រឿង៖ ព្រាយគោកចំបក់

អែបៗ អោបៗៗ អែបៗៗ…

សំឡេងកង្កែបយំលាន់ទ្រហឹងពេញវាលស្រែ ក្រោយពីធ្លាក់ភ្លៀងមួយមេធំកាលពីក្បាលល្ងាច។

«អើអាឆុន! អាឆុនអើយ!»

ម៉ោងប្រាំបីជិតប្រាំបួនយប់ហើយ ខ្ញុំកំពុងអង្គុយហូបបាយក្នុងផ្ទះសុខៗ ស្រាប់តែឮសូរមាត់ស្រែកហៅល្វើយៗពីក្រៅផ្ទះ។ ដោយសារជញ្ជាំងផ្ទះខ្ញុំបាំងស្លឹកត្នោតចាស់កំពុកអស់ ធ្លុះធ្លាយជាប្រហោងដោយអន្លើ ទើបខ្ញុំខ្ជិលក្រោកទៅបើកទ្វារ។

ខ្ញុំបែរក្រោយឱនមើលទៅតាមប្រលោះជញ្ជាំងប៉ុនបាតដៃ…

«…»

មេឃងងឹតឈឹង សឹងចាក់ភ្នែកមើលមិនធ្លុះ! មិនឃើញមានអ្វី ឬឮសំឡេងហៅបន្តទៀតទេ…

«ឬមួយក៏ខ្ញុំស្ដាប់ច្រឡំ? មិនដែលថ្មើរនេះហើយនរណាអត់ការងារធ្វើ ដើរមកកូកហៅគេទាំងយប់?»

ខ្ញុំទើបតែនឹកឃើញថាកាលពីព្រឹកម៉ែបានប្រើខ្ញុំឱ្យទៅកាប់ស្លឹកត្នោតមកក្រងបាំងកន្លែងដែលធ្លុះ តែដោយសារពេញមួយថ្ងៃនេះខ្ញុំរវល់តែជាប់អង្គុយញ៉ែប៉ប្រែនៅផ្ទះកូនក្រមុំអ្នកលក់ទឹកត្នោតជូរ ទើបបានជាភ្លេច មិនទាន់បានជួសជុលជញ្ជាំង។

នេះបើម៉ែមកវិញមិនឃើញធ្វើហើយច្បាស់ជាត្រូវស្ដាប់គាត់ទេសនាទៀតហើយ តែសំណាងល្អដែរ ព្រោះគាត់រវល់ទៅជួយបុណ្យសពបងប្អូនជីដូនមួយដែលត្រូវជាម្ដាយមីងរបស់ខ្ញុំ ល្ងាចស្អែកទើបមកវិញ។

ឮថាគាត់ស្លាប់ដោយសារត្រូវអំពើគេ រកអ្នកមកដោះឱ្យមិនទាន់ក៏ផុតដង្ហើមបាត់ទៅ។

«អាឆុន! នៅផ្ទះឬអត់ទេនេះ?»

ឈ្មោះរបស់ខ្ញុំនៅតែបន្តហៅដោយនរណាម្នាក់ដែលចាំសំឡេងមិនបាន ទើបខ្ញុំសម្រេចចិត្តទម្លាក់ចានបាយចុះ ហើយដើរសំដៅទៅមាត់ទ្វារ។

ម៉ែផ្ដាំថាពេលយប់បើឮសូរគេហៅឈ្មោះ កុំឆ្លើយឆ្លងជាមួយឱ្យសោះ​ ខ្លាចក្រែងមានមនុសឬអមនុស្សមានបំណងមិនល្អមកប៉ងយាយី។

ទោះបីខ្ញុំមិនមែនជាមនុស្សជឿអបិយជំនឿច្រើន តែក៏នៅតែត្រូវឆ្លើយទទួល «បាទ!ៗ» ហើយធ្វើតាមគាត់ដដែល។ ពាក្យចាស់ពោលថា «បើមិនជឿ កុំប្រមាទ!»។

ទ្វាររបើកយឺតៗ។ រំពេចនោះពន្លឺភ្លើងហោះឆ្វាចមកកាត់ចាំងចំភ្នែកខ្ញុំ រហូតខ្ញុំត្រូវយកដៃបាំងភ្នែកភ្លាម។ ដើមទ្រូងខ្ញុំលោតភឹបៗដោយសារកម្លាំងដោលពីបេះដូង។ ខ្ញុំប្រញាប់ងាកក្បាលប្ដូរទីតាំង ហើយប្រឹងបើកភ្នែកសម្លឹងរំពៃទៅរកប្រភពនៃពន្លឺនោះ។

រូបរាងបុរសចំណាស់ ក្បាលពោះកំប៉ោង កំពុងឈរកាន់ពិលនៅប្រហែលសាមសិបម៉ែត្រពីផ្ទះខ្ញុំ បង្ហាញខ្លួននៅជិតរូបទីងម៉ោងចំបើងដែលខ្ញុំធ្វើដាក់នៅមុខផ្ទះ។

នេះសំណាងហើយដែលជាយប់ថ្ងៃមួយរោច ព្រះចន្ទរះមូលធំ ហើយមេឃស្រឡះល្អបន្ទាប់ពីភ្លៀងរួច ទើបខ្ញុំអាចមើលស្គាល់មនុស្សប្រុសម្នាក់នោះភ្លាមៗ មិនអ៊ីចឹងទេ ខ្ញុំប្រហែលជាត្រូវបះសក់ច្រូងហើយ។

«ហូយ…តាម៉ោល! ចេះទៅឈរក្បែរទីងម៉ោងនោះ ហើយយកពិលមកឈួលភ្នែកខ្ញុំទៅកើត!»

ទំនងជាដឹងថាខ្ញុំកំពុងភ័យទើប គាត់អស់សំណើចខ្លាំងៗចេញអស់ពីក្នុងពោះ។

«អឺ! ចុះអាណាប្រាប់អញថ្ងៃមុនថាមិនចេះខ្លាចខ្មោចទេនោះ?»

មិនបាច់ឆ្លើយក៏ដឹងដែរ គឺខ្ញុំនេះហើយ! ថ្ងៃមុននោះខ្ញុំអង្គុយស្ដាប់គ្នាគាត់កំពុងផឹកទឹកត្នោតជូរបណ្ដើរ និយាយបូរបាច់គ្នាបណ្ដើរពីរឿងខ្មោចព្រាយស្អីមិនដឹងទេ តាំងពីជំនាន់ឥស្សរៈណានោះ។ និយាយៗពួកគាត់ក៏សួរខ្ញុំថា ខ្លាចខ្មោចឬអត់?

ដោយហេតុថាពេលនោះ ស្រីណី ដែលជាកូនក្រមុំរបស់ពូសាមៀនលក់ទឹកត្នោត ក៏ជានារីដែលខ្ញុំលួចស្រឡាញ់ដើរកាត់ ទើបខ្ញុំនេះងើបអង្គុយត្រង់ខ្លួន ទះទ្រូងផាំងៗ ព្រមទាំងនិយាយដោយជំនឿចិត្តថា៖

«មួយជីវិតពេញកំលោះខ្ញុំ ខ្ញុំគ្មានទៅចេះខ្លាចខ្មោចខ្លាចស្អីទេ! ខ្ញុំខ្លាចតែគេជាន់ឈ្លីធ្វើបាបបេះដូងស្មោះតើ!»

តាមរយៈកន្ទុយភ្នែក ខ្ញុំដឹងថាស្រីណីនាងលួចញញឹម ប្រហែលជានាងបានដឹងថាខ្ញុំកំពុងនិយាយផ្ដោះផ្ដងដាក់នាង។ និយាយតាមត្រង់ បើថានាងមិនដឹងខ្លួនដូចជាកុហកពេក ព្រោះតាំងពីចូលអាយុដប់ប្រាំមួយឆ្នាំមកនេះ ឱ្យតែពេលទំនេរមកពីរៀននិងជួយការងារម៉ែនៅផ្ទះ ដឹងតែឃើញមុខរបស់ខ្ញុំនៅតូបទឹកត្នោតជូររបស់ឪពុកនាងហើយ។

កែវភ្នែករបស់នាងប្រាប់ថានាងក៏ចាប់អារម្មណ៍ខ្ញុំដែរ គ្រាន់តែនាងនៅអៀន បានជាមិនសូវហ៊ាននិយាយរកខ្ញុំ។

«ហើយតាទៅណាទាំងយប់នេះ?» ខ្ញុំសួរបង្វែររឿងកុំឱ្យគាត់ចំអកឱ្យច្រើនជាងនេះ។

«អើ! មីណាងម៉ែឯងព្រឹកមិញចួបអញ ហើយប្រាប់ថាឯងនៅផ្ទះតែឯងយប់នេះ បានជាផ្ដាំថាឱ្យមកអើតៗឯងផង ក្រែងលោអាបក្រមុំដកកមកស៊ីពោះវៀនឯង!»

និយាយមិនទាន់ផុតពីមាត់ផង ខ្យល់ត្រជាក់មួយវឹបធ្លាក់មក ទាញទាំងជាយអាវខ្ញុំធ្វើឱ្យត្រជាក់ស្រាវដល់ពោះវៀន។ ខ្ញុំស្អប់មនុស្សចាស់ត្រង់មាត់ស្អុយអ៊ីចឹងណាស់ និយាយអីគ្មានគិតដល់អារម្មណ៍ក្មេងកំលោះស្ទាវដូចខ្ញុំសោះ។

«គ្មានអាបឯណាហ៊ានមកស៊ីពោះវៀនខ្ញុំទេតា! តែហ៊ានមក ខ្ញុំចាប់ច្រកបាវយកទៅឱ្យលេងប៉ាហ៊ីហើយ!»

