រឿង៖ បទពិសោធព្រឺព្រួច (ភាគ៣)

បងផាន់រ៉ាស្ទុះងើបភីង ទាំងដកដង្ហើមដង្ហក់ញាប់រន្ថាន់លាន់ឮយ៉ាងច្បាស់ពេញត្រចៀកខ្ញុំតែម្ដង។ គាត់យកដៃម្ខាងរឹតទ្រូងខ្លាំងៗខណៈដែលអាវយឺតដៃខ្លីពណ៌សគេងយប់របស់គាត់សើមជោកទៅដោយញើស។ លុះលែងឃើញស្រមោលខ្មៅអប្បលក្ខណ៍នោះទៀត ខ្ញុំក៏ចាប់ស្ទុះចូលទៅមើលបងផាន់រ៉ាទាំងវាចាញាប់មាត់ស្ដាប់សឹងតែមិនយល់៖

«បងយ៉ាងម៉េចហើយបង??! បងមិនអីទេអ្ហេ៎បង??!»

បងផាន់រ៉ាក៏ងាកមកសម្លឹងខ្ញុំដោយអាការៈភ្ញាក់ផ្អើល៖

«សុណាន់??!!»

ខ្ញុំក៏តបរន្ថើនសួរគាត់ជាថ្មី៖

«បងកើតអីឬអត់??!»

បងផាន់រ៉ារេភ្នែកក្រឡើតក្រឡាប់សម្លឹងទិដ្ឋភាពក្នុងបន្ទប់មួយស្របក់ រួចក៏ងាកមកសម្លឹងខ្ញុំជាថ្មី ប៉ុន្តែម្ដងនេះគាត់ខំប្រឹងសម្រួលទឹកមុខបន្លឺសំឡេងខ្សាវៗទាំងរដាក់រដុបផង៖

«បង…បងអត់អីទេសុណាន់!! សុណាន់…សុណាន់គេងវិញចុះ!!»

ខ្ញុំសម្លឹងបងផាន់រ៉ាស្លឺ។ អត់អីយ៉ាងម៉េច?! គាត់ត្រូវខ្មោចសង្កត់ គួរណាស់តែគាត់មានញាណឬសតិដឹងឮរឿងនេះដោយខ្លួនឯងខ្លះ ប៉ុន្តែគាត់បែរជានិយាយថាគាត់មិនអីទៅវិញ។ ឬមួយគាត់មានចេតនាលាក់បាំងរឿងនោះជាមួយខ្ញុំទាំងដែលការពិតខ្ញុំក៏បានឃើញស្រមោលខ្មោចច្បាស់នឹងភ្នែកតែម្ដង ហើយម្ដងនេះខ្ញុំក៏ជឿដែលថាអមនុស្សពិតជាមានពិតមែន។

«បងឈប់លាក់បាំងនឹងខ្ញុំទៀតទៅបងផាន់រ៉ា! ខ្ញុំដឹងថាពួកយើងទាំងពីរសុទ្ធតែចួបរឿងចម្លែកៗដូចគ្នា ដូច្នេះវាដល់ពេលហើយដែលពួកយើងត្រូវនិយាយប្រាប់គ្នាពីរឿងទាំងអស់នោះដើម្បីជួយគ្នារកដំណោះស្រាយ! ការលាក់បាំងគ្នាទៅវិញទៅមក វាមិនមែនជាដំណោះស្រាយទេណ៎ាបង!!»

គ្រានេះបងផាន់រ៉ាក៏ងាកមកសម្លឹងខ្ញុំភាំងរួចក៏រេភ្នែកចុះឡើងដោយអាការៈរិះគិត។

…………..

ម៉ោងជាង៨ព្រឹកនៅផ្ទះស្នាក់គ្រូបង្រៀន…

ខ្ញុំញ៉ាំអាហារពេលព្រឹករួចរាល់ ក៏រវៀសរវៃទុកដាក់ចានក្បាន ដើម្បីប្រញាប់ស្រូតទៅបង្រៀនព្រោះព្រឹកនេះខ្ញុំប៉ះបង្រៀនពីរម៉ោងគឺម៉ោង៩-១១ជាប់គ្នាតែម្ដង។ ខ្ញុំលាងដៃស្អាតបាតក៏ដើរចេញពីផ្ទះបាយចូលទៅក្នុងបន្ទប់គេង ស្ទុះទាញកាតាបដែលរៀបចំរួចស្រេចដាក់ទៅលើកែបម៉ូតូ រួចក៏កកូរកកាយរកកូនសោជន្ទល់ម៉ូតូនៅក្នុងហោប៉ៅកាបូបទាំងព្រឺឆ្អឹងខ្នងពេលនឹកឃើញរឿងកាលពីយប់មិញ។

ខ្ញុំក៏ប្រែជាភ្ញាក់ព្រើតនៅពេលដែលកកូរកកាយមិនប៉ះចំកូនសោជន្ទល់ម៉ូតូ។ លើកនេះខ្ញុំក៏ឆែកឆេររើជជុះគ្រប់ហោប៉ៅកាបូប ទាំងលូកស្ទាបហោប៉ៅខោខ្លួនឯងចុះឡើងៗផង ប៉ុន្តែនៅតែរកមិនឃើញកូនសោជន្ទល់ម៉ូតូដដែល។ ខ្ញុំក៏ប្រញាប់ដើរទៅរកមើលកូនសោជន្ទល់ម៉ូតូនៅលើតុនិងនៅលើគ្រែគេង  ខ្លាចក្រែងវង្វេងដៃដាក់កូនសោជន្ទល់ម៉ូតូនៅកន្លែងនោះ ប៉ុន្តែអស់មួយសន្ទុះធំ ខ្ញុំនៅតែរកមិនឃើញកូនសោដដែល។

«ហើយអ្ហែងវង្វេងដៃទៅទុកនៅឯណាទៅអាសុណាន់?»

ខ្ញុំលើកនាឡិកាដៃមើល ឃើញម៉ោង៨កន្លះទៅហើយ។ មិនបង្អង់យូរខ្ញុំក៏លូកយកទូរសព្ទពីក្នុងកាបូបចុចបើក Online រួចក៏ chat ទៅបងផាន់រ៉ាដែលចេញទៅបង្រៀនតាំងពីព្រឹកព្រលឹមអុរក្រែងលោគាត់បានប្រទះភ្នែកឃើញកូនសោជន្ទល់ខ្ញុំម៉ូតូនៅឯណា។ បងផាន់រ៉ាមិនបើក Online នោះទេ។ ឃើញដូចនេះ ខ្ញុំក៏បិទទូរសព្ទទុកមិនហ៊ានខលទៅគាត់ឡើយ ព្រោះគិតថាគាត់ជាប់រវល់បង្រៀនសិស្ស។ លុះទីបំផុតខ្ញុំក៏សម្រេចចិត្តដើរទៅសាលាចៀសវាងកុំឱ្យខាតម៉ោងបង្រៀន។

ម៉ោងជាង៩ព្រឹកនៅសាលារៀន…

ម៉ោង៩-១០នេះ ខ្ញុំប៉ះបង្រៀនថ្នាក់ទី៧។ កូនសិស្សទើបនឹងឡើងមកពីថ្នាក់បឋម មើលទៅដូចជានៅកូនក្មេងហើយរាងមីងមាំងបន្តិចព្រោះពួកគេនៅមិនទាន់ស៊ាំនឹងរបៀបរៀនសូត្រនៅថ្នាក់អនុវិទ្យាល័យនៅឡើយទេ។ កំពុងតែពន្យល់សិស្សសុខៗ ស្រាប់តែសំឡេងបងផាន់រ៉ាលាន់ឮមកពីមាត់ទ្វារ៖

«សុំរំខានបន្តិចលោកគ្រូ!!»

ភ្លាមនោះខ្ញុំក៏ផ្អាកសកម្មភាពពន្យល់មេរៀន ហើយក៏ទៅរកគាត់នៅឯមាត់ទ្វារទាំងនិយាយតិចៗ៖

«បងមានការអីមែន?!»

«និយាយថាសុណាន់ឯងបាត់កូនសោជន្ទល់ម៉ូតូមែន?» គាត់ក៏លើកូនសោបង្ហាញខ្ញុំ

«នេះ! កូនសោបងរកឃើញនៅក្នុងកាបូបបង មិនដឹងវាទៅនៅក្នុងហ្នុងបានយ៉ាងម៉េច?!»

ខ្ញុំប្រែជាភាន់ភាំង មិនយល់ដូចគ្នាថាកូនសោខ្ញុំទៅនៅក្នុងកាបូបបងផាន់រ៉ាបានយ៉ាងម៉េច ព្រោះកាលពីយប់មិញ ខ្ញុំចាំបានច្បាស់ណាស់ថាមុនចូលគេងខ្ញុំបានចាក់សោជន្ទល់ហើយដាក់កូនសោចូលក្នុងហោប៉ៅកាបូប។ ភ្លាមនោះបងផាន់រ៉ាក៏ពោលបន្តមួយៗ៖

«ត្រូវហើយ! បើសុណាន់ឯងអត់រវល់អីទេ ចាំជិះម៉ូតូបងទៅផ្ទះទៅណ៎ះ! បងចង់ខ្ចីម៉ូតូណាន់ឯងជិះទៅការិយាល័យអប់រំស្រុកជាមួយគ្រូនាយកបន្តិច ព្រោះអីម៉ូតូនាយកជិះបានតែម្នាក់ឯង ហើយម៉ូតូបងវាធូរច្រវាក់មិនបានយកទៅឱ្យជាងធ្វើចង់ជិះទៅណាឆ្ងាយៗអីមិនកើតទេ!!»

«បាទអត់អីទេបង!! ចឹងបងចាំតិច ខ្ញុំយកកូនសោម៉ូតូឱ្យ!»

ខ្ញុំដើរចូលទៅក្នុងថ្នាក់រាវរកកូនសោម៉ូតូយកទៅឱ្យបងផាន់រ៉ា  ខណៈដែលបងផាន់រ៉ាក៏ហុចកូនសោម៉ូតូគាត់មកឱ្យខ្ញុំវិញដែរ បន្ទាប់មកខ្ញុំក៏ចូលមកពន្យល់មេរៀនសិស្សធម្មតាវិញ។ មួយស្របក់ក្រោយមកខ្ញុំក៏ឱ្យកូនសិស្សកត់មេរៀននៅលើក្ដារខៀនស្របពេលដែលខ្ញុំឆ្លៀតពេលទៅអង្គុយសម្រាកនៅលើកៅអីគ្រូមួយភ្លែត។

ដោយគិតចង់ថតកូនសិស្ស Add Story លេងម្ដង ខ្ញុំក៏រើរកទូរសព្ទនៅក្នុងកាបូប ប៉ុន្តែមួយរំពេចនោះខ្ញុំក៏បុកពោះភឹប កែវភ្នែកប្រែជាស្រឡាំងកាំង ព្រឺក្បាលចង់ប៉ុនកញ្ជើរួចក៏ភ្លាត់មាត់ភ្លាមៗ៖

«ហ៊ើយយយយយ!!»

«លោកគ្រូកើតអី?!»

ខ្ញុំភ្ញាក់ក្រញាងជាថ្មី នៅពេលដែលងាកទៅកូនសិស្សឃើញពួកគេអើតកចំហមាត់មើលមកខ្ញុំគ្រប់ៗគ្នា។ ខ្ញុំព្យាយាមសម្រួលទឹកមុខទាំងនៅបុកពោះភឹបៗ៖

«គ្រូ…គ្រូអត់មានអីទេ! ពួកយើងស្រូតកត់មេរៀនឱ្យចប់ទៅ ន្អាលនឹងបន្តទៅចំណុចមួយទៀត!»

សិស្សគ្រប់គ្នាក៏ចាប់កត់មេរៀនបន្តទៀត ដំណាលគ្នានឹងខ្ញុំកំពុងបើកភ្នែកតូចធំសម្លឹងទៅកញ្ចប់ថង់ប្លាស្ទិកមួយ ដែលមានច្រកក្រណាត់ក្រឡាការ៉ូកញ្ជាស់ទំហំប៉ុនបាតដៃនៅក្នុងហោប៉ៅកាបូប។

ភ្លាមៗខ្ញុំក៏មានអារម្មណ៍ថាត្រជាក់ចុងដៃចុងជើងហើយក៏ទៅជាព្រឺសម្បុរខ្ញាក។ ក្រណាត់ក្រឡាការ៉ូច្រកនៅក្នុងថង់ប្លាស្ទិកទំហំប៉ុនបាតនេះបានធ្វើឱ្យខ្ញុំនឹកឃើញនូវរឿងរ៉ាវកាលពីយប់មិញ។

ម៉ោងជាង២ទៀបភ្លឺកាលពីយប់មិញ…

«បងចង់ប្រាប់ខ្ញុំថា…បងបានឃើញពូយ៉នដើរលឹបលចេញពីចម្ការដំឡូងទាំងយប់នៅពេលដែលបងជិះម៉ូតូជាមួយនាយក មកផ្ទះស្នាក់យើងវិញទាំងយប់នោះអ្ហេស?!»

«ស៊ូច!!»

បងផាន់រ៉ាលើកម្រាមចង្អុលដៃដាក់នៅលើមាត់ ហាក់ជាសញ្ញាឱ្យខ្ញុំបន្ថយសំឡេង។ ខ្ញុំឯណេះក៏ប្រែជាស្ងាត់មាត់ទាំងរេភ្នែកឡិងឡង់ហាក់រង់ចាំស្ដាប់ចម្លើយបញ្ជាក់ប្រាប់ពីបងផាន់រ៉ា។

«ត្រូវហើយ! គឺនៅយប់ដែលសុណាន់ប្រាប់ថាឃើញភ្លឹបភ្លែតនៅក្នុងចម្ការដំឡូងនោះ! ពេលនោះបងគិតថាបងស្រវាំងភ្នែកព្រោះគ្រូនាយកជិះម៉ូតូរាងលឿន ហើយបងក៏ស្រវឹងស្រឿងៗដែរ តែចាប់ពីយប់នោះមកបងចេះតែយល់សប្ដិរវើរវាយផ្ដេសផ្ដាសឃើញខ្មោចក្មេងជំទង់ពាក់អាវសប្រឡាក់សុទ្ធតែឈាម ស្រែកយំសុំឱ្យបងជួយ! បងបែរជាគិតថាវាជារឿងធម្មតា ព្រោះអីដឹងទេ? ព្រោះបងធ្លាប់ស្រវាំងភ្នែកឃើញក្មេងជំទង់ពាក់អាវស នៅយប់ដែលសុណាន់អង្គុយវ៉ៃកុំព្យូទ័រប្រាជ្ញលេងជាមួយបងនោះ! ដំបូងបងគិតថាបងមិនបានព្រិលភ្នែកនោះទេ ព្រោះតែបងពិតជាឃើញខ្មោចក្មេងប្រុសជំទង់នោះ ដាក់ម្រាមដៃស្អុយរលួយអត់ក្រចកទំនៅលើស្មារបស់សុណាន់ថែមទាំងសើចបញ្ចេញធ្មេញខ្មៅកខ្វក់មករកបងថែមទៀតផង! ប៉ុន្តែក្រោយមកនៅពេលបងញីភ្នែករួច រូបភាពក្មេងនោះក៏រលាយបាត់ទៅ! បន្ទាប់មកនៅយប់នោះឯងដែលបងចាប់ផ្ដើមយល់សប្ដិឃើញខ្មោចក្មេងប្រុសជំទង់នោះ ដល់ថ្នាក់ស្រែករវើរវាយរហូតដល់សុណាន់មកជួយដាស់! បងក៏លាក់បាំងរឿងទាំងអស់នោះជាមួយសុណាន់ព្រោះបងផ្ទាល់ក៏ជឿថាខ្លួនឯងរវើរវាយគិតច្រើនដោយខ្លួនឯងដែរ! រហូតមកដល់ថ្ងៃដែលគេរកឃើញសាកសពនៅចម្ការមីងឱក បងក៏ប្រាកដចិត្តថាអ្វីៗមិនមែនជារឿងរវើរវាយនោះទេ ប៉ុន្តែផ្ទុយទៅវិញគឺខ្មោចក្មេងជំទង់នោះឯងដែលព្យាយាមទាក់ទងមកបងឱ្យជួយរកយុត្តិធម៌ឱ្យគេនោះ!!»

