រឿង៖ ខ្ញុំមិនយកទេម៉ែ!

ព្រះអាទិត្យរះហើយ ខ្ញុំមិនអាចសំកុកដេកបន្តនៅក្នុងបន្ទប់ដូចជាថ្ងៃអាទិត្យបានទេ។ ខ្ញុំក្រោកឡើងជាមួយនឹងអារម្មណ៍យ៉ាងល្អ តែរឿងដំបូងដែលខ្ញុំត្រូវធ្វើនោះគឺ ឆ្លុះកញ្ចក់។

ហាសហា! មនុស្សដែលលង់ជាមួយសម្រស់ខ្លួនឯងទើបយល់អារម្មណ៍មួយនេះ។ ម៉ោងនៅលើដៃបញ្ជាក់ប្រាប់ថា កាន់តែកៀនម៉ោងចូលរៀនហើយ។ ដូច្នេះ ខ្ញុំត្រូវតែស្រូតទើបបាន។

ខ្ញុំសម្លឹងមើលទៅកញ្ចក់ដែលមានទំហំមួយជំហរខ្លួនជាមួយនឹងស្នាមញញិម ធ្វើកផ្អៀងផ្អង ដៃជ្រោងសក់ចុះឡើងហាក់បីដូចជាមិនសូវមានទំនុកចិត្តនឹងម៉ូតសក់ដែលគិតថាធ្វើថ្ងៃនេះសោះ។ ខ្ញុំស្រវាក្រាស់ដែលនៅក្បែរដៃ រួចសិតពុះធ្វើជាស្ទាយតាមតារាកូរ៉េ(អ៊ូបប៉ាហេ!)។ ហាសហា! កោតខ្លួនឯងដែរ មុខឡើងដូចគ្រុឌតាមរបងវត្ត បែរជាមកស្រឡាញ់ស្ទាយបែបអឺរ៉ុបឯណាឆ្កុយ។ តែ…មិនអីទេ! ពាក្យគេច្រើននិយាយថា រស់ជាខ្លួនឯង។

បន្ទាប់ពីរៀបចំបានស្អាតបាតតាមចំណង់ចំណូលចិត្តរួចមក ខ្ញុំក៏ចុះមកក្រោមដើម្បីពាក់ស្បែកជើង។

“ចុម!​ អាស្នាថ្ងៃនេះសង្ហាណាវ៉ើយ! សង្ស័យមានស្នេហាហ្មងទើបបានជាចេះធ្វើខ្លួនអ៊ីចឹង”

ខ្ញុំផ្អាកចងខ្សែស្បែកជើង រួចមើលទៅមុខបងស្រីដ៏ពូកែរំខាន។ រាល់ថ្ងៃ បើសិនជាខ្ញុំមិនបានស្គាល់គាត់ថាជាបងស្រីខ្ញុំទេ ប្រហែលជាខ្ញុំគិតថាគាត់ជាអ្នកសង្កេតការណ៍ថ្នាក់អន្តរជាតិ ហើយមានបទពិសោធន៍ពេញខ្លួនហ្មង។ បើរាល់ពេលដែលខ្ញុំធ្វើអ្វីមួយ គាត់តែងតែត្រួតពិនិត្យ ចាំចាប់កំហុស២៤ម៉ោងលើ២៤ម៉ោង។

“នោះហ្ន៎! កូនក្រមុំមីងចាន់កំពុងតែឈរចាំនៅមុខផ្ទះណ៎។ ឌុបគ្នាទៅរៀនផងទៅ ក្រែងល៎មីងចាន់មានចិត្តអាណិត ព្រម…”

“ឈប់! ខ្ញុំមិនចង់ឮតទៀតទេ។ នរណាឈរចាំក៏ឈរទៅ ខ្ញុំមិនខ្ចីខ្វល់” ខ្ញុំនិយាយធ្វើហីៗ រួចចងខ្សែស្បែកជើងបន្ត។

“ប្រយ័ត្នគេខឹងលែងលើកកូនក្រមុំឱ្យវ៉ើយ!”

“…”​ខ្ញុំលែងនិយាយ ព្រោះដឹងថាមិនឈ្នះគាត់។

ខ្ញុំឡើងលើម៉ូតូបម្រុងនឹងចេញដំណើរហើយ ស្រាប់តែម៉ាក់ហៅបង្អាក់ដំណើរ។

“ទៅរៀនកុំភ្លេចទៅយករ៉ូហ្សាទៅផងកូន។ វាអត់មានអីជិះទេ!”

វាចាមាសរបស់ម៉ែបានធ្វើឱ្យដំណើរជីវិតដែលស្រស់បំព្រងរបស់ខ្ញុំប្រែទៅជាក្រៀមស្វិតស្រពោនត្រឹមតែមួយប៉ព្រិចភ្នែក។ ម្សិលមិញម្តងមកហើយ។ ខ្ញុំទ្រាំឌុបទាំងធុញថប់ ខ្ញុំមិនបានស្អប់រ៉ូហ្សាអីទេ គ្រាន់តែមិនចង់ឱ្យនរណាមកបង្អាប់ផ្សំផ្គុំទុកដាក់ដូចទាវនិងម៉ឺនងួនតែប៉ុណ្ណោះ។

“ខ្ជិលណាស់ម៉ាក់! ម៉ូតូមានដែរសោះ ហើយជើងក៏មាន ចាំឱ្យនរណាឌុបទេស៍!”

“ទៅៗ ឌុបវាផងទៅ។ វាមាឌតូចមិនធ្ងន់អីទេ”

ខ្ញុំគិតក្នុងចិត្ត កោតតែម៉ាក់និយាយថាមាធតូចទៅរួច។ រាងឱ្យដូចជ្រូកសោះហ្នឹង។

“មិត្តភក្តិគាត់គគោកម៉េចក៏មិនជិះជាមួយ? ខ្ញុំចង់ជិះម្នាក់ឯងស្រួលចិត្តជាង…”

“ឯងភ្លេចកាលឯងនៅតូចហើយមែនទេ?”

ខ្ញុំស្ងាត់គ្រប់យ៉ាង។ ឱ្យតែពេលដែលខ្ញុំបរិសេធរឿងអ្វីមួយដែលទាក់ទងនឹងគ្រួសារហ្នឹង ម៉ែតែងតែប្រើប្រយោគពិឃាតមួយឃ្លានេះចាក់កខ្ញុំរហូត។ ខ្ញុំមិនដែលភ្លេចនោះទេ។ កាលនោះ ប៉ារបស់រ៉ូហ្សាបានជួយនាំខ្ញុំទៅពេទ្យទាន់ពេលវេលា កុំអីគ្មានបានមានជីវិតដូចឥឡូវទេ។

ខ្ញុំជិះទៅឌុបរ៉ូហ្សាដែលមានចម្ងាយប្រហែលជាង១០០ម៉ែត្រពីផ្ទះខ្ញុំ។ ទៅដល់ភ្លាម នាងកំពុងតែឈរនៅមុខផ្ទះចាំខ្ញុំរួចជាស្រេច។ ទឹកមុខខ្ញុំពេលនេះគឺធុញថប់ខ្លាំងណាស់ តែមិនបង្ហាញ​ឱ្យនាងបានដឹងទេ ព្រោះពាក់មួកសុវត្ថិភាពជិតឈឹង។

តាមផ្លូវលំដែលមានជង្ហុកដោយអន្លើ និងហុយធូលីដីផងនោះ ខ្ញុំក៏មានគំនិតមួយ។ ហាសហា! គំនិតល្អ តែយោបល់អាក្រក់។ ខ្ញុំចង់ឱ្យនាងរាងចាលកុំជិះជាមួយខ្ញុំទៀត។ ផ្លូវខាងមុខមានជង្ហុកមួយដែលមើលទៅគ្រាន់បើដែរ។ ខ្ញុំនឹងជិះចូល។

