រឿង៖ ប្រាថ្នានាងកំណត់ហេតុពូ

“ប្រាថ្នានាង កំណត់ហេតុពូ”

ដួង ប្រាថ្នា…

កោះរ៉ុងសន្លឹម (ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣)

ទឹករលកបោកបក់ប្រដេញគ្នានៅកណ្ដាលជលស័យ រហូតមកផ្ទប់នឹងច្រាំងបញ្ចេញសំឡេងប្រាវៗបែកខ្ចាយសំពង។ ពពុះពណ៌សតូចៗហែលលេងរាត់រាយឥតសណ្ដាប់ធ្នាប់ប្របឆ្នេរខ្សាច់សក្បុស បង្កជាទស្សនីយភាពគួរជាទីគយគន់។

“ពូ! ខែក្រោយនាងរៀបការហើយ!”

ខ្ញុំបើកក្បាលសន្ទនាដោយប្រយោគដែលគួរជាទីរំភើបត្រេកអរសម្រាប់នារីគ្រប់រូប តែបុរសដែលអង្គុយក្បែរៗខ្ញុំម្នាក់នេះបែរជានៅស្ងៀមធ្មឹងដូចរូបចម្លាក់ គ្មានភ្ញាក់ផ្អើលអីបន្តិចសោះ។

ខ្ញុំរង់ចាំប្រតិកម្មតបតមកវិញ តែណឺរ៉ូនរបស់គាត់ហាក់ដូចជាដើរយឺតណាស់… ប្រុសម្នាក់ដែលខ្ញុំហៅថា “ពូ” អម្បាញ់មិញនេះទើបតែភ្ញាក់ខ្លួន ហើយសើចចេញធ្មេញទាំងក្រាស់មុននឹងបែរមកនិយាយនឹងខ្ញុំវិញ៖

“មែនក៏អី? ហើយកំលោះស្រុកណាមកស្រឡាញ់ក្មេងច្រមក់ដូចជានាងនេះ?”

ខ្ញុំសម្លក់គាត់ ហើយចាប់ផ្ដើមបើកឆាកប្រយុទ្ធពាក្យសម្ដីតាមនិស្ស័យ៖

“ឆឺស! នាងធំហើយ មិនមែនក្មេងទេ… ពូឯងចាស់ខ្លួនឯងទើបចេះតែមកចោទថានាងក្មេង!”

“ធំយ៉ាងម៉េច? ក្រែងថ្ងៃមុនមកអង្គុយយំត្អូញប្រាប់ពូថាកូនសិស្សធ្វើបាបនោះអី?” គាត់និយាយថែមទាំងវាយចិញ្ចើមដាក់ខ្ញុំវិញ។

ថាមែនៗ … ពូម្នាក់ហ្នឹងគ្មានចេះយល់ចិត្តក្មេងស្រីដ៏គួរឱ្យស្រឡាញ់ដូចជាខ្ញុំទេ! នៅហ៊ានលើកយករឿងដ៏គួរឱ្យអាម៉ាស់របស់ខ្ញុំមករំឭកបើកកកាយមុខខ្ញុំទៀត!

ខឹង!

អេ៎… តែថាមុននេះខ្ញុំហៅខ្លួនឯងថាជា ក្មេងស្រី? ចំមែនតែម្ដងហើយខ្ញុំ!

មើលចុះ ប៉ិហ្នឹងនៅធ្វើមុខឌឺដាក់ខ្ញុំទៀត គ្មានសង្ឃឹមសោះថាគាត់នឹងព្រមបំភ្លេចអ្វីដែលគាត់បាននិយាយមុននេះទេ ដូច្នេះហើយខ្ញុំមិនត្រូវចុះចាញ់ជាដាច់ខាត។

ខ្ញុំពេបមាត់ធ្វើដូចចង់យំម្ដង ហើយថែមទាំងរអ៊ូរង៉ូវៗ ធ្វើដូចជាកូនមូសហើរក្បែរត្រចៀកគាត់៖

“នោះគឺជារឿងថ្ងៃមុន! តែថ្ងៃនេះគេធំហើយ!”

“មែន?”

គាត់តបខ្លីហើយក៏បែរមុខចេញ តែចុងក្រោយគាត់នៅតែមិនដាច់ចិត្ត៖

“ណ្ហើយ! អាណិតក្មេងក្បាលខ្មៅ… ឱ្យឈ្នះទៅចុះ!”

“យ៉េ!!!”

ខ្ញុំលើកដៃទាំងពីរទៅលើក្នុងនាមជាមនុស្សជោគជ័យ ព្រមទាំងឱន​ទៅស្រែកជិតត្រចៀកគាត់ ហើយលៀនអណ្តាតឌឺដាក់គាត់​។ និយាយទៅ វិធីមួយនេះតែងតែប្រើបានផលរាល់លើកជាមួយតាប៉ិហ្នឹង​។

គាត់យកដៃទៅខ្ទប់ត្រចៀក ហើយអត់មិនបានក៏យារដៃម្ខាងទៀតដែលនៅទំនេរមកខោកក្បាលខ្ញុំឮសូរផូស។ មិនមែនលើកដំបូងទេដែលគាត់ខោកក្រញរដាក់ខ្ញុំ តែក៏ប្រហែលជាមកពីណឺរ៉ូនរបស់ខ្ញុំដើរយឺតដែរហើយ បានជាគេចមិនដែលទាន់។

“អូយ!” ខ្ញុំស្រែកបណ្ដើរ ព្រមទាំងយកដៃអង្អែលក្បាលបណ្ដើរ។

“ហ្នឹងហើយ! ឱ្យសមមុខ… ថាខ្លួនឯងធំ តែចរិតឡិកឡក់ដូចកូនក្មេងទៀត! អ៊‍ីចឹងហើយនៅចង់បានប្ដីមួយម្នាក់ឯងទៀត!”

“ណែ៎ពូ! ហើយនរណាទៅចង់បានប្ដីមួយពីរនាក់នោះ? ឬមួយក៏…” ខ្ញុំបង្អូសសម្ដីចុងក្រោយយ៉ាងវែងទុកឱ្យគាត់រកនឹកបញ្ចប់ឃ្លាដោយខ្លួនឯង។

“ឬមួយក៏អី?” គាត់ដំឡើងសំឡេងដាក់ខ្ញុំ។

“ឬមួយក៏ពូចង់បានប្ដីជាមួយនាងដែរ? ហាហាហា!”

ខ្ញុំថាហើយក៏សើចអស់មួយទំហឹង ធ្វើឱ្យគាត់ធ្វើភ្នែកស្លឺដោយធុញទ្រាន់ ហើយជន្លដៃប្រុងផ្ទាត់ថ្ងាសខ្ញុំម្ដង តែខ្ញុំឯណាទៅឱ្យប្រវត្តិសាស្ត្រកើតឡើងច្រំដែលក្នុងពេលតែមួយភ្លែតនោះ។

“ក្មេងនេះ!”

ខ្ញុំថយក្រាកទៅចំហៀងឱ្យឆ្ងាយពីគាត់បន្តិច មុននឹងបន្តផ្លែផ្កាពាក្យសម្ដីបន្ថែម៖

“អូយ! ខ្ញុំថាលេងទេពូ! អាងខ្លួនមនុស្សចាស់ ចូលចិត្តប្រើអំពើហិង្សា! ឆឹស!”

គាត់មិនតប។ យ៉ាងម៉េចហើយ? ខ្ញុំនិយាយត្រូវចំណុចហើយមែនទេ បានជាស្ងាត់បាត់មាត់ជ្រាប?

តាមពិតទៅពូហ្នឹងគាត់ឈ្មោះ សមុទ្ទ ជាអ្នកធ្វើការនៅក្រុមហ៊ុនឯកជនមួយកន្លែង។ គាត់មានអាយុ៣២ឆ្នាំហើយ ចំណែកខ្ញុំទើបតែ២៣ឆ្នាំទេ។ មុខមាត់របស់គាត់គួរសម មិនក្មេង ហើយក៏មិនជាចាស់ពេកដែរ តែអាយុគាត់បងខ្ញុំជិតមួយជួរ ដូច្នេះហើយបានជាខ្ញុំហៅគាត់ថា “ពូៗ” រហូតមក។

ពួកយើងស្គាល់គ្នាដោយសារកម្មវិធីស្ម័គ្រចិត្តមួយ ហើយខ្ញុំត្រូវនៅក្នុងក្រុមជាមួយគាត់។ បើនិយាយពីការងារគាត់ជាមនុស្សដែលម៉ឺងម៉ាត់ មានភាពជាអ្នកដឹកនាំខ្ពស់ សមាជិកទាំងអស់តែងគោរពនិងស្ដាប់សម្ដីរបស់គាត់ច្រើន ប៉ុន្តែបើរឿងទំនាក់ទំនងខាងក្រៅ មើលទៅគាត់ហាក់ដូចជាស្ងប់ស្ងាត់ ពុំសូវមានមិត្តភក្តិច្រើនដូចគេទេ។ ដោយសារខ្ញុំជាមនុស្សដែលចូលចិត្តនិយាយច្រើន ហើយចង់រៀនសូត្របន្ថែមពីភាពជាអ្នកដឹកនាំពីគាត់ ទើបបានខ្ញុំចេះតែចូលទៅជិតគាត់ ហើយក៏ស្និទ្ធស្នាលជាមួយគ្នារហូតដល់ឥឡូវ។

ព្រះអាទិត្យចាប់ផ្ដើមថយរស្មីបន្តិច ដែលអាចធ្វើឱ្យខ្ញុំផ្ដោតសម្លឹងទៅមើលទិដ្ឋភាពនៅចំពោះមុខបានច្បាស់។

“ខាងប្រុសជាអ្នកណា?” ពូស្រាប់តែសួរឡើងគ្មានក្បាលកន្ទុយ រកតែខ្ញុំចាប់សំណួរមិនចង់បាន។

“គឺ… អតីតនិស្សិតនៅសាលាជាមួយគ្នា តែគេរៀនផ្នែកច្បាប់!”