ខ្ញុំអង្គុយស្ដាប់បងផាន់រ៉ារ៉ាយរ៉ាប់ទាំងព្រឺក្បាលសំពោង។ ពិតណាស់! បងផាន់រ៉ាមិនបានស្រវាំងភ្នែកនោះទេ ព្រោះនៅយប់នោះខ្ញុំវ៉ៃកុំព្យូទ័របានមួយសន្ទុះក៏ស្រាប់តែមានអារម្មណ៍ថារោយស្មាមួយចំហៀងដោយគ្មានមូលហេតុ។ ចំណែកឯលោកគ្រូសង្គ្រាជក៏មានសង្ឃដីកាថាមានគេតាមខ្ញុំ ខណៈដែលសាវលីកូនសិស្សខ្ញុំក៏បានអះអាងថា នាងបានឃើញក្មេងប្រុសជំទង់ម្នាក់ជិះម៉ូតូពីក្រោយខ្ញុំផងដែរ។ ម្យ៉ាងទៀតបូករួមទាំងរឿងយល់សប្ដិនិងរឿងដែលខ្ញុំចូលបង្រៀននៅថ្នាក់ទី ៩ “ខ” នោះ គឺបានបញ្ជាក់យ៉ាងច្បាស់ថាខ្មោចប្អូនធាមពិតជាបានតាមខ្ញុំមកពិតមែន។ ខ្ញុំប្រឹងគ្រលៀសអណ្ដាតដែលកំពុងតែជាប់គាំង៖

«នេះមានន័យថាខ្មោចប្អូនធាមព្យាយាមទាក់ទងមកពួកយើង ដើម្បីឱ្យពួកយើងជួយរកយុត្តិធម៌ឱ្យគេអ៊ីចឹងអ្ហេស?!»

ភ្លាមនោះភ្លើងអំពូលក៏ប្រែជាញាក់ញោចភ្លឺដាច់ៗជាថ្មីម្ដងទៀត។ ខ្ញុំក៏ស្ទុះទៅជិតបងផាន់រ៉ាដោយស្វ័យប្រវត្តិ ខណៈពួកយើងម្នាក់ៗភ្នែកកំពុងតែរត់ទៅនៅកញ្ចឹងក ក្រឡើតក្រឡាប់ក្រឡឹងទិដ្ឋភាពជុំវិញខ្លួនឯងពេញដោយភាពភ័យខ្លាច។ លុះមួយសន្ទុះក្រោយមក អំពូលភ្លើងក៏ប្រែជាជះពន្លឺធម្មតាវិញ។ ខ្ញុំបន្ធូរដង្ហើមឃូរស្របពេលដែលបងផាន់រ៉ាគ្រលៀសសម្ដីម៉ាត់ៗ៖

«យើងត្រូវតែជួយគេណ៎ាសុណាន់! គេទាក់ទងជាមួយយើងមានន័យថាយើងពិតជាអាចជួយគេបានណ៎ាសុណាន់!!»

ខ្ញុំជ្រួញចិញ្ចើមរេភ្នែកឡិងឡង់សម្លឹងបងផាន់រ៉ាបន្តិច  ទើបវាចាខ្សាវៗទាំងមុខស្រងូតស្រងាត់៖

«ជួយយ៉ាងម៉េចទៅបង?! ខ្ញុំពិតជាមិនដឹងពិតមែនថាយើងគួរចាប់ផ្ដើមពីណាទៅណានោះ!!»

វូសៗ! វូៗៗៗ! !!!

សំឡេងឆ្កែលូកន្ត្រាក់ទាញអារម្មណ៍ខ្ញុំឱ្យព្រឺព្រួចជាថ្មីម្ដងទៀត។ ភ្លាមៗបរិយាកាសជុំវិញខ្លួនខ្ញុំក៏ស្រាប់តែចុះត្រជាក់ខុសពីធម្មតា ជាហេតុធ្វើឱ្យខ្ញុំត្រូវយកដៃត្រដុសគ្នាតិចៗដើម្បីបង្កើនកម្ដៅ ទាំងភ្នែករេរំពៃចុះឡើងៗយ៉ាងញញើតញញើមចាំស្ដាប់យោបល់របស់បងផាន់រ៉ា។

ខ្ញុំបែរមកសម្លឹងបងផាន់រ៉ាវិញ ឃើញគាត់ឈោងទៅយកអ្វីម្យ៉ាងពីក្នុងថតតុចេញមក។ ខ្ញុំជ្រួញចិញ្ចើមនឹកឆ្ងល់ លុះក្រឡេកឃើញហាក់ដូចជាផ្ទាំងឆ្លាស់ពណ៌សខ្មៅ ទំហំប៉ុនបាតដៃខ្ចប់នៅក្នុងថង់ប្លាស្ទិកនៅក្នុងដៃបងផាន់រ៉ា ខ្ញុំក៏រឹងតែចងចិញ្ចើមឆ្ងល់ទ្វេដង។

«ស្អីគេហ្នឹងបង?!»

បងផាន់រ៉ាងើបមុខសម្លឹងមកខ្ញុំ របៀបដូចជាស្ទាក់ស្ទើរយ៉ាងម៉េចមិនដឹង។ គាត់ទម្លាក់ភ្នែកចុះសម្លឹងកញ្ចប់ក្នុងដៃរបស់គាត់ជាថ្មីមុននឹងគ្រលៀសវាចាខ្សាវៗ៖

«វាអាចជាព័ស្តុតាងតែមួយគត់សំខាន់សម្រាប់វែករកមុខឃាតករ…!»

ខ្ញុំស្រឡាំងកាំងមិនស្ទើរនោះទេ។ ប៉ុន្តែម៉េចបានជាផាន់រ៉ានិយាយគ្មានដើមគ្មានវគ្គគ្មានក្បាលគ្មានកន្ទុយបែបនេះទៅវិញ?!

«គឺ….កាលពីយប់មុនពេលដែលគេរកឃើញតួសាកសពប្អូនធាមនៅចម្ការមីងឱក…បងត្រូវបានខ្មោចប្អូនធាមមកពន្យល់សប្ដិ ឱ្យទៅគាស់កកាយកន្លែងមួយនៅក្នុងចម្ការដំឡូងមីងឱក! ដំបូងបងក៏មិនបានចាប់ភ្លឹកដែរព្រោះបងគិតថាបងហត់នឿយហើយគិតច្រើនទើបយល់សប្ដិតែផ្ដេសតែផ្ដាស! ប៉ុន្តែ…ពេលនឹកឃើញដល់រូបភាពពូយ៉នលឹបលចេញពីចម្ការនៅយប់នោះ បងក៏ស្រាប់តែនឹកឆ្ងល់ខ្លាំងឡើងៗរហូតដល់ដាច់ចិត្តលីចបចូលទៅចម្ការមីងឱកទាំងកណ្ដាលអធ្រាត្រ!»

ស្ដាប់សម្ដីបងផាន់រ៉ាហើយ ខ្ញុំភ្ញាក់ផ្អើលមិនស្ទើរនោះទេ។ នេះហើយជាចំណុចដែលខ្ញុំសង្ស័យគាត់កន្លងមក តែពេលនេះគាត់កំពុងតែបកស្រាយរាល់អ្វីៗគ្រប់យ៉ាងឱ្យខ្ញុំស្ដាប់។

ខ្ញុំប្រឹងសម្រួលអារម្មណ៍រក្សាទឺកមុខ ព្រោះមិនចង់ឱ្យគាត់ដឹងថាខ្ញុំបានដឹងឮរឿងទាំងអស់នេះហើយនឹកសង្ស័យគាត់តែពាសឡើយ។

«បងក៏កាប់ឃើញសាកសពដោយចៃដន្យ! បងតក់ស្លុតសឹងតែសន្លប់នឹងកន្លែង តែក៏ប្រឹងពង្រឹងខ្លួនឯងកាយដីលុបសាកសពនោះវិញ ស្រាប់តែពេលនោះបងក៏បានឃើញបំណែកក្រណាត់នៃនៅក្នុងដៃសាកសព!»

បងផាន់រ៉ាបញ្ចប់ឃ្លាទាំងសម្លឹងទៅក្រណាត់ក្នុងដៃគាត់ ដោយក្រសែភ្នែកមុតស្រួច ខណៈខ្ញុំឯណេះបើកភ្នែកធំៗចង់ប៉ុនពងមាន់ទៅហើយ។

តាមដែលស្ដាប់គាត់និយាយ ខ្ញុំអាចស្មានបានថា នៅពេលដែលខ្ញុំរវៀសរវៃរត់ចូលមកបន្ទប់ឱ្យបានមុនបងផាន់រ៉ានោះ គឺជាពេលដែលគាត់បានរកឃើញក្រណាត់នៅក្នុងដៃគាត់នោះហើយ។ ប៉ុន្តែនោះគឺជាក្រណាត់នៅក្នុងដៃសាកសព?!

ខ្ញុំឈានជើងទៅក្រោយបន្តិចដោយស្វ័យប្រវត្តិបើទោះបីជាខ្ញុំបានតាំងចិត្តថាមិនខ្លាចក៏ដោយ។ យ៉ាងណាក៏ដោយរឿងភ័យខ្លាចនៅពេលនេះ គឺវាមិនមែនជារឿងអាទិភាពសម្រាប់ខ្ញុំឡើយ ព្រោះសន្ទុះចិត្តងឿងឆ្ងល់របស់ខ្ញុំ គឺវាខ្លាំងក្លាជាងភាពភ័យខ្លាចនោះទៅទៀត។

«តែ…ក្រណាត់នេះអាចជាបំណែកសម្លៀកបំពាក់សាកសពទេដឹងបង?»

បងផាន់រ៉ាគ្រវីក្បាលតិចៗ៖

«អត់ទេ! ព្រោះនៅព្រឹកដែលគេនាំគ្នាឆោឡោពេលរកឃើញសាកសពប្អូនធាមនោះ បងព្យាយាមពិនិត្យមើលហើយឃើញថា…សពគឺពាក់អាវសាច់ក្រណាត់លាតទំនងជាអាវពណ៌សមិនមែនជាអាវក្រណាត់ការ៉ូនោះឡើយ!»

ម្ដងនេះខ្ញុំកដាក់ភ្នែកសម្លឹងក្រណាត់ក្នុងដៃបងផាន់រ៉ាជាថ្មីដោយការពិនិត្យពិច័យយ៉ាងល្អិតល្អន់ជាងមុន៖

«បើអ៊ីចឹងបងគិតថា…វាជាក្រណាត់អាវរបស់ឃាតករអ្ហេស?!»

បងផាន់រ៉ាចាប់ងក់ក្បាលតិចៗជាសញ្ញាយល់ស្រប។ ខ្ញុំឯណេះលេបទឹកមាត់ក្អឹក។ ជាច្រើនថ្ងៃមកហើយដែលពូប៉ែននិងក្រុមការងាររបស់គាត់ខិតខំធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីបំបែកសំណុំរឿងក្ដីមួយនេះ ប៉ុន្តែលទ្ធផលហាក់ដូចជាមិនទាន់បានអ្វីជាដុំកំភួនទាល់តែសោះ។ គ្រប់យ៉ាងហាក់បញ្ជាក់យ៉ាងច្បាស់ថានេះជារឿងរ៉ាវឃាតកម្មដោយចេតនា ដែលឃាតករបានរៀបចំគម្រោងការយ៉ាងហ្មត់ចត់ដើម្បីបំបិទព័ស្តុតាងពីភ្នែកប៉ូលិស។

ខ្ញុំព្រឺក្បាលសំពោង តែមិនមែនព្រឺក្បាលព្រោះខ្លាចខ្មោចទេ ផ្ទុយទៅវិញខ្ញុំកំពុងព្រឺក្បាលដោយសារតែខ្លាចញញើតនឹងឃាតកររូបនោះ។ ខ្ញុំក្រឡេកឆ្វេងស្ដាំមុននឹងនិយាយតិចៗព្រោះខ្លាចទ្វារមានមាត់ជញ្ជាំងមានត្រចៀក៖

«បើវាគឺជាក្រណាត់អាវរបស់ឃាតករពិតមែន ប្រាកដណាស់ថាឃាតករនិងជនរងគ្រោះបានប្រតាយប្រតប់គ្នា នៅពេលដែលឃាតករព្យាយាមសម្លាប់ជនរងគ្រោះ! ដូច្នេះទើបជនរងគ្រោះកន្ត្រាក់ដាច់រហែកក្រណាត់អាវឃាតករមួយដុំ! បើអ៊ីចឹងឃាតករពិតជាមិនបានដឹងទេថាជនរងគ្រោះក្ដាប់ក្រណាត់អាវរបស់គេជាប់នៅក្នុងដៃព្រោះបើមិនដូច្នោះទេឃាតករគ្មានថ្ងៃបន្សល់ទុកព័ស្តុតាងឱ្យយើងឃើញទេ!»

បងផាន់រ៉ាងក់ក្បាលតិចៗយល់ស្របនឹងខ្ញុំ។ បន្ទាប់មកគាត់ក៏បន្ធូរដង្ហើមឃូរទាំងស្រដីខ្សាវៗ៖

«ពួកយើងត្រូវប្រុងប្រយ័ត្នខ្លួនឱ្យមែនទែន ព្រោះបងគិតថាឃាតករអាចនឹងនៅមិនឆ្ងាយពីពួកយើងប៉ុន្មានទេ! ថាមិនត្រូវវាអាចនឹងកំពុងសម្លឹងរកមើលអ្នកដែលពាក់ព័ន្ធដឹងឮរឿងរ៉ាវឃាតកម្មនេះដូចជាពួកយើងយ៉ាងអ៊ីចឹង!!»

មែនហើយ! បងផាន់រ៉ាក៏គិតដល់ចំណុចនេះដូចជាខ្ញុំដែរ។ ដូច្នេះហើយពួកយើងចាំបាច់ត្រូវពន្លត់ភ្លើងពីដើមទីឱ្យហើយ មិនអាចបណ្ដែតបណ្ដោយបាននោះទេ ព្រោះរឿងនេះគឺមិនត្រឹមតែជាការទាមទាររកយុត្តិធម៌ឱ្យប្អូនធាមប៉ុណ្ណេះទេ ប៉ុន្តែវាក៏ជាការធានានូវសុខសុវត្ថិភាពចំពោះគ្រូចំណូលថ្មីដូចជាពួកយើងដែរ។

«ចុះពួកយើងគួរធ្វើយ៉ាងម៉េចជាមួយក្រណាត់ហ្នឹងទៅបង?!»

មកដល់ត្រឹមនេះបងផាន់រ៉ាក៏ងើបមុខសម្លឹងមកខ្ញុំដោយក្រសែភ្នែកចាក់ស្រែះរកថាមិនត្រូវ។

ត្រលប់មកបច្ចុប្បន្នកាលវិញ…

ខ្ញុំបែកញើសស្រាក់ៗសឹងតែស្វាយបបូរមាត់ទាំងព្រឹកព្រលឹម ព្រោះកាលពីយប់មិញបន្ទាប់ពីពិភាក្សាគ្នារួច ខ្ញុំបានឃើញបងផាន់រ៉ាយកក្រណាត់ប៉ុនបាតដៃនេះដាក់ចូលទៅក្នុងថតតុវិញ ប៉ុន្តែហេតុអីក៏ពេលនេះ វាមកនៅក្នុងកាតាបរបស់ខ្ញុំទៅវិញ?!

