រឿង៖ សន្សើមព្រឹក (ភាគ២)

«សន្សើមព្រឹក» វគ្គទី១៖ «ចួបនឹងគ្នា»

នៅរដូវរងា ឆ្នាំ១៩៨៣…

នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍មួយ ស៊ីងលូបានចាកចេញពីផ្ទះដើរសំដៅទៅកាន់ហាងកាហ្វេ។ ពីផ្ទះរបស់នាងទៅកាន់ហាងកាហ្វេត្រូវចំណាយពេលប្រហែលម្ភ៉ៃនាទីធ្វើដំណើរថ្មើរជើង។

ខ្យល់អាកាសត្រជាក់បក់រំភើយមក ធ្វើឱ្យផ្ទៃមុខត្រជាក់ស្រេបរបស់នាងរឹតតែសស្លេក បង្ហាញឱ្យឃើញពីភាពទន់ខ្សោយរបស់មនុស្សស្រីម្នាក់។

នៅលើខ្លួនរបស់នាងពាក់អាវក្រៅស្បែកសត្វ ពាក់រ៉ូបមានដៅផ្កាស្រទាប់ពីខាងក្នុង ជាមួយនឹងស្បែកជើងប៊ូលកវែងមួយគូពណ៌ខ្មៅ ខ្យល់អាកាសបក់ផាត់ផើយមកលើសម្លៀកបំពាក់នាងទៅមក រំលេចឱ្យឃើញជើងទាំងគូ

សស្គុស។

នាងតែងតែចេះរៀបចំការស្លៀកពាក់ឱ្យតាមទាន់សម័យកាល។ នាងដឹងថាស្បែកជើងគឺជារបស់មួយដែលមិនអាចបំភាន់ភ្នែកអ្នកដទៃបាន ពាក់ស្បែកជើងតម្លៃថោកពេកនឹងបំផ្លាញទៅដល់សម្លៀកបំពាក់ទាំងមូល ដូច្នោះទើបនាងបានយកប្រាក់ខំសន្សំ ហើយនិងឆ្លៀតពេលមានការបញ្ចុះតម្លៃពិសេសនៅពេលដែលនាងនៅជាបុគ្គលិកនៅក្នុងហាងលក់សម្លៀកបំពាក់នៅឡើយ ក៏បានទិញស្បែកជើងកវែងស្បែកសត្វមួយគូនេះមក។

អាវស្បែកដែលនាងកំពុងពាក់នេះ គឺកាលពីបីឆ្នាំមុន នាងបានមើលឃើញនៅក្នុងទស្សនាវដ្តីបរទេសមួយ នាងក៏បានថតចម្លងម៉ូតទុកនិងកែប្រែបន្តិចបន្តួច។ ទៅផ្សារជ្រើសរើសប្រភេទក្រណាត់ស្បែកល្អមួយ រួចជួលជាងកាត់ដេរដែលមានថ្វីដៃចំណានម្នាក់កាត់ឱ្យនាង។

ជាងកាត់ដេរម្នាក់នោះ គឺជាជាងកែតម្រូវសម្លៀកបំពាក់ឱ្យភ្ញៀវនៅហាងសម្លៀកបំពាក់ដែលនាងធ្លាប់ធ្វើការពីមុននោះ គាត់គឺពិតជាមានទឹកដៃល្អខ្លាំងណាស់ បុគ្គលិកស្រីៗនៅក្នុងហាងតែងតែទៅរកគាត់កាត់ដេរសម្លៀកបំពាក់ឱ្យ។

ស៊ីងលូពិតជាស្រលាញ់អាវស្បែកនេះខ្លាំងណាស់ នាងក៏បានពាក់វាអស់បីរដូវរងាជាប់ៗគ្នា លំបាកណាស់ទម្រាំតែនាងអាចមានអាវស្បែកល្អប្រភេទនេះ។

ពីរបីថ្ងៃមុន នាងបានទៅហាងសាឡនអ៊ុតសក់របស់នាងឱ្យត្រង់វិញ។ ដើរនៅតាមផ្លូវ សក់ពណ៌ត្នោតក្រាស់របស់នាងបក់ប៉ើងហើរទៅតាមជំនោរខ្យល់ នាងប្រើម្រាមដៃវែកកៀរសរសៃសក់មួយចំនួនទៅក្រោយគុម្ពត្រចៀកម្ខាង រំលេចឱ្យឃើញកន្សែងបង់កពណ៌ក្រហមរុំព័ទ្ធនៅជុំវិញករបស់នាង។

នាងមានកន្សែងប្រភេទនេះច្រើនណាស់និងមានពណ៌ផ្សេងៗពីគ្នា ដើម្បីយកមកពាក់ឱ្យស៊ីគ្នាជាមួយនឹងសម្លៀកបំពាក់របស់នាង ហើយគឺសុទ្ធតែនាងជាអ្នកចាក់ដោយផ្ទាល់ដៃ។ បើមើលទៅម៉ូតកាន់តែហួសសម័យឬមិនចូលចិត្តទៀតទេ នាងនឹងរុះចេញហើយចាក់ឡើងវិញជាថ្មីម្ដងទៀត។

នាងឈានជើងដើរសំដៅទៅមុខ បានឆ្លងកាត់ហាងលក់ផ្កាមួយកន្លែង ឃើញអ៊ំស្រីម្នាក់កំពុងតែអង្គុយចុះលើដី ទាញស្រាយក្រណាត់ចំណងរុំបាច់ផ្កាធំៗដែលទើបតែដឹកចុះពីឡានមក បែងចែកវាយកមកតម្រៀបទៅក្នុងធុងដាក់ទឹកពេញ។

ក្រសែភ្នែកនាងក៏ក្រឡេកឃើញផ្កាកុលាបពណ៌ក្រហមឆ្អៅមួយបាច់ធំ ផ្កាកុលាបមួយបាច់នោះប្រៀបដូចជាកន្សែងស្បៃដ៏ស្ដើង ស្រទាប់ទងផ្កាទើបតែរីកចេញមកថ្មីស្រស់ៗ ហើយថែមទាំងនៅដក់ជាប់តំណក់ទឹកសន្សើមព្រឹកនៅឡើយ។ ស៊ីងលូក៏សន្សឹមៗដើរចូលទៅជិត ឈោងដៃចេញទៅជ្រើសរើសយកប៉ុន្មានទង មិនប្រយ័ត្នធ្វើឱ្យម្រាមដៃប៉ះមុតត្រូវបន្លារបស់វា។

នាងភ្ញាក់កញ្ឆក់ដកដៃត្រលប់មកវិញយ៉ាងលឿន ភ្នែកសម្លឹងឃើញនៅពីលើមុខរបួសដ៏តូចមានឈាមពណ៌ក្រហមឆ្អៅហូរនៅជុំវិញ។ ស៊ីងលូក៏ប្រញាប់ប្រញាល់លើកម្រាមដៃឡើងបៀមនៅក្នុងមាត់ ដោយនឹកគិតថា៖

«តើនេះគឺជាប្រផ្នូលអាក្រក់មួយឬ?»

ពេលនោះ អ៊ំស្រីម្ចាស់ហាងបានដើរមកក្បែរនាងនិងនិយាយថា៖

«តើក្មួយចង់ទិញប៉ុន្មានទងដែរ? ចាំអ៊ំជួយជ្រើសរើសឱ្យ! ផ្កាទាំងអស់នេះសុទ្ធតែជាផ្កាស្រស់ ទើបតែដឹកចុះពីឡានមកទេ គ្រាន់តែឃើញវារីកស្រស់ល្អចឹងគឺដឹងទៅហើយ!»