“ធ្លាប់ស្គាល់គ្នា?”

“គឺស្គាល់ធម្មតា តែមិនជាស្និទ្ធប៉ុន្មានទេ! ចាស់ទុំស្គាល់គ្នា ហើយចង់ភ្ជាប់សាច់ឈាមនឹងគ្នា!”

“អ៊ឺម!”

អ៊ឺម? ចង់មានន័យថាម៉េច?

ពូម្នាក់នេះ ពិតជាគួរឱ្យក្នាញ់មែន… ធម្មតាមនុស្សស្គាល់គ្នាជិតស្និទ្ធគេត្រេកអរពេលបានឮថាមិត្តភក្តិជិតរៀបការ ហើយសួរនាំមិនចេះចប់ តែគាត់បែរជាធម្មតា គ្មានរំភើប គ្មានអ្វីទាំងអស់! តែបែបហ្នឹងក៏ល្អដែរ ព្រោះខ្ញុំក៏ដូចជាគ្មានអារម្មណ៍និយាយរឿងហ្នឹងដូចគ្នា។

“រួចចុះនាងស្រឡាញ់គេទេ?”

គាំង! មួយសំណួររបស់គាត់ បែរធ្វើឱ្យមាត់របស់ខ្ញុំរឹង ស្ពឹក រកហានិយាយអ្វីក៏មិនចេញ!

“នាង…”

“មិនអីទេ! សំខាន់ឱ្យតែគេស្រឡាញ់នាងទៅបានហើយ!” គាត់ថាហើយក៏ញញឹមតែម្នាក់ឯង។

ខ្ញុំតវ៉ាភ្លាម៖

“ណែពូ! រឿងស្នេហានេះណា៎ ទាល់តែស្រឡាញ់គ្នាទាំងសងខាងទើបអាចទៅរួច!”

“នៅជាមួយគ្នាយូរទៅ ក៏គង់តែស្រឡាញ់គ្នាហើយ!”

មើលគាត់និយាយចុះ ស្ទើរមិនចង់ជឿថាគាត់កើតនៅក្នុងសតវត្សរ៍ទី២០ គួរណាស់តែកើតនៅសម័យទុំទាវ ឬប៊ុនធឿនវិធាវីទើបត្រូវ។ ចិត្តរបស់ខ្ញុំចង់តែសួរថា “ចុះពេលនៅជាមួយខ្ញុំយូរឆ្នាំបែបនេះហើយ ពូឯងមិនស្រឡាញ់ខ្ញុំខ្លះទេ?”។

ប៉ុន្តែខ្ញុំបែរជាជ្រើសនិយាយត្រឹមពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លី៖

“ចាស់គំរឹល!”

ខ្ញុំថាឱ្យគាត់មួយម៉ាត់ ធ្វើឱ្យគាត់ដៀងភ្នែកមកសម្លក់ខ្ញុំបន្តិច រួចក៏បែរទៅវិញយឺតៗ។

“តែពូជឿថានាងក៏ស្រឡាញ់គេដែរ មិនអ៊‍ីចឹងនាងក៏មិនព្រមរៀបការជាមួយគេដែរ! ត្រូវអត់?”

ស្ងាត់!

ខ្ញុំស្ងាត់ ព្រោះខ្ញុំអត់មានចម្លើយច្បាស់លាស់ឱ្យគាត់ទេ។ គាត់ក៏បន្ត៖

“អបអរសាទរណា៎នាង! ទីបំផុតជិតបានប្ដីហើយ!”

ទីបំផុតខ្ញុំយល់ហើយថាម៉េចបានជាគាត់មិនសូវមានមិត្តភក្តិច្រើន គឺដោយសារតែសម្ដីមួយម៉ាត់ៗរបស់គាត់សឹងតែធ្វើឱ្យគូសន្ទនាអាចឆ្អែតបាយបានមួយអាទិត្យ។

ខ្ញុំព្យាយាមនិយាយបង្វែររឿង៖

“មែនហើយពូនៅជំពាក់សន្យានាងមួយ នៅចាំបានទេ!”

“ចាំបាន! នាងចង់បានអី?”

“ច្រៀងឱ្យនាងស្ដាប់មួយបទមក… បានអត់?”

“បាន!”

ខ្ញុំខំខិតទៅអង្គុយជិតគាត់វិញ រង់ចាំស្ដាប់គាត់ច្រៀង តែមិនឮគាត់ចាប់ផ្ដើម ខ្ញុំក៏សួរ៖

“ហាក៎! ឯណាពូថាច្រៀង? ឥឡូវនាងកំពុងចាំស្ដាប់នេះ!”

“ពូមានបានថាច្រៀងឥឡូវឯណា!”

“ហើយចុះពូចាំដល់ពេលណា?”

“ថ្ងៃការនាង!”

ទៀត! ពូហ្នឹងពិតជាពូកែណាស់ខាងធ្វើឱ្យខូចបរិយាកាស។ ខ្ញុំក្រោកឈរប្រុងនឹងចាកចេញពីស្ថានភាពតឹងតែងពេលនេះ តែគាត់បែរជានិយាយតិចៗមកមុន៖

“ថ្ងៃលិចនៅមាត់សមុទ្ទស្អាតណាស់!”

ខ្ញុំបែរទៅសម្លឹងមើលព្រះអាទិត្យ ដែលកំពុងនឹងបន្ទន់ខ្លួនចូលទៅជ្រកនៅក្រោមស្រទាប់ផ្ទៃទឹកអស់ជាងពាក់កណ្ដាលដួងទៅហើយ។ ពិតជាស្អាតដូចអ្វីដែលគាត់និយាយមែន។ ថ្វីបើវាមិនមែនជាលើកទីមួយដែលខ្ញុំនិងពូអង្គុយមើលថ្ងៃលិចបែបនេះ តែទោះបីជាឱ្យយើងមើលប៉ុន្មានរយ ប៉ុន្មានពាន់ដងទៀត ក៏យើងនៅតែមិនជិនណាយក្នុងការគយគន់ទិដ្ឋភាពដ៏អស្ចារ្យបែបនេះដែរ ព្រោះថាពីមួយថ្ងៃទៅមួយថ្ងៃព្រះអាទិត្យលិចមិនដូចគ្នាទេ។

ខ្ញុំនៅចាំបានឃ្លាសម្ដីមួយដែលគេនិយាយថា៖

“ថ្វីបើថ្ងៃលិចតំណាងឱ្យអ្វីៗគ្រប់យ៉ាងត្រូវបញ្ចប់ តែពណ៌របស់វាបានបង្ហាញនូវភាពស្រស់ស្អាត… វាដូចជាជីវិតរបស់មនុស្សដូច្នោះដែរ ដែលចុងក្រោយនឹងត្រូវបញ្ចប់ទៅដោយការលាចាកពីពិភពលោកមួយនេះ មិនខ្វល់ថាចាកចេញនៅពេលណា ឱ្យតែយើងបានបន្សល់ទុកភាពស្រស់ស្អាតដល់ផែនដី តើមានអ្វីគួរឱ្យស្ដាយ?”

មួយរយៈក្រោយមកពីដើរលេងវិញ ពួកយើងពុំសូវបានទាក់ទងគ្នាទេ ព្រោះខ្ញុំរវល់បង្រៀនផង និងត្រៀមរៀបចំសម្រាប់ពិធីមង្គលការផង​។ ចំណែកពូហ្នឹងវិញរឹតតែមិនបាច់និយាយទេ ការងាររបស់គាត់សឹងថាមមាញឹកជាងប្រធានក្រុមហ៊ុនទៅទៀត សមនឹងដឹងថាខ្ញុំរវល់ប៉ុណ្ណេះផង បើខ្ញុំមិនដែលទាក់ទងទៅគាត់មុនទេ កុំសង្ឃឹមថាគាត់ជាអ្នកចាប់ផ្ដើម។

ថ្ងៃនេះជាទិវានៃក្ដីស្រឡាញ់ គូដណ្ដឹងខ្ញុំស្រាប់តែផ្ញើសារមកបបួលខ្ញុំទៅមើលកុន ហើយញ៉ាំអីជាមួយគ្នា។ ខ្ញុំនឹកឃើញដល់ពូ ក៏ប្រញាប់ទូរសព្ទទៅរកគាត់។

“អាឡូ!” សំឡេងគ្រលរធំ អត់រសជាតិ បន្លឺចេញពីក្នុងទូរសព្ទដៃខ្ញុំ។

“អាឡូពូ! ពូនៅឯណាឥឡូវ?”

