« គេនោះជាសុបិន » ជាស្នាដៃបោះពុម្ពដំបូងបង្អស់ របស់យុវនិពន្ធ ម៉ក់ ខេមរិន្ទ្រ និងជាការចាប់ផ្តើមដ៏ល្អមួយ

«គេនោះជាសុបិន» ជាប្រលោមលោក បោះពុម្ពផ្សាយជាសៀវភៅដំបូងបង្អស់ របស់អ្នកនិពន្ធវ័យក្មេង ម៉ក់ ខេមរិន្ទ្រ សហការជាមួយគ្រឹះស្ថាន វេហាស៍ ជាប្រភេទរឿងមនោសញ្ចេតនា BL បែបវិទ្យាសាស្ត លាយឡំជាមួយអភិនីហារតិចតួច ដែលនិយាយពីក្មេងប្រុសពីរនាក់ ស្គាល់គ្នាតាំងពីក្មេងនៅមជ្ឈមណ្ឌលអប់រំពិសេស។

ប្រលោកមលោកមួយរឿងនេះ អាចចាត់ទុកបានថា ជាការចាប់ផ្តើមដ៏ល្អមួយ របស់អ្នកនិពន្ធវ័យក្មេងរូបនេះ ក្នុងវិស័យតែងនិពន្ធ ដោយសារតែទទួលបានមតិយោបល់ល្អច្រើនពីអ្នកអាន លើស្នាដៃចេញលក់លើកដំបូង។ យុវនិពន្ធ ម៉ក់ ខេមរិន្ទ្រ និយាយថា «ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំង ក្រោយពេលទទួលបានមតិយោបល់ត្រឡប់ពីមិត្តអ្នកអាន ដែលពួកគាត់បានប្រាប់ថា គាត់ពេញចិត្តចំពោះសាច់រឿង បានទទួលសារដែលខ្ញុំបានបង្កប់នៅក្នុងផ្ទៃរឿង ក៏ដូចជារង់ចាំស្នាដៃបន្តបន្ទាប់ទៀតរបស់ខ្ញុំ។

ក្នុងនាមជាម្ចាស់ស្នាដៃប្រលោមលោក «គេនោះជាសុបិន» យុវនិពនន្ធរូបនេះ រៀបរាប់ថា ខ្លួនពិតជាស្រលាញ់សាច់រឿង នេះខ្លាំងណាស់ ព្រោះស្នាដៃមួយនេះ មានបញ្ចូលធាតុផ្សំជាច្រើន ដោយការលើកកម្ពស់ជនមានពិការភាព LGBTQ+ ការអប់រំផ្នែកវិទ្យាសាស្ត្រ ក្ដីស្រលាញ់រវាងឪពុកម្ដាយនិងកូន មិត្តភាព និងការតស៊ូយកឈ្នះលើស្នេហា ដែលមានការរើសអើងពីសង្គមជាដើម ដោយច្នៃប្រឌិតសាច់រឿងឱ្យប្លែក លើសពីសាច់រឿងមនោសញ្ចេតនាទូទៅ ដែលខ្លួនធ្លាប់បានសរសេរ។

គួររំលេចពីសាច់រឿងបន្តិចថា «គេនោះជាសុបិន» ជាប្រភេទរឿងមនោសញ្ចេតនា BL បែបវិទ្យាសាស្ត លាយឡំជាមួយ អភិនីហារតិចតួច ដែលនិយាយពីក្មេងប្រុសពីរនាក់ កែវ កិត្តិយស ជាមួយនិង លឹម សីហារាជ ជាក្មេងដែលមានពិការភាព ដូចគ្នា (គ មិនអាចនិយាយបាន) ផ្តើមពីមនុស្សមិនធ្លាប់ស្គាល់ ក្លាយជាមនុស្សស្និតស្នាលនឹងគ្នាបំផុត។

ការរស់ជួបជុំនេះ មិនបាននិតនៅរហូតឡើយ មិនយូរប៉ុន្មាន អ្នកទាំងពីរបានបែកគ្នា ដោយសារតែ សីហារាជ ទទួលបានអាហារូបករណ៍ ទៅរៀននៅបរទេសខាងផ្នែកអភិវឌ្ឍនិងកែច្នៃមនុស្សយន្ត។ តែក្រោយមក ពេលដែល សីហារាជ ត្រលប់មកពីសិក្សានៅក្រៅប្រទេសវិញ ពួកគេក៏បានចួបគ្នាម្តងទៀត តែការជួបជុំលើកនេះ គឺមានរឿងរ៉ាវជាច្រើនបានកើតឡើង រហូតដល់ធ្វើឱ្យ តួអង្គ កិត្តិយស បាត់បង់ការចងចាំ…។

បន្តមកទៀត លុះដឹងខ្លួនម្ដងទៀត កិត្តយសក៏បានចួបនឹង សីហារាជ ជាថ្មី ដែលការចួបគ្នាម្ដងនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ តែវាកើតឡើងដោយសារសីហារាជ បានបញ្ជាសុបិន ដើម្បីបានចួបជាមួយនឹង កិត្តិយស ហើយធ្វើឱ្យពួកគេយល់ចិត្តគ្នាម្ដងទៀត។

គួររំលេចដែរថា «គេនោះជាសុបិន» ជាប្រលោមលោកមនោសញ្ចេតនា ដែលបង្កប់ដោយរឿងរ៉ាវចាក់ស្រែះ ពីស្នេហារវាងមនុស្សនិយាយបាន និងមនុស្សគ! មនុស្សដែលចងចាំ និងមនុស្សដែលបាត់បងការចងចាំ! ហើយកើតឡើងនៅក្នុងយល់សប្តិទៀត។ សាកស្រមៃមើល៎! តើអាចកើតឡើងបានដោយរបៀបណា?
យ៉ាងណាមិញ អ្នកនិពន្ធ បានតាក់តែងឱ្យតួអង្គទាំងពីរ តស៊ូនូវរឿងរ៉ាវជាច្រើនជាមួយគ្នា និងអាថ៌កំបាំង ពិសេសផ្តល់នូវការភ្ញាក់ផ្អើលដល់អ្នកអាន នៅចុងបញ្ចប់នៃសាច់រឿងផងដែរ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*