ស៊ីងលូបានសួរពីតម្លៃ បន្ទាប់មកក៏តថ្លៃជាមួយនឹងគាត់ នាងដឹងច្បាស់ថា ផ្កាទាំងអស់នេះដល់ពេលល្ងាចដែលហាងត្រូវបិទទ្វារយ៉ាងហោចណាស់ក៏ចុះតម្លៃពាក់កណ្តាលដែរ ហើយបើទុកនៅតដល់ថ្ងៃស្អែកនឹងរឹតតែថោក។

អ៊ំស្រីចាស់បានចួបប្រទះនឹងមនុស្សខ្លាំងពូកែ គាត់មើលដឹងថានារីវ័យក្មេងនៅចំពោះមុខម្នាក់នេះគឺមានការយល់ដឹងអំពីផ្កា និងជាមនុស្សដែលស្រលាញ់ផ្កា។ ដូច្នោះហើយ អ៊ំស្រីក៏បាននិយាយតម្លៃមួយដែលភាគីទាំងពីរសុទ្ធតែពេញចិត្ត បន្ទាប់មកក៏យកក្រដាសមករុំខ្ចប់ផ្កាដែលស៊ីងលូជ្រើសរើសដោយខ្លួនឯង។

ស៊ីងលូហុចប្រាក់ឱ្យទៅអ៊ំស្រី រួចក៏កាន់បាច់ផ្កាដើរចាកចេញពីហាង នៅសុខៗនាងក៏ស្រាប់តែនឹកឃើញរឿងមួយ មិនដឹងថានៅក្នុងហាងកាហ្វេមានថូផ្កាឬក៏អត់?

នៅខាងក្រៅហាងកាហ្វេមានធុងប្លាស្ទិចពីរដាក់នៅមុខមាត់ទ្វារ ស៊ីងលូដើរចូលទៅឱនចុះបើកគម្របមើល តាមពិតគឺជានំស្រួយនិងនំបុ័ងដែលខាងអ្នងផ្គត់ផ្គង់បញ្ជូនយកមកប្រចាំជារៀងរាល់ព្រឹក វាបញ្ចេញក្លិនម៉្សៅមីឡើងក្រអូបឈ្ងុយឈ្ងប់ នាងគ្រាន់តែហិតក្លិនបន្តិចក៏ធុំរងាន់បាត់ទៅហើយ។ រីឯធុងប្លាស្ទិចមួយទៀត គឺជាគ្រាប់កាហ្វេ។

នាងលូកដៃចូលហោប៉ៅអាវយកកូនសោរមួយចង្កោមចេញមក ឱនខ្លួនអង្គុយចុះ ចាក់បើកសោរទ្វាររនាំងពណ៌សធំមួយ។

ទាញទ្វាររនាំងរបើកឡើងទៅលើ បង្ហាញឱ្យទ្វារកញ្ចក់ក្រាស់ដ៏ធំនៅខាងក្នុង ស៊ីងលូប្រើកូនសោរមួយផ្សេងទៀតចាក់បើកចូលទៅក្នុង។ ដំបូងនាងយកកាបូបនិងផ្ការបស់នាងដាក់នៅលើតុមួយនៅជិតមាត់ទ្វារ ហើយបន្ទាប់មកក៏បែរខ្លួនមកក្រោយ ឱនទៅទាញធុងប្លាស្ទិចនៅខាងមុខទ្វារទាំងពីរនោះចូលមកខាងក្នុង រួចហើយក៏និយាយជាមួយនឹងខ្លួនឯងថា៖

«នេះគឺជាជីវិតថ្មីរបស់ឯង!»

ហាងកាហ្វេមានទំហំនិងបណ្ដោយចតុកោណកែងតូចគួរសមល្មម បូកបញ្ជូលគ្នាអាចដាក់បានតុនិងកៅអីមួយចំនួន មានរបាឈើដ៏ធំមួយសម្រាប់ជាកន្លែងឆុងភេសជ្ជៈ មានម៉ាស៊ីនសម្រាប់ដុតនំនិងផ្ទះបាយដ៏តូចមួយ។

ផ្ទៃជញ្ជាំងលាបពណ៌ទឹកក្រូច នៅលើជញ្ជាំងមានព្យួររូបគំនូរកាហ្វេនិងរូបនំបុ័ងពីរបីមុខដែលមានបម្រើការនៅក្នុងហាងនេះ នៅក្រោមជើងក្រាលដោយឥដ្ឋការ៉ូដែលមានពណ៌សនិងខ្មៅប្រសព្វគ្នា នៅពីលើពិដានមានចងព្យួរចង្កៀងពណ៌លឿងខ្ចី បញ្ចេញពន្លឺមកយ៉ាងស្រទន់ មានបែបផែនស្ងប់ស្ងាត់ដូចនៅតាមហាងកាហ្វេដ៏ពេញនិយមមួយចំនួននៅតាមបណ្ដាប្រទេសអឺរ៉ុប បើប្រៀបធៀបទៅនឹងដងវិថីដែលមានភាពមមាញឹកនៅខាងក្រៅឯណោះ វាគឺប្រៀបដូចជាពិភពលោកពីរខុសគ្នាទាំងស្រុង។

ស៊ីងលូចុចបើកកុងតាក់អំពូលភ្លើងជាច្រើន ក៏រហ័សបញ្ចេញពន្លឺភ្លើងពណ៌លឿងស្រគាំ បំភ្លឺក្នុងហាងទាំងមូល។ នាងសម្លឹងមើលទៅជញ្ជាំងដែលលាបពណ៌ទឹកក្រូចនោះ មាត់រអ៊ូរទាំថា៖

«មិនដឹងជាពណ៌ស្អីនោះទេ អាក្រក់មើលខ្លាំងណាស់! ចាំរកថ្ងៃទំនេរណាមួយនឹងប្ដូរឱ្យទៅជាពណ៌កុលាបទាំងអស់តែម្ដង!»

ប៉ុន្តែនាងក៏ស្រាប់តែផ្លាស់ប្តូរគំនិតរបស់នាងបន្ទាប់ពីនិយាយចប់ភ្លាម នឹកគិតនៅក្នុងចិត្តថា៖

«ទៅខ្វល់ច្រើនយ៉ាងនេះធ្វើអី! ឯងមាននៅទីនេះយូរឯណា!»

នាងសម្លឹងមើលទៅនាឡិកានៅលើរបា គឺម៉ោងប្រាំពីរចុចសាមសិបនាទី នៅសល់កន្លះម៉ោងទៀតទើប Coffee Shop បើកទ្វារ។ នាងបានទៅរកថូធំមួយនៅក្នុងផ្ទះបាយ ចាក់ទឹកចូលឱ្យពេញ រួចដោតផ្កាកុលាបមួយទងៗដែលទើបតែទិញថ្មីចូលទៅក្នុងថូ។

យកថូផ្កាដាក់នៅលើរបារ សម្លឹងមើលដោយញញឹមញញែមថា៖

«មានផ្កាកុលាបទើបជាថ្ងៃមួយពេញលេញ!»

