ហេតុផលដែលអ្នកនិពន្ធវ័យក្មេង ម៉ក់ ខេមរិន្ទ្រ វាយតម្លៃរឿង “បងប្រុសម្នាក់នេះស្លាប់បាត់ហើយ” ១០/១០

ស្នាដៃនិពន្ធរបស់ អ្នកនិពន្ធ មុីសន សុធារី រឿង“បងប្រុសម្នាក់នេះស្លាប់បាត់ហើយ” អត្តចរិតច្បាស់លាស់ នៃតួអង្គសំខាន់ៗទាំង៣ មុឺន មីន និងម៉ាច ប៉ុណ្ណោះទេ រឿងនេះក៏បានរំលេចនូវទិដ្ឋភាពជាក់ស្ដែងក្នុងសង្គម ពីការររស់នៅក្នុងគម្លាតជីវភាព រវាងអ្នកមាននិងអ្នកក្រ ស្នេហានិងការលះបង់ជាដើម។ នេះជាការលើកឡើង របស់អ្នកនិពន្ធវ័យក្មេង ម៉ក់ ខេមរិន្ទ្រ ។

យុវជនរូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា រឿង “បងប្រុសម្នាក់នេះស្លាប់បាត់ហើយ” ជារឿងរ៉ាវរៀបរាប់ពីជីវិត តួអង្គ ៣នាក់ សុទ្ធសឹងជាក្មេងរស់នៅភូមិជើងចាប តំបន់សំណង់អនាធិបតេយ្យ ដែលស្រលាញ់រាប់អានគ្នា បីដូចជាបងប្អូនបង្កើត ប៉ុន្តែដោយសារមានការរុះរើ និងជម្លៀសអ្នកនៅទីនោះទៅតំបន់ថ្មី ធ្វើឱ្យពួកគេបែកគ្នា និងធំធាត់ទៅតាមបែបផែនផ្សេងៗគ្នា។ ឯការឃ្លាតគ្នានេះ គ្រប់គ្នាសុទ្ធតែបានឆ្លងកាត់ព្យុះភ្លៀងយ៉ាងលំបាក ហើយអ្វីដែលរឹតតែលំបាកនោះ គឺពេលដែលពួកគេចួបគ្នាម្ដងទៀត។

ក្រៅពីសាច់រឿងដ៏មានគុណតម្លៃ អ្វីដែលធ្វើឱ្យយុវជនរូបនេះ ចាប់អារម្មណ៍ខ្លាំង គឺការតាក់តែងអត្តចរិតតួអង្គ របស់អ្នកនិពន្ធ និងបានលើករំឮកពីចំណុចដែលខ្លួនចាប់អារម្មណ៍លើ តួអង្គសំខាន់ទាំង ៣ ៖

  • «ខ្ញុំត្រូវការឱ្យគេរស់!» ជាសម្ដីរបស់ម៉ឺន ដែលសុខចិត្តលះបង់សរីរាង្គខ្លួនឯងដើម្បីមនុស្សជាទីស្រឡាញ់ឈ្មោះមីន ហើយក៏ជាសម្ដីដែលធ្វើឱ្យធ្លុះធ្លាយបេះដូងរបស់ខ្ញុំដូចគ្នា ព្រោះម៉ឺនធំធាត់ឡើងក្នុងក្មេងតំបន់អនាធិបតេយ្យ កំព្រាឪពុក ហើយម្ដាយជាស្រីដែលរត់ចោលផ្ទះចោលសាលា គេគ្មានជំនាញ គ្មានការអប់រំត្រឹមត្រូវ គ្មានទ្រព្យសម្បត្តិមានតម្លៃអ្វីទាំងអស់ តែបែរជាមានបេះដូងដ៏បរិសុទ្ធរឹងមាំ និងស្រលាញ់ជីវិតមីនជាងខ្លួនឯង។
  • មីនជាក្មេងស្រីកំព្រាដែលរស់នៅផ្ទះលក់បាយ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយម៉ឺន តាមបែបក្មេងដែលតែងតែត្រូវការភាពកក់ក្ដៅសម្រាប់បំពេញបន្ថែមឱ្យជីវិត។ លុះពេលធំឡើង មានគ្រួសារ មីន បានក្លាយទៅជា «ជំទាវ សាមីន» ប៉ុន្តែជីវិតរបស់នាងហាក់ដូចជាមិនប្រសើសោះឡើយ រហូតដល់ចុងក្រោយ បែរជាមានជំងឺធ្ងន់ធ្ងររហូតត្រូវធ្វើការវះកាត់ប្ដូរសរីរាង្គចេញ។
  • ម៉ាច ជាក្មេងដែលម្ដាយញៀនល្បែង ជួនទុកគេចោលក្នុងផ្ទះវាស់ព្រឹក ឱ្យគេយំទាល់តែដេកលក់ តែសំណាងដែលមានម៉ឺនជួយមើលថែរក្សានឹងយកគេធ្វើជាប្អូនធម៌។ ក្រោយម្ដាយស្លាប់ គេបានទៅរស់នៅមជ្ឈមណ្ឌលកុមារកំព្រា។ វាសនារបស់គេក៏ផ្លាស់ប្ដូរ១៨០ដឺក្រេ ហើយអត្តចរិត ឫកពារបស់គេក៏លែងដូចមុនទៀតដែរ ក្រោយពេលដែលគេចួបជាមួយមីននិងម៉ឺនម្ដងទៀត។

អ្នកនិពន្ធក្មេងវ័យរូបនេះ បន្ថែមដែរថា អ្វីដែលធ្វើឱ្យខ្លួនរឹតតែចាប់អារម្មណ៍ គឺបទនិពន្ធដែលអ្នកនិពន្ធ មុីសន សុធារី សរសេរបែបបុរសទី១! ព្រោះនោះ ពិតជានាំអារម្មណ៍យុវជននេះ ឱ្យស្រមៃទៅគ្រប់ទីកន្លែង ពេលវេលា និងអារម្មណ៍ដែលតួអង្គបានឆ្លងកាត់មកយ៉ាងរស់រវើក៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*