«លោកគ្រូ?! លោកគ្រូ?!!»

«បាទៗ?!!»

ខ្ញុំភ្ញាក់ព្រើតតបទាំងពពីមពពើមគ្មានដឹងមុខក្រោយ ខណៈសិស្សរបស់ខ្ញុំមីងមាំងងាកសម្លឹងមុខគ្នាទៅវិញទៅមកដោយក្ដីងឿងឆ្ងល់៖

«ដល់ម៉ោងចេញហើយលោកគ្រូ!»

«អ៎…អ៊ីចឹងពួកយើងចេញចុះ!!»

«បាទ! ចាស៎! អរគុណលោកគ្រូ!!»

មើលទៅព្រឹកនេះខ្ញុំគ្មានអារម្មណ៍បង្រៀនសិស្សទេ។   នោះក៏ព្រោះតែអាក្រណាត់ការ៉ូសខ្មៅនេះឯង។ ខ្ញុំរក្សាក្រណាត់នោះដាក់នៅក្នុងកាតាបបើទោះបីជាខ្ញុំមិនសូវចង់ឬក៏មានអារម្មណ៍មិនសូវស្រួលជាមួយនឹងក្រណាត់នេះក៏ដោយព្រោះថាយ៉ាងណាវាគឺជាព័ស្តុតាងតែមួយគត់ ដែលអាចចង្អុលមុខឃាតករសាហាវយង់ឃ្នងនោះបាន។

ថ្នាក់ទី៨

«មើលទៅលោកគ្រូដូចអត់សូវស្រួលខ្លួនអ្ហេសលោកគ្រូ?!»

ខ្ញុំគូសរូបលើក្ដារខៀនដើម្បីពន្យល់សិស្សបណ្ដើរទាំងឆ្លៀតងាកមកញញឹមតបនឹងសាវលីបណ្ដើរផង៖

«គ្រូអត់អីទេសាវលី គ្រាន់តែរៀងអស់ងងុយបន្តិច! ហើយថ្ងៃហ្នឹងប៉ះពីរម៉ោងជាប់គ្នា មុនហ្នឹងគ្រូទើបចេញពីបង្រៀនថ្នាក់៧ដែរ!»

«ចាស៎លោកគ្រូ!!»

ខ្ញុំញញឹមតបសាវលីជាថ្មីរួចហើយក៏ចាប់ងាកមកពន្យល់សិស្សលើខ្លឹមសារមេរៀនទន្លាក់សេរី៖

«ឥឡូវយើងក្រឡេកមកមើលរូបនៅលើក្ដារខៀនទាំងអស់គ្នា! យើងឃើញថា…អេ៎! ហើយយើងអ្នកក្រោយប៉ុន្មាននាក់ហ្នឹងឱនងើបៗធ្វើអីគេ?! ហើយនាំគ្នាសើចកក្អឹកហ្នឹងមានរឿងអី?!»

ខ្ញុំក៏ផ្អាកពន្យល់មេរៀន ប្រែជាចោលក្រសែភ្នែកទៅតុក្រោយបង្អង់នៅជាប់នឹងជញ្ជាំង ខណៈកូនសិស្សផ្សេងទៀតងាកទៅសម្លឹងតុនោះគ្រប់គ្នា។

ក្នុងថ្នាក់នេះនរណាមិនដឹងថាប្រុសៗបីបួននាក់គ្នាគេនៅតុក្រោយហ្នឹង គឺល្បីឈ្មោះខាងសិស្សខូចប្រចាំសាលា។ សព្វដងនៅម៉ោងខ្ញុំបង្រៀនមិនដែលឃើញពួកគេចូលរៀននោះទេប៉ុន្តែថ្ងៃនេះមិនដឹងជាកើតអី បែរជានាំគ្នាមកចូលរៀនទាំងបក្ខទាំងពួកទៅវិញ។

ឃើញពួកគេចូលរៀនបែបនេះ ខ្ញុំសប្បាយណាស់ហើយមិនបានទៅសួរនាំជីកឫសជីកគល់រករឿងអីពួកគេទេ។ ទោះបីជាយ៉ាងណាគ្រប់យ៉ាងបែរជាមិនដូចអ្វីដែលខ្ញុំគិតព្រោះពួកគេមិនបានមកចូលរៀនទេ ប៉ុន្តែគឺចូលមកកូរក្នុងថ្នាក់ឱ្យក្លាយជាសម្លកកូរច្រើនជាង។

«វាលួចមើលរឿងសិចលោកគ្រូ!!»

ខ្ញុំនិងសិស្សផ្សេងទៀតនាំគ្នាភាំងពេលស្ដាប់ឮចម្លើយនេះ ពីសិស្សម្នាក់នៅក្នុងចំណោមក្រុមពួកគេ។ គេនិយាយថាក៏សើចស្ញេញស្ញាញទ្រោបចុះទៅលើតុអន្ត្រើកជើងត្រើកៗ ហាក់ដូចជាគិតថាអ្វីដែលគេនិយាយចេញមកអម្បាញ់មិញគឺវាជារឿងធម្មតាទូទៅគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលសោះ។

ភ្លាមនោះសាមីខ្លួនក៏ងាកទៅខាំមាត់ដាក់មិត្តរបស់វាអម្បាញ់មិញរបៀបលេងសើចរួចក៏ពោលមកកាន់ខ្ញុំរបៀបហី៖

«កុំទៅជឿវាលោកគ្រូ! ខ្ញុំអង្គុយស្ដាប់លោកគ្រូពន្យល់ធម្មតាតើ!!»

ហ្នឹងហើយជាអ្វីដែលខ្ញុំតែងត្រៀមចិត្តទុកជាមុន នៅពេលដែលខ្ញុំប្រលងចូលរៀននៅសាលាគរុកោសល្យ។ នៅក្នុងនាមជាអ្នកអប់រំម្នាក់ យើងនឹងចួបប្រទះនូវជាច្រើនសិស្សដែលមានអត្តចរិតផ្សេងៗពីគ្នា ហើយក្នុងចំណោមនោះក៏អាចនឹងមានប្រភេទសិស្សមួយចំនួន ដែលយើងពិបាកប្រើប្រាស់ទ្រឹស្ដីចិត្តគរុកោសល្យក្នុងការអប់រំពួកគេ បើសិនជាយើងមានចិត្តក្ដៅឆាប់ឆេវឆាវហើយមិនមានបទពិសោធក្នុងការគ្រប់គ្រងសិស្សផងនោះ។

ជាការពិត ខ្ញុំស្រឡាញ់មុខវិជ្ជាវិទ្យាសាស្ត្រ ហើយប្រាកដណាស់ថាការរីកចម្រើននាពេលបច្ចុប្បន្នគឺជាផ្លែផ្កាដ៏ធំនៃវិទ្យាសាស្ត្រ ប៉ុន្តែស្របពេលជាមួយគ្នានេះ វិទ្យាសាស្ត្រក៏បានផ្ដល់នូវទុក្ខទោសមកឱ្យមនុស្សជាតិយើងជាច្រើនវិញផងដែរ។

បើយើងគិតមើលទៅ វ័យជំទង់គឺជាដំណាក់កាលវិវត្តនិងរបត់ប្រែប្រួលនៃរូបរាងនិងស្ថានភាពផ្លូវចិត្តរបស់មនុស្ស ដូច្នេះនៅវ័យនេះ ពួកគេពិតជាចង់ដឹងចង់ឮនូវរឿងរ៉ាវថ្មីៗជាច្រើន។ ស្ថិតនៅក្នុងស្ថានភាពនេះ សម្ភារៈទំនាក់ទំនងទំនើបៗអាចនឹងក្លាយជាអាវុធមុខពីរចំពោះពួកគេបានដោយងាយ។

ម៉ោងជិត១១ថ្ងៃត្រង់ គ្រាន់តែខ្ញុំឱ្យសិស្សចេញទៅផ្ទះភ្លាម ពួកគេក៏នាំគ្នារត់ចេញរូ មិនដឹងថាពួកគេរៀបចំកាតាបរួចរាល់តាំងពីពេលណាទេ។ ខ្ញុំឯណេះឈររៀបចំសម្ភារៈដាក់កាតាបមួយសន្ទុះទើបចេញមកក្រៅថ្នាក់។

ម៉ោងទើបតែជាង១១ថ្ងៃត្រង់ពិតមែន ប៉ុន្តែក្នុងសាលាបែរជាមានសភាពស្ងប់ស្ងាត់ប្លែកទំនងជាសិស្សនិងគ្រូផ្សេងទៀតនាំគ្នាចេញទៅផ្ទះអស់ហើយ។ ខ្ញុំចោលភ្នែកទៅទីចាត់ការក៏ប្រទះនឹងម៉ូតូហុងដារបស់គ្រូជឿន លុះដាក់ភ្នែកទៅមើលម៉ូតូបងផាន់រ៉ានៅក្រោមដើមចាមរីក៏ប្រសព្វភ្នែកនឹងពូប្រមយួរអីវ៉ាន់សំពីងសំពោងរណេងរណោង ស្ទុះចេញពីម៉ូតូបងផាន់រ៉ាយ៉ាងញាប់ជើងចេញទៅក្រោយល្វែងថ្នាក់រៀន។

ខ្ញុំដូចជាប្លែកចិត្តណាស់ដែរ លុះមិនឃើញមួកសុវត្ថិភាពនៅក្នុងកន្ត្រកម៉ូតូបងផាន់រ៉ា ខ្ញុំក៏ភ្ញាក់ព្រើត។ មើលទៅពូប្រមយកមួកពីកន្ត្រកម៉ូតូទៅជាមិនខាន។ ដោយប្រញាប់ប្រញាល់ ខ្ញុំក៏បោះជំហានញាប់ៗទាំងរត់ត្រឹកៗតាមពូប្រមទៅក្រោយល្វែងថ្នាក់រៀន។

មកដល់ក្រោយថ្នាក់ខ្ញុំក៏ឃើញពូប្រមកំពុងរត់រម៉ោករម៉ាំងទៅតាមល្វែងក្រោយថ្នាក់នោះ បីដូចជាដឹងថាខ្ញុំកំពុងតែរត់តាមគាត់អ៊ីចឹង។ ខ្ញុំក៏បន្លឺសំឡេងហៅគាត់៖

«ពូ! ពូឈប់សិន!! ពូ!!»

ពូប្រមរត់កាន់តែលឿនគ្មានងាកក្រោយ ខណៈខ្ញុំឯណេះប្រុងតែនឹងស្ទុះតាមគាត់ទៅហើយ ក៏ស្រាប់តែត្រូវទច់ង៉ក់នឹងសំឡេងគ្រូជឿន៖

«កំពុងធ្វើអីហ្នឹងលោកគ្រូ?! ហៅអាប្រមមានការអី?!»

ខ្ញុំងាកទៅឃើញគ្រូជឿនកំពុងតែឈរយកដៃសេរេវ៉ែនតាទាំងជ្រួញចិញ្ចើមសម្លឹងមកខ្ញុំ។ ខ្ញុំក៏ប្រញាប់រៀបរាប់តាមដំណើររឿងប្រាប់ទៅគាត់ ទើបគាត់តបមកវិញរបៀបដូចជាហួសចិត្តបន្តិចផង៖

«ហ៊ឺ…!! មួកសុវត្ថិភាពលោកគ្រូផាន់រ៉ានៅក្នុងទីចាត់ការណក៎! ព្រឹកមិញហ្នឹងគាត់ច្រឡំពាក់មួករបស់ខ្ញុំឡើងទៅការិយាល័យអប់រំស្រុកជាមួយលោកនាយកបាត់ហើយ!!»

ឮបែបនេះខ្ញុំក៏ស្ញេញស្ញាញដាក់លោកគ្រូជឿនបន្តិច ស្របពេលដែលគាត់ដើរត្រលប់ទៅវិញទាំងប្រាប់ឱ្យខ្ញុំចូលទៅយកមួកនៅទីចាត់ការផង។ ខ្ញុំទ្រឹងបន្តិច លុះងាកទៅរកមើលពូប្រមវិញ ក៏បាត់គាត់សូន្យឈឹងមិនដឹងថាគាត់រត់ទៅដល់ណាដល់ណីហើយទេ។

មើលទៅខ្ញុំបំភ័យគាត់ខ្លាំងហើយ។ ខ្ញុំគ្រវីក្បាលតិចៗទាំងហួសចិត្តរៀបនឹងដើរបកត្រលប់ទៅវិញ ស្រាប់តែខ្ញុំទាក់ភ្នែកនឹងអ្វីម្យ៉ាងឡើងមក។ ខ្ញុំដៀងភ្នែករំពៃមើលទៅក្បែរព្រំរបងសាលាដោយការរិះគិត មុននឹងលាន់មាត់ឧទានតិចៗម្នាក់ឯង៖

«ក្រណាត់ស្អីហ្នឹង?!!»

……………….

ពេលរសៀលនៅផ្ទះស្នាក់…

«ជាក្រណាត់តែមួយពិតមែន??!!»

ខ្ញុំលាន់មាត់ស្រឡាំងកាំងតែម្នាក់ឯង ខណៈភ្នែកទាំងគូកំពុងតែសម្លឹងទៅក្រណាត់ការ៉ូទំហំប៉ុនបាតដៃជាមួយនឹងក្រណាត់អាវមួយផ្ទាំងទៀតឆ្លាស់គ្នាទៅវិញទៅមក។

ពិតមែនហើយ!! បន្ទាប់ពីប្រទះភ្នែកនឹងក្រណាត់ចម្លែកនោះនៅព្រំរបងសាលា ខ្ញុំក៏បានទៅរើសវាយកមកមើល។ នៅទីបំផុតទើបខ្ញុំដឹងថាក្រណាត់នោះគឺជាអាវដៃវែងរបៀបដូចជាអាវពាក់ទៅធ្វើចម្ការដែលប្រឡាក់ប្រឡូកប្រែពណ៌ស៊ឹងតែកំណត់ពណ៌ដើមមិនបាន។ ទោះបីជាយ៉ាងណា ខ្ញុំមានអារម្មណ៍ថា ខ្ញុំធ្លាប់បានឃើញក្រណាត់ការ៉ូរបៀបហ្នឹង ទើបខ្ញុំយកវាមកប្រៀបធៀបគ្នាជាមួយនឹងក្រណាត់ដែលបងផាន់រ៉ាបានយកមកពីក្នុងដៃសាកសព។

សម្រេចសម្រួចចុះឡើងវាពិតជាក្រណាត់តែមួយពិតមែនព្រោះអ្វីដែលធ្វើឱ្យខ្ញុំប្រាកដចិត្តនោះគឺ អាវដៃវែងមួយនោះមានដាច់រហែកនៅត្រង់កំភួនដៃ ដែលទំហំនោះគឺត្រូវគ្នានឹងទំហំក្រណាត់ដែលបងផាន់រ៉ាបានមកចំៗតែម្ដង។

ខ្ញុំចាប់បុកពោះភឹបៗព្រោះបើខ្ញុំស្មានមិនខុស នេះគឺជាអាវរបស់ឃាតករពាក់នៅថ្ងៃកើតហេតុយ៉ាងប្រាកដ។ ប៉ុន្តែហេតុអីបានជាវាទៅនៅនឹងព្រំរបងសាលាទៅវិញ? គិតចុះគិតឡើង ខ្ញុំក៏គិតដល់រឿងបំណែកក្បាលនិងដៃម្ខាងរបស់សាកសពដែលត្រូវបានឃាតកយកទៅកប់ចោលក្នុងឃ្លាំងនៅឯសាលា។ អាចទេដែលឃាតករកប់ចោលអាវរបស់គេ នៅកន្លែងណាមួយក្នុងបរិវេណសាលាប៉ុន្តែក៏មានឆ្កែទៅកកូរកកាយអាវនោះចេញមក? តែដូចជាមិនសមសោះ ព្រោះថ្វីដ្បិតតែអាវនេះចាស់ប្រឡាក់ប្រឡូកពិតមែន តែវាមិនមានសភាពដូចត្រូវគេកប់នៅក្នុងដីចោលឡើយ។

ខ្ញុំច្រាស់ច្រាល់កាន់តែខ្លាំង ចាប់បែកញើសប៉ុនៗគ្រាប់ពោត។ តើនរណាជាម្នាក់អាវទៅ? ហើយពេលនេះតើខ្ញុំត្រូវធ្វើបែបណា? បងផាន់រ៉ាក៏មិនទាន់ត្រលប់មកពីការិយាល័យអប់រំស្រុក ដូច្នេះខ្ញុំក៏ត្រូវស្ទាក់ស្ទើរមិនដឹងថាត្រូវរាយការណ៍ប្រាប់ទៅពូប៉ែនឥឡូវនេះដែរឬក៏អត់?!!