“នៅវត្តទេដឹង?”

“ពូនេះ! នាងសួរមែន?”

“ម៉ោងទើប៥កន្លះ ពូក៏នៅកន្លែងធ្វើការហ្នឹងហើយ! ម៉េច? ជិតបានប្ដីក៏ចង់បំភ្លេចពូចោល លែងដឹងថាពូធ្វើការពេលណាហើយមែន?”

ខ្ញុំអើយខ្ញុំ! ថាមែនៗ… មិនគួរម្នៅៗមកនឹកឃើញតេទៅបបួលគាត់នេះសោះ!

“គ្មានទេ! មានតែពូហ្នឹងហើយចង់បំភ្លេចនាងនោះ! បើនាងមិនតេទៅ ពូក៏មិនដែលទាក់ទងមកនាងដែរ!”

“ហើយទាក់ទងទៅឱ្យគូដណ្ដឹងនាងប្រចណ្ឌមែន?”

“ហ៊ានប្រចណ្ឌពូសាកមើល នាងឈប់ការជាមួយឥឡូវ!”

“ហាហាហា!” ស្ដាប់មើលទៅ ហាក់បីដូចជាប្រយោគអម្បាញ់មិញនេះពេញចិត្តគាត់ដល់ហើយ បានជាសើចឮៗបែបនេះ។

“ហើយពូសើចអី?”

“សើចក្មេងខ្លះ… និយាយចេញមកដូចរៀបការជារឿងបាយឡុកបាយឡ!”

“ឈប់ពូឈប់! នាងមិនមែនតេទៅឱ្យពូបង្អាប់ទេ… នាងចង់បបួលពូទៅមើលកុនហើយនិងញ៉ាំបាយល្ងាចជាមួយពួកយើងមួយពេលហ្នឹងណា៎!” ខ្ញុំប្រឹងសង្កត់សំឡេងមួយពាក្យៗ។

“ជាមួយយើង?” គាត់និយាយផ្ទួនពាក្យរបស់ខ្ញុំ។

“គឺជាមួយគូដណ្ដឹងនាងហ្នឹងណា៎! ចង់ឱ្យពូនិងគាត់បានចួប និងស្គាល់គ្នាបានម្ដង!”

“អត់ទេ! ពូមិនទៅធ្វើជាឆ្អឹងទទឹងកនាងទេ! ទៅដើរលេងឱ្យសប្បាយទៅ!”

“នរណាថាពូជាឆ្អឹងទទឹងក?”

“ពូហ្នឹងហើយអ្នកថា! នាងទៅៗ!”

“អត់! ពូត្រូវតែទៅ មិនអ៊‍ីចឹងនាងខឹងហើយ!”

“…”

ស្ងាត់! មិនឮគាត់និយាយអី ខ្ញុំក៏ដកយកទូរសព្ទមកមើល… ទេ! មានទាន់ដាច់ឯណា?

ខ្ញុំក៏បន្តអង្វរគាត់ទៀត៖

“ណា៎ពូណា៎! ចាត់ទុកថាដើម្បីនាងណា៎!”

និយាយទៅអាក្បាច់ធ្វើជាក្មេងតូចស្លូតៗ cute cute គួរឱ្យអាណិតគឺជាស្ទាយល៍ប្រចាំត្រកូលដែលខ្ញុំតែងប្រើ ហើយបានសម្រេចជានិច្ចជាមួយពូម្នាក់នេះ ហើយក៏សង្ឃឹមថាលើកនេះវាមិនធ្វើឱ្យខ្ញុំខកបំណងទៅចុះ។

“ក៏បាន! តែពូប្រហែលជារាងយឺតបន្តិចហើយ ព្រោះម៉ោង៦កន្លះទើបពូចេញពីធ្វើការ អ៊‍ីចឹងនាងទៅមើលកុនមុនទៅ ចាំចប់ចាំញ៉ាំអីជាមួយគ្នា!”

“យ៉េ! សម្រេចអ៊‍ីចឹងហើយណា៎! ចាំចួបគ្នាពូៗ!”

ក្រោយមើលកុន ពួកយើងក៏មកញ៉ាំអីជាមួយគ្នានៅហាងមិត្តភក្តិរបស់គូដណ្ដឹងរបស់ខ្ញុំ។ បងមេខាទាញកៅអីមកអង្គុយជិតខ្ញុំ ហើយពូនៅអង្គុយម្ខាងទៀត។ ក្រោយពេលណែនាំពួកគាត់ឱ្យស្គាល់គ្នារួចមក បងមេខាក៏ហៅម្ហូបមកប៉ុន្មានមុខ ដែលសុទ្ធតែជាម្ហូបខ្ញុំចូលចិត្ត។

“ម្ហូបគ្រប់មុខសូមកុំដាក់ស្លឹកខ្ទឹមណា៎!” ទាំងពូនិងគូដណ្ដឹងរបស់ខ្ញុំនិយាយព្រមជាមួយគ្នាប្រាប់បងអ្នកគ្រប់គ្រងហាង ធ្វើឱ្យគេងឿងឆ្ងល់ហើយក៏ឆ្ងល់ដោយទាំងខ្ញុំម្នាក់ដែរ។

បងមេខានិងពូសម្លឹងមុខគ្នាបន្តិច ទំនងជាចង់និយាយអ្វី តែក៏ត្រូវអាក់ខានទៅវិញដោយសារសំណួររបស់បងម្ចាស់ហាង៖

“មេខាអត់ញ៉ាំស្លឹកខ្ទឹមដែរ?”

ខ្ញុំផ្ទៀងចាំស្ដាប់ចម្លើយ ព្រោះខ្ញុំក៏ចង់ដឹងដូចគ្នា។ បងមេខាញញឹម ហើយបែរមកមើលមុខខ្ញុំ៖

“អត់ទេ! ខ្ញុំកុម្ម៉ង់ឱ្យគូដណ្ដឹងខ្ញុំតើ!”

“ម៉េចបងឯងដឹងថានាងអត់ញ៉ាំស្លឹកខ្ទឹម?”

“ថ្ងៃមុននៅផ្ទះម៉ាក់ បងឃើញអូនឯងលួចឆ្កឹះស្លឹកខ្ទឹមចោល ពេលដែលម៉ាក់ចេញទៅលាងដៃ!”

អូ៎ម៉ាយព្រះ! … មិនដែលដឹងសោះថាគាត់ចាប់អារម្មណ៍ដល់រឿងនេះ ព្រោះក្រៅពីអ្នកផ្ទះខ្ញុំ និងពូសមុទ្ទ គ្មាននរណាដឹងថាខ្ញុំមិនញ៉ាំស្លឹកខ្ទឹមទេ។

ខ្ញុំសើចតិចៗដោយអៀនអន់ តែមើលទៅពូធ្វើដូចជាស្ដាប់មិនឮសម្ដីមួយឃ្លាចុងក្រោយដែលបង្ហាញពីការចាប់អារម្មណ៍របស់គេចំពោះខ្ញុំនោះទេ បែរជាទាញដបទឹកសុទ្ធយកមកចាក់ផឹកក្អឹកៗអស់ទៅ។ បានបន្តិច អ្នករត់តុលើកម្ហូបយកមកដល់ ហើយពួកយើងក៏ញ៉ាំបណ្ដើរនិយាយគ្នាបណ្ដើរ។

ដើមឡើយខ្ញុំគិតថាបាយមួយពេលនេះ នឹងនាំឱ្យពួកគាត់ទាំងពីរបានសន្ទនា ហើយស្គាល់គ្នាច្រើនជាងមុន តែក្រោយមកបែរជាមានអារម្មណ៍ថាខ្ញុំបែរជាធ្វើឱ្យពូ និងបងមេខាទើសទាល់ជាមួយគ្នាទៅវិញ។ មិនដឹងពួកគាត់កើតអី បើខ្ញុំមិនចាប់ផ្ដើមនិយាយឱ្យចូលស៊ង ក៏គ្មានអ្នកណាបើកមាត់រកគ្នាដែរ។

ពូសមុទ្ទ គិតតែពីញ៉ាំៗៗ ដូចជាដាច់ពោះមកប៉ុន្មានជាតិហើយអ៊‍ីចឹង ចំណែកបងមេខាវិញដូចជាទេវតាដែលគ្រាន់តែឃើញម្ហូបក៏ឆ្អែត មិនព្រមញ៉ាំខ្លួនឯង គិតតែពីដួសម្ហូបឱ្យខ្ញុំ ហើយបកក្ដាម បកបង្គាឡើងគរពេញចាន។

មនុស្សប្រុសទាំងពីរនាក់នេះពិតជាចម្លែកមែន!