មកដល់ភ្លាម ខ្ញុំមិនបានបង្អន់ហ្គែរអ្វីទេ ហើយក៏…

“ហ្អឹក! ស្នាឯងជិះមិនមើលទេអី?” រ៉ូហ្សាបន្លឺឡើង។

ខ្ញុំ…ខ្ញុំ…អម្បាញ់មិញ ខ្ញុំបាន…មិនពិតទេ។ ខ្នងខ្ញុំបានប៉ះជាមួយនឹងសុដន់របស់នាង។  ខ្ញុំធ្លាប់តែឮគេនិយាយពីរឿងថ្នល់ជាតិនិងភ្នំ តែពេលនេះបានដឹងខ្លះៗហើយ។ មិនគួរឱ្យជឿ សម្រាប់មនុស្សប្រុងត្រឹមត្រូវដូចជាខ្ញុំ។ ខ្ញុំមិនដែលបានប៉ះតំបន់ហ្នឹងរបស់មនុស្សស្រីណាម្នាក់ឡើយ។ តែពេលនេះ…។ ដៃខ្ញុំបង្អន់ល្បឿនភ្លាមៗដោយមិនបានព្រៀងទុក។

“ចុម! ម៉េចក៏រលាក់ម្ល៉េះ?”​ខ្ញុំបន្លឺឡើង។

“ម៉ូតូបែកកង់ហើយ។ ហ្នឹងហើយចង់ធ្វើបាបគេ មានអីកម្មពារតាមស្នងទាន់ៗអ៊ីចឹង! ឱ្យសមមុខ”

ខ្ញុំចាប់ហ្រ្វាំងម៉ូតូ រួចដាក់ជន្ទល់។ មែនតើ! ម៉ូតូខ្ញុំបែកកង់មែន។ តែខ្ញុំអន់ចិត្តជាមួយនឹងសម្តីរបស់យាយកាធាត់ហ្នឹងណាស់។

“កម្មទាន់តែទាំងអស់គ្នានឹងហើយ! មកជួយរុញ ខ្ញុំអ្នកអូស!”

“មាឌឱ្យដូចក្របី អូសម៉ូតូមួយប៉ុណ្ណឹងក៏ចាំកម្លាំងស្រីដែរ”

ខ្ញុំសម្លឹងមើលមុខនាងទាំងហួសចិត្ត។ ដោយសារមកជាមួយគេហើយ បែរជាសម្តីហំទៀត។

“ហ្អេ! ម៉ូតូហ្សូមមឺណា មិនមែនអាសង់ស្រាលៗឯណា!”

នាងលែងនិយាយអ្វីទៀត។ នាងអ្នករុញ ខ្ញុំអ្នកអូស ទម្រាំដល់ជាងចង់លានអណ្តាត។

ព្រឹកនេះ ខ្ញុំប៉ះម៉ោង៧ព្រឹក ហើយគ្រូកាចទៀត។ អូស៍! ភ្លេចប្រាប់ ខ្ញុំនិងនាងរៀននៅថ្នាក់ទី១១ក ជាមួយគ្នា​តែនាងរៀនពូកែជាងខ្ញុំ។ មេឃមានជួនរាំងជួនភ្លៀង អ៊ីចឹងរឿងអីដែលខ្ញុំមិនអាចយកឈ្នះនាងកាធាត់ហ្នឹងបាន។

អុញ! ថាមែនៗ។ គ្រូចូលបង្រៀនបាត់ហើយ។ ខ្ញុំនិងរ៉ូហ្សាម្នីម្នារត់សំដៅទៅថ្នាក់ ហើយគិតថានឹងសុំអ្នគ្រូចូលរៀន តែ…។

“ទម្លាប់អាក្រក់មករៀនយឺត! ថ្នាក់ទី១១ហើយមិនមែននៅថ្នាក់បឋមទេ។ អនាគតទៅ បើធ្វើការឱ្យគេ ហើយចូលយឺតអ៊ីចឹងដឹងតែពិបាកហើយ។ មុននឹងចូល ត្រូវទៅរត់ជុំវិញដងទង់ជាតិម្នាក់២០ជុំសិន”

ប្រសាសន៍អ្នកគ្រូបានដាស់សតិខ្ញុំល្អណាស់ តែដល់ពេលគាត់និយាយរាល់ថ្ងៃពេក កើតជាការធុញទ្រាន់ទៅវិញ។ មិនអីទេ! ខ្ញុំពិតជាមានកំហុសពិតមែន ហើយគាត់និយាយទៅដើម្បីចង់ឱ្យខ្ញុំល្អតែប៉ុណ្ណោះ។

“មាននរណាព្រមស្ម័គ្រខ្លួនរត់ជំនួសរ៉ូហ្សាដែរឬទេ?” អ្នកគ្រូនិយាយបន្ត។

“ខ្ញុំអ្នកគ្រូ! ខ្ញុំអាចរត់ជំនួសគាត់បាន” ពិសិដ្ឋបន្លឺឡើង។

ខ្ញុំមើលទៅមុខពិសិដ្ឋទាំងហួសចិត្ត។ ខ្ញុំដឹងថាវាលួចស្រឡាញ់រ៉ូហ្សាយូរមកហើយ តែមិនចាំបាច់លះបង់ដល់ម្លឹងទេ។ ខ្ញុំចង់សួរវាថា ខំម៉េះ ឈឺពីណាមើល។ ស្មានថារ៉ូហ្សាព្រមស្រឡាញ់វិញមែន។ តិចនាងបោក ពិបាកទឹកភ្នែកជូតក្បាលជង្គង់អីទៅ។

“អរគុណពិសិដ្ឋណាស់! អរគុណច្រើនអ្នកគ្រូ។ តើខ្ញុំអាចចូលថ្នាក់បានទេអ្នកគ្រូ” រ៉ូហ្សានិយាយទាំងញញិម។ នាងឆ្លៀតដៀងភ្នែកមកចំអកឱ្យខ្ញុំទៀត។

“បាន! ចូលមក តែវាសនាត្រូវរត់នៅដងទង់ជាតិជាមួយពិសិដ្ឋសិនទើបអាចចូលថ្នាក់បាន”

“បាទ!” ខ្ញុំឆ្លើយតែមាត់ទេ តែភ្នែកវិញមើលទៅរ៉ូហ្សាដែលកំពុងតែធ្វើទឹកមុខឌឺដងដាក់ខ្ញុំ។

ពេលរត់រួច ខ្ញុំបានសួរសំណួរទៅពិសិដ្ឋអំពីការលះបង់របស់គាត់ចំពោះរ៉ូហ្សា។ ពិសិដ្ឋឆ្លើយយ៉ាងខ្លីថា “ការស្រឡាញ់គឺគ្មានលក្ខខណ្ឌទេ”។ ខ្ញុំសើច ព្រោះខ្ញុំគិតថាក្តីស្រឡាញ់នៅលើលោកគ្រាន់តែជាការសម្តែង។

ដល់ម៉ោងចេញទៅផ្ទះ!

“ចាំផង! ខ្ញុំទៅយកសៀវភៅពីមិត្តបន្តិច”

“ម៉េចមិនព្រមឱ្យពិសិដ្ឋប្រុសក៏ល្អឌុបជូនទៅ?”

“ម៉េចហ្នឹង? ប្រចណ្ឌខ្ញុំទេដឹង?”

“ហាសហា! ប្រចណ្ឌ? ធ្វើដូចខ្លួនឯងស្រីស្អាត ដែលឱ្យខ្ញុំប្រចណ្ឌចឹង។ គិតខុសហើយ សូមគិតម្តងទៀតផងកញ្ញាកាធាត់!ហាសហា!”

“អាសម្គមបាញ់លលក!…”

“ហ៊ានជេរមួយម៉ាត់ទៀត ដឹងថាដើរទៅផ្ទះហើយ”

ខ្ញុំឈ្នះត្រង់ខ្ញុំមានម៉ូតូ។ មានអីស្ងាត់មាត់ឈឹងរបស់ខ្ញុំដែរតើ។ ថ្ងៃក្រោយឱ្យរាង កុំចេះតែព្រហើនជាមួយនឹងអាស្នា ប្រុសស្អាតប្រចាំភូមិ។ តែកូនចិត្តតូចមួយក៏អាណិតនាងដែរ។

“អាងអីអាងទៅផ្ទះចោល។ មនុស្សអីគ្មានចិត្តសោះអ៊ីចឹង”

“និយាយអីនិយាយទៅ ខ្ញុំមិនខ្ចីខ្វល់។ ខ្វល់នាំតែហត់” ខ្ញុំអង្គុយឌឺនាងនៅលើម៉ូតូ។

“ឈប់និយាយហើយ។ មាត់ខ្ញុំមិនរអិលដូចស្នាឯងទេ។ ទៅ! ខ្ញុំចាញ់ក៏បាន តែចាំខ្ញុំបន្តិចសិន ខ្ញុំទៅយកសៀវភៅពីមិត្តបន្តិចសិន” និយាយរួចនាងដើរទៅយ៉ាងលឿន។

……………………….