ទឹងៗៗៗ!!!

ខ្ញុំភ្ញាក់ព្រើតប្រញាប់រត់ទៅទទួលទូរសព្ទដែលដាក់នៅលើតុក្បែរគ្រែគេង។

«អាឡូបងផាន់រ៉ា!!»

ឃើញលេខទូរសព្ទរបស់បងផាន់រ៉ាមុនទទួលខ្ញុំរំពឹងគិតថាជាគាត់ ប៉ុន្តែផ្ទុយទៅវិញវាបែរជាសំឡេងគ្រលរៗត្រដិតៗញាប់ៗរបស់អ្នកផ្សេង ដែលខ្ញុំមិនស្គាល់ទៅវិញ៖

«អាឡូ!!…អាឡូប្អូនហ្នឹងមិត្តិភក្ដិម្ចាស់ទូរសព្ទនេះអ្ហេស?!…គឺនែក៎…ឥឡូវហ្នឹងម្ចាស់ទូរសព្ទគ្រោះថ្នាក់ចរាចរណ៍នៅឯផ្លូវបំបែកមកភូមិឯណេះ! បើអ៊ីចឹងប្អូនរហ័សមកជួយមើលគាត់ផង! ឥឡូវគាត់កំពុងសន្លប់អត់ដឹងខ្លួនទេ!!»

«ថាម៉េច?! បងផាន់រ៉ាគ្រោះថ្នាក់ចរាចរណ៍?!!»

ខ្ញុំលាន់មាត់ស៊ឹងតែបែកផ្ទះរួចក៏ប្រែទឹកមុខទៅជាស្វាយល្អូកមួយរំពេច។

……………………..

បីថ្ងៃកន្លងផុតទៅ…

ពេលល្ងាចថ្ងៃអាទិត្យនៅវត្ត…

«ល្ងាចហ្នឹងយើងប៉ុណ្ណឹងសិនចុះគុណម្ចាស់ អាទិត្យក្រោយសឹមយើងបន្តទៀត តែគុណម្ចាស់កុំភ្លេចធ្វើកិច្ចការផ្ទះផងព្រះគុណ!!»

«ពរលោកគ្រូ!!»

ខ្ញុំបោះជំហានចេញពីកុដ្ឋិចំណាស់មួយ ដែលព្រះគ្រូសង្គ្រាជវត្តលោកបានអនុញ្ញាតឱ្យខ្ញុំជួយមកបង្រៀនភាសាអង់គ្លេស ដល់ព្រះសង្ឃសាមណេរនៅទីនេះ។ ទោះបីជាម៉ោងប្រាំល្ងាចទៅហើយក្ដី ក៏ប៉ុន្តែព្រះអាទិត្យនៅមិនទាន់រៀបលិចនៅឡើយទេ។ ពន្លឺពណ៌មាសចាំងផ្លាតមកកំពូលកូនភ្នំក្រោយវត្តធ្វើឱ្យខ្ញុំមានអារម្មណ៍អណ្តែតត្រសែតហោះហើររកថាមិនត្រូវ។

លុះបោះជំហានមកដល់ម៉ូតូដែលសំចតនៅក្រោមដើមស្វាយមួយដើម ខ្ញុំក៏ចាប់ដកដង្ហើមឃូរ នឹកឃើញដល់រឿងគ្រោះថ្នាក់ចរាចរណ៍របស់បងផាន់រ៉ាកាលពីបីថ្ងៃមុន។

មើលចុះ! ម៉ូតូខ្ញុំដែលរងគ្រោះនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃនោះ  គឺមិនបានប៉ះពារអ្វីធ្ងន់ធ្ងរខ្លាំងក្រៅតែពីក្រឡិតថ្នាំខ្លះៗនិងវៀចកន្ត្រកតែប៉ុណ្ណោះ។ ប៉ុន្តែផ្ទុយទៅវិញលោកគ្រូនាយកបែរជាត្រូវរបួសមធ្យម ស្របពេលដែលបងផាន់រ៉ាដែលជាអ្នកបើកបរ បានត្រូវរបួសធ្ងន់ដល់ថ្នាក់បាក់ជើងម្ខាងត្រូវយកទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៅទីរួមខេត្ត។

កាលពីព្រឹកមិញ ខ្ញុំបានឡើងទៅសួរសុខទុក្ខគាត់នៅឯខេត្តឃើញថាសភាពរបស់គាត់បានធូរស្រាលគ្រាន់ ព្រោះក្រៅពីការយកចិត្តទុកដាក់ដ៏ខ្លាំងក្លារបស់គ្រូពេទ្យ ម្ដាយនិងឪពុករបស់គាត់ក៏បានឡើងមកជួយមើលថែទាំគាត់ដោយផ្ទាល់ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ខ្ញុំក៏បានសួរនាំគាត់លម្អិតពីរឿងគ្រោះថ្នាក់ចរាចរណ៍នៅល្ងាចនោះ។

បងផាន់រ៉ាបានប្រាប់ខ្ញុំថា នៅល្ងាចដែលគាត់ជិះម៉ូតូខ្ញុំឌុបលោកគ្រូនាយកត្រលប់មកសាលាដល់ផ្លូវបំបែក ស្រាប់តែឡានកុងតាន័រដឹកដំឡូងមួយបើកបរក្នុងទិសដៅផ្ទុយពីគាត់រេចង្កូតមកខាងផ្លូវដែលគាត់ជិះ។ ឃើញបែបនេះគាត់ក៏ខំជិះគេច ប៉ុន្តែមិននឹកស្មានសោះថា ឡាននោះបែរជាជ្រុលចង្កូតមកកៀរគាត់ដួលរម៉ោករម៉ាំងនៅចំហៀងផ្លូវតែវិញ។ ក្រោយមកឡាននោះក៏បើកគេចបាត់ស្របពេលដែលគាត់ចាំបានតែសំឡេងលោកគ្រូនាយក ស្រែកសន្ធាប់ហៅគាត់ប៉ុន្មានម៉ាត់ចុងក្រោយ មុនពេលដែលគាត់សន្លប់បាត់ស្មារតីតែប៉ុណ្ណោះ។

ខ្ញុំសម្លឹងម៉ូតូឆ្វេងស្ដាំបន្តិច ទើបឡើងជិះម៉ូតូទាំងនឹកគិតមិនដាច់ស្រេចដល់រឿងឡានកុងតាន័រមួយនោះ ព្រោះស្ដាប់បងផាន់រ៉ាទៅហាក់ដូចជាតៃកុងឡានមានចេតនាបើកបំបុកបងផាន់រ៉ានិងគ្រូនាយកច្រើនជាងការរេចង្កូតដោយចៃដន្យ។

ខ្ញុំបញ្ជាម៉ូតូយឺតៗតាមផ្លូវក្រួសក្រហម អមដោយចម្ការដំឡូងស៊ុបទ្រុបឆ្ពោះទៅផ្ទះស្នាក់តែម្នាក់ទាំងបន្តគិតពីរឿងមួយចូលរឿងមួយមិនចេះចប់។ ស្រាប់តែមួយរំពេចនោះ ខ្ញុំជាន់ហ្វ្រាំងឈប់ង៉ក់នៅកៀនផ្លូវទាំងចងចិញ្ចើមសម្លឹងទៅជ្រុងចម្ការនៅចម្ងាយប្រហែលជាជាង២០ម៉ែត្រពីកន្លែងដែលខ្ញុំឈប់ម៉ូតូ។ ខ្ញុំដូចជាបានឃើញមនុស្សរត់ចូលទៅក្នុងចម្ការលឿនស្លេវអម្បាញ់មិញ។ បើតាមខ្ញុំចាំមិនច្រឡំនោះ គេគឺជាស្រីយ៉ែនកូនពូយ៉ននោះឯង។ ចុះតើគេរត់ចូលទៅក្នុងចម្ការដំឡូងទាំងប្រញាប់ប្រញាល់បែបហ្នឹងធ្វើអី?! ឬក៏ខ្ញុំគិតច្រើនហើយស្រវាំងភ្នែកដោយខ្លួនឯង?! ដើម្បីបញ្ជាក់នូវការពិត និងដោះស្រាយនូវចម្ងល់ដែលចាក់ស្រែះនៅក្នុងខួរក្បាលរបស់ខ្ញុំផង ខ្ញុំក៏វ៉ៃជន្ទល់ម៉ូតូចុះស្ទុះបោះជំហានញាប់ជើងចូលទៅក្នុងចម្ការដំឡូង។

គ្រប់យ៉ាងប្រែទៅជាស្ងាត់ឈឹង នៅសល់តែទិដ្ឋភាពដើមដំឡូងច្រូងច្រាងនិងសំឡេងសត្វយំនាវេលាសុរិយាអស្តង្គតនេះ។ ខ្ញុំក្រឡេកឆ្វេងស្ដាំដោយការពិនិត្យពិច័យកាត់តាមរងដំឡូងជាជួរៗ ក៏ប៉ុន្តែមិនសូម្បីតែប្រទះភ្នែកនឹងដានជើងមនុស្សលុយតាមគុម្ពស្មៅស៊ុបទ្រុបដុះតាមប្រឡោះរងដំឡូងនោះឡើយ។

ប្រោក! ខ្ញុំភ្ញាក់ក្រញាងស្ទុះងាកទៅស្ដាំដៃតាមសំឡេងលាន់ឮអម្បាញ់មិញដោយស្វ័យប្រវត្តិ។ តើនោះជាសំឡេងអី?! នរណាគេចូលទៅធ្វើស្អីនៅក្នុងគុម្ពោតដំឡូងនោះ?!

វឹប!! ខ្ញុំប្រហោងពោះធ្លុងនៅពេលប្រទះឃើញស្រមោលស្ទុងៗរត់ចេញពីកន្លែងមានសំឡេងអម្បាញ់មិញ ឆ្ពោះទៅកណ្ដាលចម្ការដំឡូងកប់បាត់នៅក្នុងស្លឹកនិងដើមដំឡូង។ ខ្ញុំក៏ប្រែជាស្រឡាំងកាំងឧទានតិចៗម្នាក់ឯង៖

«ស្រីយ៉ែន?!»

មិនបង្អង់យូរខ្ញុំក៏រត់សសៀរតាមរងដំឡូង ឆ្ពោះទៅតាមច្រកដែលស្រីយ៉ែនរត់ទៅអម្បាញ់មិញ។ ស្រាប់តែទៅដល់ម្ដុំនោះ គ្រប់យ៉ាងក៏ប្រែជាស្ងប់ស្ងាត់ជាថ្មី។ ម្ដងនេះខ្ញុំក៏សម្រេចចិត្តរត់បន្តទៅមុខទៀត ព្រោះខ្ញុំជឿជាក់ថាខ្ញុំពិតជាបានឃើញស្រីយ៉ែនប្រាកដមែន។ ចូលមកជ្រៅក្នុងដើមដំឡូងបន្តិច ខ្ញុំក៏ឈប់ជាថ្មីម្ដងទៀត រួចក៏ងាកក្រឡឹងជុំវិញខ្លួនឯងដើម្បីកំណត់ទិសដៅដេញតាមរកស្រីយ៉ែន។

ងឺតតតតត!! គ្រឹង!!

ខ្ញុំកន្ត្រាក់ខ្លួនងាកក្រោយ នៅពេលដែលសំឡេងងឺតបីដូចជានរណាចាប់ហ្វ្រាំងសន្ធាប់ លាន់សូរគួរឱ្យសង្កៀរត្រចៀកពីផ្លូវដែលខ្ញុំសំចតម៉ូតូចោលអម្បាញ់មិញ។ ភ្លាមនោះសំឡេងមីងឱកដែលខ្ញុំចាំបានមិនច្រឡំនោះក៏លាន់ឮយ៉ាងគ្រលួចបន្តពីក្រោយសំឡេងដ៏សែនសង្កៀរត្រចៀកមុននេះ៖

«មីកាយ៉ែន!! ពុទ្ធោ!!!»

ខ្ញុំស្រឡាំងកាំងប្រុងស្ទុះចេញមកក្រៅវិញ ក៏ស្រាប់តែ…ឌឹប!!

«អូយ!!»

ខ្ញុំយកដៃទៅក្ដោបកញ្ចឹងកដោយស្វ័យប្រវត្តិ ខណៈដែលភាពឈឺចាប់ចូលមកហ៊ុមព័ទ្ធត្រង់បរិវេណនោះ បន្ទាប់មកខ្ញុំក៏មានអារម្មណ៍ព្រិលភ្នែករួចក៏ដួលចុះគ្រឹបលែងដឹងអ្វីទាំងអស់។

………………..

ម៉ោងជិត៧យប់…

ខ្ញុំបើកភ្នែកប្រឹមៗយ៉ាងលំបាក រួចក៏លើកដៃទាំងពីរមករងភ្នែកគេចចេញពីពន្លឺភ្លឺរន្ទាលទាំងងងីងងើ។ ខួរក្បាលរបស់ខ្ញុំបញ្ជាក់ប្រាប់យ៉ាងច្បាស់នូវភាពឈឺចាប់ចុករោយនៅត្រង់កញ្ចឹងកដែលនៅមិនទាន់បាត់នៅឡើយ។ ភ្លាមនោះសំឡេងស្រួយស្រែសតូចឆ្មារមួយបន្លឺឡើងនៅជិតខ្លួនខ្ញុំបង្កើយ៖

«បងណី! បងណី! លោកគ្រូដឹងខ្លួនហើយ!!»

សន្ធឹកជើងក៏ត្របាញ់ឆ្ពោះមកកាន់តែជិតខ្លួនខ្ញុំ ខណៈខ្ញុំចាប់ផ្ដើមកំណត់ដឹងបានថាសំឡេងអម្បាញ់មិញគឺសំឡេងរបស់សាវលីកូនសិស្សរបស់ខ្ញុំ។ ម្ដងនេះរូបភាពសាវលីព្រាលៗស្ថិតនៅចំពោះមុខខ្ញុំ ចាប់ផ្ដើមបន្លឺសំឡេងជាថ្មីជាមួយនឹងសភាពច្រាស់ច្រាល់៖

«លោកគ្រូ! លោកគ្រូយ៉ាងម៉េចហើយលោកគ្រូ?!»

ខ្ញុំហើបមាត់សឹងតែមិនចង់រួច បានត្រឹមតែគ្រលៀសភ្នែកឆ្វេងស្ដាំទៅមកដោយសភាពយ៉ាប់យ៉ឺន។ លុះងាកមកវិញក៏ប្រសព្វនឹងរូបភាពអ្នកគ្រូស្រស់សោភារបស់ខ្ញុំកំពុងដាក់ខ្លួនអង្គុយជិតខ្ញុំថ្នមៗទាំងស្រដីមួយៗច្បាស់ៗ៖

«លោកគ្រូណាន់! លោកគ្រូមិនអីទេអ្ហេស?!»

