រឿង៖ សន្សើមព្រឹក (ភាគបញ្ចប់)

រដូវរងានៅក្នុងទីក្រុងឡុងដ៍ត្រជាក់ដល់ឆ្អឹងនិងសំណើមអួអាប់។ សុីងលូនឹករឭកដល់គ្រាដែលនាងបានមកកាន់ទីកន្លែងនេះជាលើកដំបូងពេលនាងមានអាយុប្រាំបួនឆ្នាំ ឪពុករបស់នាងបានប្រាប់នាងថា៖

«កូននឹងស្រលាញ់ទីក្រុងឡុងដ៍ ប៉ុន្តែកូននឹងមុខជាមិនចូលចិត្តអាកាសធាតុនៅទីនោះឡើយ»

កាលនោះ ហេតុអីបានជានាងមិនជឿគាត់?

នាងធ្លាប់គិតថា នៅពេលដែលនាងមានប្រាក់យ៉ាងច្រើនៗ នាងនឹងមុខជាសប្បាយរីករាយយ៉ាងខ្លាំង រាល់អ្វីទាំងអស់ដែលនាងធ្លាប់ប៉ងប្រាថ្នាពីមុន ឥឡូវនេះនាងអាចទទួលបានហើយ។

ប៉ុន្តែមកដល់ទីក្រុងឡុងដ៍បានមួយឆ្នាំ កន្លែងដែលនាងស្នាក់គឺត្រឹមបន្ទប់តូចមួយនៅក្នុងផ្ទះជួល។ នាងបានកាត់សក់ដ៏វែងរបស់នាងចោលអស់ សម្លៀកបំពាក់ដែលនាងស្លៀកពាក់ឥឡូវនេះគឺថោកជាងនៅពេលដែលនាងរស់នៅហុងកុងទៅទៀត ជីវភាពកាន់តែដុនដាបជាងពីមុន។ នាងមិនដាច់ចិត្តចាយវាយប្រាក់នៅកុងធនាគារនោះឡើយ មិនមែនដោយសារតែនាងវាយឫកឆ្មើងឆ្មៃអ្វីទេ ប៉ុន្តែនាងបានចាត់ទុកវាគឺជាដិតដាមអនុស្សាវរីដែលធ្វើជាទាសករស្នេហានោះ។

នៅពេលដែលនាងចាកចេញពីហុងកុងកាលពីមួយឆ្នាំមុន នាងទៅដោយប្រញាប់ប្រញាល់ និយាយទៅកាន់មុីងជូថា៖

«ខ្ញុំទៅដល់ទីនោះនឹងទាក់ទងទៅឯងតាមក្រោយ»

នៅថ្ងៃចាកចេញរបស់នាងនោះ មានមនុស្សដឹកជញ្ជូនព្យាណូខ្មៅខ្នាតកណ្ដាលមួយគ្រឿងមកកាន់ក្នុងបន្ទប់ជួលរបស់ពួកគេ។ នោះជាអំណោយដែលនាងបានរៀបចំដោយស្ងាត់ៗសម្រាប់មុីងជូ។ កាលដែលនៅរៀនក្នុងសាលា ពួកគេទាំងពីរតែងតែលួចស្ងើចសរសើរក្មេងស្រីដទៃទៀតអង្គុយដេញទំនុកភ្លេងនៅលើភីងព្យាណូយ៉ាងក្រអឺតក្រទមនៅចំពោះមុខពួកគេ។ មុីងជូទួញសោកជារឿយៗថានាងក៏ចង់បានព្យាណូមួយនឹងគេដែរ។ កន្លងផុតជាច្រើនឆ្នាំ ទីបំផុតនាងក៏ទទួលបានវា។

ឥឡូវនេះ សុីងលូចួនកាលនឹងសរសេរសំបុត្រផ្ញើទៅកាន់មុីងជូម្តងម្កាល នៅក្នុងសំបុត្រនាងបានរម្លឹកអំពីអតីតកាលរបស់ពួកនាងទាំងពីរនាក់បន្តិចម្តងៗ។

ចំណុចនេះគឺខុសឆ្ងាយពីរូបនាងកាលពីមុនទាំងស្រុងដែលជាមនុស្សស្ងប់ស្ងាត់និងមានមន្ទិលបិទបាំងជាច្រើន ក៏ប្រហែលជាដោយសារតែនាងមានទុក្ខកង្វល់ដែលលាក់កប់ទុកនៅក្នុងដួងចិត្តច្រើនពេក ឬក៏ព្រោះតែនាងដឹងថា នាងនឹងមិនអាចវិលត្រលប់ទៅទីនោះវិញបានទៀតទេ ពួកគេទាំងពីរឋិតនៅដាច់ឆ្ងាយគ្នាយ៉ាងនេះ តែផ្ទុយទៅវិញនោះ បែរជាធ្វើឱ្យពួកគេកាន់តែស្និទ្ធស្នាលជាងកាលពីមុន ពួកគេទាំងពីរបានយករឿងអាថ៌កំបាំងរៀងៗខ្លួននិយាយប្រាប់គ្នាទៅវិញទៅមក ហើយក៏បង្ខំឱ្យម្នាក់ៗស្បថស្បែថា មិនថាទោះបីមានរឿងអ្វីកើតឡើង ក៏មិនអាចនិយាយចេញមកជាដាច់ខាត។

ពេលវេលាមិនបានលុបបំបាត់រឿងអតីតកាលនោះឡើយ ជារៀងរាល់កណ្ដាលយប់អធ្រាត្រនៅពេលដែលនាងស្ទុះភ្ញាក់ពីដំណេកនៅលើគ្រែក្នុងបន្ទប់ជួលដ៏សែនតូចចង្អៀតនោះ នាងមានអារម្មណ៍ថាអ្វីៗគ្រប់យ៉ាងសែនឃ្លាតដាច់ទៅឆ្ងាយពីរូបនាង ហាក់បីដូចជានៅទីនេះមិនមែនជាកន្លែងរបស់នាងនោះឡើយ។