ថ្ងៃនេះជាថ្ងៃអាទិត្យ ខ្ញុំមិនរៀនទេ។ ដូច្នេះ ខ្ញុំក៏មិនត្រូវចាំបាច់ឌុបរ៉ូហ្សាទៀតដែរ។ ខ្ញុំឆ្ងល់ម៉ាក់ណាស់ ផ្ទះអ្នកជិតខាងមានម៉ាស៊ីនបោកខោអាវអស់ហើយ នៅឡើយតែគាត់មិនព្រមទិញសោះ។ បើថាអត់លុយមិនថាទេ។ នឹកឃើញដល់រឿងហ្នឹងភ្លាម ខឹងឆេវតែហ្មង។

“អើអាស្នា! កំពុងធ្វើអីហ្នឹងហ្អា៎!”

“កំពុងតែលេងហ្គេមទេដឹង!” ខ្ញុំឆ្លើយឌឺអាកានដែលជាមិត្តស្និទ្ធស្នាល។

“អញស្មានតែឯងកំពុងតែឆាតជាមួយរ៉ូហ្សាអនាគតប្រពន្ធរបស់ឯង…ហាសហា…”

ខ្ញុំផ្អាកគក់ខោអាវបន្តិច រួចសម្លឹងមើលមុខវាជាមួយនឹងអារម្មណ៍តប់ប្រម៉ល់។ កំពុងតែខ្ជិលផង វាមកបន្ថែមរឿងឈឺក្បាលឱ្យទៀត។

“អើ…អើ! អញនិយាយលេងទេតើ។ អញដឹងថាឯងមិនចូលចិត្តការចាប់ផ្គុំទេ តែអញគិតថាប្រហែលឯងគេចមិនផុតទេជាតិហ្នឹងនោះ។ បើនៅក្នុងភូមិស្រុកនេះ នរណាក៏ដឹងរឿងឯងដែរ”

“ផុត! អញគេចទាល់តែផុត។ ឱ្យតែរៀនថ្នាក់ទី១២ចប់ អញដឹងតែដាក់មេផាយប្រុចទៅរៀនភ្នំពេញហើយ។ អញទៅមួយឆ្នាំបានត្រលប់មកវិញម្តង។ ចាំមើល មាននរណាបង្អាប់ទៀតឬអត់”

“ល្ងាចនេះ ឯងទៅបុណ្យដែលគ្រូគណិតហៅឬអត់?”

“អើទៅតើ! ចាំគ្នាផងវ៉ើយ…ឯងជិះជាមួយអញមកបានគ្នាជជែកលេងផង”

“ចុះរ៉ូហ្សាសំណព្វចិត្តឯងហ៎! ម៉េចក៏មិនព្រមឌុបទៅជាមួយ…”

ផូស!…

ខ្ញុំគប់ប៊យដងទឹកចំដៃវាមួយទំហឹង។ លើកក្រោយឱ្យរាង នៅសុខមិនចង់ទេ ដឹងហើយតើ ថាខ្ញុំមិនចូលចិត្តទេ អាបង្អាប់ហ្នឹង។

ព្រះអាទិត្យចាប់ផ្តើមថមថយពន្លឺ។ នេះបញ្ជាក់បានថា បន្តិចទៀតរស្មីមួយនេះនឹងត្រូវបាត់ពីភពផែនដីនេះហើយ។ ខ្ញុំរៀបចំខ្លួនបានយ៉ាងស្អាតបាតទៅតាមរសនិយមស្ទាយបែបអ៊ឺរ៉ុប។ ខ្ញុំព្យាយាមទាក់ទងតាមឆាតទៅអាកនច្រើនដងហើយ តែវាថាមិនទាន់រួចរាល់ដើម្បីឱ្យខ្ញុំទៅយកនោះទេ។

“ឯងទៅណាអាស្នា?” ម៉ាក់សួរខ្ញុំ។

“ទៅបុណ្យគ្រូគណិតណាម៉ាក់!”

“អើ…បើអ៊ីចឹងឌុបប្អូនឯងទៅផងទៅ។ អម្បាញ់មិញ វាបានប្រាប់ថាទៅបុណ្យហ្នឹងដែរតើ”

“តែខ្ញុំមានអ្នកឌុបហើយតើម៉ាក់។ អាកនមិនមានអីជិះទេ ហើយខ្ញុំនឹងវាបានសន្យាគ្នារួចហើយថាជិះតែពីរនាក់ទេ ព្រោះមកវិញត្រូវជូនវាទៅយកអីវ៉ាន់ទៀត” ខ្ញុំនិយាយទាំងរអៀសមាត់។ មុនពេលទៅធ្វើបុណ្យ ខ្ញុំបែរជាកុហកគាត់ក្លាយជាបាបទៅវិញ។ តែមិនអីទេ ដោះទាល់មួយគ្រាសិនក៏បានដែរ។

“ជិះបីនាក់ទៅមិនអីទេ។ ហ្សូមមឺមានកង់ធំអ៊ីចឹងឌុបពីរនាក់កើតតើ”

ខ្ញុំអស់យោបល់ ចង់គាំងត្រឹមមួយប៉ព្រិចភ្នែក។ ខ្ញុំចង់សួរទៅគាត់តែមួយសំណួរទេ។ សំណួរនោះគឺ តើរាល់ថ្ងៃហ្នឹងគាត់កំពុងតែគិតអី? តែមិនហ៊ានព្រោះខ្លាចគាត់ជេរ។

“អូស៍! អាកនខលមកល្មម” ខ្ញុំលាន់មាត់យ៉ាងឮៗឱ្យម៉ាក់បានឮ ហើយគាត់នឹងបញ្ឈប់ការគិតដែលចង់ឱ្យខ្ញុំនិងរ៉ូហ្សាទៅបុណ្យជាមួយគ្នា។

“ថាម៉េច? ឯងអត់មានអីជិះទេ! ឯងឱ្យអញប្រញាប់ទៅយកឯងឬ? អើ…អើ…អញនឹងប្រញាប់ទៅ។ ចាំអញមួយភ្លែតណា អញទៅដល់ឥឡូវហើយ” ខ្ញុំចេះតែនិយាយទេ តាមពិតអាកនប្រាប់ថា វារវល់មិនបានទៅបុណ្យទេ។ វាប្រាប់ឱ្យចូលយកលុយផង វាផ្ញើចូលបុណ្យ។

“កុំភរអញអាស្នា! មុនទៅធ្វើបុណ្យបែរជាកុហកអ្នកមានគុណទៅវិញ។ ឯងមិនដឹងនរកស៊ីក្បាលទេដឹងហ្អាកូនមិនស្គាល់បាប”

“កុហករឿងអីម៉ាក់! ខ្ញុំមិនបាននិយាយកុហកអីផង បែរជាមកចោទខ្ញុំថាកុហកទៅវិញ”

“អញបានចួបម៉ែអាកនតាំងពីថ្ងៃរួចហើយ។ គាត់ថាអាកនមិនបានទៅបុណ្យទេ។ ម៉ែវាឱ្យជូនទៅមើលបងស្រីវាឈឺនៅពេទ្យខេត្តឯណោះ។ ឯងកុំមកចង់បោកអញឱ្យសោះ”

គិតសព្វៗទៅ ម៉ែដឹងពីផែនការខ្ញុំគ្រប់ទាំងអស់។ ប្រហែលជាជាតិនេះ ខ្ញុំត្រូវនៅក្នុងកណ្តាប់ដៃគាត់ពេញមួយជីវិតហើយមើលទៅ។

“ម៉ាក់ចង់ឱ្យខ្ញុំធ្វើម៉េចឥឡូវនេះម៉ាក់?”

“ទៅយកក្មួយហ្សាទៅបុណ្យផង។ គ្មានអ្វីច្រើនទេ មានតែប៉ុណ្ណឹងតើ។ ម៉េចធ្វើបានទេ?”