ទីបំផុតថ្ងៃមង្គលការរបស់ខ្ញុំបានមកដល់។ ថ្វីបើប៉ុន្មានថ្ងៃមុននេះ ខ្ញុំនិងបងមេខាមានទាស់សម្ដីគ្នាតិចតួច តែយើងក៏បាននិយាយសម្រុះសម្រួលគ្នារួចស្រេចហើយដែរ។

ថ្ងៃនេះបងប្អូន មិត្តភក្តិប្រុសស្រី បាននាំគ្នាមកចូលរួមហូរហែតាំងពីព្រឹក រហូតដល់ពេលនេះភ្ញៀវចូលហូបពេញតុអស់ហើយ បាត់តែវត្តមានពូសមុទ្ទម្នាក់ប៉ុណ្ណោះមិនទាន់ឃើញមកដល់។ ខ្ញុំបានទាក់ទងទៅគាត់ប៉ុន្មានដងដែរ តែគ្មានអ្នកទទួល …

“ជាកិច្ចបន្តទៅនេះ សូមកូនកំលោះកូនក្រមុំត្រៀមខ្លួនដើម្បីរៀបចំពិធីកាត់ផ្លែឈើ…”

ពិធីករ ពិធីការិនីនៅលើឆាក ប្រកាសរៀបរាប់វែងអន្លាយតែខ្ញុំហាក់ដូចជាគ្មានអារម្មណ៍អីបន្តិចសោះនៅនឹងកន្លែងប្រារព្ធពិធីនេះ។ ខួរក្បាលចេះតែស្រមៃឃើញក្រែងលោមានរឿងមិនល្អកើតឡើងចំពោះពូ។

“ឥឡូវនេះសូមអញ្ជើញបងប្អូន ភ្ញៀវកិត្តិយសទាំងអស់ឡើងមកឈរធ្វើជារបងមាស របងប្រាក់ ដើម្បីរង់ចាំទទួលគូស្វាមីភរិយាថ្មី ហើយក៏សូមបញ្ជាក់ថាយប់នេះយើងមានតារាចម្រៀងពិសេស ដើម្បីច្រៀងស្វាគមន៍ អមដំណើរដល់កូនកំលោះកូនក្រមុំផងដែរ!”

គ្រាន់តែឮថាអ្នកចម្រៀងពិសេស ខ្ញុំអរព្រួច ព្រោះនឹកឃើញរឿងដែលពូសមុទ្ទធ្លាប់បានសន្យាថាគាត់នឹងច្រៀងឱ្យស្ដាប់នៅថ្ងៃការខ្ញុំ។

ភ្លេងចាប់ផ្ដើមបន្លឺសូរ ភ្ញៀវកិត្តិយសនៅអមសងខាងស្រែកហ៊ោរ ស្វាគមន៍ការបោះជំហានចូលទៅកាន់ដំណើរជីវិតថ្មីរបស់ខ្ញុំនិងបងមេខា។ យើងទាំងពីរនាក់កំពុងបោះជំហានទៅកាន់វេទិកា សំឡេងអ្នកចម្រៀងក៏បានបន្ទរឡើង៖

“Not sure if you know this… but when we first met… I got so nervous I couldn’t speak…”

គ្រប់គ្នាហាក់ដូចជាមិនសូវចាប់អារម្មណ៍ចំពោះសំឡេងអ្នកចម្រៀងប៉ុន្មានទេ ព្រោះនៅចំពោះមុខពួកគេ កូនកំលោះក្រមុំទើបជាតួឯកនៅយប់នេះ លើកលែងតែខ្ញុំ…!

ខ្ញុំស្រឡាំងកាំង… ជើងទាំងពីរស្រាប់តែឈប់ង៉ក់ភ្លាម​ ធ្វើឱ្យបងមេខាដែលឈរកៀកដៃខ្ញុំឱនមកខ្សឹបដាក់ត្រចៀកខ្ញុំស្រាលៗ៖

“អូនកើតអី? អត់ស្រួលខ្លួនមែន?”

“ច..ចា៎! អត់ទេ… អូនអត់អីទេ!”

ខ្ញុំឆ្លើយអត់អីប្រាប់គាត់ តែក្នុងចិត្តរបស់ខ្ញុំច្បាស់ណាស់ថាខ្ញុំកំពុងកុហកគាត់ ក៏កំពុងព្យាយាមលួងលោមអារម្មណ៍ខ្លួនឯងផងដែរ។ ទឹកដមសំឡេងនេះច្បាស់ណាស់ថាជាគាត់… មនុស្សដែលខ្ញុំចាំមើលផ្លូវតាំងពីម្សិលមិញរហូតដល់ពេលនេះ… បបូរមាត់របស់ខ្ញុំស្រាប់តែភ្ញោចចេញនូវស្នាមញញឹមមួយឥតព្រាងទុក…!

“បងមានធុរៈបន្តិច!”

បងមេខាស្រាប់តែប្ដូរទឹកមុខចម្លែក ហើយលែងដៃពីខ្ញុំដោយដើរចេញទៅបាត់កណ្ដាលក្រុមភ្ញៀវកិត្តិយសដែលមកចូលរួម ធ្វើឱ្យខ្ញុំនិងអ្នកគ្រប់គ្នាងឿងឆ្ងល់។

បានឱកាស ខ្ញុំខំសម្លឹងរកមើលពូសមុទ្ទដែលកំពុងច្រៀងបទ “Beautiful in White” បទចម្រៀងសំណព្វចិត្តរបស់ខ្ញុំ តែនៅមិនទាន់ឃើញមុខគាត់ឡើងមកដល់លើឆាកវេទិកានៅឡើយ។

បានបន្តិច តន្ត្រីស្រាប់តែឈប់ប្រគុំកណ្ដាលទី ធ្វើឱ្យគ្រប់គ្នារួមទាំងខ្ញុំផងងាកមើលមុខគ្នាទាំងង៉េមង៉ាម។

“So as long as I live I’ll love you… will have and hold you… you look so beautiful in white… and from now to my every last breath… this day I’ll cherish… you look so beautiful in white… tonight.”

បុរសម្នាក់ក្នុងសម្លៀកបំពាក់អាវធំពណ៌ខៀវទឹកប៊ិក ចេញមកពីខាងក្រោយឆាកមកកាន់កណ្ដាលវេទិកាព្រមជាមួយនឹងស្នាមញញឹមដ៏ស្រទន់មករកខ្ញុំផង។ ខ្ញុំស្រឡាំងកាំងព្រោះម្នាក់នោះគឺជាគាត់…

បងមេខា… ស្វាមីរបស់ខ្ញុំ។

គ្រប់គ្នាប្រាកដជាភ្ញាក់ផ្អើលមិនតិចទេ សូម្បីតែខ្ញុំ! តាមពិតទៅអម្បាញ់មិញគាត់ដើរចេញទៅគឺដើម្បី surprise ខ្ញុំដោយចម្រៀងមួយបទនេះ?

គាត់ច្រៀងបណ្ដើរ ដើរមករកខ្ញុំបណ្ដើរ ជាមួយនឹងផ្កាកុលាបពណ៌ទឹកសមុទ្ទមួយបាច់ក្នុងដៃមកជាមួយផង។ អារម្មណ៍របស់ខ្ញុំរំភើបខ្លាំង តែបែរជាមានកូនចិត្តមួយដែលលួចអន់ចិត្ត ព្រោះគ្រប់យ៉ាងប្រែប្រួលលឿនពេក រហូតដល់ខ្ញុំត្រៀមចិត្តមិនទាន់បាន។

“ពូសមុទ្ទទៅណា? ខ្ញុំច្បាស់ថាមុននេះជាសំឡេងរបស់គាត់! ឬមួយក៏វាជាការស្រមៃរបស់ខ្ញុំ?… មិនពិតទេ! ខ្ញុំស្ដាប់មិនច្រឡំទេ!” ភ្នែកខ្ញុំរេទៅគ្រប់ទិស ចំណែកខួរក្បាលរបស់ខ្ញុំកំពុងតែឈ្លោះគ្នាជាមួយរូបភាពដែលបញ្ជូនដោយភ្នែកទាំងគូ និងសំឡេងដែលបានពីត្រចៀកទាំងពីររបស់ខ្ញុំ។

បងមេខាលុតជង្គង់នៅពីមុខខ្ញុំ ព្រមទាំងហុចបាច់ផ្កាហើយវាចា៖

“ផ្កាកុលាបមួយបាច់ និងបេះដូងរបស់បងមួយនេះជូនអូន!” គេថាហើយថែមទាំងយកដៃខាងឆ្វេងទៅស្ទាបទ្រូងខ្លួនឯង។

ខ្ញុំធ្លាប់ជាក្មេងស្រីដែលនិយាយបូរបាច់ច្រើន តែដល់ពេលមកចួបទិដ្ឋភាពបែបនេះ ខ្ញុំក៏រំភើបស្ទើរតែស្រក់ទឹកភ្នែក និយាយមិនចេញដូចគ្នា។

គេបន្តមកទៀត៖

“ទោះបីជាបងមិនដឹងថាថ្ងៃស្អែកអាចនឹងមានរឿងអ្វីកើតឡើង… តែបងសន្យាថានឹងប្រើពេលវេលាក្នុងជីវិតរបស់បង ធ្វើឱ្យព្រះអាទិត្យរាល់ថ្ងៃរបស់អូនអស្ដង្គតទៅជាមួយនឹងភាពស្រស់ស្អាត!”