ខ្ញុំបន្លំយកដៃទាំងសងមកបបោសដើមដៃខ្លួនឯងកុំឱ្យព្រឺសម្បុរ។

តាម៉ោលហាមាត់សើចកក្អឹកតាមទម្លាប់គាត់ ហើយចាប់និយាយសាច់ការណ៍៖

«មិនបាច់ប្រឹងកុហកអញទេអាវ៉ា! អានេះខ្លាចធ្វើមើលតែស្រីទៅកើត កាលជំនាន់អញរត់គេចគ្រាប់ អញចួបអស់ហើយ អាប ព្រាយ ខ្មោចស្អីអស់នោះ! ឥឡូវអញទៅរកឆ្លុះកង្កែប… ឯងចង់ទៅជាមួយអញអត់?»

មែនទែនទៅខ្ញុំមិនចង់ទៅជាមួយគាត់ប៉ុន្មានទេ ព្រោះក្រៅពីចូលចិត្តផឹកទឹកត្នោតជូរស្រវឹងអួទីនួ គាត់តាំងតែរកនឹកនិយាយរឿងខ្មោចព្រាយអីអស់នោះយកមកលេងសើចដូចរឿងកំប្លែង តែថា…ខ្ញុំក៏មិនចង់ដេកនៅផ្ទះតែឯងម៉ង់ៗអ៊ីចឹងដែរ។

ខ្ញុំមិនបានជាខ្លាចខ្មោចអីណាស់ណាទេ ព្រោះតាំងពីតូចមកមិនដែលឃើញមុខខ្មោចយ៉ាងម៉េចផង។ មូលហេតុដែលខ្ញុំមិនចង់នៅនោះគឺ ឱ្យតែពេលស្ងាត់តែឯង អារម្មណ៍ចេះតែនឹកឃើញដល់មុខរបស់ស្រីណី ធ្វើឱ្យអារម្មណ៍ប្រុសកំលោះដូចជាខ្ញុំនៅមិនសុខ។

សម្រេចចិត្តដូច្នោះហើយ ខ្ញុំក៏ប្រាប់ឱ្យតាម៉ោលចាំបន្តិច ហើយខ្ញុំប្រមូលចានឆ្នាំងទុកដាក់មួយឡែក មុននឹងរត់ទៅយកទ្រុងមកស្ពាយទុកសម្រាប់ដាក់កង្កែប។

តាមផ្លូវចេញពីផ្ទះទៅ តាម៉ោលនិយាយព្រោកប្រាជ្ញតែម្នាក់ឯងឡើងចង់បែកពពុះមាត់ ខ្ញុំវិញគ្រាន់តែតបជាមួយគាត់មួយម៉ាត់ៗ កុំឱ្យមើលទៅគ្មានសុជីវធម៌ពេក។ ភ្លឺស្រែតូចធំ ពួកយើងដើរឆ្លងកាត់បានយ៉ាងងាយស្រួលដោយសារអំពូលធម្មជាតិពីព្រះចន្ទ។

អែបៗ អោបៗៗ អែបៗៗ…

សត្វកង្កែបនៅតែបន្តយំបណ្ដាក់គ្នា ហាក់ដូចជាគ្មានដឹងការណ៍បន្តិចសោះ។ រាល់ពេលដែលវាស្រែកយំ ជីវិតរបស់វាត្រូវបានរងការគំរាមកំហែងទៅហើយ។ ដើរនិយាយគ្នាបណ្ដើរ ចាប់កង្កែបបណ្ដើរ ខ្ញុំសឹងតែវង្វេងមិនដឹងថាខ្លួនឯងដើរមកដល់ទីណាហើយទេ បើកុំតែឃើញដើមចំបក់មួយដើមឈរជ្រងោនៅចំមុខផ្លូវនៅចម្ងាយប្រហែលជាងមួយរយម៉ែត្រពីទីដែលយើងឈរនៅ។

អារម្មណ៍មិនស្រួលពីក្នុងខួរក្បាល បានបញ្ជាឱ្យជើងរបស់ខ្ញុំឈប់ដើរទៅមុខមួយរំពេច។ ធ្លាប់ឮចាស់ៗនិយាយគ្នាថាឱ្យតែមានដើមឈើធំៗ ដឹងតែមានអ្នកនៅ… អាចជាអ្នកថែរក្សា ក៏អាចជាវិញ្ញាណដែលមិនអាចទៅចាប់ជាតិបាន។

គិតដល់ត្រង់នេះ ខ្ញុំចង់ឈានជើងបែរក្រោយទៅវិញម្ដងៗ តែទាស់ត្រង់ថាតាម៉ោលនៅតែបន្តដំណើរទៅមុខឥតឈប់។ ប្រហែលជាដើរបានម្ភៃជំហានពីខ្ញុំ  គាត់ស្រាប់តែឈប់ទ្រឹង ហើយចាប់ផ្ដើមកាច់ក្បាលរបស់គាត់ម្ដងទៅឆ្វេងម្ដងទៅស្ដាំក្រឹកៗ ដូចមនុស្សត្រូវខ្មោចចូលក្នុងកុនដែលខ្ញុំធ្លាប់មើល។

ចិត្តរបស់ខ្ញុំប្រាប់ថាមានអ្វីមិនប្រក្រតីកំពុងកើតឡើងលើគាត់ហើយ។

ខ្ញុំលើកពិលដែលមុននេះឈួលនៅលើដី ឱ្យរំកិលពន្លឺទៅរកក្បាលរបស់គាត់ ដើម្បីឱ្យខ្ញុំអាចមើលឃើញបានកាន់តែច្បាស់។ ដៃរបស់ខ្ញុំចាប់ផ្ដើមញ័រ ចំណែកបេះដូងលោតបោកញាប់ៗដូចម៉ាស៊ីនដេរ សោតឯដង្ហើមក៏សឹងលែងចង់ដក ប្រឹងទប់ខ្លាចក្រែងរបូតចេញមកក្រៅអស់។

ឈឹប!

ក្បាលរបស់បុរសចំណាស់នេះចាប់ផ្ដើមបែរក្រោយយឺតៗ។ ខ្ញុំលេបទឹកមាត់មួយក្អឹកយ៉ាងពិបាក។

ភ្នែករបស់គាត់បើកធំៗ អណ្ដាតលានធ្លាក់ចេញពីមាត់។

ហ៎ា!!!

ខ្ញុំធ្លាក់ពិលពីដៃ ហើយដួលអុកគូទទៅលើដី ស្រែកសឹងបែកសំឡេង។

«ហាហាហា!!!» តាម៉ោលសើចរលាក់ខ្លាំងៗ រហូតត្រូវយកដៃទប់ពោះ ហើយយកពិលបញ្ចាំងមកមុខខ្ញុំ។

តាមពិតខ្ញុំកំពុងចាញ់បោកតាម៉ោលសោះ។ មិននឹកស្មានថាគាត់លេងមួយក្បាច់នេះ ប៊ិះតែធ្វើឱ្យខ្ញុំបាក់ចង្កេះ។ ខឹងគាត់ពេកខ្ញុំខ្ជិលតប ហើយក្រោកឡើងបោសខោខ្វាច់ៗ។

អែបៗ អោបៗ…

«យប់នេះដឹងតែគ្រប់ទឹកហើយអ្ហា៎!» តាម៉ោលនិយាយ។

ខ្ញុំទើបតែចាប់អារម្មណ៍ថានៅម្ដុំនេះ កង្កែបយំឮសូរទ្រហ៊ឹងអឺងកងជាងកន្លែងផ្សេងៗដែលយើងបានដើរកាត់។ យើងលែងនិយាយគ្នាតទៀត ហើយក៏នាំគ្នាដើរចាប់សត្វវិញម្ដង។ ពន្លឺពិលភ្លឺចាំងឆ្វេចឆ្វាចម្ដងត្រង់នេះ ម្ដងត្រង់នោះ។

បានបន្តិចតាម៉ោលស្រាប់តែមកកេះខ្ញុំ ហើយបូញមាត់ទៅខាងមុខប្រហែលជាមួយរយម៉ែត្រ។

«ដូចជាមានមនុស្ស!» គាត់និយាយខ្លី។

ខ្ញុំប្រឹងធ្វើភ្នែកព្រឹមៗសម្លឹងឆ្ពោះទៅគោលដៅដែលគាត់បានបង្ហាញ។

«មានមនុស្សមែនតើតា! មើលទៅដូចជាមនុស្សស្រីទៀតផង!»

«មែនក៏អីអ្ហ៎ា? ភ្នែកអញដូចជាមើលមិនសូវច្បាស់សោះ! យី ហើយកូនចៅពីណាគេវ៉ី ថ្មើរណេះហើយឱ្យកូនស្រីមកចាប់កង្កែបតែឯងទៀត!»

ឮគាត់ពោលដូចនេះ ខួរក្បាលខ្ញុំស្រាប់តែនឹកដល់រឿងមិនល្អទៀតហើយ។ មនុស្សស្រីឯណាមកចាប់កង្កែបម្នាក់ឯងអ៊ីចឹង? អត់ខ្លាចទេអី? ណាមួយស្ងាត់ក៏ស្ងាត់ទៀត សូម្បីខ្ញុំជាមនុស្សប្រុសផងនៅតែរអា។

មិនឮខ្ញុំនិយាយអី គាត់ក៏ពោលបន្ត៖

«មើលប្រាប់អញឱ្យត្រង់! ឯងធំកំលោះស្ដូកប៉ុណ្ណេះហើយ ដែលធ្លាប់ស៊ីកង្កែបក្រាំងអត់អ្ហា?»