“បាទបានម៉ាក់! បានគ្រប់យ៉ាង”

ខ្ញុំនិយាយឱ្យតែបានៗទេ ព្រោះគ្រប់យ៉ាងម៉ាក់បានរៀបចំរួចស្រេចទៅហើយ។

“អង្គុយខិតទៅក្រោយបន្តិច!” ខ្ញុំបន្លឺឡើង នៅពេលដែលរ៉ូហ្សាអង្គុយខិតក្បែរខ្ញុំពេក។

“ថី! អង្គុយក្បែរបន្តិចមិនបានមែន?”

“មិនបាន! ព្រោះយើងមិនបានត្រូវជាអ្វីហ្នឹងគ្នា”

“ស្មានតែខ្ញុំនឹងចង់ក្លាយជាអ្វីជាមួយនាងខ្លាំងណាស់មែន?”

“អត់ផង! អត់បាននិយាយផង ហើយក៏មិនដែលគិតដែរ។ ថ្ងៃនេះ ហាមធ្វើបាបខ្ញុំទៀត តិចមិនបានបុណ្យ”

“ខ្ជិលធ្វើណាស់! អាណិតក្មេង”

រ៉ូហ្សាមិនបានតបសម្តីអ្វីបន្ថែមនោះទេ។ ស្នូរដង្ហើមនាងបានបន្លឺឡើងបញ្ជាក់ថានាងកំពុងតែធុញថប់នឹងរឿងអ្វីមួយមិនខានឡើយ។ កូនចិត្តដ៏ចង្រៃតូចមួយរបស់ខ្ញុំក៏ចាប់ផ្តើមអាណិតនាង ដែលកាលមុនមិនដែលសូម្បីតែបន្តិច។ ពីផ្ទះដល់កន្លែងបុណ្យ ពួកយើងមិនបានប៉ះសម្តីគ្នាសូម្បីតែបន្តិច។

“មកជាគូហ្មងហើយណ៎គេ!”

ខ្ញុំសម្លឹងមើលទៅម្ចាស់សំឡេងទាំងគ្រឺតដុំៗ។ មិនគួរណាស្រីម៉ីប្រើពាក្យសម្តីមិនទំនងបែបហ្នឹងសោះ។

“ពួកយើងត្រឹមជាអ្នកជិតខាងគ្នាតែប៉ុណ្ណោះ។ ឯងកុំគិតលើសហ្នឹងអី” រ៉ូហ្សានិយាយឡើង។

“តែ…មើលយូរៗទៅសមគ្នាដែរទេតើ។ កុំប្រកាន់គ្នាអី។ គ្នាគ្រាន់តែនិយាយលេងទេ…តោះ! ចូលទៅខាងក្នុងទៅ។ មិត្តភក្តិយើងកំពុងតែអង្គុយចាំឯងទាំងពីរយូរហើយ”

ខ្ញុំដើរចូលទៅខាងក្នុងទាំងឃ្នើសចិត្ត។ កែវភ្នែកគ្រប់គ្នាដែលមកចូលរួមក្នុងកម្មពិធីបុណ្យបានត្របាញ់មករកពួកយើងទាំងពីរ ប្រៀបដូចពួកយើងជាចំណីសម្រាប់ពួកគេអ៊ីចឹង។

“ញញិមបន្តិចទៅ ក្រែងល៎វាមិនបានបុណ្យ”​រ៉ូហ្សានិយាយតិចៗមកកាន់ខ្ញុំ។

ខ្ញុំសម្លឹងមើលមុខនាងបន្តិច រួចលួចសើចតិចៗ ព្រោះមុខនាងជាប់ស្នាមក្រេបក្បែរបបូរមាត់ស្តាំ។

“សើចស្អី?” នាងសួរបញ្ជាក់។

“គ្មានស្អីទេ! ស្តាប់តាអាចារ្យឱ្យពរទៅ តិចលែងបានបុណ្យ”

រ៉ូហ្សាខាំមាត់សម្លឹងមុខខ្ញុំ ហាក់បីដូចជាកំពុងតែខឹងខ្ញុំខ្លាំងណាស់អ៊ីចឹង។

“កៅអីពេញហើយ!” អ្នកបម្រើភ្ញៀវម្នាក់បន្លឺឡើង។

“មិនអីទេ! ខ្ញុំអង្គុយតុផ្សេងក៏បាន”

និយាយរួច ខ្ញុំនិងរ៉ូហ្សាចូលអង្គុយតុថ្មីតែពីរនាក់។ ខ្ញុំនៅតែលួចសើចស្នាមប្រឡាក់របស់នាងមិនដាច់។ ខ្ញុំមិនបា្រប់នាងនោះទេ ទុកឱ្យនាងខ្មាសគេបន្តិចសិន ឱ្យសមនឹងទោសពូកែតោងដូចស្រមោល។ រ៉ូហ្សាឆ្លាតណាស់។ នាងបានឆ្លុះកញ្ចក់អេក្រង់មើលឃើញពីស្នាមប្រឡាក់ តែនាងជូតមិនកើត ព្រោះដៃរវល់កាន់ទូរសព្ទ។ ដោយឃើញបែបនេះគួរឱ្យអាណិតពេក ខ្ញុំក៏ជួយ។

“ម៏! ទុកឱ្យខ្ញុំជូតឱ្យ” និយាយរួច ខ្ញុំក៏យកក្រដាសជូតមាត់ជូតឱ្យនាង។

“មិនបាច់ទេ! ខ្ញុំមានដៃជូតខ្លួន​ឯងទេតើ មិនទាន់ពិការឯណា” នាងគ្រវាសដៃខ្ញុំចេញ។

ខ្ញុំចាប់ដៃនាងម្ខាងជាប់ រួចជូតបន្ត។ កែវភ្នែករបស់ខ្ញុំបានប្រសព្វជាមួយនឹងកែវភ្នែកដ៏ខ្មៅក្រិបដូចនិលច្នៃរបស់នាង ដែលកំពុងតែឆក់បេះដូងឱ្យរំជើបរំជួលលោតឌុកឌាក់ ស្របពេលដែលខួរក្បាលបានបង្កើតប្រយោគដ៏ផ្អែមល្ហែមមួយថា នាងស្អាត! នាងគួរឱ្យស្រឡាញ់ណាស់។ កែវភ្នែកនេះ ជាកែវភ្នែកដែលពោរពេញទៅដោយភាពបរិសុទ្ធ តែមានលក្ខណៈគួរ​ឱ្យអាណិត។ ខ្ញុំចង់មើលថែកែវភ្នែកនេះកុំឱ្យមានទឹកភ្នែកស្រក់មកដែលនាំឱ្យល្អក់ពិបាកគយគន់…។

“ហ្អេ!​ ពីរនាក់ធ្វើអីហ្នឹង?”

ខ្ញុំភ្ញាក់ព្រើតដូចគេដាស់។ ស្រីម៉ីមកពញាក់ធ្វើឱ្យដាច់ចង្វាក់អស់ តែក៏ល្អដែរ ព្រោះមិនចង់លង់ជ្រៅជាមួយអារម្មណ៍ឆ្កួតឡប់មួយនេះ។

………………………..  