គ្រានេះទិដ្ឋភាពនៅជុំវិញខ្លួនខ្ញុំចាប់ផ្ដើមច្បាស់ស្រឡះឡើងវិញ ដែលអាចឱ្យខ្ញុំដឹងបានថា ខ្ញុំកំពុងគេងនៅលើគ្រែនៅក្រោមផ្ទះដែលដាក់អំពូលភ្លើងនៅពីលើចាំងភ្នែកសឹងតែខ្វាក់ទៅហើយ។ ភាពមីងមាំងស្រឡាំងកាំងក៏ចាប់ប្រាកដឡើងចំពោះខ្ញុំ នៅពេលដែលខ្ញុំកំណត់បានជាក់ច្បាស់នូវវត្តមានរបស់សាវលីនិងអ្នកគ្រូណីនៅជិតខ្លួនខ្ញុំបង្កើយ។

«នេះ…ខ្ញុំកើតអី?! ហើយទីនេះជាកន្លែងណា?! ម៉េចបានជាខ្ញុំមកនៅទីនេះទៅវិញ?!»

សំណួរប្រទាក់ប្រទងបន្លឺចេញពីមាត់របស់ខ្ញុំ ស្របពេលដែលអ្នកគ្រូណីនិងសាវលីកំពុងសម្លឹងមកខ្ញុំដោយក្រសែភ្នែកភាន់ភាំងដូចគ្នា។ មួយសន្ទុះសាវលីក៏ស្រដីញាប់ៗឡើងមក៖

«គឺលោកគ្រូកំពុងនៅផ្ទះខ្ញុំ!!»

ជាមួយនឹងចម្លើយដ៏ខ្លីនេះ ខ្ញុំក៏ព្យាយាមរកនឹកនូវមូលហេតុដែលបណ្ដាលឱ្យខ្ញុំមកនៅទីនេះ។ ផ្ទុយទៅវិញខ្ញុំចាំបានតែត្រឹមថា ខ្ញុំបានឮសំឡេងស្រែករបស់មីងឱកពីលើផ្លូវមកតែប៉ុណ្ណោះ។

«ចុះគ្រូមកនៅផ្ទះសាវលីបានយ៉ាងម៉េច?!»

ខ្ញុំបន្លឺសំណួរជាថ្មីទាំងខំប្រឹងប្រើកម្លាំងច្រត់កែងដៃ ដើម្បីងើបអង្គុយទាំងត្រដាបត្រដួស។ ភ្លាមនោះសាវលីនិងអ្នកគ្រូណីក៏ស្ទុះចូលមកជួយទប់ខ្លួនខ្ញុំដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ចម្លែកនឹងការយកចិត្តទុកដាក់របស់អ្នកគ្រូណីចំពោះខ្ញុំ។ ខ្ញុំរេភ្នែកសម្លឹងអ្នកគ្រូណីនិងសាវលីទៅមក ទាំងផ្ទៀងត្រចៀករង់ចាំស្ដាប់ចម្លើយពីពួកនាង ប៉ុន្តែពួកនាងទាំងពីរបែរជាមិនឆ្លើយតបអ្វីជាមួយខ្ញុំទៅវិញ។

ខណៈនោះសាវលីរៀបនឹងនិយាយអ្វីមួយឡើងមក ក៏ស្រាប់តែអ្នកគ្រូណីងាកទៅសម្លឹងនាងរួចក៏និយាយកាត់ផូង៖

«ទៅអាំងត្រីងៀតថែមមួយកន្ទុយទៀតទៅសាវលី!!»

សាវលីដូចជាអេះអុញរារែកបន្តិច ស្របពេលដែលអ្នកគ្រូណីប្រើក្រសែភ្នែកមុតស្រួចសម្លឹងសាវលីហាក់ជាសញ្ញាឱ្យនាងធ្វើតាមជាដាច់ខាត។ សាវលីក៏ឆ្លើយចាស៎ រួចក៏លីលាចេញទៅទាំងចិត្តមិនចង់។ សាវលីចេញទៅបាត់ អ្នកគ្រូណីក៏ងាកមកសម្លឹងខ្ញុំដោយក្រសែភ្នែកស្រួចស្រាល់មុននឹងវាចាច្បាស់ៗ៖

«លោកគ្រូចូលទៅធ្វើអីនៅក្នុងចម្ការដំឡូងនោះ?!»

សំណួរបកមកវិញនេះ ធ្វើឱ្យខ្ញុំរេភ្នែកឡិងឡង់សម្លឹងអ្នកគ្រូណីហាក់ដូចជាព្យាយាមរាវរកនូវមូលហេតុដែលនាំឱ្យនាងសួរសំណួរនេះមកកាន់ខ្ញុំ។ សំណួរមួយនេះអាចបញ្ជាក់ប្រាប់ខ្ញុំថា នាងបានឃើញខ្ញុំនៅក្នុងចម្ការដំឡូងនោះប្រាកដណាស់។ ចុះនាងទៅឃើញខ្ញុំនៅទីនោះបានដោយរបៀបណា?!

«ខ្ញុំបានឃើញពូយ៉នវាយលោកគ្រូមួយដំបងនៅក្នុងចម្ការដំឡូង!!»

ជាមួយនឹងសម្ដីយឺតៗច្បាស់ៗ រួមទាំងទឹកមុខប្រាកដប្រជារបស់អ្នកគ្រូណី ខ្ញុំក៏ប្រែជាភាន់ភាំងស្រឡាំងកាំងឡើងមក។ ភ្លាមៗខ្ញុំក៏យកដៃម្ខាងស្ទាបកញ្ចឹងកខ្លួនឯងដែលកំពុងនៅឈឺខ្ទោកៗនៅឡើយ។ សញ្ញាសួររាប់រយចាប់លោតច្រូងច្រាងក្នុងខួរក្បាលរបស់ខ្ញុំ ស្របពេលដែលខ្ញុំឧទានខ្សាវៗ៖

«ពូយ៉ន?!»

នៅទីបំផុត អ្នកគ្រូណីក៏រៀបរាប់រឿងគ្រប់យ៉ាងឱ្យខ្ញុំស្ដាប់។ នាងបានប្រាប់ខ្ញុំថាកាលល្ងាចមិញ នាងបានជិះម៉ូតូឆ្លងកាត់ចម្ការដំឡូងនោះទៅផ្សារ ក៏ស្រាប់តែប្រទះនឹងម៉ូតូខ្ញុំដែលចតចោលនៅលើចិញ្ចើមផ្លូវដោយចៃដន្យ។ ដោយការងឿងឆ្ងល់ នាងក៏ឈប់ម៉ូតូអើតលើមក្រឡឹងឆ្វេងស្ដាំរកមើលខ្ញុំ។ មួយរំពេចនោះ នាងក៏បានឮសំឡេងប្រោកប្រាក បីដូចជាមាននរណាអូសអ្វីម្យ៉ាងនៅក្នុងចម្ការដំឡូង។

ជាមួយនឹងកម្សួលចិត្តចង់ដឹងចង់ឮនាងក៏ចុះពីលើម៉ូតូដើរចូលទៅក្នុងចម្ការដំឡូង។ បន្ទាប់ពីសសៀរតាមរងដំឡូងចូលទៅដល់ក្នុងបន្តិច នាងក៏ទច់ង៉ក់នៅពេលដែលឮសំឡេងសន្ធឹកឡាននិងសម្រែកមីងឱកលាន់ឡើងមកបន្តគ្នា។

លុះងាកត្រលប់មកវិញ នាងក៏ប្រែទៅជាភាន់ភាំងស្រឡាំងកាំងនៅពេលដែលប្រទះឃើញពូយ៉នវាយខ្ញុំមួយដំបងធ្វើឱ្យខ្ញុំដួលសន្លប់ភ្លាមៗ។ អ្នកគ្រូណីក៏ចាប់ស្លន់ស្លោ បង្ខំយកដៃក្ដោបមាត់ទាំងញញីញញ័រ រួចក៏ទម្លាក់ខ្លួននៅក្នុងគុម្ពោតដំឡូងលបមើលសកម្មភាពពូយ៉នបន្តទៀត។ អ្នកគ្រូណីបាននិយាយប្រាប់ខ្ញុំបន្តថា បន្ទាប់ពីពូយ៉នវាយខ្ញុំមួយដំបងរួច គាត់ក៏ប្រែជាឈរស្រឡាំងកាំងសម្លឹងទៅផ្លូវទំនងជាភ្ញាក់ផ្អើលនឹងសម្រែករបស់មីងឱកដែលបង្កូកហៅឈ្មោះកូនរបស់គាត់។

ភ្លាមនោះគាត់ក៏ស្ទុះរត់ចេញពីចម្ការដំឡូងចេញទៅក្រៅ។ បានឱកាស អ្នកគ្រូណីក៏ម្នីម្នារត់ចូលទៅជួយខ្ញុំ ដោយខំប្រឹងអូសខ្ញុំទាំងត្រដាបត្រដួលចេញពីចម្ការ ស្កាត់មកដល់ផ្លូវលំមួយចំហៀងទៀតដែលជាផ្លូវវាងឆ្ពោះទៅផ្ទះរបស់នាង។ នៅទីបំផុតនាងក៏យកខ្ញុំមកដាក់សម្រាកនៅក្រោមផ្ទះរបស់នាងតែម្ដងទៅ។

«បន្ទាប់ពីយកលោកគ្រូមកដល់ផ្ទះ ខ្ញុំក៏យកកូនសោពីហោប៉ៅលោកគ្រូរួចក៏នាំសាវលីដើរត្រលប់ទៅកន្លែងចតម៉ូតូ ដើម្បីយកម៉ូតូខ្ញុំនិងម៉ូតូលោកគ្រូមកដាក់នៅផ្ទះខ្ញុំជុំគ្នាតែម្ដង! លុះជិតទៅដល់កន្លែងចតម៉ូតូខ្ញុំក៏បានឃើញពូយ៉នយំឱបស្រីយ៉ែនដែលកំពុងសន្លប់ស្ដូកស្ដឹង ខណៈដែលមីងឱកនិងមនុស្សប៉ុន្មាននាក់ទៀតកំពុងចលាចលរៀបយកម៉ូតូបញ្ជិះស្រីយ៉ែនយកទៅពេទ្យ! លុះក្រោយមកទើបខ្ញុំបានដឹងថា ស្រីយ៉ែនត្រូវឡានកៀរដួលសន្លប់ហើយមីងឱកដែលបានឃើញហេតុការណ៍នោះផ្ទាល់ភ្នែក គាត់ក៏ស្លន់ស្លោស្រែករំពងផ្អើលគេផ្អើលឯងដំណាលគ្នានឹងឡានបង្កហេតុនោះបើករត់គេចបាត់ស្រមោលទៅ!!»

ខ្ញុំស្ដាប់អ្នកគ្រូណីរៀបរាប់សឹងតែភ្លេចដកដង្ហើម។ លុះគិតបកមកដល់រឿងដែលពូយ៉នវាយខ្ញុំមួយដំបង ខ្ញុំក៏ប៉ប្រិចភ្នែកញាប់ៗបន្លឺសំឡេងខ្សាវៗទាំងមិនអស់មិនហើយក្នុងចិត្ត៖

«ខ្ញុំមិនយល់ទេ…ម៉េចបានជាពូយ៉នវាយខ្ញុំម៉ាដំបងទៅវិញ?!»

«ចុះលោកគ្រូមានបានទៅដឹងឮរឿងអីមកខ្លះដែរទេ?!!»

ខ្ញុំងាកមុខទៅប្រសព្វនឹងកែវភ្នែកដ៏ខ្មៅក្រិប ដូចជាកូនម្រឹគរបស់អ្នកគ្រូណីកំពុងតែបាញ់ឆ្ពោះមករកខ្ញុំ ដែលហាក់ដូចជាបង្កើនទម្ងន់នៃចម្ងល់ទៅលើសំណួររបស់នាងអម្បាញ់មិញថែមទៀត។ ស្ដាប់ទៅវាដូចជាសំណួរសាមញ្ញធម្មតា ប៉ុន្តែខ្ញុំដូចជាមិនយល់សោះថាពាក្យ “រឿង” ដែលនាងនិយាយនោះគឺនាងសំដៅទៅលើរឿងអ្វី។

ខ្ញុំទម្លាក់ភ្នែកចុះ គិតសាចុះសាឡើងមួយសន្ទុះ ក៏នឹកឃើញដល់សម្ដីរបស់បងផាន់រ៉ានៅយប់នោះ ដែលបានបញ្ជាក់ប្រាប់ខ្ញុំថា គាត់បានឃើញពូយ៉នលឹបលចេញពីចម្ការដំឡូងដែលជាកន្លែងកប់សាកសពរបស់ប្អូនធាម។ នឹកទៅដល់រឿងនោះ ខ្ញុំក៏ភ្ញាក់ក្រញាងងើបមុខទៅសម្លឹងអ្នកគ្រូណីជាថ្មី ស្របពេលដែលនាងបន្លឺវាចាច្បាស់ៗម៉ាត់ៗជាថ្មីដែរ៖

«មិនមែនតែម្ដងហ្នឹងទេ ប៉ុន្តែកន្លងមកខ្ញុំបានឃើញឫកពាចម្លែកៗរបស់ពូយ៉នច្រើនដងមកហើយ! នៅល្ងាចមួយនោះ ខ្ញុំបានឃើញពូយ៉នទៅដល់ផ្ទះស្នាក់របស់លោកគ្រូ រួចហើយក៏ដើរក្រឡឹងជុំវិញម៉ូតូលោកគ្រូដែលចតចោលនៅខាងមុខផ្ទះស្នាក់ដោយការយកចិត្តទុកដាក់ប្លែក លុះក្រោយមកស្រាប់តែខ្ញុំបានឮដំណឹងថាលោកគ្រូផាន់រ៉ានិងលោកគ្រូនាយកគ្រោះថ្នាក់ចរាចរណ៍ រីឯម៉ូតូដែលពួកគាត់ជិះនោះបែរជាម៉ូតូរបស់លោកគ្រូទៅវិញ!!»

ប្រយោគពណ៌នាវែងអន្លាយនេះ បានរម្លឹកខ្ញុំដល់ថ្ងៃដែលពូយ៉នចូលទៅសុំទឹកខ្ញុំពិសា។ បើខ្ញុំស្មានមិនខុស ពេលដែលអ្នកគ្រូណីបានឃើញពូយ៉នដើរក្រឡឹងជុំវិញម៉ូតូខ្ញុំនោះ គឺជាពេលដែលខ្ញុំដើរចូលទៅក្នុងផ្ទះយកទឹកមកឱ្យពូយ៉នពិសានោះឯង។ នៅថ្ងៃនោះសូម្បីតែខ្ញុំផ្ទាល់ក៏ចម្លែកចិត្តនឹងប្រយោគប្លែកៗដែលពូយ៉នសួរនាំខ្ញុំដែរ ប៉ុន្តែដោយគិតថាគាត់សួរនាំខ្ញុំក្នុងន័យបារម្ភធម្មតា ទើបខ្ញុំមិនបានចាប់ភ្លឹក។

អាចទេដែលថាគាត់មានជាប់ពាក់ព័ន្ធនឹងរឿងឃាតកម្មប្អូនធាម ទើបធ្វើដូចជាមិនដឹងរឿង ហើយបង្វែរទិសដៅមកសួរនាំខ្ញុំ?! លុះក្រោយមកនៅពេលដែលគាត់បានដឹងថា ខ្ញុំនិងបងផាន់រ៉ាដឹងឮរឿងឃាតកម្មរបស់ប្អូនធាម គាត់ក៏មានបំណងចាត់ការខ្ញុំដើម្បីបំបិទមាត់ដែរ?!