នាងបានទៅកាន់ “Caves City” នៅក្នុងរឿងព្រេងនិទាន ប៉ុន្តែនាងរកមិនឃើញចង្កៀងគោមពណ៌លឿងនិងរហាត់ទឹកធ្លាក់ទេ។ ផ្ទុយទៅវិញនោះ នាងមានអារម្មណ៍ថានាងគឺជាមនុស្សដែលត្រូវនិរទេសខ្លួនដ៏ឯកោបំផុត តែលតោលគ្មានទីបញ្ចប់។ ឈរសញ្ចឹងប្រឈមនៅចំពោះមុខដងទន្លេ “Thames” ដ៏ស្រស់ស្អាត សេចក្តីនឹកនាស្រុកកំណើតរបស់នាងរឹតកាន់តែកើនឡើង។

ជារៀងរាល់នៅពេលដែលពោះរបស់នាងមានអាការៈចាប់ផ្ដើមធ្វើទុក្ខឈឺម្ដងៗ នាងក៏តែងតែនឹកឃើញដល់រូបរាងដែលស៊ឺជឹងឈុនអៀវនាងឡើងកាំជណ្ដើរងងឹតស្លុងម្ដងមួយកាំៗនៅឯផ្ទះចាស់ថ្ងៃមួយនោះ គេបាននិយាយថា«ពួកយើងបង្កើតកូនម្នាក់ទៅ?» នោះគឺជាសេចក្ដីដ៏ឈឺចាប់បំផុតក្នុងដើមទ្រូងរបស់នាង។ នាងអាចនិយាយតាមត្រង់ជាមួយគេ ប៉ុន្តែនាងបែរជាមិនអាចធ្វើបាន។

ថ្ងៃមួយនៅក្នុងខែពីរ ការឈឺចុកចាប់ពេលមករដូវបានកន្លងផុតទៅ ប៉ុន្តែនាងនៅតែមានអារម្មណ៍ខ្សោយនិងអស់កម្លាំងជាខ្លាំង។ ពេលកំពុងរៀននៅក្នុងសាលា នាងបានដួលសន្លប់ មិត្តរួមថ្នាក់របស់នាងបានបញ្ជូននាំនាងទៅកាន់មន្ទីរពេទ្យនៅក្បែរសាលារៀន។ នៅទីនោះ លោកគ្រូពេទ្យវ័យចំណាស់ម្នាក់បានធ្វើការពិនិត្យយ៉ាងហ្មត់ចត់សម្រាប់នាង ដោយបង្គាប់នាងឱ្យវិលមកម្ដងទៀតនៅមួយសប្តាហ៍ក្រោយ។ មុនពេលរៀបចាកចេញទៅ លោកគ្រូពេទ្យបានសួរនាងថា៖

«នៅក្នុងគ្រួសាររបស់កញ្ញាមាននរណាម្នាក់ធ្លាប់មានជំងឺអ្វីធ្ងន់ធ្ងរទេ?»

សុីងលូឆ្លើយតបថា៖

«លោកតារបស់ខ្ញុំមានជំងឺមហារីកគ្រាប់ឈាម»

និយាយចប់ នាងខ្សត់ខ្សោយកម្លាំងធ្វើដំណើរចាកចេញពីក្នុងមន្ទីរពេទ្យ។ មួយសប្ដាហ៍កន្លងក្រោយមក ឋិតនៅក្នុងថ្ងៃដែលមានភ្លៀងសន្សើមធ្លាក់ នាងវិលត្រលប់ទៅកាន់មន្ទីរពេទ្យវិញ ក្រៅពីមើលទៅនៅតែទន់ខ្សោយបន្តិច នាងមានអារម្មណ៍ថាស្មារតីរបស់នាងល្អប្រសើរឡើងច្រើនណាស់។

លោកគ្រូពេទ្យម្នាក់នោះប្រកាសរបាយការណ៍ជំងឺប្រាប់នាងថា៖

«លទ្ធផលគឺជាជំងឺមហារីកគ្រាប់ឈាម កញ្ញាត្រូវរៀបចំខ្លួនសម្រាកមន្ទីរពេទ្យធ្វើការវះកាត់ឱ្យបានឆាប់បំផុត។ កញ្ញាអាចវិលត្រលប់ទៅវិញពិភាក្សាគ្នាជាមួយនឹងក្រុមគ្រួសារសិនទៅចុះ ថ្ងៃស្អែកខលមកមន្ទីរពេទ្យដើម្បីធ្វើការណាត់ពេលវេលាវះកាត់ ត្រូវតែឱ្យបានឆាប់បន្តិច!»

សុីងលូត្រដាបត្រដួលដើរចេញពីក្នុងមន្ទីរពេទ្យ នៅក្នុងចិត្តរបស់នាងពោរពេញទៅដោយក្ដីកំហឹងខឹងស្អប់ចំពោះជីតារបស់នាងដែលបានស្លាប់ទៅ អំណោយបុណ្យណូអែលរបស់គាត់មួយជំហានម្ដងៗបាននាំនាងមកកាន់ទីកន្លែងនេះ ប៉ុន្តែតាមពិតទៅគឺមានបំណងចង់ប្រទានជំងឺតំណពូជនេះមកឱ្យនាងទេហ្អេស? លោកតាកញ្ចាស់អាត្មានិយមម្នាក់នោះ នាងសូម្បីតែរូបរាងរបស់គាត់ក៏មិននៅចងចាំអ្វីបន្តិចផង។