បន្ទាប់មកនាងក៏បានដោះអាវស្បែករបស់នាងចេញ ផ្លាស់ប្តូរមកឯកសណ្ឋានបុគ្គលិកហាង នោះគឺអាវសឺមីពណ៌សកបត់តូចដៃវែងនិងខោជើងវែងរឹបរាងពណ៌ខ្មៅ។ នៅលើជើងគឺនៅតែពាក់ស្បែកជើងប៊ូលកវែងរបស់នាងនោះដដែល ឈរនៅមុខកញ្ចក់ក្នុងបន្ទប់ទឹកដ៏តូចចង្អៀត សារ៉េក្រវ៉ាត់កបស់នាងឱ្យរៀបរយ។

អាវទ្រនាប់ខាងក្នុងពណ៌ខ្មៅរបស់ស្ត្រីដែលរំលេចចេញមកព្រៀកៗតាមរយៈអាវសឺមីក្រៅពណ៌សរបស់នាង បង្ហាញឱ្យឃើញពីភាពពង្វក់អារម្មណ៍ម៉្យាង ប៉ុន្តែនៅពេលដែលវាបានពាក់នៅលើខ្លួនរបស់ស៊ីងលូនោះ រឹតតែមានភាពស្រស់ស្អាតអំណួតយ៉ាងជាពិសេស ហាក់បីដូចជាមានអានុភាពណាមួយចេញមកពីរូបនាង។

ក្នុងមាត់របស់នាងខាំដង្កៀបខ្មៅពីរ ម្រាមដៃនាងកំពុងចាប់ក្របួចសក់ទាំងអស់លើកឡើងចងជាសក់កន្ទុយសេះខ្ពស់ស្រឡះទៅពីក្រោយខ្នងរបស់នាង។

ភ្នែកសម្លឹងមើលមុខមាត់របស់ខ្លួនឯងនៅក្នុងកញ្ចក់ ដែលឮអ្នកដទៃតែងតែស្ញើចសរសើរចំពោះភាពស្រស់ស្អាតរបស់នាង រួមទាំងម្ដាយរបស់នាងដែលតែងតែអួតពីកូនស្រីដ៏ស្រស់ស្អាតរបស់គាត់នៅចំពោះមុខសាច់ញាតិផៅសន្ដានរបស់នាង។

ស៊ីងលូមានអារម្មណ៍ថា នាងគឺមានរូបរាងកាត់ទៅរកឪពុករបស់នាង។

ម្តាយរបស់នាងតែងតែប្រើភាសាអ្នកសៀងហៃ និយាយអ្វីមួយដែលមានអ្នកខ្លះស្តាប់បានហើយក៏មានអ្នកខ្លះស្តាប់មិនបានថា៖

«ស៊ីងលូ! គឺជាថ្លើមប្រម៉ាត់របស់ខ្ញុំ គឺជាព្រះនាងតូចរបស់ខ្ញុំ!»

ស៊ីងលូមានពេលខ្លះធ្លាប់គិតថា ព្រះបង្កើតរូបនាងមកនៅលើផែនដីនេះគឺមានវាសនាជាព្រះនាង។

នាងចងសក់ឡើងរួច ក៏យកដង្កៀបវែកសក់ដែលរប៉ាយរប៉ាត់សំយុងចុះរបស់នាងគៀបកៀរទៅក្រោមគុម្ពត្រចៀក។

ចងខ្សែក្រណាត់អៀមពណ៌ខ្មៅមួយនៅលើចង្កេះ ដើរចូលទៅកាន់របាកាហ្វេ ចាប់ផ្តើមកិនគ្រាប់កាហ្វេ ហើយក៏យកគ្រាប់កាហ្វេដែលបានកិនរួចរាល់ចាក់ចូលទៅក្នុងម៉ាស៊ីនសម្រាប់ឆុងកាហ្វេ។

បន្ទាប់មកទៀត ម៉ាស៊ីនឆុងកាហ្វេលាន់ឮសំឡេងគ្រឺតគ្រាក់ៗមិនឈប់ ចំហាយទឹកក្តៅភាយចេញមកក្រៅ បង្ហូរសារធាតុរាវពណ៌ខ្មៅក្រាស់ចូលមកក្រោមប៉ាន់ និងរំសាយភាយក្លិនកាហ្វេទៅក្នុងបរិយាកាស។ ស៊ីងលូចាក់ពែងដំបូងមកផឹកដើម្បីសាករសជាតិលមើល។

មនុស្សម្នានៅលើដងផ្លូវនេះបានប្រមូលផ្តុំគ្នាឡើងមកហូរហែរជាបណ្តើរទៅៗ អតិថិជននៅក្នុងហាងនេះ ច្រើនតែជាភ្ញៀវដែលប្រញាប់ប្រញាល់ទៅធ្វើការ ពួកគេមកតម្រង់ជួរទិញកាហ្វេនិងនំបុ័ង ដើរបណ្ដើរបរិភោគបណ្ដើរ គ្មានពេលអង្គុយនៅទីនេះឡើយ។

លុះរហូតមកដល់ផុតម៉ោងមមាញឹក ភ្ញៀវដែលមកដល់ក្នុងហាងបន្តបន្ទាប់មើលទៅហាក់ដូចជាធម្មតាជាងមុន ពួកគេមិនប្រញាប់ប្រញាល់ ហៅកាហ្វេមួយពែង យកទស្សនាវដ្តីពីធ្នើរសៀវភៅ អង្គុយចុះផឹកកាហ្វេនិងអានទស្សនាវដ្តីយ៉ាងស្ងៀមស្ងាត់ សម្រាកអស់ពេលមួយព្រឹកធំ។

ស៊ីងលូអង្គុយនៅឯរបាកាហ្វេ ភ្លក់រសជាតិកាហ្វេនីមួយៗដែលនាងឆុងដោយខ្លួនឯង ត្អូញត្អែរនៅក្នុងចិត្តរបស់នាងថា៖

«កាហ្វេទាំងនេះអីក៏ល្វីងម៉្លេះ!»

ហេតុនេះហើយនាងក៏យកម៉្សៅសូកូឡាចាក់បន្ថែមចូលទៅក្នុងពែងកាហ្វេ យកស្លាបព្រាកូរៗរួចក៏លើកឡើងមកភ្លក់លមើលម្ដងទៀត ហើយនិយាយថា៖

«បែបនេះទើបគ្រាន់បើបន្តិច!»

នាងចូលចិត្តរបស់ទាំងឡាយដែលមានរសជាតិផ្អែមទាំងអស់ ជាពិសេសគឺរសជាតិផ្អែមរបស់សូកូឡា។

សូកូឡានៅទីនេះមិនមានជាតិគ្រប់គ្រាន់នៅឡើយទេ ចាំថ្ងៃស្អែកនាងនឹងទៅរកទិញម្សៅសូកូឡាដែលមានជាតិកាកាវប៉ែតសិបភាគរយ។

ក្រសែភ្នែករបស់នាងចួនកាលក៏ងាកសម្លឹងមើលចេញទៅក្រៅដោយតាមចាប់អារម្មណ៍ពីមនុស្សគ្រប់រូបដែលដើរនៅខាងក្រៅឈានជើងចូលមកក្នុងហាងកាហ្វេនេះ។

ពេលវេលាចេះតែកន្លងផុតទៅមួយវិនាទីៗ នាងដឹងថាចង្វាក់បេះដូងរបស់នាងកាន់តែយូរទៅកាន់តែលោតញាប់ជាងមុន។ តាមរយៈផ្ទៃទ្វារកញ្ចក់ដ៏ក្រាស់ធំនៅខាងក្រៅ នាងចាប់ភ្លឹកសម្លឹងមើលឃើញបុរសម្នាក់នៅក្នុងឈុតសម្លៀកបំពាក់អាវធំក្រាស់វែង បង់កន្សែងបង់កពណ៌ទឹកដោះគោ ដើរឆ្លងកាត់ហាងរបស់នាងទាំងប្រញាប់ប្រញាល់ជាមួយនឹងហ្វូងមនុស្សនៅខាងក្រៅ នាងខ្សឹបប្រាប់ខ្លួនឯងថា៖

«ប្រហែលមកពីផឹកកាហ្វេច្រើនពេកហើយ!»