«កង្កែបក្រាំងអីទៅតា៎? ខ្ញុំមិនដែលទេ ធ្លាប់ហូបតែកង្កែបបោប!»

ឮខ្ញុំតបដូចនេះ តាម៉ោលសើចខឹកដូចហួសចិត្ត ហើយយកដៃមកវាយក្បាលខ្ញុំផូស។

«អានេះវ៉ី! អ្ហែងល្ងង់មែន ឬក៏ធ្វើភ្លើទេ បានជាមិនស្គាល់កង្កែបក្រាំង?»

តាមពិតទៅមិនមែនខ្ញុំមិនដឹងថាគាត់ចង់និយាយពីអីទេ ប៉ុន្តែខ្ញុំដូចជាអៀនមាត់។ តាំងពីធំដឹងក្ដីមក ក្រៅពីម៉ែ មនុស្សស្រីម្នាក់ដែលខ្ញុំស្រឡាញ់មានតែស្រីណីម្នាក់គត់។ ម្ដាយរបស់ខ្ញុំកាចណាស់ ហើយឪពុករបស់ស្រីណីក៏មិនណយដែរ… សូម្បីតែពាក្យថា «ស្រឡាញ់» ក៏ខ្ញុំមិនទាំងដែលហ៊ានសារភាពប្រាប់នាងតាមត្រង់ផង ដូច្នេះរឿងខូចខិលអីអស់ហ្នឹងខ្ញុំមិនដែលធ្លាប់ទាល់តែសោះ។

«មិនធ្លាប់ទេតា! តាក៏ដឹងថាខ្ញុំស្រឡាញ់អាស្រីណីចិត្តនិងចិត្ត!»

«អើ! អាល័យតែចិត្តនិងចិត្តហ្នឹងហើយ តិចគេឆក់បាត់!»

ខ្ញុំចាំពាក្យរបស់ម្ដាយខ្ញុំធ្លាប់និយាយប្រាប់ខ្ញុំញយៗ។ គាត់ប្រាប់ថា «មនុស្សស្រីមិនមែនមើលមិនដឹងថាគេស្រឡាញ់នាងឬអត់ទេ តែដែលនាងមិនបញ្ចេញ ព្រោះនាងចាំសង្កេតមើលថាតើមនុស្សប្រុសម្នាក់នោះអាចឱ្យនាងសង្ឃឹមផ្ញើវាសនាជាមួយបាន

ឬអត់?»។

មាត់នៅតែនិយាយរកខ្ញុំ តែពេលនេះភ្នែករបស់គាត់លែងផ្ដោតមកចាប់អារម្មណ៍ជាមួយខ្ញុំទៀតហើយ៖

«​ដើរជាមួយអញសំណាងហើយឯង! ចាំអញចែកឯងភ្លក់ម្ដង ឱ្យដឹងថារសជាតិកង្កែបវាខុសពីប្រើដៃប៉ុនណា!»

ថាហើយគាត់ក៏ញញឹមទាំងកំហិល។

កាន់តែនិយាយកាន់តែលង់ជ្រៅទៅក្នុងការគិតស្រើបស្រាល។ ខ្ញុំដឹងថាមនុស្សស្រីមិនចូលចិត្តមនុស្សប្រុសដែលមាត់និយាយថាស្រឡាញ់នាង តែក្រោយខ្នងបែរជាប្រព្រឹត្តរឿងអនាចារ ខុសសីលធម៌ជាមួយមនុស្សស្រីដទៃទេ… ហើយស្រីណីក៏ដូចគ្នា…ខ្ញុំជឿបែបនេះ!

«ខ្ញុំមិនទៅទេតា! នៅនេះកង្កែបច្រើនសឹងអីហើយ! ម៉្យាងខ្ញុំក៏មិនចង់ឱ្យស្រីណីខកចិត្តដោយសារខ្ញុំដែរ!»

ខ្ញុំសម្រេចកាត់ផ្ដាច់ឃ្លាសន្ទនាដែលនាំឱ្យរវើរវាយត្រឹមនេះ។

«អើ! តាមតែឯងទៅ កុំថាអញបានឆ្ងាញ់មាត់ មិនបានបបួលវ៉ើយ!»

«ហើយតាឯងប្រុងទៅចោលខ្ញុំ?»

«កង្កែបនេះអញស៊ីរាល់ថ្ងៃ ទ្រលាន់ហើយ ចង់ដូររសជាតិម្ដង… ខានស៊ីយូរ ជូរមាត់ណាស់!»

ខ្ញុំព្យាយាមលួងលោមគាត់ កុំឱ្យគាត់រត់ចោល៖

«តាឯងមិនឆ្ងល់ទេ? មនុស្សស្រីឯណាមកចាប់កង្កែបយប់ថ្មើរណេះតែម្នាក់ឯង? ខ្ញុំខ្លាចក្រែងតែជា ណែ៎… ណែ…!»

«ឆ្ងល់អី! អញចួបតែញយហ្នឹង ខ្លះដោយសារគ្នាត្រូវការលុយ ហើយខ្លះទៀតក៏ដោយសារចង់រកគ្នាដែរ! អានេះចេះខ្លាចទៅកើត! បើថាមិនទៅទេ ឯងនៅទីនេះហើយ ចាំរួចរាល់ចាំអញមកវិញ!»

ថាហើយគាត់ក៏រលាស់ខ្លួនដើរភឹលចេញទាំងដំណើរអ៊ិកអ៊ាក់ ទៅរកស្រមោលមនុស្សស្រីដែលកំពុងឱនងើបៗមិនឆ្ងាយប៉ុន្មានពីដើមចំបក់មួយដើមធំនោះ។ ខ្ញុំតាមមើលគាត់មិនដាក់ភ្នែក ព្រោះក្នុងអារម្មណ៍ចេះតែគិតថាដូចមិនសូវស្រួលៗ។

មួយស្របក់ក៏ឃើញគាត់ដើរទៅដល់កន្លែងដែលមនុស្សស្រីនោះកំពុងឈរ ហើយនិយាយឆ្ការដៃឆ្ការជើងជាមួយគ្នា ទើបខ្ញុំលែងសូវបារម្ភ ហើយក៏ដើរទៅមុខយឺតៗដើម្បីរកចាប់កង្កែបបន្តទៀត។

បានមួយសន្ទុះក្រោយមក ពោះខ្ញុំស្រាប់តែកូរគ្រូកៗ ដូចចង់បត់ជើងធំ។ ដោយទ្រាំមិនបាន ខ្ញុំក៏ប្រញាប់រកកន្លែងគួរសមបន្តិចដើម្បីបន្ធូរអាហារចាស់ឱ្យចេញមក។

«ឱ! អ្នកតាម្ចាស់ទឹកម្ចាស់ដីអើយ កូនចៅរាន់ហើយទប់មិនជាប់ទេ! កុំយកទោសយកពៃរ៍កូនចៅអី!» ខ្ញុំនិយាយផង យកដៃសំពះសុំម្ចាស់ទឹកដីដើម្បីដោះទ័លមួយគ្រា។

ទើបតែដាក់គូទអង្គុយពឹប ស្រាប់តែធ្លាក់ខ្យល់ត្រជាក់មួយវឹងកាត់មុខ។ ខ្ញុំមានអារម្មណ៍ថាមានអ្វីមួយកំពុងមានចលនានៅពីក្រោយខ្នង។ ខ្ញុំបិទភ្នែកលួងចិត្តខ្លួនឯងថាគ្មានអ្វីទេ តែគ្មានបានការ ព្រោះថាមិនត្រឹមតែមានអារម្មណ៍ ខ្ញុំថែមទាំងបានឮសូរសំឡេងស្រឹបៗជាន់ពីលើស្លឹកឈើស្ងួតៗ ស្រាលៗ កំពុងរំកិលមកជិតខ្ញុំ។

ខ្ញុំព្យាយាមតាំងចិត្តខ្លួនឯងឱ្យរឹងមាំបន្តិច ហើយងាកក្រោយវឹប…

ទទេ! គ្មានអ្វីទាំងអស់!

តាមពិតមុននេះគឺជាសំឡេងពេលដែលកង្កែបវាលោតបុកទ្រុងសោះ។ ហ៊ើយ! មនុស្សកំពុងតែមានក្ដីសុខ មកកាត់ចង្វាក់អស់!