ផ្លូវវិលត្រលប់ទៅផ្ទះវិញស្រាប់តែវែងបន្លាយសែនឆ្ងាយ ប្រៀបហាក់បីដូចជាឋិតនៅឆ្ងាយរហូតដល់រាប់សតវត្សខ្មៅងងឹតសូន្យសុងនៅខាងមុខ។ ភ្លៀងសន្សើមបង្អុរធ្លាក់ស្រិចៗបានធ្វើឱ្យទទឹកសើមសម្លៀកបំពាក់របស់នាង។

នាងបានត្រលប់ទៅកាន់បន្ទប់ជួលវិញ បើកម៉ាសុីនកំដៅឡើង ទម្លាក់ខ្លួនគេងក្ដោបប្រាណយ៉ាងទន់ខ្សោយនៅលើសាឡុងពណ៌ក្រហមនៅក្នុងបន្ទប់។ សំឡេងភ្លៀងធ្លាក់នៅខាងក្រៅមាត់បង្អួចបន្តបន្ទាប់បន្លឺសូរសៀងនៅក្នុងត្រចៀករបស់នាង ហើយក៏សន្សឹមៗរសាត់បាត់ទៅក្នុងលម្ហទទេល្វឹង។

ប្រសិនបើនាងបានដឹងថានាងមានជំងឺនេះតាំងពីដើមមក តើនាងនឹងនៅតែអាចទទួលយកសំណើរលក់សេចក្ដីស្នេហារបស់នាងទៀតដែរឬទេ? នាងធ្លាប់ប្រាថ្នាចង់ស្លាប់បែបនេះក៏ប៉ុន្តែមិនអាចដូចក្ដីសមបំណង សេចក្ដីស្លាប់បែរជាឈានមករកនាងនៅពេលដែលនាងក្រឡាស់ដៃមិនទាន់ ប្រៀបដូចជាការដាក់ទោសទណ្ឌមួយ។

នាងពោលពាក្យជេរស្ដីទៅកាន់ព្រះជាម្ចាស់ បន្ទោសព្រេងវាសនាដែលអយុត្តិធម៌ចំពោះរូបនាង។ ឬមួយក៏នាងគួរណាតែអរគុណទៅដល់ព្រះជាម្ចាស់ដែលប្រទានប្រាក់ឱ្យនាងអាចមានលទ្ធភាពទៅព្យាបាលជំងឺ?

នៅក្នុងខណៈពេលនោះ នៅខាងក្រៅទ្វារស្រាប់តែបន្លឺសំឡេងកណ្ដឹងរោទ៍។ នាងនឹកស្មានថាមច្ចរាជបានឈានមកដល់ ក៏ត្រដាបត្រដួលចេញទៅបើកទ្វារ។

ទ្វាររបើកចេញមកភ្លាម នាងភ្ញាក់ឱ្យព្រើត។

សុឺជឹងឈុនកំពុងតែឈរនៅខាងក្រៅមាត់ទ្វារ គេស្លៀកពាក់ឈុតក្រសេពណ៌ខៀវងងឹតស្អាតបាតត្រង់ផ្លី សក់ខ្លីសិតយ៉ាងរៀបរយ នៅលើផ្ទៃមុខថែមទាំងទុកពុកចង្កាបែបសុភាពបុរស។ ភាពទន់ភ្លន់ស្រស់បស់នៅលើទឹកមុខរបស់គេកន្លងមកនោះក៏លែងឃើញ ជំនួសមកវិញដោយភាពមុឺងម៉ាត់និងចាស់ទុំ។

សុឺជឹងឈុនហាមាត់និយាយឡើងមុនថា៖

«គឺមុីងជូប្រាប់ឱ្យខ្ញុំដឹងថានាងនៅទីនេះ។ តើខ្ញុំអាចចូលទៅក្នុងបានទេ?»

សុីងលូងក់ៗក្បាលផ្ងក់ៗ ទុកឱ្យគេដើរចូលទៅក្នុងបន្ទប់។

នាងក្រឡេកភ្នែកមើលទៅតាមផែនខ្នងរបស់គេ នៅក្នុងជម្រៅបេះដូងដ៏សែនឈឺចុកចាប់រីករីងស្ងួត មួយរំពេចនោះរំញោចឡើងដួងពន្លឺនៃក្តីសង្ឃឹមនូវអ្វីដែលធ្លាប់បាត់បង់ទៅ តើមុីងជូបានប្រាប់រឿងទាំងឡាយឱ្យគេដឹងហើយមែនទេ? សុឺជឹងឈុនបែរខ្លួនមកក្រោយ និយាយថា៖

«មុនពេលខ្ញុំមកកាន់ទីក្រុងឡុងដ៍ ខ្ញុំចួបនឹងនាងដោយចៃដន្យនៅតាមផ្លូវ»

បន្ទាប់មកគេក៏ក្រឡេកមើលជុំវិញបន្ទប់នៅក្នុងផ្ទះជួលតូចចង្អៀតនេះ ហើយសួរទៅនាងដោយមន្ទិលថា៖

«មិត្តប្រុសមានប្រាក់របស់នាងនោះនៅឯណា? គេមិននៅជាមួយនឹងនាងទេហ្អេស?»