ប្រសិនបើនៅក្នុងហាងលក់គ្រឿងអលង្ការវិញ ម៉ោងថ្ងៃស្មើរនេះ អស់លោកៗស្រីខ្ជិលច្រអូសទាំងអស់នោះ គឺទើបតែក្រោកចេញពីគ្រែប៉ុណ្ណោះ ស្លៀកពាក់យ៉ាងហ៊ឺហាដើរចូលទៅមើលនៅក្នុងហាងលក់គ្រឿងអលង្ការ ចាយលុយទិញគ្រឿងអលង្ការដូចជាការទិញកូនឆ្កែតូចមួយក្បាល ភ្នែកមិនព្រិចសូម្បីតែបន្តិច។

ពិភពលោកមួយនេះអយុត្ដិធម៌យ៉ាងណាទៅ។

ភ្ញៀវប្រុសម្នាក់ដែលអង្គុយនៅក្បែរមាត់ទ្វារទីបំផុតក៏បានក្រោកឡើងដើរចាកចេញពីក្នុងហាង។ ស៊ីងលូកាន់ក្រណាត់និងថាសមកជូតសម្អាតតុ។ នៅខណៈពេលនោះ ខ្យល់ត្រជាក់មួយមេបក់ពីខាងក្រៅចូលមកក្នុង ធ្វើឱ្យនាងស្រាប់តែមានអារម្មណ៍ថានៅខាងក្រោយខ្នងត្រជាក់ស្រេប នាងក៏បែរក្រោយសម្លឹងទៅកាន់ទិសដៅនោះភ្លែត ហើយនាងក៏បានឃើញបុរសម្នាក់ដែលមានកម្ពស់ខ្ពស់សមសួន កាន់សៀវភៅនិងប៊ិកនៅក្នុងដៃដើរចូលមកក្នុងហាង។

មនុស្សម្នាក់នោះមានអាយុប្រហែលម៉្ភៃប្រាំទៅម៉្ភៃប្រាំមួយឆ្នាំ រូបរាងស្គមបន្តិចប៉ុន្តែពេញកម្លាំងមាំមួនល្អ គេស្លៀកខោខូវប៊យនិងអាវរោមចៀមកវែង នៅលើកែងដៃអាវទាំងពីរមានរង្វង់មូលពណ៌ប្រផេះ។ គេមានទម្រង់មុខរាងមូលជាមួយនឹងរង្វង់ឆ្អឹងថ្គាមរឹងមាំ សក់ខ្មៅកាត់ខ្លីយ៉ាងរៀបរយរបស់គេមើលទៅគឺពិតជាស្រស់សង្ហាណាស់ កែវភ្នែកពណ៌ខ្មៅស្រិលរបស់គេគឺប្រៀបដូចជារលកទឹកសមុទ្រនាពេលរាត្រី ហាក់បីងឿងឆ្ងល់មកកាន់ពិភពលោកមួយនេះ នៅពីលើគឺជាចិញ្ចើមក្រាស់ខ្មៅមួយគូដែលមើលទៅងាយជ្រួញចូលគ្នា ដោយស្នាមញញឹមបន្តិចបន្តួចណាមួយឬពេលដែលបញ្ចេញសំណើចខ្លាំង។

បុរសម្នាក់នោះអង្គុយចុះនៅលើតុដែលស៊ីងលូទើបតែជូតសម្អាតរួចនោះ យកសៀវភៅនិងប៊ិកទុកដាក់នៅម្ខាង បន្ទាប់មកក៏ងាកមកញញឹមយ៉ាងគួរសមជាមួយនាងនិងនិយាយថា៖

«មើលទៅខ្ញុំដូចជាមកចំពេលល្អណាស់!»

ស៊ីងលូបញ្ឆិតភ្នែកសម្លឹងមើលទៅគេ នាងមិនសើចដូចជាគេទេ ថែមទាំងនិយាយយ៉ាងទឹកមុខមាំថា៖

«មែនហើយ! ទើបតែមានភ្ញៀវប្រុសម្នាក់ដែលគ្មានផ្ទះសម្បែងទៅវិញអង្គុយនៅទីនេះអស់ពេញមួយព្រឹកធំ!»

បុរសនោះយល់ថានារីម្នាក់នេះគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ គេញញឹមៗដាក់នាងហើយបន្តនិយាយថា៖

«ទុកចិត្តចុះ! ខ្ញុំនឹងមិនឈ្លានពានយកតុនេះយូរទេ ព្រោះខ្ញុំមានផ្ទះសម្បែងដែលត្រូវទៅវិញ!»

«គ្មានបញ្ហាអ្វីទេ! នៅសល់ពេលតែពាក់កណ្តាលថ្ងៃទៀតប៉ុណ្ណោះ ហាងនឹងបិទទ្វារ ឯម៉្យាងទៀត…នេះគឺជាតួនាទីចម្បងរបស់ហាងកាហ្វេ!»

ស៊ីងលូដាក់ថាសនៅក្នុងដៃចុះ នាងលូកយកប៊ិកនិងកូនសៀវភៅមីនុយចេញពីក្នុងអៀម សាកសួរទៅគេថា៖

«អត់ទោសលោក! តើលោកត្រូវការ Coffee អ្វី?»

«Coffee ទឹកដោះគោ»

កែវភ្នែកខ្មៅមូលក្លុំរបស់ស៊ីងលូមិនជ្រួញចូលគ្នាមិនបាន នាងនិយាយរម្លឹកសំដីគេម្ដងទៀត៖

«Coffee ទឹកដោះគោ?» ស្ដាប់សំឡេងរបស់នាងហាក់បីដូចជាចង់និយាយថាជាមនុស្សប្រុសម្នាក់បែរជាផឹកកាហ្វេទឹកដោះគោ តើដូចជាកូនក្មេងពេកហើយទេដឹង?

គេខ្មាសអៀនងាកមុខចេញបន្តិចដោយព្យាយាមបកស្រាយប្រាប់ទៅនាងថា៖

«ទឹកដោះគោអាចជួយទ្រទ្រង់ដល់សុខភាពរាងកាយ…»

«ដូច្នោះហើយលោក …» ស៊ីងលូនៅតែសម្លឹងមើលទៅគេមិនដាក់ ប៊ិកនៅលើដៃរបស់នាងកំពុងកត់ត្រាអ្វីមួយក្នុងកូនសៀវភៅ។

«គ្រាន់តែចង់កាត់បន្ថយជាតិល្វីងខ្លះនៅក្នុងកាហ្វេប៉ុណ្ណោះ…»

«ដូច្នោះក៏ … » ប៊ិកនៅក្នុងដៃរបស់ស៊ីងលូបានបញ្ឈប់នៅក្នុងលម្ហ។

«រសជាតិទាំងពីរនេះរួមផ្សំចូលគ្នា អាចជួយកាត់បន្ថយអារម្មណ៍តានតឹង!» គេនិយាយទាំងញញឹមញញែម។

«ទ្រឹស្តីនេះពិតជាថ្មីសន្លាងមែន នេះគឺជាលើកទីមួយដែលខ្ញុំស្ដាប់ឮ លើកក្រោយពេលដែលខ្ញុំផឹកស្រា ខ្ញុំនឹងសាកបន្ថែមថែមទឹកដោះគោល៎មើល»

«តើនាងជាអ្នកមកធ្វើការថ្មីមែនទេ? ចុះឯណាកញ្ញាកាលពីមុននោះ…» គេបានសួរនាំទៅស៊ីងលូ។

នាងសម្លក់សម្លឹងទៅគេ ហើយបាននិយាយថា៖

«នាងលែងធ្វើការនៅទីនេះទៀតហើយ ស្នាដៃឆុងកាហ្វេរបស់ខ្ញុំក៏មិនអន់ជាងនាងប៉ុន្មានដែរ តើលោកនៅតែចង់តាមរកនាងមែនទេ?»