ខ្ញុំងាកមើលឆ្វេងស្ដាំឃើញស្លឹកឈើធំល្មមក៏យកមកប្រើការ ហើយក្រោកឡើងលើកខោស្លៀកស្រួលបួល បម្រុងចេញមកវិញ ស្រាប់តែចាប់ភ្លឹកឃើញថាកន្លែងដែលតាម៉ោលនិងស្រីម្នាក់នោះឈរចាប់កង្កែបមុននេះ ពុំឃើញមានមនុស្សណាម្នាក់នៅទីនោះទៀតទេ។ ចួនជាទេសកាលស្ងាត់ជ្រងំផង ខ្ញុំរលះរលាំងដើរស្ពាយទ្រុងកង្កែបតត្រុកទៅមុខ រកមើលក្រែងឃើញស្រមោលរបស់គាត់។

នៅសល់ប្រហែលជាដប់ម៉ែត្រទៀត នឹងទៅដល់ដើមចំបក់ធំដ៏គួរឱ្យខ្លាចនោះ។ ខ្ញុំលែងហ៊ានដើរទៅមុខព្រោះខ្លាច។ ភាពស្ងប់ស្ងាត់បណ្ដាលឱ្យខ្ញុំបានឮសូរសំឡេងសើតសតរបស់មនុស្សស្រីប្រុស បន្តបណ្ដាក់គ្នាឥតឈប់។ ទោះបីខ្ញុំមិនធ្លាប់ដែលបានចូលប្រឡូកក្នុងផ្លូវស្នេហាមនុស្សធំ ប៉ុន្តែខ្ញុំធំល្មមនឹងអាចយល់បានថាសំឡេងទាំងនេះគឺបង្កើតឡើងព្រោះតែសេចក្ដីស្រេកឃ្លាននៃកាមតណ្ហារវាងមនុស្សប្រុសស្រី។

ខ្ញុំរាងធូរចិត្តមកវិញ ព្រោះហោចណាស់ក៏តាម៉ោលមិនបានរត់ទៅសំងំក្រេបយកក្ដីសុខពីឋានសួគ៌ក្រោមមេឃ ហើយទុកខ្ញុំចោលនៅកណ្ដាលវាលគោកចំបក់តែម្នាក់ឯងដែរ។ ដោយទម្លាក់ចោលនូវភាពភ័យខ្លាចសឹងពេញកន្លះរាត្រី ខ្ញុំក៏ដាក់ខ្លួនអង្គុយផ្អែកទៅនឹងក្រោមដើមឈើធំចង្គ្រាង ម្ខាងម្នាក់ពីទីដែលតាម៉ោលកំពុងបើកប្រតិបត្តិការ។

កំពុងលង់ស្លុងទៅនឹងស្នូរតន្ត្រីនៃកាមារម្មណ៍ ចិត្តខ្ញុំស្រាប់តែនឹកភ្នកទៅដល់ស្រីណី។ រូបរាងកាយចេះតែរសាប់រសល់ ឡើងកម្ដៅភាយៗ ស្រមៃថាបើពេលនេះសូរសៀងដែលខ្ញុំឮជាកម្មសិទ្ធិរបស់ខ្ញុំនឹងនាងវិញ មិនដឹងជាខ្ញុំមានក្ដីសុខប៉ុនណាទេ!

មុខមូលដូចពងក្រពើ សំឡេងស្រាលស្រទន់ផ្អែមដូចទឹកឃ្មុំខែចេត្រ ក្លិនខ្លួនក្រអូបដិតជាប់នឹងច្រមុះពេលដែលនាងដើរកាត់ម្ដងៗ ទ្រូងពើងមូលក្លំ សមនឹងត្រកៀកដ៏មានមន្តស្នេហ៍…នាងស្អាត ស្លូតបូត សុភាពរាបសារម្លឹងៗ ខ្ញុំឯណាដែលមានបេះដូងទំនេរសម្រាប់ចែកឱ្យមនុស្សស្រីដទៃទៅ។

ខ្ញុំរវើរវាយឡើងចង់រមួលខ្លួន ចំណែកសំឡេងតាម៉ោលនិងមនុស្សស្រីម្នាក់នោះរឹតតែបន្លឺដាស់អារម្មណ៍ខ្ញុំខ្លាំងឡើងៗ ឥតមានក្រែងចិត្តសត្វរាត្រីចរ ឬរុក្ខារក្សដែលនៅយាមគ្រប់គ្រងទីនេះសោះ។

ទោះចង់ឬមិនចង់ ស្នូរដង្ហើមខ្លីៗ ញាប់ៗ សឹងៗផុតម្ដងៗ រុញច្រានចិត្តខ្ញុំឱ្យពុះកញ្ជ្រោលចង់ដឹង ចង់ឃើញផ្ទាល់នឹងភ្នែកថាតើភាពសុខស្រួលក្នុងផ្លូវស្នេហាដែលមនុស្សគ្រប់គ្នាប៉ងប្រាថ្នា វាអស្ចារ្យប៉ុនណាទៅ?

ខ្ញុំលបៗ បែរខ្លួនទៅមើលឈុតឆាកប្រយុទ្ធក្ដៅគគុក…

តាម៉ោលកន្ធាត់ ដែលពេលនេះឥតមានខោអាវមួយសោះនៅនឹងខ្លួន បាននឹងកំពុងថើបជញ្ជក់បបូរមាត់ មនុស្សស្រីម្នាក់ដែលខ្ញុំមើលមុខមិនច្បាស់ ព្រោះដោយសារសក់វែងអន្លាយរបស់នាងផាត់ផាយមកបាំង។ ក្រោយពេលវាយលុកផ្នែកខាងលើបានសម្រេច គាត់ក៏បន្តប្រើមាត់ដ៏ជំនាញរបស់គាត់បង្អូសចុះក្រោមដើម្បីគ្រប់គ្រងរាងកាយតូចស្រឡូនរបស់នាងទាំងមូល។

សំឡេងថ្ងួចថ្ងូរយ៉ាងរោលរាលចេញពីមាត់ខាងស្រី ធ្វើឱ្យខ្ញុំឡើងក្ដៅខ្លួនគគុក ដូចមនុស្សគ្រុនផ្ដាសាយធំ។ ទប់ទល់លែងចង់បាន ខ្ញុំក៏សម្រេចថាត្រូវងាកមុខចេញលែងហ៊ានមើលបន្តទៀត។

ដៃរបស់ខ្ញុំឡើងព្រឺសម្បុរគីង្គក់ រោមបះខ្ញាកៗ ប្រដេញរហូតព្រឺដល់ឆ្អឹងខ្នង។ ខ្ញុំដកដង្ហើមវែងៗចេញចូល ដើម្បីបន្ធូរអារម្មណ៍ ហើយប្រឹងសំងំបិទភ្នែកដេក។

បានប្រហែលប្រាំនាទី ច្រមុះរបស់ខ្ញុំស្រាប់តែធុំក្លិនស្អុយអ្វីមួយភាយឡើងឆួល រហូតខ្ញុំត្រូវយកដៃមកបិទខ្ទប់។ ខ្ញុំក្រោកអង្គុយមានអារម្មណ៍ថាអ្វីៗហាក់ដូចជាមិនប្រក្រតី។ ម៉េចក៏ស្ដាប់ទៅមានអារម្មណ៍ថាសំឡេងមនុស្សស្រីដែលនៅម្ខាងនៃដើមឈើនេះកាន់តែបង្អូសវែងទៅៗ គួរឱ្យស្រៀវឆ្អឹងខ្នងបែបនេះ?

អត់មិនបាន ខ្ញុំក៏លួចអើតទៅមើលម្ដងទៀត​…

រូបភាពនៅនឹងមុខម្ដងនេះធ្វើឱ្យខ្ញុំរន្ធត់ តក់ស្លុត និយាយអ្វីលែងចេញ… នារីម្នាក់នោះដែលតាម៉ោលកំពុងរួមមេត្រីជាមួយ ស្រាប់តែប្រែជាមានរូបរាងអាក្រក់ គួរ​ឱ្យខ្លាច គួរឱ្យខ្ពើមរអើម។

ពន្លឺពីព្រះចន្ទបានបង្ហាញឱ្យឃើញថា នៅលើមុខរបស់នាងមានសុទ្ធតែស្នាមដំបៅរលេះរលួយស្មោគគ្រោក។ លើរាងកាយរបស់នាង កន្លែងដែលខ្ញុំបានឃើញតាម៉ោលផ្ញើស្នាមថើបទុកនោះ ក៏ប្រែជាចេញឈាមផង ហើយមានសត្វល្អិតរវើកៗដូចជាដង្កូវផងជ្រុះរាត់រាយមកលើដី។

តាមពិតស្ត្រីម្នាក់នោះមិនមែនជាមនុស្សទេ!

ខ្លួនប្រាណខ្ញុំគាំងអស់ហើយ សូម្បីសំឡេងមួយម៉ាត់ណាក៏ខ្ញុំមិនអាចស្រែកចេញដែរ។ មើលទៅតាម៉ោលដូចជាពុំបានដឹងខ្លួនទេ! គាត់នៅតែបន្តឱបក្រសោប ថែថើបយ៉ាងឈ្មុសឈ្មុលពីលើដងខ្លួនដ៏សែនអបលក្ខណ៍ ដោយឥតមានញញើតខ្លួនបន្តិចណាសោះ។

រំពេចនោះភ្នែករបស់នាងខ្មោចព្រាយនោះបែរមកសម្លក់ខ្ញុំថ្មែរ  ហាក់ដូចចង់ប្រាប់ថាខ្ញុំនេះកំពុងតែរំខានក្ដីសុខរបស់នាង។ ដោយស្លុតស្លន់ស្មារតីពេក ខ្ញុំក៏សន្លប់បាត់ លែងដឹងថាមានរឿងរ៉ាវអ្វីកើតឡើងបន្តទៀតដែរ។

ខ្ញុំភ្ញាក់ដឹងខ្លួនម្ដងទៀត ស្រាប់តែឃើញខ្លួនឯងដេកនៅផ្ទះខ្ទមបាំងស្លឹកត្នោតវិញ។ មិនដឹងជាម៉ោងប៉ុន្មានហើយទេ តែប្រហែលជាពេលរសៀលហើយ ព្រោះបានឃើញពន្លឺថ្ងៃចាំងមកពីទិសខាងត្បូងឆៀងខាងលិច។ ខ្ញុំរាងធូរទ្រូងពេលដែលដឹងថាខ្លួនឯងនៅរស់ បន្ទាប់ពីបានចួបហេតុការណ៍គួរឱ្យរន្ធត់កាលពីយប់។

តែម៉េចក៏ខ្ញុំមានអារម្មណ៍ថាអស់កម្លាំងម៉្លេះ? ចង់ងើបក៏ងើបមិនរួច ហើយក្បាលឈឺខ្ទោកៗដូចគេយកដែកគោលមកដំលើ។

ស្នូរជើងឡើងជណ្ដើរ…

ខ្ញុំឃើញម៉ែបើកទ្វារចូលមក… ប្រហែលជាល្ងាចណាស់ហើយ ទើបបានគាត់ត្រលប់មកដល់ផ្ទះវិញ!