ថ្ងៃណាក៏ដូចថ្ងៃណាដែរ ខ្ញុំត្រូវឌុបនារីដែលត្រូវបានអ្នកផ្ទះផ្សំផ្គុំឱ្យ។ វាដូចជាសម្ពាធមួយយ៉ាងធំសម្រាប់ខ្ញុំអ៊ីចឹង។ រាល់ពេលដែលខ្ញុំប្រកែក ប្រយោគឆ្លើយតបនោះគឺធ្លាប់មានគុណ។ ខ្ញុំចង់ឱ្យពួកគាត់ចែកឱ្យដាច់រវាងសេចក្តីស្នេហានិងការដឹងគុណ។ ខ្ញុំមិនចង់ជាប់ពាក់ព័ន្ធទៀតទេ។

បរិយាកាសថ្ងៃនេះហាក់បីដូចជាអ៊ូអរជាងសព្វមួយដងនៅក្នុងផ្ទះរបស់ខ្ញុំ។ ម៉ាក់បានរៀបចំកម្មវិធីខួបកំណើតតូចមួយឱ្យបងស្រី។ ម្ហូបច្រើនមុខបានរៀបចំយ៉ាងស្រេច មានទាំងស្រាបៀរផងដែរ។ ខ្ញុំសប្បាយចិត្តណាស់ នៅពេលឃើញស្នាមញញិមរបស់ពួកគាត់។ ស្នាមញញិមដែលកម្រ ព្រោះគ្រួសារខ្ញុំចួបរឿងមិនល្អយូរមកហើយ ទើបតែថ្ងៃនេះ ដែលខ្ញុំបានឃើញទិដ្ឋភាពបែបនេះ។ តែខ្ញុំសង្ឃឹមថា មិនមានវត្តមានរបស់កញ្ញាកាធាត់មកផងចុះ។ ឃើញមុខនាងហើយ ខ្ញុំគ្មានក្តីសុខទេ។

និយាយមិនទាន់ទាំងផុតមាត់ផង ស្រាប់តែមកមែន។ ម្តងនេះមិនត្រឹមតែនាងទេ តែគឺគ្រួសារនាងទាំងអស់ទៀតផង។ ភាពសប្បាយដែលខ្ញុំបានព្រៀងទុកក៏ត្រូវប្តូរមកជាស្រពោនវិញ។ នាងមិនមែនជាទឹកភ្លៀងនោះទេ តែផ្ទុយទៅវិញ នាងជាព្រះអាទិត្យនាខែប្រាំងដែលចាំដុតរោលជីវិតខ្ញុំឱ្យស្រពោន។ ម៉ាក់បានធ្វើសញ្ញាឱ្យខ្ញុំញញិម ទាំងដែលខ្ញុំមិនចង់។ មានអី! ញញិមលេងៗយូរទៅក៏ដូចជាមានអារម្មណ៍ថា មានក្តីសុខតិចៗដែរតើ។

បន្ទាប់ពីកាត់នំនិងញ៉ាំអាហារជុំគ្នារួច គ្រួសារលីហ្សាក៏ត្រលប់ទៅវិញ នៅសល់តែគ្រួសារខ្ញុំ ដែលនៅបន្តការសប្បាយតែប៉ុណ្ណោះ។

“អាស្នា!” ម៉ាក់ហៅខ្ញុំ ទាំងដែលខ្ញុំកំពុងតែមានវត្តមាននៅកំពុងមុខគាត់។

“បាទម៉ាក់!” ខ្ញុំឆ្លើយយ៉ាងរហ័ស។

“ស្រឡាញ់ក្មួយហ្សាខ្លះឬអត់?”

ខ្ញុំទម្លាក់កែវភេសជ្ជៈដែលនៅនឹងដៃចុះ រួចញញិមតិចៗ ហាក់ហួសចិត្តជាមួយប្រយោគនេះ។

“ម៉ាក់!…ឱ្យខ្ញុំស្រឡាញ់យ៉ាងម៉េច បើពួកយើងរត់លេងជាមួយគ្នាតាំងពីរតូចហ្នឹង។ កាលនោះ ខ្ញុំធ្លាប់រត់លេងទឹកភ្លៀងស្រាតមុខនាងទៀតផង។ ខ្ញុំ…មិនអាចស្រឡាញ់នាងបានទេម៉ាក់”

“ឯងកុំយកអតីតកាលមកឡូកឡំជាមួយបច្ចុប្បន្ន! នរណាក៏ធ្លាប់មានអតីតកាលមិនល្អដែរ។ ណាមួយ កាលនោះឯងនិងនាងនៅក្មេងខ្ចីនៅឡើយ ឱ្យដឹងខុសត្រូវយ៉ាងម៉េចកើត។ អើ…បើមានចិត្តលើនាងក៏ឆាប់សារភាពទៅ ប្រយ័ត្ននាងបានគេបាត់ទៅ”

“ដាច់ខាតខ្ញុំមិនយកនាងជាប្រពន្ធទេ។ ម៉ាក់ឈប់ផ្សំផ្គុំឱ្យខ្ញុំទៀតទៅ។ រាល់ថ្ងៃហ្នឹងរវល់តែឌុបនាងទៅគ្រប់ទីកន្លែងហ្នឹងហើយទើបបានជាគ្មាននរណាព្រមទទួលខ្ញុំជាសង្សារហ្នឹង។ គេយល់ច្រឡំស្ទើតែមួយចំហៀងស្រុកទៅហើយ។ ខ្ញុំសុំណាម៉ាក់! ចាប់ពីថ្ងៃនេះទៅ ខ្ញុំឈប់ឌុបនាងទៅសាលាបានទេម៉ាក់!”

ម៉ាក់ស្ងាត់មួយសន្ទុះ រួចគាត់និយាយបន្ត “ឮល្ហៀងៗថា នាងរៀនចប់ភ្លាម គេចូលសួរហើយ។ ប៉ាម៉ាក់ខាងរ៉ូហ្សាគាត់សួរម៉ាក់ ថានិយាយទុកឬអត់។ បើម៉េចម៉ា គេលើកឱ្យអ្នកផ្សេងហើយ”

“លើកឱ្យនរណាក៏លើកទៅម៉ាក់! មួយជាតិនេះខ្ញុំមិនយកប្រពន្ធក្នុងភូមិនេះទេ ជាពិសេសគឺរ៉ូហ្សា”

និយាយរួច ខ្ញុំដើរចូលក្នុងបន្ទប់ដេក។ សម្តីដែលខ្ញុំបន្លឺឡើង ដូចជាមិនបានធ្វើឱ្យខ្ញុំសប្បាយចិត្តសោះ។ វាដូចជាទម្ងន់បន្ទុកមួយយ៉ាងធំសម្រាប់ខ្ញុំដែលពិបាកក្នុងការបកស្រាយ។

២ឆ្នាំកន្លងផុតទៅ!

ចប់ថ្នាក់ទី១២។

ការពិតនៅតែជាការពិត។ ពាក្យម៉ាក់ធ្លាប់បានប្រាប់វាជាការពិត។ ថ្ងៃនេះ រ៉ូហ្សាត្រូវបានបុរសម្នាក់ដែលមានអាជីពជាប៉ូលីសមកចូលចែចូវតាមផ្លូវច្បាប់។ ក៏ប៉ុន្តែដំណឹងយ៉ាងណាយ៉ាងណី ខ្ញុំក៏មិនទាន់បានដឹងដែរ។ ខ្ញុំដើរចុះដើរឡើងពេលតែផ្ទះ។ ម្តងដើរទៅខាងមុខ ម្តងចូលក្នុងបន្ទប់ ដូចជាមេមាន់រាន់ចង់ពងអ៊ីចឹង។ ខ្ញុំមិនដឹងថាចិត្តខ្លួនឯងកំពុងតែគិតពីអ្វីនោះទេ គ្រាន់តែចង់ដឹងថា តើគ្រួសារនាងព្រមលើកនាងឱ្យទៅនាយកំលោះម្នាក់នោះដែរឬទេ?

មនុស្សដែលខ្ញុំរង់ចាំចម្លើយនោះគឺម៉ាក់។ ម៉ាក់ត្រូវបានម៉ាក់នាងឱ្យទៅជួយធ្វើជាភ្នែកជាច្រមុះ។ គាត់ទៅយូរហើយ តែមិនទាន់ឃើញមកសោះ។

“យ៉ាងម៉េចហើយម៉ាក់? គាត់ព្រមលើកកូនឱ្យឬទេ?” ខ្ញុំសួរទាំងដែលម៉ាក់មិនទាន់ទាំងទម្លាក់គូទអង្គុយបាត់ហត់ឱ្យស្រួលបួលផង។

“ហើយឯងក៏ចង់ដឹងម្ល៉េះ! ក្រែងឯងប្រកែកថាមិនអាចទៅរួចទេមែនទេ? អញសង្ស័យតែ…ចង់លេបទឹកមាត់ខ្លួនឯងវិញហ្មង” ម៉ែចង្អុលមុខខ្ញុំ។

ខ្ញុំរៀបឫកបន្តិច រួចធ្វើជានិយាយធម្មតា។

“គ្មានទេម៉ាក់! ទឹកមាត់ខ្ញុំស្តោះទៅហើយមិនងាយនឹងលេបវិញទេ។ ច្រើនណាស់ហើយ មួយរយយកមួយអីហ្នឹង។ ពេលខ្លះស្ទើតែគ្មានសោះ”

“មួយក្នុងចំណោមមួយរយ វាអាចនឹងទៅរួច…។ ម៉ាក់លីហ្សាមិនទាន់សម្រេចចិត្តថាឱ្យទេ។ គាត់ថាចាំឱ្យលីហ្សាសម្រេចចិត្តដោយខ្លួនឯងសិន។ នាងប្រាប់ថាសុំពេលមួយអាទិត្យ…”

“ពិតឬអត់ម៉ាក់?” ខ្ញុំសួរទាំងរំភើប។

“ពិតតើ! ចុះឯងក៏ទ្រង់សប្បាយអរខ្លាំងម្ល៉េះ?”