«អូ៎!…មិនមែនអ៊ីចឹងទេ»

«ជម្រាបលោកដោយស្មោះត្រង់ចុះ…» ស៊ីងលូនិយាយយ៉ាងប្រាកដប្រជា។

គេផ្ទៀងផ្ទាត់ត្រចៀករង់ចាំស្ដាប់ ដោយនឹកគិតថាបុគ្គលិកស្រីដែលធ្វើការនៅទីនេះពីមុននោះ ប្រហែលជាកើតមានរឿងអ្វី។ នាងបន្តនិយាយថា៖

«នាងគេចទៅពួនរដូវរងាបាត់ហើយ»

(*ទស្សនៈចិន: សត្វពស់លាក់ខ្លួននៅក្នុងរូងនារដូវរងា)

គេមានអារម្មណ៍ថាចម្លែកណាស់ ម្ដេចបានជានារីម្នាក់នេះអាចនិយាយនូវពាក្យពេជន៍ទាំងអស់ហ្នឹងចេញមកដោយមិនឃើញដូចជាអស់សំណើចអីបន្តិចសោះអ៊ីចឹង។

នៅពេលដែលគេបានឃើញស៊ីងលូដំបូង គេគិតថានាងជានារីដែលមានរូបសម្រស់ស្អាតម្នាក់ ប៉ុន្តែក៏មានភាពសាមញ្ញម៉្យាងផងដែរ។ រហូតមកដល់ពេលនេះ គេមិនដែលធ្លាប់ឃើញមនុស្សស្រីណាចងក្រវាត់កឡើងតែស្រស់ស្អាតយ៉ាងនេះនោះទេ។

គេរឹតតែចាប់អារម្មណ៍កាន់តែច្រើនមកលើនាង គេបានសួរថា៖

«អ៊ីចឹងនាង…» នាងបាននិយាយថា

«ខ្ញុំនេះគឺវារចេញមកពីរូងភ្នំបានតែនៅក្នុងរដូវរងាប៉ុណ្ណោះ!»

«បើនិយាយអ៊ីចឹង នាងមិនចាំបាច់គេចទៅពួនរដូវរងាដែរទេហ្អេស?» និយាយរួចគេក៏សើច។

ស៊ីងលូងក់ក្បាលដាក់គេយ៉ាងខ្លាំង ទីបំផុតនាងក៏អស់សំណើចទៅតាម

«ព្រោះខ្ញុំមិនមែនជាសត្វពស់ទេ!»

គេមិនសើចនាងទៀត និយាយដោយគួរសម៖

«រំខាននាង នៅពេលលើកកាហ្វេមក ជួយយកនំខេកសូកូឡាឱ្យខ្ញុំមួយដុំបន្ថែមទៀត»

ស៊ីងលូសម្លឹងមើលមុខគេដោយជ្រួញចិញ្ចើមឡើងបន្តិច រួចក៏គ្រវីក្បាលដាក់គេ។

«អូ៎! លក់វាអស់ហើយមែនទេ? បើអ៊ីចឹងយកឱ្យខ្ញុំនំខេករសជាតិពងមាន់ក៏បាន!»

ស៊ីងលូនៅតែគ្រវីក្បាលរបស់នាង។

«បើដូច្នោះ…» គេនឹកគិតមួយសន្ទុះ រួចក៏និយាយបន្ត «សុំយកនំឈីសផ្អែម!»

ស៊ីងលូនៅតែគ្រវីក្បាលរបស់នាងទៀត។

«តើនំក្នុងហាងទាំងអស់សុទ្ធតែលក់អស់ហើយមែនទេ?» គេជ្រួញចិញ្ចើមក្រឡេកមើលទៅកាន់ទូកញ្ចក់នៅក្នុងរបារ ឃើញនៅសល់នំជាច្រើននៅខាងក្នុង។ គេមានការងឿងឆ្ងល់មកជាខ្លាំង សួរទៅស៊ីងលូជាថ្មី

«បើដូច្នោះ នៅសល់នំអ្វីយកចេញមកក៏បានដែរ!»

ស៊ីងលូជ្រួយចិញ្ចើមនិងចចេសគ្រវីក្បាលរបស់នាង។ គេស្ទើរតែមិនយល់ពីស៊ីងលូសោះឡើយ នៅក្នុងចិត្តនឹកគិតថា៖ «នេះមិនមែនជារឿងចម្លែកពេកហើយទេដឹង?»

ស៊ីងលូដៀងភ្នែកក្រឡេកមើលទៅភ្ញៀវដែលកំពុងអង្គុយញ៊ាំនំផ្អែមនៅតុជិតនោះ នាងខិតចូលមកក្បែរគេ ប្រើសំឡេងតិចៗនិយាយជាមួយគេ

«នំនៅទីនេះមិនឆ្ងាញ់ទេ! មានតែកាហ្វេទេដែលអាចផឹកបាន!»

គេមានអារម្មណ៍ថាឫកពាររបស់ស៊ីងលូគួរឱ្យស្រលាញ់ខ្លាំងណាស់ គេបន្ថយសំឡេងរបស់គេនិយាយជាមួយនឹងនាងវិញ

«ខ្ញុំក៏ដឹងដែរ ប៉ុន្តែគ្មានជម្រើសផ្សេងទៀតទេ?»

«នៅម៉ោងនេះនៅថ្ងៃស្អែក លោកមកកាន់ទីនេះមក៎!» ស៊ីងលូងើបឈរត្រង់ខ្នងឡើងវិញនិយាយ។

គេក៏បានសួរដោយងឿងឆ្ងល់៖

«ថ្ងៃស្អែកនឹងមានអ្វីខុសផ្សេងពីហ្នឹងហ្អេស?»

«ថ្ងៃស្អែកលោកប្រាកដជាដឹង ប្រសិនបើលោកមិនប្រកាន់ទេ ថ្ងៃនេះផឹកតែកាហ្វេមុនសិនចុះ!»

គេក៏បានងក់ក្បាលយល់ព្រមជាមួយនាង។ ស៊ីងលូលើកថាសកាហ្វេឡើង បោះជំហានឆ្ពោះទៅកាន់កន្លែងឆុងកាហ្វេទាំងរីករាយ នាងចាប់ផ្តើមរៀបចំឆុងកាហ្វេសម្រាប់គេ។ នៅពេលដែលកាហ្វេឆុងក្តៅៗលើកមកដល់ នៅលើផ្ទៃខាងលើនោះមានស្រទាប់ពពុះទឹកដោះគោពណ៌សសរុបចំនួនប្រាំស្រទាប់។ គេមិនធ្លាប់ឃើញពែងកាហ្វេទឹកដោះគោណាស្រស់ស្អាតបែបនេះពីមុនមកទេ។

ស៊ីងលូស្ងាត់មាត់រត់ចូលទៅកន្លែងឆុងកាហ្វេ ចួនកាលលួចសម្លឹងមើលទៅគេកាត់តាមចន្លោះថូផ្កាកុលាបដែលនាងទើបតែដោតបំពេញថ្មីៗ។

បន្ទាប់មកគេបានហៅកាហ្វេពីរដូចនេះថែមពីរពែងទៀត ផឹកកាហ្វេបណ្ដើរឱនអានសៀវភៅបណ្ដើរ ចួនកាលក៏ដាក់សៀវភៅនៅលើដៃចុះម្ដងម្ដាល សម្លឹងមើលចេញទៅខាងក្រៅ ធ្វើបែបនេះអស់រយៈពេលកន្លះថ្ងៃ។

ថ្ងៃនេះកាហ្វេនៅក្នុងពោះរបស់ស៊ីងលូគឺមានច្រើនជាងឈាមនៅក្នុងរាងកាយរបស់នាងទៅទៀត នាងមានអារម្មណ៍ថារាល់ខ្យល់ដង្ហើមរបស់នាងនីមួយៗភាយចេញមកគឺសុទ្ធតែក្លិនកាហ្វេ ចំហាយក្លិនឡើងងំ ស្ទើរតែបន្តិចទៀតធ្វើឱ្យនាងដកដង្ហើមលែងចេញ។

