អត្ថបទ៖ ភ្លេចខ្លួនឯងមិនបាន

.នរណាគឺជាអ្នក?

យ៉ាងម៉េចដែរបន្ទាប់ពីបានប្រកួតរួច? ខ្ញុំចង់សំដៅទៅលើរឿងផ្សេងៗដែលអ្នកបានខិតខំប្រឹងប្រែងឆ្លងកាត់វាមកដោយលំបាកក្ដី ឬងាយស្រួលក្ដី។

ដោយសារទីកន្លែង បរិបទនៃការរស់នៅ និងមនុស្សដែលនៅជុំវិញយើងមានប្លែកៗពីគ្នា ដូច្នេះខ្ញុំនឹងឱ្យអ្នកគ្រប់គ្នាផ្ដល់អត្ថន័យនៃនរណាជាអ្នកទាំងអស់គ្នាពិតប្រាកដដោយខ្លួនឯង។

យ៉ាងណាក៏ដោយ បើតាមគំនិតរបស់ខ្ញុំ មនុស្សម្នាក់ៗមិនសូវខុសគ្នាប៉ុន្មានទេ។ ពួកយើងមានរូបរាងកាយ ចិត្ត និង បេះដូងដូចៗតែគ្នាទេ។ អ្វីមួយមិនដូចនោះគឺជានិយមន័យនៃអ្នកទាំងអស់គ្នានោះហើយ។

ចង់ឱ្យខ្ញុំសាកល្បងទាយដែរទេ ថានរណាជាអ្នក?

មនុស្សម្នាក់ដែលមានសំណាងបំផុតដែលបានកើតនៅលើផែនដីនេះ។ មនុស្សម្នាក់ដែលបានតស៊ូប្រយុទ្ធយ៉ាងក្លៀវក្លាដើម្បីអាចយកឈ្នះលើអ្នកដទៃទៀតតាំងពីមិនទាន់ចាប់កំណើត។ មនុស្សម្នាក់ដែលមានក្ដីស្រមៃដូចគេដូចឯងដែរ។ ហើយក៏ជាមនុស្សម្នាក់ដែលខិតខំធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់បំពេញក្ដីស្រមៃឬគោលបំណងរបស់ខ្លួន។ សរុបរួមទៅ ខ្ញុំយល់ថាអ្នកពិតជាមនុស្សដ៏អស្ចារ្យម្នាក់។ តើអ្នកយល់យ៉ាងណាដែរ?

.ហេតុអ្វីត្រូវសង្ឃឹម?

កាលដែលយើងអាចដើរមកដល់ត្រឹមនេះបាន ក៏មិនដោយសារតែពាក្យពីរម៉ាត់នេះឬ? គ្រាន់តែដឹងថាមានជីវិត គឺត្រូវតែមានក្ដីសង្ឃឹម។ តើមានអ្នកណាខ្លះធ្លាប់បានឮប្រយោគមួយនេះ? ខ្ញុំធ្លាប់បានឮច្រើនមែនទែនពីបណ្ដាញសង្គមក្ដី ពីមិត្តភក្តិ និងក្រុមគ្រួសាររបស់ខ្ញុំ។ តែអ្វីដែលកាន់តែពិសេសនោះ គឺពេលនេះខ្ញុំលើកយកវាមកសរសេរក្នុងអត្ថន័យនៃទស្សនៈរបស់ខ្ញុំ។