ដួងពន្លឺនៃក្តីសង្ឃឹមនោះទើបតែរំលេចឡើងបន្តិចក៏ស្រាប់តែរលត់បាត់ទៅវិញ។ សុីងលូប្រើដៃឆ្វេងរបស់នាងក្ដោបម្រាមដៃខាងស្តាំយ៉ាងជិត ម្រាមដៃខាងស្តាំរបស់នាងនៅតែពាក់ចិញ្ចៀនផ្កាកុលាបដែលគេធ្លាប់ជូនឱ្យនាង។ ក្រោយពេលដែលចែកផ្លូវគ្នា នាងក៏នៅតែពាក់ចិញ្ចៀននោះជាប់រហូតដដែល។

«មិនអាចឱ្យគេឃើញទេ!» នៅក្នុងចិត្តរបស់នាងនឹកគិត។

ពួកគេទាំងពីរនាក់នៅស្ងាត់ស្ងៀមអស់ជាយូរ ទីបំផុតសុឺជឹងឈុនក៏និយាយឡើងថា៖

«ខ្ញុំដើមឡើយគឺអាចផ្តល់ឱ្យនាងរាល់អ្វីៗគ្រប់យ៉ាងដែលនាងប៉ងចង់បាន»

សុីងលូធ្វើពុតជាមិនយល់ និយាយថា៖

«ខ្ញុំមិនយល់ពីសំដីរបស់លោកទេ…»

សុឺជឹងឈុនបោះជំហានដើរយឺតៗទៅកាន់មាត់បង្អួច ប្រព័ន្ធបំពង់កំដៅចាស់ទ្រុឌទ្រោមបន្លឺសូរសំឡេងតិចៗនៅក្រោមជើងរបស់គេ។ គេនិយាយថា៖

«នៅពេលដែលនាងស្គាល់ខ្ញុំ ខ្ញុំពិតជាសែនល្ងង់ខ្លៅណាស់ ចង់ក្លាយទៅជាវិចិត្រករម្នាក់ នឹកស្មានថានឹងមានមនុស្សស្រលាញ់ខ្ញុំដោយសុទ្ធចិត្ត នឹងមិនមែនមកពីខ្ញុំគឺជាមនុស្សមានសាវតាយ៉ាងណានោះទេ…»

នៅក្នុងចិត្តរបស់សុីងលូទួញសោក៖«គេស្អប់ឯងខ្លាំងណាស់!»

ប៉ុន្តែនាងបែរជ្រួញចិញ្ចើមដាក់គេបន្តិច ដោយធ្វើពុតជាស្ដាប់មិនយល់ថាគេចង់មានន័យអ្វី។

សុឺជឹងឈុននិយាយថា៖ «ពិតណាស់នាងប្រាកដជាមិនដឹងនោះទេ ដូច្នេះហើយមិនអាចបន្ទោសនាងបានទេ។ ខ្ញុំមានប្រាក់ច្រើនណាស់។ នាងនឹកស្មានមិនដល់មែនទេ?»

សុីងលូខ្ជិបបបូរមាត់ជិតឈឹងមិននិយាយអ្វី។ នាងក្ដោបក្រសោបម្រាមដៃរបស់នាងកាន់តែណែន។

សុឺជឹងឈុនដៀងភ្នែកមើលទៅក្នុងបន្ទប់គេងដែលបើកទ្វារចំហចោល រួចបែរក្បាលមកសម្លឹងទៅមើលសុីងលូ ហើយសើចចំអន់ខ្លួនឯងថា៖

«កើតមកនៅក្នុងគ្រួសារមានទ្រព្យសម្បត្តិមហាសាលបែបនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ហាក់ក្រែងខ្មាសបន្តិច ហាក់ដូចជាពួកយើងបានដណ្ដើមយកចំណែកដែលអ្នកដទៃគួរមាន ខ្ញុំថែមទាំងធ្លាប់គិតចង់បោះបង់ចំណែកទ្រព្យសម្បត្តិរបស់ខ្លួនឯង ចង់ធ្វើនូវអ្វីដែលខ្លួនឯងចូលចិត្ត។ ដូចដែលនាងធ្លាប់និយាយអ៊ីចឹងថា បើទោះបីជាខ្ញុំក្រក៏ខ្ញុំនៅតែជាតារារស្មីភ្លឺស្រទន់មួយដួង»

សុីងលូគ្រាន់តែនិយាយថា៖

«លោកលែងនៅគូរគំនូរទៀតហើយមែនទេ?»

សុឺជឹងឈុនញាក់ស្មាព្រងើយ ឆ្លើយតបយ៉ាងត្រជាក់ល្អូកថា៖

«ពេលនេះខ្ញុំជាប់រវល់ខ្លាំងណាស់ គ្មានពេលវេលានោះទេ»

គេនិយាយបន្តទៀតថា៖

«អរគុណនាងដែលធ្វើឱ្យខ្ញុំបានដឹងថា មានប្រាក់កាក់មិនមែនជាទោសកំហុសនោះទេ ប៉ុន្តែលោភលន់ប្រាក់កាក់ទើបជារឿងគួរឱ្យស្អប់ខ្ពើម»

សុីងលូញ័រព្រឺខ្លួនទទ្រើកខាំសង្កត់បបូរមាត់ នាងនៅស្ងាត់ស្ងៀម ហើយមិននិយាយអ្វីទាំងអស់។ នាងបានយល់ គេមកកាន់ទីនេះមិនមែននៅមានមនោសញ្ចេតនាចំពោះនាងទេ ប៉ុន្តែគឺដើម្បីមកសងសឹកនាង។

សមមុខរបស់នាងហើយ។

ក្រោយពេលដែលសុឺជឹងឈុនចាកចេញទៅ សុីងលូអស់ក្ដីសង្ឃឹមដេកននៀលនៅលើគ្រែតូចចង្អៀតនៅក្នុងបន្ទប់ជួល ការឈឺចុកចាប់ក៏ធ្វើទុក្ខបុកម្ដេញនាងម្តងទៀត នាងមានអារម្មណ៍ថាពោះរបស់នាងរឹតណែន ឈឺជាងការឈឺចាប់ពេលមករដូវទៅទៀត។ នាងក្តៅស្អុះស្អាប់ ឈុតគេងពាក់នៅលើខ្លួនសើមញើសជោក ស្អិតប្រតាកជាប់ខ្នង ប្រៀបហាក់បីដូចជាកូនសត្វត្រចៀកកាំដ៏គួរឱ្យអាណិតអាសូរស្រក់ទឹកភ្នែកនៅពេលដែលធ្លាក់ចូលទៅក្នុងដីភក់ជ្រៅ។

នៅព្រឹកថ្ងៃបន្ទាប់ នាងខលទូរសព្ទទៅកាន់មន្ទីរពេទ្យ។

លោកគ្រូពេទ្យវ័យចំណាស់នោះ ទទួលទូរសព្ទសួរនាងថា៖

«តើកញ្ញាចង់ធ្វើការវះកាត់នៅពេលណា?»