«ម៉ែ!» ខ្ញុំហៅគាត់បានតែមួយម៉ាត់ ព្រោះសូម្បីមាត់ក៏ខ្ញុំគ្មានកម្លាំងបញ្ជាដែរ។

«ភ្ញាក់ហើយអ្ហី? ម៏! ក្រោកមកហូបបបរ នឹងអាលបានលេបថ្នាំ!»

«ម៉ែ! យប់មិញ…» ខ្ញុំរៀបនឹងប្រាប់គាត់នូវរឿងរ៉ាវកាលពីយប់ ប៉ុន្តែមិនដឹងគួរនិយាយពីណាទៅមុន។

«ម៉ែដឹងហើយ! តាម៉ោលប្រាប់ម៉ែរួចអស់ហើយ!»

តាម៉ោលប្រាប់? ខ្ញុំនឹកឆ្ងល់ថាតាម៉ោលបានដឹងរឿងថាស្រីនោះជាខ្មោចព្រាយហើយ ឬគាត់ប្រាប់ម៉ែពីរឿងអីផ្សេង?

«គាត់ប្រាប់ម៉ែថាម៉េច?»

«គាត់ផ្ដាំម៉ែថាកុំឱ្យបន្ទោស! គាត់ជាអ្នកបបួលកូនឯងទៅឆ្លុះកង្កែប ហើយត្រូវទឹកសន្សើម រហូតទៅជាគ្រុនផ្ដាសាយបែបនេះ!» ម៉ែថាហើយក៏ញញឹម។

ខ្ញុំនៅភាំងនឹងអ្វីដែលម៉ែប្រាប់បន្តិច។ ម៉ែក៏ពោលបន្ត៖

«កង្កែបកូនឯងចាប់បានយប់មិញ ធំៗល្អណាស់ ម៉ែប្រស់ទឹករួចហើយ! ចាំស្អែកចាំយកទៅលក់!»

កែវភ្នែកធំៗរបស់ស្ត្រីចម្លែកនៅគោកចំបក់យប់មិញស្រាប់តែដិតដាមឡើងមកមួយរំពេច។ ខ្ញុំប្រញាប់ឃាត់ម៉ែ៖

«កុំអីម៉ែ! កុំលក់អី!»

ម៉ែធ្វើមុខឆ្ងល់ ហើយសួរ៖

«ម៉េចបានមិនឱ្យលក់?»

«អឺ… អឺ…» ខ្ញុំស្ទាក់ស្ទើររកនឹកកុហកគាត់យ៉ាងម៉េចកុំឱ្យគាត់សង្ស័យ។

«គឺយប់មិញខ្ញុំដេកយល់សប្តិថាមានគេមកយំសុំកង្កែបហ្នឹងទៅវិញ! ប្រហែលជាកូនចៅរបស់គេទេដឹងម៉ែ?»

ម៉ែមិនតប តែធ្វើមុខហាក់ដូចជាកំពុងរិះគិត។ តាមថាមិនពិបាកក្នុងការកុហកគាត់ទេ ព្រោះម៉ែជាអ្នកដែលជឿស៊ុបលើរឿងអបិយជំនឿបែបនេះ។ ពេលឃើញខ្ញុំធ្វើមុខដូចជាប្រាកដប្រជាមក ទើបគាត់សន្យាថានឹងលែងកង្កែបនោះវិញ ហើយងើបទៅចាប់ធូបប៉ុន្មានសរសៃយកមកអុជ និយាយបែរបន់អ្វីទេមុននឹងយកទៅដោតនៅសសរកន្លោង។

ឲចាប់តាំងពីហូបបបរល្ងាចនោះរួចមក ខ្ញុំក៏ចាប់ផ្ដើមរវើរវាយ គ្រុនសន្ធំ ក្ដៅខ្លួនសឹងបាត់បង់ស្មារតីម្ដងៗ ទម្រាំតែយប់រំលងអធ្រាត្រជិតភ្លឺ ទើបបើកភ្នែកឃើញម៉ែកំពុងជូតខ្លួនឱ្យ។

ខ្ញុំប្រឹងហាមាត់និយាយទាំងលំបាក៖

«ម៉ែសម្រាន្តទៅ ខ្ញុំបានធូរហើយ!»

ម៉ែយកដៃមកអង្អែលសក់ខ្ញុំ ថែមទាំងញញឹមទាំងភ្នែករលីងរលោង។ ខ្ញុំរៀបនឹងបិទភ្នែកដេកទៅវិញហើយ ស្រាប់តែឮពាក្យសម្ដីចេញពីមាត់ម៉ែ ដែលធ្វើឱ្យខ្ញុំដេកលែងលក់។

«កាលពីម៉ោងប្រាំបីយប់មិញ តាម៉ោលបានមកសួរនាំ ហើយគាត់ថាទៅរកចាប់កង្កែបទៀត ម៉ែក៏ផ្ញើឱ្យយកកង្កែបដែលកូនឯងចាប់បាននោះទៅលែងឱ្យផង ព្រោះជាសត្វមានម្ចាស់! ម៉ែខំប្រាប់គាត់ដែរ តែគាត់សើចហាក់ដូចមិនជឿ! តែចម្លែកណាស់មិនដឹងជាគាត់ទើបមកពីណាពីណីទេ បានជាខ្លួនស្អុយគគ្រុក ម៉ែស្ទើរទ្រាំមិនបាន!»

ខ្ញុំបញ្ឈរភ្នែកវាស់ព្រឹក ព្រោះឱ្យតែបិទពេលណា ដង្កូវតូចៗ រវើកៗ ហាក់នៅជាប់នឹងកែវភ្នែក គួរឱ្យចង់ក្អួត។ ចិត្តមួយទៀតនឹកបារម្ភពីតាម៉ោល! តាមមើលគាត់ប្រហែលជាទៅចួបព្រាយនៅគោកចំបក់នោះទៀតហើយ… តើគាត់អាចនឹងចួបរឿងអីឬអត់? ហើយតើខ្ញុំគួរនិយាយរឿងនេះប្រាប់នរណា?

ដល់អីចឹងទោះអត់មានអ្នកប្រាប់ក៏ខ្ញុំដឹងថាភ្នែកខ្ញុំវាស្លេកស្លក់អស់ដែរ។

ថ្ងៃរះឡើងម្ដងទៀត ចាំងតាមប្រលោះស្លឹកចាក់ដល់ភ្នែកខ្ញុំរហូតដល់ស្រវាំង ទើបខ្ញុំប្រើកម្លាំងដែលសល់តិចតួចនោះទាញផួយមកដណ្ដប់ដល់លើក្បាល។ បន្តិចក្រោយមកឮសូរមាត់មនុស្សប្រុសម្នាក់ស្រីពីរ-បីនាក់ និយាយគ្នារកុះៗនៅខាងក្រៅមុខផ្ទះ។ ក្នុងនោះ មានសំឡេងមនុស្សស្រីម្នាក់ដែលខ្ញុំចាំបាន! នាងជាមនុស្សស្រីដែលខ្ញុំតែងតែចង់ចួបមុខរាល់ថ្ងៃ។

ក្នុងខ្លួនហាក់ដូចជាមានកម្លាំងព្រឺសមកវិញបន្តិច។ ខ្ញុំទាញផួយដែលគ្របក្បាលមុននេះចេញ ហើយយកដៃមកវែកសក់ក្បាលដែលនៅស៊ើងម៉ើងឱ្យរៀបរយមកវិញខ្លះ ព្រោះខ្ញុំមិនចង់ឱ្យស្រីណីឃើញខ្ញុំនៅក្នុងសភាពបែបនេះទេ។ គ្រាន់តែដៃប៉ះសក់ភ្លាម សរសៃស្ដើងៗតូចៗស្អិតជាប់ដៃរបស់ខ្ញុំសឹងតែមួយក្ដាប់។

មិនអាចទេ! នេះខ្ញុំភ័យខ្លាចខ្មោចឡើងជ្រុះសក់? មិនអាចឱ្យពួកគាត់ឃើញទេ។ ខ្ញុំប្រញាប់ប្រមូលសក់ទាំងនោះលាក់ក្រោមខ្នើយ។

ទើបតែរៀបចំរួច ស្នូរជើងទឹបៗឡើងជណ្ដើរផ្ទះបន្តគ្នា។ អ្នកដែលចូលមកមុនគេគឺជាម៉ែ បន្ទាប់មកគឺស្រីណី ហើយអ្នកដែលដើរឡើងមកតាមក្រោយគឺជាជីតារបស់ខ្ញុំ។ គាត់មិនដែលចោលទម្លាប់ពាក់អាវស និងខោចែវពណ៌ខ្មៅរបស់គាត់ឡើយ។

ទោះបីគាត់អាយុច្រើនហើយក៏ដោយ ប៉ុន្តែកម្លាំងគាត់មើលទៅនៅតែមាំទាំ។ យូរគ្រាន់ហើយដែលខ្ញុំមិនដែលបានចួបគាត់ ព្រោះគាត់ដើរត្រាច់ចរម្ដងទៅនេះ ម្ដងទៅនោះ ដើម្បីតាមបម្រើលោកធុត្ដុងរកកន្លែងសុំសីល តាំងសមាធិចម្រើនកម្មដ្ឋានអីទេ ខ្ញុំមិនសូវដឹង!