វាត្រូវបានប្រើពេលវេលាមិនឆាប់នោះទេក្នុងការប្រកាន់ភ្ជាប់នូវគំនិតមួយនេះ ហើយព្យាយាមរក្សាស្មារតីបែបសុទិដ្ឋិនិយមជានិច្ច។ វាត្រូវឆ្លងកាត់ការលត់ដំយ៉ាងយូរទៅតាមនិស្ស័យនៃមនុស្សម្នាក់ៗ។ ចុះអ្នកវិញ? ធ្លាប់ស្រមៃដែរទេ ថានឹងរស់នៅជាមនុស្សបែបណា? ខ្ញុំលើកយកសំណួរនេះមក ព្រោះថាបើអ្នកមិនទាន់ហ៊ានស្រមៃទេនោះ អ្នកប្រហែលជាកំពុងតែពើបប្រទះនូវបណ្ដាបញ្ហាជីវិតណាមួយដែលចាក់ស្រែះ​ មិនអាចឱ្យអ្នកសម្លឹងឃើញអ្វីផ្សេងដែលថ្មីបាន ក៏ជាហេតុបណ្ដាលឱ្យអ្នករកមើលក្ដីសង្ឃឹមណាមួយក៏ពិបាកបំផុត។

ទោះជាបែបនោះ ខ្ញុំនៅតែយល់ថាបើអ្នកហ៊ានដាក់ចិត្តយ៉ាងមុតមាំទៅលើអ្វីមួយហើយ អ្នកក៏គួរតែមានក្ដីសង្ឃឹមនៅក្នុងចិត្តថាអ្នកនឹងអាចធ្វើបាន។ ប៉ុន្តែកុំយកក្ដីសង្ឃឹមនោះមកធ្វើជាលេសដើម្បីឱ្យខ្លួនឯងបាក់ទឹកចិត្តឱ្យសោះ។

យើងត្រូវមានក្ដីសង្ឃឹម គឺសង្ឃឹមដោយវិជ្ជមាន។ មិនខ្វល់ថាអ្នកនឹងទទួលបាននូវអ្វីដែលអ្នកចង់បានឬអត់ ក៏មិនមែនជាបញ្ហា ព្រោះថាអ្នកបានប្រឹងរួចទៅហើយ បានសង្ឃឹមរួចទៅហើយ។ ភ្ញាក់ពីគេង ក្រោកឈរ រួចបណ្ដុះនូវក្ដីសង្ឃឹមថ្មីសម្រាប់ខ្លួនឯង។

.ជម្រើសមួយ

រវាងការចង់បាន និង ភាពចាំបាច់ តើអ្នកជ្រើសយកមួយណាមុនគេ? ជាធម្មតាយើងមិនអាចរស់នៅដោយខ្វះរឿងទាំងពីរនេះបានទេ។ គ្រាន់តែថាពេលខ្លះ អ្នកគ្មានជម្រើសអ្វីក្រៅពីត្រូវចង្អុលយកអាទិភាពមួយសម្រាប់ខ្លួនឯងសិន។ អ្នកអាចគិតសិនបាន តែកុំគិតយូរពេកណា៎ ព្រោះថាបើអ្នកមិនប្រញាប់សម្រេចចិត្តទេ អ្នកនឹងខកខានមិនបានភ្លក់នូវរសជាតិជីវិតបន្ទាប់ពីនោះឡើយ។

បើសួរថារសជាតិនោះបែបណា? ត្រូវពឹងឱ្យអ្នកទាំងអស់គ្នាសួរទៅខ្លួនឯងសិនទើបបាន។ ចំពោះខ្ញុំ ដោយសារតែធ្លាប់មានកំហុស ទើបខ្ញុំដឹងថាការពិត ជម្រើសដែលនឹងផ្ដល់សេចក្ដីសុខឱ្យខ្ញុំនោះ គឺត្រូវធ្វើអ្វីដែលចាំបាច់ជាមុនសិន ទើបខ្ញុំអាចមានលទ្ធភាពឈោងចាប់របស់ដែលខ្ញុំចង់បានជាក្រោយ។​ អ្នកវិញក៏មិនខុសពីខ្ញុំប៉ុន្មានដែរមែនទេ?