“គ្មានអ្វីទេម៉ាក់។ ខ្ញុំសុំទៅបន្ទប់សិនហើយ”

មួយអាទិត្យគួរចាប់ឱកាស!

គេថាបើស្រឡាញ់អ្នកណាគួរតែសារភាពទៅ។ ចុះបើសារភាពហើយគេមិនស្រឡាញ់ ហើយបាត់បង់ចំណងមិត្តភាព តើត្រូវធ្វើយ៉ាងណា? តែ…បើមិនព្រមសារភាពក្រែងស្តាយនៅពេលក្រោយ។ មកដល់ត្រឹមនេះ ខ្ញុំក៏ស្រាប់តែស្រមៃដល់មុខនាងត្រឹមមួយរំពេច។ ខ្ញុំនឹកឃើញដល់កាលគ្រាហ៍មួយ ដែលខ្ញុំនិងនាង….

……………..

នៅលើឡានក្រុងដែលកំពុងតែបើកបរឆ្ពោះទៅខេត្តសៀមរាបជាលក្ខណៈដំណើរកម្សាន្តរវាងគ្រូនិងសិស្ស។ ខ្ញុំត្រូវបានគ្រូរៀបចំឱ្យអង្គុយបាំងជាមួយរ៉ូហ្សា។ ពេលត្រលប់មកវិញពេលយប់ នាងបានដេកលក់ទន់ករងាក។ ខ្ញុំលួចសើចតិចៗតែមិនឱ្យនាងដឹងនោះទេ។ មួយស្របក់ក្រោយមក ខ្ញុំក៏ដេកលក់ដែរ។ មិនទាន់ទាំងបានប៉ុន្មាននាទីផង ខ្ញុំមានអារម្មណ៍ថា ដូចជាមានអ្វីធ្ងន់ៗនៅលើស្មាខាងឆ្វេង។ ភ្លាមនេះ ខ្ញុំក៏ភ្ញាក់ព្រើតសម្លឹងមើលទៅទើបដឹងថា រ៉ូហ្សាកំពុងតែយកស្មាខ្ញុំធ្វើជាខ្នើយកើយយ៉ាងស្រួលបាត់ទៅហើយ។

ខ្ញុំសម្លឹងមើលមុខនាងជាមួយនឹងស្នាមញញិម ដែលបញ្ជាក់ឡើងតាមរយៈបេះដូង។ មុខនាងស្រទន់មានមន្តស្នេហ៍។ កាន់តែគយគន់ កាន់តែលង់ ប្រៀបដូចជាមន្តសណ្តំយ៉ាងពិសេសសម្រាប់អន្ទងអារម្មណ៍ខ្ញុំអ៊ីចឹង។ កែវភ្នែកខ្ញុំប្រឹងសម្លឹងភ្នែកនាងមិនដាក់ភ្នែក រហូតដល់ភ្លេចខ្លួន…។

…………………

“អង្គុយគិតពីអ្វីហ្នឹង?”

ខ្ញុំភ្ញាក់ព្រើត តែស្នាមញញិមនៅតែមិនទាន់រលុបចេញពីផ្ទៃមុខនៅឡើយ។ វត្តមានអ្នកដែលកំពុងតែមកពញាក់ខ្ញុំនេះគឺជាអាកន។ វាមកបបួលខ្ញុំទៅរៀននៅភ្នំពេញ តែខ្ញុំប្រាប់វាថាមិនទាន់ទៅទេ ព្រោះមានបេសសក​ម្មពិសេសដែលត្រូវបំពេញជាចាំបាច់។

វេលាម៉ោង១០យប់ ខ្ញុំនៅតែមិនអស់អាល័យពីទូរសព្ទនៅឡើយ។ ខ្ញុំចង់ឆាតទៅរ៉ូហ្សាក្នុងន័យបង្កើតឱ្យមានភាពស្និទ្ធស្នាល។ តែខ្លាចថា នាងមិនឆ្លើយតប ព្រោះនាងមានជម្រើស។

“សួស្តី! កំពុងធ្វើអីហ្នឹង?” ខ្ញុំសរសេរផ្ញើទៅទាំងមិនបានដឹងខ្លួន។ ខ្ញុំចង់លុបវិញ តែមិនទាន់ទេ ព្រោះនាងបានចូលមើលរួចទៅហើយ។ ខ្ញុំទន្ទឹងរង់ចាំមើលថា នាងតបវិញឬអត់?

“ចា៎! កំពុងមើលរឿងភាគ។ ចុះខាងហ្នឹងវិញ?”

ស្នាមញញិមលើផ្ទៃមុខរបស់ខ្ញុំក៏បង្ហាញឡើង។ ខ្ញុំមិនអាចនៅធ្វើឱ្យនាងរង់ចាំបានទេ។

“អង្គុយលេង។ នៅប៉ុន្មាននាក់ហ្នឹង?”

“នៅម្នាក់ឯងក្នុងបន្ទប់។ នឹកយ៉ាងណាបានជាឆាតមកខ្ញុំ។ ឬមួយខុសគ្រូខាងណាទេដឹង?”

“គ្មានខុសគ្រូខាងណាទេ គ្រាន់តែនឹក ហើយចង់និយាយលេង។ ទំនេរឬអត់?”

“ហ្អាក! នឹក…ហើយចង់បបួលទៅណាមែន?”

មកដល់ត្រឹមនេះ ខ្ញុំផ្អាកតបសិន ព្រោះមិនដឹងថាគួរបបួលនាងទៅណានោះទេ។

“ចង់តើ! តែមិនដឹងខាងហ្នឹងព្រមទៅឬអត់ផង?”

“បើអត់បបួលផងបានអីនឹងទៅ។ ហើយកាលណារកសង្សារនឹងគេ អាយុដូចជាច្រើនហើយ”

“មុខដូចខ្ញុំគ្មាននរណាយកទេ!”

“ថីថាមិនយក! មកពីយើងមិនរកទេដឹង”

“រកហើយ តែគាប់ជួនអីគេមានអ្នកចែចូវបាត់”

“ឱ្យសមមុខ! ហ្នឹងហើយធ្វើចរិតមេមាន់ខ្លាំងពេក។ បើស្រឡាញ់អ្នកណា គួរឆាប់សារភាពទៅ។ អ៊ីចេះក៏បានដែរ! ចាំខ្ញុំជួយធ្វើជាមេអណ្តើកក៏បាន”

សាររបស់នាងធ្វើឱ្យខ្ញុំអស់សំណើច។ មិនដែលឯណាធ្វើមេអណ្តើកឱ្យខ្លួនឯងនោះទេ។ តែនេះក៏ជាឱកាសល្អសម្រាប់នៅក្បែរនាងផងដែរ។

“ស្អែកទៅលេងវាលស្រែខាងកើតភូមិឬអត់? ចាំខ្ញុំប្រាប់ពីអ្នកដែលខ្ញុំលួចស្រឡាញ់”

“ទៅក៏ទៅដែរ! កំពុងតែចង់ដឹងថាបុរសសង្ហាបេះដូងដែកដូចជាស្នាឯងទៅលង់ស្នេហ៍នារីម្នាក់ណាទៅហ្ន៎!”