បើដូច្នោះអាចទេដែលថារឿងគ្រោះថ្នាក់របស់បងផាន់រ៉ានោះមានជាប់ទាក់ទិនជាមួយនឹងគាត់?! គ្រប់យ៉ាងដូចជាស្ថិតនៅក្នុងសភាពស្រពេចស្រពិលរកកំណត់អ្វីឱ្យច្បាស់លាស់មិនបានឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយមនុស្សដែលខ្ញុំសង្ស័យខ្លាំងបំផុតនោះគឺជាពូយ៉នហ្នឹងឯង។

«មិនទាន់អស់ប៉ុណ្ណឹងទេ! កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ខ្ញុំភ្លេចទូរសព្ទនៅក្នុងថ្នាក់រៀន ទើបខ្ញុំត្រលប់ទៅយកវិញ! ល្ងាចនោះនៅសាលាមានសភាពស្ងាត់ជ្រងំ! ខ្ញុំប្រញាប់ចាក់សោចូលទៅយកទូរសព្ទ លុះរៀបនឹងត្រលប់ចេញមកវិញ ក៏ស្រាប់តែខ្ញុំបានឮសន្ធឹកជើងរត់ប្រដេញគ្នានិងសំឡេងស្រែករបស់ពូប្រម! ភ្លាមៗខ្ញុំក៏ប្រញាប់ទាញទ្វារបិទបង្ហើបទុកប្រឡោះតូចមួយដើម្បីលបមើល មិននឹកស្មានថាខ្ញុំបានឃើញពូយ៉នកំពុងរត់ដេញតាមពូប្រមទាំងប៉ផាត់ពភីង មិនដឹងជាគាត់មានបំណងអីនោះទេ! ចំណែកឯពូប្រមវិញ ដៃគាត់មានកាន់ក្រណាត់កញ្ចេសកញ្ចាស់រយេងរយោងរត់ត្រហេបត្រហបទាំងស្រែកថាខ្លាចហើយៗ! បន្ទាប់មកពូយ៉នក៏ដេញតាមទាន់ពូប្រម រួចក៏ប្រទាញប្រទង់ក្រណាត់អាវមួយនោះពីពូប្រមយ៉ាងដាច់អហង្ការទាំងបញ្ចេញទឹកមុខគួរឱ្យខ្លាច ព្រោះថាតាំងពីខ្ញុំស្គាល់ពូយ៉នមក គាត់មិនដែលបញ្ចេញអាការៈគួរឱ្យខ្លាចបែបហ្នឹងនោះទេ! បន្តមកទៀតពូប្រមក៏ដណ្ដើមបានក្រណាត់អាវនោះវិញ រួចគាត់ក៏ស្ទុះរត់ទៅក្រោយល្វែងអគារសាលាបាត់ទៅ!…ប៉ុន្តែអ្វីដែលខ្ញុំចាំបានមិនភ្លេចនោះគឺ ក្រណាត់មួយផ្ទាំងនេះគឺប្រហាក់ប្រហែលទៅនឹងក្រណាត់អាវដែលពូយ៉ននិងពូប្រមប្រទាញប្រទង់គ្នានៅល្ងាចថ្ងៃនោះដែរ!!»

អ្នកគ្រូណីបញ្ចប់ប្រយោគ ទាំងលើកបង្ហាញខ្ញុំនូវក្រណាត់ការ៉ូទំហំប៉ុនបាតដៃខ្ចប់នៅក្នុងថង់ប្លាស្ទិក ដែលខ្ញុំស្គាល់ជាក់ថាជាក្រណាត់ដែលបងផាន់រ៉ាបានមកពីក្នុងដៃសពនោះ។ ខ្ញុំស្រឡាំងកាំងបញ្ឈរភ្នែកសម្លឹងក្រណាត់ក្នុងដៃរបស់អ្នកគ្រូណីសឹងតែភ្លេចដកដង្ហើម។ ខ្ញុំវង្វេងវង្វាន់អស់ហើយ។ ក្រែងខ្ញុំទុកក្រណាត់នេះនៅឯផ្ទះស្នាក់មិនថាអ៊ីចឹងអ្ហេស? ប៉ុន្តែនេះ…

«នេះ…ម៉េចបានជាក្រណាត់ហ្នឹងទៅនៅជាមួយអ្នកគ្រូទៅវិញ?!»

អ្នកគ្រូណីសម្លឹងខ្ញុំស្លឺមុននឹងបន្លឺវាចាមួយៗរបៀបស្ទាបស្ទង់៖

«លោកគ្រូធ្លាប់បានឃើញក្រណាត់នេះអ្ហេស?!!…គឺខ្ញុំរើសវាបាននៅតាមរងដំឡូងនៅពេលដែលខ្ញុំដើរចូលទៅរកលោកគ្រូនៅក្នុងចម្ការដំឡូងនោះ!!»

ខ្ញុំបុកពោះភឹប។ ម៉េចនឹងអាចទៅរួចបានទៅ! ឬក៏ក្រណាត់ក្នុងដៃរបស់អ្នកគ្រូណីនៅពេលនេះ គឺជាក្រណាត់មួយផ្ទាំងផ្សេងទៀត?! ប៉ុន្តែខ្ញុំពិតជាចាំបានមិនច្រឡំពិតមែនថា ក្រណាត់មួយផ្ទាំងប៉ុនបាតដៃនៅពីមុខខ្ញុំនេះគឺជាក្រណាត់ដែលខ្ញុំបានមកពីបងផាន់រ៉ាដោយចៃដន្យនោះពិតមែន។ ចំណែកឯក្រណាត់អាវមួយផ្ទាំងទៀត ដែលខ្ញុំរើសបានពីក្រោយថ្នាក់រៀនក៏ខ្ញុំបានទុកវានៅឯផ្ទះស្នាក់ផងដែរ។

មែនហើយ! ក្រណាត់អាវ! បេះដូងខ្ញុំលោតឌឹបៗពេលនឹកដល់ឃើញសម្ដីអ្នកគ្រូណីមុននេះ។ បើអ្នកគ្រូណីអះអាងថា ក្រណាត់មួយផ្ទាំងតូចនេះ ដូចគ្នាទៅនឹងក្រណាត់អាវដែលពូប្រមនាំរត់យកទៅក្រោយល្វែងអគារសាលាដើម្បីគេចពីការដណ្ដើមរបស់ពូយ៉ន ប្រាកដណាស់ថាក្រណាត់អាវនោះ ច្បាស់ជាក្រណាត់ដែលខ្ញុំរើសបាននោះជាមិនខាន ព្រោះថ្ងៃដែលខ្ញុំរើសបានក្រណាត់អាវនោះដោយចៃដន្យបន្ទាប់ពីឃើញពូប្រមរត់ទៅក្រោយថ្នាក់នោះ គឺវាជាថ្ងៃសុក្រមុនថ្ងៃដែលអ្នកគ្រូណីបានឃើញពូប្រមនិងពូយ៉នរត់ប្រដេញដណ្ដើមក្រណាត់អាវគ្នា។

«ប្រាប់ខ្ញុំមកថាលោកគ្រូបានដឹងរឿងអ្វីមកខ្លះ? លោកគ្រូក៏សង្ស័យពូយ៉នថាមានជាប់ពាក់ព័ន្ធនឹងរឿងឃាតកម្មប្អូនធាមដែរមែនទេ?!»

ខ្ញុំភាំងជាថ្មីដូចមនុស្សជាប់ជីពចរ។ ដោយសន្សឹមៗខ្ញុំក៏សម្រួលទឹកមុខស្រដីមួយៗទាំងរដាក់រដុប៖

«ម៉េច…ម៉េចបានជាអ្នកគ្រូសួរខ្ញុំបែបហ្នឹង?!»

«គឺខ្ញុំក៏ដូចជាលោកគ្រូ! ខ្ញុំបានដឹងរឿងផ្សេងៗទៀតពាក់ព័ន្ធនឹងពិរុទ្ធដ៏គួរឱ្យសង្ស័យរបស់ពូយ៉នលើសពីអ្វីដែលខ្ញុំនិយាយប្រាប់លោកគ្រូមុននេះ! ខ្ញុំជឿជាក់ថាបើពួកយើងរួមដៃគ្នា យើងច្បាស់ជាអាចបញ្ជាក់បានជាក់ជាមិនខានថាពូយ៉នមានជាប់ពាក់ព័ន្ធនឹងរឿងឃាតកម្មរបស់ប្អូនធាមដែរឬក៏អត់!!»

ឮប្រយោគនេះហើយ ខ្ញុំក៏រេភ្នែកសម្លឹងអ្នកគ្រូណីទាំងពាំនាំនូវការរិះគិតចាក់ស្រែះដូចអំបោះជំពាក់មុខ។

…………………

នៅផ្ទះស្នាក់គ្រូបង្រៀន…

ខ្ញុំជិះម៉ូតូពីផ្ទះអ្នកគ្រូណី មកដល់ផ្ទះស្នាក់ប្រហែលជាម៉ោងជាង៩យប់។

ការពិតទៅខ្ញុំមិនទាន់ចង់ត្រលប់មកផ្ទះស្នាក់វិញទេ ដោយហេតុថាខ្ញុំបារម្ភពីអ្នកគ្រូណីនិងសាវលីដែលនៅផ្ទះតែពីរនាក់បងប្អូន ព្រោះតែឪពុកម្ដាយនាងរវល់ទៅធ្វើបុណ្យបងប្អូននៅឯទីរួមស្រុក។ ទោះបីជាយ៉ាងណា បើខ្ញុំបន្តនៅផ្ទះអ្នកគ្រូណីដល់យប់ជ្រៅនោះ ច្បាស់ជាមិនសមភ្នែកអ្នកភូមិ នាំតែគេយកឈ្មោះនាងទៅនិយាយនិន្ទាបង្កាច់បង្ខូចខុសពីការពិតទទេៗ។

ខ្ញុំហូបបាយល្ងាចនៅផ្ទះអ្នកគ្រូណីរួចរាល់ ដូច្នេះគ្រាន់តែមកដល់ផ្ទះភ្លាម ខ្ញុំក៏ប្រញាប់រូតរះងូតទឹកសម្អាតខ្លួនស្រេចបាច់ រួចក៏ម្នីម្នារើរកក្រណាត់អាវដែលខ្ញុំរើសបាននៅសាលានោះយ៉ាងតក់ក្រហល់។ ខ្ញុំកកូរកកាយត្រង់កន្លែងដែលខ្ញុំបានទុកក្រណាត់អាវមួយនោះ ប៉ុន្តែបែរជាមិនប្រទះសូម្បីតែស្រមោលក្រណាត់អាវនោះទៅវិញ។

ខ្ញុំក៏ចាប់ផ្ដើមបែកញើសស្រាក់ៗ ទាំងមានអារម្មណ៍ច្រាស់ច្រាល់ដូចមាន់រកពង។ ដៃទាំងពីរគិតតែប្រឹងរើនេះរើនោះខណៈភ្នែកទាំងគូកំពុងមីរដេរដាស សម្លឹងរកមើលក្រណាត់អាវដែលជាព័ស្តុតាងដ៏សំខាន់ក្នុងការវែកមុខរកឃាតករសម្លាប់ប្អូនធាម។ មិនអស់ចិត្ត ខ្ញុំក៏ដើររកគ្រប់ច្រកល្ហកនៅក្នុងបន្ទប់ មិនថាតែនៅលើគ្រែ ក្រោមគ្រែ លើតុ ក្នុងទូ ប៉ុន្តែនៅតែមិនប្រទះក្រណាត់អាវនោះទាល់តែសោះ។

«ចុះក្រណាត់អាវនោះបាត់ស្រមោលបានយ៉ាងម៉េច?» កំពុងតែចលាចលឆ្លាឡើងឆ្លាចុះក៏ស្រាប់តែ…

តុកៗៗ!!

ខ្ញុំភ្ញាក់ប្រហោងពោះធ្លុង ផ្អាកសកម្មភាពរេភ្នែកសម្លឹងទៅទ្វារបន្ទប់។ សន្សឹមៗខ្ញុំក៏បង្កោងខ្លួនទៅចុចបើកទូរសព្ទនៅលើគ្រែគេង ឃើញម៉ោងជាង១១យប់នៅលើ screen ទូរសព្ទទៅហើយ។ ឃើញបែបនេះ ខ្ញុំក៏លួចរអ៊ូតិចៗ

«ចុះនរណាមករកស្អីទាំងយប់ថ្មើរណេះ?» កំពុងតែនឹកឆ្ងល់មិនអស់មិនហើយ ស្រាប់តែភ្លាមនោះសំឡេងគោះទ្វារយ៉ាងរន្ថាន់ក៏បណ្ដើរឡើងមកជាប់គ្នារដឹកជាថ្មីម្ដងទៀត។ លើកនេះខ្ញុំក៏ដាច់ចិត្តស្រែកសួរពីចម្ងាយបីដូចជាមនុស្សគ្មានសុជីវធម៌តែម្ដង៖

«អ្នកណាគេមករកអីដែរ?!»

ស្ងាត់ឈឹង! មិនឮសូម្បីតែសំឡេងសន្ធឹកខ្យល់ឬក៏សំឡេងសត្វយំ។ ម៉េចបានជាស្ងាត់ចម្លែកបែបនេះ? មែនហើយ! ខ្ញុំវិះនឹងភ្លេចទៅថា បងផាន់រ៉ាសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្ត ដូច្នេះខ្ញុំនៅផ្ទះស្នាក់នេះតែម្នាក់ឯងគត់ ហើយនៅជុំវិញផ្ទះស្នាក់ខ្ញុំគឺជាចម្ការដំឡូងដាច់ប៉ែកពីផ្ទះអ្នកស្រុកឆ្ងាយគួរសមដែរ ដូច្នេះបើមិនស្ងាត់ទើបវាចម្លែក។

ប៉ុន្តែរឿងចម្លែកដែលខ្ញុំសំដៅដល់គឺជារឿងសំឡេងគោះទ្វារដែលខ្ញុំបានឮហើយគ្មានសញ្ញាឆ្លើយតបនោះទៅវិញទេ។ ឬមួយក៏ខ្ញុំស្ដាប់ច្រឡំដោយខ្លួនឯងទេដឹង? ខ្ញុំឈរទ្រឹងសម្លឹងទៅទ្វារមួយស្របក់ទាំងផ្ទៀងត្រចៀកស្ដាប់សំឡេងឆ្លើយតបនិងសំឡេងគោះជាថ្មីម្ដងទៀត។ លុះមិនបានឮសំឡេងអ្វីទៀត ខ្ញុំក៏គ្រវីក្បាលបំបែរខ្លួនទៅកកូរកកាយរកមើលក្រណាត់អាវជំនួសវិញ។ មួយរំពេចនោះខ្ញុំដូចជាមានអារម្មណ៍ព្រឺសម្បុរខ្ញាក ពេលនឹកដល់រឿងខ្មោចសង្កត់បងផាន់រ៉ាកាលពីយប់នោះ។

ភ្លាមៗខ្ញុំក៏អាក់សកម្មភាពជាថ្មីនៅពេលដែលអារម្មណ៍របស់ខ្ញុំប្រាប់ថា មានក្រសែភ្នែកចម្លែកកំពុងសម្លឹងមកខ្ញុំ។ ខ្ញុំព្យាយាមពង្រឹងស្មារតីបន្តរើកកាយរកក្រណាត់អាវទៀត ប៉ុន្តែម្ដងនេះសោតវិញ្ញាណរបស់ខ្ញុំហាក់ដូចជាអាចកំណត់បាននូវសម្រឹបជើងដ៏ស្រាលស្ងើក ដែលកំពុងតែធ្វើដំណើរមួយៗចូលមកជិតខ្ញុំកាន់តែខ្លាំងឡើងៗ។

វឹប!! ខ្ញុំក្រឡេកទៅក្រោយអស់ទំហឹង បែរជាប្រទះនឹងទិដ្ឋភាពទទេស្អាតគ្មានអ្វីខុសប្រក្រតីទៅវិញ។ ខ្ញុំលេបទឹកមាត់ក្អឹក រេភ្នែកក្រឡឹងឆ្វេងស្ដាំលើក្រោមមួយស្របក់ ទើបដាច់ចិត្តបែរខ្លួនមកបន្តសកម្មភាពកកូរកកាយជាថ្មី។ ដោយមិនបានត្រៀមទុក ស្រាប់តែក្រណាត់អ្វីក៏មិនដឹងលមកទាក់កខ្ញុំអស់ទំហឹង។ ស្របពេលនោះដែរ ចលនារេផ្លិចរបស់ខ្ញុំ ក៏បញ្ជាដៃទាំងសងខាងរបស់ខ្ញុំខ្ទាស់ក្រណាត់នោះជាប់ទាំងប្រដាក់ប្រដឺត ប្រឹងបន្លឺសំឡេងទាំងតក់ស្លុតដាច់ៗ៖

«លែង!! ចង់…ចង់ធ្វើស្អី?!…លែង!!»