ចូរជ្រើសយកវាសិនទៅ ទោះលទ្ធផលចេញមកបែបណា ដរាបណាអ្នកនៅតែប្រកាន់គោលជំហរមួយថាអ្នកនៅមានជម្រើស នោះអ្នកនឹងអាចឆ្លងកាត់វាបានដោយសន្តិភាពផ្លូវចិត្ត។

កុំភ្លេចណា៎ រាងកាយរបស់អ្នកអាចព្យាបាលបានបើមានរបួស។ ក៏ប៉ុន្តែបើផ្លូវចិត្តរបស់អ្នកមានរបួសវិញនោះ វានឹងអាចព្យាបាលបានដូចគ្នា ទាស់ត្រង់ថាវាត្រូវការចំណាយពេលវេលាយូរបន្តិច។ ហេតុនេះ កុំចង់ចំណាយពេលទៅមើលថែរជំងឺដ៏ពិបាកមួយនេះអី។

.រៀនសូត្រជានិច្ច

ខ្ញុំធ្លាប់ចួបប្រទះនូវវិបត្តិមួយចំនួន កាលពីទើបតែឈានចូលវ័យជំទង់ដំបូង។

ដោយសារខ្ញុំបានព្រងើយកន្តើយនឹងកំហុសមួយចំនួនរបស់ខ្លួនឯង ទើបបានជាខ្ញុំស្ទើរតែបំផ្លាញខ្លួនឯងទៅវិញ។

ត្រង់ចំណុចនេះ ខ្ញុំគ្មានពាក្យអធិប្បាយច្រើននោះ ព្រោះគ្រាន់តែអ្នកអានបានមើលទៅលើចំណងជើងក៏បានជ្រាបច្បាស់បាត់ទៅហើយ។ មានទិដ្ឋភាពខ្លះៗដែលខ្ញុំចង់ឱ្យអ្នកគ្រប់គ្នាបានរៀនសូត្រតាម។

ទីមួយគឺរបៀបនៃការរស់នៅរបស់ខ្លួនឯង។ តើអ្នកបានធ្វើអ្វីខ្លះ? បានលទ្ធផលបែបណា? តើអ្នកពេញចិត្តបែបនោះដែរឬទេ? ទីពីរគឺតាមរយៈមជ្ឍដ្ឋានខាងក្រៅ។ មិនថាអ្នកបានទៅទីណា ធ្វើអ្វី ឬចួបជាមួយនឹងអ្នកណា អ្នកគួរតែចំណាយពេលបន្ទាប់ពីនោះក្នុងការទាញយកនូវអង្គចងចាំរបស់អ្នកពីពួកគេ។ ចួនកាល សម្ដីមួយម៉ាត់ ឬសកម្មភាពតូចៗណាមួយ​ ក៏អាចបង្រៀនអ្នកពីអ្វីមួយបានដូចគ្នា។ កុំនៅស្ងៀម យកវាមកគិត ហើយអនុវត្តវាដោយខ្លួនឯង បើសិននោះជាអ្វីដែលអ្នកចង់បាន។

.ផ្លូវនៅវែងឆ្ងាយណាស់

ពិតមែនហើយ កាលណាផ្លូវកាន់តែវែងឆ្ងាយ អ្នកប្រាកដជាមានអារម្មណ៍ថាហត់ អស់ថាមពលទាំងផ្លូវកាយ ឬអាចរាលដាលទៅដល់ផ្លូវចិត្តទៀតក៏មាន។ តែ…អាចទេ? បើអ្នកហត់ អ្នកគ្រាន់តែឈប់សម្រាកសិនបានទេ? មិនមែនចង់ឱ្យអ្នកដើរទៅមុខទាំងគ្មានកម្លាំងកំហែងនោះទេ គ្រាន់តែចង់ប្រាប់ថាអ្នកអាចសាកល្បងធ្វើអ្វីមួយដែលនៅចំពោះមុខរបស់អ្នកសិន សឹមដើរឆ្ពោះទៅរកគោលដៅពិតប្រាកដរបស់អ្នកនៅពេលមួយដែលសមស្រប។

