ខលចូលមកគ្នាហ្នឹងឯង! »

« Huh? អ៊ីចឹងឯងនៅឯណា? នេះមិនមែននៅមន្ទីរពេទ្យទេ? »
« មន្ទីរពេទ្យ ហេតុអ្វីខ្ញុំត្រូវនៅមន្ទីរពេទ្យនោះ? »
« អាគាង នេះឯងមិនដឹងទេថា ម៉ាក់របស់ឯងកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យទេឬ? នេះ…នេះម៉េចឯងមិនដឹងទៅវិញ! »

« Huh? ម៉ាក់ខ្ញុំត្រូវចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់…នេះម៉ាក់ខ្ញុំកើតអី! »
ខ្ញុំរន្ធត់ចិត្តជាខ្លាំង ពេលឮសម្ដីរបស់អាសិទ្ធប្រាប់ខ្ញុំបែបនេះ…នេះវាកើតឡើងដោយរបៀបណា? ឬមួយព្រោះតែ…

« គឺឮប៉ាអញថា ជំងឺបេះដូងគាត់សុខៗស្រាប់តែរើឡើង…ម៉ោង៦ល្ងាចហ្នឹងឯង! ត្រូវហើយ ជំងឺម៉ាក់របស់ឯងរើ ចំពេលតែមួយនៃការកើតឡើងគ្រោះថ្នាក់ចរាចរណ៍មួយនោះ… »

ឮត្រឹមនេះ ខ្ញុំឈប់ស្ដាប់សម្ដីរបស់អាសិទ្ធ និយាយអ្វីបន្ដទៀតឡើយ…មិនអាចទេមែនទេ? ព្រោះតែខ្ញុំប្ដូរអនាគត កែប្រែជីវិតរបស់សិទ្ធ ខ្ញុំត្រូវលះបង់ជីវិតអ្នកម៉ាក់របស់ខ្ញុំនោះ? នេះវាមិនពិតទេ មែនទេ? ទូរសព្ទដែលខ្ញុំកំពុងកាន់នៅក្នុងដៃ ស្រាប់តែជ្រុះចុះធ្លាក់នៅក្នុងដៃ តែអ្វីដែលខ្ញុំរន្ធត់កាន់តែតក់ស្លុតក្នុងចិត្តទៀតនោះគឺផ្ទាំងសារលោតបង្ហាញនៅលើកញ្ចក់អេក្រង់ដែលកំពុងបែកប្រេះសុំា្រ…

Do you want to sneak peek in the future? Yes/No?

តើខ្ញុំគួរជ្រើសរើសយកមួយណា? Yes ឬក៏ No?

និពន្ធដោយ៖ រ៉ាហ្ស៊ី
(សរសេរចប់ រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣)

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*