“ពេលហ្នឹងដឹងហើយ។ ខ្ញុំមិនរំខានយូរទេ។ រាត្រីសួស្តី! ឆាប់ចូលគេងទៅ ក្រែងមុខជ្រួញ”

សរសេរចប់ ខ្ញុំមិនបានរង់ចាំការឆ្លើយតបពីនាងនោះទេ។ អារម្មណ៍ខ្ញុំពេលនេះគឺអន្ទះសារបន់ឱ្យតែឆាប់ដល់ស្អែកនឹងអាលបាននិយាយពាក្យក្នុងចិត្ត។

ព្រះអាទិត្យផ្តើមរះតាមកាលកំណត់។ ថ្ងៃនេះមេឃស្រឡះល្អគ្មានពពកមករំខានអ្វីឡើយ។ តែរស្មីមួយនេះក៏មិនបង្កការរំខានកំដៅខ្លាំងក្នុងការរស់នៅរបស់មនុស្សសត្វឡើយ ព្រោះព្រះវាយោចូលខ្លួនមកបក់ផាត់ផ្តល់ជាខ្យល់ត្រជាក់ដល់សព្វជីវិត។ ខ្ញុំមិនហ៊ានទៅសួររ៉ូហ្សាដល់ផ្ទះនោះទេ ថ្វីដ្បិតតែចម្ងាយផ្ទះរបស់ពួកយើងនៅមិនឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ។ ហើយខ្ញុំក៏មិនហ៊ានឆាតទៅសួរនាងដែរ ខ្លាចថាជាការរំខាន។

តឺត!…

ខ្ញុំសម្លឹងមើលទៅប្រភពសំឡេងទើបដឹងថាជារ៉ូហ្សា។ នាងបានស៊ីផ្លេសំឡេងម៉ូតូនៅខាងមុខផ្ទះ។ ខ្ញុំញញិមរួចក៏ដើរសំដៅទៅរកនាង។ រ៉ូហ្សាប្រាប់ថា​សុំពន្យាពេលទៅពេលល្ងាចវិញ ព្រោះពេលព្រឹកនាងរវល់ទៅជូនម៉ាក់ទៅមើលពេលា។ គ្រាន់តែឮថាពេលាភ្លាម ខ្ញុំអាចស្មានដឹងថា បន្តិចទៀតនឹងមានអ្នកផ្សេងមកឆក់នាងចេញពីខ្ញុំជាមិនខាន។ ថ្ងៃនេះ! ពិតណាស់ ថ្ងៃនេះខ្ញុំត្រូវតែនិយាយរឿងក្នុងចិត្តប្រាប់នាងឱ្យបាន។

ពេលរសៀលមកដល់។ ទេសភាពនៅស្រុកស្រែពេលរសៀល ស្របពេលដែលព្រះសុរិយាហៀបអស់ស្តង្គតអ៊ីចឹងពិតជាស្រស់ស្អាតខ្លាំងណាស់។ ខ្ញុំមិនបានមកតែខ្លួនទេ គឺខ្ញុំមានរបស់បញ្ញើនាងទៀតផង។ ម៉ូតូហ្សូមមឺមានព្យួរស្ទីងនិងម្ជូរស្វាយស្រស់កំពុងតែនាំខ្ញុំទៅកាន់គោលដៅ។ ពេលខ្ញុំមកដល់ នាងមិនទាន់មកនោះទេ។

រ៉ូហ្សាក៏យករបស់មកផ្ញើខ្ញុំដែរ។ គិតៗទៅ ពួកយើងសុទ្ធតែយល់ដឹងពីគ្នាច្រើនចំណុចណាស់ ជាពិសេសគឺរសនិយម។ តែហេតុអ្វីបានជានាងមិនដឹងថាខ្ញុំកំពុងតែស្រឡាញ់នាងអ៊ីចឹង? ឬមួយក៏នាងធ្វើជាមិនដឹង?

“ឆាប់ប្រាប់មក ថាស្រឡាញ់អ្នកណា?” នាងបន្លឺមកកាន់ខ្ញុំមុន។

ខ្ញុំអឹមអៀនបន្តិច ព្រោះមិនដឹងថាគួរតែឆាប់ផ្តើមពីចំណុចណាមុន។ តែបើនៅតែបែបហ្នឹងទៀតច្បាស់ជាស្ពៃហើយ។

“ខ្ញុំ…ខ្ញុំស្រឡាញ់នារីក្នុងភូមិយើងហ្នឹង”

“ហ្អាក! ម្នាក់ណា? បើនៅក្នុងភូមិយើងសុទ្ធតែស្អាតៗហ្នឹង។ ឬមួយក៏ចរិយា?”

“ទេ! ម្នាក់ហ្នឹងស្និទ្ធស្នាលនឹងខ្ញុំណាស់។ ពួកយើងច្រើនទៅណាមកណាជាមួយគ្នា…”

“ឬមួយស្នាឯងស្រឡាញ់ប្រុសដូចគ្នា? ព្រោះឃើញស្និទ្ធស្នាលតែជាមួយមិត្តភក្តិប្រុសៗទេ”

“មានណា! ខ្ញុំស្រឡាញ់ស្រីតើ។ អត់ដឹងមែនឬមួយក៏ធ្វើពើទេ?” ខ្ញុំសួរបញ្ជាក់។

“អត់ដឹងមែនតើ!”

“បែរទៅក្រោយទៅ ចាំខ្ញុំប្រាប់”

“អ៊ីចឹងក៏បាន!” និយាយរួចនាងក៏បែរមុខទៅក្រោយ។

“បែរមកវិញមក៍!ខ្ញុំស្រឡាញ់រ៉ូហ្សាឯង!” ខ្ញុំនិយាយព្រមជាមួយហុចផ្កាមួយបាច់ដែលខ្ញុំបានបេះតាមព្រៃ។

“លលេងណាស់! ហើយទៅបានផ្កាព្រៃហ្នឹងមកពីណា?” នាងទទួលយក។

“យ៉ាងម៉េចអត់ស្អាតមែន?”

“មានណា! ខ្ញុំចូលចិត្តរបស់ធម្មជាតិអ៊ីចឹងណាស់”

“ចុះគិតយ៉ាងម៉េចដែលខ្ញុំ…”

“ខ្ញុំមិនចូលចិត្តអ្នកលេងសើចទេ។ កុំមកបោកខ្ញុំអី ព្រោះខ្ញុំមិនចង់ឈឺ”

ខ្ញុំលុតជង្គង់នៅនឹងមុខនាង រួចនិយាយ “ ខ្ញុំពិតជាស្រឡាញ់ហ្សាឯងមែន។ ខ្ញុំទើបតែដឹងថា ខ្ញុំមិនអាចរស់នៅដោយគ្មានយើងបានទេ”

“ក្រោយមក! ធ្វើដូចជាកំពុងតែសម្តែងរឿងអ៊ីចឹង។ ពូកែសម្តែងអ៊ីចឹង ម៉េចមិនទៅសុំគេសម្តែងទៅ”

“មិនបានសម្តែងទេ វាជាការពិត។ បើយល់ព្រម យើងសិក្សាចិត្តគ្នាសិន ឬក៏ភ្ជាប់ពាក្យទុក្ខសិនក៏បានដែរ”

“តែខ្ញុំមានអ្នកចូលសួរហើយ។ ខ្ញុំមិនចង់…”

“មើលមកភ្នែកខ្ញុំមក!”ក្រោកឈរ ហើយចាប់ស្មានាងឱ្យសម្លឹងមើលមកខ្ញុំ។ “នាងស្រឡាញ់ខ្ញុំវិញដែរឬទេ?”

រ៉ូហ្សាស្ងាត់មួយស្របក់ តែក្នុងកែវភ្នែកនាងបានដក់នៅទឹកអ្វីម្យ៉ាងដែលហៅថាទឹកភ្នែក។​ ខ្ញុំមិនដឹងថានាងកំពុងតែគិតអ្វីនោះទេ គ្រាន់តែដឹងថាវាកំពុងតែប៉ះពាល់អារម្មណ៍នាងជាខ្លាំង។

“តែម៉ាក់បានទៅរកពេលារួចទៅហើយ។ សុំទោសផង! អ្វីៗហួសពេលអស់ទៅហើយ” សំឡេងនាងប្តូរ គឺប្តូរមកជាសសិតដូចជាចង់រកយំ។

ឮប្រយោគនាងភ្លាម ខ្ញុំចង់គាំងភ្លាមៗ។ មិននឹកស្មានថាអ្វីៗកន្លងទៅលឿនយ៉ាងហ្នឹងសោះ។ ដរាបណានាងមិនទាន់ចូលរោងការ ខ្ញុំនៅតែមានសង្ឃឹម។

“ចុះអ៊ំដាបានជូនដំណឹងទៅខាងគេឬនៅ?”