ភ្លាមនោះដៃមាំមួយក៏យកក្រណាត់រវ័ណ្ឌកខ្ញុំមួយជុំទៀត ដែលជាហេតុធ្វើឱ្យខ្ញុំដឹងថាជនអនាមិកនេះមានចេតនារឹតកខ្ញុំសម្លាប់តែម្ដង។

ប៉ុន្តែ…ប៉ុន្តែម៉េចក៏អាចទៅរួច?!! ខ្ញុំចាំបានថាខ្ញុំចាក់គន្លឹះទ្វារយ៉ាងជាប់ពេលមកដល់ផ្ទះស្នាក់ភ្លាម ហើយមុខនេះទៀតសោត នៅពេលដែលឮសំឡេងគោះទ្វារ ខ្ញុំក៏មិនបានបើកគន្លឹះដែរ ប៉ុន្តែហេតុអី…ហេតុអីក៏គេចូលមកក្នុងផ្ទះស្នាក់ខ្ញុំបានទៅវិញ?! កម្លាំងដ៏ខ្លាំងខំប្រឹងទាញចុងក្រណាត់ចេញពីគ្នាក្នុងគោលបំណងផ្ដាច់យកជីវិតខ្ញុំឱ្យខានតែបាន ខណៈខ្ញុំឯណេះប្រឹងបញ្ចេញកម្លាំងទាញក្រណាត់នោះពីករបស់ខ្ញុំ ត្រដរស្រែកម្ហបៗទាំងស្ទះខ្យល់ម្ដងៗ៖

«ឯង!…ឯងជានរណា?…ជួយ…ជួយផង!!»

ខ្ញុំបើកភ្នែកក្រឡោត ពេលសម្លឹងឃើញជាយក្រណាត់ដែលកំពុងរឹតកខ្ញុំ ព្រោះតែវាគឺជាក្រណាត់អាវក្រឡាការ៉ូដែលខ្ញុំកំពុងរើរុះអីវ៉ាន់រកនោះឯង។ ខ្ញុំវិលវល់អស់ហើយ។ ឬក៏មនុស្សដែលប៉ុនប៉ងសម្លាប់ខ្ញុំនេះ បានលបចូលមកក្នុងផ្ទះរបស់ខ្ញុំ ហើយលួចយកក្រណាត់អាវនោះ ត្រៀមខ្លួនរួចជាស្រេចដើម្បីរឹតកសម្លាប់ខ្ញុំ?!

ខ្ញុំបែកញើសប៉ុនៗគ្រាប់ពោតជោកអស់ទាំងផ្ទៃមុខ មាត់ខំប្រឹងស្រែករកជំនួយម្ហបៗ ជើងទាំងគូប្រឹងទធាក់សាបទៅមក ខណៈដៃទាំងពីរលេចចេញនូវសរសៃរវីមរវាមប្រឹងទាញខ្ទាស់ក្រណាត់អាវនោះឱ្យឃ្លាតចេញពីក ដើម្បីអាចដកដង្ហើមនិងស្រែករកជំនួយបានខ្លះៗ។

«ជួយ…ជួយខ្ញុំផង…ជួយផង…!!»

ម្ដងនេះកម្លាំងដៃនោះក៏កន្ត្រាក់ក្រណាត់អាវដែលកំពុងរឹតកខ្ញុំ ផ្ដួលខ្ញុំទៅលើសាប រួចហើយក៏លើកម្រាមដៃទាំងពីរមកច្របាច់កខ្ញុំយ៉ាងរហ័សសឹងតែមើលមិនទាន់។

ខ្ញុំក៏ប្រកាច់ខ្លួននៅលើសាបដូចត្រីរ៉ស់ដែលគេសំពងមួយដំបង ភ្នែកទាំងគូដិតដាមដោយទឹកភ្នែក ខំប្រឹងសម្លឹងមើលមុខជនដៃដល់ឱ្យបានច្បាស់ ប៉ុន្តែអកុសលជននោះបានហ៊ុមមុខជិត ដែលអនុញ្ញាតឱ្យខ្ញុំបានមើលឃើញតែកែវភ្នែកចងអាឃាតររបស់ជននោះសម្លឹងមកខ្ញុំដូចចង់ស៊ីសាច់ហុតឈាមតែប៉ុណ្ណោះ។

ខ្ញុំប្រឹងរើកញ្ជ្រោល ដៃទាំងសងខាងប្រឹងប្រវេប្រវាក្ដាប់កំពួនដៃជនអនាមិក ដើម្បីជម្នះទាញដៃរបស់គេចេញពីករបស់ខ្ញុំ តែទោះបីជាយ៉ាងណាខ្ញុំពិតជាមិនអាចយកឈ្នះកម្លាំងដ៏ខ្លាំងក្លាខុសពីធម្មតារបស់គេបាននោះឡើយ។ សន្សឹមៗភ្នែករបស់ខ្ញុំប្រែជាស្រវាំង ខណៈខ្ញុំកាន់តែមានអារម្មណ៍ថាថប់ខ្យល់កាន់តែខ្លាំងឡើងៗ ហើយនៅទីបំផុតខ្ញុំក៏…

ប្រាវ!!!

«អូយយយ!!!»

«ហ៊ឺកកកកក…អស់ៗៗៗ (សំឡេងក្អកដង្ហក់)!!»

ខ្ញុំក្អកដង្ហក់សឹងតែដាច់ខ្យល់ ស្របពេលដែលភ្នែកទាំងគូរេសម្លឹងឃាតករដែលប៉ុនប៉ងឆក់យកជីវីតរបស់ខ្ញុំ កំពុងយកដៃក្ដោបក្បាលដួលដេកទៅម្ខាងព្រោះតែខ្ញុំស្រវាបានទាំងត្រដាបត្រដួលនូវកែវផឹកទឹកដែលខ្ញុំដាក់ចោលនៅលើគ្រែហើយក៏បោកបំបែកក្បាលវាមួយទំហឹងអម្បាញ់មិញ។

ខ្ញុំខំប្រឹងច្រត់ដៃងើបខ្លួនពីលើសាបទាំងតក់ស្លុត ពេលប្រទះឃើញឈាមស្រស់ហូរចេញពីក្បាលរបស់ជនអនាមិកតក់ចុះទៅលើសាបក្រហមឆ្អិនឆ្អៅ ដំណាលគ្នានឹងសំឡេងថ្ងូរគ្រហឹមឈឺចាប់របស់វា។ ភ្លាមនោះស្រាប់តែឃាតករសាមាន្យក៏ស្ទុះមកសង្គ្រប់ខ្ញុំដោយអំណាចភ្លើងទោសៈជាថ្មីម្ដងទៀត។

ខ្ញុំដែលខំប្រឹងងើបទាំងត្រដាបត្រដួសអម្បាញ់មិញក៏ត្រូវបានវាច្របាច់កជាថ្មី។ ម្ដងនេះឈាមក្រហមស្រស់របស់វាក៏បានហូរតក់មកលើមុខខ្ញុំតែម្ដង។ ក្នុងសភាពដ៏ប្រថុចញ៉ុចនេះ ខ្ញុំខំប្រឹងរើកញ្ជ្រោលអស់កម្លាំងជាថ្មី រួចហើយក៏គ្រវាសដៃកន្ត្រាក់ទាញក្រណាត់ហ៊ុមមុខរបស់វាអស់ទំហឹង។ នៅពេលនេះខ្ញុំកំពុងតែបើកភ្នែកក្រឡោត បេះដូងលោតកញ្ជ្រោលសឹងតែផ្ទុះចេញមកក្រៅ មាត់ក៏ប្រែជាញ័រចំប្រប់ ពីព្រោះជនដែលនៅចំពោះមុខខ្ញុំនេះគឺ…

«ពូ…ពូយ៉ន…?!!»

ខ្ញុំបន្លឺសំឡេងដាច់ៗ ខណៈដែលពូយ៉នមានទឹកមុខកាចសាហាវសម្លក់ខ្ញុំដោយកែវភ្នែកក្រហមតែត រួចគាត់ក៏បញ្ចេញកម្លាំងច្របាច់កខ្ញុំកាន់តែខ្លាំងជាងមុខទ្វេដង។ ចំណែកខ្ញុំវិញ កម្លាំងក៏កាន់តែខ្សត់ខ្សោយទៅៗ ស្របពេលដែលទឹកភ្នែកក៏ហូរចុះមកធ្វើឱ្យទិដ្ឋភាពទឹកមុខដ៏សែនព្រៃផ្សៃរបស់ពូយ៉នក៏កាន់តែព្រាលៗទៅ។

ការមិនស្មានដល់ និងចម្ងល់រាប់ម៉ឺនសែនក៏លេចអណ្ដែតមកក្នុងខួរក្បាលរបស់ខ្ញុំ ស្របគ្នានឹងចង្វាក់ដង្ហើមរបស់ខ្ញុំក៏កាន់តែខ្សោយៗទៅរហូតដល់…

«លោកគ្រូ! លោកគ្រូ!!»

«ហ៊ឺកកកកក!!!»

ខ្ញុំស្ទុះក្រោកពីគ្រែភីងទាំងក្អកដង្ហក់សឹងតែដកដង្ហើមមិនដល់គ្នា។ ពន្លឺព្រះអាទិត្យដែលចាំងឆ្លុះពីប្រហោងជញ្ជាំងចូលមកក្នុងផ្ទះស្នាក់ អាចឱ្យខ្ញុំកំណត់បានថាឥឡូវនេះគឺជាពេលព្រឹក។ ដូច្នេះមានន័យថា មុននេះខ្ញុំយល់សប្ដិអ្ហេស?! ខ្ញុំយកដៃជ្រងសក់ដែលពោរពេញទៅដោយញើស រួចក៏ប្រែជាស្រឡាំងកាំងយកដៃស្ទាបកខ្លួនឯងចុះឡើងទាំងបេះដូងកំពុងលោតឌឹបៗ សឹងតែផ្ទុះចេញមកក្រៅពេលនឹកដល់រឿងយល់សប្ដិដ៏គួរឱ្យរន្ធត់អម្បាញ់មិញ។ ភ្លាមនោះក៏ស្រាប់តែសំឡេងគោះទ្វារប្រាកដមកព្រមគ្នានឹងសំឡេងស្រែកហៅ៖

តុកៗៗ!!!

«លោកគ្រូ! លោកគ្រូនៅដែរអត់?!»

«មីងឱក?!»

ខ្ញុំឧទានតិចៗទាំងចោលភ្នែកសម្លឹងទៅទ្វារ។ មែនហើយ! ថ្ងៃនេះគឺជាថ្ងៃអាទិត្យ ដូច្នេះមីងឱកច្បាស់ជាយកនំចំណីអាហារពេលព្រឹកមកឱ្យខ្ញុំដូចសព្វដងជាក់ជាមិនខាន។ នឹកឃើញបែបនេះ ខ្ញុំក៏សម្រួលបំពង់កឆ្លើយតបទៅកាន់គាត់៖

«បាទមីង!!»

នៅខាងមុខផ្ទះស្នាក់…

«ហ៊ឺមមីង! មើលចុះរំខានមីងទៀតហើយ!»ខ្ញុំនិយាយគួរសមទៅមីងឱកបណ្ដើរ ទាំងលើកស្រាក់ដែលមីងឱកយកមកឱ្យខ្ញុំរេចុះឡើងមើលបណ្ដើរផង។ ឯមីងឱកក៏ញញឹមទទួលដូចសព្វមួយដង៖

«ហ៊ឺ…មិនរំខានអីទេលោកគ្រូ!! អ៎ហើយនិយាយអ៊ីចឹង…លោកគ្រូផាន់រ៉ាអត់នៅ លោកគ្រូសម្រាន្តតែឯង អត់មានបញ្ហាអីណាអ្ហី?!»

ខ្ញុំទ្រឹងបន្តិច ទើបញញឹមដាក់មីងឱកទាំងមិនសូវសម៖

«អត់…អត់អីទេមីង! សុខសប្បាយអីធម្មតាហ្នឹងមីង!!»

«ចាស៎លោកគ្រូ! ហើយចុះលោកគ្រូផាន់រ៉ាឯណុះសុខទុក្ខយ៉ាងណាយ៉ាងណីហើយលោកគ្រូ?»

«បាទមីង! គាត់រាងធូរច្រើនហើយមីង! ប៉ុន្តែប្រហែលនៅសម្រាកនៅឯពេទ្យហ្នឹងយូរទៀតដែរ ព្រោះអីខ្ញុំទៅសួរសុខទុក្ខគាត់ពីម្សិល គាត់ប្រាប់ថានៅចាំឱ្យពេទ្យដកដែកចេញពីជើងគាត់សិនមីង!!»

«ចាស៎លោកគ្រូ!! (មីងឱកក៏បន្ធូរដង្ហើមបន្តិច) ហ៊ឺម…មីងឯណេះអត់បានឡើងទៅសួរសុខទុក្ខគាត់សោះ តែយ៉ាងណាៗជូនពរឱ្យលោកគ្រូផាន់រ៉ាជាឆាប់ៗ! អ៊ឺ…អ៊ីចឹងមីងលប់(ត្រលប់)ទៅវិញសិនហើយណ៎ះ ព្រោះអីថារកទៅសួរសុខទុក្ខមីកាយ៉ែនកូនលោកបងយ៉ននៅមណ្ឌលសុខភាពឃុំបន្តិច!!»

និយាយដល់រឿងស្រីយ៉ែន ខ្ញុំក៏ប្រញាប់ឈ្លេចសួរមីងឱកភ្លាមៗ៖

«និយាយអ៊ីចឹងស្រីយ៉ែនម៉េចហើយមីង?!!»

«អ៎!…គេនាំគ្នាជួយដឹកវាទៅពេទ្យឃុំតាំងពីល្ងាច បន្ទាប់ពីឡានកៀរវាហ្នឹងម៉េះ! ឥឡូវឮថាវានៅដេកសម្រាកនៅមណ្ឌលសុខភាពឃុំហ្នឹងឡើយទេ!!»

«ចុះស្រីយ៉ែនត្រូវអីធ្ងន់ធ្ងរអត់មីង?!»

មកដល់ត្រឹមនេះ ស្រាប់តែមីងឱករេក្រសែភ្នែកមកសម្លឹងខ្ញុំដោយអាការៈស្ទាក់ស្ទើរហាក់ដូចជាចង់និយាយប្រាប់ខ្ញុំបន្តិចអត់បន្តិចយ៉ាងម៉េចក៏មិនដឹង។

……………………

ព្រឹកថ្ងៃចន្ទនៅសាលារៀន…

«ស្រីយ៉ែនហ្នឹងអ្ហេសមានសភាពដូចមនុស្សរលូតកូន?!»