សុីងលូនិយាយថា៖

«នៅក្នុងសប្តាហ៍នេះបានទេ?»

កាលពីយប់មិញ មានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ សន្សើមអ័ព្ទក្រាស់ពណ៌ប្រផេះគ្របដណ្តប់ពាសលម្ហផ្ទៃមេឃទីក្រុងឡុងដ៍ទាំងមូល។ សុីងលូរៀបចំដាក់តាមខ្លួនសម្លៀកបំពាក់មួយចំនួន មុនពេលចេញទៅក្រៅមាត់ទ្វារ នាងបង់កន្សែងបង់កដែលមានសរសៃឆ្នូតៗពណ៌ក្រហមផ្លែសុដា និងនៅលើផ្ទៃកថែមទាំងមានតប់ម៉្សៅក្រអូប។

នោះគឺជាក្លិនផ្កាម្លិះ ក្លិនដែលតំណាងឱ្យសំណាងរបស់នាង។ នាងធ្វើដំណើរចាកចេញពីក្នុងផ្ទះជួល បំណងចង់ទៅកាន់ចំណតឡានក្រុងនៅទិសខាងកើត ក៏មិនដឹងមកពីហេតុអ្វីថ្ងៃនេះបែរជាមានមនុស្សយ៉ាងច្រើនកកស្ទះពេញ។ នាងក៏សម្រេចចិត្តដើរបត់កាត់ទៅច្រកផ្លូវមួយទៀតទៅកាន់ស្ថានីយរថភ្លើងក្រោមដី។

នាងដើរចូលទៅក្នុងច្រកផ្លូវតូចនៅទិសខាងលិចងងឹតស្លុបនិងស្ងាត់ជ្រងំ នៅលើផ្ទៃដីសុទ្ធតែជង្ហុកថ្លុកទឹកភក់ខ្មៅកខ្វក់ នាងក៏លោតហក់គន្លងយ៉ាងលឿន។

មួយខណៈដែលនាងហក់ទៅ រំពេចនោះក៏ស្រាប់តែមានដៃដ៏កខ្វក់មួយមិនដឹងចេញមកពីទីកន្លែងណា ស្ទុះស្រវាមកចាប់ដៃរបស់នាងយ៉ាងកំរោល។ មួយរំពេចភ្លាមៗនោះនាងក៏បែរក្បាលទៅក្រោយ សម្លឹងឃើញជនអនាថានៅតាមផ្លូវម្នាក់ សក់ក្បាលសំពីងសំពោង មនុស្សម្នាក់នោះស្រែកគំហកដាក់នាងយ៉ាងគួរខ្លាចថា៖

«ឱ្យប្រាក់មកយើង!»

សុីងលូចង់រត់គេចចេញទៅ ក៏ប៉ុន្តែមនុស្សម្នាក់នោះក្ដោបជាប់កន្សែងបង់ករបស់នាងទាញកញ្ឆក់មកវិញ កូនកាំបិតមុតស្រួចមួយចាំងផ្លាតពន្លឺឡើង ផ្ជង់ទៅត្រង់ពោះរបស់នាង ទាញកញ្ឆក់កាបូបស្ពាយនៅលើស្មារបស់នាង។ នៅខណៈពេលនោះ នៅក្នុងកែវភ្នែករបស់គេកាន់តែរំញោចក្ដីលោភលន់ឡើង គេស្រែកចេញបញ្ជាថា៖

«ដោះចិញ្ចៀនឱ្យយើង! ឱ្យឆាប់ឡើង!»

«ទេ!» សុីងលូអង្វរករ៖ «របស់នេះមិនអាចឱ្យទៅលោកបានទេ! ខ្ញុំសូមអង្វរលោក!»

មនុស្សម្នាក់នោះមិនខ្វល់ពីនាង ក៏ស្ទុះទៅចាប់ក្របួចដៃនាងចង់ដោះចិញ្ចៀន សុីងលូប្រទាញប្រទង់ស្រែកថា៖

«ទេ! កុំយកចិញ្ចៀនរបស់ខ្ញុំអី! ខ្ញុំនឹងឱ្យប្រាក់លោក!»

កូនកាំបិតតូចចាក់ទម្លុះចូលទៅក្នុងពោះរបស់នាងមួយជ្រួក ឈាមក្រហមស្រស់ធ្លាយចេញដូចទឹកហូរបាក់ទំនប់។

សុីងលូភិតភ័យស្លន់ស្លោប្រើដៃទប់សង្កត់លើមុខរបួស នាងចង់ចាកចេញពីច្រកផ្លូវតូចនេះ ប៉ុន្តែនាងប្រៀបដូចជាសត្វចាបត្រូវព្រួញបាញ់ ចាប់ផ្តើមវិលវល់ខ្ញាល់ រេរាជំហានជើងសន្សឹមៗបន្ទន់ជង្គង់ដួលចុះទៅ ទីបំផុតធ្លាក់ចូលទៅក្នុងជង្ហុកទឹកភក់កខ្វក់។

នាងចង់រស់…

ពេញមួយជីវិតរបស់នាងពុះពារដើម្បីតែមុខមាត់ ប៉ុន្តែនៅថ្ងៃនេះ ទឹកភក់កខ្វក់បានជ្រាបសើមលើក្បាលសក់រញ៉េរញ៉ៃរបស់នាង នាងដេកស្ពឹកស្រពន់ខ្លួនមួយកន្លែងនៅត្រង់ទីនោះ រាងកាយទាំងមូលញាក់ញ័រទទ្រើក ឈាមក្រហមហូរចេញពីក្នុងពោះនាងលាតបន្លាយដល់កែងជើង។ នាងធុំក្លិនចម្អាបឈាម ក្លិនមួយនោះប្រៀបបីដូចជាធូលីដីភក់។

