អី្វទៅជា«អ្នកនិពន្ធមិនទាន់គ្រប់អាយុ»?

យុវនិពន្ធដែលមានបំណងចង់ផ្សព្វផ្សាយបទនិពន្ធរបស់ខ្លួន ជាមួយក្រុមអ្នកនិពន្ធដ៏ធំនៅលើប្រព័ន្ធវេបសាយ meysansotheary.com អាចចូលរួមដោយសេរី នៅក្នុងរដូវកាលទី៥ថ្មីនេះ ក្រោមប្រធានបទ «អ្នកនិពន្ធមិនទាន់គ្រប់អាយុ» ដែលមានរយៈពេល៦ខែពេញ គិតចាប់ពីដើមខែវិច្ឆិកានេះតទៅ។

ពីមួយរដូវកាលទៅមួយរដូវកាល ក្រុមអ្នកនិពន្ធ មុីសន សុធារី កាន់មានប្រធានបទប្លែកៗនិងថ្មី សម្រាប់បើកឱកាស ឱ្យអ្នកដែលមានទេពកោសល្យលើការតែងនិពន្ធ និងមានបំណងចង់ផ្សព្វផ្សាយស្នាដៃនិពន្ធរបស់ខ្លួន បានចូលរួម ជាមួយអ្នកនិពន្ធដទៃផ្សេងទៀត បង្ហាញស្នាដៃជាសាធារណៈតាមរយៈប្រព័ន្ធផ្សព្វផ្សាយមួយនេះ។

ទន្ទឹមនេះ យុវនិពន្ធដែលចូលរួមផ្សព្វផ្សាយស្នាដៃតែងនិពន្ធ នៅក្នុងរដូវកាលថ្មីនេះ នឹងមានឱកាសទទួលបានរង្វាន់ លើកទឹកចិត្តប្រចាំខែ បើសិនជាស្នាដៃនិពន្ធដែលដាក់ចូលរួមនោះ បានជាប់ក្នុងកំពូលតារាងទាំង២០។ ក្រៅពីនេះ ក៏មានឱកាសស្គាល់អ្នកនិពន្ធ ក៏ដូចជាស្នាដៃរបស់អ្នកនិពន្ធ MST Writer ទាំង៤ជំនាន់មុនផងដែរ។

បើតាមអ្នកទទួលខុសត្រូវលើការផ្សព្វផ្សាយអត្ថបទ សម្រាប់រដូវកាលថ្មីនេះ កញ្ញាមិត្ត រស្មី បានបញ្ជាក់ថា «អ្នកនិពន្ធមិនទាន់គ្រប់អាយុ» ជាប្រធានបទមួយ ដែលផ្តោតសំខាន់លើអត្ថបទឬសាច់រឿង ដែលមានខ្លឹមសារ ទាក់ទងនឹងយុវវ័យ ដោយមិនកំណត់ថា អ្នកចូលរួមស្ថិតក្នុងវ័យណាមួយឡើយ។ 

បន្ថែមជុំវិញការកំណត់វ័យអ្នកចូលរួមដាក់ស្នាដៃ អ្នកទទួលបន្ទុកលើកិច្ចការនេះបន្ថែមទៀតថា ដើម្បីអាចផ្សព្វផ្សាយ ស្នាដៃនិពន្ធលើវេបសាយ meysansotheary.com អ្នកចូលរួម អាចរើសប្រធានបទណាក៏បាន មិនថាបែបអប់រំ ស្នេហា គ្រួសារ ឬជាការចែករំលែកបទពិសោធន៍ជាដើម។ល។ដោយគ្រាន់តែតម្រូវឱ្យរឿងនោះ ទាក់ទងនឹងភាពយុវវ័យ  និងធ្វើតាមលក្ខខណ្ឌមួយចំនួនប៉ុណ្ណោះ។

ខាងក្រោមនេះ ជាលក្ខខណ្ឌខ្លះៗ សម្រាប់អ្នកចូលរួមដាក់ស្នាដៃ៖

១. រាល់សំណៅឯកសារ ត្រូវវាយតាមកុំព្យូទ័រ ប្រើពុម្ពអក្សរ A4 Khmer OS ដោយភ្ជាប់ជាមួយលេខទំនាក់ទំនង។ ​

២​. សាច់រឿងត្រូវតែជាការបង្កើតថ្មី មិនពាក់ព័ន្ធនឹងបញ្ហានយោបាយ រិះគន់បរិហារបុគ្គលណាម្នាក់ជាសាធារណៈ។

៣. បើកចិត្តទូលាយក្នុងការទទួលយកមតិយោបល់ និងមានទឹកចិត្តកែលម្អសាច់រឿង​ឱ្យ​កាន់តែប្រសើរ។

៤. ផ្តល់សិទ្ធិដល់ក្រុមការងារ ក្នុងការដកស្រង់មាតិការឿងយកទៅផ្សព្វផ្សាយ លើទំព័រហ្វេសប៊ុក «ក្រុមអ្នកនិពន្ធ ម៉ីសន សុធារី»

៥. រាល់ស្នាដៃដែលត្រូវបានជ្រើសរើស នឹងត្រូវផ្សព្វផ្សាយលើវេបសាយ meysansotheary.com តែមួយគត់រហូតផុតរដូវកាលទី៥។

គួរបញ្ជាក់ថា សម្រាប់ស្នាដៃនិពន្ធដែលចង់ផ្សាយ នៅក្នុងរដូវកាលថ្មីនេះ គឺមិនកំណត់ចំនួនទំព័រ និងប្រភេទរឿងឡើយ និងគ្រាន់តែផ្ញើស្នាដៃនោះ ទៅកាន់ក្រុមការងារ meysansotheary.com តាមរយៈប្រព័ន្ធតេឡេក្រាម https://t.me/mstwriterallseason

ចុចអានលម្អិតអំពី MST Writerរដូវកាលទី១ រដូវកាលទី២ រដូវកាលទី៣ រដូវកាលទី៤

អានបន្ថែមអំពីប្រវត្តិអ្នកនិពន្ធMST Writer

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*