ប្រហែលជាពេលដែលអ្នកកំពុងតែអត់ធ្មត់រង់ចាំពេលវេលារបស់អ្នក ក៏ជាពេលដែលអ្នកមើលឃើញថាអ្នកដទៃបានដើរទៅដល់គោលដៅរបស់ពួកគេបាត់ទៅហើយ។ ធ្លាប់លួចច្រណែននឹងពួកគេទេ? ធ្លាប់ស្រមៃថាថ្ងៃណាមួយអ្នកនឹងទទួលបាននូវគ្រប់យ៉ាងដូចជាពួកគេដែរទេ? បើឆ្លើយថាអត់ ខ្ញុំមិនជឿនោះទេ ព្រោះពាក្យនេះគឺជាការកុហកខ្លួនឯងទាំងស្រុង។

មានគំនិតទូន្មានមួយចំនួនដែលខ្ញុំបានរៀនពីមនុស្សនៅជុំវិញខ្លួនរបស់ខ្ញុំ។ ពាក្យទាំងនោះមានដូចជា កុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ឬក៏កុំប្រឹងហួសមាឌជាដើម។ ខ្ញុំយល់ថាពាក្យទាំងនោះមានអត្ថន័យទៅតាមការបកស្រាយរបស់យើងម្នាក់ៗ។ បើខ្ញុំបកស្រាយថាពាក្យនោះល្អ ត្រឹមត្រូវនោះ តើអ្នកនឹងយល់បែបណា?​ សូមស្ដាប់អត្ថន័យរបស់វាចេញពីទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំសិន។

អ្នកនឹងមិនខុសនោះទេ បើអ្នកក្រឡេកមើលអ្នកដទៃ ហើយរៀនសូត្រពីពួកគេ។ ឧទាហរណ៍ថាបើគេប្រព្រឹត្តអំពើល្អ អ្នកគួរយកគំរូតាម តែបើគេធ្វើទង្វើដែលប្រាស់ចាកនូវសីលធម៌ឬអំពើខុសឆ្គងណាមួយ អ្នកគួរតែចៀសវាងជាដាច់ខាត។

មួយវិញទៀត បើមានគេថាអ្នកមិនគួរស្រមៃហួសមាឌនោះ អ្នកក៏អាចទទួលយកបានដោយរបៀបផ្សេងដូចជា ការកត់ទុកក្ដីស្រមៃនោះសិន ហើយចាប់ផ្ដើមបង្កើតនូវផែនការតូចៗដែលអាចញ៉ាំងឱ្យអ្នកមានឱកាសបាននៅក្បែរក្ដីស្រមៃមួយនោះ។

ជាក់ស្ដែង បើអ្នកចង់ក្លាយជាអ្នកនិយាយជាសាធារណៈ តែពេលនេះអ្នកកំពុងតែរៀននូវជំនាញផ្ទុយពីនោះ ឬក៏ធ្វើការងារមិនដូចទៅនឹងក្ដីស្រមៃនោះសោះ។ ដូច្នេះ អ្នកមិនចាំបាច់ត្រូវបោះបង់អ្វីមួយចោលឡើយ។ វាគ្រាន់តែត្រូវការឱ្យអ្នកមានស្មារតីច្រើនជាងមុនបន្តិចក្នុងការធ្វើនូវកិច្ចការទាំងអស់នោះ។ អ្នកគ្រាន់តែចំណាយពេលរៀននៅផ្ទះ អានសៀវភៅ និងហ្វឹកហាត់ទៅលើបែបបទនៃការនិយាយបន្ថែម ឬក៏ឆ្លៀតទាញយកបទពិសោធន៍ពីកាតព្វកិច្ចរបស់អ្នកប្រចាំថ្ងៃណាដែលមានអ្វីពាក់ព័ន្ធនឹងជំនាញនៃការនិយាយរបស់អ្នក។​ បន្ទាប់ពីនោះ អ្នកនឹងដឹងថាតើខ្លួនឯងត្រូវដើរទៅណាបន្តទៀតដើម្បីឱ្យដល់ទីតាំងដែលបានកំណត់។

អ្នកពិតជាយល់បានដោយខ្លួនឯងប្រាកដណាស់៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*