ពាក្យសម្ដីប៉ុន្មានម៉ាត់ស្រាប់តែលាន់ឮខ្សឹបៗក្នុងត្រចៀកខ្ញុំ ដោយមិនដឹងថាវាជាសម្ដីរបស់នរណា៖

“មនុស្សយើងរាល់ថ្ងៃនេះហត់ណាស់ទៅហើយក្នុងការមើលថែទាំទាំងផ្លូវកាយ និងផ្លូវចិត្តខ្លួនឯង… ចឹងទេបើសិនជាមានមនុស្សដែលតែងតែចង់ដឹងសុខទុក្ខរបស់យើងគ្រប់ពេលវេលា យើងគួរតែសប្បាយចិត្ត ព្រោះម្នាក់នោះហើយដែលស្រឡាញ់ និងបារម្ភពីយើងពិតប្រាកដ!”

ទឹកភ្នែកខ្ញុំស្រាប់តែស្រក់ចុះ… ស្រក់ចុះព្រោះរំភើប… ស្រក់ចុះព្រោះពាក្យសម្ដីដែលធ្វើឱ្យនារីធម្មតាម្នាក់ដូចជាខ្ញុំ ទទួលបានភាពកក់ក្ដៅនៅពេលនេះ។

ខ្ញុំឈោងដៃចាប់បាច់ផ្កាមកឱបក្នុងដៃ ទន្ទឹមគ្នានឹងបងមេខាដែលងើបឈរមកក្រសោបខ្លួនខ្ញុំឱ្យចូលទៅក្នុងដើមទ្រូងរបស់គាត់ដូច្នោះដែរ​។ ស្នូរទះដៃលាន់រំពងម្ដងទៀត។

ថ្វីបើខ្ញុំមិនដឹងថា តើពាក្យប៉ុន្មានម៉ាត់របស់បងមេខាមុននេះ អាចនឹងក្លាយជាការពិតប៉ុនណា តែខ្ញុំនៅតែរីករាយក្នុងការទទួលយក។ អនាគតជារឿងដែលគ្រប់គ្នាមិនអាចមើលឃើញ សូម្បីតែខ្ញុំខ្លួនឯង… នរណាទៅអាចដឹងថាស្អែកមានអ្វីកើតឡើង? នរណាទៅដឹងថាគាត់នៅតែស្រឡាញ់ខ្ញុំដូចថ្ងៃនេះឬអត់? នរណាទៅដឹងថា តើស្អែកខ្ញុំអាចធ្វើជាព្រះអាទិត្យដែលស្រស់ស្អាតបានឬអត់នោះ? តែអ្វីដែលសំខាន់នៅពេលនេះ គឺខ្ញុំដឹងថាខ្ញុំមានមនុស្សជាច្រើនដែលស្រឡាញ់ខ្ញុំ… មានមនុស្សជាច្រើនដែលចង់ឱ្យខ្ញុំរស់នៅដោយសប្បាយចិត្ត… មានមនុស្សដែលនៅចាំធ្វើជាខ្នងបង្អែក ពេលដែលខ្ញុំយំ ពេលដែលខ្ញុំចួបទុក្ខលំបាក និងនៅចាំសាទរចំពោះជោគជ័យណាមួយរបស់ខ្ញុំ… ប៉ុណ្ណេះហើយ តើខ្ញុំនៅប្រាថ្នាអ្វីទៀត?

កំណត់ហេតុ “ដែន សមុទ្ទ”

ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៣

តាំងពីមកពីកោះជាមួយនាងល្អិតប្រាថ្នារួចមក ខ្ញុំរវល់ស្ទើរដកដៃពុំរួចពីកន្លែងការងារ។ ជាធម្មតាការងាររបស់ខ្ញុំក៏រវល់ស្រាប់ហើយ តែរកថាមិនត្រូវខ្ញុំបែរជាខំប្រឹងធ្វើការមួយជាពីរដង សូម្បីទូរសព្ទក៏ខ្ញុំមិនដែលអនឡាញដែរ ព្រោះខ្ញុំមិនចង់ឱ្យខួរក្បាលទំនេរ… ទំនេរទៅគិតច្រើនជាមួយនឹងរឿងដែលនាងបាននិយាយប្រាប់ខ្ញុំកាលពីប៉ុន្មានថ្ងៃមុន…

“ពូ! ខែក្រោយនាងរៀបការហើយ…”

ខ្ញុំស្រឡាញ់នាង! តែវាយ៉ាងម៉េច?

ខ្ញុំចាស់ពេកហើយ ចំណែកនាងដូចជាកូនក្មេងទើបតែធំអ៊‍ីចឹង។ ទោះបីជាខ្ញុំមិនមែនជាមនុស្សដែលប្រកាន់រឿងអាយុ តែខ្ញុំដឹងថានាងគិតរឿងនេះ ដូច្នេះបានជាខ្ញុំពុំដែលបង្ហាញសកម្មភាពណាលើសអំពីមិត្តភាពដែលមិត្តភក្តិល្អគួរផ្ដល់ឱ្យគ្នា។ ម៉្យាងវិញទៀត ទោះចង់ឬមិនចង់ក៏នាងបានជ្រើសរើសគេរួចហើយ… មិត្តល្អឯណាដែលនឹងទៅបំផ្លាញសេចក្ដីសុខមនុស្សជាទីស្រឡាញ់របស់ខ្លួនដើម្បីតែសុភមង្គលខ្លួនឯងនោះ?

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣

តាមថា ថ្ងៃ១៤ កុម្ភៈ គួរតែជាថ្ងៃដែលគូសង្សារណាត់គ្នាដើរលេង និងញ៉ាំអី sweet sweet តែពីរនាក់ ប៉ុន្តែនាងល្អិតនោះមិនដឹងគិតអី បែរជាតេហៅខ្ញុំទៅញ៉ាំអីជាមួយគូដណ្ដឹងរបស់នាងទៅវិញ។ ដើមឡើយខ្ញុំមិនចង់ទៅធ្វើឱ្យខូចបរិយាកាសនាងទេ តែនាងចេះតែបង្ខំ ហើយចៃដន់ត្រូវនឹងអារម្មណ៍ដែលតែងតែទោរទន់ចំពោះពាក្យទាមទាររបស់នាងទៀតនោះ ចុងក្រោយខ្ញុំក៏ក្លាយជាឆ្អឹងទទឹងកគេទាល់តែបាន។

តែក៏គ្មានអ្វីខាតដែរ ព្រោះខ្ញុំចង់ដឹងថាតើបុរសដែលនាងរៀបការធ្វើជាស្វាមី ជាមនុស្សអាចឱ្យនាងផ្ញើវាសនាបានឬទេ?

ការណាត់ចួបថ្ងៃនេះក៏បានជួយឱ្យខ្ញុំដកបន្លាចេញពីទ្រូង ព្រោះមនុស្សប្រុសម្នាក់នោះជាអ្នកដែលខ្ញុំធ្លាប់ស្គាល់។ រៀម មេខា ជាអ្នកដែលខ្ញុំធ្លាប់បានបរិច្ចាគថ្លើមទៅឱ្យគេ កាលពីបួនឆ្នាំមុន។ គេជាមនុស្សល្អ ស្លូតបូត រៀនសូត្រ ធ្វើការក៏ពូកែ។ មិនតែប៉ុណ្ណោះ ខ្ញុំឃើញគេយកចិត្តទុកដាក់លើនាងសព្វគ្រប់ ចាប់អារម្មណ៍សូម្បីតែការញ៉ាំរបស់នាង ដូច្នេះហើយធ្វើឱ្យខ្ញុំលែងសូវបារម្ភចំពោះនាង។

ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣

ក្រោយពីខំប្រឹងធ្វើការប៉ុន្មានថ្ងៃនេះ ខ្ញុំក៏សម្រេចការងារមុនពេលកំណត់ ហើយក៏ដាក់ច្បាប់ដើម្បីបន្ធូរអារម្មណ៍ដែលស្មុគស្មាញចេញ។ គាប់ចួនមានមិត្តភក្តិម្នាក់នៅខេត្តព្រះវិហារធ្លាប់បានប្រាប់ថា នៅទីនោះមានស្រុកមួយដែលមានទេសភាពស្អាត មានភ្នំ មានទន្លេ មានជ្រោះ ស្ងប់ស្ងាត់ល្អ ហើយជាកន្លែងរស់នៅតាមបែបអ្នកភូមិជនបទផង ខ្ញុំក៏សម្រេចចិត្តថាទៅទីនោះតែម្ដងទៅ។

ទីបំផុតខ្ញុំក៏បានមកដល់…

ទីនេះគឺឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ។ ទម្រាំមកដល់ផ្ទះសំណាក់ក៏យប់បាត់ទៅហើយ។ ខ្ញុំប្រញាប់ចូលទៅងូតទឹកផ្លាស់ខោអាវ ចេញមកវិញស្រាប់តែបានទទួលសារមួយពីប្រាថ្នា។ នាងសួរខ្ញុំថានៅឯណា នាងមានរឿងចង់និយាយប្រាប់។