“ខ្ញុំមិនដឹងទេ។ រឿងពេលាហ្នឹងទើបតែទៅរកព្រឹកមិញហ្នឹងទេ…មិនបាច់សួរនាំអ្វីច្រើនទេ ព្រោះមិនអាចបកក្រោយបានឡើយ”

ខ្ញុំចាប់ស្មានាងឱ្យមើលមុខខ្ញុំម្តងទៀត រួចសួរបញ្ជាក់ “ចុះនាងស្រឡាញ់ម្នាក់ហ្នឹងទេ?”

នាងគ្រវីក្បាលជំនួសពាក្យសម្តី។ ខ្ញុំស្រាប់តែញញិមទាំងមិនដឹងខ្លួន។ ផ្លូវដែលទាល់ក៏អាចរកគន្លឹះដើម្បីស្វែងរកផ្លូវចេញបានដែរ។

“ចុះបើខ្ញុំចូលសួរ ហ្សាព្រមយកខ្ញុំឬអត់?”

“កុំអី! នាំតែពិបាកទេ” និយាយរួចនាងក្រោកឈរ បែរខ្នងមើលទៅព្រះអាទិត្យដែលត្រូវពពកបាំងបន្តិច ធ្វើឱ្យភាពងងឹតចូលមកមុនពេលកំណត់។

ខ្ញុំងើបទៅស្រវាឱបនាងពីក្រោយយ៉ាងជាប់។​ កក់ក្តៅណាស់! ខ្ញុំមិននឹកស្មានថា ពេលដែលខ្ញុំបាននៅក្បែរនាងបែបហ្នឹងកក់ក្តៅដល់ម្លឹងទេ។ មកដល់ពេលនេះ ខ្ញុំក្លាហានហ៊ានឱបកូនក្រមុំគេដោយមិនខ្លាចមានបញ្ហា។ ចំណែករ៉ូហ្សាវិញក៏មិនមានប្រតិកម្មអ្វីដែរ។ នេះបញ្ជាក់ថា នាងក៏លង់ស្រឡាញ់ខ្ញុំដែរ។ បន្ទាប់ពីនិយាយគ្នាបានដឹងរឿងហើយ ពួកយើងក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួន។

វេលាហូបបាយល្ងាចជុំគ្នាជាមួយគ្រួសារ មានទាំងម៉ាក់ប៉ានិងបងស្រី ក្រោមភ្លើងអំពូលអគ្កិសនីគឺពោរពេញទៅដោយក្តីសុខ។ សម្លឆ្ងាញ់ដែលជាស្នាដៃម៉ាក់បានកំពុងតែពង្វក់អណ្តាតពួកយើងឱ្យញាប់ខុសពីធម្មតា។ ខ្ញុំប្រឹងញញិម មិនមុខស្ងួតដូចកាលមុន ហើយដួសបាយសម្លជូនពួកគាត់ទៀតផង។

“ថ្ងៃហ្នឹងវាថី! បានជាល្អែងខុសពីរាល់ដងអ៊ីចឹង?(ល្អែងគឺស្មើនឹងពាក្យថា ឧស្សាហ៍ ជាភាសាអ្នកក្រគរ)” ម៉ាក់បន្លឺឡើងមកកាន់ខ្ញុំ។

ខ្ញុំញញិមតិចៗបែបអៀនៗ ព្រោះក្នុងចិត្តមានបំណងមួយដែលត្រូវស្នើទៅខាងគាត់។

“មានអីក៏និយាយមក! បងក៏ចង់សួរពីកាយវិការប្លែកៗរបស់ឯងដែរ”

“គឺ…ខ្ញុំចង់ឱ្យប៉ាម៉ាក់ទៅស្តីដណ្តឹងរ៉ូហ្សាឱ្យខ្ញុំ” ខ្ញុំនិយាយទាំងអៀនខ្មាស។

ប៉ាម៉ាក់និងបងស្រីសើចគ្រប់គ្នា ធ្វើដូចជារឿងដែលខ្ញុំស្នើសុំអម្បាញ់មិញជារឿងកំប្លែងសម្រាប់គាត់អ៊ីចឹង។

“ហេតុអ្វីបានសើចទៅវិញ?”

“មិនឱ្យសើចយ៉ាងម៉េច បើឯងនិយាយរឿងដែលមិនអាចទៅរួចហ្នឹង។ ចុះក្រែងឯងនិយាយប្រាប់អញថាមិនអាចទៅរួចទេ។ ឯងនិងរ៉ូហ្សាជាក្មេងក្នុងភូមិជាមួយគ្នា ធ្លាប់ងូតទឹកភ្លៀង ធ្លាប់រត់លេងស្រាត…”

“ហើយក៏ធ្លាប់វ៉ៃដណ្តើមនំគ្នាស៊ីទៀតមែនឬអត់ហ្អា?” បងស្រីជើងល្អបន្ថែម។

“កាលហ្នឹងមែន តែខ្ញុំមិនដឹងថាស្រឡាញ់នាងតាំងពីពេលណានោះទេ។ ណាម៉ាក់! ទៅដណ្តឹងនាងឱ្យខ្ញុំស្អែកនេះទៅ បើមិនអ៊ីចឹងទេ នាងនឹងបានគេហើយ”

“សួរអីតែអញ! ណក! សួរប៉ាឯងខ្លះទៅ” ម៉ាក់បួញមាត់ទៅកាន់ប៉ា។

“ណាប៉ា!…”

“ស្អីគេហ្អា! អាយុទើបតែ១៨ឆ្នាំចង់បានប្រពន្ធ។ ការងារក៏មិនទាន់មាន រៀនក៏មិនទាន់ចប់ កោតតែហ៊ានហាមាត់ទៅរួច អញខ្មាសគេជំនួសណាស់”

“សួរទុកសិនតើប៉ា! ខ្ញុំបាននិយាយជាមួយនាងរួចហើយ ថាចាំរៀនចំចប់បរិញ្ញាបត្រ ចាំការ”

“វាមិនដែលមាន! រៀនលុយអញ ដល់ពេលរៀនចប់រកការងារបានធ្វើទៅយកប្រពន្ធ…”

ខ្ញុំមើលទៅប៉ាដូចជាកំពុងតែក្តៅស្លឹកត្រចៀកហើយ។ ប៉ាកាចជាងម៉ាក់ឆ្ងាយណាស់ ហើយតឹងតែងរឿងការរស់នៅទៀត ជាពិសេសពិបាកសុំលុយណាស់។

“បើកូនវាចង់បានហើយ កុំទៅឃាត់ឃាំងវាអីឯង! ចូលសួរទុកទៅ។ ក្រែងពួកយើងក៏ស្រឡាញ់ចរិតរ៉ូហ្សាដែរមែនទេ?”

“ស្រឡាញ់ដឹងថាស្រឡាញ់ហើយ តែមិនដែលឯងណាសួរទុកដល់បួនឆ្នាំទេ”

“ចុះឯងចង់ទុកប៉ុន្មានឆ្នាំ?” ម៉ាក់សួរបញ្ជាក់ប៉ា។

“ការឆ្នាំហ្នឹងតែហ្មងទៅ!”

ឮសម្តីប៉ាភ្លាម ភ្នែកខ្ញុំស្រាប់តែបើកឡើងធំៗប៉ុនពងមាន់។ ប៉ាចេះពញាក់អារម្មណ៍ខ្ញុំទៀត។ ខ្ញុំមិនអាចទ្រាំបានទេ គឺមានតែ…ពិតណាស់ ខ្ញុំស្ទុះទៅ​ឱបប៉ាយ៉ាងណែន។

“កុំទាន់អី! មានប្រយោគមួយដែលពួកយើងចង់និយាយ”

“អ្វីទៅម៉ាក?” ខ្ញុំសួរបញ្ជាក់។

“ខ្ញុំទៅមិនរួចទេម៉ាក់!” ប៉ាម៉ាក់និងបងស្រីនិយាយឡើងព្រមគ្នា។ ខ្ញុំញញិមបែបអៀនជាមួយសម្តីខ្លួនឯង រួចកាន់ចានបាយដើរសំដៅទៅញ៉ាំបន្តនៅក្នុងបន្ទប់៕

ចប់

2 Comments

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*