នៅតាមផ្លូវត្រលប់ទៅផ្ទះវិញ នាងបានឆ្លងកាត់ហាងលក់ស្រាមួយកន្លែង មិនឃើញមានដាក់ស្លាកតម្លៃទេ នាងក៏បានចូលទៅក្នុងទិញស្រាសាំប៉ាញកុលាបមួយដបតែម្ដង បើជ្រុលជាយកផ្កាកុលាបចាប់ផ្ដើមថ្ងៃថ្មីមួយទៅហើយ ក៏គួរតែយកផ្កាកុលាបមកបញ្ចប់ទៅវិញ មិនថាយ៉ាងណាក៏ដោយជីវិតនៅថ្ងៃក្រោយនឹងមិនដូចជាពេលនេះទៀតទេ។

នៅក្នុងបន្ទប់ជួលតូចចង្អៀតមួយ នាងនិងមុីងជូនាំគ្នាអង្គុយញ៊ាំស៊ុបឆ្នាំងភ្លើងក្តៅៗបណ្ដើរផឹកស្រាសំប៉ាញបណ្ដើរ។ មុីងជូបានសាកសួរទៅនាងថាតើថ្ងៃដំបូងដែលនាងទៅធ្វើការយ៉ាងណាដែរ មុីងជូនៅតែមិនយល់ហេតុអ្វីបានជានាងចាកចេញពីហាងលក់គ្រឿងអលង្ការលំដាប់ ហើយបែរជារត់ទៅហាង Coffee Shop ធ្វើជាអ្នកបម្រើ។ មើលទៅ មុីងជូគិតថាធ្វើជាបុគ្គលិកបម្រើការនៅក្នុងហាងកាហ្វេគឺតូចតាចខ្លាំងណាស់។

ស៊ីងលូឆ្លើយឱ្យតែរួចផុតៗពីមាត់។ បន្ទាប់មកក៏ផឹកស្រាសំប៉ាញនោះអស់តែម្តង នាងគ្រវីរកមើលតំណក់ស្រាសេសសល់នៅក្នុងដប ឃើញថាបានអស់ហើយ បន្ទាប់មកក៏ចូលទៅក្នុងផ្ទះបាយចាក់ទឹកផឹក នាងមិនប្រយ័ត្នបានធ្វើឱ្យកែវធ្លាក់បែកនៅលើឥដ្ឋ អំបែងកែវនោះប្រៀបដូចជាផ្កាស្រស់រីកស្គុះស្គាយ។ នៅពេលដែលនាងឱនខ្លួនចុះទៅរើសបំណែកអំបែងកែវតូចៗទាំងនោះ ម្រាមដៃរបស់នាងក៏មុតត្រូវដោយធ្វេសប្រហែស ហើយចៃដន្យ នោះគឺជាម្រាមដៃតែមួយដែលមុតត្រូវបន្លាផ្កាកុលាបកាលពីព្រឹកមិញនេះ។

មុីងជូបានដើរចូលទៅជិតនាងហើយសួរនាងថា៖ «តើឯងយ៉ាងម៉េចទៅហើយ?»

ស៊ីងលូបៀមម្រាមដៃនៅក្នុងមាត់ នៅក្នុងនឹកចិត្តគិត៖

«តើនេះពិតជាប្រផ្នូលអាក្រក់មួយមែនហ្អេស?»

————–

នៅពេលរសៀលថ្ងៃបន្ទាប់ ពន្លឺព្រះអាទិត្យដ៏ស្ដួចស្ដើងចែងចាំងពីខាងក្រៅចូលមក បុរសម្នាក់នោះក៏បានមកសារជាថ្មីម្ដងទៀត។ មួយរំពេចភ្លាមៗនោះ នៅពេលដែលគេក្រឡេកឃើញស៊ីងលូ នោះគឺជាលើកដំបូងដែលគេងក់ក្បាលញញឹមដាក់នាង ហើយបន្ទាប់មកក៏អង្គុយចុះនៅលើតុកាលពីម្សិលមិញ ដោះអាវធំក្រៅរបស់គេដាក់ទុកទៅម្ខាង។

ស៊ីងលូដើរចូលទៅរកគេនិងសួរថា៖ «តើត្រូវការកាហ្វេដូចពីម្សិលមែនទេ?»

គេឆ្លើយតបជាមួយដោយរីករាយថា៖ «បាទ! អរគុណច្រើន!»

«ខ្ញុំផ្ដល់យោបល់ឱ្យលោកនៅថ្ងៃនេះសាកល្បងកាហ្វេរសជាតិក្រាស់បន្តិច និងមិនបន្ថែមទឹកដោះគោ»

កែវភ្នែកខ្មៅថ្លារបស់គេសម្ដែងសេចក្ដីងឿងឆ្ងល់ ដោយសួរថា៖

«ហេតុអ្វីបានជាដូច្នោះ? លើសពីនេះ ស្រទាប់ផ្កាដែលនៅក្នុងពែងកាហ្វេកាលពីម្សិលមិញរបស់នាងគឺពិតជាស្អាតខ្លាំងណាស់ ខ្ញុំនៅចង់ឱ្យនាងប្រាប់ពីរបៀបធ្វើវាយ៉ាងណាផង!»

ស៊ីងលូរលាស់ចង្កា៖

«វាគ្មានអីពិបាកទេ! គ្រាន់តែប្រើប្រាស់ស្នៀតតិចតួចប៉ុណ្ណោះ ខ្ញុំនៅអាចធ្វើឱ្យចេញជារូបបេះដូងនិងស្លឹកឈើទៀតផង» ក្រសែភ្នែករបស់គេកាន់តែភ្លឺឡើង ធ្វើឱ្យគេរឹតតែចាប់អារម្មណ៍៖

«អូ៎! នៅមានរូបបេះដូងទៀត!»

ស៊ីងលូសើចដាក់និងនិយាយថា៖

«ប៉ុន្តែថ្ងៃនេះ សូមលោកស្តាប់តាមយោបល់របស់ខ្ញុំម្ដង ព្រោះតែខ្ញុំមានមូលហេតុពីរ!»

គេប្រើដៃច្រត់ចង្កានៅលើតុ បង្ហាញឫកពាររង់ចាំស្តាប់នាងនិយាយ។

ស៊ីងលូសម្លឹងមើលទៅដើមទ្រូងដ៏រឹងមាំរបស់គេ និយាយថា៖

«ទីមួយ! កាយសម្បទារបស់លោកមាំទាំល្អណាស់ មិនផឹកទឹកដោះគោមួយថ្ងៃក៏មិនបាត់បង់ជីវជាតិក្នុងខ្លួនដែរ! ទីពីរ បង្អែមដែលខ្ញុំនឹងរៀបចំមកជូនលោកភ្លក់បន្តិចទៀតនោះ គឺស័ក្តិសមសម្រាប់តែញ៊ាំជាមួយកាហ្វេក្រាស់ប៉ុណ្ណោះ!»

គេក៏ងក់ក្បាលយល់ស្រប និយាយថា៖

«ហេតុផលទីពីរស្តាប់ទៅគួរឱ្យចាប់អារម្មណ៍ណាស់! ខ្ញុំនឹងស្តាប់តាមគំនិតរបស់នាង!»

មួយសន្ទុះក្រោយមក នាងបានលើកយកកាហ្វេខ្មៅមួយពែងនិងនំពងទារសជាតិសូកូឡាខ្មៅងងឹតដាក់នៅចំពោះមុខគេ និយាយថា៖

«សាកភ្លក់រសជាតិនេះបន្តិចទៅមើល!»

គេកាន់នំពងទាសូកូឡាពណ៌ខ្មៅឡើងខាំមួយម៉ាត់ យកចិត្តទុកដាក់ទំពារនៅក្នុងមាត់ បញ្ចេញទឹកមុខចម្លែកនៅលើផ្ទៃមុខ។ ស៊ីងលូសួរទៅគេទាំងអន្ទះអន្ទែង៖

«យ៉ាងម៉េចហ្នឹង?»