ដោយសារគ្មានបំណងថាចង់លាក់ពីនាង ខ្ញុំក៏ប្រាប់នាងថាខ្ញុំនៅព្រះវិហារ។ នាងស្រាប់តែតបវិញថាស្អែកនាងនឹងមករកខ្ញុំ។ ដំបូងខ្ញុំស្មានតែនាងនិយាយលេង ស្រាប់តែព្រលឹមឡើងខ្ញុំមិនទាន់ទាំងលុបមុខផង សំឡេងគោះទ្វារក៏លាន់ “តុកៗ” ឡើង ពេលដែលខ្ញុំបើកទ្វារ នាងស្រាប់តែបង្ហាញខ្លួនទាំងសាច់ទាំងឈាម… នាងគឺ ដួង ប្រាថ្នា។

ខ្ញុំខ្ចីម៉ូតូម្ចាស់ផ្ទះសំណាក់ដើម្បីឌុបនាងច្រមក់ប្រាថ្នាដើរលេង ព្រោះនាងរអ៊ូថាមិនសប្បាយចិត្ត តែខ្ញុំឥតទាន់បានសួរនាងថាមានអ្វីកើតឡើងទេ។ ពេលនេះខ្ញុំពិតជាមិនដឹងមែនថាខ្លួនឯងគិតត្រូវឬខុស ដែលមកឌុបគូដណ្ដឹងគេដើរលេងតែពីរនាក់ ទាំងដែលនៅតែ៥ថ្ងៃទៀតជាថ្ងៃនាងត្រូវចូលរោងការហើយ។

ឃុំកំពង់ស្រឡៅនេះ នៅជាប់ជាមួយនឹងស្រុកខួង ខេត្តចម៉្បាសាក់របស់ប្រទេសឡាវ ខ័ណ្ឌគ្នាដោយដងទន្លេមេគង្គខៀវស្រងាត់។ ក្រៅពីមានទឹកទន្លេដ៏ស្រស់ស្អាតហើយ ទីនេះនៅមានព្រៃភ្នំ និងសត្វព្រៃជាច្រើនដែលកំពុងសំងំលាក់ខ្លួនរស់នៅយ៉ាងសុខសាន្ត។

ក្រោយពីឌុបនាងតូចប្រាថ្នាទៅពួនមើលសត្វព្រៃហើយ ពួកយើងក៏ត្រលប់ក្រោយដើម្បីទៅលេងនៅទឹកជ្រោះព្រះនិមិត្តបន្តទៀត។ ដុំថ្មធំៗឈរបន្ទុប រកេតរកូតជាប់ៗគ្នាជាច្រើន ចំណែកកន្លែងណាដែលគ្មានថ្មដុះ ត្រង់នោះគឺជាផ្លូវសម្រាប់ឱ្យព្រះគង្គាហូរត្របាញ់ ពត់ពែនដងខ្លួនទៅតាមស្នាមជ្រោះ។ ថ្វីបើទឹកមិនបានហូរធ្លាក់លើល្បាក់ខ្ពស់​ៗដូចជាទឹកជ្រោះប៊ូស្រានៅមណ្ឌលគិរី ប៉ុន្តែទស្សនីយភាពបែបនេះហាក់មិនបានធ្វើឱ្យយើងជិនណាយក្នុងការគយគន់ទេ។

“ពូជួយថតរូបឱ្យនាងបន្តិច!” ប្រាថ្នាស្រាប់តែស្រែកមកពីលើថ្មមួយដុំដែលនៅម្ខាងទៀតពីកន្លែងដែលខ្ញុំឈរ។

ខ្ញុំដកទូរសព្ទចេញពីហោប៉ៅហើយតម្រង់កាមេរ៉ាចុះឡើង ដោយមិនភ្លេចប្រាប់នាង៖

“កាច់រាងខ្លួនឯងទៅ ចាំពូចុចឱ្យ!”

គ្រាន់តែខ្ញុំនិយាយមិនទាន់ផុតពីមាត់ស្រួលបួលផង នាងចាប់ផ្ដើមកាច់រាង បញ្ចេញ style ប្រចាំត្រកូលរាប់មិនអស់របស់នាងចេញមក។

គិតទៅក្មេងពិតជាក្មេងមែន កាលពីព្រឹកត្អូញមានរឿងមិនសប្បាយចិត្ត ធ្វើមុខដូចកញ្ចប់ប្រហុក ឥឡូវគ្រាន់តែបានដើរលេងបន្តិចសោះ ញញឹមមុខរីកដូចគ្រាប់ជី។ ក្រោយពីកាច់រាងអស់ចិត្តហើយ នាងក៏សើចយ៉ាងស្រស់ដាក់ខ្ញុំមួយជាការអរគុណ។

ឱ! ស្នាមញញឹមនេះហើយដែលតែងតែធ្វើឱ្យខ្ញុំញាប់ញ័របេះដូង… ស្នាមញញឹមនេះហើយ ដែលខ្ញុំតែងតែស្រមៃចង់បានមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនផ្ដាច់មុខ មិនឱ្យបុរសណាបានឃើញឬបានគ្រងគ្រប តែ…

សំណាងល្អ ខ្ញុំឆាប់ភ្ញាក់ដឹងខ្លួនពីយល់សប្តិកណ្ដាលថ្ងៃមកវិញ ទើបប្រញាប់ប្ដូរទឹកមុខស្មើៗ ស្ដីដាក់នាងតាមទម្លាប់៖

“សើចអី?”

“សើចពូហ្នឹងហើយ ធ្វើមុខភ្លឹកៗ ដូចដាច់សេវាអ៊ិនធើណិត!”

“ខំសើចបន្តិចទៅ តិចបានរុយហើរចូលទៅពងដាក់!”

នាងទម្លាក់ទឹកមុខវិញ ហើយធ្វើមាត់ជីបអូចៗដូចគូទស្វា។ ខ្ញុំលោតហក់ឆ្លងពីដុំថ្មកន្លែងខ្ញុំទៅជិតនាង។ នាងច្រមក់នេះ មើលទៅដូចជាហត់អស់កម្លាំងណាស់ហើយ ព្រោះត្រូវធ្វើដំណើរតាមឡានមកតាំងពីយប់ ហើយមកដល់ក៏គ្មានបានសម្រាកទៀត។

នាងដាក់បង្គុយនៅលើផែនថ្មដាដែលធំខ្ពស់ជាងគេ រួចបិទភ្នែកសន្សឹម​ៗទំនងជាចាំផ្ទៀងស្ដាប់សំឡេងទឹកហូរបោកខ្លួន។ ខ្ញុំដាក់ខ្លួនចុះនៅក្បែរនាង ហើយសួរ៖

“ម៉េចហើយ? និយាយបាននៅថាម៉េចបានមកដល់ទីនេះ?”

នាងដកដង្ហើមធំបន្តិច ទើបហើបមាត់និយាយ៖

“នាងអត់ច្បាស់ខ្លួនឯង ថាតើគាត់ស្រឡាញ់នាងដែរឬអត់ទេ?”

ខ្ញុំដឹងថានាងប្រើពាក្យ “គាត់” គឺចង់សំដៅលើគូដណ្ដឹងរបស់នាង តែខ្ញុំធ្វើជាមិនដឹង ហើយសួរ៖

“គាត់ណា?”

តាមធម្មតា ពេលដែលខ្ញុំសួរសំណួរបែបនេះនាងច្បាស់ជាថាឱ្យខ្ញុំហើយ តែចម្លែកលើកនេះនាងមិនតមាត់នឹងខ្ញុំ បែរជាសុខចិត្តឆ្លើយតាមសម្រួល ខុសពីចរិតរបស់នាងពីមុន៖

“បងមេខា គូដណ្ដឹងនាង!”

ខ្ញុំដឹងថានាងស្រឡាញ់គេខ្លាំង ទើបានជាប្ដូរពាក្យមកហៅគេថាជាគូដណ្ដឹងពេញមាត់។ ប្រហែលជាខ្ញុំកំពុងលួចប្រចណ្ឌ តែចិត្តមួយបែរជាបារម្ភ ព្រោះសល់តែប៉ុន្មានថ្ងៃទៀតនាងក៏ត្រូវចូលរោងការ តែនាងស្រាប់តែនិយាយថា មិនដឹងថាគេស្រឡាញ់នាងឬអត់?

“បើមិនស្រឡាញ់ស្មានថាគេមកដណ្ដឹងនាង?”

“នាងមិនដឹងទេពូ! មានអារម្មណ៍ថាពីមុនមកពួកយើងនិយាយត្រូវគ្នាណាស់ តែមួយរយៈក្រោយមកនេះគាត់ហាក់ដូចជារវល់ច្រើន មិនសូវនិយាយគ្នាដូចពីមុនសោះ សូម្បីសាររបស់នាងក៏គាត់មិនសូវដែលតបដែរ!”

“ក្រែងគេរវល់ការងារច្រើនទេដឹងនាង?”