នាងភ្លឹកភ្នែកសម្លឹងមើលឆ្ពោះទៅត្រង់ផ្ទៃមេឃនៅពីខាងលើក្បាល សន្សើមអ័ព្ទខ្មៅងងឹត មិនដឹងថាជាតំណក់ទឹកសន្សើមព្រឹក ឬក៏ជាតំណក់ទឹកភ្លៀងទេ មានប៉ុន្មានតំណក់ចាប់ផ្តើមបង្អុរធ្លាក់ចុះស្រិចៗមកលើដួងជម្រៅកែវភ្នែកភ្លឺថ្លារបស់នាងដែលធ្លាប់តែងតែប៉ងលោភលន់ប្រាថ្នាលើទ្រព្យសម្បត្តិនិងភាពថ្កុំថ្កើនទាំងឡាយនៅក្នុងលោកនេះ បបូរមាត់របស់នាងសន្សឹមៗរហើបឡើង ក៏ព្រោះតែសែនសោកស្តាយក្រោយហើយក៏ព្រោះតែកំពុងទ្រហោយំ បន្ទាប់មកនាងអង្អែលដៃទៅលើដើមទ្រូងដែលធ្លាប់ស្រលាញ់នរណាម្នាក់ខ្លាំងនោះជាមួយម្រាមដៃដែលពាក់ចិញ្ជៀនពេជ្រ នៅចុងក្រោយបង្អស់ញាក់កន្ត្រាក់ទៅលើកែងជើង ជើងទាំងគូដែលធ្លាប់ឈរកៀកជិតនឹងសុភមង្គលនោះ។

នាងនឹកឃើញនៅថ្ងៃដែលស៊ឺជឹងឈុនអៀវនាងឡើងកាំជណ្ដើរងងឹតស្លុងមួយកាំៗ គេបាននិយាយថាៈ “ពួកយើងបង្កើតកូនម្នាក់ទៅ!” នាងក៏នឹកឃើញនៅថ្ងៃដែលនាងនិងគេនៅក្បែរគ្នាសម្លឹងមើលពពករសាត់នៅក្នុងផ្ទះប្រក់ក្បឿងពណ៌សនៅលើកំពូលភ្នំ គេបាននិយាយថា គេចង់រស់នៅជាមួយនាងអស់ពេញមួយជីវិតនៅក្នុងផ្ទះនោះ។

នាងហាក់បីប្រៀបដូចជាសុខៗស្រាប់តែភ្ញាក់ចេញពីសុបិន នាងបានដើរនៅលើផ្លូវជាច្រើន ប៉ុន្តែមិនមែនទៅ “Caves City” តែគឺទៅកាន់ “ទីវាលភក់មរណៈ” វាលភក់នេះគ្មានច្រកចេញឡើយ ខ្មោចព្រាយបិសាចនិងហ្វូងសត្វសាហាវហោះហើរឡោមព័ទ្ធជុំវិញដួងវិញ្ញាណមនុស្ស។

ប៉ុន្តែហេតុអីបានជានាងឈានមកដល់ផ្លូវមួយនេះ?

ឋិតនៅពីចម្ងាយ សូរកណ្តឹងព្រះវិហារបន្លឺខ្ទរឡើងនៅពេលព្រឹកព្រលឹម។

នៅក្នុងច្រកផ្លូវតូច នៅពីក្រោយចម្រឹងបង្អួចដែកចាស់ច្រែះមួយ សំឡេងវិទ្យុបើកបន្លឺឡើង នារីអ្នកអានសារព័ត៌មានម្នាក់កំពុងតែអានព័ត៌មាននៅនាទីពេលព្រឹក៖«កូនប្រុសរបស់អតីតកំពូលស្តេចកប៉ាល់ហុងកុងនឹងធ្វើដំណើរមកកាន់ “10 Downing Street” នៅវេលាព្រឹកនេះ ដើម្បីចុះសួរសុខទុក្ខនិងចូលរួមចួបជុំពិសារអាហារពេលព្រឹកជាមួយលោកនាយករដ្ឋមន្ត្រី»

ទឹកមុខរបស់សុីងលូប្រែជាសស្លេក មាត់របស់នាងរបើកបន្តិច។

“ស្តេចកប៉ាល់វ័យក្មេង ដឹកនាំនាវឹកឱ្យចុះចត (ទម្លាយទីផ្សារ) ប្រកាសចូលរួមសហការ បណ្ដាក់ទុនជាមួយធនាគារធំជាងគេនៅក្នុងប្រទេសអង់គ្លេស ក្លាយទៅជាម្ចាស់ភាគហ៊ុនធំទីពីរ…”

រំពេចនោះ សុីងលូស្រាប់តែអស់សំណើចខ្សត់ខ្សោះ នាងគឺជាអ្នកធ្វើឱ្យសុឺជឹងឈុនវិលត្រលប់ទៅស្នងកេរមរតកគ្រួសារវិញ។ គេទទួលបានជោគជ័យខ្លាំងយ៉ាងនេះ គេនឹងប្រាកដជាកំពុងតែមានសុភមង្គលខ្លាំងណាស់។ លើមុខរបួសលែងនៅហូរឈាមសន្ធឹក នាងធ្លាប់បានភ្លក់រសជាតិនៃការបែកបាក់ ហេតុនេះហើយ នាងក៏មិនសែនឈឺចាប់ខ្លាំងទៀត មិនឱ្យសេចក្ដីលោភលន់និងវិប្បដិសារីបុកទន្ទ្រាំបេះដូងរបស់នាងបន្តទៀត នាងសន្សឹមៗផ្អៀងក្បាលទៅលើស្មាខាងស្តាំ ដាច់ខ្យល់ដង្ហើម។