អ្នកទាំងបីដើរចូលមកដាក់បង្គុយជិតខ្ញុំ។ ខ្ញុំមើលមុខស្រីណី ឃើញនាងក៏កំពុងញញឹមស្ងួតសម្លឹងមើលមកខ្ញុំវិញដែរ។ ស្នាមញញឹមមួយនេះហើយ ដែលជួយទប់អារម្មណ៍របស់ខ្ញុំមិនឱ្យទៅប្រព្រឹត្តរឿងផ្ដេសផ្ដាសកាលពីយប់មិញ។

«មើលទៅវាមិនបានឈឺគ្រុនក្ដៅអីទេ!» តាស្រាប់តែពោលឡើងក្រោយពីបានយកដៃមកស្ទាបក្បាលរបស់ខ្ញុំ។

«ចុះម៉េចបានវាទៅជាឈឺបែបនេះ?» ម៉ែសួរកាត់។

តាមិនទាន់តបភ្លាម គាត់បែរទៅមើលមុខម៉ែ តែភ្នែកបែរជាដៀងមកកាន់ខ្ញុំ។

«ប្រហែលជាវាបានទៅចួប ឬឃើញរបស់ណាមិនល្អហើយ!»

«ហើយធ្វើម៉េចទើបអាចជួយគាត់បាន?» ស្រីណីសួរព្រោះរង់ចាំមិនឮតានិយាយអ្វីទៀត។ មើលទៅនាងបារម្ភពីខ្ញុំណាស់បានជាហ៊ាននិយាយសួរនាំ ទាំងដែលធម្មតានាងមិនសូវដែលនិយាយជាមួយមនុស្សប្លែកមុខ។

ពេលនេះតាបែរមកមើលមុខខ្ញុំចំ ធ្វើឱ្យខ្ញុំរឹងខ្លួន៖

«ទាល់តែរកប្រភពដើមឃើញ ទើបអាចជួយវាបាន!»

គ្រប់គ្នាចោលភ្នែកមើលមកខ្ញុំ ហាក់កំពុងរង់ចាំឱ្យខ្ញុំបកស្រាយប្រាប់ថាមានរឿងអ្វីកើតឡើង។ ស្របពេលនោះតាផ្ទួនពាក្យបន្តទៀត៖

«បើឯងមិននិយាយតាមត្រង់ គ្រប់យ៉ាងអាចនឹងជួយលែងបាន! ឯងមិនមែនគ្រាន់តែយល់សប្តិរឿងចាប់កង្កែបហ្នឹងទេមែនទេ?»

បេះដូងខ្ញុំធ្លាក់ក្ឌុក តាំងតែពីឮប្រយោគដំបូងរបស់តា។ នេះគ្រាន់តែឃើញមុខរបស់ខ្មោចព្រាយនោះ ខ្ញុំឈឺជ្រុះសក់ថ្នាក់នេះ ចុះទម្រាំតែតាម៉ោលដែលបាន… ?!

ខ្ញុំដកដង្ហើមធំ ហើយសម្លឹងមើលទៅមុខម៉ែនិងស្រីណីឆ្លាស់គ្នា។ មាត់របស់ខ្ញុំបើកម្ហបៗទាំងលំបាក៖

«ខ្ញុំសុំនិយាយជាមួយតាតែពីរនាក់!» ព្រោះដោយសារមិនចង់ឱ្យម៉ែបារម្ភ និងខ្មាសអៀនស្រីណីផង ទើបខ្ញុំលើកសំណើនេះឡើង។

ក្រោយពេលម៉ែនិងស្រីណីចេញទៅ ខ្ញុំក៏បានរៀបរាប់ដំណើរដើមហេតុទាំងអស់ប្រាប់តា ព្រមទាំងបង្ហាញសក់ជ្រុះដែលខ្ញុំបានលាក់ទុកក្រោមខ្នើយមុននេះ ហើយសុំឱ្យគាត់ជួយលាក់វាជាអាថ៌កំបាំង។

បន្ទាប់ពីបានស្ដាប់ដឹងរឿងរ៉ាវ តាក៏សន្មត់ថាហេតុដែលខ្ញុំទៅជាបែបនេះ ព្រោះដោយសារការភ័យខ្លាច មិនទាក់ទងនឹងរឿងអំពើអំពាន់ ឬខ្មោចព្រាយធ្វើអ្វីទេ។ គាត់ថាពេលដែលចួបរឿងរន្ធត់ខ្លាំង ព្រលឹងតូចធំរបស់យើង បានចាកចេញពីរាងកាយ ធ្វើឱ្យទៅជាគ្រុនក្ដៅសន្ធំ និងរវើរវាយជាដើម។

«សំណាងហើយដែលចៅឯងពុំមានគំនិតអាក្រក់ ឬចង់បៀតបៀនគេ មិនអ៊ីចឹងទេចៅអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត! ឥឡូវមិនអីទេ​ ចាំតារកចាស់ៗមកធ្វើពិធីហៅព្រលឹងឱ្យ!»

«ចុះតាម៉ោលនោះតា?» មាត់ខ្ញុំនិយាយទាំងស្អកស្អា។

ខ្ញុំនៅតែនឹកអាណិតដល់តាម៉ោល ទោះបីគាត់ហាក់ដូចជារាងល្មោភរឿងកាមកិលេសអីអស់ហ្នឹងបន្តិចមែន ប៉ុន្តែគាត់ជាមនុស្សល្អ ចេះជួយទុក្ខធុរៈអ្នកភូមិជិតខាង។

តាអង្គុយរាប់ដៃ ហើយគិតរាងយូរបន្តិចមុននឹងតប៖

«រឿងរបស់អាម៉ោលវារាងធ្ងន់ធ្ងរបន្តិច តាមិនចេះទេ! តែតាស្គាល់អ្នកសច្ចំម្នាក់ ឮពូកែរឿងខាងហ្នឹង ចាំតាសាកសួរនាំគេឱ្យ! បើយើងចេះតែធ្វើពិធីឱ្យវាពេលនេះក៏មិនបានផលដែរ ព្រោះស្នេហ៍ព្រាយកំពុងខ្លាំង បើអំណាចរបស់យើងមិនដល់វាទេ អាម៉ោលអាចនឹងស្លាប់ក៏ថាបាន!»

និយាយចប់ តាក៏បានចុះទៅក្រោមហើយនិយាយប្រាប់ម៉ែនិងស្រីណីឱ្យជួយរៀបចំធ្វើពិធីហៅព្រលឹងឱ្យខ្ញុំ។

មួយសន្ទុះក្រោយមកតាឡើងមកលើផ្ទះវិញ ហើយមានកាន់ស្លឹកឫស្សីពីរបីសន្លឹកមកសៀតនឹងជញ្ជាំងសងខាងក្បាលដំណេករបស់ខ្ញុំ រួចបានបន្តិចមានចាស់ទុំក្នុងភូមិដែលខ្ញុំធ្លាប់ស្គាល់ប្រហែលជាជិតដប់នាក់ នាំគ្នាឡើងមកលើខ្ទមចាស់របស់យើង ព្រមទាំងមានកាន់ស្លាធម៌ បាយសីពីរគូមកផង។

ខ្ញុំដេកស្ងៀមហាក់កាន់តែអស់កម្លាំងពីក្នុងខ្លួនរលីង សល់តែភ្នែកមួយគូដែលបើកភ្លឹះៗមើលទៅមនុស្សដែលដើរទៅមកៗលើផ្ទះ។ មិនចាំថាយូរប៉ុនណាទេ ទើបខ្ញុំបានឃើញស្រីណីឡើងមកលើផ្ទះម្ដងទៀតជាមួយបាយសម្លមួយថាស និងមាន់ឆ្កាងមួយផង។

ទាំងភ្នែករលីងរលោង ម៉ែបានដោះជញ្ជៀនកេរ្តិ៍ខ្មោចឪពីដៃ ហុចទៅឱ្យតាយកមកចងទាក់នឹងអំបោះឆៅពណ៌ស ហើយដាក់ពាក់ទៅនឹងជើងពានដែលមានដាក់ទឹកជិតពេញ។ ខ្ញុំស្រាប់តែមានអារម្មណ៍អាណិតម៉ែខ្លោចចិត្ត ពេលដឹងថាគាត់ស្រឡាញ់ និងបារម្ភពីខ្ញុំខ្លាំងប៉ុនណា។

ពិធីប្រព្រឹត្តទៅច្រើនបន្តបន្ទាប់ តែខ្ញុំគ្មានកម្លាំងមើលពួកគាត់រហូតទេ ព្រោះភ្នែករបស់ខ្ញុំចេះតែទន់ទៅៗ តែត្រចៀកនៅស្ដាប់បានពាក្យដែលតាសូត្រដដែលៗ៖

«ព្រលឹងអើយព្រលឹងចៅឆុន ទាំងប្រាំបួនដណ្ដប់ ចូលមកសព្វគ្រប់ក្នុងរូបកាយ កុំនៅក្នុងព្រៃភ្នំ ស៊ីបាយថ្ម សម្លក្រួស!»

គាត់ចេះតែពោលបែបនេះម្ដងហើយម្ដងទៀត ដោយមានចាស់ៗដែលនៅក្នុងផ្ទះក៏ជួយហៅឈ្មោះខ្ញុំបន្ទរតាមពីក្រោយ។

ខ្ញុំដឹងខ្លួនម្ដងទៀត នៅពេលមានអារម្មណ៍ថាមានអ្វីម៉្យាងត្រជាក់ៗស្រក់នៅលើមុខ។ លុះបើកភ្នែកឡើងក៏ឃើញតាកំពុងយកដៃកាន់ខ្សែដែលចងនឹងចិញ្ចៀនសងខាង មកគ្រវាសឱ្យប៉ះលើទឹកដែលនៅក្នុងជើងពានហើយយោលមកលើខ្ញុំ។

ចុងក្រោយគាត់ក៏បានពោលថា៖

«ព្រលឹងទាំងប្រាំបួនដណ្ដប់អើយចូលមកសព្វគ្រប់ ចូលមកនៅក្នុងរូបកាយចៅឆុន កុំនៅក្នុងព្រៃ ខ្លាចសត្វសាហាវ ស៊ីគ្រួស ស៊ីថ្ម មកនៅផ្ទះធំទ្រនំខ្ពស់ រក្សាម៉ែរក្សាឪ!»