នាងញញឹមចំអកឱ្យសំណួររបស់ខ្ញុំ៖

“ការងារៗ! ចុះនាងគ្មានការងារទេ? កាលមុនភ្ជាប់ពាក្យ ម៉េចក៏មិនដែលឃើញរវល់បែបនេះផង? ថាពេលធ្វើការទៅរវល់ ចុះពេលចេញពីធ្វើការនោះ? គេរវល់តែជាមួយមិត្តភក្តិរបស់គេ ចំណែកនាងវិញ គ្រាន់តែ chat ​ប្រាប់បន្តិចក៏អត់ដែរ!”

“ក្មេងអើយក្មេង! គ្រាន់តែប៉ុណ្ណឹងក៏ខូចចិត្ត រត់មកសំងំគេចចោលរោងការដែរ! តិចអ្នកផ្ទះភ័យបាត់កូនក្រមុំទៅ!”

នាងដៀងមើលខ្ញុំបន្តិចហាក់ដូចជាភ្ញាក់ខ្លួន តែនៅមិនព្រមចាញ់សម្ដីខ្ញុំ៖

“នាងធំហើយ មិនមែនក្មេងទេ!”

“មនុស្សធំឯណាគេរត់គេចបញ្ហាមកបែបនេះនោះ? នាងគួរតែរកពេលនិយាយគ្នាជាមួយគេឱ្យស្រួលបួលម្ដង បើរវល់តែអន់ចិត្តអត់ប្រាប់គេចឹង គេម៉េចនឹងដឹង?”

“នាងក៏កំពុងធ្វើឱ្យគេដឹងហ្នឹងហើយ!”

ខ្ញុំដឹងថានាងកំពុងអន់ចិត្តខ្លាំង ដូច្នេះទើបនិយាយអ្វីបន្ថែមទៀត។ ខ្ញុំដឹងថាមិនមែននាងមិនដឹងខ្លួនឯងទេ គ្រាន់តែនាងមិនចង់ទទួលថានាងរត់គេចពីបញ្ហាតែប៉ុណ្ណោះ។

ពួកយើងអង្គុយបែបនេះស្ងៀមស្ងាត់អស់មួយសន្ទុះធំ ឥតមាននរណាចង់រកនឹកនិយាយអ្វីទៀតឡើយ។ ទឹកហូរគ្រាំៗបោកនឹងថ្ម លាយដោយវាយោធម្មជាតិដែលផាត់នាំសព្ទតន្ត្រីប្រគុំដោយពពួកបក្សី បន្សាយមកប៉ះនឹងត្រចៀកទាំងទ្វេ បណ្ដាលឱ្យភ្នែករបស់ខ្ញុំស្ទើរតែទន់ទៅបន្តិចម្ដងៗ។

ភ្លាមនោះនាងតូចប្រាថ្នាស្រាប់តែដាក់ក្បាលមកកើយលើស្មារបស់ខ្ញុំ ហើយនិយាយតិចដូចជាចង់ឱ្យឮត្រឹមតែខ្ញុំ៖

“ខ្ចីស្មាមួយភ្លែតទេពូ!”

ខ្ញុំមិនឆ្លើយ គ្រាន់តែដៀងភ្នែកទៅសក់ខ្មៅរលោងដែលនៅកៀកក្បែរនឹងច្រមុះរបស់ខ្ញុំ។ ខ្ញុំពិតជាចង់ឃាត់ព្រះអាទិត្យកុំឱ្យលិចណាស់… ចង់ឃាត់ពេលវេលាឱ្យនៅត្រឹមនេះ កុំឱ្យមានថ្ងៃស្អែក កុំឱ្យអនាគតបង្កើនគម្លាតរវាងយើងទាំងពីរ តែខ្ញុំធ្វើមិនបាន។

ក្លិនក្រអូបដែលបានស្រូបចូលទៅក្នុងនាសា រឹតតែដុតកម្លោចបេះដូងដែលកំព្រាមួយនេះឱ្យស្រែកអង្វរទារសុំសិទ្ធិមកគ្រងធ្វើជាម្ចាស់ តែទោះបីជាវាមានអំណាចប៉ុនណា ក៏ខ្ញុំមិនព្រមបណ្ដោយខ្លួនឱ្យធ្វើជាតួចិត្តអាក្រក់ ឆក់យកសុភមង្គលមនុស្សជាទីស្រឡាញ់របស់ខ្ញុំបានដែរ។

ល្ងាចត្រជាក់ ពួកយើងក៏មកដល់ភោជនីយដ្ឋានមួយក្នុងភូមិ ដែលនៅទីនេះមានលក់បាយម្ហូបកុម្ម៉ង់ជាច្រើនមុខ តែដែលជាមុខពិសេសប្រចាំហាងនោះគឺបាយដំណើបចំហុយ ញ៉ាំជាមួយបុកមាន់។ បងស្រីម្ចាស់ហាងជាជនជាតិខ្មែរ តែដោយសារធ្លាប់បានឆ្លងទន្លេទៅរៀនអក្សរនៅឡាវ ដូច្នេះគាត់ក៏ចេះរបៀបក្នុងការចំហុយបាយដំណើបក្នុងស្មុគតាមបែបឡាវ ដែលមិនត្រឹមតែទន់ ឈ្ងុយប៉ុណ្ណោះទេ ថែមទាំងញ៉ាំច្រើនក៏មិនធ្វើឱ្យក្ដៅបំពង់កទៀត។

ប្រាថ្នាគិតតែពីកាយចុកក្នុងមាត់ ព្រោះហត់ហេវតាំងពីព្រឹក ត្រូវនឹងបានចួបអាហារប្លែកមុខទៀត នាងញ៉ាំលែងប្រណី។

“ញ៉ាំល្មមៗបានហើយ ប្រយ័ត្នខូចរាង… ស្លៀកក្បិនលែងស្អាត!” ខ្ញុំតឿននាង។

ស្រីច្រមក់នេះរាងបង្អង់បន្តិច រួចក៏ឈោងយកភ្លៅមាន់មួយចំហៀងមកខាំទំពារញ៉ាច់ៗ ហាក់ដូចសម្ដីខ្ញុំគ្រាន់ជាខ្យល់កាត់ត្រចៀកនាង។

“មិនស្អាតហីទៅ! នាងគ្មានអ្នកស្រឡាញ់ស្រាប់ហើយ!”

“នរណាថា? ចុះពូនោះ នាងយកទៅទុកត្រង់ណា?”

“ពូក៏មិនដែលស្រឡាញ់នាងដែរ!” នាងឆ្លើយធ្វើហី ទាំងមិនខ្ចីមើលមុខខ្ញុំ។

“ចុះរាល់ដងអ្នកដែលតែងនៅស្ដាប់នាងរអ៊ូជានរណា? ពេលនាងមិនសប្បាយចិត្ត នរណានាំនាងដើរលេង? ពេលនាងត្រូវការពាក្យលើកទឹកចិត្តនរណាជាអ្នកប្រាប់នាង?” ខ្ញុំលើកចិញ្ចើមសួរឌឺទៅនាង។

ទំនងជាគិតឃើញថារកអ្វីមកបដិសេធមិនបាន ទើបនាងបញ្ឈប់ការញ៉ាំរបស់នាង ហើយងើបមុខមកសើច “ហិហិ” ដាក់ខ្ញុំ។

បន្តិចក្រោយមក អាហារពេលល្ងាចរបស់នាងក៏រួចរាល់ ទឹកមុខរបស់នាងស្រស់បស់ជាងមុន។ ប្រាថ្នាដើរចេញមករានហាលខាងក្រៅហើយអង្គុយលើកៅអី ភ្នែករំពៃសម្លឹងទៅកាន់ផ្ទៃទន្លេមេគង្គ កំពុងបញ្ចេញសម្រស់ទិដ្ឋភាពថ្ងៃរៀបលិច។

“តាមពិតទៅថ្ងៃលិចនៅមាត់ទន្លេក៏ស្អាតដែរហ្ន៎ពូ!”

“ថ្ងៃលិចនៅទីណាក៏ស្អាតដែរ សំខាន់មានមនុស្សដែលចេះគយគន់វា!”

នាងញញឹមស្រាល៖

“អរគុណពូដែលមិនទុកនាងចោល!”

“ក្មេងឆ្កួត! មិនថាពូ មិនថាគូដណ្ដឹងនាង ឬក៏គ្រួសាររបស់នាង សុទ្ធតែមិនដែលទុកនាងចោលទេ!”

“សន្យាណា៎ពូ ទោះបីជានាងរៀបការហើយក៏ដោយ ក៏ពូមិនបោះបង់នាងចោលដែរ?”

ក្មេងល្ងង់អើយ! ពាក្យនេះគួរតែពូទេដែលជាអ្នកត្រូវសុំពីនាង!