“ជាមួយនឹងគ្នានេះ ស្តេចកប៉ាល់វ័យក្មេងក៏បានបង្ហាញចក្ខុវិស័យឈានទៅមុខដែរថា លោកពេលនេះកំពុងពិភាក្សាក្នុងការដាក់កំពង់ផែកប៉ាល់ចូលក្នុងចក្រភពអង់គ្លេស…”

ប៉ុន្មានម៉ោងក្រោយមក ភ្លៀងធ្លាក់ក៏រាំង ឆ្កែខ្មៅមួយក្បាលធុំក្លិនមនុស្សស្លាប់ ក៏រត់សំដៅចូលទៅក្នុងច្រកផ្លូវតូច វាឈប់នៅមុខសាកសពព្រុសមិនឈប់។ ស្ត្រីម្នាក់ដើររើសសម្បកកំប៉ុងរត់តាមមកចាប់ទាញក្រឡៅកឆ្កែខ្មៅរបស់គាត់នោះជំទាលស្រែកបញ្ឈប់វា។ កូនឆ្កែនេះឡូឡាតម្លង់គេឯងខ្លាំងណាស់។

ស្ត្រីដើររើសសម្បកកំប៉ុងម្នាក់នោះមើលឃើញសុីងលូដេកផ្ងារពោះស្ដូកស្ដឹងនៅក្នុងថ្លុកទឹកភក់កខ្វក់ ម្រាមដៃនាងប្រឡាក់សុទ្ធតែទឹកភក់ គាត់ក៏រហ័សរត់ទៅខលហៅប៉ូលិស។

ក៏ប៉ុន្តែមុនពេលនឹងខលទូរសព្ទទៅហៅប៉ូលិស គាត់លួចលាក់ស្រូតដៃយ៉ាងរហ័សទាញដោះចិញ្ចៀនពេជ្រផ្កាកុលាបនៅលើម្រាមដៃរបស់សុីងលូចេញ ញាត់ទុកទៅក្នុងហោប៉ៅអាវរបស់ខ្លួន។

ក្រោយពេលដែលសុីងលូស្លាប់ ម្តាយរបស់នាងបានទទួលដំណឹងពីមេធាវីរបស់នាងថាកូនស្រីរបស់គាត់បានទុកដាក់ប្រាក់កាក់ទាំងអស់សម្រាប់ផ្ទេរឱ្យទៅអ្នកម្តាយ។ ហើយគាត់មិនបានដឹងរឿងអ្វីបន្តិចទាល់តែសោះ ថាហេតុអ្វីបានជាគណនីធនាគាររបស់កូនស្រីគាត់មានប្រាក់ច្រើនសម្បើមយ៉ាងនេះ?

ប៉ុន្តែគាត់គ្មានវិធីអាចដេញដោលសួរទៀតឡើយ…

កូនស្រីជាទីស្រលាញ់របស់គាត់បានលាចាកពីក្នុងលោកនេះទៅដោយបែបនេះ ចាកចោលមនុស្សចាស់ជរាទន់ខ្សោយពីរនាក់។ គាត់នឹករឭកដល់កាលពីនៅតូច កូនស្រីរបស់គាត់ស្តាប់បង្គាប់យ៉ាងណា គួរឱ្យស្រលាញ់យ៉ាងណា ស្រស់ស្អាតប្រៀបដូចជាកូនក្រមុំតុក្កតា រាល់អ្វីទាំងអស់ដែលអ្នកម្តាយម្នាក់នេះខំប្រឹងប្រែងធ្វើគឺសុទ្ធតែដើម្បីចង់ឱ្យនាងល្អ។ កូនស្រីគាត់ម្នាក់នោះពិតជាសែនអភ័ព្វខ្លាំងណាស់ ធ្វើឱ្យគាត់ទ្រហោយំយ៉ាងឈឺចុកចាប់ប្រេះចិត្តគ្រាំគ្រា។

កូនស្រីរបស់គាត់បានបន្សល់ទុកប្រាក់កាក់ឱ្យគាត់ គាត់បានយកប្រាក់មួយចំណែកទៅទិញផ្ទះមួយល្វែងមានបន្ទប់ពីរ បន្ទប់មួយសម្រាប់ស្នាក់នៅ បន្ទប់មួយទៀតសម្រាប់ជួល ថ្មីៗនេះតម្លៃផ្ទះឡើងថ្លៃកប់ក្ដោង។ លោកប្តីឥតបានការរបស់គាត់ នៅពេលនេះផឹកស្រាកាន់តែច្រើនឡើង គ្មានមួយវិនាទីណានៅស្វាងឡើយ ក៏ប៉ុន្តែរស់នៅជាមួយនឹងគ្នាអស់ពែលជាយូរមកនេះក៏បានប្រែក្លាយជាទម្លាប់ ឯម្យ៉ាងទៀត កូនស្រីបានស្លាប់ចាកចោលពួកគាត់ទៅហើយ អ្នកទាំងពីរគឺដូចជាកាលនៅពីក្មេង មើលថែទាំគ្នាទៅវិញទៅមក។

មួយឆ្នាំក្រោយបន្ទាប់ពីសុីងលូស្លាប់ សុឺជឹងឈុនពង្រីកជំនួញនាវាកប៉ាល់នៅក្នុងដៃរបស់គេទៅជាទ្រង់ទ្រាយធំ គេថែមទាំងបានទទួលជោគជ័យក្នុងការប្រឡូកចូលទៅក្នុងវិស័យអចលនទ្រព្យនិងធនាគារតូចធំ ទិញដីធ្លីយ៉ាងច្រើន បង្ការហានិភ័យនៃវិស័យដឹកជញ្ជូនធ្លាក់ចុះនៅក្នុងពិភពលោក។

