«ធ្វើឱ្យអស់ពីសមត្ថភាព» មិនទាន់ប្រកាសថ្ងៃបោះពុម្ពផ្លូវការ តែទទួលការចាប់អារម្មណ៍ខ្លាំង

«ធ្វើឱ្យអស់ពីសមត្ថភាព» ជាចំណងជើងនៃក្របសៀវភៅជំរុញទឹកចិត្តថ្មី របស់អ្នកនិពន្ធ មុីសន សុធាវី ដែលត្រៀមនឹងបោះពុម្ពឆាប់ៗនេះ ដោយតម្រា។ ថ្វីបើស្ថិតក្នុងដំណើរការនៃការបោះពុម្ព តែតាមរយៈការបញ្ចេញសារខ្លីៗពីម្ចាស់ស្នាដៃ ទាក់ទងនឹងសៀវភៅមិនទាន់បង្ហាញរូបរាងមួយនេះ ធ្វើឱ្យបណ្តាអ្នកគាំទ្រមានចំណាប់អារម្មណ៍ខ្លាំង និងទទូចឱ្យឆាប់ទទួលការបញ្ជាទិញថែមទៀតផង។

តាមរយៈអត្ថន័យដ៏មានសក្តានុពលដល់ដំណើរជីវិត ពីសៀវភៅត្រៀមចេញក្បាលនេះ អ្នកនិពន្ធបានរំលេចពីកត្តាមួយចំនួន ដែលបាននិងកំពុងពង្វក់ចិត្តគំនិតយុវវ័យ ឱ្យជឿស្លុងលើអ្វីដែលថា “នាំទៅរកភាពជោគជ័យ” ដោយរៀបរាប់ថា “ជំនាញទន់ជាជំនាញធំ និងចាំបាច់ ហើយការសិក្សាបន្ថែមជានិច្ច ជាសិល្បៈនៃការរស់នៅ របស់ជនដែលមានផ្នត់គំនិតស៊ីវិល័យ បានជាយើងឃើញបុគ្គលឆ្លៀតឱកាសមួយចំនួន ប្រើថ្វីមាត់លេងប៉ាហ៊ី បោកប្រាស់សិស្ស-និស្សិត ដែលស្រេកឃ្លានជំនាញទន់ ហើយទៅបង់ប្រាក់អង្គុយស្តាប់ ថែមទាំងខ្លះដើរតាម ដល់ចាញ់បោកអស់ស្រែចម្ការឪពុកម្តាយផងក៏មាន”។

ពាក់ព័ន្ធនឹងការលើកឡើងនេះ អ្នកនិពន្ធ ក៏បានគូសបញ្ជាក់ ពីភាពខុសគ្នាខ្លាំង រវាងអ្នកដែលនិយាយបានល្អ និងអ្នកដែលដឹកនាំបានល្អ ដូច្នេះថា “បុគ្គលលក់សម្តីនៅសាធារណៈ មិនប្រាកដថាជាមេដឹកនាំល្អទេ។ ទ្រឹស្តីនឹងការអនុវត្ត គួរដើរទន្ទឹមគ្នា តែចៃដន្យអី មនុស្សដែលពូកែអនុវត្តភាគច្រើនមិនពូកែអួតបង្ហាញ។ ដូចនេះ អ្នកអាន គួរចេះកត់សម្គាល់ភាពខុសគ្នា រវាងអ្នកដែលនិយាយបានល្អលើឆាក និងអ្នកដែលអាចមានឥទ្ធិពលពិតប្រាកដ លើផ្នត់គំនិតវិជ្ជមានរបស់យើង មុនពេលសម្រេចចិត្តយកអ្នកណាម្នាក់ជាគ្រូឬដើរតាម”។

លើសពីនេះ អ្នកនិពន្ធ មានចេតនាចម្បងក្នុងការជំរុញទស្សនៈរបស់អ្នកអាន ដើម្បីជួយស្វែងរកគុណតម្លៃរបស់បុគ្គល ឈានឆ្ពោះទៅភាពជោគជ័យ ដោយបង្ហាញទស្សនៈផ្ទាល់ខ្លួនថា “សម្រាប់ខ្ញុំ សំខាន់ណាស់ក្នុងការស្វែងរកតុល្យភាព រវាងមហិច្ឆតា និងការផ្តោតអារម្មណ៍។ ព្រោះការផ្តោតអារម្មណ៍ ជាសិល្បៈមួយដ៏មាន​សារៈសំខាន់ លើគ្រប់បែបផែនអាជីពវិជ្ជាជីវៈ។ នៅពេលអារម្មណ៍ហោះហើរ យើង​អាចទាញខ្លួនឯងមកវិញ​ គឺ​កំពុង​ធ្វើបានល្អបំផុតក្នុងការ​ឆ្ពោះទៅរកភាពជោគជ័យ តាមរយៈការ​បង្កើនប្រសិទ្ធភាព និងកែលម្អលទ្ធផល​ការងារ រួមទាំងកសាងបុគ្គលិកលក្ខណៈរឹងមាំឱ្យយើងខ្លួនឯង” ដែលនេះជាផ្នែកមួយនៃសៀវភៅ «ធ្វើឱ្យអស់ពីសមត្ថភាព»។

ជាក់ស្តែង សូម្បីតែសហគ្រិនជោគជ័យ និងក្រុមហ៊ុនយក្សក្នុងឧស្សាហកម្មពិភពលោក ​ដូចជាលោក Warren Buffet លោក​ Steve Jobs សេដ្ឋី Bill Gates ក៏ជាបុគ្គលដែលសង្កត់ធ្ងន់លើសារៈសំខាន់ នៃការផ្តោតលើរឿងតែមួយ ក្នុងពេលនីមួយៗផងដែរ។ សេដ្ឋី Bill Gates និយាយថា «ប្រសិនបុគ្គលផ្តោតបានល្អលើរឿងអ្វីតែមួយ យើង​អាចលះបង់ពេលវេលា ធនធាន និងថាមពលទាំងអស់ធ្វើជាម្ចាស់លើគម្រោងការនោះ ហើយជោគជ័យក៏មាន​ភាគរយច្រើន»។

គួរបញ្ជាក់ថា ខែក្រោយនេះ ពោលគឺអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ សៀវភៅជំរុញទឹកចិត្តថ្មីរបស់អ្នកនិពន្ធ មុីសន សុធារី «ធ្វើឱ្យអស់ពីសមត្ថភាព» នឹងទទួលការបញ្ជាទិញហើយ។ សម្រាប់អ្នកចង់បានសៀវភៅនេះ អាចទំនាក់ទំនងក្រុមការងារអ្នកនិពន្ធផ្ទាល់ ឬតាមរយៈផេកតម្រា នៅថ្ងៃដែលប្រកាសទទួលការកក់បាន៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*