ខ្ញុំមិនឆ្លើយ តែក៏ងក់ក្បាលហើយញញឹមដាក់នាងវិញ។

ព្រលប់បន្តិចពួកយើងត្រូវដើរមកផ្ទះសំណាក់ដែលនៅមិនឆ្ងាយប៉ុន្មានពីភោជនីយដ្ឋានប៉ុន្មានទេ តែដោយសារប្រាថ្នារអ៊ូថាញ៉ាំបាយច្រើន ក្រពះមិនសូវស្រួល ទើបនាងសុំឱ្យខ្ញុំអៀវនាងមកវិញ។

ដោយសារអស់ជម្រើស ឬបេះដូងទាមទារក៏មិនដឹង ខ្ញុំក៏ព្រមអៀវនាងចេញមក។ ទើបតែដើរបានពាក់កណ្ដាលផ្លូវស្រាប់តែបាត់មាត់នាងលែងឮឆ្លងឆ្លើយ ទំនងជាគេងលក់ហើយ។

ជិតដល់មុខផ្ទះសំណាក់វិញ ស្រាប់តែឃើញរថយន្តមួយគ្រឿងបញ្ឈរនៅខាងមុខ ហើយមានមនុស្សប្រុសម្នាក់ឈរផ្អែកផង។ គេលើកដៃមើលនាឡិកាជាច្រើនដង រួចបែរសម្លឹងឆ្វេងស្ដាំ ទំនងជាកំពុងរង់ចាំនរណាម្នាក់។  ដើរទៅជិតដល់ទើបដឹងថាបុរសម្នាក់នោះគឺជាមេខា។ គេធ្វើមុខស្មើមើលមកខ្ញុំ តែក៏មិនបាននិយាយអី។

“ចេញឡានមក!”

ឮខ្ញុំនិយាយប៉ុណ្ណឹង គេក៏ប្រញាប់បញ្ជាយានឱ្យមកឈប់ក្បែរខ្ញុំ ហើយបើកទ្វារដើម្បីឱ្យខ្ញុំអាចដាក់ប្រាថ្នាឱ្យគេងនៅក្នុងឡានបាន។ ពេលរៀបចំរួចរាល់ ខ្ញុំក៏បែរមកនិយាយជាមួយគេវិញ៖

“ខ្ញុំដឹងថាឯងរវល់ការងារ ហើយពេលខ្លះក៏មានអារម្មណ៍នឿយហត់ ចង់ដកឃ្លាសម្រាកខ្លះ មិនចង់រាយការណ៍គ្រប់ពេល តែ…”

ខ្ញុំបង្អង់បន្តិច ចង់ដឹងថាគេមានប្រតិកម្មយ៉ាងម៉េច។ ឃើញគេនៅយកចិត្តទុកដាក់ស្ដាប់ ខ្ញុំក៏បន្ត៖

“មនុស្សយើងរាល់ថ្ងៃនេះហត់ណាស់ទៅហើយក្នុងការមើលថែទាំទាំងផ្លូវកាយ និងផ្លូវចិត្តខ្លួនឯង… ចឹងទេបើសិនជាមានមនុស្សដែលតែងតែចង់ដឹងសុខទុក្ខរបស់យើងគ្រប់ពេលវេលា យើងគួរតែសប្បាយចិត្ត ព្រោះម្នាក់នោះហើយដែលស្រឡាញ់ និងបារម្ភពីយើងពិតប្រាកដ!”

មេខាដៀងភ្នែកមើលមុខនាងបន្តិច។ ប្រហែលជាគេដឹងហើយថាម៉េចបាននាងខឹងនឹងគេហើយរត់គេចមកទីនេះ។

“អរគុណពូដែលបានផ្ញើសារប្រាប់ មិនអ៊‍ីចឹងខ្ញុំមិនដឹងបកស្រាយប្រាប់អ្នកផ្ទះនាងថាម៉េចទេ!”

ខ្ញុំបន្ថែមសម្ដីដែលខ្លួនបានលាក់ទុកក្នុងចិត្តយូរមកហើយ៖

“ខ្ញុំដឹងថាឯងស្រឡាញ់នាង! តែខ្ញុំចង់សុំឯងរឿងមួយ… មិនមែនព្រោះដោយសារខ្ញុំចង់ឱ្យឯងសងគុណខ្ញុំរឿងពីមុននោះទេ តែព្រោះដោយសារនាង! ប្រាថ្នាជាក្មេងស្រីល្អនិងបរិសុទ្ធម្នាក់ បំណងប្រាថ្នារបស់នាង គឺគ្រាន់តែចង់ក្លាយទៅជាព្រះអាទិត្យដែលអាចជួយបំភ្លឺផ្លូវ ផ្ដល់ចំណេះដឹងដល់ក្មេងៗ ហើយនឹងលិចទៅជាមួយភាពស្រស់ស្អាតនៅរាល់ល្ងាចនៃថ្ងៃនីមួយៗប៉ុណ្ណោះ! ពូជឿថាឯងអាចផ្ដល់ពេលវេលាសុភមង្គលមួយនេះដល់នាងបាន!”

ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣

ដើមឡើយខ្ញុំចង់មកចូលរួមកម្មវិធីមង្គលការរបស់នាងតាំងពីដើមដល់ចប់ ប៉ុន្តែដោយសារបញ្ហាសុខភាពរបស់ខ្ញុំធ្វើទុក្ខ ទើបពេទ្យតម្រូវឱ្យខ្ញុំនៅសម្រាកតាមដានមួយរយៈសិន។

តែមន្ទីរពេទ្យមិនគួរក្លាយជាទីតម្កល់សពរបស់ខ្ញុំ ទាំងដែលខ្ញុំមិនបានឃើញមុខរបស់នាងក្នុងថ្ងៃសំខាន់នេះទេ  ដូច្នេះហើយទើបខ្ញុំលួចចេញមកចូលរួមកម្មវិធីរបស់នាងដោយស្ងាត់ៗ។

ថ្ងៃនេះគឺជាថ្ងៃដ៏មានក្ដីសុខបំផុតរបស់ខ្ញុំ ទោះបីជាបេះដូងរបស់ខ្ញុំមិននៅជាមួយខ្ញុំទៀតក៏ដោយ។ ក្នុងឈុតកូនក្រមុំតាមប្រពៃណីខ្មែរ នាងពិតជាមានសម្រស់មិនចាញ់នាងទាវសង្សារទុំ ឬវិធាវីសង្សាររបស់ប៊ុនធឿនដែលនាងធ្លាប់លើកឡើងនោះទេ។

អនាគតរបស់មនុស្សម្នាក់ៗមើលមិនឃើញទេ ដូច្នេះហើយសន្យាជាមួយនាង ខ្ញុំត្រូវតែសងនាងឱ្យគ្រប់។ ដល់ម៉ោងដែលត្រូវធ្វើពិធីកាត់ផ្លែឈើ ខ្ញុំបានសុំអ្នកភ្លេងដើម្បីច្រៀងនៅក្រោយឆាក អមដំណើរគេទាំងពីរឡើងមកលើវេទិកា តែច្រៀងមិនទាន់បានកន្លះបទផង ជំងឺបេះដូងខ្ញុំក៏ធ្វើទុក្ខឡើងវិញ។ សំណាងល្អពេលនោះស្រាប់តែលេខមុខមេខាចូលមកទាន់ ហើយក៏ប្រញាប់ឱ្យប្អូនរបស់គេនាំខ្ញុំត្រលប់មកមន្ទីរពេទ្យវិញ។

ខ្ញុំដើរចេញមិនទាន់ផុតពីក្នុងសាលអាពាហ៍ពិពាហ៍ស្រួលបួលផង សំឡេងច្រៀងបន្តក៏បន្លឺឡើងដោយមេខា កូនកំលោះរបស់នាង ព្រមជាមួយនឹងស្នូរទះដៃបន្ទរដោយភ្ញៀវដទៃទៀត។

ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣

ខ្ញុំដឹងខ្លួនម្ដងទៀត ឃើញដៃខ្លួនឯងត្រូវបន្តោងសេរ៉ូម ហើយច្រមុះជាប់ដោយខ្សែអុកស៊ីសែន។ ខ្ញុំប្រឹងស្រវារកប៊ិក និងសៀវភៅនៅក្នុងថតតុក្បែរដៃដើម្បីសរសេរកំណត់ហេតុចុងក្រោយរបស់ខ្ញុំ។

ខ្ញុំមិនដឹងថាខ្ញុំនៅសល់ពេលប៉ុនណាដើម្បីមើលថ្ងៃលិចនោះទេ តែខ្ញុំក៏មិនបានសោកស្ដាយឡើយចំពោះឆាកជីវិតមួយនេះ មិនថារឿងដែលខ្ញុំធ្លាប់បានបរិច្ចាគថ្លើមទៅឱ្យមេខា និងរឿងដែលខ្ញុំលួចស្រឡាញ់ប្រាថ្នា តែបែរជាមិនបានសារភាពប្រាប់នាង… ព្រោះគ្រប់យ៉ាងខ្ញុំបានព្យាយាមធ្វើវាយ៉ាងល្អបំផុតហើយ។

គ្រប់គ្នាប្រហែលជាគិតថាខ្ញុំមិនបានរក្សាសន្យាជាមួយនាង ដែលថានឹងមិនបោះបង់នាង ទោះបីជានាងមានគ្រួសារហើយក៏ដោយ តែខ្ញុំនឹងមិនដែលទៅណានោះទេ ព្រោះនាងតែងតែមានវត្តមាននៅទីនេះ… នៅក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត៕

ចប់!

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*