ក្រោយពិធីនោះរួច ខ្ញុំហាក់ដូចជាបានធូរស្រាលក្នុងខ្លួន មិនដឹងថាដោយសារមកពីព្រលឹងទាំងប្រាំបួនដណ្ដប់នោះមកចូលខ្លួនខ្ញុំវិញមែន ឬខ្ញុំមានកម្លាំងថាមពលពីក្នុងចិត្ត ដែលបានឃើញមនុស្សជាទីស្រឡាញ់ និងអ្នកភូមិទាំងអស់ស្ទុះស្ទារយកចិត្តទុកដាក់ក្នុងការជួយខ្ញុំ?

ព្រឹកឡើង ខ្ញុំអាចក្រោកពីកន្ទេលបានដោយខ្លួនឯង ហើយដើរយោងអាត្មាចុះទៅដល់ដី។ ម៉ែឃើញខ្ញុំចុះពីផ្ទះបាន គាត់អរណាស់ សើចចេញធ្មេញទាំងក្រាស់ហើយដើរមករកខ្ញុំ។

«ម៉ែ! ខ្ញុំសុំទៅផ្ទះតាម៉ោលបន្តិច!»

«ហើយទៅរកគាត់ធ្វើអី? នេះកូនឯងទើបតែបានធូរ កុំទាន់ចេញដើរអី! ម៉ែមិនឱ្យទៅទេ ចួនជាមានអីៗកើតឡើង ឱ្យម៉ែធ្វើយ៉ាងម៉េច? តាក៏មិននៅទៀត!» គាត់ធ្វើមុខដូចជាខឹងបន្តិច អន់ចិត្តបន្តិចដែលខ្ញុំគ្រាន់តែមានកម្លាំងក៏ស្រាប់តែចង់ទៅរកតាម៉ោល។

ខ្ញុំឆ្ងល់ក៏នឹកសួរពីដំណើររបស់តា៖

«តាទៅណាម៉ែ?»

«ឮថាទៅរកអ្នកសច្ចំបង់បត់ឯណាទេ! សួរគាត់ថាទៅរកធ្វើអី ក៏គាត់មិនប្រាប់!»

ខ្ញុំនឹកឃើញពាក្យសម្ដីដែលតាបានប្រាប់ខ្ញុំកាលពីម្សិល៖

«តាស្គាល់អ្នកសច្ចំម្នាក់ ឮពូកែរឿងខាងហ្នឹង ចាំតាសាកសួរនាំគេឱ្យ! បើយើងចេះតែធ្វើពិធីឱ្យវាពេលនេះក៏មិនបានផលដែរ ព្រោះស្នេហ៍ព្រាយកំពុងខ្លាំង បើអំណាចរបស់យើងមិនដល់វាទេ អាម៉ោលអាចនឹងស្លាប់ក៏ថាបាន!»

ខ្ញុំក៏លែងបង្ខំសុំម៉ែទៅផ្ទះតាម៉ោលទៀត គិតថានៅរង់ចាំទម្រាំតាត្រលប់មកវិញ ក្រែងលោអាចរកវិធីជួយដល់គាត់បាន។

ល្ងាចថ្ងៃដដែល តាក៏បានមកដល់ផ្ទះវិញជាមួយនឹងមនុស្សប្រុសម្នាក់ទៀត ដែលមានវ័យប្រហែលជាខ្ទង់ហាសិបឆ្នាំ តែសក់របស់គាត់ស្កូវសព្រោងពេញក្បាល។ ម៉ែរៀបចំបាយម្ហូបទទួលពួកគាត់ទាំងពីរ តែបុរសចំណូលថ្មីមិនបានខ្វល់ពីរឿងនេះទេ។

«នាំខ្ញុំទៅផ្ទះគេនោះឥឡូវ!»

នេះជាឃ្លាដំបូងដែលខ្ញុំបានឮគាត់និយាយ។ ទឹកមុខរបស់គាត់មើលទៅនឹងធឹងស្មើធេង តែមានអំណាចអ្វីម៉្យាង ធ្វើឱ្យខ្ញុំមិនហ៊ានចុះទៅដីចួបគាត់ផ្ទាល់ បានត្រឹមលួចសម្លឹងមើលពីលើផ្ទះយ៉ាងស្ងៀមស្ងាត់។

«ហៅក្មេងដែលនៅខាងលើមកផង!» គាត់បន្ថែម។

ខ្ញុំភ្ញាក់ខ្លួនព្រើត! ម៉េចបានជាគាត់ដឹងថាខ្ញុំនៅខាងលើផ្ទះ? ឬមួយក៏តាប្រាប់? ទេ! ពួកគាត់ទើបតែមកដល់ភ្លាម តាម៉េចនឹងអាចប្រាកដចិត្តថាខ្ញុំនៅលើផ្ទះទៅ?

«ឆុនអើយ! អើយឆុន! ចុះមកក្រោមមកចៅ លោកតាចង់ចួប!»

តាខ្ញុំបង្កូកហៅតាមពាក្យបញ្ជារបស់លោកតាសក់សនោះ។ ខ្ញុំក៏រៀបចំខ្លួនចុះទៅចួបគាត់។ ពួកយើងក៏នាំគ្នាចេញទៅផ្ទះតាម៉ោលទាំងយប់ ដោយមិនបានហូបអាហារមួយម៉ាត់ ក្រោមក្រសែភ្នែកខ្វល់ខ្វាយពីម្ដាយរបស់ខ្ញុំ។

ពេលដែលទៅដល់ផ្ទះតាម៉ោល ខ្ញុំស្រាប់តែធុំក្លិនស្អុយភាយៗចេញពីក្នុងខ្ទមរបស់គាត់ មកដល់ខាងក្រៅ។ ក្លិនស្អុយគម្រង់ដ៏អសោច រសាត់ចូលតាមច្រមុះរហូតខ្ញុំទប់ពុំបានរត់ទៅក្បែររបងរកកលចង់ក្អួចចង្អោរ។

អួកៗ! អួក!!!!

ខ្ញុំប្រឹងព្រលែងកាកសំណល់ពីក្នុងខ្លួនមកដែរ តែមិនមានចេញអី ទើបក្រោកដើរចេញមកវិញ ក៏ឃើញតានិងលោកគ្រូសច្ចំសក់សនោះរុញទ្វារចូលទៅខាងក្នុង។ ខ្ញុំដើរចូលទៅតាមពីក្រោយ។

ពុទ្ធោអើយ!

តាមពិតទៅក្លិនស្អុយអម្បាញ់មិញនេះ មិនមែនជាក្លិនគម្រង់សត្វទេ តែវាភាយចេញមកពីខ្លួនតាម៉ោលសោះ។ ខ្ញុំយកដៃខ្ទប់ច្រមុះនិងមាត់ក្រោយពីបានឃើញទិដ្ឋភាពដ៏គួរឱ្យសង្វេគនៅនឹងមុខ។

បុរសកន្ធាត់ ដុះក្បាលពោះស្អុយនោះ ដេកស្ដូកស្ដឹងនឹងកន្ទេល។ លើខ្លួនមានដំបៅខ្លះឡើងហើមប៉ោង កន្លែងខ្លះទៀតមានបែកទឹករងៃចេញមកគួរឱ្យខ្ពើមរអើម។

ខ្ញុំស្រាប់តែស្រមៃដល់សភាពបែបនេះនៅលើខ្លួនព្រាយស្រី។ ទោះមិនដូចគ្នាទាំងស្រុង តែខ្ញុំអាចស្មានដឹងថាប្រហែលជាទាំងនេះជាលទ្ធផលដែលគាត់បានរួមមេត្រីនាយប់នោះ។

ពេលឮសូរសម្រិបជើងពួកយើងចូលទៅដល់ តាម៉ោលបើកភ្នែកព្រឹមៗ ហើយលើកដៃមកផ្គុំសំពះ ព្រមទាំងហាមាត់ម្ហបៗនិយាយ៖

«ជួយផង! ជួយខ្ញុំ…!»

គាត់និយាយបានតែត្រឹមនេះ ខ្ញុំដៀងភ្នែកទៅមើលលោកគ្រូតាដែលឈរសម្លឹងមើលទៅជុំវិញបន្ទប់។

«ទៅរកទឹកឱ្យខ្ញុំមួយផ្ដិល!» បុរសសក់សនោះនិយាយកំបុតកំបុយ។

តាក៏ងាកមករកខ្ញុំ។ យល់ការ ខ្ញុំក៏ចេញមកក្រៅយកត្រឡោកដូងដែលធំជាងគេ ដងទឹកពេញល្មមហើយប្រញាប់ចូលមកក្នុងវិញ។

«មើលទៅមានវិធីអីអាចជួយគ្នាបានទេលោកគ្រូ?» តាកំពុងសួរនាំអ្នកសច្ចំ។

ខ្ញុំដើរយកត្រឡោកដែលមានទឹកនោះបណ្ដើរ ត្រចៀកផ្ទៀងស្ដាប់ពួកគាត់ទាំងពីរបណ្ដើរ។

«ឥឡូវនេះខ្ញុំធ្វើពិធីបណ្ដេញភាពស្មោគគ្រោក ខ្មៅងងឹត អពមង្គលចេញពីក្នុងទីនេះសិន! ចាំស្អែកចាំទៅរករបស់របរមករៀបចំសែនសុំព្រលឹងតានេះមកវិញ ព្រោះពេលនេះព្រលឹងធំៗរបស់គាត់ត្រូវបានគេគ្រប់គ្រងបាត់ទៅហើយ!»