«ឆ្ងាញ់ខ្លាំងណាស់! តាំងពីដើមមកខ្ញុំមិនដែលញ៊ាំនំពងទាណាឆ្ងាញ់យ៉ាងនេះនោះទេ! តើហាងរបស់នាងផ្លាស់ប្តូរអ្នកផ្គត់ផ្គង់នំផ្សេងហើយមែនទេ? គួរតែធ្វើបែបនេះតាំងពីយូរទើបប្រសើរ!»

ស៊ីងលូគ្រវីក្បាលរបស់នាង និងនិយាយប្រាប់ទៅគេដោយមិនស្ទាក់ស្ទើរថា៖

«គឺខ្ញុំជាអ្នកធ្វើណា៎!» គេហាក់មានការភ្ញាក់ផ្អើលជាខ្លាំងដោយសម្លឹងមើលមុខនាង និយាយថា៖

«គឺនាងធ្វើហ្អេស?»

«លោកមិនជឿទេហ្អេស? នៅក្នុងផ្ទះបាយមានឡដុតនំមួយ បើមិនជឿ លោកអាចចូលទៅមើលបាន!»

សម្លឹងមើលទឹកមុខម៉ឺងម៉ាត់ចង់ខឹងរបស់ស៊ីងលូ ពិតជាធ្វើឱ្យគេអស់សំណើចមកជាខ្លាំង គេនិយាយដោយញញឹមជាប់មាត់ថា៖

«ជាទូទៅនារីដែលមានសម្រស់ស្រស់ស្អាត ចម្អិនអាហារគឺពិបាកញ៊ាំណាស់»

ស៊ីងលូពេបមាត់ និយាយថា៖

«មើលទៅលោកធ្លាប់បរិភោគអាហាររបស់នារីស្អាតៗជាច្រើន!»

បុរសវ័យក្មេងរូបនេះប្រែទៅជាមុខក្រហម ឱនមុខចុះភ្លក់កាហ្វេក្រាស់ដែលនាងឆុង នៅលើថ្ពាល់បង្ហាញភាពអៀនខ្មាសចំពោះនាងតិចតួច និយាយថា៖

«ញ៊ាំនំពងទាប្រភេទនេះជាមួយកាហ្វេមិនបន្ថែមទឹកដោះគោគឺពិតជាស័ក្តិសមបំផុត ពុំនោះប្រាកដជាផ្អែមខះកស្លាប់ជាមិនខាន»

នៅខណៈពេលនោះ ភ្ញៀវស្រីពីរនាក់ដែលមានអាយុខ្ទង់ម៉្ភៃឆ្នាំអង្គុយនៅតុក្បែរម្ខាង បានធុំក្លិនក្រអូបឈ្ងុយ ក៏ងាកមកសម្លឹងរកមើល ភ្ញៀវស្រីម្នាក់ក្នុងចំនោមនោះបានចង្អុលទៅលើនំដែលដែលគេបានញ៊ាំអស់ពាក់កណ្តាល ស្រែកនិយាយខ្លាំងៗថា៖

«ពួកយើងក៏ចង់ញ៊ាំនំនោះដែរ!»

«អូ៎! …សូមអភ័យទោសផង! នំបានលក់អស់ទៅហើយ» ស៊ីងលូបានសុំអធ្យាស្រ័យទៅកាន់ភ្ញៀវស្រីទាំងពីរនាក់នោះ។

ប៉ុន្តែ… មួយសន្ទុះក្រោយ នៅពេលដែលនាងលើកពែងកាហ្វេខ្មៅទីពីរមកឱ្យគេ នាងបានលួចដាក់នំសូកូឡាខ្មៅផ្អែមចូលទៅក្នុងចានទទេទៅលើតុរបស់គេ។ គេសម្លឹងមើលមុខនាងដោយយល់ការនិងមិននិយាយស្ដីអ្វីឱ្យបែកធ្លាយ។ រីឯនាងក៏ធ្វើពុតជាមិនដឹងអ្វីទាំងអស់។

ភ្ញៀវស្រីទាំងពីរនាក់ដែលអង្គុយនៅក្បែរតុនោះ ធុំក្លិននំក្រអូបឈ្ងុុយ ពួកនាងទាំងពីរក៏បានងាកទៅមើលស្របពេលតែមួយ បង្វិលកៅអីអង្គុយខិតមកក្រោយបន្តិច លួចអើតមើលថាតើបុរសម្នាក់នោះកំពុងតែញ៊ាំរបស់អ្វី?

រីឯគេ ព្យាយាមប្រើផែនខ្នងរបស់គេបិទបាំងក្រសែភ្នែករបស់ភ្ញៀវស្រីទាំងពីរនាក់ដែលនៅពីក្រោយគេនោះ។ បើទោះបីជានៅពេលដែលញ៊ាំមើលទៅមានភាពលំបាកលំបិនបន្តិច ប៉ុន្តែផ្ទុយទៅវិញគឺមានរសជាតិពិសេសម៉្យាង រូបរាងដ៏ស្រស់ស្អាតរបស់ស៊ីងលូគឺប្រៀបបីដូចជាដួងរស្មីព្រះអាទិត្យរះនារដូវរងា សន្សឹមៗចាក់ទម្លុះចូលទៅក្នុងក្រឪបេះដូងរបស់គេ ដោយបានបន្សល់ទុកនូវក្លិនក្រអូបឈ្ងុយឈ្ងប់និងផ្អែមល្ហែម។

———–

ប៉ុន្មានថ្ងៃបន្តបន្ទាប់មក ថ្ងៃទីបី ថ្ងៃទីបួន នៅជារៀងរាល់ម៉ោងបីឬម៉ោងបួនរសៀល គេនឹងមកក្នុងហាងកាហ្វេ ផឹកកាហ្វេមួយពែងញ៊ាំនំពងទាសូកូឡាពណ៌ខ្មៅដែលមានរសជាតិផ្អែមឆ្ងាញ់។ មានម្តងនោះ ស៊ីងលូបាននាំគេចូលទៅមើលក្នុងចង្ក្រានបាយដើម្បីបញ្ជាក់ឱ្យគេឃើញថានំដែលគេញ៊ាំគឺពិតជាដុតចេញពីឡនៅខាងក្នុងនោះមែន។

ថ្ងៃមួយ ស៊ីងលូបានប្រាប់ឱ្យគេឈប់ផឹកកាហ្វេក្រាស់នោះទៀត ព្រោះនាងមានគម្រោងទុករួចជាស្រេច នាងចង់ឱ្យគេសាកល្បងភ្លក់កាហ្វេដែលនាងឆុងលាយជាមួយម្សៅកាហ្វេកន្លះពែងនិងម៉្សៅសូកូឡាបន្តិច។ គេស្ដាប់ហើយមានការចាប់អារម្មណ៍និងធ្វើតាមនាងទាំងរីករាយ។

កាហ្វេដែលនាងលើកមកឱ្យគេមានក្លិនក្រអូបឈ្ងុយ គេបិទភ្នែកសន្សឹមៗភ្លក់រសជាតិកាហ្វេ។

ស៊ីងលូសួរថា៖ «យ៉ាងម៉េចដែរ?»

គេឆ្លើយថា៖ «ខ្ញុំមានអារម្មណ៍ថាផ្អែមល្ហែមដល់ថ្នាក់ស្ទើរតែចង់រលាយរូបកាយ»

កែវភ្នែកថ្លាជ្រៅធំៗរបស់ស៊ីងលូមានមន្ទិលបន្តិច សួរទៅគេថា៖ «តើវាផ្អែមពេកមែនទេ?»