អ្នកគ្រូណីស្រដីមកកាន់ខ្ញុំទាំងបើកភ្នែកក្រឡង់ធ្វើឱ្យខ្ញុំដូចជារឹងខ្លួនប្លែក។ ឆ្លៀតឱកាសម៉ោងចេញលេងដ៏ប្រថុចញ៉ុចនេះ ខ្ញុំក៏ប្រញាប់រៀបរាប់ប្រាប់អ្នកគ្រូណីមួយៗទៅតាមដំណើររឿង៖

«បាទ! កាលពីព្រឹកម្សិលមិញខ្ញុំបានសួរមីងឱកពីអាការៈស្រីយ៉ែន មីងឱកក៏ប្រាប់ខ្ញុំថាគាត់បានឃើញស្រីយ៉ែនចេញមកពីចម្ការដំឡូងដោយចៃដន្យ ស្រាប់តែវ៉ាក់គ្នាជាមួយនឹងឡានធំ រួចក៏ត្រូវឡាននោះបើកកៀរដួលទាំងជំហរនៅចំហៀងផ្លូវ!…ស្រីយ៉ែនក៏យកដៃក្ដោបពោះស្រែកថ្ងូរប្រកាច់ប្រកិន លុះក្រោយមកគាត់ក៏បានឃើញឈាមហូរជោកខោស្រីយ៉ែន!…ខ្ញុំក៏មិនសូវយល់ពីអាការៈអស់ហ្នឹងដែរ…ប៉ុន្តែមីងឱកបានប្រាប់ខ្ញុំថា…ស្រីយ៉ែនមានអាការៈដូចមនុស្សស្រីរលូតកូន!!»

អ្នកគ្រូណីក៏ប្រែទឹកមុខទៅជាចងចិញ្ចើមចូលគ្នា៖

«រលូតកូនបានយ៉ាងម៉េច បើស្រីយ៉ែនមិនទាន់មានប្ដីផងហ្នឹង?! ប៉ុន្តែត្រូវហើយ! កាលពីល្ងាចនោះនៅពេលដែលខ្ញុំទៅយកម៉ូតូត្រលប់មកផ្ទះវិញ ខ្ញុំបានឃើញពូយ៉នយំឱបស្រីយ៉ែនដែលកំពុងដេកសន្លប់នោះបានមួយភ្លែតដែរ រួចក៏មានគេឌុបនាងយកទៅពេទ្យបាត់ទៅ!…បើតាមដែលខ្ញុំចាំ ពេលនោះស្រីយ៉ែនមើលទៅដូចជាស្លេកស្លាំងខ្សោយកម្លាំងខ្លាំងណាស់!»

«ឬក៏ត្រីឆ្តោស៊ីកូនឯង?!»

អ្នកគ្រូណីងាកមកសម្លឹងខ្ញុំចង់គ្រេចក មុននឹងបន្លឺវាចាខ្សាវៗទាំងទឹកមុខស្រឡាំងកាំង៖

«លោកគ្រូចង់មានន័យថា…ពូយ៉នហ្នឹង…»

ខ្ញុំសម្រួលអាការៈរេភ្នែកទៅសម្លឹងកូនសិស្សរត់លេងបន្លែងគ្នាបន្តិច ទើបគ្រលៀសសម្ដីមួយៗ៖

«ខ្ញុំមិនគួរណានិយាយអ៊ីចឹងនៅចំពោះមុខអ្នកគ្រូសោះ!  មែនទែនទៅខ្ញុំក៏មិនហ៊ានសន្និដ្ឋានថាអ៊ីចឹងដែរ…គ្រាន់តែថា បើរឿងដែលស្រីយ៉ែនរលូតកូននោះគឺជារឿងពិត…ខ្ញុំដូចជារកនឹកមិនឃើញសោះថា ស្រីយ៉ែនទៅមានទម្ងន់ជាមួយនឹងនរណាព្រោះស្រីយ៉ែនមើលទៅគឺជាក្មេងស្រីជំទង់ម្នាក់សុភាពរាបសាល្អណាស់!!»

«លោកគ្រូកុំទាន់អាលថា! ក្មេងៗសម័យឥឡូវយើងមើលមិនដឹងទេ! បើគិតទៅមានក្មេងស្រីជំទង់តិចណាស់អ្ហេស ដែលមានទម្ងន់នៅអាយុ១៥-១៦ឆ្នាំ!!»

«ប៉ុន្តែរឿងមួយទៀតដែលខ្ញុំចម្លែកចិត្ត  គឺមីងឱកបាននិយាយថាគាត់បានឃើញស្រីយ៉ែនរត់ចេញមកពីចម្ការដំឡូងរួចក៏ត្រូវឡានកៀរ! បើដូច្នេះការដែលខ្ញុំបានឃើញស្រីយ៉ែនរត់ចូលទៅក្នុងចម្ការដំឡូងមុនពេលកើតហេតុ គឺមានន័យថាខ្ញុំមិនបានស្រវាំងភ្នែកនោះទេ! ដោយសារតែឃើញស្រីយ៉ែនរត់ចូលក្នុងចម្ការដំឡូងហ្នឹងឯង ទើបខ្ញុំឈប់ម៉ូតូចូលតាមទៅរកនាង…ក្រោយមកខ្ញុំក៏ត្រូវ…»

«លោកគ្រូក៏ត្រូវពូយ៉នវាយសន្លប់! ប៉ុន្តែ…ម៉េចក៏រឿងរ៉ាវគ្រប់យ៉ាងទៅរញ៉េរញ៉ៃដល់ថ្នាក់ហ្នឹង? បើសិនជាពូយ៉នមានជាប់ទាក់ទិននឹងរឿងឃាតកម្មប្អូនធាមពិតមែន អ៊ីចឹងតើវាទៅពាក់ព័ន្ធអីនឹងរឿងស្រីយ៉ែនមានទម្ងន់?!!»

ខ្ញុំគ្រវីក្បាលតិចៗព្រោះខ្ញុំក៏ទាល់តម្រិះដូចគ្នា។ ភ្លាមនោះអ្នកគ្រូណីក៏បន្តបន្លឺវាចាស្រួយស្រែស៖

«នៅមានរឿងក្រណាត់ទំហំប៉ុនបាតដៃដូចគ្នាទៅនឹងក្រណាត់អាវ ដែលលោកគ្រូបានរៀបរាប់លម្អិតប្រាប់ខ្ញុំកាលពីយប់នោះទៀត! (អ្នកគ្រូណីងាកមកសម្លឹងខ្ញុំភ្លែត) និយាយអ៊ីចឹងលោកគ្រូរកឃើញក្រណាត់អាវនោះដែរអត់?!»

ខ្ញុំងាកទៅសម្លឹងអ្នកគ្រូណីបន្តិច ទើបងក់ក្បាលយឺតៗនិយាយច្បាស់ៗ៖

«បាទរកឃើញ!!»

«ល្អណាស់! បើចឹងយើងអាចនឹងមានព័ស្តុតាងយកទៅឱ្យពូប៉ែនហើយ!»

«កាលពីយប់មិញខ្ញុំយល់សប្ដិឃើញពូយ៉នចង់សម្លាប់ខ្ញុំ!!»

ខ្ញុំនិយាយដោយសំឡេងស្រាលស្ងើក ខុសស្រឡះពីប្រតិកម្មរបស់អ្នកគ្រូណី។ នាងបែរជារន្ថាន់សួរនាំខ្ញុំដោយការយកចិត្តទុកដាក់បើទោះជាវាគ្រាន់តែជារឿងយល់សប្ដិក៏ដោយ៖

«យល់សប្ដិ?! លោកគ្រូយល់សប្ដិយ៉ាងម៉េចខ្លះ?!»

«អ្នកគ្រូ!! អ្នកគ្រូ!!»

មកដល់ត្រឹមនេះកូនសិស្សស្រីតូចម្នាក់ ក៏ស្រែកហៅអ្នកគ្រូណីទាំងរត់រ៉ុយតម្រង់មករកនាងកាត់ផ្ដាច់នូវបទសន្ទនាគ្រប់យ៉ាងរវាងខ្ញុំនិងនាង។ មួយស្របក់ក្រោយមកបន្ទាប់ពីអ្នកគ្រូណីអស់ធុរៈជាមួយនឹងកូនសិស្សស្រីនោះ ខ្ញុំក៏ចាប់ផ្ដើមនិយាយរឿងថ្មីទាំងរេភ្នែកឆ្វេងស្ដាំសម្លឹងទិដ្ឋភាពក្នុងសាលា៖

«ព្រឹកនេះដូចជាមិនឃើញពូប្រម!!»

សម្ដីរបស់ខ្ញុំក៏បានទាក់ទាញក្រសែភ្នែកអ្នកគ្រូណីឱ្យសម្លឹងរំពៃឆ្វេងស្ដាំដូចគ្នា។ ពិតមែនហើយ! ព្រឹកនេះដូចជាបាត់ពូប្រមឈឹង ទាំងដែលសព្វដងនៅពេលដែលខ្ញុំមកសាលា យ៉ាងហោចណាស់ខ្ញុំក៏បានឃើញពូប្រមយួរអីវ៉ាន់សំពីងសំពោងដើរទៅដើរមកម្ដងទៅពីរដងដែរ។ ប៉ុន្តែព្រឹកនេះម៉េចបានជាមិនឃើញគាត់អ៊ីចឹង?!

………………………

ពេលរសៀលនៅមណ្ឌលសុខភាពឃុំ…

ខ្ញុំជាមួយនិងអ្នកគ្រូណី តាំងចិត្តទិញនំចំណីទៅសួរសុខទុក្ខស្រីយ៉ែននៅឯមណ្ឌលសុខភាពឃុំ ស្រាប់តែទៅដល់ ពេទ្យក៏ប្រាប់ថាស្រីយ៉ែនចេញពីមណ្ឌលសុខភាពតាំងពីព្រឹកម្ល៉េះ។ នៅទីបំផុតខ្ញុំនិងអ្នកគ្រូណីក៏បណ្ដើរគ្នាត្រលប់មកកន្លែងចតម៉ូតូវិញទាំងនិយាយឆ្លងឆ្លើយគ្នាបណ្ដើរផង៖

«ចុះល្ងាចបន្តិចអ្នកគ្រូទំនេរទេ? យ៉ាងម៉េចយ៉ាងម៉ា យើងនាំគ្នាទៅសួរសុខទុក្ខស្រីយ៉ែននៅផ្ទះនាងតែម្ដងទៅ ល្អទេ?!»

មកដល់ត្រឹមនេះ អ្នកគ្រូណីក៏ទ្រឹងបន្តិចរួចក៏ងើបមុខក្រឡឹងមេឃចុះឡើងមួយក្រលេកទើបស្រដីមួយៗ៖

«បើល្ងាចហ្នឹងមេឃអត់ភ្លៀងទេ ចាំយើងនាំគ្នាទៅ!!»

ខ្ញុំចោលភ្នែកសម្លឹងទៅពពកពណ៌ខ្មៅ ដែលកំពុងរសាត់យឺតៗហាក់ដូចជាសញ្ញាបញ្ជាក់ថាល្ងាចនេះអាចនឹងមានភ្លៀងធ្លាក់ខុសប្លែកពីសព្វមួយដង។ ប្រាកដណាស់! អាកាសធាតុគឺវាមិនទៀងទាត់ទេ ប៉ុន្តែកែវភ្នែកនិងខួរក្បាលរបស់ខ្ញុំនៅតែទៀងទាត់ដដែល ក៏ព្រោះតែពួកវាទាំងពីរនៅតែបន្តលួចមើលរូបសម្រស់អ្នកគ្រូណីនិងគិតរំពៃពីអត្តចរិតអាកប្បកិរិយារបស់នាងជាប់ជានិច្ច។

«លោកគ្រូ! លោកគ្រូ!!»

ខ្ញុំភ្ញាក់ព្រើតពីការភ្លឹកម្នាក់ឯង ម្នីម្នាតបអ្នកគ្រូណីទាំងពពីមពពើម៖

«បាទៗ?!!»

«លោកគ្រូញញឹមអី?! ហើយចុះសម្លឹងខ្ញុំធ្វើអី? មុខខ្ញុំប្រឡាក់អីអ្ហេស?»

ខ្ញុំភ្ញាក់ព្រើតមិនដឹងថាខ្លួនឯងបញ្ចេញអាការៈបែបណាទេនៅមុននេះ។ ខ្ញុំប្រញាប់សម្រួលអារម្មណ៍រកលេសដោះសាញាប់មាត់៖

«អត់…អត់មានអីទេអ្នកគ្រូ! ខ្ញុំចង់ថា…ពួកយើងទៅផ្ទះវិញទៅ! យ៉ាងណាៗបើពេលល្ងាចមេឃអត់ភ្លៀងទេ ចាំខ្ញុំទាក់ទងទៅអ្នកគ្រូ!!»

«ចាស៎លោកគ្រូ!!»

ពួកយើងដើរបណ្ដើរគ្នាដូចជាគូស្នេហ៍ថ្មីថ្មោង (ហិហិ! ស្រមៃទាំងថ្ងៃហើយអាសុណាន់អឺយ!!)

រហូតមកដល់កន្លែងចតម៉ូតូ អ្នកគ្រូណីក៏ឡើងម៉ូតូស្គប់ពីគាត់ជិះចេញទៅ។ ចំណែកខ្ញុំវិញក៏ឡើងម៉ូតូជិះចេញទៅផ្ទះស្នាក់ទាំងពាំនាំនូវអារម្មណ៍ដ៏ចម្លែកដែលកើតឡើងពីក្រសែភ្នែករបស់អ្នកភូមិមួយចំនួន ដែលមានធុរៈមកមន្ទីរពេទ្យហើយក៏ដៀងភ្នែកសម្លឹងមកខ្ញុំនិងអ្នកគ្រូណី ទាំងលួចស្រដីនិយាយខ្សឹបខ្សៀវគ្នាពីរឿងអ្វីក៏មិនដឹង។

គេនិយាយថាមាត់មនុស្សវែងជាងផ្លូវ ភ្នែកមនុស្សរវៀសជាងក្អែក។ ខ្ញុំដឹងខ្លួនច្បាស់ណាស់ថា ប៉ុន្មានថ្ងៃក្រោយនេះ ខ្ញុំដូចជាធ្វើខ្លួនជិតស្និទ្ធិនឹងអ្នកគ្រូណីប្លែករហូតដល់មានពេលខ្លះ ខ្ញុំធ្លោយបញ្ចេញអាការៈមានកំណួចចិត្តទៅលើអ្នកគ្រូណីថែមទៀតផង។ ប្រាកដណាស់! ខ្ញុំជាមនុស្សប្រុស បើត្រូវគេនិយាយនិន្ទាគឺវាមិនជាខូចខាតប៉ុន្មានដូចជាមនុស្សស្រីឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណា ខ្ញុំដេកសង្ឃឹមញញឹមទុកថា បន្ទាប់ពីរឿងឃាតកម្មប្អូនធាមត្រូវបានបិទបញ្ចប់រួចរាល់ នោះខ្ញុំនឹងឱ្យម៉ែឡើងមកស្ដីដណ្ដឹងអ្នកគ្រូណីជាក់ជាមិនខាន។ ហើយដល់ពេលនោះសម្ដីដែលខ្ញុំតែងនិយាយប្រាប់ម៉ែថា ខ្ញុំចង់ចេះមានស្នេហា ច្បាស់ជាត្រូវបានជំនួសវិញដោយប្រយោគថា “ម៉ែអឺយ! កូនលង់ខ្លួនស្រឡាញ់កូនស្រីគេហើយ!!»

…………………….

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*