ម្តាយរបស់គេមានមោទនភាពចំពោះគេយ៉ាងខ្លាំង។

អ្នកម្តាយទន់ភ្លន់របស់គេគឺជាស្ត្រីដែលល្អចំពោះគេបំផុតនៅក្នុងលោកនេះ។ ហេតុអ្វីក៏បានជាពីមុនគេតែងតែទាស់ទែងជាមួយម្តាយគេ ធ្វើឱ្យគាត់ឈឺចិត្តយ៉ាងនោះ? ក្រោយពេលចែកផ្លូវគ្នាជាមួយនឹងសុីងលូ គេបាក់ស្រុតទឹកចិត្តយ៉ាងខ្លាំង នៅថ្ងៃមួយ អ្នកមីងលីងអ្នកមើលការផ្ទះរបស់គេភិតភ័យស្លន់ស្លោរត់មកក្នុងផ្ទះជួលប្រាប់គេថា អ្នកម្តាយរបស់គេឈឺធ្ងន់ដួលសន្លប់ចូលមន្ទីរពេទ្យ អាការៈធ្ងន់ធ្ងរខ្លាំងណាស់។

គេស្ទុះស្ទារត់ទៅកាន់មន្ទីរពេទ្យដើម្បីចួបនឹងអ្នកម្តាយរបស់គេ ម្តាយរបស់គេទន់ខ្សោយគេងនៅលើគ្រែអ្នកជំងឺ ទន់ខ្សោយលើកដៃចាប់កាន់ដៃរបស់គេ និយាយថា៖

«កូនប្រុសច្រមក់! កូនស្គាំងស្គមខ្លាំងម៉្លេះ មួយរយៈពេលនេះកូនរស់នៅសុខសប្បាយទេ? កូនតែម្នាក់ឯងរស់នៅខាងក្រៅទម្លាប់បានទេ?»

នៅខណៈនាទីនោះ គេក៏យំ។

អ្នកម្តាយរបស់គេបានអង្វរករគេឱ្យវិលត្រលប់មកកាន់កាប់មុខជំនួញរបស់ដូនតាវិញ នៅពេលនោះ គេគ្មានក្ដីសង្ឃឹមអ្វីនៅក្នុងជីវិតនេះទៀតទេ គេក៏បានយល់ព្រមនឹងគាត់។

គេមិននឹកស្មានថាគេអាចរកសុីធ្វើជំនួញបាន។ ឥឡូវនេះ រូបគេលែងនៅគូរគំនូរទៀតហើយ។

នៅគ្រាចុងក្រោយដែលគេបានចួបនឹងសុីងលូគឺនៅក្នុងបន្ទប់ផ្ទះជួលតូចនៅទីក្រុងឡុងដ៍នោះ នៅពេលនោះគេបានពោលពាក្យសំដីបញ្ឈឺចិត្តនាងជាច្រើន គេសម្លឹងមើលទៅកាន់ផ្ទាំងគំនូរដែលគេបានគូររូបនាង នៅតែព្យួរទុកនៅក្នុងបន្ទប់គេងដូចពីមុន។

នៅក្នុងចិត្តគេគិតថា៖«ហេតុអ្វីបានជានាងនៅតែរក្សារូបគំនូរនោះ?»

ក្រោយពេលវិលត្រលប់មកពីប្រទេសអង់គ្លេសវិញ ទើបគេបានដឹងដំណឹងនាងស្លាប់។

គេមិនស្អប់នាងឡើយ។

នៅពេលនោះ ព្រោះតែសុីងលូ គេមានបំណងចង់បោះបង់ការគូរគំនូរចោល គេអាចផ្តល់ប្រាក់យ៉ាងច្រើនឱ្យទៅនាង បំពេញគ្រប់រាល់បំណងប្រាថ្នារបស់នាង ដោយគ្រាន់តែដើម្បីស្នាមញញឹមរបស់នាង ដោយគ្រាន់តែដើម្បីឃើញនាងសប្បាយរីករាយប៉ុណ្ណោះ។ គេដឹងថានាងខ្វះអារម្មណ៍សុវត្ថិភាព។

ទោះយ៉ាងណា រូបគេក៏ធ្លាប់ស្រលាញ់នាង។

នៅឆ្នាំទីពីរបន្ទាប់ពីសុីងលូស្លាប់ទៅ សុឺជឹងឈុនរៀបមង្គលការ រៀបការជាមួយនឹងនារីដ៏សែនស្រស់ស្អាតម្នាក់ដែលជាកូនស្រីម្ចាស់ធនាគារ។ ថ្វីដ្បិតតែនារីម្នាក់នោះមិនមានទេពកោលសល្យធ្វើជំនួញ ប៉ុន្តែគឺជាមនុស្សស្រីទន់ភ្លន់សុភាពរាបសារ អ្នកម្តាយរបស់គេស្រលាញ់ពេញចិត្តនាងខ្លាំងណាស់។

នៅក្នុងពិធីមង្គលការ កូនក្រមុំទូលមកុដគុជខ្យងភ្លឺចិញ្ចាច គ្របស្បៃដណ្ដប់មុខពណ៌ស ស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌សក្បុស ជាមួយនឹងស្បៃសំពត់បង្អូសវែងអន្លាយ ឪពុករបស់កូនក្រមុំបានប្រគល់ដៃរបស់នាងទៅឱ្យកូនកំលោះ។

ពីរឆ្នាំក្រោយមកបន្ទាប់ពីរៀបការរួច សុឺជឹងឈុនមានកូនដំបូង ទារកគឺជាក្មេងប្រុស។

>>>ចប់ដោយបរិបូរណ៍<<<

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*