គេប្រទះឃើញថានាងបានយល់ច្រឡំពីអត្ថន័យរបស់គេ ទើបបកស្រាយយ៉ាងរហ័សថា៖

«អត់ទេ! ល្មមផឹកតែម្ដង! ខ្ញុំចូលចិត្តរសជាតិផ្អែមរបស់វា»

ឫកពាររបស់ស៊ីងលូដូចជាចង់សើចបន្តិចអត់បន្តិច និយាយថា៖

«តាំងពីដើមមក ខ្ញុំមិនដែលឃើញមនុស្សប្រុសណាចូលចិត្តផ្អែមយ៉ាងនេះទេ!»

គេញញឹមដាក់ស៊ីងលូ៖

«ន័យរបស់នាងគឺចង់ថា មនុស្សខ្ញុំផ្អែមល្ហែមណាស់មែនទេ?»

ស៊ីងលូចង់តែខឹងដាក់គេ និយាយថា៖

«ព្រះនាង Windson មិនស្រលាញ់ទឹកដីប៉ុន្តែចូលចិត្តការតុបតែង ធ្លាប់មានព្រះបន្ទូលថានៅក្នុងលោកនេះ គ្មាននរណាម្នាក់ជាអ្នកដែលស្គមបំផុតឬជាអ្នកដែលមានបំផុតនោះទេ តែខ្ញុំយល់ថាមានរបស់មួយដែលលើសហ្នឹងទៅទៀត»

គេសួរទាំងងឿងឆ្ងល់ថា៖ «គឺអ្វីទៅ?»

«គ្មាននរណាម្នាក់ជាមនុស្សផ្អែមល្ហែមបំផុតនោះទេ!»

ស៊ីងលូនិយាយទាំងញញឹម និយាយរួចក៏កាន់ថាសរបស់នាងដើរទៅកន្លែងឆុងកាហ្វេវិញ ចំណែកស្នាមញញឹមនៅលើមុខរបស់នាងក៏បានរលាយបាត់មួយរំពេច ហាក់ដូចជាផ្លាស់ប្តូរមុខមនុស្សម្នាក់ផ្សេងទៀត នាងស្ដាប់ឮសូរសំឡេងនៅក្នុងដួងចិត្តរបស់នាង

«មែនហើយ! វានឹងគ្មានមនុស្សណាម្នាក់ផ្អែមល្ហែមបំផុតនោះទេ មានតែមនុស្សដែលឈឺចាប់បំផុត វេទនាបំផុត និងជូរចត់បំផុត!»

នៅថ្ងៃនោះ គេផឹកកាហ្វេបណ្ដើរឈ្ងោកមុខចុះអានសៀវភៅបណ្ដើរ នៅស្ងប់ស្ងាត់បែបនេះលុះរហូតមកទល់ម៉ោងប្រាំបីយប់។ គេងើយក្បាលឡើងទាំងល្វើយ ក៏សង្កេតឃើញថាតុនៅជុំវិញគេទាំងអស់គឺសុទ្ធតែគ្មានមនុស្ស ភ្ញៀវនៅក្នុងហាងកាហ្វេនៅសល់តែគេតែម្នាក់។ គេក្រោកឈរឡើងដើរទៅកន្លែងទូទាត់ប្រាក់។

ស៊ីងលូកំពុងតែអង្គុយនៅឯរបារឆុងកាហ្វេ យកចិត្តទុកដាក់អានសៀវភៅធ្វើម្ហូបយ៉ាងស្លុង រោមភ្នែកក្រាស់វែងទាំងគូរបស់នាង ស្ថិតនៅក្រោមពន្លឺភ្លើងពណ៌មាស ហាក់ប្រៀបដូចជាសរសៃសូត្រសំយុងចុះមកក្រោមកែវភ្នែកនាងយ៉ាងស្រទន់ ដៃទាំងពីររបស់គេស៊កនៅក្នុងហោប៉ៅឈរយ៉ាងស្ងៀមស្ងាត់នៅទីនោះភ្លឹកសម្លឹងមើលទៅនាង ដោយមិនហ៊ានឈានចូលទៅរំខាននាងឡើយ។

មួយសន្ទុះធំក្រោយមក ស៊ីងលូស្រាប់តែមានអារម្មណ៍ថាមានខ្សែភ្នែកមួយគូកំពុងតែលួចសម្លឹងមើលមកនាង នាងងើយមុខឡើងទៅមើល ក៏ឃើញរូបគេកំពុងតែឈរស្ងៀមថ្មឹងនៅមួយកន្លែងនោះ។

«សូមទោស! ហាងរបស់នាងដល់ម៉ោងបិទទ្វារហើយឬនៅ?» គេជាអ្នកនិយាយមុន។

ស៊ីងលូកាន់សៀវភៅក្រោកឈរឡើង ហើយនិយាយថា៖

«មិនអីទេ! ខ្ញុំកំពុងតែចង់សាកល្បងដុតនំភីហ្សា»

នាងហុចសៀវភៅនោះទៅឱ្យគេមើល។ នៅលើទំព័រសៀវភៅគឺជារបៀបចម្អិនភីហ្សា រូបភាពនៅលើនោះពិតជាគួរឱ្យទាក់ទាញនិងចង់ញ៊ាំ។ នាងបានសួរទៅគេថា៖

«តើលោកចង់មើលខ្ញុំធ្វើទេ?»

គេក៏បានឆ្លើយតបថា៖

«សុំទោសផង! ថ្ងៃនេះខ្ញុំមានការណាត់! ចាំពេលក្រោយចុះ»

ស៊ីងលូញញឹមៗ៖ «អុឹម! អ៊ីចឹងចាំថ្ងៃក្រោយចុះ»

គេបានដាក់ប្រាក់នៅលើតុ បន្ទាប់មកដើរតម្រង់ទៅកាន់មាត់ទ្វារ។ ស៊ីងលូសម្លឹងមើលតាមស្រមោលខ្នងដែលសន្សឹមៗចាកចេញផុតទៅរបស់គេ លើផែនថ្ពាល់ក្រហមរបស់នាងនៅក្រហមតិចៗនៅឡើយ នេះគឺសុទ្ធតែកំហុសរបស់នាង មិនគួរណានឹកគិតថានាងនឹងអាចទាក់ទាញចិត្តគេបានលឿនយ៉ាងនេះ។

«ឯងនេះពិតជាល្ងង់ខ្លៅខ្លាំងណាស់!» នាងបានលួចស្ដីបន្ទោសឱ្យខ្លួនឯងនៅក្នុងចិត្ត។

នៅស្របខណៈពេលនោះ គេស្រាប់តែបកត្រលប់ក្រោយវិញ។

គេដើរចូលមកជិតនាងជាមួយនឹងស្នាមញញឹម សួរថា៖

«នាងធ្វើនំភីហ្សាប្រាកដជាឆ្ងាញ់ណាស់ហើយ?»

ស៊ីងលូក៏សួរថា៖ «ចុះការណាត់ចួបរបស់លោកនោះ?»

«គ្រាន់តែជាការតាំងពិពណ៌គំនូររបស់មិត្តភក្តិម្នាក់ប៉ុណ្ណោះ»

គេញាក់ស្មារបស់គេ និយាយថា៖ «យ៉ាងណាបើជ្រុលជាយឺតពេលទៅហើយ យឺតថែមបន្តិចក៏មិនជាថ្វីដែរ…គេមិនស៊ីសាច់ខ្ញុំនោះទេ! ខ្ញុំឈ្មោះ ស៊ឺជឹងឈុន តើនាងមានឈ្មោះអ្វី?»

«ស៊ីងលូ គឺ លូ នៅក្នុងសន្សើមពេលព្រឹក»

គេញញឹម ហុចដៃចេញមកនៅចំពោះមុខនាង និយាយថា៖

«រីករាយដែលបានស្គាល់!»

មានភគបន្ត…

1 Comment

  • Nut Sopheak Posted January 15, 2024 7:40 am

    Love this novel。

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*