ក្នុងប្រយោគរបស់គ្រូសច្ចំអម្បាញ់មិញមានពាក្យថា «គេគ្រប់គ្រង»។ ទោះបីជាមិនប្រាប់ក៏ខ្ញុំអាចកាត់ស្មានទៅបានថាគាត់សំដៅលើ «ព្រាយស្រីនៅគោកចំបក់» នោះដែរ។

ខ្ញុំហុចត្រឡោកទៅឱ្យលោកគ្រូតារួច ថយមកក្រោយរង់ចាំមើលគាត់ធ្វើសកម្មភាពបន្តទៀត។ គាត់រូតស្បោងកំណាត់ពណ៌សរបស់គាត់ យកម្សៅពណ៌សដែលខ្ញុំមិនស្គាល់ថាជាអ្វី មកដាក់លាយនៅក្នុងទឹក ហើយសូត្របាលីអស់ប្រហែលជាប្រាំដង្ហើម មុននឹងយកទឹកនោះមកប្រោះពីលើមុខរបួសរបស់តាម៉ោល ហើយសល់ពីនោះក៏ប្រោះព្រំលើគ្រែ និងលើជញ្ជាំងជុំវិញក្នុងបន្ទប់។

«អូយ! ផ្សាណាស់ អូយ…..!»

គ្រាន់តែជាតិទឹកត្រជាក់ៗ ប៉ះលើស្នាមរបួសភ្លាម តាម៉ោលស្រែករោទិ៍ ដូចគោត្រូវគេចាក់ក ហាក់ដូចជាក្ដៅក្រហល់ក្រហាយពេញទាំងខ្លួន។ ខ្ញុំគេចមុខចេញមិនហ៊ានមើលចំ ព្រោះសង្វេគពេក។ ចិត្តមួយនឹកគិតថាបើសិនជាយប់នោះខ្ញុំបណ្ដោយឱ្យកាមតណ្ហាអូសទាញ ម៉្លេះអ្នកដែលកំពុងដេកលើគ្រែនៅពេលនេះប្រហែលជាខ្ញុំនេះឯង។

រួចស្រេចហើយពួកយើងក៏នាំគ្នាបិទទ្វារផ្ទះឱ្យគាត់ ហើយត្រលប់មកផ្ទះវិញទាំងយប់។

ព្រឹកឡើងខ្ញុំសុំមិនទៅចូលរួមពិធីជាមួយតា និងលោកគ្រូសច្ចំនោះទេ ព្រោះតែនឹកអាណោចអធមដល់សភាពតាម៉ោលពេក។ ពេលដែលម៉ែ និងពួកគាត់ចេញទៅធ្វើពិធីនៅផ្ទះតាម៉ោលអស់ ខ្ញុំចុះមកសំកុកអង្គុយនៅក្រោមផ្ទះ សម្លឹងមើលទៅវាលស្រែពណ៌មាសជាប់ជើងមេឃ។

ខ្យល់ត្រជាក់បក់ផាត់ក្លិនក្រអូបនៃគ្រាប់ស្រូវដែលចាប់ផ្ដើមទុំ ឱ្យរសាត់មកប៉ះចុងច្រមុះបណ្ដាលអារម្មណ៍ឱ្យគិតដល់រឿងជាច្រើនដែលកើតឡើងប៉ុន្មានថ្ងៃមកនេះ។

សូរសម្រឹបជើង ជាន់លើកម្ទេចស្លឹកឈើងាប់ថ្នមៗនៅពីក្រោយខ្ញុំ។ ងាកទៅមើលក៏ឃើញស្រីណី នារីដែលខ្ញុំស្រឡាញ់ចង់ធ្វើជាគូអនាគត ដើរមកជាមួយនូវស្នាមញញឹមធ្វើឱ្យបេះដូងខ្ញុំទន់ជ្រាយ រលាយដូចក្រមួនត្រូវថ្ងៃ។

«ម៉េចបងឆុនឯងមកអង្គុយម្នាក់ឯងចឹង?»

ខ្ញុំបែរទៅមើលស្រែស្រូវវិញ ព្រមទាំងតបឌឺនាង៖

«មកពីបងមិនទាន់មានអ្នកយល់ចិត្ត មកអង្គុយជាមួយហ្នឹងណា៎!»

មិនឮនាងនិយាយតបវិញ ខ្ញុំក៏ងាកត្រលប់រកនាងវិញ ឃើញនាងកំពុងធ្វើមុខស្រពោន។

«អង្គុយចុះសិនមក! ហើយស្រីណីឯងទើបមកពីផ្ទះតាម៉ោលមែន?»

នាងងក់ក្បាលតិចៗ ថែមទាំងវាចា៖

«គួរឱ្យអាណិតគាត់ណាស់បង!»

«នៅទីនោះយ៉ាងម៉េចហើយ?»

«លោកគ្រូសច្ចំដែលតារបស់បងឆុនឯងអញ្ជើញមក បានធ្វើពិធីចូលរូប ដើម្បីហៅព្រលឹងព្រាយមកសួរនាំ! ព្រាយនោះមកយំសោកបោកខ្លួនថានាងចង់បានប្ដី ហើយបានហាមស្រេចថាមិនឱ្យគាត់មកបំបែកបំបាក់នាងនិងតាម៉ោលទេ!»

ពិតជាមានរឿងបែបហ្នឹងមែន? ពីដើមឡើយខ្ញុំធ្លាប់តែឮចាស់ៗនិយាយគ្នា ដល់តែមកចួបប្រទះផ្ទាល់ខ្លួនឯងបែបនេះទើបដឹងថា អ្វីៗគួរឱ្យខ្លាច សង្វេគ និងតក់ស្លុតបែបណា។

«ចុះលោកតាមានវិធីអីជួយគាត់អត់?» ខ្ញុំសួរទាំងអន្ទះសារចង់ដឹង។

«ពួកគាត់កំពុងចរចាថានឹងធ្វើពិធី សែនព្រែនប្ដីឱ្យនាងព្រាយនោះ!»

ខ្ញុំតក់ស្លុតថែមមួយជាន់ទៀត រហូតភ្លាត់មាត់ស្រែក៖

«ថាម៉េច? ចឹងបានន័យថាមិនអាចជួយតាម៉ោលបានទេ?»

«មិនមែនចឹងទេ! គឺតានិងគ្រូសច្ចំបានសូនរូបក្រមួន ហើយឧបកិច្ចថាជារូបតាម៉ោល ដើម្បីរៀបការជាមួយនឹងនាងព្រាយនោះ ជាថ្នូរនឹងការសុំព្រលឹងធំដែលនាងនោះគ្រប់គ្រងមកវិញ!»

«ឱ្យបងសុំទោស! អម្បាញ់មិញបងរន្ធត់ពេក បានជាស្រែកដាក់អូន!»

នាងគ្រវីក្បាលតិចៗ ហើយញញឹមដាក់ខ្ញុំ។

ក្រោយពីនោះមក តាម៉ោលក៏បានធូរស្រាលបន្តិចម្ដងៗ ប៉ុន្តែក្លិនខ្លួនរបស់គាត់នៅមិនបាត់សោះ ពេលទៅណាមកណាក៏ត្រូវគេបិទច្រមុះគេចចេញសឹងតែគ្រប់គ្នា។

បានប្រហែល១ខែក្រោយមក មិនដឹងមូលហេតុអ្វី ស្រាប់តែមានគេប្រទះឃើញគាត់ទៅចងកនឹងដើមចំបក់ ទីកន្លែងដែលគាត់ធ្លាប់មានស្នេហាជាមួយស្រីខ្មោចព្រាយនោះ។ ដំណឹងអាក្រក់មួយនេះ ធ្វើឱ្យគ្រប់គ្នានៅក្នុងភូមិលែងសូវមាននរណាចេញដើរចាប់កង្កែបនាពេលយប់ ជាពិសេសគឺនៅម្ដុំវាលគោកចំបក់។

ខ្ញុំសួរតាថាម៉េចបានជាតាម៉ោលនោះនៅតែស្លាប់ទៀត ទោះបីជាយើងបានធ្វើពិធីរួចហើយក៏ដោយ។ តាគាត់និយាយថា លើលោកនេះគ្មានអ្វីដែលអាចគ្រប់គ្រងបានទាំងស្រុងទេ ដរាបណាម្ចាស់ខ្លួនមិនបានគ្រប់គ្រងសតិអារម្មណ៍ខ្លួនឯង។ គ្មាននរណាដឹងថាមានអ្វីកើតឡើងទេ ក្រៅពីតាម៉ោលម្ចាស់ខ្លួនៗឯង។

ចិត្តមួយអាណិតតាម៉ោល តែចិត្តមួយក៏ត្រេកអរដែលយប់នោះខ្ញុំអាចគ្រប់គ្រងសតិខ្លួនឯង និងតាំងចិត្តយ៉ាងមុតមាំថាបេះដូងរបស់ខ្ញុំមានតែស្រីណីតែម្នាក់គត់។ ខ្ញុំបានសន្យាជាមួយខ្លួនឯងរួចហើយចាប់ពីថ្ងៃនេះទៅ ខ្ញុំនឹងមិនធ្វើអ្វីដែលក្បត់ចិត្តនាងទេ ហើយខិតខំរៀនឱ្យបានចប់ចុងចប់ដើម ដើម្បីរកការងារល្អចិញ្ចឹមស្រីណីឱ្យនាងរស់នៅមានសុភមង្គល៕

ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*